in

វេលា​កំណត់​បាន​មក​ដល់

What does it mean that God sent Jesus in the”fullness of time”?

«តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​ក្រោម​អំណាច​នៃ​ក្រិត្យ​វិន័យ។» (កាឡាទី ៤:៤)

​គម្ពីរ​មួយ​នេះ​ប្រកាស​អំពី​ការ​ដែល​ព្រះជាម្ចាស់​ចាត់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ក្នុង «វេលា​កំណត់​បាន​មកដល់»។ មាន​ព្រឹក្តិការណ៍​ជាច្រើន​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​នៃ​សត​វត្យ​ទី១ យ៉ាង​ហោក​ណាស់​តាម​រយៈ​ការ​គិតគូរ​របស់​យើង ពេល​នោះ​គឺជា​ពេល​ដ៏​ល្អ​ក្នុង​ការ​ឲ្យ​ព្រះ​យេស៊ូវ​យាង​មក។

តើ​មាន​មូល​ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​ចាត់​ព្រះ​យេស៊ូវ​ក្នុង​វេលា​ដែល​ទ្រង់​បាន​កំណត់​ឲ្យ​ទៅ? ហេតុ​អ្វី​បាន​ជា​មិន​ចាត់​មក​មុន​ហ្នឹង? ហេតុ​អ្វី​បាន​ជា​មិន​ចាត់​ក្រោយ​ហ្នឹង?

១) នៅ​គ្រា​នោះ​ក្នុង​ចំណោម​សាសន៍​យូដា​មាន​ការ​ទន្ទឹង​រង​ចាំ​យ៉ាង​ខ្លាំង​ថា ព្រះ​មេស្ស៊ី​នឹង​យាង​មក។ ការ​ដែល​ពួក​រ៉ូម​ត្រួត​ត្រា​លើ​សាសន៍​អ៊‌ីស្រាអែល​ធ្វើ​ឲ្យ​សាសន៍​យូដា​មាន​ការ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង​ក្នុង​ការ​ឲ្យ​ព្រះ​មេស្ស៊ី​យាង​មក។

២) ក្រោម​ការ​ត្រួត​ត្រា​របស់​ពួក​រ៉ូម ពួក​គេ​បាន​នាំ​ឲ្យ​ពិភព​លោក​មាន​ការ​រូប​រួម​គ្នា ដែល​ការ​នោះ​ផង​ដែរ​បាន​ផ្ដល់​ឲ្យ​ផ្នែក​នានា​នៃ​ទឹក​ដី​មួយ​ចំនួន​មាន​ការ​រួប​រួម​គ្នា។ ហើយ​ដោយ​សារ​ចក្រភព​មាន​សន្តិភាព នោះ​ការ​ធ្វើ​ដំណើរ​ក៏​អាច​ទៅ​រួច​បាន ដែល​ការ​នោះ​បាន​អនុញ្ញាត​ឲ្យ​គ្រីស្ទ​បរិស័ទ​គ្រា​ដំបូង​អាច​ផ្សព្វផ្សាយ​ដំណឹង​ល្អ​បាន។ បើ​នៅ​គ្រា​យុគសម័យ​ក្រៅ​ពី​នេះ នោះ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​មិន​អាច​ទៅ​រួច​បាន​ឡើយ។

៣) ក្នុង​ខណៈ​ពេល​ដែល​ពួក​រ៉ូម​បាន​យក​ឈ្នះ​ខាង​កង​ទ័ព ពួក​ក្រិក​បាន​យក​ឈ្នះ​ខាង​ប្រពៃណី។ សណ្ឋាន​នៃ​ភាសា «សាមញ្ញ» របស់​ពួក​ក្រិក (ខុស​គ្នា​ពី​អក្សរ​សិល្ប៍​ក្រិក) គឺ​ជា​ភាសា​ពាណិជ្ជកម្ម ហើយ​ក៏​ជា​ភាសា​ដែល​គេ​ប្រើ​ប្រាស់​ក្នុង​ចក្រ​វាល​ទាំង​មូល ដែល​ការ​នោះ​ហើយ​ធ្វើ​ឲ្យ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទៅ​រួច​បាន ទៅ​កាន់​ពួក​ក្រុម​មនុស្ស​ជា​ច្រើន​ទៀត​តាម​រយៈ​ភាសា​ដ៏​សាមញ្ញ​តែ​មួយ។

៤) ធាតុ​ពិត​ត្រង់​ថា ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ​ជា​ច្រើន​បាន​នាំ​ឲ្យ​ពួក​គាត់​បរាជ័យ​ក្នុង​ការ​យក​ឈ្នះ​លើ​ពួក​រ៉ូម ដែល​បាន​យក​ឈ្នះ​លើ​ពួក​គាត់ ដែល​ការ​នោះ​បាន​បណ្ដាល​ឲ្យ​អ្នក​ថ្វាយ​បង្គំ​បោះ​បង់​រូប​ព្រះ​ក្លែង​ក្លាយ​ទាំង​អស់​នោះ​ចោល។ ស្រប​គ្នា​នោះ​ដែរ ក្នុង​ទីក្រុង​ដែល​មាន​បែប​បទ​ប្រពៃណី​ល្អ​ជាង​ទី​ក្រុង​មួយ​ចំនួន ទស្សន​វិជ្ជា និង​វិទ្យា​សាស្ត្រ​របស់​ពួក​ក្រិក​នៅ​គ្រា​នោះ​បាន​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ភាព​ទទេ​ស្អាត​ខាង​ឯ​ព្រលឹង​វិញ្ញាណ ដូច​គ្នា​ផង​ដែរ ក្នុង​របៀប​ដែល​ពួក​គ្មាន​សាសនា​នៃ​ពួក​កុម្មុយនីស្ត​នាំ​ឲ្យ​មាន​ភាព​ទទេ​ស្អាត​ខាង​ឯ​ព្រលឹង​វិញ្ញាណ​សព្វ​ថ្ងៃ​នេះ​ដែរ។

៥) សាសនា​បែប​អាថ៌កំបាំង​មួយ​ចំនួន​នៅ​គ្រា​នោះ​ផ្ដោត​លើ​ព្រះ—សង្គ្រោះ ហើយ​ទាម​ទារ​អ្នក​ថ្វាយ​បង្គំ​ឲ្យ​បូជា​ឈាម ដែល​ការ​នោះ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ​ដែល​មាន​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​យញ្ញ​បូជា​ចុង​ក្រោយ​អាច​ជា​ការ​ជឿ​ជាក់​បាន​ចំពោះ​ពួក​គេ។ ពួក​សាសន៍​ក្រិក​ក៏​ជឿ​លើ​ភាព​អមតៈ​នៃ​ព្រលឹង​វិញ្ញាណ​ដែរ (ប៉ុន្តែ​មិន​ជឿ​ទៅ​លើ​រូប​កាយ​ឡើយ)។

៦) ពួក​កង​ទ័ព​រ៉ូម​ក៏​បាន​ជ្រើស​រើស​ពួក​ទាហាន​ចេញពី​តាម​តំបន់​ខេត្ត​នានា ហើយ​ណែ​នាំ​ទាហាន​ទាំង​នោះ​ឲ្យ​ស្គាល់​ប្រពៃណី​ពួក​រ៉ូម និង​គំនិត​គិត​គូរ (ដែល​មាន​ដូច​ជា​ដំណឹង​ល្អ​ជា​ដើម) ដែល​មិន​ទាន់​បាន​ឈាន​ទៅ​ដល់​ជាយ​ខេត្ត​មួយ​ចំនួន​នោះ​នៅ​ឡើយ​ទេ។ ការ​ណែ​នាំ​ដំណឹង​ល្អ​ដំបូង​បង្អស់​ទៅ​កាន់​ពួក​ប្រទេស​អង់គ្លេស​គឺ​ជា​លទ្ធផល​នៃ​ការ​ដែល​ពួក​ទាហាន​គ្រីស្ទ​បរិស័ទ​ទៅ​បោះ​ទី​តាំង​នៅ​ទី​នោះ។

ចំណុច​ទាំង​ប៉ុន្មាន​នៅ​ខាង​លើ​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ដែល​មនុស្ស​យើង​សង្កេត​មើល​លើ​ពេល​វេលា ហើយ​គ្រាន់​តែ​សន្មត​អំពី​មូល​ហេតុ​ដែល​នៅ​ចំណុច​ពេល​វេលា​នោះ​ក្នុង​ប្រវត្តិសាស្ត្រ គឺ​ជា​ពេល​វេលា​ដ៏​ល្អ​ក្នុង​ការ​ដែល​ព្រះ​គ្រីស្ទ​យាង​មក​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​យល់​ឃើញ​ថា របៀប​របស់​ព្រះ​ជាម្ចាស់​គឺ​មិន​មែន​ជា​របៀប​របស់​យើង​ឡើយ (អេសាយ ៥៥:៨) ហើយ​ចំណុច​ទាំង​ប៉ុន្មាន​ទំនង ឬ​ក៏​មិន​ទំនង​ជា​មូល​ហេតុ​ដែល​ព្រះ​អង្គ​ជ្រើស​រើស​ចាត់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ក្នុង​ពេល​វេលា​នោះ​ផង​ដែរ​ក៏​មិន​ដឹង។ យោង​តាម​កណ្ឌ​គម្ពីរ​កាឡាទី​ជំពូក៣ និង៤ យើង​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះ​ជាម្ចាស់​ព្យាយាម​ចាក់​គ្រឹះ តាម​រយៈ​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា ដែល​នឹង​រៀប​ចំ​សម្រាប់​ការ​ដែល​ព្រះ​មេស្ស៊ី​យាង​មក។ គោល​បំណង​នៃ​ក្រឹត្យ​វិន័យ​គឺ ដើម្បី​ជួយ​ឲ្យ​មនុស្ស​យល់​អំពី​ជម្រៅ​នៃ​ភាព​អាក្រក់​នៃ​អំពើ​បាប​របស់​ខ្លួន (ត្រង់​ថា​ពួក​គេ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ត្រាប់​តាម​ក្រឹត្យ​វិន័យ​នោះ​ឡើយ) ដើម្បី​ឲ្យ​ពួក​គេ​ទំនង​ជា​អាច​ត្រៀម​ខ្លួន​ក្នុង​ការ​ទទួល​ការ​ព្យាបាល​អំពើ​បាប​របស់​ពួក​តាម​រយៈ​ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​មេស្ស៊ី (កាឡាទី ៣:២២-២៣; រ៉ូម ៣:១៩-២០)។ ក្រឹត្យ​វិន័យ​ក៏ «ធ្វើ​ជា​អ្នក​ដឹក​នាំ» មនុស្ស​ទៅ​កាន់​ព្រះ​យេស៊ូវ​ជា​ព្រះ​មេស្ស៊ី​ដែរ (កាឡាទី ៣:២៤)។ វា​បាន​ធ្វើ​បែប​នោះ​តាម​រយៈ​ការ​លើក​ឡើង​ជា​ទំនាយ​ទាក់​ទង​ទៅ​នឹង​ព្រះ​មេស្ស៊ី​ដែល​ព្រះ​យេស៊ូវ​បាន​បំពេញ។ លើស​ពី​នោះ​ទៅ​ទៀត​គឺ​ការ​ធ្វើ​យញ្ញ​បូជា​ដែល​ចង្អុល​បង្ហាញ​ទៅ​លើ​តម្រូវ​ការ​ទាក់ទង់​នឹង​យញ្ញ​បូជា​ចំពោះ​អំពើ​បាប ក៏​ដូច​ជា​ការ​ដែល​វា​មិន​អាច​បំពេញ​បាន​ដោយ​ខ្លួន​ឯង (ដោយ​ថា​យញ្ញ​បូជា​នី​មួយៗ​តែងតែ​តម្រូវ​ឲ្យ​មាន​យញ្ញ​បូជា​មួយ​ទៀត​ថែម​ពី​លើ)។ ប្រវត្តិសាស្ត្រ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក៏​បាន​ផាត់​ជា​ពណ៌​អំពី​បុគ្គល និង​ព័ន្ធ​កិច្ច​របស់​ព្រះ​គ្រីស្ទ​តាម​រយៈ​ព្រឹត្តិការណ៍​មួយ​ចំនួន និង​ការ​ជប់​លៀង​ខាង​ឯ​សាសនា (ឧទាហរណ៍៖ ការ​ដែល​លោក អ័ប្រាហាំ ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ថ្វាយ​លោក អ៊ីសាក ឬ​ក៏​ការ​ពណ៌នា​យ៉ាង​លម្អិត​អំពី​ថ្ងៃ​បុណ្យ​រំលង​នៅ​ពេល​ដែល​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ប្រទេស​អេស៊ីព្ទ។ល។)។

ជា​ចុង​ក្រោយ ព្រះ​គ្រីស្ទ​បាន​យាង​មក​នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​យាង​មក​ក្នុង​ការ​បំពេញ​ទំនាយ​ដ៏​ជាក់​លាក់។ កណ្ឌ​គម្ពីរ ដានីយ៉ែល ៩:២៤-២៧ បាន​និយាយ​រៀប​រាប់​អំពី «៧០អាទិត្យ» ឬ​ក៏ ៧០ «ប្រាំពីរ»។ ដោយ​យោង​ទៅ​តាម​បរិបទ «អាទិត្យ» ទាំង​នេះ ឬ​ក៏ «ប្រាំពីរ» និយាយ​សំដៅ​ទៅ​លើ​ក្រុម​នៃ​ប្រាំ​ពីរ​ឆ្នាំ មិន​មែន​ប្រាំ​ពីរ​ថ្ងៃ​ទេ។ បើ​យើង​អាច​ពិនិត្យ​មើល​ប្រវត្តិ​សាស្ត្រ ហើយ​រៀប​រាប់​ពី​ចំណុច​លម្អិត​នៃ ហុកសិប​ប្រាំ​បួន​អាទិត្យ​ដំបូង (អាទិត្យ​ទី​ចិត​សិប​នឹង​កើត​ឡើង​នៅ​ឯ​អនាគត)។ ការ​រាប់​ចុះ​នៃ «៧០​អាទិត្យ» ចាប់​ផ្ដើម​ជា​មួយ​នឹង​ការ «បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូសាឡឹម ហើយ​សង់​ឡើង​វិញ» (ខ២៥)។ ស្ដេច អើថាស៊ើកសេស ឡ៉ងហ្គីម៉ានូស៍ (Artaxerxes Longimanus) បាន​ចេញ​រាជ​សារ​នៅ​ឆ្នាំ ៤៤៥ មុន​គ.ស. (នេហេមា ២:៥)។ បន្ទាប់​ពី​ប្រាំ​ពីរ «ប្រាំពីរ» បូក​ជាមួយ​នឹង ៦២ «ប្រាំពីរ» ឬ​ក៏ ៦៩ គុណ​នឹង ៧ ឆ្នាំ ទំនាយ​ក៏​បាន​លើក​ឡើង​ដូច​ត​ទៅ «នោះ​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង នឹង​ត្រូវ​ផ្ដាច់​ចេញ​វិញ ឥត​មាន​ទាក់​ទង​នឹង​អ្វី​ឡើយ រួច​បណ្ដា​ទ័ព​របស់​ចៅហ្វាយ១​ដែល​នឹង​មក គេ​នឹង​បំផ្លាញ​ទីក្រុង នឹង​ទី​បរិសុទ្ធ» (ខ២៦)។ នៅ​ត្រង់​នេះ យើង​មាន​ខ​គម្ពីរ​យោង​ដែល​មិន​អាច​ភ័ន្តច្រឡំ​បាន​ទាក់​ទង​ទៅ​នឹង​ការ​សុគត​របស់​ព្រះ​សង្គ្រោះ​នៅ​លើ​ឈើ​ឆ្កាង។ មួយ​សតវត្ស​មុន​នេះ ក្នុង​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា The Coming Prince លោកគ្រូ ស័រ រ៉ូបើ​ត អនឌឺសិន (Sir Robert Anderson) បាន​ផ្ដល់​ជូន​ការ​ទូទាត់​យ៉ាង​លម្អិត​អំពី​ហុកសិប​ប្រាំ​បួន​អាទិត្យ ដោយ​ប្រើ​ប្រាស់ «ឆ្នាំ​នៃ​ទំនាយ» ដោយ​អនុញ្ញាត​ឲ្យ​មាន​ឆ្នាំ​រំលង កំហុស​ឆ្គង​ក្នុង​ប្រតិទិន ការ​ប្ដូរ​ចេញ​ពី មុន​គ.ស. ទៅ គ.ស. ហើយ​បាន​រក​ឃើញ​ថា ហុកសិប​ប្រាំ​បួន​អាទិត្យ​បាន​ចប់​នៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ចូល​មក​ក្នុង​ទី​ក្រុង​យេរូសាឡឹម ប្រាំ​ថ្ងៃ​មុន​ទ្រង់​សុគត។ មិន​ថា​បុគ្គល​ណា​ម្នាក់​ប្រើ​ប្រាស់ ឬ​ក៏​មិន​ប្រើ​ប្រាស់​ការ​វិភាគ​មួយ​នេះ​ក៏​ដោយ ក៏​ត្រង់​ចំណុច​នេះ​គឺ​ថា ពេល​វេលា​នៃ​ការ​ដែល​ព្រះ​គ្រីស្ទ​យាង​មក​យក​កំណើត​ក៏​មាន​ភាព​ស៊ី​គ្នា​ក្នុង​ទំនាយ​យ៉ាង​លម្អិត​ដែល​ហោរា ដានីយ៉ែល បាន​កត់​ទុក​ប្រមាណ​ជាង ៥00 ឆ្នាំ​មុន​ដែរ។

ពេល​វេលា​នៃ​ការ​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​មក​យក​កំណើត គឺ​បាន​កើត​ឡើង​ក្នុង​លក្ខណៈ​ដែល​ថា មនុស្សម្នា​នៅ​គ្រា​នោះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​យាង​មក​របស់​ព្រះ​អង្គ។ ចាប់​តាំង​ពី​ពេល​នោះ​មក មនុស្ស​គ្រប់​សតវត្ស​មាន​ភស្តុតាង​យ៉ាង​គ្រប់​គ្រាន់​អំពី​ព្រះ​យេស៊ូវ​ដែល​ថា ទ្រង់​ពិត​ជា​ព្រះ​មេស្ស៊ី​ដែល​ត្រូវ​បាន​សន្យា​ឡើង​មែន តាម​រយៈ​ការ​ដែល​ព្រះ​អង្គ​បាន​បំពេញ​ព្រះ​បន្ទូល​ដែល​មាន​បង្ហាញ​ជា​រូប​ភាព និង​ទំនាយ​អំពី​ការ​យាង​មក​របស់​ទ្រង់​យ៉ាង​លម្អិត​ផង​ដែរ។

និពន្ធ​ដោយ៖ ក្រុម Got Questions
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក​ស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

​ផ្តេក​ក្នុង​ស្នូក

បន្ទាល់ និងមេរៀន​ដែល​ប៉ះពាល់ (ដោយ៖ កញ្ញា លី វួចឡេង)