https://youtu.be/KxXB9TvG4rU?si=qHIPRruW7djW1F03
«រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្តីស្រឡាញ់ អំណរ សេចក្តីសុខសាន្ត សេចក្តីអត់ធ្មត់ សេចក្តីសប្បុរស សេចក្តីល្អ ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការគ្រប់គ្រងចិត្ត…» (កាឡាទី ៥:២២-២៣ គគខ)។
តើយើងបានឃើញផលផ្លែនៃព្រះវិញ្ញាណកើតមាននៅក្នុងជីវិតរស់នៅរបស់យើងដែរឬទេ? ការដែលយើងដឹងថា ផលផ្លែនៃព្រះវិញ្ញាណមាន៩ចំណុចគឺជារឿងដ៏សំខាន់ណាស់។ លើសពីនេះទៅទៀត ការដែលយើងបានអនុវត្តនៅក្នុងជីវិតរស់នៅរបស់យើងក៏ជាចំណុចដ៏សំខាន់ផងដែរ។ ជាការរម្លឹកកណ្ឌគម្ពីរ កាឡាទី ៥:២២-២៣ បានចែងថា ការគ្រប់គ្រងចិត្ត គឺជាលក្ខណសម្បត្តិចុងក្រោយនៃផលផ្លែរបស់ព្រះវិញ្ញាណ។ ប៉ុន្តែ នៅក្នុងព្រះគម្ពីរបរិសុទ្ធបកប្រែចាស់ឆ្នាំ១៩៥៤បានប្រើពាក្យ «ដឹងខ្នាត»។ ដូច្នេះ ខ្ញុំនឹងពន្យល់អត្ថន័យលើពាក្យ «គ្រប់គ្រងចិត្ត» និង «ដឹងខ្នាត» ជាមុនសិន។
ដំបូង ពេលខ្ញុំអានពាក្យ «ដឹងខ្នាត» ខ្ញុំមិនទាន់ដឹងថាមានន័យដូចម្តេចទេ។ ប៉ុន្តែ នៅពេលដែលខ្ញុំអានម្តងហើយម្តងទៀត ហើយចំណាយពេលសញ្ជឹងគិត ខ្ញុំក៏យល់កាន់តែច្បាស់។ ជាទូទៅពាក្យ «ខ្នាត» គឺគេប្រើសម្រាប់វាស់វែងអ្វីមួយឲ្យបានត្រឹមត្រូវ។ ខ្ញុំគិតថា ចំពោះពាក្យ «ដឹងខ្នាត» គឺមានន័យថា យើងដឹងពីអ្វីដែលយើងគួរធ្វើ និងពីអ្វីដែលយើងមិនគួរធ្វើ មិនឲ្យហួសខ្នាត។ ប្រសិនបើយើងពិនិត្យមើលនៅក្នុងអត្ថន័យដើមនៃពាក្យនេះ គឺទាំងពីរមានលក្ខណៈស្រដៀងៗគ្នា។ ខ្ញុំពេញចិត្តនឹងការបកប្រែរបស់ព័ន្ធកិច្ចព្រះបន្ទូលនៃជីវិតដែលបានបកប្រែថា «ការគ្រប់គ្រងចិត្ត» ពីព្រោះពាក្យនេះសំដៅលើការដែលបុគ្គលម្នាក់អាចមានសមត្ថភាពក្នុងការគ្រប់គ្រងចិត្តចំពោះអ្វីៗដែលគាត់គួរធ្វើ ហើយមិនឲ្យទៅហួសព្រំដែន។ នេះមានន័យថា យើងអាចគ្រប់គ្រងលើវាបាន។ ខ្ញុំគិតថា វាសាមញ្ញហើយស្រួលស្តាប់ ដូច្នេះហើយបានជាខ្ញុំជ្រើសរើសពាក្យ «ការគ្រប់គ្រងចិត្ត» មកប្រើនៅទីនេះជាជាងប្រើពាក្យ «ដឹងខ្នាត»។
មុននឹងយើងសិក្សាឲ្យកាន់តែស៊ីជម្រៅទាក់ទងនឹង «ការគ្រប់គ្រងចិត្ត» ឬក៏ «ការដឹងខ្នាត» ខ្ញុំសូមលើកយកការពិសោធទៅលើក្មេងពីរនាក់ ដែលគេដាក់ស្ករគ្រាប់ដែលពួកគាត់ចូលចិត្តនៅមុខពួកគាត់។ សំណួរសួរថា តើពួកគាត់អាចនឹងអត់ទ្រាំបាន១០នាទីបានឬទេ? បើពួកគាត់អាចទ្រាំបាន នោះអ្នកពិសោធនឹងឲ្យស្ករគ្រាប់ថែមទៀតដល់ពួកគាត់ ប៉ុន្តែបើក្មេងទាំងពីរនោះមិនអាចទ្រាំបាន ហើយជ្រើសរើសញ៉ាំ ពេលនោះអ្នកពិសោធនឹងមិនឲ្យស្ករគ្រាប់ថែមទៀតឡើយ។ យើងក៏ដូច្នេះដែរ គឺត្រូវការចេះគ្រប់គ្រងចិត្តខ្លួន ពីព្រោះបើយើងគ្មានការគ្រប់គ្រងចិត្តទេ នោះយើងនឹងតែងតែទៅធ្វើអ្វីតាមតែអំពើចិត្ត ដែលយើងនឹកឃើញចង់ធ្វើ។ ដូច្នេះ ការគ្រប់គ្រងចិត្តមានសារៈសំខាន់ណាស់ ហើយដាច់ខាតយើងត្រូវចេះគ្រប់គ្រងលើចិត្តខ្លួនឯង។
យោងតាមខគម្ពីរនេះ ខ្ញុំអាចឲ្យនិយមន័យលើពាក្យ «ការគ្រប់គ្រងចិត្ត ថាជាសមត្ថភាពពិតប្រាកដ ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យ ដ្បិតនេះជាផលផ្លែដែលមកពីព្រះអង្គផ្ទាល់។ ការគ្រប់គ្រងចិត្ត គឺជាសមត្ថភាពមួយដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យក្នុងការតយុទ្ធយ៉ាងសកម្ម ទប់ទល់នឹងសេចក្តីល្បួងដែលនាំឲ្យយើងត្រឡប់ទៅដើរតាមផ្លូវលោកីយ៍ ជាជាងដើរដោយព្រះវិញ្ញាណបរិសុទ្ធ។» នេះហើយគឺជាអត្ថន័យដែលខ្ញុំចង់លើកឡើង ហើយក៏ជាអ្វីដែលព្រះគម្ពីរបានផ្ដល់អត្ថន័យទៅលើការគ្រប់គ្រងចិត្តដែរ។
ការគ្រប់គ្រងចិត្តគឺជាផលផ្លែដែលព្រះអង្គបានប្រទានឲ្យអ្នកជឿគ្រប់ៗរូប ប៉ុន្តែយើងដឹងហើយថា ផលផ្លែនេះយើងបានមកពីព្រះ មិនមែនមកពីការខំប្រឹងរបស់ខ្លួនយើងនោះទេ។ ហើយនេះក៏មិនមែនមានន័យថា យើងត្រូវនៅតែមួយកន្លែង មិនព្រមធ្វើអ្វីសោះនោះដែរ តែវាជាការតយុទ្ធសង្វាតចង់បានផលផ្លែនេះយ៉ាងសកម្ម។ មានលោកគ្រូម្នាក់បានលើកឡើងទាក់ទងនឹងការគ្រប់គ្រងចិត្តថា៖ «ដូចដែលពួកសាសន៍អ៊ីស្រាអែល (ពួកសាសន៍ហេព្រើរ) ដែលព្រះជាម្ចាស់បានប្រទានឲ្យនូវទឹកដីសន្យាដល់ពួកគេ ប៉ុន្តែពួកគេត្រូវយកទឹកដីសន្យានោះដោយប្រើកម្លាំង មិនមែនព្រះអង្គប្រទានទឹកដីនោះឲ្យពួកគេដោយពួកគេមិនធ្វើអ្វីសោះនោះទេ»។ យើងឃើញហើយថា ពួកសាសន៍អ៊ីស្រាអែលត្រូវប្រើកម្លាំងខ្លួនផ្ទាល់ ដើម្បីវាយយកទឹកដីសន្យា ដែលព្រះជាម្ចាស់ត្រៀមទុកសម្រាប់ពួកគេជាស្រេច។ ប៉ុន្តែ ពួកគេត្រូវចេញទៅច្បាំងយកទឹកដីនោះ។ លោកគ្រូម្នាក់នោះក៏បានបន្តទៀតដែរថា «ពេលដែលព្រះអង្គសន្យាថា ទ្រង់នឹងផ្តល់នូវអំណោយទាននៃការគ្រប់គ្រងចិត្ត នោះមិនមែនមានន័យថា យើងនៅស្ងៀមទេ តែយើងត្រូវយកវាដោយកម្លាំងខ្លួនដែរ»។ ដូច្នេះ ខ្ញុំជឿថា ផលផ្លែនៃព្រះវិញ្ញាណ ដែលទាក់ទងនឹងការគ្រប់គ្រងចិត្ត គឺព្រះវិញ្ញាណបរិសុទ្ធជាអង្គដែលប្រទានឲ្យយើង តែនេះក៏មិនមែនមានន័យថា យើងមិនប្រើកម្លាំងដែលព្រះអង្គបានប្រទានឲ្យយើងក្នុងការទទួលនូវអំណោយទាននោះដែរ។ តែយើងត្រូវហ្វឹកហ្វឺន ត្រូវបង្ហាត់បង្រៀនខ្លួនឯង ដើម្បីឲ្យយើងរីកចម្រើនក្នុងការយើងគ្រប់គ្រងចិត្តនេះ។
យើងឃើញហើយថា ការគ្រប់គ្រងចិត្ត គឺជាចំណុចមួយដែលសំខាន់ក្នុងការរស់នៅដោយបង្ហាញផលផ្លែផ្សេងៗទៀតបាន ពីព្រោះបើយើងមិនចេះគ្រប់គ្រងចិត្តទេ នោះយើងនឹងមានការពិបាកក្នុងការរស់នៅដោយបង្ហាញគ្រប់ទាំងផលផ្លែផ្សេងៗ។ ឧទាហរណ៍៖ ផលផ្លែនៃសេចក្តីស្រឡាញ់ដែលបណ្ដាលឲ្យយើងចេះស្រឡាញ់មនុស្សគ្រប់ៗរូបមិនមែនជាការងាយស្រួលនោះទេ ដាច់ខាតយើងត្រូវការចេះគ្រប់គ្រងចិត្តខ្លួន ដើម្បីឲ្យយើងអាចបង្ហាញនូវសេចក្តីស្រឡាញ់ទៅកាន់អ្នកដទៃបាន ជាពិសេសចំពោះអស់អ្នកដែលយើងពិបាកនឹងស្រឡាញ់ ដូចជាការស្រឡាញ់ខ្មាំងសត្រូវរបស់យើងជាដើម។ ដូច្នេះ យើងត្រូវការចេះគ្រប់គ្រងលើចិត្តរបស់យើង។ ម្យ៉ាងវិញទៀត ចំពោះការមានអំណរអរ យើងដឹងហើយថា ការមានអំណរអរមិនមែនជាការងាយស្រួលនោះឡើយ ដូចជាពេលដែលកូនយើងកំពុងឈឺនៅមន្ទីរពេទ្យ ពេលដែលមានបញ្ហាខាងថវិកា នោះយើងពិបាកណាស់ក្នុងការមានអំណរនៅក្នុងព្រះអង្គណាស់។ ប៉ុន្តែ យើងត្រូវតែចេះគ្រប់គ្រងចិត្តខ្លួនឯង ដែលនោះជាអំណោយទានមកពីព្រះអង្គ។ យើងត្រូវតែចេះទុកចិត្តព្រះអង្គចំពោះអ្វីៗដែលបានកើតឡើងក្នុងជីវិតយើង ដើម្បីឲ្យយើងចេះគ្រប់គ្រងចិត្តរបស់យើង។
ដូច្នេះ ការគ្រប់គ្រងចិត្តគឺជាចំណុចសំខាន់ណាស់។ ការគ្រប់គ្រងចិត្តនៅក្នុងជីវិតជាគ្រីស្ទបរិស័ទ គឺយើងត្រូវចេះតយុទ្ធយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ ប្រសិនបើយើងគ្មានការគ្រប់គ្រងចិត្តក្នុងជីវិតរស់នៅទេ នោះយើងនឹងមានការពិបាកក្នុងការតយុទ្ធនឹងសេចក្តីល្បួងជាច្រើនដែលមាននៅជុំវិញយើងជាមិនខាន។ ដូចដែលខ្ញុំបានលើកឡើងរួចហើយថា ប្រហែលស្ករគ្រាប់នៅមុខយើងមិនមែនជាការល្បួងដល់យើងទេ ប៉ុន្តែប្រហែលជាមានអ្វីផ្សេងៗទៀតនៅជុំវិញយើង ដែលជាសេចក្តីល្បួងដល់យើងដូចជា៖ មាសប្រាក់ ស្រី ស្រា ល្បែង សម្ភារ:និយម ការមានកេរ្តិ៍ឈ្មោះល្បីល្បាញលើលោកនេះជាដើម។ ប្រសិនបើយើងគ្មានការគ្រប់គ្រងចិត្តទេ នោះយើងនឹងងាយធ្លាក់ក្នុងសេចក្តីល្បួងទាំងនោះ ងាយនឹងមានតម្រេកខាងឯសាច់ឈាម និងលោកីយ៍នេះខ្លាំងណាស់។
ដូច្នេះហើយបានជាយើងត្រូវតែចេះគ្រប់គ្រងចិត្តខ្លួនឯង ហើយការចេះធ្វើបែបនោះឯងដែលជាផលផ្លែរបស់ព្រះវិញ្ញាណដែលព្រះអង្គបានប្រទានឲ្យយើង។ ប៉ុន្តែ យើងក៏ត្រូវចេះប្រើកម្លាំងយើងក្នុងការទទួលយកផលផ្លែនេះដោយមានការហ្វឹកហាត់ជាប្រចាំថ្ងៃដែរ។
តើយើងអាចអភិវឌ្ឍការគ្រប់គ្រងចិត្តនេះយ៉ាងដូចម្តេច?
ប្រសិនបើយើងពិនិត្យមើលពីដំណើរជីវិតរបស់សាវ័ក ប៉ុល នោះយើងនឹងឃើញគាត់លើកឡើងថា «ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ។ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ» (១កូរិនថូស ៩:២៥-២៧)។ យើងដឹងហើយថាដំណើរជីវិតជាគ្រីស្ទបរិស័ទ គឺប្រៀបដូចជាការរត់ប្រណាំងមួយដែរ ហើយរង្វាន់របស់យើងគឺមកុដដែលនៅអស់កល្បជានិច្ច។
ស្រដៀងទៅនឹងការធ្វើពិសោធន៍ខាងលើដែរ តើយើងមានការអត់ធ្មត់ រហូតទៅដល់ចុងបំផុតនៃជីវិតរបស់យើង ដើម្បីឲ្យបានមកុដទុកជារង្វាន់ដ៏អស់កល្បជានិច្ចដែលមកពីព្រះអង្គដែរឬទេ? ឬក៏តើយើងនឹងព្រមចុះចាញ់ដូចជាក្មេងដែលគាត់ខំប្រឹងដែរ តែទប់មិនឈ្នះ ហើយគាត់ក៏បោះបង់ការអត់ធ្មត់ដោយសម្រេចចិត្តញ៉ាំ? ពិតប្រាកដណាស់! យើងមិនមែនដើរដោយកម្លាំងខ្លួនឯងនោះទេ ប៉ុន្តែយើងដើរដោយព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់ជាជំនួយដល់យើង ដើម្បីជួយយើងក្នុងដំណើរជីវិតជាគ្រីស្ទបរិស័ទ។ យើងមិនអាចដើរក្នុងជីវិតជាគ្រីស្ទបរិស័ទដោយកម្លាំងខ្លួនឯងបានឡើយ។ ដូច្នេះហើយបានជាយើងត្រូវការជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ហើយយើងក៏ត្រូវសហការជាមួយព្រះអង្គ ដោយសុំជំនួយពីព្រះអង្គដែរ។
សាវ័ក ប៉ុល ក៏បានលើកឡើងនៅកណ្ឌគម្ពីរផ្សេងៗទៀតដូចជានៅក្នុងកណ្ឌគម្ពីរ កូឡូស ដែលគាត់និយាយថាគាត់ខំតយុទ្ធដោយអំណាចព្រះចេស្ដាដែលមកពីព្រះអង្គ មិនមែនតយុទ្ធដោយកម្លាំងខ្លួនគាត់ប៉ុណ្ណោះទេ ប៉ុន្តែគាត់បានប្រើអំណាចរបស់ព្រះជាម្ចាស់។ យើងឃើញហើយថាសាវ័ក ប៉ុល ខិតខំអត់ទ្រាំសង្កត់ចិត្តក្នុងគ្រប់ជំពូកនៃជីវិតរបស់គាត់។
តើយើងកំពុងតែតយុទ្ធក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងដែរឬទេ? តើអ្វីទៅដែលតែងតែអូសទាញចិត្តយើងឲ្យរារែក?
ខ្ញុំជឿជាក់ថា យើងមានព្រះវិញ្ញាណបរិសុទ្ធ ដែលតែងតែដាស់តឿនយើង ប៉ុន្តែសំណួរសួរថា៖ «តើយើងសហការជាមួយនឹងព្រះអង្គ យកកម្លាំងមកពីព្រះអង្គ ដើម្បីទប់ទល់នឹងសេចក្តីល្បួងទាំងនោះដែរឬទេ?» យ៉ាងណាមិញ ការដែលយើងមានការគ្រប់គ្រងចិត្តគឺជាចំណុចមួយដ៏សំខាន់ណាស់។ ប្រសិនបើយើងគ្មានការគ្រប់គ្រងចិត្តទេ នោះយើងក៏នឹងងាយបោះបង់នូវដំណើរគ្រប់ចំណុចនៃជីវិតយើងចោល ឬដំណើររត់ប្រណាំងរបស់យើង ដែលជាគ្រីស្ទបរិស័ទជាមិនខាន។ យើងដឹងហើយថា យើងដែលជាគ្រីស្ទបរិស័ទ គឺអ្នកមានព្រះវិញ្ញាណដ៏ជាជំនួយដល់យើង ប៉ុន្តែប្រសិនបើបងប្អូនដែលមិនទាន់មានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតនៅឡើយទេ នោះបងប្អូននឹងមានការពិបាកក្នុងការតយុទ្ធជាមួយនឹងសាច់ឈាមជាមិនខាន ឬក៏មិនដឹងថាបងប្អូនកំពុងតែតយុទ្ធផង។ បើយើងមិនមានព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងគិតថា អ្វីៗដែលយើងកំពុងធ្វើ គឺជារឿងធម្មតា ដូចបែបលោកីយ៍តែប៉ុណ្ណោះ។
យ៉ាងណាមិញ ប្រសិនបើយើងទទួលស្គាល់ព្រះជាម្ចាស់ដោយទទួលជឿលើព្រះអង្គ នោះយើងនឹងមានព្រះវិញ្ញាណរបស់ព្រះអង្គគង់ក្នុងជីវិតរបស់យើង។ ហើយយើងនឹងចាប់ផ្តើមមានការទាស់ប្រឆាំងនឹងគ្នាថា «តើយើងដើរតាមព្រះវិញ្ញាណបរិសុទ្ធ ឬដើរតាមសាច់ឈាម?» ព្រះគម្ពីរបានប្រាប់យើងរួចហើយថា ការដើរតាមបែបសាច់ឈាមមានលក្ខណៈបែបណា «រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្ដីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សម្លាប់ ប្រមឹក ស៊ីផឹកជ្រុល នឹងការអ្វីទៀត ដែលស្រដៀងនឹងសេចក្ដីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា “អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ”» (កាឡាទី ៥:១៩-២១)។ នេះឯងគឺជាការដើរតាមបែបសាច់ឈាម។ តើយើងកំពុងតែដើរដោយព្រះវិញ្ញាណបរិសុទ្ធ ឬក៏ដើរតាមបែបសាច់ឈាម? ពិតប្រាកដណាស់! ខ្ញុំទទួលស្គាល់ថា សូម្បីតែខ្លួនខ្ញុំ ខ្ញុំក៏ជឿថា «មានពេលខ្លះខ្ញុំខ្សោយ ហើយខ្ញុំពិតជាត្រូវការជំនួយ និងកម្លាំងពីព្រះអង្គ ដើម្បីតយុទ្ធណាស់។» នៅក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង ពេលខ្លះ យើងដឹងហើយថា រឿងមួយចំនួនដែលយើងធ្វើគឺមិនត្រឹមត្រូវ ហើយមិនល្អ ព្រោះភាគច្រើនយើងមិនបានធ្វើនូវអ្វីដែលយើងចង់ធ្វើទេ។ ដូចដែលសាវ័ក ប៉ុល បានលើកមកថា អ្វីដែលយើងមិនចង់ធ្វើបែរជាយើងធ្វើទៅវិញ (រ៉ូម ៧:១៤-២០)។ នេះមិនមែនមានន័យថា ជីវិតជាគ្រីស្ទបរិស័ទជាជីវិតដែលល្អឥតខ្ចោះរហូតនោះទេ ព្រោះមានពេលខ្លះយើងភ្លាត់ដោយធ្វើបាបដែរ។ ប៉ុន្តែ អ្វីដែលខុសប្លែកក្នុងជីវិតយើងជាគ្រីស្ទបរិស័ទ គឺនៅពេលដែលយើងភ្លាត់ធ្វើបាបគឺយើងបានងាកបែរ ហើយលន់តួទៅចំពោះព្រះអង្គវិញ។ ការដែលយើងគ្រប់គ្រងចិត្តយើង នោះជាការមួយដ៏សំខាន់ណាស់។ ក្នុងការគ្រប់គ្រងចិត្ត យើងត្រូវរៀនសូមកម្លាំងពីព្រះអង្គ ហើយបន្តហ្វឹកហាត់ចាប់ពីតូចទៅធំ។ កណ្ឌគម្ពីរ ទីតុស ២:១១-១២ បានលើកឡើងថា «ព្រះគុណនៃព្រះដែលនាំសេចក្តីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្តីទមិលល្មើស និងសេចក្តីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្តីធ្ងន់ធ្ងរ សេចក្តីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ»។ ប្រសិនបើយើងមើលនៅត្រង់ខគម្ពីរនេះ នោះយើងឃើញថា យើងមានការពិបាកក្នុងការលះចោលសេចក្តីទមិលល្មើស សេចក្តីអាក្រក់ សេចក្តីប៉ងប្រាថ្នាដែលនៅខាងក្នុងណាស់។
យើងដឹងហើយថា សាច់ឈាមដែលនៅខាងក្នុងយើង វាមិនចង់ធ្វើនូវអ្វីមួយដែលល្អនោះទេ តែវាតែងតែចង់ប្រព្រឹត្តអំពើបាប។ នៅពេលដែលយើងជឿលើព្រះអង្គ នោះព្រះគុណរបស់ព្រះអង្គដែលកណ្ឌគម្ពីរ ទីតុស ២:១១ បានចែងថា ព្រះគុណនៃព្រះបានលេចមកហើយទាំងបង្ហាត់បង្រៀនយើងរាល់គ្នាទៀតផង។ តាមរយៈព្រះគុណរបស់ព្រះអង្គ នោះយើងទាំងអស់គ្នាបានស្គាល់ព្រះគុណរបស់ផងព្រះអង្គត្រង់ថា ព្រះអង្គបានផ្តល់ព្រះគុណដល់យើងតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានសុគតជំនួសយើង ហើយព្រះអង្គបានអត់ទោសនូវរាល់អំពើបាបរបស់យើង បើយើងជឿលើទ្រង់។ ព្រះអង្គបង្រៀនយើងឲ្យចេះលះចោល ដូចដែលនៅក្នុងខ១២បានចែង ពោលគឺលះចោលនូវសេចក្តីទមិលល្មើស និងសេចក្តីប៉ងប្រាថ្នាក្នុងលោកីយ៍នេះ។ សេចក្តីប៉ងប្រាថ្នាជាច្រើនលើលោកនេះ គឺជាការទាស់ប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះ នៅពេលដែលយើងស្គាល់ព្រះគុណរបស់ផងព្រះអង្គ នៅពេលដែលយើងចូលកៀកជិតព្រះអង្គ នោះខ្ញុំជឿថា ព្រះគុណរបស់ផងព្រះអង្គនឹងបន្តបង្ហាត់បង្រៀនយើងបន្តិចម្តងៗឲ្យចេះលះចោលនូវសេចក្ដីអាក្រក់ ការទមិលល្មើស និងអ្វីៗដែលជាអំពើបាបចេញពីជីវិតយើង។ នេះឯងជាការដែលយើងអាចហ្វឹកហាត់ ហើយរៀនបន្ថែម ដើម្បីឲ្យចេះគ្រប់គ្រងចិត្តក្នុងការបន្តស្គាល់ព្រះគុណរបស់ផងព្រះអង្គ។
ខ្ញុំជឿថា ការដែលយើងស្គាល់ព្រះគុណរបស់ព្រះអង្គឲ្យកាន់តែច្រើនឡើងៗ គឺជាអាថ៌កំបាំងដែលយើងអាចលូតលាស់ខាងឯការចេះគ្រប់គ្រងចិត្តខ្លួនឯងបាន។ នៅពេលដែលយើងស្គាល់ព្រះគុណរបស់ផងព្រះអង្គ នោះខ្ញុំជឿថា អំពើបាបនឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗចេញពីជីវិតរស់នៅរបស់យើង។ ដូច្នេះ ការចេះគ្រប់គ្រងចិត្ត គឺជាការសំខាន់ណាស់សម្រាប់យើងដែលជាគ្រីស្ទបរិស័ទ។ ខ្ញុំសង្ឃឹមថា យើងនឹងបន្តដើរទៅមុខជាមួយគ្នា ហើយខិតខំសង្កត់ចិត្តដូចដែលសាវ័ក ប៉ុល បានលើកឡើងឲ្យយើងខំអត់ធ្មត់សង្កត់ចិត្តនៅក្នុងគ្រប់ជំពូកនៃជីវិតរបស់យើង។ ប្រហែលជាមានរឿងជាច្រើនដែលកើតឡើងនៅក្នុងជីវិតរបស់យើង ជាពិសេសសម្រាប់អ្នកនៅលីវ ត្រង់សេចក្តីស្រើបស្រាលដ៏ពិបាកៗ។
ខ្ញុំជឿថា ព្រះអង្គនឹងផ្តល់ព្រះគុណឲ្យយើងបានយ៉ាងគ្រប់គ្រាន់ ល្មមដែលអាចឲ្យយើងឈ្នះ អាចគ្រប់គ្រងចិត្តរបស់យើងបាន ដើម្បីឲ្យយើងបានស្អាតបរិសុទ្ធនៅចំពោះព្រះភក្ត្រព្រះអង្គ។ នេះជាបំណងរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងនូវអំពើអសីលធម៌ខាងផ្លូវភេទ។ ហើយម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយបរិសុទ្ធ និងសេចក្តីថ្លៃថ្នូរ «មិនមែនដោយសេចក្ដីរំជួលក្នុងតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ» (១ថែស្សាឡូនិច្ច ៤:៥)។ ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងបានញែកជាបរិសុទ្ធនៅចំពោះព្រះភក្ត្រព្រះអង្គ។ ដូច្នេះ យើងត្រូវចេះគ្រប់គ្រងរូបកាយរបស់យើង។ នៅពេលដែលយើងគ្រប់គ្រងចិត្តរបស់យើង ការនោះនឹងនាំយើងឲ្យអាចថែរក្សា អាចឃុំគ្រងរូបការរបស់យើងកុំឲ្យទាស់ប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះអង្គបាន។
សរុបសេចក្តីទៅ ការគ្រប់គ្រងចិត្ត គឺជាសកម្មភាពមួយដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានឲ្យយើងធ្វើ ដើម្បីតយុទ្ធឲ្យយ៉ាងសកម្មនឹងសេចក្តីល្បួងដែលនាំឲ្យយើងដើរក្នុងផ្លូវលោកីយ៍។ យើងអាចបន្តរៀននូវការគ្រប់គ្រងចិត្ត នៅពេលដែលយើងបន្តស្គាល់ព្រះគុណរបស់ផងព្រះអង្គ។ ចំពោះបងប្អូនដែលមិនទាន់ស្គាល់នូវព្រះគុណរបស់ព្រះអង្គនៅឡើយ គឺពិតជាត្រូវការសូមព្រះអង្គឲ្យទ្រង់បានធ្វើការក្នុងចិត្តខ្លួន ឲ្យខ្លួនបានយល់ថា តើអ្វីទៅជាព្រះគុណរបស់ព្រះអង្គនៅក្នុងជីវិតរបស់យើង? នៅក្នុងជីវិតជាប្រចាំថ្ងៃ មិនថាក្នុងគ្រួសារដែលយើងកំពុងរស់នៅជាមួយ ប្រសិនបើយើងខ្វះការគ្រប់គ្រងចិត្ត នោះអ្វីៗដែលយើងធ្វើនឹងងាយទទួលរងឥទ្ធិពលពីការអាក្រក់ជាច្រើន ដែលនឹងកើតឡើងនៅពេលដែលយើងខ្វះការគ្រប់គ្រងចិត្តខ្លួនឯង។ នៅពេលដែលមានសេចក្តីល្បួងកើតឡើង យើងនឹងមានការពិបាកក្នុងការគ្រប់គ្រងចិត្តណាស់ ជាពិសេសប្រសិនបើយើងនៅស្ងៀម ដោយមិនមានសកម្មភាពតយុទ្ធ។ ភាគច្រើន ការនេះកើតឡើងចំពោះបងប្អូនដែលធ្វើការហត់នឿយ។ នៅពេលដែលត្រឡប់មកដល់ផ្ទះ ហើយកូនៗមិនសូវស្តាប់បង្គាប់ រញ៉េរញ៉ៃ តើយើងឆ្លើយតបចំពោះគាត់យ៉ាងដូចម្តេច? តើយើងគ្រប់គ្រងចិត្តខ្លួន ឬក៏យើងនឹងបណ្តោយខ្លួនទៅតាមកំហឹងរបស់យើង? តើយើងនឹងអាចចាប់ផ្តើមនិយាយ ឬក៏នឹងធ្វើរឿងមួយចំនួនដែលប៉ះពាល់ទៅដល់កូនៗរបស់យើង ឬគ្រួសាររបស់យើងមែនឬ? ហើយចំពោះកន្លែងការងារ តើយើងអាចអនុវត្តចំណុចនៃការគ្រប់គ្រងចិត្ត ឬក៏បណ្តោយខ្លួនទៅតាមលោកីយ៍ដោយប្រើពាក្យសម្ដី ឬប្រតិកម្មឆ្លើយតបដូចលោកីយ៍?
មតិយោបល់
Loading…