១. សូមអានកណ្ឌគម្ពីរ ជនគណនា ១:៤៥–៤៦ ហើយអធិស្ឋាន៖
ឱព្រះគ្រីស្ទដ៏មានពេញទៅដោយអធិបតេយ្យភាព ដែលជាស្ដេចនៃភពវិញ្ញាណដ៏អស់កល្បជានិច្ចអើយ! យើងអធិស្ឋានទូលសូមឲ្យព្រះអង្គលាតព្រះហស្តដ៏ខ្លាំងរបស់ទ្រង់ដាក់លើក្រុមជំនុំដ៏បរិសុទ្ធរបស់ព្រះអង្គ និងលើអស់អ្នកដែលជាកម្មសិទ្ធិរបស់ទ្រង់យ៉ាងអស់កល្បជានិច្ច។ សូមការពារពួកគេពីការវាយប្រហារ ហើយរក្សាពួកគេ។ សូមធ្វើសង្គ្រាមសម្រាប់ពួកគេ។ សូមបង្ក្រាបខ្មាំងសត្រូវរបស់ពួកគេ។ សូមបង្ក្រាបអំណាចដែលមិនអាចមើលឃើញដែលកំពុងតែជិះជាន់ពួកគេ ដូចដែលព្រះអង្គបានបង្ក្រាបអស់អ្នកដែលស្អប់ខ្ពើមពួកយើងផងដែរ។ ឥឡូវនេះ សូមលើកទង់ជ័យនៃជ័យជម្នះលើពួកយើង ហើយអនុញ្ញាតឲ្យយើងអាចច្រៀងដូចជាលោក ម៉ូសេ ច្រៀងចម្រៀងជ័យជម្នះបានដែរ។ ដ្បិតព្រះអង្គជាជ័យជម្នះ និងមានអំណាចយ៉ាងអស់កល្បជានិច្ច។ —Hippolytus of Rome
២. សូមអានកណ្ឌគម្ពីរ ២ពង្សាវតាក្សត្រ ៦:៨–២៣ ហើយអធិស្ឋាន៖
ឱព្រះអម្ចាស់អើយ! ឥឡូវនេះ យើងមកសុំជំនួយពីព្រះហស្តដែលមានពេញទៅដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ ដើម្បីអាចថានៅពេលដែលខ្មាំងសត្រូវរបស់យើងមកធ្វើសង្គ្រាមជាមួយនឹងយើង នោះយើងទំនងជាអាចមានជ័យជម្នះលើវាតាមរយៈអំណាច និងព្រះចេស្ដារបស់ទ្រង់ ហើយក៏អាចតយុទ្ធជាមួយនឹងវាបានដែរ ដ្បិតយើងដឹងហើយថាវាមិនអាចទៅលើសពីកន្លែងដែលព្រះអង្គបានអនុញ្ញាតឲ្យវាចេញទៅបានឡើយ. . . ។ ឱព្រះអម្ចាស់អើយ! សូមធ្វើឲ្យយើងខ្លាំងឡើងៗក្នុងព្រះអង្គ និងក្នុងអំណាចនៃព្រះចេស្ដារបស់ទ្រង់៖ សូមបំពាក់គ្រឿងសឹកទាំងអស់របស់ទ្រង់មកលើយើង ដើម្បីឲ្យយើងអាចឈរយ៉ាងរឹងមាំបានទាស់ប្រឆាំងនឹងការវាយប្រហារដែលមានពេញទៅដោយល្បិចកលរបស់អារក្ស ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ ប៉ុន្តែតយុទ្ធនឹងពួកគ្រប់គ្រង នឹងពួកមានអំណាច នឹងពួកម្ចាស់នៃសេចក្តីងងឹតនៅលើលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងឯវិញ្ញាណនៅឯស្ថានដ៏ខ្ពស់ដែរ។ ឱព្រះសង្គ្រោះដ៏ផ្អែមល្ហែមបំផុតអើយ! ទាក់ទងនឹងបុព្វហេតុនេះ សូមព្រះអង្គបំពាក់គ្រឿងសឹកទាំងអស់របស់ទ្រង់លើយើង ដើម្បីឲ្យយើងអាចទំនងជាមានលទ្ធភាពក្នុងការប្រឆាំងជាមួយនឹងម្ចាស់នៃលោកីយ៍នេះបាន។ —Henry Smith
៣. សូមអានកណ្ឌគម្ពីរ ២កូរិនថូស ៦:១៤–៧:១ ហើយអធិស្ឋាន៖
ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចឈរនៅថ្ងៃធ្វើសង្គ្រាម និងក្នុងគ្រោះថ្នាក់បានឡើយ លុះត្រាតែព្រះអង្គគ្របបាំងទូលបង្គំជាមួយនឹងខែលរបស់ទ្រង់ ហើយលាក់ទូលបង្គំក្រោមចំអេងស្លាបរបស់ព្រះអង្គ។ ព្រះអង្គបានបង្កើតទូលបង្គំមកក្នុងរូបអង្គទ្រង់។ ដូច្នេះ សូមមានព្រះហឫទ័យក្នុងការរក្សាទូលបង្គំឲ្យបាននៅបរិសុទ្ធ ហើយបានស្អាតឥតខ្ចោះ ដើម្បីឲ្យរូបកាយរបស់ទូលបង្គំអាចធ្វើជាព្រះវិហារដ៏បរិសុទ្ធបាន ហើយឲ្យព្រលឹងរបស់ទូលបង្គំអាចធ្វើជាទីបរិសុទ្ធ ដើម្បីនឹងទទួលព្រះវិញ្ញាណរបស់ព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីស្រឡាញ់ និងបរិសុទ្ធ។ —Jeremy Taylor
៤. សូមអានកណ្ឌគម្ពីរ កិច្ចការ ២៣:១២–២២ ហើយអធិស្ឋាន៖
ឱព្រះដ៏មានពេញទៅដោយអំណាចព្រះចេស្ដាអើយ! ដូចដែលយើងមាន ក្នុងលោកីយ៍នេះ សូមអនុញ្ញាតឲ្យយើងបន្តនៅច្បាំង មិនមែនគ្រាន់តែជាមួយនឹងខ្មាំងសត្រូវមួយប្រភេទទេ ប៉ុន្តែជាមួយនឹងខ្មាំងសត្រូវដែលមិនអាចរាប់អស់បាន ហើយក៏មិនមែនតែជាមួយនឹងសាច់ឈាមប៉ុណ្ណោះដែរ ប៉ុន្តែជាមួយនឹងអារក្សដែលជាម្ចាស់នៃសេចក្ដីងងឹត។ ដោយអមជាមួយនឹងអំណាចរបស់ព្រះអង្គ សូមអនុញ្ញាតឲ្យយើងអាចឈរយ៉ាងមាំមួនបានក្នុងការបន្តច្បាំងមួយនេះ។ ហើយពេលដែលព្រះអង្គដាក់ទោសយើងសម្រាប់អំពើបាបរបស់យើង សូមអនុញ្ញាតឲ្យយើងរៀនចេះបន្ទាបខ្លួន ហើយចុះចូលក្រោមអំណាចរបស់ទ្រង់ ដើម្បីឲ្យយើងអាចមានសង្ឃឹមសម្រាប់ការប្រោសលោះដែលទ្រង់បានសន្យាមកកាន់យើង។ ហើយទោះបើជាយើងនៅតែបន្តឃើញភស្តុតាងនៃការដែលទ្រង់មិនសព្វព្រះហឫទ័យជាមួយនឹងយើងជាញឹកញាប់ក៏ដោយ ក៏សូមឲ្យយើងនៅបន្តសម្លឹងមើលទៅឯស្ថានសួគ៌ ដោយមានសង្ឃឹម ហើយនៅទីនោះស្វែងរកព្រះរាជបុត្រាតែមួយអង្គគត់របស់ទ្រង់។ រហូតដល់ពេលដែលព្រះអង្គនឹងយាងមក ដើម្បីថ្កោលទោសលោកីយ៍នេះ នោះព្រះអង្គប្រមូលផ្ដុំយើងសម្រាប់ជាអំណរនៃព្រះពរ និងជីវិតដ៏នៅអស់កល្បជានិច្ចដែលព្រះអង្គបានទទួលសម្រាប់យើងតាមរយៈព្រះលោហិតរបស់ទ្រង់។ —John Calvin
មតិយោបល់
Loading…