ផ្លូវគេចចេញនេះបង្ហាញយ៉ាងច្បាស់ចេញពីរឿងមនុស្សបីនាក់ដែលប៉ងធ្វើជា
សិស្សរបស់ព្រះយេស៊ូវ តែពួកគេបានអនុញ្ញាតឲ្យសំឡេងដទៃមានអាទិភាពជាងការត្រាស់ហៅរបស់ព្រះគ្រីស្ទវិញ។ កាលកំពុងតែទៅតាមផ្លូវ នោះមានម្នាក់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ ព្រះយេស៊ូវមានព្រះបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ ទ្រង់មានព្រះបន្ទូលទៅម្នាក់ទៀតថា ចូរមកតាមខ្ញុំ អ្នកនោះទូលឆ្លើយថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន តែទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងពីនគរព្រះវិញ មានម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន ទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ (លូកា ៩:៥៧-៦២)។
មានបុរសបីនាក់បានមកជួបព្រះយេស៊ូវគ្រីស្ទដោយផ្ទាល់ តែអ្នកនិពន្ធកណ្ឌគម្ពីរលូកាមិនបានប្រាប់ឈ្មោះពួកគេទេ។ ពួកគេមានគំនាបសង្កត់នៅក្នុងចិត្តក្នុងការដើរតាមទ្រង់។ ប៉ុន្តែពួកគេបានអនុញ្ញាតឲ្យរឿងផ្សេងទៀតចូលមកជ្រៀតជ្រែកព្រលឹងរបស់ខ្លួន និងការថ្វាយខ្លួនទាំងស្រុងចំពោះទ្រង់។
បុរសទីពីរ យើងអាចឲ្យឈ្មោះថាបុរសមើកៗ។ គាត់មិនបានស្ម័គ្រចិត្តដូចបុរសទីមួយទេ ក៏ប៉ុន្តែព្រះសង្គ្រោះបានហៅគាត់ឲ្យតាមទ្រង់វិញ។ ចម្លើយរបស់គាត់មិនបានប្រកែកទាំងស្រុងនោះទេ។ នេះមិនមែនមានន័យថា គាត់មិនចាប់អារម្មណ៍នឹងដើរតាមព្រះអម្ចាស់ទាល់តែសោះនោះទេ ក៏ប៉ុន្តែមានការមួយដែលគាត់ចង់ធ្វើជាមុនសិន។ ហើយការនោះគឺជាអំពើបាបដ៏ធំរបស់គាត់។ គាត់បានឲ្យអាទិភាពលើការអះអាងរបស់គាត់ខ្ពស់ជាងការអះអាងរបស់ព្រះគ្រីស្ទទៅទៀត។ សូមកត់សម្គាល់ចម្លើយរបស់គាត់៖ «ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន»។ ការដែលកូនត្រូវគោរពឪពុកម្ដាយ គឺជាការស័ក្ដិសមណាស់។ ប្រសិនបើឪពុករបស់គ្រីស្ទបរិស័ទម្នាក់បានបាត់បង់ជីវិត នោះការរៀបចំបញ្ចុះសពឪពុកឲ្យបានត្រឹមត្រូវតាមរបៀបគ្រីស្ទបរិស័ទ មិនមែនជារឿងដែលខុសទេ។ ប៉ុន្តែការដែលគួរសមដ៏ពេញមុខពេញមាត់ក្នុងជីវិតនោះនឹងក្លាយទៅជាអំពើបាបយ៉ាងជាក់ស្ដែង នៅពេលដែលការទាំងនោះដណ្ដើមយកអាទិភាពចម្បងនៃបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវ។ ភាពលោភលន់ដ៏ពិតរបស់បុរសម្នាក់នេះ ក៏បានបង្ហាញចេញតាមរយៈសំណូមពរដ៏ត្រង់ៗរបស់គាត់ដូចនេះថា៖ «ព្រះអម្ចាស់អើយ…ទូលបង្គំ…សិន»។ ពាក្យពេចន៍ផ្សេងទៀតដែលគាត់បាននិយាយ គ្រាន់តែជាពាក្យដើម្បីបិទបាំងនូវបំណងប្រាថ្នាដែលទុកខ្លួនឯងសំខាន់ជាងអ្វីៗផ្សេងទៀត។
វាហាក់បីដូចជាគាត់មិនដឹងខ្លួនសោះពេលគាត់ថា «ព្រះអម្ចាស់អើយ… ទូលបង្គំ…សិន»។ ពាក្យដូចនេះជាពាក្យផ្ដេសផ្ដាសខុសនឹងសីលធម៌ ហើយមិនអាចទៅរួចនោះទេ។ ប្រសិនបើព្រះគ្រីស្ទពិតជាព្រះអម្ចាស់មែន នោះទ្រង់ត្រូវមានអាទិភាពចម្បងក្នុងជីវិតយើង។ ប្រសិនបើសព្វនាមបុរិសៈ «ខ្ញុំ» នៅលើរាជបល្ល័ង្ក នោះមានន័យថា យើងលែងឲ្យព្រះគ្រីស្ទកាន់កាប់អំណាចលើយើងទៀតហើយ។
បុរសមើកៗ មានការងារដែលគាត់ត្រូវធ្វើ ហើយទុកអាទិភាពការងារនេះជាចម្បង។ ដូច្នេះ វាស័ក្ដិសមណាស់ដែលព្រះយេស៊ូវមានបន្ទូលទៅកាន់គាត់ថា៖ «ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងពីនគរព្រះវិញ» យើងអាចពន្យល់ពាក្យរបស់ទ្រង់ដូចនេះថា៖ «មានការខ្លះ មនុស្សដែលស្លាប់ខាងឯវិញ្ញាណក៏អាចធ្វើបានដូចអ្នកជឿផងដែរ។ ប៉ុន្តែមានការខ្លះទៀត មានតែអ្នកជឿទេដែលអាចធ្វើបាន។ ត្រូវដឹងថា លោកមិនចាំបាច់ចំណាយជីវិតរបស់ខ្លួន ដើម្បីធ្វើការដែលអ្នកមិនជឿអាចធ្វើបាននោះទេ។ ចូរទុកឲ្យមនុស្សដែលស្លាប់ខាងឯវិញ្ញាណកប់សពខាងឯសាច់ឈាមគេទៅចុះ។ ប៉ុន្តែចំពោះលោកផ្ទាល់ ចូរធ្វើជាអ្នកផ្ដល់ប្រយោជន៍សម្រាប់ខ្ញុំវិញ។ ចូរយកបុព្វហេតុរបស់ខ្ញុំទុកជាគោលបំណងចម្បងរបស់លោកចុះ ដើម្បីឲ្យនគរខ្ញុំបានរីកចម្រើនឡើងនៅលើផែនដីនេះ»។
មើលទៅ ការដើរតាមព្រះយេស៊ូវហាក់បីដូចជាថ្លៃហួសហេតុពេកសម្រាប់បុរសមើកៗ។ តាំងពីពេលនោះមក គាត់បានបាត់មុខពីឆាកនៃប្រវត្តិសាស្ត្រសូន្យឈឹង។
ប្រសិនបើបុរសទីមួយជាឧទាហរណ៍ដែលបង្ហាញថា សម្ភារៈកម្សាន្តចិត្តជាឧបសគ្គក្នុងការធ្វើជាសិស្សរបស់ព្រះយេស៊ូវ នោះយើងក៏អាចនិយាយដែរថា បុរសទីពីរបានឲ្យអាទិភាពខ្ពស់ទៅលើការងារជាងការធ្វើជាគ្រីស្ទបរិស័ទ។
បើលោកអ្នកមានការងារធ្វើ នោះមិនមែនជាការខុសឆ្គងទេ ព្រោះព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺចង់ឲ្យយើងធ្វើការ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ខ្លួននិងគ្រួសារ។ ប៉ុន្តែ ជីវិតនៃភាពជាសិស្សដ៏ពិតទាមទារការស្វែងរកនគររបស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិតរបស់ទ្រង់ជាអាទិភាពចម្បងបំផុត។ ហើយជីវិតនៃភាពជាសិស្សក៏ទាមទារឲ្យអ្នកជឿកុំចំណាយជីវិតរបស់ខ្លួនក្នុងការធ្វើអ្វីដែលអ្នកមិនជឿអាចធ្វើបានដូចគ្នា ឬក៏ល្អជាងទៅទៀតនោះឡើយ។ ដូចគ្នានេះដែរ មូលហេតុនៃការធ្វើការងារគឺគ្រាន់តែដើម្បីផ្គត់ផ្គង់តម្រូវការនាពេលបច្ចុប្បន្នប៉ុណ្ណោះ។ ឯការងារដ៏ចម្បងបំផុតរបស់គ្រីស្ទបរិស័ទគឺការផ្សាយពីនគររបស់ព្រះជាម្ចាស់។
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…