in

សេចក្តីល្អ

https://youtu.be/fKJBDBFYvp4?si=e7Ymfuujqfdy0AwV

កាឡាទី ៥:២២-២៣ «រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្តីល្អ ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការគ្រប់គ្រងចិត្ដ ហើយគ្មានក្រឹត្យវិន័យណាទាស់សេចក្ដីទាំងនេះឡើយ» (គគខ)។

តើអ្វីទៅជាសេចក្តីល្អ?

មនុស្សយើងច្រើនសួរថា តើអ្វីទៅជាការល្អ ហើយអ្វីទៅជាការអាក្រក់? ទោះបើមនុស្សយើងម្នាក់ៗរស់នៅប្រទេសផ្សេងៗគ្នា នៅកន្លែងផ្សេងៗគ្នា ស្ថានភាពខុសៗគ្នា ហើយតែងតែវាយតម្លៃគ្នាទៅវិញទៅមកដោយនិយាយថា៖ «អូ គាត់ជាមនុស្សល្អ គាត់ជាមនុស្សអាក្រក់»! សំណួរសួរថា ហេតុអ្វីបានមនុស្សយើងម្នាក់ៗតែងតែមានគំនិតដូច្នេះ? ហើយវាយតម្លៃលើមនុស្សដូចគ្នាថា អ្នកនេះល្អ ឬអ្នកនោះអាក្រក់។ មិនថាសាសនាណានោះទេ ទាំងអស់សុទ្ធតែបានបង្រៀនមនុស្សឲ្យស្គាល់ល្អ ស្គាល់អាក្រក់។ បើយើងមើលនៅក្នុងព្រះពុទ្ធសាសនា គឺមានអ្នកកាន់ សីល៥ សីល៨ សីល១០។ បើមនុស្សម្នាក់ៗកាន់សីលណាមួយក្នុងចំណោមសីលទាំងប៉ុន្មាននៅក្នុងព្រះពុទ្ធសាសនា នោះគេរាប់គាត់ថាជាការល្អសម្រាប់ជីវិតរបស់គេ។ បើមាននរណាម្នាក់កំពុងកាន់សីល១០ ក្នុងព្រះពុទ្ធសាសនានោះ គេរាប់គាត់ថាល្អប្រពៃសម្រាប់ជីវិតបុគ្គលនោះណាស់។ បើយើងក្រឡេកមើលនៅក្នុងពិភពលោកយើងនេះ ការល្អ វាមានការទាក់ទងទៅនឹងសីលធម៌ តែបើយើងពិចារណាពីសីលធម៌នៅក្នុងពិភពលោកយើងនេះ តាមពិតវាមានលក្ខណៈប្រហាក់ប្រហែលគ្នាច្រើន។ មនុស្សយើងគិតថា សីលធម៌ល្អគួរមានលក្ខណៈបែបនេះ បែបនោះ ឬគួររស់នៅបែបនេះ រស់នៅបែបនោះ។ ហើយបើយើងពិចារណាក្នុងលោកីយ៍នេះ គឺមានការគិតដូចៗគ្នាស្ទើរតែទាំងអស់ អ្នកខ្លះគិតថា សីលធម៌ល្អទាល់តែកុំលួចគេ កុំសម្លាប់មនុស្ស កុំកុហក កុំកំផិត។ល។ ដូច្នេះ នេះជាគំនិតទូទៅនៃពិភពលោកយើងនេះ។ វាពិតជារឿងដែលគួរឲ្យចាប់អារម្មណ៍ណាស់ ដែលគំនិតនេះមានចែងក្នុងព្រះគម្ពីរស្ដីពីផលផ្លែនៃព្រះវិញ្ញាណ គឺសេចក្តីល្អ។ ចុះហេតុអ្វីបានជាមនុស្សយើងមានគំនិតថាការនេះល្អ ឬការនោះអាក្រក់? មានលោកគ្រូម្នាក់ឈ្មោះ ជី. ខេ. ឆេះស្ទឺតុន (G. K. CHESTERTON) បានលើកប្រយោគមួយឃ្លាដូចនេះថា៖ «មនុស្សគ្រប់គ្នាមិនមានគំនិតខុសគ្នាប៉ុន្មានទេ ទៅលើអ្វីដែលហៅថា អំពើអាក្រក់ ប៉ុន្តែពួកគេមានការយល់ឃើញខុសគ្នាច្រើន ទៅលើអំពើអាក្រក់មួយចំនួនដែលគេគិតថា អំពើអាក្រក់ទាំងនោះ អាចលើកលែងបាន»។

បើយើងពិចារណាលើពិភពលោកយើងនេះ មនុស្សសឹងតែគ្រប់គ្នាហាក់បីដូចជាឯកភាពទៅនឹងអ្វីដែលហៅថា ការល្អ និងអ្វីដែលហៅថាអាក្រក់។ ប៉ុន្តែ អ្វីដែលធ្វើឲ្យមានទំនាស់នឹងគ្នាត្រង់ថា បើបុគ្គលណាម្នាក់ធ្វើការអាក្រក់ តើវាមានបញ្ហាអ្វីដែរឬទេ? ហើយបើមើលពីប្រពៃណី-វប្បធម៌របស់ប្រទេសផ្សេងៗ គេមានទស្សនៈអំពីការអាក្រក់ដែលគេប្រព្រឹត្តផ្សេងៗគ្នា។ គេគិតថា វាមិនសូវជាបញ្ហាស្អីទេ ប៉ុន្តែក៏មានគំនិតវាយតម្លៃថា វានោះជាការអាក្រក់ដែរ។ ចុះហេតុអ្វីបានជាមនុស្សមានគំនិតបែបនោះ? ហេតុអ្វីបានជាយើងចេះតែវាយតម្លៃមនុស្សដែលនៅជុំវិញខ្លួនយើង? បច្ចុប្បន្ននេះ ទោះបើមានមនុស្សមួយចំនួនបានគិតថា គ្មានការអាក្រក់ ឬការល្អ ក៏អ្នកទាំងនោះនៅតែវាយតម្លៃមនុស្សដែលមិនគិតដូចពួកគេដែរ។ ពួកគេវាយតម្លៃបុគ្គលដែលមិនមានគំនិតដូចខ្លួនថា មនុស្សអាក្រក់។ ប៉ុន្តែ ពួកគេនោះឯងជាអ្នកដែលអះអាងថា គ្មានការអាក្រក់ និងការល្អទេ។ ផ្ទុយទៅវិញ នៅក្នុងចិត្តរបស់ពួកគេផ្ទាល់បានវាយតម្លៃពីក្នុងចិត្តរបស់ខ្លួនចេញមកក្រៅយ៉ាងច្បាស់ថា មានការអាក្រក់ និងការល្អ។ ហើយពួកគេនៅតែបន្តវាយតម្លៃទៅលើអ្នកដទៃ។ ហេតុអ្វី?

បើយើងពិចារណាអំពី កាអាក្រក់ និងការល្អ នោះវានឹងប្រាប់យើងពីមូលហេតុឲ្យយើងដឹងថា អ្វីទៅហៅថាការអាក្រក់ និងអ្វីទៅហៅថា ការល្អ។ ការនេះដូចគ្នាទៅនឹងអ្វីដែលយើងដឹងថា មានពន្លឺ និងងងឹតនៅក្នុងពិភពលោកនេះ ដោយសារតែមានពន្លឺ និងងងឹត។ បើគ្មានពន្លឺក្នុងពិភពលោកនេះទេ នោះក៏គ្មាននរណាគិតថា មានពន្លឺដែរ។ ហើយបើគ្មានពន្លឺទេ នោះប្រហែលជាមិនមាននរណាគិតថា នេះជាងងឹត ហើយនោះជាពន្លឺដែរ។ មនុស្សយើងមានភ្នែកដែលសុទ្ធតែអាចមើលឃើញ។ ដូចគ្នានេះដែរ មនុស្សយើងបានដឹងថា នេះជាការអាក្រក់ នោះជាការល្អបាន ដោយសារតែវាមានការទាំងពីរនេះរួចទៅហើយ ហើយចិត្តរបស់យើងក៏ដឹង ភ្នែកក៏មើលឃើញថា នេះជាការល្អ ឬក៏នោះជាការអាក្រក់ដែរ។ នេះហើយជាសីលធម៌។ មូលហេតុដែលមានអ្នកដែលមានសីលធម៌ ដោយសារគេដឹងអ្វីដែលល្អ និងអ្វីដែលអាក្រក់។ ហើយដែលអាចដឹងបានគឺដោយសារព្រះជាម្ចាស់នៃយើង ទ្រង់ជាព្រះអាទិករ គឺជាអ្នកបង្កើតមនុស្សលោក ហើយទ្រង់ដដែលបានផ្តល់អំណោយទានផ្សេងៗគ្នាដល់មនុស្សយើង ដើម្បីឲ្យយើងអាចដឹងខុស ដឹងត្រូវ ដឹងល្អ ដឹងអាក្រក់បាន។

កណ្ឌគម្ពីរ រ៉ូម ២:១៤ បានចែងថា «ពីព្រោះកាលណាពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ គេបានប្រព្រឹត្តតាមក្រិត្យវិន័យពីបវេណី នោះពួកដែលគ្មានក្រឹត្យវិន័យនោះឯង គេជាក្រឹត្យវិន័យដល់ខ្លួនគេវិញ»

តើខគម្ពីរនេះចង់មានន័យដូចម្តេច? សាសន៍យូដាបានទទួលក្រឹត្យវិន័យពីព្រះជាម្ចាស់តាមរយៈលោក ម៉ូសេ។ ពួកគេបានទទួលក្រឹត្យវិន័យ ហើយក្រឹត្យវិន័យនោះបានចង្អុលបង្ហាញប្រាប់ឲ្យដឹងអំពីការល្អ និងការអាក្រក់ ប៉ុន្តែពួកសាសន៍ដទៃផ្សេងទៀតដូចជា៖ ខ្មែរ អាមេរិកកាំង វៀតណាម ថៃ។ល។ ដែលមិនមែនជាសាសន៍យូដា មិនមានក្រឹត្យវិន័យពីលោក ម៉ូសេ ទេ។ ប៉ុន្តែ ព្រះជាម្ចាស់បានមានបន្ទូលថា យើងបានបង្កើតមនុស្សលោក រួមមកជាមួយទាំងក្រឹត្យវិន័យ គឺបានដាក់ក្រឹត្យវិន័យនោះលើមនុស្សទាំងអស់។ ប្រសិនបើយើងពិចារណាមើលពីបណ្តាប្រទេសនៅលើពិភពលោកយើងនេះ ប្រទេសនីមួយៗសុទ្ធតែមានច្បាប់ ក្រឹត្យក្រម ដើម្បីការពារប្រជាជនរបស់ខ្លួន និងប្រទេសរបស់ខ្លួនឲ្យស្គាល់ថា អ្វីទៅជាការល្អ អ្វីទៅជាការអាក្រក់។ កណ្ឌគម្ពីរ រ៉ូម ២:១៥ «…សម្ដែងថា របៀបក្រឹត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ ហើយគំនិតគេចួនកាលប្រកាន់ទោស ចួនកាលដោះសាគ្នាទៅវិញទៅមក»

តើបញ្ញាចិត្តរបស់មនុស្សយើងមកពីណា? មកពីព្រះជាម្ចាស់។ ព្រះបានដាក់នូវលក្ខណៈនៃការដឹងខុសត្រូវនៅក្នុងចិត្តរបស់យើងម្នាក់ៗដែលជាមនុស្សរួចទៅហើយ។ ព្រះអង្គបានបង្កើតមនុស្សយើងឲ្យមានលក្ខណៈដូចរូបអង្គទ្រង់ផ្ទាល់។ ដូច្នេះ មនុស្សទាំងអស់ដែលបានរស់នៅលើផែនដីនេះ ពួកគេពិតជាបានស្គាល់នូវអ្វីដែលហៅថា ល្អ និងអ្វីដែលហៅថា អាក្រក់។ ប៉ុន្តែ ដោយសារអំពើបាប មនុស្សយើងបានបំផ្លាញនូវការដឹងខុសត្រូវដែលព្រះជាម្ចាស់បានប្រទានឲ្យ។ សូមពិនិត្យមើលនៅក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ ត្រង់សួនច្បារអេដែន ព្រះជាម្ចាស់បានមានព្រះបន្ទូលប្រាប់លោក អ័ដាម និងនាង អេវ៉ា នូវអ្វីដែលជាការល្អ និងអ្វីដែលជាការអាក្រក់ គឺទ្រង់បានហាមមិនឲ្យបរិភោគផ្លែឈើដឹងខុសត្រូវ។ តែជាអកុសល មនុស្សយើងបានសម្រេចចិត្តថា អ្វីដែលខ្លួនឯងគិត នោះជាការល្អ ដូចលោក អ័ដាម និងនាង អេវ៉ា បានបដិសេធមិនទទួលនូវអ្វីដែលទ្រង់បានបង្គាប់ប្រាប់ថា ការនេះជាការល្អ។ ផ្ទុយទៅវិញ ពួកគេបានព្យាយាមគិតបន្ថែមទៀត នៅក្នុងគំនិតខ្លួនថា «បើធ្វើបែបនេះ នោះទើបជាការល្អ»។ ដូច្នេះ ពួកគេបានធ្វើតាមគំនិតរបស់ខ្លួន ដោយសម្រេចចិត្តបរិភោគផ្លែឈើដឹងខុសត្រូវនោះ។ នេះជាអ្វីដែលខុសគ្នាពីព្រះបន្ទូលព្រះជាម្ចាស់ ហើយខុសគ្នាពីបញ្ញត្តិដែលព្រះបានដាក់បម្រាម តែគួរឲ្យសោកស្ដាយដែលពួកគេបណ្ដោយឲ្យខ្លួនប្រព្រឹត្តអំពើបាបទាស់នឹងព្រះជាម្ចាស់។ ហើយចាប់ពីពេលនោះមក អំពើបាប និងសេចក្តីស្លាប់បានរាលដាលមកក្នុងលោកីយ៍នេះទាំងមូល។

ដើម្បីឲ្យយើងអាចស្គាល់ការល្អ យើងមិនគួរមើលពីសង្គមមនុស្ស ការគិតបែបមនុស្ស ដើម្បីឲ្យយើងអាចស្គាល់នូវអត្ថន័យដ៏ពិតប្រាកដនៃសេចក្តីល្អនោះទេ។ ប៉ុន្តែ យើងគួរសម្លឹងមើលទៅព្រះជាម្ចាស់វិញ ដ្បិតទ្រង់ជាព្រះដ៏ល្អ ហើយសេចក្តីល្អគឺនៅក្នុងទ្រង់នោះឯង។ មានពេលមួយ ព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលទៅកាន់ នាម៉ឺនម្នាក់ដែលសួរទ្រង់ថា «ឱលោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្ដេច ឲ្យបានជីវិតរស់អស់កល្បជានិច្ច?» ព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់គាត់វិញថា «ហេតុអ្វីបានជាអ្នកហៅខ្ញុំថា ល្អ ដូច្នេះ គ្មានអ្នកណាល្អឡើយ មានតែមួយប៉ុណ្ណោះ គឺជាព្រះ» (លូកា ១៨:១៨-១៩)។ ពេលដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់នាម៉ឺនម្នាក់នោះ គឺទ្រង់បានទាស់ប្រឆាំងនឹងគំនិតរបស់គាត់ ព្រោះនាម៉ឺនម្នាក់នោះបានអះអាងថា គាត់បានស្គាល់ការល្អ។ ប៉ុន្តែ ព្រះយេស៊ូវចង់ពន្យល់ប្រាប់គាត់ថា អ្នកមិនស្គាល់អ្វីដែលហៅថាការល្អនោះទេ ហើយទ្រង់ក៏ប្រឆាំងនឹងការដែលគាត់ហៅទ្រង់ថា ជាគ្រូល្អដែរ តែព្រះយេស៊ូវបានបញ្ជាក់ប្រាប់ថា អ្នកមិនដឹងថាការល្អ ជាអ្វីនោះទេ។ អ្នកគ្រាន់តែគិតថា ខ្ញុំជាគ្រូល្អ នោះមិនគ្រប់គ្រាន់ឡើយ។ ត្រង់ចំណុចនេះ ព្រះយេស៊ូវចង់អះអាងប្រាប់ថា ទ្រង់ជាព្រះ ហើយមនុស្សយើងគ្មានអ្វីដែលល្អទេ គឺមានតែព្រះមួយគត់ដែលល្អ។ នេះជាមូលហេតុដែលសាវ័ក ប៉ុល បានលើកឡើងនៅកណ្ឌគម្ពីរកាឡាទីថា នេះជាផលផ្លែនៃព្រះវិញ្ញាណ មិនមែនជាផលផ្លែរបស់មនុស្សយើងទេ ផលផ្លែនេះជាកម្មសិទ្ធរបស់ព្រះជាម្ចាស់។

កណ្ឌគម្ពីរ អេសាយ ៦៤:៦ មានចែងថា «ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិតក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំ ក៏ផាត់យកយើងខ្ញុំទៅដូចជាខ្យល់»

ពិតប្រាកដណាស់ មនុស្សយើងអាចធ្វើល្អបាន តែមិនអាចល្អដូចព្រះជាម្ចាស់បានឡើយ។ មនុស្សយើងបានប្រព្រឹត្តការអាក្រក់ តែព្រះជាម្ចាស់មានលក្ខណៈល្អ ហើយទ្រង់ក៏ជាម្ចាស់នៃការល្អដែរ។ ទំនុកតម្កើង ៣៤:៨ បានចែងថា «ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់»

ដូច្នេះ អ្វីៗដែលព្រះបានធ្វើនោះសុទ្ធតែល្អឥតខ្ចោះ ដូចដែលលោកអ្នកបានអាននៅក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ ពេលដែលព្រះអង្គបង្កើតផែនដី បង្កើតស្ថានសួគ៌ ហើយគ្រប់អ្វីៗដែលទ្រង់បានបង្កើតនោះសុទ្ធតែល្អឥតខ្ចោះទាំងអស់។ យើងអាចឃើញនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ១:៣១ ដូចតទៅ «រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់ធ្វើនោះក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»

កណ្ឌគម្ពីរកាឡាទីជំពូក៥បានចែងថា ព្រះអង្គប្រទានសេចក្តីល្អរបស់ព្រះអង្គឲ្យយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ សេចក្តីល្អនោះជាផលផ្លែមួយនៃសេចក្តីសង្គ្រោះសម្រាប់យើង។ ព្រះអង្គបានប្រទានសេចក្តីល្អឲ្យយើង ដែលជាមនុស្សមានបាប ជាមនុស្សអាក្រក់ និងជាសត្រូវរបស់ព្រះអង្គ។ តើទ្រង់ប្រទានសេចក្តីល្អនេះតាមរយៈអ្វី? គឺតាមរយៈការដែលព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងជំនួសអំពើបាបយើង និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ ដូច្នេះ យើងដែលជឿលើព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ បានទទួលលក្ខណៈរបស់ទ្រង់នៅក្នុងជីវិត តាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលស្ថិតនៅក្នុងយើង។ ដូច្នេះ យើងពីមុនដែលជាមនុស្សអាក្រក់ អាចធ្វើជាមនុស្សល្អបានដូចព្រះអង្គ។

យើងអាចឲ្យនិយមន័យលើសេចក្តីល្អបានថា ដូច្នេះនិយមន័យនៃសេចក្តីល្អ គឺជាសេចក្តីសុចរិតនៅក្នុងចិត្ត និងជីវិតរស់នៅ ដើម្បីប្រយោជន៍អ្នកដទៃ»។ កណ្ឌគម្ពីរ មីកា ៦:៨ បានចែងថា «ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្ដេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ»

តើសេចក្តីល្អក្នុងជីវិតយើងជាគ្រីស្ទបរិស័ទមានអ្វីខ្លះ?

ព្រះជាម្ចាស់ជាមូលដ្ឋានគ្រឹះនៃសេចក្តីល្អ។ ដូច្នេះ អ្វីដែលមនុស្សយើងហៅថាជាការល្អ ត្រូវតែសមស្របនឹងអ្វីដែលទ្រង់ហៅថាការល្អដែរ។ តើសេចក្តីល្អ នៅក្នុងផលផ្លែនៃព្រះវិញ្ញាណមានលក្ខណៈដូចម្តេច នៅក្នុងជីវិតរបស់យើងជាគ្រីស្ទបរិស័ទ? ប្រសិនបើលោកអ្នករាប់សេចក្តីល្អរបស់យើង ដែលជាគ្រីស្ទបរិស័ទ យើងអាចហៅការនោះជាការស្ដាប់បង្គាប់ទ្រង់។ នេះមានន័យថា នៅពេលដែលលោកអ្នកស្ដាប់បង្គាប់ទ្រង់ នោះលោកអ្នកកំពុងតែប្រព្រឹត្តនូវសេចក្តីល្អហើយ។ ដោយសារទ្រង់ជាសេចក្តីល្អ ហើយអ្វីៗដែលទ្រង់សព្វព្រះហឫទ័យបង្គាប់ឲ្យយើងធ្វើតាម នោះសុទ្ធតែជាការល្អ។ ដូច្នេះ សរុបសេចក្តីមក នៅពេលដែលគ្រីស្ទបរិស័ទស្ដាប់បង្គាប់ព្រះជាម្ចាស់ នោះហើយជាការបង្ហាញពីសេចក្តីល្អដែលចេញពីផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ។

តើអ្វីទៅជាការល្អក្នុងជីវិតយើងជាគ្រីស្ទបរិស័ទ?

សព្វថ្ងៃនេះ គេបានប្រើកម្លាំងពលកម្មកុមារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយគេគិតថា នេះជារឿងធម្មតា ដែលមើលទៅដូចជាមិនសូវឲ្យតម្លៃលើកុមារ ឬចង់ការពារពួកគេសោះ។ ព្រះជាម្ចាស់បានមានបន្ទូលថា អ្វីដែលល្អ គឺត្រូវការពារកុមារពីសេចក្តីអាក្រក់ដូចនេះ។ មួយទៀតខ្ញុំសង្កេតឃើញថា ខ្មែរយើងច្រើនប្រើពាក្យថា «វា» សម្រាប់ហៅកុមារ។ ពាក្យ «វា» នេះភាគច្រើន គឺគេប្រើទៅលើសត្វ វត្ថុ (ឧ. «ឆ្កែខ្ញុំ វាឆ្លាតណាស់។»)។ ដូច្នេះ តើក្មេងៗ ពួកគេមានតម្លៃត្រឹមតែសត្វចិញ្ចឹម តុ ទូ កៅឬ? មិនគួរឲ្យយើងជាគ្រីស្ទបរិស័ទធ្វើដូច្នេះទេ។ សូមមើលពីអ្វីដែលព្រះអង្គបានគិតទៅលើកុមារវិញ គឺនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១៨:៦៖ «ប៉ុន្តែ បើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង»។ នេះជាព្រះបន្ទូលព្រះដ៏ធ្ងន់ធ្ងរដែលសំដៅទៅអ្នកណាដែលធ្វើមិនល្អមកលើកុមារ និងធ្វើបាបកុមារ។ ចំពោះព្រះយេស៊ូវវិញ ទ្រង់បានមានបន្ទូលឲ្យការពារកុមារ និងផ្តល់តម្លៃដល់ពួកគេ។

សព្វថ្ងៃនេះ គេគិតថាស្ត្រីមេម៉ាយ និងក្មេងកំព្រាគ្មានតម្លៃទេ។ ហើយអ្នកមានមួយចំនួន មានដោយសារពួកគេជិះជាន់អ្នកក្រទើបក្លាយជាអ្នកមានបាន។ នេះជាអ្វីដែលកើតមានឡើងនៅក្នុងលោកីយ៍សព្វថ្ងៃនេះ។ ប៉ុន្តែ ចំពោះព្រះយេស៊ូវវិញ ទ្រង់មិនធ្វើដូច្នោះទេ តើអ្វីទៅជាការល្អ? នៅក្នុងកណ្ឌគម្ពីរ យ៉ាកុប ១:២៧ បានចែងថា

«ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ»។ ការដែលយើងមើលថែក្មេងកំព្រា និងស្ត្រីមេម៉ាយ នោះជាអំពើល្អដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ពិតប្រាកដណាស់ មានមនុស្សនៅលើពិភពលោកនេះ (អ្នកដែលមិនជឿព្រះយេស៊ូវ) បានធ្វើតាមអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល ហើយហៅការនោះជាការល្អ ទោះបើគាត់មិនមែនជាគ្រីស្ទបរិស័ទក៏ដោយ ក៏ពួកគេបានមើលថែកុមារកំព្រា ឬក៏ស្ត្រីមេម៉ាយដែរ។

ប៉ុន្តែ សំណួរសួរថា៖ «តើលោកីយ៍ធ្វើល្អ ដើម្បីអ្វី»? ភាគច្រើនគេធ្វើ ដើម្បីកេរ្តិ៍ឈ្មោះខ្លួន និងចង់ឲ្យមនុស្សនៅជុំវិញសរសើរខ្លួន តែមិនមែនថ្វាយសិរីល្អដល់ព្រះជាម្ចាស់ដែលបានបង្កើតពួកគេមកទេ។ សព្វថ្ងៃនេះ បើយើងមើលនៅក្នុងបណ្ដាញសង្គម នោះយើងនឹងឃើញមានអ្នកមានបង្ហោះរូបភាពពីការដែលគេឲ្យអំណោយ ជួយដល់មនុស្ស ក្មេងកំព្រា និងស្ត្រីមេម៉ាយព្រមទាំងចំណាយលុយខ្លួនផ្ទាល់ ដើម្បីឧបត្ថម្ភដល់អង្គការផ្សេងៗ ក៏ដូចជាជួយជនក្រីក្រ ហើយមានមនុស្សជាច្រើនចូលចិត្តនូវអ្វីដែលគាត់ធ្វើ និងនាំគ្នាសរសើរពីមនុស្សនៅក្នុងសង្គមហ្វេសបុកនោះ ទាំងចុច Likeជាច្រើន។ តែនោះគឺជារបៀបរបស់លោកីយ៍។ ចុះគ្រីស្ទបរិស័ទវិញ? បើមើលពីលក្ខណៈដូចគ្នារវាងគ្រីស្ទបរិស័ទ និងអ្នកមានម្នាក់ នោះយើងឃើញមានលក្ខណៈប្រហាក់ប្រហែលគ្នា អ្នកនោះបានជួយអ្នកក្រីក្រ ហើយគ្រីស្ទបរិស័ទក៏ជួយអ្នកក្រីក្រ។ ប៉ុន្តែ អ្វីដែលខុសគ្នារវាងអ្នកមាននោះ ដែលមិនមែនជាគ្រីស្ទបរិស័ទ គឺគាត់ធ្វើការទាំងនោះ ដើម្បីចង់បានកិត្តិយស កេរ្តិ៍ឈ្មោះ ចង់បានមនុស្សកោតសរសើរនូវទង្វើដែលគាត់បានធ្វើ ហើយរាប់គាត់ថាជាមនុស្សល្អ។ បើយើងមើលពីជីវិតគ្រីស្ទបរិស័ទវិញ សេចក្តីល្អដែលពិតប្រាកដ គឺមានអ្វីមួយដែលខុសពីអ្នកមានម្នាក់នោះ ហើយព្រះយេស៊ូវបានមានបន្ទូលពីយើងដែលជាគ្រីស្ទបរិស័ទនៅ ម៉ាថាយ ៥:១៦ ថា៖ «ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរតម្កើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌»

នៅពេលដែលយើងបង្ហាញផលផ្លែនៃព្រះវិញ្ញាណជាសេចក្តីល្អ នោះអ្នកនៅជុំវិញយើងមើលឃើញយើង ប៉ុន្តែគេមើលសេចក្តីល្អរបស់ព្រះវរបិតារបស់យើងទៅវិញទេ ហើយគេក៏សរសើរព្រះវរបិតានៃយើង មិនមែនសរសើរយើងឡើយ។ នៅពេលដែលមនុស្សដែលនៅជុំវិញសរសើរយើងច្រើន នោះជាគ្រោះថ្នាក់ និងជាភស្តុតាងមួយដែលយើងមិនបង្ហាញសេចក្តីល្អដែលមកពីព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែបែរជាបង្ហាញពីសេចក្តីល្អរបស់មនុស្សលោកទៅវិញ។ នេះជាចំណុចមួយចំនួនដែលលោកីយ៍គិតដូចគ្រីស្ទបរិស័ទថាជាការល្អ ដូចជាជួយអ្នកក្រីក្រ ប៉ុន្តែអ្នកមានដទៃទៀតគេជិះជាន់ធ្វើបាបអ្នកក្រីក្រជាដើម ។ ទោះយ៉ាងណាក៏ដោយក៏នៅមានចំណុចមួយចំនួនជាច្រើនដែលលោកីយ៍នេះមិនទទួលស្គាល់ថាជាការល្អ ដែលចំណុចនោះវាផ្ទុយពីបំណងព្រះហឫទ័យព្រះដែលទ្រង់គិតថាជាការល្អ។ ឧទាហរណ៍៖ លោកីយ៍នេះគិតថា ការដែលយើងមើលថែឪពុកម្តាយយើង ទោះបើត្រូវលះបង់អ្វីៗក៏ដោយ ដើម្បីគាត់ នោះជាការល្អណាស់។ ប៉ុន្តែ ព្រះអង្គមានបន្ទូលថា ការដែលលះបង់គ្រប់យ៉ាង ដើម្បីព្រះអង្គគឺជាការល្អបំផុត។ ចូរយើងនឹកចាំពីរឿងដែលមានចែងនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៨:២១-២២៖ «មានសិស្សទ្រង់ម្នាក់ទៀតទូលថា “ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំ បានទៅកប់ខ្មោចឪពុកទូលបង្គំសិន។” តែព្រះយេស៊ូវមានបន្ទូលទៅអ្នកនោះថា “ចូរមកតាមខ្ញុំវិញ ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ”»។ នេះជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលស្តាប់ទៅហាក់បីដូចជាធ្ងន់ធ្ងរណាស់ ដែលលោកីយ៍នេះបដិសេធមិនទទួលយក។ លោកីយ៍នេះគិតថា ទីមួយត្រូវគោរពឪពុកម្តាយ ទោះបីធ្វើអ្វីក៏ដោយត្រូវតែគោរពឪពុកម្តាយរហូត។ ប៉ុន្តែ ព្រះយេស៊ូវទ្រង់បានបញ្ជាឲ្យគោរពដល់ព្រះអង្គជាមុនបង្អស់វិញនៅក្នុងជីវិតរបស់យើង។ ការដែលយើងស្ដាប់បង្គាប់ឪពុកម្តាយនោះជាបញ្ញត្តិរបស់ព្រះអង្គ ហើយបញ្ញត្តិនោះក៏បានបង្រៀនយើងឲ្យចេះផ្តល់កិត្តិយសដល់ពួកគាត់។ យើងធ្វើ ព្រោះយើងដើរតាមបញ្ញត្តិរបស់ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែបញ្ញត្តិរបស់ទ្រង់ទាំងអស់គឺត្រូវចុះចូលទ្រង់ជាមុនបង្អស់សិន។ លោកីយ៍នេះគេខំបដិសេធ ហើយថែមទាំងមិនទទួលស្គាល់ថានេះជាសេចក្តីល្អ ប៉ុន្តែទ្រង់វិញរាប់ថានេះជាសេចក្តីល្អ នៅពេលដែលយើងតាមទ្រង់រហូតទោះបីត្រូវលះបង់អ្វីៗក៏ដោយ។ ម្យ៉ាងវិញទៀត លោកីយ៍នេះគិតថា ការរួមភេទ ការដែលយើងមើលរឿងអាសអាភាស វាជារឿងធម្មតា។ ចំណែកព្រះយេស៊ូវវិញ ទ្រង់មានបន្ទូលនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៦:១៥ ថា «តើមិនដឹងថា “រូបកាយអ្នករាល់គ្នា ជាអវយវៈរបស់ព្រះគ្រីស្ទទេឬអី?” ដូច្នេះ តើខ្ញុំនឹងយកអវយវៈរបស់ព្រះគ្រីស្ទ ឲ្យទៅធ្វើជាអវយវៈរបស់ស្រីសំផឹងវិញឬ “ទេ! មិនត្រូវឡើយ”»

លោកីយ៍នេះថា ចូរឲ្យយើងផឹកស្រាឲ្យស្រវឹង ស៊ីផឹក ជល់កែវ ស្រីញីអូនបង ព្រោះមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើង ឬស្លាប់ក៏មិនដឹង។ តែព្រះយេស៊ូវទ្រង់បានមានបន្ទូលនៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៥:១៨ ថា «កុំឲ្យស្រវឹងស្រា ដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ»។ ការដែលបុគ្គលណាម្នាក់ស្រវឹង បុគ្គលម្នាក់នោះមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឡើយ ប៉ុន្តែស្រាជាអ្នកគ្រប់គ្រងចិត្តដែលនាំឲ្យប្រព្រឹត្តការអាក្រក់។ ចំណែកយើងដែលជាគ្រីស្ទបរិស័ទវិញ យើងត្រូវអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងលើជីវិតរបស់យើងវិញ។ ដូច្នេះ កុំឲ្យស្រវឹងស្រាឲ្យសោះ!

មួយវិញសោតទៀត លោកីយ៍នេះគេគិតថាការដែលមានសាសនា វាជាការល្អមួយសម្រាប់ខ្លួនយើងម្នាក់ៗ ប៉ុន្តែពួកគេមានកូនគំនិតមួយទៀតថា «បើជឿ កុំជឿស៊ប់ពេក កុំជឿខ្លាំងពេក ហើយពួកគេព្យាយាមប្រាប់អ្នកដទៃថាកុំខ្វល់ខ្វាយខ្លាំងពេក ល្មមៗបានហើយ សាសនាណាក៏ល្អដូចតែគ្នាហ្នឹង។» ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលនៅក្នុងកណ្ឌគម្ពីរ ២កូរិថូស ៥:២០ ថា «ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ»

ពេលខ្លះ នៅពេលដែលយើងផ្សាយដំណឹងល្អទៅកាន់អ្នកដទៃ ពួកគេមិនសប្បាយចិត្ត គេមិនគិតថា នោះជាការល្អទេ ប៉ុន្តែសេចក្តីល្អដែលយើងកំពុងដើរតាមមិនមែនជាសេចក្តីល្អដែលលោកីយ៍ទទួលស្គាល់ទេ តែនេះជាសេចក្តីល្អដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ហើយពេលខ្លះទៀត សេចក្តីល្អរបស់ព្រះជាម្ចាស់បានទាស់ប្រឆាំង និងអ្វីដែលលោកីយ៍នេះគិតថាជាការល្អ។ សេចក្តីល្អពិតប្រាកដមិនមែនយើងខំដើរតាមក្រឹត្យវិន័យទេ តែសេចក្តីល្អពិតប្រាកដគឺយើងដើរតាមព្រះគ្រីស្ទវិញ។ ព្រះជាម្ចាស់សង្គ្រោះយើង មិនមែនដោយសារយើងជាមនុស្សល្អនោះទេ ហើយយើងមិនអាចពឹងលើការល្អរបស់យើង ដើម្បីផ្គាប់ព្រះហឫទ័យព្រះ ឬធ្វើឲ្យព្រះជាម្ចាស់សង្គ្រោះយើងបានដែរ។ ផ្ទុយទៅវិញ យើងជាមនុស្សមានបាប ជាមនុស្សអាក្រក់រួចទៅហើយ។ ទ្រង់សង្គ្រោះយើង ដោយសារយើងមិនជួយខ្លួនឯងឲ្យរួចពីអំពើបាបបាន តែការសង្គ្រោះនេះគឺជាការដែលព្រះជាម្ចាស់ទ្រង់ស្រឡាញ់យើង។ សេចក្តីល្អនេះ គឺមកពីព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអ្វីដែលជាចំណុចស្នូល នៅក្នុងកណ្ឌគម្ពីរកាឡាទីជំពូក៥ ទាក់ទងនឹងផលផ្លែនៃព្រះវិញ្ញាណ គឺការដែលយើងរម្លឹកខ្លួនឯង ហើយត្រូវដើរក្នុងជីវិតនេះដោយព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលយើងដើរដោយព្រះវិញ្ញាណ នោះផលផ្លែនៃព្រះវិញ្ញាណនឹងសម្ដែងចេញមកនៅក្នុងជីវិតរបស់យើង។

ដូច្នេះ ខ្ញុំចង់ឲ្យបងប្អូនសួរសំណួរមួយមកកាន់ខ្លួនឯងថា «តើយើងមានផលផ្លែនៃព្រះវិញ្ញាណនៅក្នុងជីវិតយើងឬអត់? តើបងប្អូនបានធ្វើអ្វីខ្លះ ដើម្បីឲ្យជាប់នៅក្នុងព្រះគ្រីស្ទជារៀងរាល់ថ្ងៃ ដើម្បីដើរដោយព្រះវិញ្ញាណជារៀងរាល់ថ្ងៃ»? ប្រសិនបើបងប្អូនមិនសូវបានឃើញផលផ្លែនៃព្រះវិញ្ញាណនៅក្នុងជីវិតនោះទេ នោះច្បាស់ជាមានមូលហេតុ ហើយមិនមែនដោយសារបងប្អូនមិនបានព្យាយាមទេ តែគឺដោយសារបងប្អូនមិនបាននៅជាប់ជាមួយព្រះគ្រីស្ទនៅក្នុងជីវិតខ្លួនបងប្អូនផ្ទាល់ជារៀងរាល់ថ្ងៃ។ តើជីវិតរបស់បងប្អូនជិតស្និទ្ធជាមួយព្រះអង្គខ្លាំងប៉ុណ្ណា? ប្រសិនបើបងប្អូនពិបាកបង្ហាញផលផ្លែនៃព្រះវិញ្ញាណក្នុងជីវិត នោះជាភស្តុតាងដែលគួរឲ្យយើងរម្លឹកខ្លួន មិនមែនមកពីបងប្អូនមិនព្យាយាមទេ តែមកពីបងប្អូនមិនជិតស្និទ្ធជាមួយព្រះអង្គទៅវិញ។ គោលបំណងរបស់ព្រះគម្ពីរ គឺចង់ឃើញបងប្អូនចេះលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយព្រះវិញ្ញាណក្នុងជីវិតលើផែនដីនេះ ដើម្បីឲ្យផលផ្លែនៃព្រះវិញ្ញាណកើតក្នុងជីវិតរបស់យើងទាំងអស់គ្នា ហើយមនុស្សដែលនៅជុំវិញយើងសរសើរដល់ព្រះវរបិតានៃយើង ហើយទទួលជឿព្រះយេស៊ូវគ្រីស្ទដែលជាព្រះរបស់យើងរាល់គ្នាផងដែរ។

និពន្ធ​ដោយ៖ លោក​គ្រូ ជឿន ជីវិចន្ធា
កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា,លោក ឯក​ សត្យា,​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង លោក ធីម៉ូថេ ឯក

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​ដែល​មាន​តែ​សេចក្ដី​ស្រឡាញ់

យើង​មាន​សុវត្ថិភាព