សំណួរដ៏ពេញនិយមបំផុតដែលបានសួរនៅហ្គូហ្គល (Google) ក្នុងបរិបទជាភាសាអង់គ្លេសគឺ៖ «តើសេចក្ដីស្រឡាញ់ជាអ្វី?» តើលោកគ្រូគិតថា ហេតុអ្វីបានជាមានមនុស្សជាច្រើនកំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង ដើម្បីឲ្យបានយល់ពីអត្ថន័យនៃសេចក្ដីស្រឡាញ់? ហើយតើលោកគ្រូអាចកំណត់អត្ថន័យរបស់វាដោយរបៀបណា?
ខ្ញុំគិតថា ប្រសិនបើយើងចាប់ផ្ដើមពីនិយមន័យទៅ វានឹងធ្វើឲ្យកាន់តែច្បាស់ថែមទៀត ថាហេតុអ្វីបានជាមនុស្សជាច្រើនមានការលំបាក ដើម្បីឲ្យបានយល់ថាសេចក្ដីស្រឡាញ់ជាអ្វី។ ដូច្នេះ សូមទទួលស្គាល់ថា សេចក្ដីស្រឡាញ់មានច្រើនប្រភេទខុសៗគ្នា ឬអាចនិយាយបានក្នុងរបៀបផ្សេងទៀត ពាក្យថា សេចក្ដីស្រឡាញ់ ត្រូវបានប្រើប្រាស់ជាច្រើនរបៀបខុសៗគ្នា។ នៅពេលណាដែលយើងសួរថា សេចក្ដីស្រឡាញ់ជាអ្វី នៅក្នុងគំនិតមួយរបស់ខ្ញុំត្រូវតែឆ្លើយតបទៅវិញ ដោយនិយាយថា «យោងទៅតាមនិយមន័យរបស់នរណា?» ឬ«យោងទៅតាមឯកសារអ្វី?» ឬយោងទៅតាមអត្ថបទមួយណានៃព្រះគម្ពីរ?» ជាដើម។ល។
តើយើងចាប់ផ្ដើមនៅកន្លែងណា?
ឧទាហរណ៍៖ នៅក្នុងសៀវភៅរបស់លោក ស៊ី.អេស ល៊ូហ្វីស ដែលមានចំណងជើងថា «សេចក្ដីស្រឡាញ់បួនប្រភេទ» (“The Four Loves”) ដែលបែងចែកជា អេរ៉ូស (Eros) ជាប្រភេទមួយនៃស្នេហារ៉ូមែនទិចដែលអ្នកមានស្នេហាខ្វះគ្នាមិនបាន និង ហ្វីឡូ (Philos) ជាស្នេហាបែបមិត្តភាពដែលមនុស្សពីរពួតដៃ កៀកស្មាគ្នា ដោយមានចក្ខុវិស័យ គោលដៅមួយដូចគ្នា ព្រមទាំងមានសេចក្ដីអំណរ និងភាពជាដៃគូរដែលនាំគ្នាឆ្ពោះទៅរកគោលដៅតែមួយ។ ហើយ ស្ដរហ្គេ (Storge) គឺជាសេចក្ដីស្រឡាញ់ដែលបុគ្គលម្នាក់ប្រហែលជាមានរបស់សំណព្វចិត្តដូចជា អាវក្រៅកញ្ចាស់មួយ ស្បែកជើងផ្ទាត់កញ្ចាស់មួយគូរ ឆ្កែចាស់មួយក្បាល ដែលគាត់មិនដាច់ចិត្តនឹងបោះចោលវាសោះ។ ចុងក្រោយ អាហ្គាប៉េ (Agape) គឺជាការសេចក្ដីស្រឡាញ់ល្អឥតខ្ចោះ ត្រូវបានកំណត់លក្ខណៈ ដោយការលះបង់ក្នុងការស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃ។
ដូច្នេះ តាមរយៈលោក ល៊ូហ្វីស លោកអ្នកអាចសួរបានថា «តើមួយណាក្នុងចំណោមចំណុចទាំងអស់នោះ ដែលលោកអ្នកចង់ឲ្យខ្ញុំឲ្យនិយមន័យ នៅពេលលោកអ្នកនិយាយថា «តើសេចក្ដីស្រឡាញ់ជាអ្វី?» ដោយហេតុនេះ នោះជាផ្នែកនៃហេតុផល ដែលមនុស្សកំពុងស្វែងរកដោយងងឹតងងុល។ ពាក្យថា ស្រឡាញ់ មានអត្ថន័យច្រើនយ៉ាងខុសៗគ្នា។ ហើយវាមិនមែនជារឿងអវិជ្ជាមានដែលវាមានអត្ថន័យជាច្រើននោះទេ។
ឥឡូវនេះ អ្វីខ្ញុំរកឃើញថា មានប្រយោជន៍បំផុត គឺការបែងចែកសេចក្ដីស្រឡាញ់ជាពីរប្រភេទ។ ខ្ញុំទទួលបានប្រភេទទីមួយ ពីលោក យ៉ូណាថាន អេឌវើដស៍ (Jonathan Edwards) ប៉ុន្តែវាមានតាំងពីមុនគាត់ទៅទៀត។ គាត់បែងចែកសេចក្ដីស្រឡាញ់ចេញជា «សេចក្ដីស្រឡាញ់ដោយការពេញចិត្ត» និង «សេចក្ដីស្រឡាញ់ប្រកបដោយក្ដីមេត្តាករុណា។»
ការពេញចិត្ត គឺនៅឃ្លា «ខ្ញុំចូលចិត្តភីហ្សា។» អាចនិយាយម្យ៉ាងទៀតថា «ខ្ញុំដឹងថា ខ្លួនខ្ញុំចូលចិត្តនឹងអ្វីដែលមាននៅក្នុងភីហ្សា ពោលគឺ រសជាតិវាតែម្ដង។» នេះ គឺជាសេចក្ដីស្រឡាញ់ដោយការពេញចិត្ត។ ឬក៏ប្រហែលជាលោកអ្នកចូលចិត្តកន្លែងណាមួយ ប្រទេសណាមួយ ឬអ្វីៗជាច្រើនទៀត។ លោកអ្នកអាចនិយាយបានថា លោកអ្នកចូលចិត្តវា ដោយសារតែវាគួរឲ្យស្រឡាញ់។ វាជាទីគាប់ចិត្តដល់លោកអ្នកណាស់។
ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ប្រកបដោយក្ដីមេត្តាករុណា គឺមិនមែនអាស្រ័យទៅលើភាពគួរឲ្យស្រឡាញ់របស់វត្ថុដែលយើងស្រឡាញ់នោះទេ ប៉ុន្តែជាចេតនាល្អ—ប្រកបដោយក្ដីមេត្តាករុណា—របស់ចេតនាល្អរបស់លោកអ្នកមានទៅកាន់មនុស្ស ឬវត្ថុដែលលោកអ្នកកំពុងស្រឡាញ់។ គោលបំណងរបស់លោកអ្នកនៅក្នុងការស្រឡាញ់ប្រភេទនេះ គឺដើម្បីធ្វើការល្អ នាំយកនូវអ្វីដែលស្រស់ស្អាត មិនមែនគ្រាន់តែឆ្លើយតបចំពោះភាពស្រស់ស្អាតប៉ុណ្ណោះទេ។
សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
អញ្ចឹងហើយ យើងបានចំណាយពេលយ៉ាងយូរក្នុងការពិភាក្សាគ្នាអំពីលក្ខណៈនៃការពេញចិត្តនៅក្នុងព្រះជាម្ចាស់ និងតើវាមានលក្ខណៈយ៉ាងដូចម្ដេច ដើម្បីឲ្យបានដឹង រីករាយ ព្រមទាំងសរសើរតម្កើង និងស្កប់ចិត្តក្នុងព្រះជាម្ចាស់ ហើយយើងអាចចំណាយបានយូរក្នុងការនិយាយអំពីក្ដីមេត្តាករុណា ទៅកាន់មនុស្សដែលមិនមានលក្ខណៈសម្បត្តិគួរឲ្យកោតសរសើរ ដែលធ្វើឲ្យយើងចង់ចូលទៅជិតពួកគេ។
ដូច្នេះ អ្វីដែលខ្ញុំគិតថា មានប្រយោជន៍បំផុតក្នុងការឆ្លើយតបទៅនឹងសំណួរគឺ ការឲ្យនិយមន័យទៅតាមបទគម្ពីរនៃសេចក្ដីស្រឡាញ់ប្រកបដោយក្ដីមេត្តាករុណា ពីព្រោះនេះជាប្រភេទនៃក្ដីស្រឡាញ់មាននៅក្នុងព្រះគម្ពីរ ដែលព្រះគម្ពីរបានលើកឡើងថាជាចំណុចស្នូលនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ដោយហេតុនេះ ទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ប្រកបដោយសេចក្ដីមេត្តាករុណា ត្រូវបានវាស់វែងក្នុងព្រះគម្ពីរដោយលក្ខណៈវិនិច្ឆ័យបួនយ៉ាងដូចខាងក្រោមនេះ៖
១. កម្រិតចំពោះបុគ្គលម្នាក់ត្រូវបានគេស្រឡាញ់ ទាំងដែលគេមិនសមនឹងទទួលបានការស្រឡាញ់នោះ។
២. វិសាលភាពនៃតម្លៃដែលត្រូវបង់ ដើម្បីស្រឡាញ់មនុស្សម្នាក់។
៣. វិសាលភាពនៃអំពើល្អដែលត្រូវបានធ្វើសម្រាប់បុគ្គលម្នាក់ នៅពេលគេត្រូវទទួលបានការស្រឡាញ់។
៤. កម្រិតនៃបំណងប្រាថ្នាដែលព្រះមានសម្រាប់ជាប្រយោជន៍ដល់អស់អ្នកណាដែលទ្រង់ស្រឡាញ់។
ដូច្នេះ សូមឲ្យខ្ញុំបានផ្ដល់នូវខគម្ពីរយោងមួយចំនួនសម្រាប់លក្ខណៈវិនិច្ឆ័យមួយៗ៖
១. នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៥:៦-៨ ព្រះជាម្ចាស់ស្រឡាញ់អស់អ្នកដែលមិនសមនឹងទទួលសេចក្ដីស្រឡាញ់ទ្រង់ទាល់តែសោះ ម្ល៉ោះ ហើយបានជាក្ដីស្រឡាញ់ទ្រង់គឺធំអស្ចារ្យណាស់។ «ដ្បិតកាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ នោះព្រះគ្រីស្ទទ្រង់បានសុគត ជំនួសមនុស្សទមិលល្មើស កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង តែឯព្រះទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។ —ព្រះជាម្ចាស់ខុសពីចំណុចទាំងអស់នោះ— «ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់» — នេះហើយជាអត្ថន័យនៃសេចក្ដីស្រឡាញ់— «ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។ ដូច្នេះ រង្វាស់ខ្នាតទី១ចំពោះទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះ គឺយើងរាល់គ្នាមិនសមនឹងទទួលបានក្ដីស្រឡាញ់នោះទេ។ ហេតុនេះហើយ បានជាវាធំអស្ចារ្យ។
២. ការពិចារណាទៅលើតម្លៃដែលទ្រង់ស្ម័គ្រព្រះទ័យបង់សងជំនួសយើងរាល់គ្នា «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ» (យ៉ូហាន ១៥:១៣)។ សេចក្ដីស្រឡាញ់នេះត្រូវបានវាស់ដោយមិនគ្រាន់តែពឹងផ្អែកទៅលើការពិត ដែលយើងមិនសមនឹងទទួលវានោះទេ។ វាត្រូវបានវាស់ដោយតម្លៃដែលទ្រង់ស្ម័គ្រព្រះទ័យបង់សងជំនួសយើងរាល់គ្នា ពោលគឺ ព្រះជន្មរបស់បុត្រាទ្រង់ផ្ទាល់។
៣. រង្វាស់ខ្នាតទី៣ គឺសំដៅទៅលើអត្ថប្រយោជន៍ដែលយើងរាល់គ្នាបានទទួលតាមរយៈសេចក្ដីស្រឡាញ់មួយនេះ។ នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ៣:១៦ បានហៅថា «ជីវិតអស់កល្បជានិច្ច។» »ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ ហើយបន្ទាប់មកទ្រង់បានឲ្យនិយមន័យលើពាក្យ «ជីវិតអស់កល្បជានិច្ច» នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១៧:៣ ដោយបញ្ជាក់ថា វាជាការស្គាល់ព្រះជាម្ចាស់ និងការស្គាល់ព្រះគ្រីស្ទ។ ដ្បិត សេចក្ដីស្រឡាញ់ដ៏អស្ចារ្យទំនងនឹង ត្រូវផ្ដល់ឲ្យនូវអំណោយដ៏អស្ចារ្យតាមដែលអាចនឹងផ្ដល់ឲ្យបាន ដែលជារូបអង្គទ្រង់ផ្ទាល់។
៤. តើព្រះជាម្ចាស់បង្ហាញសេចក្ដីស្រឡាញ់នេះដោយមិនសព្វព្រះទ័យ ឬដោយអស់ពីព្រះទ័យទ្រង់វិញ? កណ្ឌគម្ពីរ សេផានា ៣:១៧ ចែងថា «ព្រះយេហូវ៉ា ដ៏ជាព្រះនៃឯង ទ្រង់គង់នៅកណ្តាលឯង ទ្រង់ជាព្រះដ៏មានឥទ្ធិឫទ្ធិ ដើម្បីជួយសង្គ្រោះ ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង»។ យើងអានការឆ្លើយតបដូចគ្នានៅក្នុងរឿងប្រៀបប្រដូច «កូនពៅវង្វេង» នៅត្រង់កន្លែងដែលឪពុកឃើញកូនប្រុសគាត់ត្រឡប់មកផ្ទះវិញ គាត់ស្ទុះទៅឱបកូនប្រុសព្រមទាំងបំពាក់ចិញ្ចៀនទៅនឹងដៃរបស់គាត់ ពាក់អាវថ្មី ព្រមទាំងបំពាក់ស្បែកជើងថ្មីឲ្យគាត់ ថែមទាំងធ្វើពិធីជប់លៀងមួយឲ្យគាត់ទៀតផង (លូកា ១៥:២០-២៤)។ បើនិយាយម្យ៉ាងវិញទៀត ព្រះជាម្ចាស់ពិតជាសព្វព្រះហឫទ័យក្នុងការសង្គ្រោះយើង។ គ្មាននរណាម្នាក់កំពុងបង្ខំទ្រង់ទេ។
ដូច្នេះ សេចក្ដីស្រឡាញ់ដែលប្រសើរជាងបំផុតនៅលើលោក គឺជាសេចក្ដីស្រឡាញ់ល្អឥតខ្ចោះដែលបង់ថ្លៃលោះដ៏ខ្ពស់បំផុត គឺព្រះជន្មនៃព្រះរាជបុត្រារបស់ទ្រង់ សម្រាប់ពួកខ្មាំងសត្រូវទាំងឡាយដែលមិនសមនឹងទទួលបានសេចក្ដីស្រឡាញ់មួយនេះ ដើម្បីផ្ដល់ឲ្យយើងរាល់គ្នានូវភាពរីករាយដ៏យូរអង្វែង និងអស្ចារ្យបំផុតនៅក្នុងព្រះវត្តមានរបស់ទ្រង់។ ហើយទ្រង់សព្វព្រះទ័យក្រៃលែងនឹងការធ្វើបែបនេះ។
សេចក្ដីស្រឡាញ់របស់យើងសម្រាប់ព្រះ
ចំណុចមួយចុងក្រាយ៖ ប្រសិនបើវាស្ដាប់ទៅដូចជាមានភាពផ្ទុយស្រលះក្នុងការនិយាយថា ព្រះចិន្ដានៃសេចក្ដីស្រឡាញ់របស់ព្រះជាសេចក្ដីមេត្តាករុណាចំពោះមនុស្សដែលមិនសមនឹងទទួលដូចជាយើងរាល់គ្នា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏គោលបំណងចម្បងនៃជីវិតមនុស្សជាតិ គឺជាការស្រឡាញ់ព្រះជាម្ចាស់។ ខ្ញុំមិនគិតថា វាពិតជាមានភាពផ្ទុយស្រលះពីគ្នានោះទេ។ ហើយហេតុផលនោះ វាមិនមែនដោយសារតែគោលបំណងចម្បងធំបំផុតនៃសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះយើងរាល់គ្នា ក្នុងការផ្ដល់ឲ្យយើងនូវការពេញចិត្តក្នុងទ្រង់ផ្ទាល់នោះទេ។ ហេតុដូច្នេះហើយបានជាសេចក្ដីស្រឡាញ់ដោយមេត្តាករុណាបានដក់ជាប់យ៉ាងជ្រៅនៅក្នុងចិត្តយើង នូវសេចក្ដីស្រឡាញ់ដោយការពេញចិត្តក្នុងព្រះជាម្ចាស់ដែរ។
ព្រះជាម្ចាស់មិនមានការស្កប់ព្រះទ័យយ៉ាងជ្រាលជ្រៅក្នុងយើងទេ គឺមានតែយើងទេតើដែលមានការស្កប់ចិត្តយ៉ាងខ្លាំងនៅក្នុងទ្រង់។ ព្រះជាម្ចាស់នឹងក្លាយជាអង្គដែលថ្វាយបង្គំរូបព្រះវិញ ប្រសិនបើគោលដៅដ៏ធំផុតរបស់ទ្រង់ គឺជាស្រឡាញ់ដោយការពេញចិត្តចំពោះយើង។ ផ្ទុយទៅវិញ ទ្រង់ធ្វើការផ្ដល់ឲ្យយើងនូវសេចក្ដីស្រឡាញ់ដោយការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះទ្រង់។ យើងមិនបានស្រឡាញ់ព្រះដោយការជួយឲ្យព្រះបានរួចចេញពីភាពមិនពេញលក្ខណៈទៅក្នុងសេចក្ដីអំណរនោះទេ។ ប៉ុន្តែ ព្រះជាម្ចាស់ស្រឡាញ់យើងដោយការជួយឲ្យយើងរួចចេញពីភាពមិនពេញលក្ខណៈចូលទៅក្នុងសេចក្ដីអំណរវិញ។ ក្នុងករណីទាំងពីរនេះ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះជាម្ចាស់ ហើយនិងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង មានគោលដៅចម្បងដូចគ្នា៖ យើងនឹងរកឃើញការស្កប់ចិត្តយ៉ាងស៊ីជម្រៅក្នុងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់រកឃើញ ឬដេញតាមការស្កប់ព្រះទ័យក្នុងទ្រង់ផ្ទាល់ និងការបង្ហាញភាពជាព្រះ ពោលគឺការលើកតម្កើងអង្គទ្រង់ឡើង។
ដូចនេះ គោលដៅដ៏ចម្បងបំផុតនៃគ្រប់ការទាំងអស់—ហើយនេះប្រហែលជារឿងមានប្រយោជន៍ជាងគេបំផុតសម្រាប់ចម្លើយ ឬសំណួរនេះ—ជាគោលបំណងធំបំផុតនៃគ្រប់រឿងរ៉ាវទាំងអស់ នៅពេលផែនដីនេះត្រូវបានលម្អទៅដោយតម្លៃគ្មានព្រំដែននៃព្រះជាម្ចាស់ គឺតាមរយៈការយកទ្រង់ទុកជាទ្រព្យសម្បត្តិ។ អស់អ្នកណាដែលទុកទ្រង់ជាទ្រព្យសម្បត្តិ នឹងមានសេចក្ដីអំណរចំពោះទ្រង់លើសគ្រប់អ្វីៗទាំងអស់ ក្នុងន័យនេះគោលដៅនៃគ្រប់អ្វីៗទាំងអស់ គឺការស្រឡាញ់ទ្រង់។
ដូច្នេះហើយ ប្រសិនបើលោកអ្នកសួរខ្ញុំថា «តើលោកគ្រូគិតថា ហេតុអ្វីបានជាមានមនុស្សជាច្រើនកំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង ដើម្បីឲ្យបានយល់ពីអត្ថន័យនៃសេចក្ដីស្រឡាញ់?» — សំណួរនេះ នឹងត្រឡប់ទៅកន្លែងដើមវិញ គឺថា «ហេតុអ្វីបានជាមានមនុស្សជាច្រើនកំពុងប្រឈមមុខខ្លាំងនឹងការយល់អំពីអត្ថន័យសេចក្ដីស្រឡាញ់?»— ខ្ញុំនឹងឆ្លើយថា «ដោយឡែកក្រៅពីព្រះវិញ្ញាណបរិសុទ្ធ គ្មាននរណាម្នាក់អាចនឹងគិតអំពីសេចក្ដីស្រឡាញ់ដូចអ្វីដែលខ្ញុំទើបនឹងបានគិតនោះឡើយ។ អាស្រ័យដោយអំពើបាបពីកំណើតរបស់យើង យើងគិតតែពីខ្លួនឯង ហើយមិនយកព្រះទុកជាចំណុចកណ្ដាលទេ។ យើងរត់គេចទៅរាប់ពាន់ទិសដៅ ដើម្បីគេចចេញពីសេចក្ដីពិតមួយនេះ ដែលថាយើងអាចរកឃើញភាពពេញលេញ និងការស្កប់ចិត្តយូរអង្វែងក្នុងព្រះជាម្ចាស់។ ហើយព្រះជាម្ចាស់ ផ្ដល់ក្ដីមេត្តាករុណាមកកាន់យើងយ៉ាងច្បាស់ក្រឡែត ដើម្បីនាំយើងចូលទៅកាន់សេចក្ដីអំណរនោះ។
មតិយោបល់
Loading…