ចំណុចស្នូលនៃជំនឿគ្រីស្ទបរិស័ទ និងដំណឹងល្អ គឺបុគ្គល និងការសម្រេចព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ក្រៅពីការដែល «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម» (យ៉ូហាន ១:១៤) និងការដែលព្រះរាជបុត្រាបានយាងមកយកកំណើតជាមនុស្ស រួចមានព្រះជន្មគង់នៅ និងសុគតជំនួសយើងក្នុងនាមជាព្រះអង្គសង្គ្រោះ នោះគ្មានសេចក្ដីសង្គ្រោះណាផ្សេងឡើយ។ ក្រៅពីការដែលព្រះរាជបុត្រាដ៏នៅអស់កល្បជានិច្ចបានយាងមកយកកំណើតជាមនុស្ស ហើយធ្វើជាអ្នកតំណាងនៃការតាំងសញ្ញាថ្មី នោះនឹងគ្មានសេចក្ដីសង្គ្រោះណាផ្សេងសម្រាប់លោកីយ៍នេះឡើយ។
ការដែលយើងគិតឲ្យកាន់តែស៊ីជម្រៅអំពីការយាងមករបស់ព្រះអម្ចាស់ គឺជាការដ៏ល្អណាស់។ ខាងក្រោមនេះរៀបរាប់ពីចំណុច១០យ៉ាងដែលយើងគួរយល់៖
១. ព្រះរាជបុត្រាដ៏នៅអស់កល្បជានិច្ចជាបុគ្គលផ្ទាល់ដែលសកម្មក្នុងការយាងមកយកកំណើត
កណ្ឌគម្ពីរ យ៉ូហាន ១:១៤ បានលើកឡើងយ៉ាងច្បាស់ថា «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម»។ បើនិយាយឲ្យចំទៅ ព្រះរាជបុត្រាដ៏អស់កល្បជានិច្ច គឺជាអង្គដែលបានយាងមកយកកំណើតជាមនុស្ស មិនមែនក្នុងលក្ខណៈជាព្រះនោះទេ។ ព្រះរាជបុត្រាដែលមានទំនាក់ទំនងជាមួយព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ បានសព្វព្រះហឫទ័យបន្ទាបអង្គទ្រង់ ហើយជ្រើសរើសយកភាពជាមនុស្សដោយស្ដាប់បង្គាប់ព្រះវរបិតា និងសម្រាប់ជាប្រយោជន៍នៃដំណឹងល្អរបស់យើង (ភីលីព ២:៦-៨)។
២. ក្នុងនាមជាព្រះរាជបុត្រា ជាបុគ្គលទីពីរនៃព្រះត្រៃឯក ព្រះយេស៊ូវ «ទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ [ជាម្ចាស់] ហើយជារូបភាពនៃអង្គទ្រង់» ដូច្នេះទ្រង់ជាព្រះ១០០%
ព្រះយេស៊ូវមានលក្ខណៈជាព្រះ ១០០% ដូចជាព្រះជាម្ចាស់ និងព្រះវិញ្ញាណបរិសុទ្ធដែរ។ ក្នុងនាមជារូបអង្គផ្ទាល់នៃព្រះវរបិតា (កូឡូស ១:១៥; ហេព្រើរ ១:៣) ព្រះរាជបុត្រា គឺជាព្រះ១០០%។ គ្រប់ភាពល្អឥតខ្ចោះ និងលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ក៏ជារបស់ព្រះគ្រីស្ទដែរ ដ្បិតទ្រង់ជាព្រះរាជបុត្រា (កូឡូស ២:៩)។ ក្នុងនាមជាព្រះរាជបុត្រា ព្រះយេស៊ូវក៏មានចំណែកជាព្រះក្នុងការគ្រងរាជ្យ ការទទួលបានការថ្វាយបង្គំ និងធ្វើអ្វីៗក្នុងនាមជាព្រះរាជបុត្រាដែរ (ទំនុកតម្កើង ១១០:១; អេភេសូរ ១:២២; ភីលីព ២:៩-១១; កូឡូស ១:១៥-១៧; ហេព្រើរ ១:២-៣; វិវរណៈ ៥:១១-១២)។
៣. ក្នុងនាមជាព្រះដ៏ជាព្រះរាជបុត្រា ព្រះយេស៊ូវបានមានព្រះជន្មគង់នៅតាំងពីអស់កល្បរៀងមកម៉្លេះក្នុងទំនាក់ទំនងជាមួយព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ ហើយឥឡូវនេះយើងមើលឃើញពីសិរីល្អនោះយ៉ាងច្បាស់តាមរយៈការយាងមកយកកំណើតជាមនុស្ស
ចំណុចនេះស៊ីសង្វាក់គ្នាឥតខ្ចោះដែលព្រះរាជបុត្រាផ្ទាល់ (ដែលត្រូវបានចាត់មកពីព្រះវរបិតា និងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ) បានយាងមកយកកំណើតជាមនុស្ស ជាជាងព្រះវរបិតា ឬក៏ព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១:១-២, ១៤, ១៨)។ ក្នុងការយាងមកយកកំណើតជាមនុស្ស ព្រះរាជបុត្រាបានបង្ហាញពីទំនាក់ទំនងនៃភាពជាព្រះដោយពឹងលើព្រះវរបិតា ហើយអ្វីៗទាំងអស់ដែលទ្រង់ធ្វើ គឺទ្រង់បានធ្វើដោយពឹងលើទំនាក់ទំនងជាមួយព្រះវរបិតា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ៥:១៩-៣០; ម៉ាកុស ១:១២; លូកា ៤:១-២១)។ តាំងពីអស់កល្បរៀងមក និងក្នុងការយាងមកយកកំណើតជាមនុស្ស គឺព្រះរាជបុត្រាមិនដែលធ្វើអ្វីមួយដោយពឹងតែលើរូបអង្គទ្រង់ផ្ទាល់នោះទេ ប៉ុន្តែទ្រង់តែងតែធ្វើអ្វីៗដោយពឹងលើទំនាក់ទំនងដែលមិនអាចបែកគ្នាបានជាមួយព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ។
៤. ការយាងមកយកកំណើតជាមនុស្សគឺជាការបន្ថែម មិនមែនជាការដកចេញនោះទេ
ក្នុងការយាងមកយកកំណើតជាមនុស្ស ព្រះរាជបុត្រាដ៏គង់នៅអស់កល្បជានិច្ចដែលមានលក្ខណៈជាព្រះ មិនបានផ្លាស់ប្រែ ឬក៏បោះបង់ចោលភាពជាព្រះរបស់ទ្រង់ឡើយ។ តែផ្ទុយទៅវិញ ទ្រង់បានបន្ថែមលក្ខណៈថ្មីមួយទៀតលើរូបអង្គទ្រង់ គឺភាពជាមនុស្សដែលមានរួមបញ្ចូលទាំងរូបកាយ និងព្រលឹង (ភីលីព ២:៦-៨)។ ជាលទ្ធផល ព្រះយេស៊ូវដ៏ជាព្រះរាជបុត្រាគឺជាបុគ្គលតែមួយគត់ ដែលទ្រង់មានលក្ខណៈពីរយ៉ាងបូកជាមួយគ្នា ពោលគឺជាព្រះ១០០% និងជាមនុស្ស១០០%។
៥. ភាពជាមនុស្សដែលព្រះរាជបុត្រាដ៏ជាព្រះបានទទួលយក បានធ្វើឲ្យទ្រង់មានភាពជាមនុស្ស១០០% ប៉ុន្តែទ្រង់គ្មានអំពើបាបទេ
លក្ខណៈជាមនុស្សរបស់ព្រះយេស៊ូវមិនបានធ្លាក់ក្នុងអំពើបាបនោះទេ ហើយបាបក៏មិនមានឥទ្ធិពលលើទ្រង់ដែរ។ ព្រះយេស៊ូវមិនមានលក្ខណៈដូចយើង ដែលតែងតែចង់បះបោរនឹងព្រះជាម្ចាស់នោះទេ។ ព្រះយេស៊ូវបានដកបទពិសោធន៍ផ្ទាល់ក្នុងការរស់នៅលើផែនដីដែលបានធ្លាក់ក្នុងអំពើបាប ប៉ុន្តែទ្រង់គ្មានចំណែកក្នុងពិរុទ្ធភាព ឬក៏ការបែកពីព្រះជាម្ចាស់ដូចដែលលោកអ័ដាមបានបន្សល់ទុកឲ្យមនុស្សម្នានោះឡើយ។ តាមពិតទៅ ព្រះយេស៊ូវមិនដែលបានប្រព្រឹត្តអំពើបាបសោះឡើយ ហើយទ្រង់ក៏មិនអាចប្រព្រឹត្តបាបបានដែរ (ម៉ាថាយ ៣:១៥; យ៉ូហាន ៨:៤៦; ហេព្រើរ ៤:១៥; ៧:២៦; ១ពេត្រុស ១:១៩)។ ទោះបើទ្រង់បានជួបប្រទះនឹងសេចក្ដីល្បួងដូចយើងក៏ដោយ ក៏ទ្រង់នៅតែស្ដាប់បង្គាប់ព្រះជាម្ចាស់បានយ៉ាងគ្រប់លក្ខណ៍ដដែល គឺទ្រង់បានស្ដាប់បង្គាប់រហូតដល់សុគត ដើម្បីធ្វើជាអ្នកកណ្ដាលនៃការតាំងសញ្ញាសម្រាប់យើង ហើយតាមរយៈចំណុចនោះ ទ្រង់បានសម្រេចការសង្គ្រោះរបស់យើងក្នុងនាមទ្រង់ជាមនុស្ស (១ធីម៉ូថេ ២:៥; ហេព្រើរ ៥:៥-១០)។
៦. ការដែលស្ត្រីព្រហ្មចារីមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាការដ៏អស្ចារ្យអំពីការដែលព្រះយេស៊ូវយាងមកយកកំណើតជាមនុស្ស
ការយាងមកយកកំណើតជាមនុស្ស គឺជារឿងអធិធម្មជាតិ ហើយក៏ជាការបង្ហាញពីអធិបតេយ្យភាព និងព្រះគុណនៃព្រះត្រៃឯក ក្នុងការដែលទ្រង់ចាប់ផ្ដើមសង្គ្រោះរាស្ត្ររបស់ទ្រង់ដែរ (ម៉ាថាយ ១:១-២៥; លូកា ១:២៦-៣៨)។ ការដែលស្ត្រីព្រហ្មចារីមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាពេលវេលា និងជាយានដែលព្រះដ៏ជាព្រះរាជបុត្រាបានយកភាពជាមនុស្សមកបន្ថែមលើរូបអង្គទ្រង់ផ្ទាល់។ តាមរយៈការដែលស្ត្រីព្រហ្មចារីមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធ ព្រះត្រៃឯកបានបង្កើតលក្ខណៈជាមនុស្សថ្មីសម្រាប់ព្រះរាជបុត្រា ហើយជាលទ្ធផល៖ នៅក្នុងព្រះគ្រីស្ទ យើងពិតជាបានជួបព្រះមុខទល់នឹងមុខ មិនមែនក្នុងលក្ខណៈដែលទ្រង់សណ្ឋិត ឬក៏គ្របបាំងដោយស្រមោលមនុស្សទេ ប៉ុន្តែគឺក្នុងសិរីល្អដ៏ពេញលេញបំផុត។ ទោះបើយើងឃើញព្រះគ្រីស្ទក្នុងលក្ខណៈជាមនុស្សក៏ដោយ ក៏ទ្រង់នៅតែមានលក្ខណៈលើសពីនោះដែរ គឺទ្រង់ជាព្រះអម្ចាស់ ជាព្រះដ៏ជាព្រះរាជបុត្រា ដែលបានបន្ទាបអង្គទ្រង់ ហើយបានសម្ដែងសិរីល្អរបស់ទ្រង់តាមរយៈការយាងមកយកកំណើតជាមនុស្ស ហើយគង់នៅជាមួយយើង។
៧. ចាប់តាំងពីពេលដែលព្រះយេស៊ូវបានយាងមកចាប់កំណើតក្នុងផ្ទៃមក ទ្រង់បានដាក់កំណត់លើភាពជាព្រះរបស់ទ្រង់ ដោយទ្រង់មិនបានប្រើលក្ខណៈជាព្រះនោះ លើសពីអ្វីដែលភាពជាមនុស្សអនុញ្ញាតឲ្យប្រើឡើយ
លទ្ធផលនៃការយាងមកយកកំណើតជាមនុស្ស បានបណ្ដាលឲ្យព្រះរាជបុត្រាដ៏ជាព្រះរស់នៅក្នុងលក្ខណៈបែបជាមនុស្សពិតប្រាកដ ដោយទ្រង់មានលក្ខណៈជាសាច់ឈាមធម្មតា មានគំនិត មានឆន្ទៈ ផ្លូវចិត្ត និងសមត្ថភាពដើមនៃភាពជាមនុស្ស។ ក្នុងនាមជាព្រះរាជបុត្រាដែលបានយាងមកយកកំណើតជាមនុស្ស ព្រះយេស៊ូវបានដកបទពិសោធន៍រាល់ភាពល្អ និងកម្សោយនៃភាពជាមនុស្សទាំងស្រុង។ «ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង» (លូកា ២:៥២)។ ទ្រង់បានដកពិសោធន៍ក្នុងការយំសោក និងក្ដីអំណរ ទ្រង់ក៏បានរងទុក្ខហើយសុគត និងមានព្រះជន្មរស់ពីសុគតឡើងវិញ ដោយសិរីល្អដែរសម្រាប់ជាក្ដីសង្គ្រោះរបស់រាស្ត្រទ្រង់ (យ៉ូហាន ១១:៣៣, ៣៥; ១៩:៣០; ១កូរិនថូស ១៥:៣-៤)។
៨. ប៉ុន្តែ ព្រះរាជបុត្រាមិនមែនជាប់ក្រោមព្រំដែននៃភាពជាមនុស្សទាំងស្រុងនោះទេ ព្រោះទ្រង់បន្តប្រព្រឹត្តិ និងគិតដោយប្រើភាពជាព្រះរបស់ទ្រង់
យើងមើលឃើញសេចក្ដីពិតនេះយ៉ាងច្បាស់តាមរយៈព្រះរាជបុត្រា ដែលបានយាងមកយកកំណើតជាមនុស្ស ទ្រង់បន្តទ្រទ្រង់ចក្រវាលនេះ (កូឡូស ១:១៦-១៧; ហេព្រើរ ១:៣) រួមទាំងសកម្មភាពផ្សេងៗរបស់ទ្រង់នៅក្នុងជីវិត និងព័ន្ធកិច្ចរបស់ទ្រង់ដែឬ។ ព្រះគ្រីស្ទមានលក្ខណៈពីរយ៉ាងផ្សេងពីគ្នា ហើយលក្ខណៈនីមួយៗសុទ្ធតែរក្សាភាពដោយឡែករបស់ខ្លួន ដោយមិនមានលក្ខណៈប្រឆាំងគ្នាឡើយ តែព្រះរាជបុត្រាអាចប្រើលក្ខណៈទាំងពីរនោះក្នុងពេលតែមួយបាន។ ដោយហេតុនេះហើយបានជាភាពជាមនុស្សមិនបានរារាំងព្រះរាជបុត្រាពីការដែលទ្រង់អាចប្រើភាពជាព្រះរបស់ទ្រង់ទេ។
ពេលវេលា និងរបៀបដែលព្រះរាជបុត្រាប្រើលក្ខណៈទាំងពីរនេះ ត្រូវបានពន្យល់យ៉ាងច្បាស់តាមរយៈទំនាក់ទំនងនៃព្រះត្រៃឯកដែលបានសម្រេចប្រវត្តិសាស្ត្រនៃសេចក្ដីសង្គ្រោះរបស់យើង។ ព្រះរាជបុត្រាដែលតែងតែធ្វើអ្វីៗដោយមិនផ្ដាច់រូបអង្គទ្រង់ផ្ទាល់ចេញពីព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ បានបន្តធ្វើការនោះរហូត ប៉ុន្តែឥឡូវនេះទ្រង់បានធ្វើកិច្ចការក្នុងនាមជាព្រះរាជបុត្រាដែលស្ដាប់បង្គាប់ ដោយធ្វើជាអង្គតំណាង ក៏ដូចជាអង្គជំនួសការតាំងសញ្ញារបស់យើងដែរ។ នៅក្នុងការយាងមកយកកំណើតជាមនុស្ស ព្រះរាជបុត្រាមិនបានបាត់បង់ភាពជាព្រះ ឬក៏ភាពជាមនុស្សរបស់ទ្រង់ឡើយ។
៩. តាមរយៈការដែលព្រះរាជបុត្រាបានមកយកកំណើតជាមនុស្ស ព្រះអង្គបានក្លាយជាមនុស្សដំបូងនៃការកើតជាថ្មី ហើយទ្រង់ក៏ជាអ្នកកណ្ដាល និងជាសិរសានៃការតាំងសញ្ញាថ្មីដ៏អស្ចារ្យដែរ
ក្នុងនាមជាព្រះរាជបុត្រាដែលបានយាងមកយកកំណើតជាមនុស្ស តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង ទ្រង់បានត្រឡប់ការដំបូងរបស់លោក អ័ដាម និងក្លាយទៅជាអ័ដាមចុងក្រោយ ហើយទ្រង់ក៏ជាអ្នកនាំមុខ និងជាអ្នកមានជ័យជម្នះដ៏អស្ចារ្យរបស់យើងដែរ (ហេព្រើរ ២:១០)។ ជាលទ្ធផលនៃការយាងមកយកកំណើតជាមនុស្ស គឺព្រះដ៏ជាព្រះរាជបុត្រាមានលក្ខណៈដ៏ល្អឥតខ្ចោះក្នុងការបំពេញរាល់តម្រូវការរបស់យើង ជាពិសេសតម្រូវការនៃការចេះអត់ទោស (ហេព្រើរ ២:៥-១៨; ៧:២២-២៨; ៩:១៥-១០:១៨)។
១០. ព្រះដ៏ជាព្រះរាជបុត្រាដែលបានយាងមកយកកំណើតជាមនុស្ស គឺជាព្រះដ៏អង្គឯក ហើយមានតែទ្រង់មួយអង្គគត់ដែលជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ
ព្រះយេស៊ូវនៅក្រោមចំណាត់ថ្នាក់មួយដ៏ឯកអង្គ។ បើមិនមានការយាងមកយកកំណើត និងការសម្រេចរបស់ព្រះគ្រីស្ទសម្រាប់យើង នោះយើងប្រាកដជាមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ ដ្បិតព្រះដ៏ពេញដោយសិរីល្អ និងសីលធម៌ដ៏ល្អឥតខ្ចោះមិនអាចលាយលំជាមួយមនុស្សមានបាបបានឡើយ (យ៉ូហាន ១៤:៦; កិច្ចការ ៤:១១)។
ក្នុងនាមជាព្រះរាជបុត្រាដ៏ជាព្រះ មានតែទ្រង់ប៉ុណ្ណោះដែលអាចបំពេញភាពស្កប់ស្កល់នៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះយើង និងការទាមទារឲ្យមានការស្ដាប់បង្គាប់ដ៏គ្រប់លក្ខណ៍បាន (រ៉ូម ៥:១២-២១)។
ក្នុងនាមជាព្រះរាជបុត្រាដែលបានយាងមកយកកំណើតជាមនុស្ស មានតែទ្រង់ប៉ុណ្ណោះដែលអាចយល់ពីអារម្មណ៍យើង ព្រោះទ្រង់ជាអ្នកតំណាង និងជាអ្នកជំនួសយើង (ហេព្រើរ ៥:១)។
មានតែព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអម្ចាស់នៃយើងប៉ុណ្ណោះ ដែលអាចសម្រេចសេចក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះរបស់យើងសម្រាប់ការបង់ថ្លៃលោះបាប និងការស្ដាររូបអង្គរបស់ព្រះជាម្ចាស់ឡើងវិញបាន (រ៉ូម ៣:២១-២៦; ហេព្រើរ២:៥-១៨)។
មតិយោបល់
Loading…