in ,

របៀ​ប​មិន​ត្រឹមត្រូវ​ក្នុងការ​​ប្រើប្រាស់​ព្រះ​គម្ពីរ

Wrong ways to use the Bible

មាន​​របៀប​មិន​ត្រឹម​ត្រូវ​ផ្សេងៗ ដែល​​គ្រីស្ទ​បរិស័ទ​​​​ប្រើ​ប្រាស់​ព្រះ​គម្ពីរ។ ខាង​ក្រោម​នេះ យើង​នឹង​​មើល​​​​ពី​របៀប​មិន​ត្រឹម​ត្រូវ​បី​​យ៉ាង​​ដោយ​សង្ខេប។

របៀប​មិន​ត្រឹម​ត្រូវ​ទី១៖ គ្រីស្ទ​បរិស័ទ​​គ្រាន់​តែ​​មើល​លើ​​ខ​គម្ពីរ​​ផ្សេងៗ​ដោយ​​​មិន​មាន​រចនាសម្ព័ន្ធ​​នៅក្នុង​របៀប​​ដែល​ពួកគេ​​អាន​ព្រះគម្ពីរ ហើយ​បន្ទាប់​មក​ពួកគេ​អនុវត្ត​​ខគម្ពីរ​មួយ​ដោយ​មិន​គិត​ពី​បរិបទ​របស់​វា។ ឧទាហរណ៍ ពួក​គេ​ប្រហែល​ជា​អាន​កណ្ឌ​គម្ពីរ និក្ខមនំ ៣១:១២-១៧ ហើយ​​គេ​គិត​ថា គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​រក្សា​​ថ្ងៃ​សៅរ៍​​ជា​ថ្ងៃ​ឈប់​សម្រាក (ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​សៅរ៍)។ យើង​ត្រូវ​​តែ​កាត់​ស្រាយ​​បទ​គម្ពីរ​ផ្សេងៗ​ដោយ​ការ​គិត​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​ទាំង​មូល​និយាយ​សំដៅ​លើ។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​បង្គាប់​ឲ្យ​​គ្រីស្ទ​បរិស័ទ​​រក្សា​ថ្ងៃ​ឈប់​សម្រាក​​នោះ​ទេ (កូល៉ុស ២:១៦-១៧)។

របៀប​មិន​ត្រឹម​ត្រូវ​ទី២៖ នៅ​ក្នុង​ការ​អាន​ព្រះគម្ពីរ ពួក​គាត់​​គិត​ថា​ព្រះគម្ពីរ​គ្រាន់​តែ​ជា​​សៀវភៅ​ក្បួន​ច្បាប់ ឬ​សៀវភៅ​អំពី​សីលធម៌​ប៉ុណ្ណោះ។ ព្រះ​គម្ពីរ​ពិត​ជា​​មាន​ច្បាប់​​និង​​បង្រៀន​អំពី​សីលធម៌ ប៉ុន្តែ​នោះ​មិន​មែន​ជា​​លក្ខណៈ​គ្រឹះ​របស់​ព្រះគម្ពីរ​នោះ​ឡើយ។ ព្រះ​គម្ពីរ​គឺជា​ព្រះ​បន្ទូល​របស់​ព្រះ​​ដែល​បើក​សំដែង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ ហើយ​ព្រះគ្រីស្ទ​គឺជា​ចំនុច​កណ្តាល។ ដាច់​ខាត! យើង​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ​​​តាម​របៀប​នេះ​។

របៀប​មិន​ត្រឹម​ត្រូវ​ទី៣៖ ពួកគាត់​គ្រាន់​តែ​អាន​ផ្នែក​ផ្សេងៗ​​របស់​ព្រះគម្ពីរ ដើម្បី​លើក​ទឹកចិត្ត​ខ្លួន​ឯង ប៉ុន្តែ​ពួកគាត់​មិន​ជឿ​លើ​អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​ទេ។ ចូរ​ស្រមៃ​ទៅ​មើល​ថា មាន​​ការ​រត់​ប្រណាំង​ចម្ងាយ​​ឆ្ងាយ​មួយ​​ដែល​អ្នក​រត់​ប្រណាំង​ទាំង​អស់​ត្រូវ​តែ​រត់​តាម​ផ្លូវ​ជា​ច្រើន។ ពួកគាត់​មិន​បាន​ស្គាល់​ផ្លូវ​ទាំង​អស់​ក្នុង​ការ​រត់​ប្រណាំង​នោះ​ទេ ដូច្នេះ​​ពួក​គាត់​ត្រូវ​​មាន​ផែនទី​​មួយ ដើម្បី​បង្ហាញ​​​ផ្លូវ​ដែល​ពួកគាត់​ត្រូវ​រត់​​តាម។ សូម​នឹក​ស្រមៃ​ថា អ្នក​រត់​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​​ប្រើ​ផែនទី ប៉ុន្តែ​មិន​​ធ្វើ​​តាម​អ្វី​ដែល​​ផែនទី​ប្រាប់​នោះ​ទេ។ គាត់​គ្រាន់​តែ​គិត​ថា ផែនទី​នោះ​ស្អាត​ហើយ​​ផ្តល់​ឲ្យ​គាត់​មាន​​គំនិត​ល្អៗ។ ដូច្នេះ ខណៈ​ពេល​កំពុង​រត់​ប្រណាំង​ហើយ​គាត់​ហត់ នោះ​គាត់​យក​ផែនទី​ចេញ​មក​មើល គាត់​ក៏​មាន​អារម្មណ៍​សប្បាយ ពី​ព្រោះ​គាត់​បាន​មើល​​​ផែនទី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នេះ ដែល​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​បន្ត​រត់​ទៅ​មុខ​ទៀត។ ប៉ុន្តែ​​គាត់​មិន​រត់​នៅក្នុង​ទិស​ដៅ​ដែល​ផែនទី​ប្រាប់​គាត់​ឲ្យ​រត់​នោះ​ទេ។ តើ​គាត់​នឹង​​​រត់​ទៅ​ដល់​ខ្សែ​ជ័យ​ដែរ​ឬ​ទេ? អត់ទេ!

មនុស្ស​ខ្លះ​ចាត់​ទុក​ព្រះ​គម្ពីរ​​ដូច​គ្នា​អញ្ចឹង​ដែរ។ ពួកគេ​​ប្រើ​ខ​គម្ពីរ​​ផ្សេងៗ​ចេញ​ពី​ព្រះគម្ពីរ ដែល​ពួកគេ​ចូល​ចិត្ត​ មក​លើក​ទឹក​ចិត្ត​​ខ្លួន​ឯង និង​ជួយ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​សប្បាយ​រីករាយ ឬក៏​មាន​អារម្មណ៍​ធូរ​ស្បើយ ប៉ុន្តែ​ពួក​គាត់​មិន​ជឿ​លើ​អ្វី​ដែល​​ព្រះ​គម្ពីរ​និយាយ​នោះ​ឡើយ។ សូម្បី​តែ​​គ្រូ​គង្វាល​ខ្លះ​ក៏​ធ្វើ​ដូច​នេះ​ផង​ដែរ។ ឧទាហរណ៍៖ មាន​គ្រីស្ទ​បរិស័ទ​ខ្លះ​ចូល​ចិត្ត​ស្តាប់​ឮ​​ខ​គម្ពីរ​ផ្សេងៗ​​ចេញ​ពី​ព្រះ​គម្ពីរ ដែល​បង្រៀន​ថា ព្រះ ស្រឡាញ់​យើង។ នោះ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​សប្បាយរីក​រាយ ប៉ុន្តែ​ពួកគេ​មិន​ជឿ​លើ​អ្វី ដែល​ព្រះ​គម្ពីរ​និយាយ​​អំពី​ការ​ដែល​ព្រះ​​បោះ​ទម្លាក់​មនុស្ស​ទៅ​ក្នុង​​ស្ថាន​នរក​នោះ​ទេ ឬ​ពួកគេ​​មិន​ចង់​អាន​ឬ​ស្តាប់​ឮ​​ផ្នែក​​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ដែល​ពួកគេ​មិន​ចូល​ចិត្ត​ឡើយ។

ដូច្នេះ មនុស្ស​ទាំង​នេះ​ប្រើ​ព្រះ​គម្ពីរ ប៉ុន្តែ​ពួកគេ​មិន​ជឿ​ព្រះ​គម្ពីរ​នោះ​ឡើយ។ ពួក​គាត់​គ្រាន់​តែ​ការ​​ជឿ​លើ​ផ្នែក​ខ្លះ​ៗនៃ​ព្រះ​គម្ពីរ​ដែល​គាត់​ចូល​ចិត្ត មិន​មែន​ជា​ការ​ជឿ​លើ​ព្រះ​គម្ពីរ​​នោះ​ទេ។ ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​​ចំពោះ​ទង្វើ​បែប​នេះ​ឡើយ ពីព្រោះ​​នេះ​គឺ​ជា​ការ​ប្រើ​ព្រះ មិន​មែន​ជា​ការ​ជឿ​ព្រះ​នោះ​ទេ។ ទង្វើ​បែប​នេះ​មាន​លក្ខណៈ​​អំនួត អាត្មា​និយម និង​​ថ្វាយ​បង្គំ​រូប​ព្រះ។ វា​ជា​លក្ខណៈ​អំនួត​ដោយ​ព្រោះ​​យើង​គិត​ថា អ្វី​ដែល​យើង​ជឿ​គឺ​ល្អ​​ប្រសើរ​ជាង​​អ្វី​ដែល​​ព្រះ​មាន​បន្ទូល។ ជា​លក្ខណៈ​អាត្មានិយម​​ដោយ​ព្រោះ​យើង​គ្រាន់​តែ​ប្រើ​​ព្រះ សម្រាប់​ផល​ប្រយោជន៍​របស់​យើង​តែ​ប៉ុណ្ណោះ។ ជា​លក្ខណៈ​ថ្វាយ​បង្គំ​រូប​ព្រះ ដោយ​ព្រោះ​​យើង​បង្កើត​ព្រះ​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន។

រៀបរៀង​ និង​និពន្ធ​ដោយ៖ ដៃគូរ​ដំណឹង​ល្អ
កែ​សម្រួល​ដោយ៖  លោក ទេព រ៉ូ, លោក ខែម បូឡុង
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

បើ​ខ្ញុំ​កាន់​តែ​មិន​អធិស្ឋាន

​លោក​អ្នក​យល់​អំពី​សេចក្ដី​ក្រោធ​