លក្ខណៈរបស់គ្រីស្ទបរិស័ទ
ដំបូងបង្អស់ គ្រីស្ទបរិស័ទគឺជាបុគ្គលម្នាក់ដែលទទួលបានការអត់ទោសបាប ហើយបានជាមេត្រីនឹងព្រះជាម្ចាស់ដ៏ជាព្រះវរបិតាតាមរយៈព្រះយេស៊ូវគ្រីស្ទ។ ការនេះកើតឡើងនៅពេលដែលបុគ្គលម្នាក់នោះប្រែចិត្តពីបាបរបស់ខ្លួន ហើយដាក់ជំនឿរបស់គាត់ទៅលើជីវិតដ៏គ្រប់លក្ខណ៍ ការសុគតជំនួស និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រានៃព្រះជាម្ចាស់។
បើនិយាយម្យ៉ាងទៀត គ្រីស្ទបរិស័ទគឺជាអ្នកដែលទទួលស្គាល់ថា គាត់មិនអាចសង្គ្រោះខ្លួនឯងបានដោយអំពើល្អរបស់ខ្លួនឡើយ។ ហើយគាត់ត្រូវទទួលស្គាល់ទៀតថា គាត់បានពលីជីវិតដើម្បីថ្វាយបង្គំ ហើយនិងស្រឡាញ់អ្វីផ្សេងទៀតជាជាងព្រះជាម្ចាស់ ហើយការទាំងនោះសុទ្ធតែជាការរឹងទទឹងទាស់នឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដែលទ្រង់បានបើកសម្ដែងឲ្យគាត់ឃើញយ៉ាងច្បាស់។ ឧទាហរណ៍៖ គាត់ថ្វាយបង្គំ ហើយស្រឡាញ់មុខរបរ គ្រួសារ របស់របរដែលលុយអាចទិញបាន ទស្សនៈរបស់អ្នកដទៃ កិត្តិយសគ្រួសារ សហគមន៍ ការផ្គាប់ចិត្តដល់ព្រះរបស់សាសន៍ដទៃដែលមិនមែនជាព្រះពិត វិញ្ញាណនៅលោកីយ៍ ឬការល្អដែលមនុស្សអាចធ្វើបាន។ គាត់ក៏ត្រូវទទួលស្គាល់ផងដែរថា អ្វីៗដែលគាត់ថ្វាយបង្គំ ហើយស្រឡាញ់ជាជាងព្រះជាម្ចាស់ ទាំងអស់នោះគឺជាចៅហ្វាយដែលនាំឲ្យគាត់ធ្លាក់ចូលនរកផ្ទួនៗ គឺនរកនៅលោកីយ៍នេះផង និងនរកក្រោយពីគាត់ស្លាប់ទៅផង។ សេចក្តីស្រេកឃ្លានរបស់ចៅហ្វាយគាត់នៅក្នុងជីវិតនេះ មិនចេះស្កប់ស្កល់ទេ។ ហើយចៅហ្វាយគាត់បានបង្កឲ្យព្រះជាម្ចាស់ចាក់សេចក្តីក្រោធដ៏យុត្តិធម៌របស់ទ្រង់ទៅលើគាត់ក្រោយពេលដែលគាត់ស្លាប់ ។ គ្រីស្ទបរិស័ទបានស្គាល់ពីសេចក្តីក្រោធដ៏យុត្តិធម៌ដែលជាសេចកី្តស្លាប់ និងការជំនុំជម្រះទាំងនោះខ្លះហើយតាមរយៈទុក្ខវេទនាក្នុងលោកីយ៍នេះ។
ដូច្នេះ គ្រីស្ទបរិស័ទដឹងថា ប្រសិនបើគាត់ត្រូវស្លាប់យប់នេះ ហើយត្រូវឈរនៅចំពោះព្រះជាម្ចាស់ ហើយប្រសិនបើព្រះជាម្ចាស់មានបន្ទូលសួរថា «ហេតុអ្វីយើងគួរតែអនុញ្ញាតឲ្យឯងចូលនគរស្ថានសួគ៌របស់យើង?» នោះគ្រីស្ទបរិស័ទនឹងឆ្លើយតបវិញថា «ទ្រង់មិនគួរអនុញ្ញាតឲ្យទូលបង្គំចូលទេ ដ្បិតទូលបង្គំមានបាប ហើយជំពាក់បំណុលទ្រង់ដែលទូលបង្គំមិនអាចសងវិញបាន»។ ប៉ុន្តែគាត់នឹងមិនឈប់និយាយត្រឹមនោះទេ។ គាត់នឹងបន្តទៀតថា «ប៉ុន្តែ ដោយសារសេចក្តីមេត្តាករុណា និងសេចក្តីសន្យាដ៏អស្ចារ្យរបស់ទ្រង់ ទូលបង្គំពឹងអាងលើព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទដែលបានខ្ចាយជំនួសទូលបង្គំ ដោយបង់លោះបាបទូលបង្គំ ហើយបានបំពេញនូវសេចក្តីតម្រូវដ៏សុចរិត និងបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបានដកសេចក្តីក្រោធរបស់ទ្រង់ទាស់នឹងបាបទូលបង្គំចេញ»។
យោងតាម ការទូលអង្វរឲ្យព្រះជាម្ចាស់ប្រកាសថា គាត់សុចរិតដោយសារព្រះគ្រីស្ទ នោះមានន័យថា គាត់គឺជាម្នាក់ដែលបានរកឃើញដើមចមនៃសេរីភាពរួចពីទាសភាពនៃការបម្រើអំពើបាប។ ព្រះក្លែងក្លាយមិនដែលស្កប់ស្កល់នឹងបុណ្យដែលមនុស្សឧទិស្ទឲ្យឡើយ ប៉ុន្តែព្រះជាម្ចាស់ស្កប់ព្រះទ័យនឹងអ្វីដែលព្រះគ្រីស្ទបានធ្វើ នេះមានន័យថា អ្នកដែលព្រះគ្រីស្ទបានទិញឲ្យរួចពីការជំនុំជម្រះ គឺពិតជាមានសេរីភាពហើយពេលនេះ។ នេះជាលើកដំបូងហើយដែលគ្រីស្ទបរិស័ទមានសេរីភាព ដើម្បីនឹងបដិសេធអំពើបាប។ ការបដិសេធនេះមិនមែនមានន័យថា គាត់យកអំពើបាបណាមួយផ្សេងទៀតមកដាក់ជំនួសនោះទេ ប៉ុន្តែមានន័យថា គាត់យកព្រះវិញ្ញាណបរិសុទ្ធមកដាក់ជំនួសវិញ។ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានឲ្យគាត់មានចិត្តចង់បានព្រះយេស៊ូវគ្រីស្ទ និងការដឹកនាំរបស់ទ្រង់នៅក្នុងជីវិត។ លោក អ័ដាម បានព្យាយាមរុញព្រះជាម្ចាស់ចេញពីបល្ល័ង្កចិត្តរបស់គាត់ ហើយលើកខ្លួនឯងជាព្រះវិញ ប៉ុន្តែគ្រីស្ទបរិស័ទអរសប្បាយដែលព្រះគ្រីស្ទគង់លើបល្ល័ង្កចិត្តរបស់គាត់។ គាត់ពិចារណាពីជីវិតនៃការចុះចូលដ៏គ្រប់លក្ខណ៍របស់ព្រះយេស៊ូវទៅនឹងបំណងព្រះហឫទ័យ និងព្រះបន្ទូលរបស់ព្រះវរបិតាទ្រង់ ហើយគាត់រកវិធីធ្វើតាម ដើម្បីឲ្យគាត់កាន់តែមានលក្ខណៈដូចជាព្រះសង្គ្រោះរបស់គាត់ថែមទៀត។
ចំណុចទីមួយ គ្រីស្ទបរិស័ទគឺជាម្នាក់ដែលបានជាមេត្រីនឹងព្រះជាម្ចាស់តាមរយៈព្រះគ្រីស្ទ។ ព្រះគ្រីស្ទបានរំដោះគាត់ចេញពីសេចក្តីក្រោធរបស់ព្រះជាម្ចាស់ ហើយឥឡូវព្រះជាម្ចាស់បានរាប់គាត់ជាសុចរិតនៅចំពោះទ្រង់។ ទ្រង់ត្រាស់ហៅគាត់ឲ្យរស់នៅក្នុងជីវិតមួយដែលសុចរិត ហើយរស់នៅដោយសង្ឃឹមថា ថ្ងៃមួយគាត់នឹងចូលក្នុងវត្តមានរបស់ទ្រង់នៅនគរស្ថានសួគ៌។
ប៉ុន្តែ វាមិនទាន់ចប់ត្រឹមហ្នឹងទេ! ចំណុចទីពីរ ដោយសារតែគាត់បានជាមេត្រីជាមួយនឹងព្រះជាម្ចាស់ ដូច្នេះគាត់ក៏បានជាមេត្រីជាមួយនឹងរាស្ត្ររបស់ទ្រង់ផងដែរ។ តើលោកអ្នកចងចាំពីរឿងដំបូងនៅក្នុងព្រះគម្ពីរបន្ទាប់ពីការធ្លាក់ក្នុងអំពើបាប និងការដែលព្រះជាម្ចាស់បណ្តេញលោក អ័ដាម និងនាង អេវ៉ា ចេញពីសួនច្បារអេដែនដែរឬទេ? រឿងដែលកើតឡើងបន្ទាប់ពីការធ្លាក់ចុះនោះ គឺជារឿងដែលមនុស្សម្នាក់បានសម្លាប់មនុស្សម្នាក់ទៀត ពោលគឺលោក កាអ៊ីន បានសម្លាប់លោក អេបិល។ ប្រសិនបើការដែលយើងព្យាយាមរុញព្រះជាម្ចាស់ចេញពីបល្ល័ង្កចិត្ត ពិតជាការដែលព្យាយាមដាក់ខ្លួនយើងនៅលើបល្ល័ង្កនោះ នោះយើងនឹងមិនអនុញ្ញាតឲ្យអ្នកផ្សេងទៀតយកវាចេញពីយើងបានឡើយ។ គឺយើងមិនផ្តល់ឱកាសឲ្យទេសូម្បីតែម្តង។ ការដែលលោក អ័ដាម ផ្តាច់មេត្រីភាពជាមួយនឹងព្រះជាម្ចាស់បានបណ្តាលឲ្យមនុស្សផ្សេងៗដាច់មេត្រីភាពនឹងព្រះជាម្ចាស់ដែរ។ ការនេះបណ្ដាលឲ្យមនុស្សម្នាក់ៗគិតតែពីខ្លួនឯង។
ដូច្នេះ វាមិនគួរឲ្យមានការភ្ញាក់ផ្អើលនោះទេ ពេលដែលព្រះយេស៊ូវមានបន្ទូលថា «គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ញត្តិទាំងពីរនេះឯង»៖ ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង និងត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង (សូមអាន ម៉ាថាយ ២២:៣៤-៤០)។ បទបញ្ញត្តិទាំងពីរប្រការនេះដើរទន្ទឹមគ្នា។ បញ្ញត្តិទីមួយបណ្តាលឲ្យមានបញ្ញត្តិទីពីរ ហើយបញ្ញត្តិទីពីរជាភស្តុតាងបញ្ជាក់ពីបញ្ញត្តិទីមួយ។
ដូច្នេះ តាមរយៈព្រះគ្រីស្ទ ការដែលបានជាមេត្រីនឹងព្រះជាម្ចាស់គឺមានន័យថា យើងបានជាមេត្រីនឹងអ្នកឯទៀតដែលបានជាមេត្រីនឹងព្រះជាម្ចាស់ដែរ។ នៅក្នុងកន្លះជំពូកដំបូងនៃកណ្ឌអេភេសូរជំពូក២លោក ប៉ុល បានពណ៌នាពីសេចក្តីសង្គ្រោះដ៏អស្ចារ្យដែលព្រះជាម្ចាស់បានប្រទានមកឲ្យយើងតាមរយៈព្រះគ្រីស្ទយេស៊ូវ។ បន្ទាប់មក គាត់បានពណ៌នាពីអត្ថន័យនៃទំនាក់ទំនងរវាងពួកសាសន៍យូដា និងពួកសាសន៍ដទៃ និងរវាងអស់អ្នកដែលជឿលើព្រះគ្រីស្ទនៅក្នុងកន្លះជំពូកចុងក្រោយនៃកណ្ឌអេភេសូរជំពូក២ដដែលនោះ។ គាត់បានសរសេរថា៖
ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើឲ្យទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខ័នកណ្ដាលចេញ….ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្ដីសំអប់គ្នា ដោយឈើឆ្កាងនោះឯង។ (អេភេសូរ ២:១៤-១៦)
ដូច្នេះ អស់អ្នកដែលជារបស់ព្រះជាម្ចាស់ គឺជា «ជាតិតែ១» និងជា «ពួកបរិសុទ្ធ ជាពួកដំណាក់ព្រះ» (អេភេសូរ ២:១៩)។ ព្រះជាម្ចាស់បាន «ផ្គុំ» យើងភ្ជាប់ជាមួយព្រះគ្រីស្ទឲ្យទៅជា «វិហារបរិសុទ្ធ» តែមួយ (អេភេសូរ ២:២១)។ ជំពូកនេះមានពាក្យប្រៀបធៀបល្អៗជាច្រើនដែលយើងអាចលើកឡើងមកពណ៌នាបាន។
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…