in

ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល

Should Christians celebrate Christmas?

ការ​ជជែក​វែក​ញែក​គ្នា​ដេញ​ដោល​អំពី​សំណួរ​ដែល​លើក​ឡើង​ថា តើ​គ្រីស្ទ​បរិស័ទ​គួរ ឬ​ក៏​មិន​គួរ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល គឺ​ជា​ព្រឹត្តិ​ការណ៍​មួយ​ដែល​បាន ហើយ​នឹង​កំពុង​នៅ​តែ​បន្ត​កើត​ឡើង​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ មាន​ភាគី​គ្រីស្ទ​បរិស័ទ​ដែល​ប្ដូរ​ផ្ដាច់​ជំនឿ​យ៉ាង​ស្មោះ​ត្រង់​ចំនួន​ស្មើ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​ដែល​និយាយ​ទាក់​ទង​ទៅ​នឹង​ការ​ជជែក​គ្នា​មួយ​នេះ ហើយ​ភាគី​ទាំង​ពីរ​មាន​មូល​ហេតុ​ជា​ច្រើន​ថា​គ្រីស្ទ​បរិស័ទ​គួរ ឬ​ក៏​មិន​គួរ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ក្នុង​ផ្ទះ​របស់​ខ្លួន។ ប៉ុន្តែ តើ​ព្រះ​គម្ពីរ​មាន​ចែង​យ៉ាង​ដូច​ម្ដេច​ខ្លះ? តើ​ព្រះ​គម្ពីរ​បាន​លើក​ឡើង ព្រម​ទាំង​ផ្ដល់​ជូន​ការ​ណែ​នាំ​យ៉ាង​ច្បាស់​ថា តើ​គ្រីស្ទ​បរិស័ទ​គួរ ឬ​ក៏​មិន​គួរ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ដែរ​ឬ​អត់?

តោះ! ជា​ដំបូង ចូរ​យើង​នាំ​គ្នា​មើល​អំពី​មូល​ហេតុ​ដែល​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​មិន​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ជា​មុន​សិន។ ការ​ជជែក​គ្នា​មួយ​ទាស់​នឹង​ពិធី​បុណ្យ​ណូអែល​គឺ​ថា ទំនៀម​ទម្លាប់​នៅ​ជុំ​វិញ​ពិធី​បុណ្យ​មួយ​នេះ​មាន​ដើម​កំណើត​ចេញ​ពី​ប្រភព​ដែល​មិន​មែន​ជា​គ្រីស្ទ​សាសនា។ ការ​ស្វែង​រក​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន​លើ​ប្រធាន​បទ​មួយ​នេះ​គឺ​ពិត​ជា​ពិបាក​ណាស់ ពី​ព្រោះ​ដើម​កំណើត​ជា​ច្រើន​នៃ​ទំនៀម​ទម្លាប់​របស់​យើង​សុទ្ធ​តែ​មាន​ប្រភព​ដែល​យើង​មិន​សូវ​ដឹង​យ៉ាង​ច្បាស់ ដែល​ជា​រឿយៗ​ក៏​ជា​ប្រភព​ទាស់​ប្រឆាំង​នឹង​គ្នា​ទៀត​ផង។ កណ្ដឹង ទៀន របស់​របរ​តាំង​លម្អ​នានា និង​ពេល​វេលា​នៃ​រដូវ​កាល​គឺ​សុទ្ធ​តែ​មាន​ការ​រៀប​រាប់​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ថ្វាយ​បង្គំ​របស់​ពហុ​ទេព​សាសនា ប៉ុន្តែ​ការ​ដែល​បុគ្គល​ណា​ម្នាក់​បាន​ប្រើ​ប្រាស់​វត្ថុ​ទាំង​នោះ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​គឺ​មិន​មែន​មាន​ន័យ​ថា បុគ្គល​នោះ​បាន​វិល​ត្រឡប់​ទៅ​រក​ពហុ​ទេព​សាសនា​វិញ​នោះ​ទេ។ ខណៈ​ពេល​ដែល​ពិត​ជា​មាន​ទំនៀម​ទម្លាប់​មួយ​ចំនួន​ដែល​មាន​ឫស​គល់​ទៅ​នឹង​ពហុ​ទេព​សាសនា ក៏​ស្រប​ពេល​នឹង​គ្នា​នោះ​ដែរ​ក៏​នៅ​មាន​ទំនៀម​ទម្លាប់​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​ឫស​គល់​ដ៏​ពិត​ទាក់​ទង និង​អត្ថ​ន័យ​នៃ​ពិធី​បុណ្យ​ណូអែល—ការ​ប្រសូត​នៃ​ព្រះ​សង្គ្រោះ​សម្រាប់​លោកីយ៍​ទាំង​មូល​នៅ​ភូមិ​បេថ្លេហិម។ គេ​ប្រើ​ប្រាស់​កណ្ដឹង​ក្នុង​ការ​គោះ ដើម្បី​ប្រកាស​អំពី​ដំណឹង​ដ៏​មាន​អំណរ​ណា​មួយ។ ការ​ដុត​ទៀន​គឺជា​ការ​រម្លឹក​យើង​ថា ព្រះ​គ្រីស្ទ​គឺ​ជា​ពន្លឺ​នៃ​លោកា (យ៉ូហាន ១:៤-៩)។ ផ្កាយ​ដែល​គេ​ដាក់​លើ​ចុង​ដើម​ណូអែល​គឺ​ជា​ការ​រម្លឹក​អំពី​ផ្កាយ​នៃ​ភូមិ​បេថ្លេហិម ហើយ​ការ​ប្ដូរ​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​ការ​រម្លឹក​យើង​អំពី​ការ​ដែល​ពួក​ហោរា​ពី​ទិស​ខាង​កើត​បាន​ប្រទាន​អំណោយ​ទៅ​កាន់​ព្រះ​យេស៊ូវ ដែល​ជា​អំណោយ​ទាន​ដ៏​អស្ចារ្យ​បំផុត​ពី​ព្រះ​ជាម្ចាស់​ទៅ​កាន់​មនុស្ស​លោក។

មាន​ការ​ជជែក​វែក​ញែក​គ្នា​មួយ​ទៀត​ដែល​ទាស់​ទៅ​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ជា​ពិសេស​ការ​មាន​ដើម​ណូអែល គឺ​ថា​ព្រះ​គម្ពីរ​ហាម​មិន​ឲ្យ​យក​ដើម​ឈើ​ចូល​មក​ក្នុង​ផ្ទះ ហើយ​តុប​តែង​វា​ទេ។ កណ្ឌ​គម្ពីរ យេរេមា ១០:១-១៦ គឺ​ជា​ខ​គម្ពីរ​ដែល​គេ​តែង​តែ​លើក​យក​មក​ប្រើ​ប្រាស់ ដើម្បី​ប្រឆាំង ប៉ុន្តែ​ខ​គម្ពីរ​មួយ​នេះ​កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​កាប់​ដើម​ឈើ យក​វា​ឆ្លាក់​ទៅ​ធ្វើ​ជា​រូប​ព្រះ​ទេ​តើ ហើយ​បន្ទាប់​មក​តុប​តែង​រូប​ព្រះ​នោះ​ដោយ​ប្រើ​ប្រាស់​មាស​ប្រាក់​សម្រាប់​ទុក​ជា​គោល​បំណង​នៃ​ការ​ក្រាប​ចុះ​ថ្វាយ​បង្គំ​ពី​មុខ​វា (អេសាយ ៤៤:៩-១៨)។ ដាច់​ខាត! យើង​មិន​ត្រូវ​ដក​ខ​គម្ពីរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យេរេមា​យក​មក​ប្រើ​ប្រាស់​ខុស​បរិបទ​ជា​ការ​ជជែក​វែក​ញែក​គ្នា​ដ៏​ត្រឹម​ត្រូវ​ទាស់​នឹង​ការ​មាន​ដើម​ណូអែល​នោះ​ឡើយ។

គ្រីស្ទ​បរិស័ទ ដែល​បាន​ជ្រើស​រើស​មើល​រំលង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ចង្អុល​បង្ហាញ​ទៅ​លើ​ចំណុច​ពិត​ដែល​ថា ព្រះ​គម្ពីរ​មិន​បាន​ផ្ដល់​នូវ​ថ្ងៃ​ខែ​កំណើត​របស់​ព្រះ​គ្រីស្ទ​ទេ ដែល​តាម​ពិត​ទៅ​នោះ​គឺ​ជា​ចំណុច​ដ៏​ពិត​មែន។ ទំនង​ថ្ងៃ​ទី​២៥ ខែ​ធ្នូ គឺ​មិន​មែន​ជា​ពេល​វេលា​នៅ​ជិត​ពេល​វេលា​ដែល​ព្រះ​យេស៊ូវ​បាន​ប្រសូត​ផង ហើយ​ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ជជែក​វែក​ញែក​មួយ​នេះ​គឺ​ត្រឹម​ត្រូវ មាន​ចំណុច​ខ្លះ​ស៊ី​គ្នា​ទៅ​នឹង​រដូវ​កាល​នៅ​ប្រទេស​អ៊‌ីស្រាអែល ទំនៀម​ទម្លាប់​មួយ​ចំនួន​នៃ​ការ​ឃ្វាល​សត្វ​ចៀម​នៅ​រដូវ​ត្រជាក់ នឹង​កាល​បរិច្ឆេទ​នៃ​ការ​ដែល​សាសន៍​រ៉ូម​ធ្វើ​ការ​ជំរឿន​ប្រជាជន។ គ្មាន​ចំណុច​ណា​មួយ​ក្នុង​ចំណោម​ចំណុច​ទាំង​អស់​នោះ​ដែល​មិន​មាន​បរិមាណ​នៃ​ការ​ប៉ាន់​ស្មាន​ខ្លះៗ​នោះ​ទេ ដែល​ចំណុច​នេះ​នាំ​យើង​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ចំណុច​ពិត​វិញ​ដែល​ថា ព្រះ​គម្ពីរ​មិន​បាន​ប្រាប់​យើង​អំពី​ពេល​វេលា​នៃ​ពេល​ដែល​ព្រះ​យេស៊ូវ​ប្រសូត​នោះ​ឡើយ។ មនុស្ស​មួយ​ចំនួន​យក​ចំណុច​នេះ​មក​ធ្វើ​ជា​ភស្តុ​តាង​វិជ្ជមាន​ដែល​ថា ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ប្រារព្ធ​ការ​ប្រសូត​របស់​ទ្រង់​ទេ ស្រប​ពេល​នោះ​ដែរ ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​កាត់​យល់​ចំណុច​ដែល​ថា ព្រះ​គម្ពីរ​មិន​បាន​លើក​ឡើង​គឺ​ជា​ការ​គាំ​ទ្រ។

គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​បាន​អះអាង​ថា ដោយ​សារ​លោកីយ៍​បាន​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល—ទោះ​បើ​ថា ឥឡូវ​នេះ​ខាង​នយោបាយ​លើក​ឡើង​ថា​ប្រសិនបើ​ចង់​និយាយ​ឲ្យ​ត្រូវ នោះ​គួរ​ហៅ​ពិធី​បុណ្យ​នេះ​ថា «ថ្ងៃ​សម្រាក»—ដូច្នេះ​ហើយ​គ្រីស្ទ​បរិស័ទ​គួរ​តែ​គេច​ចេញ​ពី​វា​ទៅ។ ប៉ុន្តែ ចំណុច​ជជែក​វែក​ញែក​មួយ​នេះ​គឺ​ដូច​គ្នា និង​ចំណុច​ជជែក​វែក​ញែក​ដែល​សាសនា​ខុស​ឆ្គង​យក​មក​ប្រើ​ប្រាស់ ដើម្បី​បដិសេធ​ព្រះ​គ្រីស្ទ​ទាំង​មូល ក៏​ដូច​ជា​ក្រុម​ខុស​ឆ្គង​ជា​ច្រើន​ទៀត​ដែរ ឧទាហរណ៍​ពួក​សាក្សី​យេហូវ៉ា​ដែល​បដិសេធ​ភាព​ជា​ព្រះ​របស់​ព្រះ​គ្រីស្ទ។ គ្រីស្ទ​បរិស័ទ ដែល​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ជា​ទូ​ទៅ​ចាត់​ទុក​ឱកាស​នោះ​ជា​ពេល ដើម្បី​ប្រកាស​អំពី​ព្រះ​គ្រីស្ទ​ថា «ព្រះ​អង្គ​គឺ​ជា​មូល​ហេតុ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ» ទៅ​កាន់​ពិភព​លោក​ទាំង​មូល និង​ទៅ​កាន់​អស់​អ្នក​ដែល​ជាប់​ក្នុង​អន្ទាក់​នៃ​សាសនា​ខុស​ឆ្គង។

ដូច​ដែល​យើង​បាន​ឃើញ​រួច​ហើយ មិន​មាន​ហេតុ​ផល​សមរម្យ​ណា​មួយ​ចេញ​ពី​ព្រះ​គម្ពីរ​ក្នុង​ការ​ហាម​ប្រាម​មិន​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នោះ​ទេ។ ហើយ​ស្រប​គ្នា​នោះ​ដែរ ក៏​មិន​មាន​ការ​បញ្ជា​ចេញ​ពី​ព្រះ​គម្ពីរ​ដែល​តម្រូវ​ឲ្យ​យើង​ប្រារព្ធ​ពិធី​បុណ្យ​នៅ​ឯ​ណា​ដែរ។ តាម​ពិត​ទៅ ជា​ចុង​បញ្ចប់ ការ​ប្រារព្ធ ឬ​ក៏​មិន​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់ៗ​ខ្លួន​ទេ​តើ។ មិន​ថា​គ្រីស្ទ​បរិស័ទ​សម្រេច​ចិត្ត​បែប​ណា​ក៏​ដោយ ទាក់​ទង​នឹង​ពិធី​បុណ្យ​ណូអែល ក៏​ពួក​គាត់​មិន​គួរ​ប្រើ​ប្រាស់​ទស្សនៈ​ផ្ទាល់​ខ្លួន​ទុក​ជា​ការ​វ៉ៃ​ផ្ដួល​នរណា​ម្នាក់​ចុះ ឬ​ក៏​រិះគន់​នរណា​ម្នាក់​បែប​មិន​ត្រឹម​ត្រូវ​ដែល​ជំទាស់​នឹង​ទស្សនៈ​គាត់​នោះ​ឡើយ ហើយ​ភាគី​ទាំង​ពីរ​នៃ​ទស្សនៈ​នីមួយៗ​ក៏​មិន​គួរ​ប្រើ​ប្រាស់​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ទុក​ជា​គ្រឿង​បំពាក់​ដែល​ជា​សញ្ញា​នៃ​ការ​ផ្ដល់​កិត្តិយស​ដែល​តម្កើង​អំនួត​អួត​អាង ដើម្បី​ប្រារព្ធ ឬ​ក៏​មិន​ប្រារព្ធ​ផង​ដែរ។ ដូច​នៅ​ក្នុង​រាល់​គ្រប់​ចំណុច​ទាំង​អស់ យើង​អាច​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​អង្គ​ដែល​ប្រទាន​ឲ្យ​ដ៏​ទូលំ​ទូលាយ​ទៅ​កាន់​អស់​អ្នក​ដែល​ទូល​សូម​ពី​ទ្រង់ (យ៉ាកុប ១:៥) ហើយ​ទទួល​យក​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្ដី​ស្រឡាញ់ និង​ព្រះ​គុណ​បែប​ជា​គ្រីស្ទ​បរិស័ទ មិន​ថា​យើង​កាន់​ទស្សនៈ​មួយ​ណា​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​បុណ្យ​ណូអែល។

និពន្ធ​ដោយ៖ ក្រុម Got Questions
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក​ស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

​មាន​ចិត្ត​ចៅរ៉ៅ

គ្រោះថ្នាក់ទេ? បើ​ខ្ញុំ​ជឿ​លើ​ភាព​ចម្រុង​ចម្រើន៖ លោកគ្រូ​ ញាណ សំអាត