in

ថ្វាយបង្គំពេលខូចចិត្ត

ខ្ញុំ​បាន​មើល​មុខ​សង្សារ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​នឹក​ចាំ​អំពី​ពាក្យ​ពេចន៍​របស់​គាត់​ដែល​បាន​និយាយ​ទៅ​កាន់​ខ្ញុំ៖ «បង​ពិត​ជា​មិន​ចូល​ចិត្ត​ចំណាយ​ពេល​នៅ​ជា​មួយ​អូន​ទាល់​តែ​សោះ»។

ខ្ញុំ​មិន​ដែល​ដឹង​ថា បេះដូង​អាច​នឹង​ខូច ហើយ​ខ្ទេច​ខ្ទាំ​បាន​យ៉ាង​ឆាប់​រហ័ស—ដោយ​សារ​តែ​ពាក្យ​មួយ​ប្រយោគ​បែប​នេះ​សោះ។ ខ្ញុំ​ក៏​បាន​ស្វះស្វែង​រក​អ្វី​មួយ ដើម្បី​ជួយ​បន្ទន់​ភាព​ចាក់​ដោត​នៃ​ពាក្យ​ទាំង​១៣​នោះ។ ខ្ញុំ​អាច​រក​ឃើញ​តែ​បួន​ពាក្យ​ប៉ុណ្ណោះ «ជូន​អូន​ទៅ​ផ្ទះ»។ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​បើក​បរ គំនិត​របស់​ខ្ញុំ​ក៏​ស្រអាប់​ព្រាលៗ ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​យើង​កំពុង​តែ​ជិះ​កាត់​អញ្ចឹង។ តើ​អាច​ឲ្យ​ទំនាក់​ទំនង​បី​ឆ្នាំ​កន្លង​មក​ចប់​ត្រឹម​បី​នាទី​បាន​យ៉ាង​ដូច​ម្ដេច?

ពាក្យ​ថា «ខូច​ចិត្ត» គឺ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​មែន​ទែន នៅ​ក្នុង​សង្គម​របស់​យើង ដែល​ស្ដាប់​ទៅ​វា​ហាក់​ដូច​ជា​រ៉ូមែនទិច​ណាស់។ នៅ​អំឡុង​ពេល​នោះ ខ្ញុំ​ក៏​យល់​ថា វា​ពិត​ជា​មិន​រ៉ូមែនទិច​ទេ—សង្រែក​នៃ​ទឹក​ភ្នែក ការ​បែក​បាក់​ដែល​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ពេញ​លេញ ប្រភេទ​នៃ​ការ​ឈឺ​ចាប់​ដែល​មិន​ព្រម​បោះ​បង់​ចោល។

ការ​ខូច​ចិត្ត​ទំនង​ជា​កើត​ឡើង​នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​ទទួល​បាន​ទូរស័ព្ទ​ពី​គ្រូ​ពេទ្យ ហើយ​ប្រាប់​នាង​ថា កូន​របស់​នាង​បាន​រលូត​ហើយ។ គឺ​ជា​កូន​ដែល​ដឹង​ថា ឪពុក​របស់​ខ្លួន​មាន​ជម្ងឺ​មហារីក។ វា​គឺ​ជា​ការ​បែក​បាក់​ទំនាក់​ទំនង និង​ការ​បាក់​ទឹក​ចិត្ត​ដ៏​ធ្ងន់ធ្ងរ ហើយ​ក្ដី​ស្រមៃ​កំពុង​រលាយ​បន្តិច​ម្ដងៗ​នៅ​ក្នុង​ដៃ​របស់​យើង។

នៅ​ថ្ងៃ​បន្ទាប់​ពី​ខ្ញុំ​បាន​ខូច​ចិត្ត ខ្ញុំ​ក៏​បាន​ទៅ​ព្រះ​វិហារ។ រៀង​រាល់​ថ្ងៃ​អាទិត្យ ព្រះ​វិហារ​មាន​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មាន​បេះដូង​ដែល​ខ្ទេចខ្ទាំ ហើយ​ឈឺ​ចុក​ចាប់។ ទោះ​បើ​ខ្ញុំ​មាន​មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​ក្នុង​សហគមន៍​ក៏​ដោយ ក៏​ការ​ឈឺ​ចាប់​នោះ​នៅ​តែ​មាន​អារម្មណ៍​ថា​វា​ផ្ទាល់​ខ្លួន​ដែរ។ «ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្តី​ជូរ​ចត់​របស់​ខ្លួន» (សុភាសិត ១៤:១០)។ ការ​ឈឺ​ចាប់​ដ៏​ខ្លាំង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ដូច​ជា​ជាប់​ក្នុង​គុក​អញ្ចឹង។ ខ្មាំង​សត្រូវ​ដែល​ជា​អារក្ស​សាតាំង​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ចាក់​សោ​អ្នក​ជឿ​នៅ​ក្នុង​គុក​នៃ​ការ​ឈឺ​ចាប់ និង​ឃុំ​យើង​ទុក​នៅ​ក្នុង​ភាព​ឯកា​នោះ​ទេ។ ប៉ុន្តែ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ទ័យ​ធ្វើ​ផ្ទុយ​ពី​នោះ។ នេះ​គឺ​ជា​ចំណុច​បី​យ៉ាង​ដែល​ត្រូវ​ចង​ចាំ​នៅ​ពេល​ដែល​លោក​អ្នក​ធ្លាក់​ក្នុង​ការ​ល្បួង​ឲ្យ​នៅ​ផ្ទះ​ព្រឹក​ថ្ងៃ​អាទិត្យ ពេល​ខូច​ចិត្ត។

ការ​ខូច​ចិត្ត​គឺ​ជា​ឱកាស​បើក​ចំហ​ចិត្ត

«ការ​ខូច​ចិត្ត​មាន​ច្រើន​ប្រភេទ ហើយ​ព្រះ​គ្រីស្ទ​ពូកែ​ព្យាបាល​ការ​ខូច​ចិត្ត​ទាំង​នោះ​ណាស់»។ (Charles Spurgeon)

សូម​ស្រមៃ​បែប​នេះ​ថា លោក​អ្នក​កំពុង​តែ​មាន​បញ្ហា​បេះដូង ហើយ​លោក​អ្នក​ត្រូវ​ការ​វះ​កាត់​បេះដូង​បើក​ចំហ​ដ៏​ប្រថុយ​ប្រថាន​មួយ។ នៅ​មន្ទីរ​ពេទ្យ​មួយ មាន​គ្រូ​ពេទ្យ​ជា​ច្រើន​អ្នក​ដែល​អះអាង​ថា​ខ្លួន​មាន​ជំនាញ​ខាង​ឯ​ការ​វះ​កាត់ ប៉ុន្តែ​មាន​តែ​ម្នាក់​ទេ​ដែល​មាន​ប្រវត្តិ​មិន​ដែល​ភ្លាត់—រាល់​ដំណើរ​ការ​ដែល​គាត់​ធ្វើ​ការ​វះ​កាត់​មិន​ដែល​ភ្លាត់​សោះ។ រាល់​ការ​ដែល​គាត់​ធ្វើ​គឺ​ល្អ​ឥត​ខ្ចោះ។

តើ​លោក​អ្នក​នឹង​ជ្រើស​រើស​យក​គ្រូ​ពេទ្យ​ដែល​មាន​បទ​ពិសោធ​តិច​ជាង ឬ​មាន​ប្រវត្តិ​មិន​ល្អ? ប្រសិន​បើ​លោក​អ្នក​ឲ្យ​តម្លៃ​លើ​ជីវិត​របស់​ខ្លួន នោះ​លោក​អ្នក​នឹង​មិន​ជ្រើស​បែប​នោះ​ទេ។

ព្រះ​ជាម្ចាស់​គឺ​ជា​គ្រូ​ពេទ្យ​តែ​មួយ​អង្គ​គត់ ដែល​អាច​ព្យាបាល​ការ​ខូច​ចិត្ត​របស់​លោក​អ្នក​បាន​យ៉ាង​ពេញ​លេញ ហើយ​ព្រះ​អង្គ​ក៏​មិន​ដែល​បរាជ័យ​នៅ​ក្នុង​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការ​ព្យាបាល​នោះ​ទេ។ នាង​សារ៉ាយ ស្ដេច ដាវីឌ និង​ហោរា ហូសេ ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​ទទួល​រង​ការ​ឈឺ​ចាប់​ពី​ការ​ខូច​ចិត្ត​នៅ​ក្នុង​ហេតុផល​ផ្សេងៗ​គ្នា— នាង​សារ៉ាយ ជា​ស្ត្រី​អារ ស្ដេច ដាវីឌ បាន​ឆ្លង​ផ្លូវ​នៃ​អំពើ​បាប​យ៉ាង​អាម៉ាស់ ហោរា ហូសេ បាន​ស្រឡាញ់​ដោយ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​វិញ—ហើយ​ព្រះ​ជាម្ចាស់​បាន​ព្យាបាល​ពួក​គាត់​ទាំង​អស់​គ្នា។ ការ​ខូច​ចិត្ត​គឺ​ជា​ចិត្ត​ដែល​បើក​ចំហ ហើយ​ចិត្ត​ដែល​បើក​ចំហ​គឺ​វា​ងាយ​រង​គ្រោះ​ណាស់។ ក្នុង​អំឡុង​ពេល​ដែល​ងាយ​រង​គ្រោះ​បែប​នេះ សូម​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ក្លាយ​ជា​ទី​ពឹង​ជ្រក​របស់​លោក​អ្នក​ចុះ។ សូម​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​បំពេញ​លោក​អ្នក​ដោយ​ការ​ព្យាបាល​តាម​រយៈ​ការ​ច្រៀង​សរសើរ ការ​អធិស្ឋាន និង​ការ​បង្រៀន​ពី​ក្រុម​ជំនុំ ដែល​ជា​គ្រួសារ​របស់​លោក​អ្នក​ចុះ។

ការ​ឈឺ​ចាប់​គឺ​ជា​ការ​ផ្ទាល់​ខ្លួន ប៉ុន្តែ​ការ​ព្យាបាល​គឺ​ជា​ការ​សហការ​គ្នា

តើ​លោក​អ្នក​ធ្លាប់​មាន​មិត្តភក្ដិ​ជិត​ស្និទ្ធ​ណា​ម្នាក់​ដែល​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់​ដ៏​ធ្ងន់ធ្ងរ ហើយ​គាត់​មិន​បាន​ប្រាប់​លោក​អ្នក​ដែរ​ឬ​ទេ? វា​ពិត​ជា​ឈឺ​ចាប់​មែន​ទែន​នៅ​ពេល​ដែល​លោក​អ្នក​បាន​ដឹង​អំពី​ការ​នោះ។ យ៉ាង​ហោច​ណាស់​ក៏​មាន​ហេតុ​ផល​ពីរ​យ៉ាង​ដែរ​ដែល​ថា វា​ពិត​ជា​ឈឺ​ចាប់​មែន៖ (១) វា​ធ្វើ​ឲ្យ​លោក​អ្នក​ឈឺ​ចាប់​ដោយ​សារ​មិត្តភក្ដិ​របស់​លោក​អ្នក​កំពុង​តែ​ឈឺ​ចាប់ ហើយ (២) វា​ឈឺ​ចាប់​ដែល​មិត្តភក្ដិ​របស់​លោក​អ្នក​មិន​ទុក​ចិត្ត​លោក​អ្នក​ក្នុង​ការ​ជួយ​យក​បន្ទុក​របស់​គាត់​ជា​មួយ​នឹង​គាត់។

ក្នុង​នាម​ជា​អ្នក​ជឿ ព្រះ​ជា​ម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក (កាឡាទី ៦:២)។ គ្មាន​នរណា​ម្នាក់​ហ៊ាន​ជំទាស់​ថា បុរស​ម្នាក់​អាច​លើក​អ្វី​មួយ​បាន​ខ្លាំង​ជាង​បុរស​ដប់​នាក់​ដែល​កំពុង​លើក​ជា​មួយ​គ្នា​នោះ​ទេ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​តែង​តែ​មើល​រំលង​ដៃ​ដែល​លាត​មក​ជួយ​យើង​ក្នុង​ការ​ទ្រ​បន្ទុក​របស់​យើង ហើយ​ព្យាយាម​លី​បន្ទុក​របស់​យើង​ដោយ​ខ្លួន​ឯង​ធ្វើ​អ្វី? យើង​ប្រហែល​ជា​តែង​តែ​លី​នូវ​បន្ទុក​ដ៏​ធ្ងន់​បំផុត ប៉ុន្តែ​ការ​លើក​ទឹក​ចិត្ត និង​ការ​គាំទ្រ​ពី​បង​ប្អូន​ប្រុស​ស្រី​រួម​ជំនឿ​នឹង​អាច​ជួយ​សម្រាល​បន្ទុក​ទាំង​នោះ​បាន។ សូម​តយុទ្ធ​ជា​មួយ​ការ​ឈឺ​ចាប់​ដោយ​ការ​ច្រៀង​យ៉ាង​អស់​ពី​ចិត្ត ភាព​ឯកា​ជា​មួយ​នឹង​សហគមន៍ និង​ការ​បាក់​ទឹក​ចិត្ត​ដោយ​ព័ន្ធកិច្ច​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ចុះ។

សូម​ដាក់​ខ្លួន​របស់​លោក​អ្នក​នៅ​ក្នុង​កន្លែង​ប្រជា​រាស្ត្រ​របស់​ព្រះ​ជា​ម្ចាស់ នោះ​លោក​អ្នក​នឹង​ឃើញ​ថា ការ​ព្យាបាល​តម្រូវ​ឲ្យ​មាន​មនុស្ស​មួយ​ភូមិ—ហើយ​ថា ភូមិ​ទាំង​មូល​ពិត​ជា​ខ្លាំង​ជាង​ក្នុង​ការ​ព្យាបាល​ណាស់។ យើង​ត្រូវ​តែ​តយុទ្ធ​ជា​មួយ​ការ​ឈឺ​ចាប់​ដ៏​ខ្លាំង​របស់​យើង​ដោយ​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​វរបិតា ដើរ​ទៅ​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​រួម​ជំនឿ​ដែល​អាច​អធិស្ឋាន​ជា​មួយ​យើង និង​សម្រាប់​យើង​ផង​ដែរ។

ការ​ថ្វាយ​បង្គំ​បង្កើត​ឲ្យ​មាន​ទស្សនវិស័យ

«សូម​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ
សូម​មើល​ឲ្យ​ចំ​ព្រះ​ភ័ក្ដ្រ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ចុះ
ហើយ​គ្រប់​ការ​ទាំង​អស់​នៅ​ផែន​ដី​នឹង​ត្រឡប់​ទៅ​ជា​ស្រអាប់​យ៉ាង​ចម្លែក
ដោយ​សារ​ពន្លឺ​នៃ​សិរី​ល្អ និង​ព្រះ​គុណ​របស់​ទ្រង់​ជា​មិន​ខាន»។

ទោះ​បី​ជា​ទុក្ខ​លំបាក​មិន​មែន​ជា​រឿង​តូច​តាច​ក៏​ដោយ ក៏​ព្រះ​ជាម្ចាស់​តែង​តែ​ធំ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត។ ការ​ថ្វាយ​បង្គំ​ជួយ​យើង​ឲ្យ​ផ្ដោត​គំនិត​លើ​ភាព​ឧត្ដុង្គឧត្ដម​របស់​ព្រះ​ជាម្ចាស់​ឡើង​វិញ​ម្ដង​ទៀត និង​ជា​ការ​ដែល​ដាក់​ការ​ឈឺ​ចាប់​របស់​យើង​នៅ​កន្លែង​ដែល​ត្រឹម​ត្រូវ—នៅ​ក្រោម​ការ​សោយរាជ្យ​របស់​ព្រះ​វរបិតា ដែល​ទ្រង់​មាន​ជ័យ​ជម្នះ​រួច​ស្រេច​ហើយ។

ទោះ​បី​ជា​លោក​អ្នក​មាន​អារម្មណ៍​ថា​ប្លែក​នៅ​ពេល​នេះ​ក៏​ដោយ សូម​លើក​ដៃ​សរសើរ​តម្កើង ហើយ​នឹក​ចាំ​ថា​យើង​បាន​ទទួល​ជ័យ​ជម្នះ​រួចរាល់​ហើយ។ សូម​ចង​ចាំ​ថា ព្រះ​ជាម្ចាស់​ដែល​ជា​អង្គ​គ្រប់​គ្រង់​លើ​ជីវិត​របស់​លោក​អ្នក​នៅ​ក្នុង​ព្រះ​ហស្ត​ដ៏​មាន​ឥទ្ធិឫទ្ធិ​របស់​ទ្រង់​កំពុង​នាំ​យើង​ទៅ​កាន់​សមរភូមិ​ដែល​មាន​ជ័យ​ជម្នះ។ «ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ» (ចោទិយកថា ៣១:៦)។

នៅ​ពេល​ដែល​យើង​ឈរ​នៅ​លើ​កំពូល​ភ្នំ​នៃ​ការ​ថ្វាយ​បង្គំ នោះ​យើង​នឹង​ឃើញ​ពី​ភាព​តូច​តាច​របស់​យើង​ជា​មិន​ខាន។ ហើយ​វា​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ទាល់​តែ​សោះ។ យើង​ទទួល​បាន​អំណរ​ដោយ​ដឹង​ថា ព្រះ​គ្រីស្ទ​មាន​សិរីរុងរឿង​លើស​ជាង​អ្វី​ដែល​យើង​អាច​គិត​ដល់ និង​មាន​សិរីរុងរឿង​នៅ​ក្នុង​ការ​ដែល​ព្រះ​អង្គ​គ្រប់​គ្រង​លើ​គ្រប់​របស់​ទាំង​អស់ ដោយ​រួម​បញ្ចូល​គ្រប់​ចំណុច​ទាំង​អស់ និង​វិនាទី​នៃ​ការ​ឈឺ​ចាប់​របស់​យើង​ដែរ។ គ្មាន​អ្វី​អាច​ប៉ះពាល់​លោក​អ្នក​បាន​ទេ លើក​លែង​តែ​តាម​រយៈ​ការ​ចម្រាញ់​តាម​ម្រាម​នៃ​ព្រះ​ហស្ត​ដ៏​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​សិន។

សូម​ឲ្យ​ការ​សរសើរ​តម្កើង​យ៉ាង​ស្មោះ​ពី​ចិត្ត​រម្លឹក​យើង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ និង​អធិបតេយ្យភាព​ដ៏​ពេញ​ទី​របស់​ទ្រង់ ហើយ​សូម​ឲ្យ​ការ​រម្លឹក​ទាំង​នេះ​បាន​នាំ​មក​នូវ​ការ​ព្យាបាល​ដល់​ការ​ខូច​ចិត្ត​របស់​លោក​អ្នក​ចុះ។ ការ​ថ្វាយ​បង្គំ​គឺ​ជា​ថ្នាំ សម្រាប់​ព្យាបាល សូម្បី​តែ​របួស​ដ៏​ជ្រៅ​បំផុត​ក៏​ដោយ។

និពន្ធដោយ៖ អ្នកគ្រូ Rachel Coulter
បកប្រែដោយ៖ លោក ខែម បូឡុង
កែសម្រួលដោយ៖ លោក, ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ឯក សត្យា និងលោក សួន ចាន់រួម
ដកស្រង់ និងកែសម្រួលចេញពី desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គឺមាន​ព្រះវត្តមាន​ព្រះអង្គ

ព្រះគ្រីស្ទគឺជាព្រះក្នុងសណ្ឋានជាមនុស្ស