in

បន្ទាប់ពី​ពេល​យើងខ្ញុំ​ស្លាប់

What Will Happen to My Body?

ប្រមាណ​ថ្ងៃ​មុន យើងខ្ញុំ​បាន​ឈឺ​ក គ្រុន​ក្ដៅ ហើយ​ហើម​បំពង​ក ពេល​នោះ​យើងខ្ញុំ​ក៏​បាន​ចូល​ឆែក​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​មើល​អំពី​រោគ​សញ្ញា​របស់​យើងខ្ញុំ​ដោយ​ខ្លួន​ឯង។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ យើងខ្ញុំ​មិន​គួរ​នឹង​ធ្វើ​បែប​នោះ​សោះ។

ព្រោះ​ពេល​ដែល​យើងខ្ញុំ​បាន​អាន យើងខ្ញុំ​ឃើញ​ថា មុខ​សញ្ញា​ទាំង​នោះ​សាហាវៗ​ណាស់ មើល​ទៅ​ហាក់​បី​ដូច​ជា​រោគ​សញ្ញា​ដែល​អាច​នឹង​នាំ​ឲ្យ​យើងខ្ញុំ​ប្រឈមមុខ​នឹង​ការ​ស្លាប់​តែ​ម្ដង។ ដូច្នេះ យើងខ្ញុំ​ក៏​មាន​ការ​ភ័យខ្លាច​ខ្លាំង​ណាស់​ចំពោះ​រោគ​សញ្ញា​នេះ៖ ជំងឺ​រលាក​ដុំ​សាច់​ក្នុង​បំពង​ក (tonsillitis) ហើម​កូន​កណ្ដុរ​នៅ​បំពង​ក (glandular fever) មហារីក​បំពង​ក (Hodgkin’s disease)។ ប៉ុន្តែ នៅ​ចុង​បញ្ចប់ ជំងឺ​របស់​យើងខ្ញុំ​មិន​សូវ​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ហើយ​ការ​នោះ​ក៏​បាន​រំឭក​យើងខ្ញុំ​ឲ្យ​ដឹង​ថា​ជីវិត​គឺ​ងាយ​នឹង​ពុក​ផុយ​ណាស់។ ព្រះ​ជាម្ចាស់​បាន​បង្កើត​រូបកាយ​របស់​យើង​ក្នុង​លក្ខណៈ​ដ៏​ល្អ​អស្ចារ្យ​មួយ វា​មាន​ដំណើរ​ការ​ល្អ​ខ្លាំង​ជាង​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ល្អ​បំផុត​លើ​លោក​នេះ​ទៅ​ទៀត ប៉ុន្តែ​វា​ក៏​ងាយ​នឹង​ប្រឈម​មុខ​នឹង​ការ​ឈឺ​ថ្កាត់​ផង​ដែរ។ មាន​ជំងឺ និង​រោគា​រាប់​លាន​មុខ​ដែល​អាច​នឹង​សម្លាប់​លោកអ្នក​បាន ដែល​មាន​នៅ​លើ​លោក​នេះ ហើយ​នៅ​ថ្ងៃណា​មួយ​វា​ប្រាកដ​ជា​សម្លាប់​លោកអ្នក​បាន​ជា​មិន​ខាន លុះត្រា​តែ​ឡាន​បុក​លោកអ្នក​ឲ្យ​ស្លាប់​មុន​ហ្នឹង។

វា​មិន​សំខាន់​ទេ​ថា លោកអ្នក​ថែ​ទាំ​ខ្លួន​បាន​យ៉ាង​ល្អ​ប៉ុណ្ណា ឬ​ក៏​ថា លោកអ្នក​បាន​ទៅ​ហាត់​ប្រាណ​បាន​ច្រើន​ប៉ុន្មាន​ដង​នោះ​ទេ។ បើ​យើង​ត្រឡប់​ទៅ​មើល​លោក លី ស៊ាវឡុង ដែល​ជា​អ្នក​ចេះ​ក្បាច់​គុន​ដ៏​ពូកែ​ម្នាក់ ដែល​អាច​លើក​ខ្លួន​ឯង​បាន​លើស​៦០​ដង​ដោយ​ប្រើ​តែ​ដៃ​ម្ខាង ហើយ​គេ​គ្រប់​គ្នា​ក៏​បាន​ទទួល​ស្គាល់​ថា គាត់​ជា​បុគ្គល​ម្នាក់​ដែល​មាន​សុខភាព​ដ៏​ល្អ​បំផុត​នៅ​ជំនាន់​នោះ។ ប៉ុន្តែ កាល​គាត់​នៅ​មាន​អាយុ​៣២​ឆ្នាំ​នៅ​ឡើយ គាត់​បាន​បាត់​បង់​ស្មារតី​នៅ​ក្នុង​ផ្ទះ​របស់​គាត់​នៅ​ប្រទេស​ហុងកុង ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​នោះ​គាត់​ក៏​បាន​ស្លាប់​ភ្លាមៗ​បាត់​ទៅ។ មិន​ថា​ការ​ហូបចុក​របស់​លោកអ្នក​ជីវជាតិ ឬ​ក៏​ស្អាត​ល្អ​ប៉ុណ្ណា មិន​ថា​លោកអ្នក​មិន​ជក់​បារី ឬ​ក៏​មិន​ចេះ​ផឹក​ស្រា​ក៏​ដោយ ក៏​នឹង​មាន​ថ្ងៃ​ណា​មួយ​ដែល​រូបកាយ​របស់​លោកអ្នក​នឹង​ឈប់​ដំណើរការ ហើយ​ស្លាប់​ទៅ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់ពី​ពេល​នោះ?

ចូរ​នឹក​ស្រមៃ​នៅ​ថ្ងៃ​ដែល​គេ​នឹង​ធ្វើ​បុណ្យ​សព​លោកអ្នក​ក្រោយ​ពេល​លោកអ្នក​បាន​ស្លាប់​រួច​ទៅ​ហើយ តើ​នៅ​ថ្ងៃ​នោះ តើ​លោកអ្នក​នឹង​ប្រឈម​មុខ​ទៅ​នឹង​អនាគត​បែប​ណា? មាន​អ្នក​ខ្លះ​គិត​ថា សេចក្ដី​ស្លាប់​គឺ​ជា​ទី​ចុង​បញ្ចប់​នៃ​រាល់​អ្វីៗ​ទាំង​អស់។ ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀត​គិត​ថា ជីវិត​យើង​នឹង​បន្ត​ទៅ​មុខ​ទៀត​ក្នុង​លក្ខណៈ​មួយ​ដែល​គេ​មិន​សូវ​យល់​ក្រោយ​ពេល​គេ​បញ្ចុះ​សព ឬ​ក៏​បូជា​រួច។ ប៉ុន្តែ ចំពោះ​គ្រីស្ទបរិស័ទ​វិញ យើង​មិន​ទទួល​ស្គាល់​គំនិត​ទាំង​ពីរ​នេះ​ឡើយ។ យើង​មិន​ជឿ​ថា ក្រោយ​ពេល​យើង​ស្លាប់​ទៅ ជីវិត​យើង​ចប់​នោះ​ទេ ហើយ​យើង​ក៏​មិន​ជឿ​ថា ជីវិត​យើង​នឹង​បន្ត​ទៅ​មុខ​ក្នុង​លក្ខណៈ​ដូច​ឥឡូវ​នេះ​នោះ​ដែរ។

តែ​គ្រីស្ទបរិស័ទ​ជឿ​លើ​ចំណុច​មួយ​ដែល​ខុស​ប្លែក​យ៉ាង​ខ្លាំង​ពី​អ្នក​ដទៃ​ផ្សេង​ទៀត។ គោល​ជំនឿ​ពួក​សាវ័ក គឺ​ជា​គោល​ជំនឿ​ដ៏​ច្បាស់លាស់​មួយ ហើយ​នេះ​ជា​ឃ្លា​ចុង​ក្រោយ​នៃ​គោល​ជំនឿ​នេះ៖ «យើងខ្ញុំ​ជឿ​លើ​ការ​អត់​ទោស​បាប ការ​រស់​ឡើង​វិញ និង​ការ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច»។

គ្រីស្ទបរិស័ទ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​អំពី​ជីវិត​ក្រោយ​ពេល​ដែល​យើង​ស្លាប់​ទៅ គឺ​យើង​ដឹង​យ៉ាង​ប្រាកដ​ថា យើង​នឹង​ទៅ​ស្ថានសួគ៌។ ហើយ​គ្រីស្ទបរិស័ទ​យើង​ជឿ​ទៀត​ថា នឹង​មាន​ការ​រស់​ឡើង​វិញ​ខាង​ឯ​រូបកាយ ក៏​ដូច​ជា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ទៀត​ផង។ កណ្ឌគម្ពីរ​១កូរិនថូស​ជំពូក​១៥​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​អំពី​ការ​រស់​ឡើង​វិញ។ នៅ​ក្នុង​ជំពូក​នេះ​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា ការ​រស់​ឡើង​វិញ​ខាង​ឯ​រូបកាយ​ចំពោះ​គ្រីស្ទបរិស័ទ​គឺ​ប្រាកដ​ជា​នឹង​កើត​មាន​ឡើង​មែន ហើយ​នេះ​ជា​ចំណុច​ដ៏​សំខាន់​ណាស់ ប៉ុន្តែ​ចំណុច​ផ្ដើម​ដ៏​សំខាន់​របស់​គាត់​គឺ​មិន​មែន​ផ្ដោត​ទៅ​លើ​ការ​ដែល​យើង​នឹង​រស់​ឡើង​វិញ​នោះ​ទេ តែ​ផ្ដោត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ​តើ។ គាត់​បាន​ចាប់​ផ្ដើម​នៅ​ចំណុច​នោះ ព្រោះ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​ការ​ដែល​អ្នក​ជឿ​នឹង​ត្រូវ​រស់​ឡើង​វិញ​នា​ពេល​អនាគត​គឺ​ជា​ព្រឹត្តិការណ៍​ដែល​មិន​អាច​បំបែក​ចេញពី​គ្នា​បាន​ឡើយ។ យើង​នឹង​មើល​ចំណុច​បី​យ៉ាង​ទាក់ទង​ការ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ហើយ​ថា តើ​ការ​នោះ​មាន​អត្ថន័យ​យ៉ាង​ដូច​ម្ដេច​ចំពោះ​យើង៖

លក្ខណៈ​នៃ​ការ​ដែល​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ

កណ្ឌគម្ពីរ ១កូរិនថូស ១៥:១-៩ បាន​ចែង​ថា «ឥឡូវនេះ បងប្អូន​អើយ យើងខ្ញុំ​សូម​រំឭក​អ្នក​រាល់​គ្នា​អំពី​ដំណឹងល្អ ដែល​យើងខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ជា​ដំណឹងល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​មាំ​ក្នុង​ដំណឹងល្អ​នោះ​ដែរ អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ​ដោយសារ​ដំណឹងល្អ​នោះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​ព្រះ​បន្ទូល ដែល​យើងខ្ញុំ​បាន​ប្រកាស​ប្រាប់ ពុំ​នោះ​ទេ អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​មុខ​ជា​ឥត​ប្រយោជន៍។ ដ្បិត​មុន​ដំបូង យើងខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​យើងខ្ញុំ​បាន​ទទួល​មក គឺ​ថា​ព្រះ​គ្រីស្ទ​បាន​សុគត​ដោយ​ព្រោះ​បាប​របស់​យើង ស្របតាម​បទគម្ពីរ ហើយ​ថា ព្រះ​អង្គ​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្របតាម​បទ​គម្ពីរ ហើយ​ថា ព្រះ​អង្គ​បាន​លេច​ឲ្យ​លោក កេផាស ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​ដប់​ពីរ​ឃើញ​ដែរ។ បន្ទាប់មក ព្រះ​អង្គ​បាន​លេច​ឲ្យ​បងប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ​ក្នុង​ពេល​តែ​មួយ​ក្នុង​ចំណោម​បងប្អូន​អ្នក​ទាំង​នោះ ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​ខ្លះ​បាន​ស្លាប់​ផុត​ទៅ​ហើយ។ បន្ទាប់មក​ទៀត ព្រះ​អង្គ​បាន​លេច​ឲ្យ​លោក យ៉ាកុប ឃើញ រួច​ឲ្យ​ពួក​សាវ័ក​ទាំង​អស់​គ្នា​ឃើញ។ ចុងក្រោយ​បង្អស់​ព្រះ​អង្គ​ក៏​លេច​ឲ្យ​យើងខ្ញុំ​ឃើញ សូម្បីតែ​យើងខ្ញុំ​នេះ​ដូច​ជា​កូន​ដែល​កើត​មិន​គ្រប់​ខែ។ ដ្បិត​ក្នុង​ចំណោម​ពួក​សាវ័ក​យើងខ្ញុំ​ជា​អ្នក​តូច​ជាង​គេ មិន​សម​នឹង​ហៅ​ជា​សាវ័ក​ផង ព្រោះ​យើងខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះ។» (គកស)

ព្រះ​គ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម…

នៅក្នុង​ខ៣-៥​សាវ័ក ប៉ុល បាន​កត់ត្រា​ថា ព្រះ​គ្រីស្ទ​បាន​សុគត បាន​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ក៏​បាន​លេច​ឡើង​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង​ដែរ។ យើង​គួរ​កត់​សម្គាល់​ពី​លក្ខណៈ​នីមួយៗ​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​គ្នា​នៅ​ខាង​លើ​នេះ។ ព្រះ​អង្គ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​បាន​លេច​ឲ្យ​គេ​ឃើញ គឺ​ជា​ព្រះ​អង្គ​នោះ​ឯង​ដែល​បាន​សុគត ហើយ​ក៏​ត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ផ្នូរ។ ព្រះ​កាយ​ដែល​ត្រូវ​បាន​គេ​ឆ្កាង ហើយ​បញ្ចុះ​ក្នុង​ផ្នូរ គឺ​ជា​ព្រះ​កាយ​ដដែល​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​បាន​លេច​ឡើង​ឲ្យ​គេ​ឃើញ​នោះ។ ផ្នូរ​នៅ​ទទេ​ស្អាត។ ការ​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គឺ​មិន​មែន​ជា​រឿង​បង្កប់​នូវ​អាថ៌កំបាំង ឬ​ក៏​ជា​រឿង​ដែល​គ្រាន់តែ​ទាក់ទង​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដូច​ដែល​មនុស្ស​មួយ​ក្រុម​តូច​គិត​នោះ​ទេ។ ការ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គឺ​ជា​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ខាង​ឯ​សាច់​ឈាម។ ការ​ដែល​ព្រះ​យេស៊ូវ​បាន​លេច​ឡើង​ឲ្យ​មនុស្ស​មួយ​ក្រុម​តូច​ឃើញ​ទ្រង់​នោះ​គឺ​ដូច​ដែល​មាន​សរសេរ​ចុះ​ក្នុង​ខ៥-៩​គឺ​មិន​មែន​ជា​ការ​លេច​ឡើង​បែប​ជា​ខ្មោច​លង ឬ​ក៏​វិញ្ញាណ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម​ដែល​ជា​រូបកាយ​ចេញ​ពី​ផ្នូរ​មក។

នៅក្នុង​កណ្ឌគម្ពីរ លូកា ២៤:៣៧ បាន​ចែង​ថា ពេល​ដែល​ព្រះ​យេស៊ូវ​បាន​លេច​ឡើង​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ឃើញ ពួកគេ​បាន​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​គិត​ថា ទ្រង់​ជា​ខ្មោច។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​អះអាង​ដល់​ពួក​គេ​ថា «ចូរ​មើល​មក​ដៃ និង​ជើង​យើងខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​យើងខ្ញុំ​ពិត​មែន។ ចូរ​ពាល់​យើងខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​យើងខ្ញុំ​នេះ​ទេ» (លូកា ២៤:៣៩ គក​ស)។ ហើយ​ដើម្បី​ជា​ភស្តុតាង​ដល់​ពួក​គេ ទ្រង់​ថែម​ទាំង​បាន​សោយ​ត្រី​អាំង​មួយ​ដុំ​នៅ​មុខ​ពួក​គេ​ទៀត​ផង។

…ដូច្នេះ​យើង​ក៏​នឹង​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម​ផង​ដែរ

ជា​លទ្ធផល គ្រីស្ទបរិស័ទ​ក៏​នឹង​ត្រូវ​រស់​ពី​សេចក្តី​ស្លាប់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម​ដែរ។ មាន​ពាក្យ​គន្លឹះ​មួយ​ដែល​មាន​នៅ​ក្នុង​ចំណោម​ពាក្យ​គន្លឹះ​មួយ​ចំនួន​ផ្សេង​ទៀត​ក្នុង​កណ្ឌគម្ពីរ​១កូរិនថូស​ជំពូក​១៥ គឺ​ពាក្យ «និក្រូស៍» (nekros) ក្នុង​ភាសា​ក្រិក ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ពួក​អ្នក​ស្លាប់ ឬ​ក៏​សាកសព​អ្នក​ស្លាប់»។ នៅពេល​ដែល​អ្នកនិពន្ធ​លើក​ឡើង​អំពី​មនុស្ស​ស្លាប់​ដែល​ត្រូវ​បាន​រស់​ឡើង​វិញ គឺ​គាត់​កំពុង​និយាយ​សំដៅ​លើ​ការ​រស់​ឡើង​វិញ​ពី​សេចក្តី​ស្លាប់​ខាង​ឯ​សាច់​ឈាម។

តាម​ពិត នៅក្នុង​កណ្ឌគម្ពីរ ១កូរិនថូស ១៥:៣៥ សាវ័ក ប៉ុល បាន​ឆ្លើយតប​នឹង​សំណួរ​នេះ​យ៉ាង​ចំៗ​ថា តើ​ប្រភេទ​នៃ​ការ​រស់​ឡើង​វិញ​ដែល​យើង​នឹង​ទទួល​បាន​នោះ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច៖ «ប៉ុន្តែ នឹង​មាន​ម្នាក់​សួរ​ថា «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? តើ​គេ​រស់​ឡើង​វិញ​មាន​រូបកាយ​បែប​ណា?»» (គកស)។ ចម្លើយ​ដែល​គាត់​បាន​ផ្ដល់​នោះ​គឺ​ថា យើង​នឹង​មាន​ភាព​អស្ចារ្យ​ជា​បន្តបន្ទាប់ និង​មាន​ការ​បំផ្លាស់​បំប្រែ​ខាង​ឯ​សាច់​ឈាម​របស់​យើង។

ព្រះ​អម្ចាស់​យេស៊ូវ (ដែល​បាន​រស់​ឡើង​វិញ) នឹង​មាន​ស្នាម​ដំបៅ​ដែល​គេ​បាន​ដំ​ដែកគោល​លើ​ព្រះ​ហស្ត និង​លើ​ព្រះ​បាទ​របស់​ទ្រង់។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា ស្នាម​ដែល​លោកអ្នក​មាន​ពី​ការ​វះ​កាត់​នៅ​ពេល​សម្រាល​កូន ឬ​ក៏​ពោះ​វៀន​ដុះ​ខ្នែង​នឹង​មាន​ជា​រៀង​អស់​កល្ប​ជានិច្ច​នោះ​ទេ។ ហេតុ​ដែល​ព្រះ​យេស៊ូវ​នៅ​បន្ត​មាន​ស្នាម​ដំបៅ​របស់​ទ្រង់ គឺ​ព្រោះ​នោះ​ជា​ការ​រំឭក​ដល់​យើង គឺ​ពិត​ជា​ទ្រង់​នោះ​ឯង​ដែល​ត្រូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​បន្សល់​បែប​នេះ ដើម្បី​កុំ​ឲ្យ​យើង​មាន​មន្ទិលសង្ស័យ។ ហើយ​នោះ​គឺ​ជា​ការ​រំឭក​ដ៏​ល្អ​អស្ចារ្យ​មួយ​ដល់​យើង​ស្ដី​អំពី​តម្លៃ​ដែល​ទ្រង់​បាន​បង់​ថ្លៃ ដើម្បី​ឲ្យ​យើង​បាន​នៅ​លើ​ផែនដី​ថ្មី។

ពេល​ដែល​យើង​រស់​ឡើង​វិញ តើ​យើង​នឹង​នៅ​មាន​អាយុ​ដូច​ដែល​យើង​មាន​ពី​កាល​យើង​ស្លាប់​មែន​ឬ? ទំនង​មិន​មែន​ទេ ប៉ុន្តែ​យើង​នឹង​មាន​ជីវិត​ពេល​ដែល​យើង​កំពុង​ពេញ​កម្លាំង និង​ពេញ​ស្អាត។ តើ​យើង​ទំនង​នឹង​មាន​រូបរាងកាយ​ដូច​ដែល​យើង​កំពុង​មាន​ឬ? ចុះ​បើ​យើង​មិន​ចូល​ចិត្ត​កម្ពស់​យើង ឬ​ក៏​ថា​យើង​ធាត់ ឬ​ក៏​ស្គម​ពេក? បើ​ឆ្លើយ​ឲ្យ​ចំៗ​ទៅ យើង​គ្មាន​ចម្លើយ​លើ​រាល់​សំណួរ​ទាំង​នេះ​ទេ ប៉ុន្តែ​នៅ​អនាគត​យើង​នឹង​គ្មាន​បញ្ហា​ខាង​ឯ​រូបកាយ​ដូច​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​ទេ!

ការ​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គឺ​ជា​គំរូ​ដល់​យើង​ដែល​ជា​គ្រីស្ទបរិស័ទ​ដែល​នឹង​មាន​តាម។ នេះ​មាន​ន័យ​ថា យើង​មិន​មែន​កំពុង​និយាយ​អំពី​លក្ខណៈ​នៃ​រូបរាងកាយ​មួយ​ដែល​រសាត់​ផាត់​ទៅ​តាម​ជំនោរ​វេហា​ដូច​ដុំ​ពពក​ឡើយ។ តែ​យើង​កំពុង​និយាយ​អំពី​ផ្នូរ​ទទេ​ស្អាត និង​អំពី​ការ​ដែល​លោកអ្នក​នឹង​រស់​ឡើង​វិញ​ផ្ទាល់​តែ​ម្ដង។

សេចក្ដី​ពិត​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ

ប៉ុន្តែ តើ​ព្រះ​គ្រីស្ទ​ពិត​ជា​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន​ឬ? ដប់​មួយ​ខ​ដំបូង​បាន​ផ្ដល់​ជា​ភស្តុតាង​បែប​ប្រវត្តិសាស្ត្រ​ពីរ​យ៉ាង​ដល់​យើង៖

ផ្នូរ​នៅ​ទទេ៖ ខ៤-៥បាន​លើក​ឡើង​ថា «ព្រះ​អង្គ​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ​រួច​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី…ហើយ​ថា ព្រះ​អង្គ​បាន​លេច​ឲ្យ​លោក​កេផាស [ពេត្រុស] ឃើញ» (១កូរិនថូស ១៥:៤-៥ គកស)។ ប្រសិនបើ​បុគ្គល​ដែល​ត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​ក្រោយ​មក​ត្រូវ​បាន​រស់​ឡើង​វិញ ហើយ​ក៏​បាន​លេច​ឡើង​ឲ្យ​មនុស្ស​មួយ​ក្រុម​តូច​ឃើញ នោះ​មាន​ន័យ​ថា នៅ​សល់​តែ​ផ្នូរ​ទទេ​ប៉ុណ្ណោះ។ រូបកាយ​មិន​មាន​នៅ​ក្នុង​ផ្នូរ​ទៀត​ទេ ព្រោះ​រូបកាយ​នោះ​កំពុង​ដើរ​នៅ​ក្រៅ​ផ្នូរ។ គេ​ត្រូវ​ប្ដូរ​ស្លាក​នៅ​ខាង​ក្រៅ​ពី «មាន​មនុស្ស» ទៅ «អត់​មនុស្ស»។

នៅ​ក្នុង​កណ្ឌគម្ពីរ លូកា ២៤:៥-៦ បាន​រៀបរាប់​ថា ពេល​ពួក​ស្ត្រី​ទៅ​ដល់​ផ្នូរ ពួកគាត់​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ ហើយ​មាន​ទេវតា​ពីរ​នាក់​ឈរ​នៅ​ទី​នោះ ទេវតា​នោះ​ក៏​បាន​សួរ​ពួកគាត់​ថា «ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ​អង្គ ដែល​មាន​ព្រះ​ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ? ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ព្រះ​អង្គ​មិន​គង់​នៅ​ទី​នេះ​ទេ!» (គកស)។ ហើយ​នៅ​ក្នុង​ខ២៣ សិស្ស​ពីរ​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេម៉ោស​បាន​លើក​ឡើង​អំពី​អ្វី​ដែល​ពួក​ស្ត្រី​បាន​និយាយ​ទាក់ទង​នឹង​ផ្នូរ «តែ​រក​សព​លោក​មិន​ឃើញ​សោះ»។

ប្រសិនបើ​មាន​អ្នក​ជំទាស់ នៅ​ជំនាន់​នោះ អាច​បង្ហាញ​សាកសព​របស់​ព្រះ​យេស៊ូវ​បាន ក្រោយ​ពី​ពេល​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ នោះ​មាន​ន័យ​ថា គ្រីស្ទ​សាសនា​នឹង​រលាយ​សាប​សូន្យ​បាត់​ទៅ​ដោយ​គ្មាន​សល់​ភស្តុតាង​អ្វី​ទេ ពោលគឺ​គ្រីស្ទ​សាសនា​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​នោះ​បាត់​ទៅ​ហើយ។ ប៉ុន្តែ គ្មាន​សាកសព ព្រោះ​សាកសព​នោះ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ។ ផ្នូរ​នៅ​ទទេ គឺ​ជា​ភស្តុតាង​ដ៏​មាន​អំណាច​យ៉ាង​ខ្លាំង​មួយ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ លោកអ្នក​អាច​ទៅ​លេង​ផ្នូរ​លោក លេនីន (Lenin) ដែល​នៅ​ទី​នោះ​គេ​បាន​រក្សា​ទុក​សាកសព​របស់​គាត់​សម្រាប់​ឲ្យ​គេ​ទស្សនា។ អ្នក​គាំទ្រ​លោក លី ស៊ាវឡុង អាច​ទៅ​លេង​ផ្នូរ​គាត់​នៅ​ទីក្រុង​ស៊ីថល លេក វ្យូយ (Lake View) ដែល​ជា​កន្លែង​កប់​ខ្មោច ហើយ​នៅ​ទី​នោះ​ឯង​គឺ​ជា​កន្លែង​ដែល​គេ​បាន​បន្សល់​ទុក​រូបកាយ​ដ៏ «មាំមួន» របស់​គាត់។ អ្នក​ដើរ​តាម​លោក ម៉ាហាម៉ាត់ (Muhammed) អាច​ទៅ​លេង​ផ្នូរ​គាត់​នៅ​ក្រុង​មេឌីណា (Medina) ដែល​ជា​កន្លែង​ដែល​គេ​បាន​កប់​សព​គាត់។ ប៉ុន្តែ ចំពោះ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​វិញ ពេល​ពួកគាត់​ទៅ​លេង​សួនច្បារ​នៅ​ក្រុង​យេរូសាឡឹម នោះ​នឹង​រក​ឃើញ​ថា ផ្នូរ​នៅ​ទទេ​ស្អាត!

ការ​លេច​ឡើង​ឲ្យ​ឃើញ៖ ភស្តុតាង​ទី​ពីរ​គឺ ការ​ដែល​ព្រះ​គ្រីស្ទ​បាន​លេច​ឡើង​ឲ្យ​គេ​ឃើញ ដែល​មាន​ចែង​ក្នុង​ខ៥-៨។ ខគម្ពីរ​ទាំង​នេះ​មាន​រាយ​ចុះ​នូវ​ចំនួន​មនុស្ស​ជា​ច្រើន​នាក់។ ព្រះ​អង្គ​បាន​លេច​ឡើង​ឲ្យ​បុគ្គល​នានា ឲ្យ​មនុស្ស​ជា​ក្រុមៗ និង​មាន​ពេល​មួយ​បាន​លេច​ឡើង​ឲ្យ​ក្រុម​មនុស្ស​ប្រមាណ​លើស​៥០០​នាក់​បាន​ឃើញ​ទ្រង់​ក្នុង​ពេល​តែ​មួយ ហើយ​ពួក​អ្នក​ឃើញ​មួយ​ចំនួន​នៅ​កាល​នោះ​នៅ​រស់​នៅ​ឡើយ​ទេ​ខណៈពេល​ដែល​សាវ័ក ប៉ុល កំពុង​សរសេរ។ អ្វី​ដែល​សាវ័ក ប៉ុល ចង់​មាន​ន័យ​នោះ​គឺ​ថា បើ​អ្នក​អាន​ចង់​ដឹង​ផ្ទាល់ ព្រោះ​នៅ​មាន​មន្ទិលសង្ស័យ នៅ​កាល​នោះ​អាច​ទៅ​សួរ​ពួកគេ​ដោយ​ខ្លួន​ឯង​បាន។

ការ​លេច​ឡើង​ឲ្យ​គេ​ឃើញ​ទាំង​ប៉ុន្មាន​ដង​របស់​ព្រះ​យេស៊ូវ​នៅ​កាល​នោះ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ជា​ពិសេស​ពេល​ព្រះ​យេស៊ូវ​លេច​ឡើង​ឲ្យ​សាវ័ក ប៉ុល ឃើញ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ខ៨-១១៖

«ចុង​ក្រោយ​បង្អស់​ព្រះ​អង្គ​ក៏​លេច​ឲ្យ​យើងខ្ញុំ​ឃើញ។ សូម្បី​តែ​យើងខ្ញុំ​នេះ​ដូច​ជា​កូន​ដែល​កើត​មិន​គ្រប់​ខែ។ ដ្បិត​ក្នុង​ចំណោម​ពួក​សាវ័ក​យើងខ្ញុំ​ជា​អ្នក​តូច​ជាង​គេ មិន​សម​នឹង​ហៅ​ជា​សាវ័ក​ផង ព្រោះ​យើងខ្ញុំ​បាន​បៀតបៀន​ក្រុម​ជំនុំ​របស់​ព្រះ។ ប៉ុន្តែ ដែល​យើងខ្ញុំ​ជា​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ គឺ​ដោយសារ​ព្រះ​គុណ​របស់​ព្រះ ហើយ​ព្រះ​គុណ​របស់​ព្រះ​អង្គ​ចំពោះ​យើងខ្ញុំ មិន​មែន​ឥតប្រយោជន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ យើងខ្ញុំ​បាន​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត ប៉ុន្តែ មិន​មែន​យើងខ្ញុំ​ទេ គឺ​ព្រះ​គុណ​របស់​ព្រះ ដែល​ស្ថិត​នៅ​ជា​មួយ​យើងខ្ញុំ​វិញ។ ដូច្នេះ ទោះ​ជា​យើងខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្ដី យើង​ប្រកាស ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ជឿ»។

ការ​បំផ្លាស់បំប្រែ​ដ៏​អស្ចារ្យ! សាវ័ក ប៉ុល គឺ​ជា​អ្នក​ដែល​បញ្ជា​ឲ្យ​គេ​ចាប់​គ្រីស្ទបរិស័ទ​យក​ទៅ​សម្លាប់​ចោល ប៉ុន្តែ​ព្រះ​គ្រីស្ទ​បាន​លេច​ឡើង​ឲ្យ​គាត់​ឃើញ​នៅ​ថ្ងៃ​មួយ​កាល​គាត់​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ទៅ​ទីក្រុង​ដាម៉ាស។ សាវ័ក ប៉ុល បាន​ឈប់​ភ្លាមៗ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​គាត់ ហើយ​ជីវិត​គាត់​ក៏​មិន​ដូច​មុន​ទៀត​ដែរ​ចាប់​ពី​ពេល​នោះ​ត​ទៅ។ ចាប់​ពី​ពេល​នោះ​មក គាត់​ថ្វាយ​ជីវិត​របស់​គាត់​សម្រាប់​ធ្វើ​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ប្រកាស​ដំណឹងល្អ​ដោយ​បម្រើ​ទ្រង់​មិន​ចេះ​នឿយហត់ គាត់​បាន​ប្រកាស​ជំនឿ​ដែល​ពី​មុន​គាត់​ធ្លាប់​ព្យាយាម​បំផ្លាញ​ចោល។ នោះ​ជា​ជំនឿ​ដែល​គាត់​ហ៊ាន​ពលី​ជីវិត​សម្រាប់។

ដោយសារ​ព្រះ​យេស៊ូវ​ពិត​ជា​បាន​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មែន នោះ​មាន​ន័យ​ថា ជំនឿ​របស់​គ្រីស្ទបរិស័ទ​លើ​ការ​ដែល​ពួក​គាត់​ជឿ​ក៏​នឹង​រស់​ឡើង​វិញ​ដែរ ពោលគឺ​នេះ​មិន​មែន​ជា​ជំនឿ​ដែល​គ្រាន់តែ​ជា​ប៉ងប្រាថ្នា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​ជំនឿ​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ប្រវត្តិសាស្ត្រ។ យើង​អាច​អះអាង​បាន​ដូច​ជា​គោល​ជំនឿ​ពួក​សាវ័ក «យើងខ្ញុំ​ជឿ​លើ​ការ​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម និង​ការ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច» ព្រោះ​យើង​ជឿ​យ៉ាង​ម៉ឺងម៉ាត់​ថា ចំណុច​កណ្ដាល​គឺ​ពិត ដែល​មាន​លើក​ឡើង​ដូច​តទៅ​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ៖ «បាន​សុគត​លើ​ឈើ​ឆ្កាង ត្រូវ​បាន​គេ​បញ្ចុះ​ទៅ​ក្នុង​ផ្នូរ ហើយ​នៅ​ថ្ងៃ​ទី​បី ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ»។

ចំណុច​សំខាន់​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ

តើ​ថ្ងៃ​អ្វី​ទៅ​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​សម្រាប់​គ្រីស្ទបរិស័ទ នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ? ថ្ងៃ​សុក្រ ដែល​ជា​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​សុគត? ឬ​ក៏​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ? ជា​ការ​ដែល​គួរ​ឲ្យ​ឆ្ងល់​ណាស់​ដែល​គ្រីស្ទបរិស័ទ​ជ្រើសរើស​យក​សញ្ញា​ឈើ​ឆ្កាង​ទុក​ជា​សញ្ញា​សំខាន់​ជា​ជាង​ផ្នូរ​ទទេ នោះ​ជា​ការ​ដ៏​ត្រឹមត្រូវ​ណាស់ ព្រោះ​មាន​តែ​តាម​រយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​មួយ​ទេ​ដែល​យើង​អាច​ទទួល​បាន​ការ​អត់​ទោស​បាប ហើយ​អាច​ឈរ​នៅ​មុខ​ព្រះ​ភក្ត្រ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ទំនាក់ទំនង​ដ៏​ត្រឹមត្រូវ​ជា​មួយ​ព្រះអង្គ។ ប៉ុន្តែ ពេល​ខ្លះ​គ្រីស្ទបរិស័ទ​បាន​ភ្លេច​ដោយ​អើពើ​នឹង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ហាក់​បី​ដូច​ជា​មិន​ដែល​បាន​កើត​ឡើង​សោះ ហើយ​ថែម​ទាំង​គិត​ថា​វា​ជា​ការ​មិន​សំខាន់​ទៀត​ផង។ កណ្ឌគម្ពីរ​១កូរិនថូស​ជំពូក​១៥​បាន​អះអាង​ឡើង​វិញ​អំពី​ចំណុច​សំខាន់​នៃ​ការ​ដែល​ព្រះ​គ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ៖

«ឥឡូវនេះ បងប្អូន​អើយ យើងខ្ញុំ​សូម​រំឭក​អ្នក​រាល់​គ្នា​អំពី​ដំណឹងល្អ ដែល​យើងខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ជា​ដំណឹងល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​មាំ​ក្នុង​ដំណឹងល្អ​នោះ​ដែរ អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ​ដោយសារ​ដំណឹងល្អ​នោះ ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​ព្រះ​បន្ទូល​ដែល​យើងខ្ញុំ​បាន​ប្រកាស​ប្រាប់ ពុំ​នោះ​ទេ អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​មុខ​ជា​ឥតប្រយោជន៍។» (១កូរិនថូស ១៥:១-២ គកស)

ដើម្បី​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ដាច់ខាត បុគ្គល​ម្នាក់​ត្រូវ​តែ​ទទួល​ជឿ ហើយ​បន្ត​ជឿ​លើ​សារ​នៃ​ដំណឹងល្អ—ប៉ុន្តែ តើ​សារ​នៃ​ដំណឹងល្អ​នេះ​មាន​បញ្ចូល​អ្វី​ខ្លះ?

១កូរិនថូស ១៥:៣-៥ «ដ្បិត​មុន​ដំបូង យើងខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​យើងខ្ញុំ​បាន​ទទួល​មក គឺ​ថា​ព្រះ​គ្រីស្ទ​បាន​សុគត​ដោយ​ព្រោះ​បាប​របស់​យើង ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ​អង្គ​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ​អង្គ​បាន​លេច​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​ដប់​ពីរ​ឃើញ​ដែរ។» (គកស)

ការ​សុគត​របស់​ព្រះគ្រីស្ទ និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ ទាំង​ពីរ​គឺ​ជា​ការ​ដ៏​សំខាន់​បំផុត​ហើយ​ជា​ចម្បង ដ្បិត​ព្រះ​គម្ពីរ​សញ្ញាចាស់​បាន​ទាយ​ទុក​រួច​ជា​មុន​ហើយ​ថា ទាំង​នេះ​ជា​ចំណុច​ដ៏​សំខាន់​បំផុត​ទាក់ទង​នឹង​សារ​នៃ​ដំណឹងល្អ។ ប្រសិនបើ​លោកអ្នក​មិន​ទទួល​ជឿ​លើ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ​ទេ យោង​តាម​សាវ័ក ប៉ុល «អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​មុខ​ជា​ឥតប្រយោជន៍» ហើយ។ សាវ័ក ប៉ុល បាន​សរសេរ​អំពី​ចំណុច​នេះ ព្រោះ​គ្រីស្ទបរិស័ទ​នៅ​ទីក្រុង​កូរិនថូស​មិន​មាន​បញ្ហា​ក្នុង​ការ​ទទួល​ស្គាល់​ថា ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ថា​ជា​រឿង​សំខាន់ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​គាត់​លើក​ឡើង​អំពី​ចំណុច​នេះ​ហាក់​បី​ដូច​វា​ជា​បញ្ហា​ដ៏​សំខាន់​មួយ​អញ្ចឹង? តម្រុយ​គឺ​នៅ​ក្នុង​ខ១២៖

«ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខ្លះ​និយាយ​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ប្រសិនបើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ​គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ​គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​ទេ នោះ​ដំណឹងល្អ​ដែល​យើង​ប្រកាស ឥតប្រយោជន៍​សោះ ហើយ​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥតប្រយោជន៍​ដែរ»។ (១កូរិនថូស ១៥:១២-១៤ គកស)

ក្រុមជំនុំ​នៅ​ក្រុង​កូរិនថូស​មិន​មាន​បញ្ហា​អ្វី​ទេ​ទាក់ទង​នឹង​ការ​ដែល​ព្រះ​គ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ពួកគេ​បាន​ទទួល​ជឿ​លើ​ការ​នោះ​រួច​ទៅ​ហើយ។ ប៉ុន្តែ អ្វី​ដែល​ពួកគាត់​ពិបាក​ទទួល​យក​គឺ​ត្រង់​ថា តើ​ការ​រស់​ឡើង​វិញ​នោះ​ជា​ការ​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម​សម្រាប់​អ្នក​ជឿ​មែន​ឬ? តាម​ពិត ខ១២​បាន​បញ្ជាក់​ថា អ្នក​ខ្លះ​បាន​បដិសេធ​ថា អ្នក​ស្លាប់​នឹង​មិន​រស់​ឡើង​វិញ​ឡើយ។ ប៉ុន្តែ បើ​លោកអ្នក​បដិសេធ​ថា មិន​មាន​ការ​រស់​ឡើង​វិញ​ខាង​ឯង​សាច់​ឈាម​ទេ នោះ​មាន​ន័យ​ថា​លោកអ្នក​កំពុង​ជឿ​ថា ព្រះ​យេស៊ូវ​ក៏​មិន​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ខាង​ឯង​សាច់​ឈាម​ផង​ដែរ ព្រោះ​ការ​ទាំង​ពីរ​នេះ​គឺ​ជា​ការ​តែ​មួយ។ ប្រសិនបើ​លោកអ្នក​បដិសេធ​មួយ នោះ​មាន​ន័យ​ថា លោកអ្នក​បដិសេធ​ទាំង​ពីរ។ អ្វី​ដែល​គ្រីស្ទបរិស័ទ​នៅ​ក្រុង​កូរិនថូស​កំពុង​ជឿ​មិន​មាន​ភាព​ស៊ីគ្នា ហើយ​ក៏​មិន​សម​ហេតុ​សម​ផល​នោះ​ដែរ។ ពួកគាត់​គ្រាន់តែ​ចង់​កាន់​ភ្ជាប់​នូវ​ការ​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ប៉ុន្តែ​មិន​ចង់​កាន់​ភ្ជាប់​នឹង​ការ​ដែល​ថា ពួកគាត់​ផ្ទាល់​ក៏​នឹង​រស់​ឡើង​វិញ​ឡើង​វិញ​ឡើយ។ ប៉ុន្តែ យើង​មិន​អាច​ធ្វើ​បែប​នោះ​បាន​ទេ។ ប្រសិនបើ​លោកអ្នក​ជា​គ្រីស្ទបរិស័ទ នោះ​មាន​ន័យ​ថា ការ​មាន​ជំនឿ​លើ​ការ​ដែល​លោកអ្នក​នឹង​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម គឺ​មិន​មែន​ជា​រឿង​ដែល​លោកអ្នក​អាច​យក​មក​ចរចា​គ្នា​បាន​នោះ​ទេ។

និពន្ធ​ដោយ៖ លោក​គ្រូ Marcus Nodder
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា ខឹម ផល្លី
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegoodbook.com ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ជឿ​នូវ​ចំណុច

ចូរចងចាំ​ថា ព្រះ​គ្រីស្ទ​មាន​ព្រះជន្ម