in ,

ការ​យាង​មក​យក​កំណើត​ជា​មនុស្ស

ចំណុច​១០​យ៉ាង​ដែល​លោក​អ្នក​គួរ​ដឹង​

ចំណុច​ស្នូល​នៃ​ជំនឿ​គ្រីស្ទបរិស័ទ និង​ដំណឹង​ល្អ គឺ​បុគ្គល និង​ការ​សម្រេច​ព្រះ​ហឫទ័យ​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ។ ក្រៅ​ពី​ការ​ដែល «ព្រះ​បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម» (យ៉ូហាន ១:១៤) និង​ការ​ដែល​ព្រះ​រាជបុត្រា​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស រួច​មាន​ព្រះ​ជន្ម​គង់​នៅ និង​សុគត​ជំនួស​យើង​ក្នុង​នាម​ជា​ព្រះអង្គ​សង្គ្រោះ នោះ​គ្មាន​សេចក្ដី​សង្គ្រោះ​ណា​ផ្សេង​​ឡើយ។ ក្រៅ​ពី​ការ​ដែល​ព្រះ​រាជបុត្រា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស ហើយ​ធ្វើ​ជា​អ្នក​តំណាង​នៃ​ការ​តាំង​សញ្ញា​ថ្មី នោះ​នឹង​គ្មាន​សេចក្ដី​សង្គ្រោះ​ណា​ផ្សេង​សម្រាប់​លោកីយ៍​នេះ​ឡើយ។

ការ​ដែល​យើង​គិត​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ការ​យាង​មក​របស់​ព្រះអម្ចាស់ គឺ​ជា​ការ​ដ៏​ល្អ​ណាស់។ ខាង​ក្រោម​នេះ​រៀបរាប់​ពី​ចំណុច១០យ៉ាង​ដែល​យើង​គួរ​យល់៖

១. ព្រះ​រាជបុត្រា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ជា​បុគ្គល​ផ្ទាល់​ដែល​សកម្ម​ក្នុង​ការ​យាង​មក​យក​កំណើត

កណ្ឌ​គម្ពីរ យ៉ូហាន ១:១៤ បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា «ព្រះ​បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម»។ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​រាជបុត្រា​ដ៏​អស់​កល្ប​ជានិច្ច គឺ​ជា​អង្គ​ដែល​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស មិន​មែន​ក្នុង​លក្ខណៈ​ជា​ព្រះ​នោះ​ទេ។ ព្រះ​រាជបុត្រា​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ព្រះ​វរបិតា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​សព្វ​ព្រះ​ហឫទ័យ​បន្ទាប​អង្គ​ទ្រង់ ហើយ​ជ្រើស​រើស​យក​ភាព​ជា​មនុស្ស​ដោយ​ស្ដាប់​បង្គាប់​ព្រះ​វរបិតា និង​សម្រាប់​ជា​ប្រយោជន៍​នៃ​ដំណឹង​ល្អ​របស់​យើង (ភីលីព ២:៦-៨)។

២. ក្នុង​នាម​ជា​ព្រះ​រាជបុត្រា ជា​បុគ្គល​ទី​ពី​រនៃ​ព្រះ​ត្រៃឯក ព្រះ​យេស៊ូវ «ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះ [ជា​ម្ចាស់] ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់» ដូច្នេះ​ទ្រង់​ជា​ព្រះ​១០០%

ព្រះ​យេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ ១០០% ដូច​ជា​ព្រះ​ជាម្ចាស់ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ។ ក្នុង​នាម​ជា​រូប​អង្គ​ផ្ទាល់​នៃ​ព្រះ​វរបិតា (កូឡូស ១:១៥; ហេព្រើរ ១:៣) ព្រះ​រាជបុត្រា គឺ​ជា​ព្រះ​១០០%។ គ្រប់​ភាព​ល្អ​ឥត​ខ្ចោះ និង​លក្ខណសម្បត្តិ​របស់​ព្រះ​ជាម្ចាស់ ក៏​ជា​របស់​ព្រះ​គ្រីស្ទ​ដែរ ដ្បិត​ទ្រង់​ជា​ព្រះ​រាជបុត្រា (កូឡូស ២:៩)។ ក្នុង​នាម​ជា​ព្រះ​រាជបុត្រា ព្រះ​យេស៊ូវ​ក៏​មាន​ចំណែក​ជា​ព្រះ​ក្នុង​ការ​គ្រង​រាជ្យ ការ​ទទួល​បាន​ការ​ថ្វាយ​បង្គំ និង​ធ្វើ​អ្វីៗ​ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​ដែរ (ទំនុកដំកើង ១១០:១; អេភេសូរ ១:២២; ភីលីព ២:៩-១១; កូឡូស ១:១៥-១៧; ហេព្រើរ ១:២-៣; វិវរណៈ ៥:១១-១២)។

៣. ក្នុង​នាម​ជា​ព្រះ​ដ៏​ជា​ព្រះ​រាជបុត្រា ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​គង់​នៅ​តាំង​ពី​អស់​កល្ប​រៀង​មក​ម៉្លេះ​ក្នុង​ទំនាក់​ទំនង​ជាមួយ​ព្រះ​វរបិតា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ឥឡូវ​នេះ​យើង​មើល​ឃើញ​ពី​សិរីល្អ​នោះ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​យាង​មក​យក​កំណើត​ជា​មនុស្ស

ចំណុច​នេះ​ស៊ី​សង្វាក់​គ្នា​ឥតខ្ចោះ​ដែល​ព្រះ​រាជបុត្រា​ផ្ទាល់ (ដែល​ត្រូវ​បាន​ចាត់​មក​ពី​ព្រះ​វរបិតា និង​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ) បាន​យាង​មក​យក​កំណើត​ជា​មនុស្ស ជា​ជាង​ព្រះ​វរបិតា ឬ​ក៏​ព្រះ​វិញ្ញាណ​បរិសុទ្ធ (យ៉ូហាន ១:១-២, ១៤, ១៨)។ ក្នុង​ការ​យាង​មក​យក​កំណើត​ជា​មនុស្ស ព្រះ​រាជបុត្រា​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​នៃ​ភាព​ជា​ព្រះ​ដោយ​ពឹង​លើ​ព្រះ​វរបិតា ហើយ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​ធ្វើ គឺ​ទ្រង់​បាន​ធ្វើ​ដោយ​ពឹង​លើ​ទំនាក់​ទំនង​ជាមួយ​ព្រះ​វរបិតា តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (យ៉ូហាន ៥:១៩-៣០; ម៉ាកុស ១:១២; លូកា ៤:១-២១)។ តាំង​ពី​អស់​កល្ប​រៀង​មក និង​ក្នុង​ការ​យាង​មក​យក​កំណើត​ជា​មនុស្ស គឺ​ព្រះ​រាជបុត្រា​មិន​ដែល​ធ្វើ​អ្វី​មួយ​ដោយ​ពឹង​តែ​លើ​រូប​អង្គ​ទ្រង់​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ទ្រង់​តែងតែ​ធ្វើ​អ្វីៗ​ដោយ​ពឹង​លើ​ទំនាក់​ទំនង​ដែល​មិន​អាច​បែក​គ្នា​បាន​ជាមួយ​ព្រះ​វរបិតា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

៤. ការ​យាង​មក​យក​កំណើត​ជា​មនុស្ស​គឺ​ជា​ការ​បន្ថែម មិន​មែន​ជា​ការ​ដក​ចេញ​នោះ​ទេ

ក្នុង​ការ​យាង​មក​យក​កំណើត​ជា​មនុស្ស ព្រះ​រាជបុត្រា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដែល​មាន​លក្ខណៈ​ជា​ព្រះ មិន​បាន​ផ្លាស់ប្រែ ឬ​ក៏​បោះបង់​ចោល​ភាព​ជា​ព្រះ​របស់​ទ្រង់​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បន្ថែម​លក្ខណៈ​ថ្មី​មួយ​ទៀត​លើ​រូប​អង្គ​ទ្រង់ គឺ​ភាព​ជា​មនុស្ស​ដែល​មាន​រួម​បញ្ចូល​ទាំង​រូបកាយ និង​ព្រលឹង (ភីលីព ២:៦-៨)។ ជា​លទ្ធផល ព្រះ​យេស៊ូវ​ដ៏​ជា​ព្រះ​រាជបុត្រា​គឺ​ជា​បុគ្គល​តែ​មួយ​គត់ ដែល​ទ្រង់​មាន​លក្ខណៈ​ពីរ​យ៉ាង​បូក​ជាមួយ​គ្នា ពោល​គឺ​ជា​ព្រះ១០០% ​និង​ជា​មនុស្ស​១០០%។

៥. ភាព​ជា​មនុស្ស​ដែល​ព្រះ​រាជបុត្រា​ដ៏​ជា​ព្រះ​បាន​ទទួល​យក បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​ភាព​ជា​មនុស្ស​១០០% ប៉ុន្តែ​ទ្រង់​គ្មាន​អំពើ​បាប​ទេ

លក្ខណៈ​ជា​មនុស្ស​របស់​ព្រះ​យេស៊ូវ​មិន​បាន​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ទេ ហើយ​បាប​ក៏​មិន​មាន​ឥទ្ធិពល​លើ​ទ្រង់​ដែរ។ ព្រះ​យេស៊ូវ​មិន​មាន​លក្ខណៈ​ដូច​យើង​ ដែល​តែងតែ​ចង់​បះបោរ​នឹង​ព្រះ​ជាម្ចាស់​នោះ​ទេ។ ព្រះ​យេស៊ូវ​បាន​ដក​បទ​ពិសោធន៍​ផ្ទាល់​ក្នុង​ការ​រស់នៅ​លើ​ផែនដី​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប ប៉ុន្តែ​ទ្រង់​គ្មាន​ចំណែក​ក្នុង​ពិរុទ្ធភាព ឬ​ក៏​ការ​បែក​ពី​ព្រះ​ជាម្ចាស់​ដូចដែល​លោក​អ័ដាម​បាន​បន្សល់​ទុក​ឲ្យ​មនុស្ស​ម្នា​នោះ​ឡើយ។ តាម​ពិត​ទៅ ព្រះ​យេស៊ូវ​មិន​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះឡើយ ហើយ​ទ្រង់​ក៏​មិន​អាច​ប្រព្រឹត្ត​បាប​បាន​ដែរ (ម៉ាថាយ ៣:១៥; យ៉ូហាន ៨:៤៦; ហេព្រើរ ៤:១៥; ៧:២៦; ១ពេត្រុស ១:១៩)។ ទោះ​បើ​ទ្រង់​បាន​ជួប​ប្រទះ​នឹង​សេចក្ដី​ល្បួង​ដូច​យើង​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់​បាន​យ៉ាង​គ្រប់​លក្ខណ៍​ដដែល គឺ​ទ្រង់​បាន​ស្ដាប់​បង្គាប់​រហូត​ដល់​សុគត ដើម្បី​ធ្វើ​ជា​អ្នក​កណ្ដាល​នៃ​ការ​តាំង​សញ្ញា​សម្រាប់​យើង ហើយ​តាម​រយៈ​ចំណុច​នោះ ទ្រង់​បាន​សម្រេច​ការ​សង្គ្រោះ​របស់​យើង​ក្នុង​នាម​ទ្រង់​ជា​មនុស្ស (១ធីម៉ូថេ ២:៥; ហេព្រើរ ៥:៥-១០)។

៦. ការ​ដែល​ស្ត្រី​ព្រហ្មចារី​មាន​គភ៌​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ជា​ការ​ដ៏​អស្ចារ្យ​អំពី​ការ​ដែល​ព្រះ​យេស៊ូវ​យាង​មក​យក​កំណើត​ជា​មនុស្ស

ការ​យាង​មក​យក​កំណើត​ជា​មនុស្ស គឺ​ជា​រឿងអធិធម្មជាតិ ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​អធិបតេយ្យភាព និង​ព្រះ​គុណ​នៃ​ព្រះ​ត្រៃឯក ក្នុង​ការ​ដែល​ទ្រង់​ចាប់​ផ្ដើម​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ដែរ (ម៉ាថាយ ១:១-២៥; លូកា ១:២៦-៣៨)។ ការ​ដែល​ស្ត្រី​ព្រហ្មចារី​មាន​គភ៌​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ គឺ​ជា​ពេលវេលា និង​ជា​យាន​ដែល​ព្រះ​ដ៏​ជា​ព្រះ​រាជបុត្រា​បាន​យក​ភាព​ជា​មនុស្ស​មក​បន្ថែម​លើ​រូប​អង្គ​ទ្រង់​ផ្ទាល់។ តាម​រយៈ​ការ​ដែល​ស្ត្រី​ព្រហ្មចារី​មាន​គភ៌​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ព្រះ​ត្រៃឯក​បាន​បង្កើត​លក្ខណៈ​ជា​មនុស្ស​ថ្មី​សម្រាប់​ព្រះ​រាជបុត្រា ហើយ​ជា​លទ្ធផល​៖ នៅ​ក្នុង​ព្រះ​គ្រីស្ទ យើង​ពិត​ជា​បាន​ជួប​ព្រះ​មុខ​ទល់នឹង​មុខ មិន​មែន​ក្នុង​លក្ខណៈ​ដែល​ទ្រង់​សណ្ឋិត ឬ​ក៏​គ្រប​បាំង​ដោយ​ស្រមោល​មនុស្ស​ទេ ប៉ុន្តែ​គឺ​ក្នុង​សិរីល្អ​ដ៏​ពេញ​លេញ​បំផុត។ ទោះ​បើ​យើង​ឃើញ​ព្រះ​គ្រីស្ទ​ក្នុង​លក្ខណៈ​ជា​មនុស្ស​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​មាន​លក្ខណៈ​លើស​ពី​នោះ​ដែរ ​គឺ​ទ្រង់​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ជា​ព្រះ​រាជបុត្រា ដែល​បាន​បន្ទាប​អង្គ​ទ្រង់ ហើយ​បាន​សម្ដែង​សិរីល្អ​របស់​ទ្រង់​តាម​រយៈ​ការ​​យាង​មក​យក​កំណើត​ជា​មនុស្ស ហើយ​គង់​នៅ​ជាមួយ​យើង។

៧. ចាប់​តាំង​ពី​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​មក ទ្រង់​បាន​ដាក់​កំណត់​លើ​ភាព​ជា​ព្រះ​របស់​ទ្រង់ ដោយ​ទ្រង់​មិន​បាន​ប្រើ​​លក្ខណៈ​ជា​ព្រះ​នោះ លើ​សពី​អ្វី​ដែល​ភាព​ជា​មនុស្ស​អនុញ្ញាត​ឲ្យ​ប្រើ​ឡើយ

លទ្ធផល​នៃ​ការ​យាង​មក​យក​កំណើត​ជា​មនុស្ស បាន​បណ្ដាល​ឲ្យ​ព្រះ​រាជបុត្រា​ដ៏​ជា​ព្រះ​រស់នៅ​ក្នុង​លក្ខណៈ​បែប​ជា​មនុស្ស​ពិតប្រាកដ ​ដោយ​ទ្រង់​មាន​លក្ខណៈ​ជា​សាច់ឈាម​ធម្មតា មាន​គំនិត មាន​ឆន្ទៈ ផ្លូវ​ចិត្ត និង​សមត្ថភាព​ដើម​នៃ​ភាព​ជា​មនុស្ស។ ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​ដែល​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស ព្រះ​យេស៊ូវ​បាន​ដក​បទ​ពិសោធន៍​រាល់​ភាព​ល្អ និង​កម្សោយ​នៃ​ភាព​ជា​មនុស្ស​ទាំង​ស្រុង។ «ព្រះ​យេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង» (លូកា ២:៥២)។ ទ្រង់​បាន​ដក​ពិសោធន៍​ក្នុង​ការ​យំសោក និង​ក្ដី​អំណរ ​ទ្រង់​ក៏​បាន​រងទុក្ខហើយ​សុគត និង​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ដោយ​សិរីល្អ​ដែរសម្រាប់​ជា​ក្ដី​សង្គ្រោះ​របស់​រាស្ត្រ​ទ្រង់ (យ៉ូហាន ១១:៣៣, ៣៥; ១៩:៣០; ១កូរិនថូស ១៥:៣-៤)។

៨. ប៉ុន្តែ ព្រះ​រាជបុត្រា​មិន​មែន​ជាប់​ក្រោម​ព្រំដែន​នៃ​ភាព​ជា​មនុស្ស​ទាំង​ស្រុង​នោះ​ទេ ព្រោះ​ទ្រង់​បន្ត​ប្រព្រឹត្តិ និង​គិត​ដោយ​ប្រើ​ភាព​ជា​ព្រះ​របស់​ទ្រង់

យើង​មើល​ឃើញ​សេចក្ដី​ពិត​នេះ​យ៉ាង​ច្បាស់​តាម​រយៈ​ព្រះ​រាជបុត្រា ដែល​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស​ ទ្រង់​បន្ត​ទ្រទ្រង់​ចក្រវាល​នេះ (កូឡូស ១:១៦-១៧; ហេព្រើរ ១:៣) រួម​ទាំង​សកម្ម​ភាព​ផ្សេងៗ​របស់​ទ្រង់​នៅ​ក្នុង​ជីវិត និង​ព័ន្ធកិច្ច​របស់​ទ្រង់​ដែឬ។ ព្រះ​គ្រីស្ទ​មាន​លក្ខណៈ​ពីរ​យ៉ាង​ផ្សេង​ពី​គ្នា ហើយ​លក្ខណៈ​នីមួយៗ​សុទ្ធ​តែ​រក្សា​ភាព​ដោយ​ឡែក​របស់​ខ្លួន​ ដោយ​មិន​មាន​លក្ខណៈ​ប្រឆាំង​គ្នា​ឡើយ តែ​ព្រះ​រាជ​បុត្រា​អាច​ប្រើ​លក្ខណៈ​ទាំង​ពីរ​នោះ​ក្នុង​ពេល​តែ​មួយ​បាន។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ភាព​ជា​មនុស្ស​មិន​បាន​រារាំង​ព្រះ​រាជបុត្រា​ពី​ការ​ដែល​ទ្រង់​អាច​​ប្រើ​ភាព​ជា​ព្រះ​របស់​ទ្រង់​ទេ។

ពេល​វេលា និង​របៀប​ដែល​ព្រះ​រាជ​បុត្រា​ប្រើ​លក្ខណៈ​ទាំង​ពីរ​នេះ ត្រូវ​បាន​ពន្យល់​យ៉ាង​ច្បាស់​តាម​រយៈ​ទំនាក់​ទំនង​នៃ​ព្រះ​ត្រៃ​ឯក​ដែល​បាន​សម្រេច​ប្រវត្តិសាស្ត្រ​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង។ ព្រះ​រាជបុត្រា​ដែល​តែងតែ​ធ្វើ​អ្វីៗ​ដោយ​មិន​ផ្ដាច់​រូប​អង្គ​ទ្រង់​ផ្ទាល់​ចេញ​ពី​ព្រះ​វរបិតា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​បន្ត​ធ្វើ​ការ​នោះ​រហូត ប៉ុន្តែ​ឥឡូវ​នេះ​ទ្រង់​បាន​ធ្វើ​កិច្ច​ការ​ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​ដែល​ស្ដាប់​បង្គាប់ ដោយ​ធ្វើ​ជា​អង្គ​តំណាង ក៏​ដូច​ជា​អង្គ​ជំនួស​ការ​តាំង​សញ្ញា​របស់​យើង​ដែរ។ នៅ​ក្នុង​ការ​យាង​មក​យក​កំណើត​ជា​មនុស្ស ព្រះ​រាជបុត្រា​មិន​បាន​បាត់​បង់​ភាព​ជា​ព្រះ ឬ​ក៏​ភាព​ជា​មនុស្ស​របស់​ទ្រង់​ឡើយ។

៩. តាម​រយៈ​ការ​ដែល​ព្រះ​រាជបុត្រា​បាន​មក​យក​កំណើត​ជា​មនុស្ស ព្រះ​អង្គ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​នៃ​ការ​កើត​ជា​ថ្មី ហើយ​ទ្រង់​ក៏​ជា​អ្នក​កណ្ដាល​​ និង​ជា​សិរសា​នៃ​ការ​តាំង​សញ្ញា​ថ្មី​ដ៏​អស្ចារ្យ​ដែរ

ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​ដែល​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស តាម​រយៈ​ជីវិត ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​នៃ​យើង ទ្រង់​បាន​ត្រឡប់​ការ​ដំបូង​របស់​លោក​ អ័ដាម និង​ក្លាយ​ទៅ​ជា​អ័ដាម​ចុង​ក្រោយ ហើយ​ទ្រង់​ក៏​ជា​អ្នក​នាំ​មុខ និង​ជា​អ្នក​មាន​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់​យើង​ដែរ (ហេព្រើរ ២:១០)។ ជា​លទ្ធផល​នៃ​ការ​យាង​មក​យក​កំណើត​ជា​មនុស្ស គឺ​ព្រះ​ដ៏​ជា​ព្រះ​រាជបុត្រា​មាន​លក្ខណៈ​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​បំពេញ​រាល់​តម្រូវការ​របស់​យើង ជា​ពិសេស​តម្រូវការ​នៃ​ការចេះ​​អត់​ទោស (ហេព្រើរ ២:៥-១៨; ៧:២២-២៨; ៩:១៥-១០:១៨)។

១០. ព្រះ​ដ៏​ជា​ព្រះ​រាជបុត្រា​ដែល​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស គឺ​ជា​ព្រះ​ដ៏​អង្គ​ឯក ហើយ​មាន​តែ​ទ្រង់​មួយ​អង្គ​គត់​ដែល​ជា​ព្រះ​អម្ចាស់ និង​ជា​ព្រះ​អង្គ​សង្គ្រោះ

ព្រះ​យេស៊ូវ​នៅ​ក្រោម​ចំណាត់​ថ្នាក់​មួយ​ដ៏​ឯក​អង្គ។ បើ​មិន​មាន​​ការ​យាង​មក​យក​កំណើត និង​ការ​សម្រេច​របស់​ព្រះ​គ្រីស្ទ​សម្រាប់​យើង នោះ​យើង​ប្រាកដ​ជា​មិន​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ឡើយ ដ្បិត​ព្រះ​ដ៏​ពេញ​ដោយ​សិរីល្អ និង​សីលធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​មិន​អាច​លាយ​លំ​ជាមួយ​មនុស្ស​មាន​បាប​បាន​ឡើយ (យ៉ូហាន ១៤:៦; កិច្ចការ ៤:១១)។

ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​ដ៏​ជា​ព្រះ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​បំពេញ​ភាព​ស្កប់ស្កល់​នៃ​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ជាម្ចាស់​ចំពោះ​យើង និង​ការ​ទាមទារ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​ដ៏​គ្រប់លក្ខណ៍​បាន (រ៉ូម ៥:១២-២១)។

ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​ដែល​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​យល់​ពី​អារម្មណ៍​យើង ព្រោះ​ទ្រង់​ជា​អ្នក​តំណាង និង​ជា​អ្នក​ជំនួស​យើង (ហេព្រើរ ៥:១)។

មាន​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់​នៃ​យើង​ប៉ុណ្ណោះ ដែល​អាច​សម្រេច​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង​សម្រាប់​ការ​បង់​ថ្លៃ​លោះ​បាប និង​ការ​ស្ដារ​រូប​អង្គ​របស់​ព្រះ​ជាម្ចាស់​ឡើង​វិញ​បាន (រ៉ូម ៣:២១-២៦; ហេព្រើរ​២:៥-១៨)។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Stephen J. Wellum
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

ទាញយក “ចំណុច​១០យ៉ាងដែល​លោកអ្នក​គួរដឹង” incarnation.pdf – មាន​គេ​ទាញ​យក 235 ដង – 1.04 MB

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មើល​មិនទាន់​ឃើញ

ជីវិត​ដ៏​នៅអស់កល្ប