ព្រះជាម្ចាស់អនុញ្ញាតឲ្យមានការអាក្រក់កើតឡើង ពីព្រោះវាជាបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការអនុញ្ញាតឲ្យការអាក្រក់នោះកើតឡើង។ ប៉ុន្តែ នោះមិនមែនមានន័យថា ព្រះជាម្ចាស់បណ្ដាលឲ្យមានការអាក្រក់កើតឡើងដោយផ្ទាល់នោះទេ។ ឧទាហរណ៍៖ ទ្រង់មិនសព្វព្រះហឫទ័យឲ្យមនុស្សកុហក ប៉ុន្តែទ្រង់អនុញ្ញាតឲ្យពួកគេកុហក។ ដូចគ្នាផងដែរ ទ្រង់ក៏មិនចង់ឲ្យមនុស្សរងទុក្ខ ប៉ុន្តែទ្រង់អនុញ្ញាតឲ្យមនុស្សរងទុក្ខ។ នៅក្នុងករណីទាំងពីរ វាជាបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការអនុញ្ញាតឲ្យមនុស្សធ្វើអំពើអាក្រក់។
កណ្ឌគម្ពីរ អេភេសូរ ១:១១ មានចែងថា ព្រះជាម្ចាស់ធ្វើគ្រប់ការទាំងអស់ឲ្យបានសម្រេចស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ រឿងដែលយើងចាត់ទុកថាជាអំពើអាក្រក់ដែលមានដូចជា ត្រូវបានគេមកប្លន់ ឬក៏បាក់ជើងដោយសារធ្លាក់ពីលើកាំជណ្ដើរ ទាំងពីរអាចជាការអាក្រក់។ ការលួចគឺជាការខុសច្បាប់តាមផ្នែកសីលធម៌ ប៉ុន្តែការបាក់ជើងដោយចៃដន្យមិនមែនដូច្នោះនោះទេ។ ទ្រង់អនុញ្ញាតឲ្យការទាំងពីរប្រភេទនោះកើតឡើងលើយើង។ ហេតុអ្វី? ជាក់ស្ដែង យើងមិនអាចផ្ដល់នូវចម្លើយយ៉ាងច្បាស់លាស់ចំពោះរាល់ស្ថានភាពបាននោះទេ ប៉ុន្តែយើងអាចនិយាយបានថា ព្រះជាម្ចាស់មិនមានព្រះហឫទ័យភ្ញាក់ផ្អើលនឹងអ្វីដែលបានកើតឡើង ហើយទ្រង់ក៏នៅមានហេតុផលក្នុងការអនុញ្ញាតឲ្យមានការអ្វីមួយកើតឡើង។
មានការពន្យល់មួយផ្សេងទៀតដែលថា ហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឲ្យការអាក្រក់កើតឡើង គឺដោយសារលោក អ័ដាម តំណាងមនុស្សលោកទាំងមូល។ លោក អ័ដាម តំណាងឲ្យយើងទាំងអស់គ្នា (ខយោង៖ ១កូរិនថូស ១៥:២២) ដូច្នេះនៅពេលដែលគាត់បានប្រព្រឹត្តិអំពើបាបនៅក្នុងសួនច្បារអេដែន នោះយើងក៏បានទទួលការរងទុក្ខពីផលកម្មនៃការបះបោររបស់គាត់។ បើនិយាយម្យ៉ាងទៀតទៅ យើងកើតមកលើផែនដីនេះជាកន្លែងដែលបាក់បែក និងពេញដោយអំពើបាបដោយសារអំពើបាបរបស់លោក អ័ដាម។ ដូច្នេះ នេះមានន័យថា ព្រះជាម្ចាស់កំពុងតែអនុញ្ញាតឲ្យផលកម្មនៃអំពើបាបមានដំណើរការលើផែនដីនេះ ដែលនេះមានរួមបញ្ចូលទាំងអំពើអាក្រក់នានាផងដែរ។ ចេញពីការនេះ យើងក៏អាចនិយាយបានថា នេះជាការបង្ហាញថាអំពើបាបពិតជាអាក្រក់ខ្លាំងណាស់ ហើយព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យក្នុងការបង្ហាញមនុស្សទាំងអស់ឲ្យបានឃើញថា អំពើបាប និងផលកម្មរបស់វាប៉ះពាល់យ៉ាងអាក្រក់ណាស់ដែរ។
ចំណែកឯការពន្យល់មួយទៀតគឺថា ព្រះជាម្ចាស់ក៏អាចប្រើប្រាស់ការអាក្រក់ទាំងនោះឲ្យក្លាយទៅជាការល្អបានដែរ។ ឧទាហរណ៍៖ នៅពេលដែលយើងមើលការដែលគេឆ្កាងព្រះយេស៊ូវ ដែលនោះជារបៀបយើងទទួលបានសេចក្ដីសង្គ្រោះចេញពីអំពើបាបរបស់យើង នោះយើងឃើញពីលទ្ធផលនៃការដែលមនុស្សធ្វើការអាក្រក់ទៅលើព្រះយេស៊ូវ។ តែទោះជាយ៉ាងណាក្ដី ក៏យើងនៅទទួលបានសេចក្ដីសង្គ្រោះតាមរយៈការនេះដែរ។ ចូរសរសើរដល់ព្រះជាម្ចាស់ចុះ។ កណ្ឌគម្ពីរ កិច្ចការ ៤:២៧-២៨ បានចែងថា៖ «ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាស-ពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំង ដើម្បីធ្វើអ្វីៗដែលព្រះហស្តព្រះអង្គ និងគម្រោងការរបស់ព្រះអង្គ បានកំណត់ទុកឲ្យកើតឡើង» (គកស)។
ពេលខ្លះ យើងមិនយល់ថា ហេតុអ្វីបានជាមានអំពើអាក្រក់កើតឡើងទេ។ ឧទាហរណ៍ផ្ទាល់ខ្លួន៖ មិនយូរប៉ុន្មានបន្ទាប់ពីកូនប្រុសយើងបានកើតមក គាត់ក៏បានស្លាប់ទៅ។ ប្រពន្ធរបស់ខ្ញុំ និងខ្ញុំបានធ្វើពិធីបុណ្យសពសម្រាប់គាត់ ហើយទោះបើថា ពួកយើងមិនដឹងអំពីមូលហេតុដែលព្រះជាម្ចាស់អនុញ្ញាតឲ្យកូនយើងស្លាប់ក៏ដោយ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំនេះ ខ្ញុំបានមានទំនាក់ទំនងជាមួយអស់អ្នកដែលបានបាត់បង់កូនៗរបស់គេដែរ។ ខ្ញុំអាចលើកទឹកចិត្តដល់ពួកគេបាន ហើយចង្អុលបង្ហាញពួកគេឲ្យមើលទៅកាន់ព្រះយេស៊ូវ—ពីព្រោះខ្ញុំដឹងអំពីអ្វីដែលពួកគេកំពុងឆ្លងកាត់ដែរ។ ដូច្នេះ ពេលខ្លះព្រះជាម្ចាស់អនុញ្ញាតឲ្យការអាក្រក់កើតឡើង ដើម្បីឲ្យយើងអាចជួយអស់អ្នកដែលឆ្លងកាត់ការលំបាកៗជាច្រើននៅក្នុងជីវិតរបស់ពួកគេបាន។
មតិយោបល់
Loading…