in

តើ​យើង​ត្រូវ​រាប់​គ្រប់​យ៉ាង​ជា​ខាត ដើម្បី​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន​ឬ?

«តាម​ពិត ខ្ញុំ​ក៏​មាន​ហេតុ​ផល​នឹង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​ដែរ។ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន​នោះ ខ្ញុំ​លើស​ជាង​អ្នក​នោះ​ទៅ​ទៀត។ ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ជា​សាសន៍​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ ឯ​ខាង​ក្រឹត្យ​វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិស៊ី ខាង​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ក្រុម​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យ​វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ។ អ្វីៗ​ដែល​ធ្លាប់​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន​នោះ តើ​ខ្ញុំ​បាន​រាប់​វា​ជា​ខាត​វិញ ព្រោះ​តែ​ព្រះ​គ្រីស្ទ​ហើយ​ឬ​នៅ? លើស​ពី​នេះ​ទៀត ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ទុក​ដូច​ជា​ខាត ដោយ​សារ​តែ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​ខ្ញុំ។ ដោយ​យល់​ដល់​ព្រះ​អង្គ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​ខ្ញុំ​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ព្រះ​គ្រីស្ទ​វិញ និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះ​អង្គ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ​វិន័យ​នោះ​ទេ តែ​ដោយ​សារ​ជំនឿ​ដល់​ព្រះ​គ្រីស្ទ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ជំនឿ។ ខ្ញុំ​ចង់​ស្គាល់​ព្រះ​គ្រីស្ទ និង​ព្រះ​ចេស្ដា​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ ព្រម​ទាំង​រួម​ចំណែក​ក្នុង​ការ​រង​ទុក្ខ ដូច​ជា​ព្រះ​អង្គ​រង​ទុក្ខ​ក្នុង​ការ​សុគត​ដែរ ប្រសិន​បើ​អាច​បាន ខ្ញុំ​ចង់​ឲ្យ​មាន​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។ មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​សង្វាត​នឹង​ដេញ​តាម​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​បាន​នោះ​ដែរ។ បង​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​បំណង​មួយ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​រក​អ្វីៗ​ខាង​មុខ​ទៀត ទាំង​រត់​តម្រង់​ទៅ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ពី​ស្ថាន​ដ៏​ខ្ពស់ ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» (ភីលីព ៣:៤-១៤)។

គ្រប់​យ៉ាង​រាប់​ជា​ខាត

លោក សូល ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​បាន​ដាក់​សេចក្តី​ទុក​ចិត្ត​របស់​គាត់​នៅ​លើ​សាច់​ឈាម។ សាវ័ក ប៉ុល បាន​ស្រមៃ​មើល​ពី​ការ​ប្រកួត​ជា​មួយ​ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ​អំពី​អ្វី​ដែល​ពួក​គេ​លើក​ឡើង​ប្រៀប​ធៀប​ជា​ហេតុ​ផល ដើម្បី​ឲ្យ​ពួក​គេ​ដាក់​ទំនុក​ចិត្ត​លើ​សាច់​ឈាម។ សាវ័ក ប៉ុល បាន​និយាយ​ថា​គាត់​នឹង​ឈ្នះ។

សូម​ស្រមៃ​ថា ជីវិត​ដូច​ជា​បញ្ជី​មួយ​ដែល​មាន​ពីរ​តារាង​គឺ ចំណូល និង​ចំណាយ ជា​ដំបូង​សាវ័ក ប៉ុល បាន​ផ្ដោត​ទៅ​លើ​ចំណូល—ជា​អ្វី​ដែល​អាច​ផ្តល់​ឲ្យ​គាត់​មាន​នូវ​ទំនុក​ចិត្ត នៅ​ថ្ងៃ​នៃ​ការ​ជំនុំ​ជម្រះ​ចុង​ក្រោយ។ សាវ័ក ប៉ុល អួត​ដោយ​ផ្នែក​លើ​មូល​ដ្ឋាន​ពីរ៖ ទី១ ពង្សាវតារ​របស់​គាត់ (ភីលីព ៣:៥) ហើយ​និង​ទី២ ការ​ប្រព្រឹត្តិ​របស់​គាត់ (ភីលីព ៣:៥-៦)។ សាវ័ក ប៉ុល បាន​លើក​ឡើង​នូវ​ចំណុច​បួន​យ៉ាង​ដែល​គាត់​ទទួល​បាន​តាំង​ពី​កំណើត៖ ទី១ គាត់​ទទួល​ការ​កាត់​ស្បែក​ខាង​រូប​សាច់​តាម​ពេល​វេលា​កំណត់​នៅ​ក្នុង​កណ្ឌ​គម្ពីរ លេវីវិន័យ ១២:៣ «នៅ​ថ្ងៃ​ទី​ប្រាំបី»។ ទី២ គាត់​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ពូជ​ពង្ស​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ​ជា​ពូជ​ពង្ស​នៃ «សាសន៍​អ៊ីស្រាអែល»។ ទី៣ គាត់​អាច​រាប់​តំណ​វង្ស​របស់​គាត់​យ៉ាង​ជាក់​លាក់​ទៅ​កាន់​ពូជ​អំបូរ​បេនយ៉ាមីន (លើស​ពី​នោះ គាត់​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ឈ្មោះ​របស់​ស្ដេច សូល ថែម​ទៀត​ផង)។ ទី៤ គាត់​អាច​ញែក​ខ្លួន​គាត់​ចេញ​ពី​ពួក​សាសន៍​យូដា​ផ្សេង​ទៀត​ដោយ​រាប់​ខ្លួន​ថា «ជា​សាសន៍​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ»។ នេះ​ប្រហែល​ជា​សំដៅ​ទៅ​កាន់​ភាព​ខុស​គ្នា​រវាង​ពួក​យូដា​ដែល​រស់​នៅ​ក្នុង​ទឹក​ដី​កំណើត​ដែល​មាន​ទាំង​ភាសា និង​វប្បធម៌ ហើយ​និង​ពួក​យូដា​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ដទៃ ដែល​មាន​ការ​បាត់​បង់​ទំនាក់​ទំនង​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ភាសា និង​វប្បធម៌ ¹

របៀប​ទី​ពីរ​របស់​សាវ័ក ប៉ុល ក្នុង​ការ​ពណ៌នា​ជា​មុន​នូវ​ទំនុក​ចិត្ត​របស់​គាត់​នៅ​ក្នុង​សាច់​ឈាម​គឺ​ជា​តារាង​បញ្ជី​បី​ចំណុច​ដែល​គាត់​ទទួល​បាន​ផ្ទាល់ ជា​ជាង​គ្រាន់​តែ​បាន​ជា​មរតក។ ទី១ សាវ័ក ប៉ុល បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជា​មួយ​ក្រុម​សាសនា​ដែល​តឹង​រ៉ឹង​បំផុត គឺ​ជា​ពួក​ផារិស៊ី។ ពួក​គេ​អនុវត្ត​ច្បាប់​បរិសុទ្ធ​នៃ​ពិធី​សាសនា​នៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត មិន​មែន​គ្រាន់​តែ​ជីវិត​នៅ​ក្នុង​ព្រះ​វិហារ​ប៉ុណ្ណោះ​ឡើយ។ ទី២ សាវ័ក ប៉ុល គឺ​ជា​ម្នាក់​ដែល​ងប់ងុល​ក្នុង​ការ​បៀតបៀន​ដល់​ក្រុម​ជំនុំ។ ភាព​ងប់ងុល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ចំណុច​ដែល​នាំ​ឲ្យ​គាត់​មាន​ការ​សរសើរ​ពី​ព្រះ​ជាម្ចាស់។ ដោយ​ព្រោះ​ភាព​ឆេះឆួល លោក ភីនេហាស បាន​សម្លាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​មិន​ស្មោះ​ត្រង់ ហើយ​គាត់​ក៏​ទទួល​បាន​ការ​សរសើរ (ជនគណនា ២៥:៧-៨, ១១, ១៣) ហើយ​សាវ័ក ប៉ុល ដែល​ជា​អ្នក​បៀតបៀន​ដល់ «ពួក​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់» រំពឹង​ថា ខ្លួន​ក៏​នឹង​ទទួល​បាន​ការ​សរសើរ​ដូច​គ្នា​ដែរ។ សាវ័ក ប៉ុល គឺ​ជា​សេចក្តី​សម្រេច​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ក្នុង យ៉ូហាន ១៦:២-៣:

គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​របស់​គេ ក៏​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សម្លាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បម្រើ​ដល់​ព្រះ​ដែរ គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​គេ​មិន​ស្គាល់​ព្រះវរបិតា​ឬ​ខ្ញុំ​ទេ។

ទី៣ មុន​ពេល​ដែល​គាត់​ជឿ​ដល់​ព្រះ​យេស៊ូវ សាវ័ក ប៉ុល បាន​ជឿ​ថា គាត់​កំពុង​រស់​នៅ​ក្នុង​ជីវិត​គំរូ​មួយ​នៃ​សេចក្តី​សុចរិត តាម​រយៈ​ការ​ទាមទារ​ពី​ក្រឹត្យ​វិន័យ។

ការ​ផ្លាស់​ប្រែ​ចិត្ត​មាន​ន័យ​ថា បញ្ជី​នៃ​ជីវិត​របស់​សាវ័ក ប៉ុល ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ ចំណុច​ដំបូង​ដែល សាវ័ក ប៉ុល បាន​ធ្វើ​គឺ​រាប់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង ខ៤-៦ ដែល​គាត់​ធ្លាប់​រាប់​ថា​ជា​ចំណេញ ហើយ​យក​មក​ដាក់​ខាង​តារាង​ខាត​នៃ​បញ្ជី​របស់​គាត់​វិញ។

ចាប់​ពី​ខ៧ នៅ​ក្នុង​បួន​ខ​បន្ទាប់​នេះ​គឺ​ជា​ប្រយោគ​វែង​មួយ​នៅ​ក្នុង​ភាសា​ក្រិក។ ឥឡូវ​នេះ​សាវ័ក ប៉ុល បាន​ទៅ​លើស​ជាង ដោយ​មិន​មែន​គ្រាន់​តែ​រាប់​អ្វី​ដែល​គាត់​បាន​លើក​ឡើង​នៅ​ក្នុង​ខ៤-៦​ថា​ជា​ខាត​វិញ។ គាត់​បាន​ប្ដូរ​គ្រប់​យ៉ាង​ទៅ​ខាង​តារាង​ខាត រហូត​ទាល់​តែ​មាន​មួយ ដែល​នៅ​សល់​ខាង​តារាង​ចំណេញ​គឺ៖ ព្រះ​គ្រីស្ទ។ ពេល​នេះ តារាង​ចំណេញ​របស់​សាវ័ក ប៉ុល គឺ​នៅ​ទទេ​ស្អាត។ សាវ័ក ប៉ុល គាត់​បាន​លើក​ឡើង​ហើយ​ថា គាត់​គ្មាន​អ្វី​ដែល​ត្រូវ​អួត​អាង​នៅ​ក្នុង​សាច់​ឈាម​ទៀត​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​មាន​សិរី​រុងរឿង​ពេញ​លេញ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ (ខ៣)។ ឥឡូវ​នេះ គាត់​ក៏​បាន​និយាយ​យ៉ាង​ច្បាស់​ម្តង​ទៀត​ថា៖ គាត់​នឹង​ដាក់​ទំនុក​ចិត្ត​របស់​គាត់​សម្រាប់​ការ​រាប់​ជា​សុចរិត ឬ​ការ​ឈរ​នៅ​ចំពោះ​ព្រះ​ដោយ​ត្រឹម​ត្រូវ​លើ​ព្រះ​គ្រីស្ទ​តែ​មួយ​គត់ គ្មាន​អ្វី​ផ្សេង​ឡើយ។

បន្ទាប់​មក​សាវ័ក ប៉ុល បាន​បោះ​ជំហាន​ទៅ​កាន់​តែ​ជ្រៅ។ គាត់​បាន​ចូល​ទៅ​យ៉ាង​ជ្រៅ​រហូត​ដល់​មិន​គ្រាន់​តែ​រាប់​គ្រប់​យ៉ាង​ថា​ជា «ខាត» ប៉ុន្តែ​ថា​ជា «សំរាម» («ស្កាយឡាបូន» skybalon) បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ព្រះ​យេស៊ូវ។ ពាក្យ «ស្កាយឡាបូន» គឺ​សំដៅ​ទៅ​កាន់ «សម្ភារៈ​ដែល​គ្មាន​ប្រយោជន៍ ឬ​គ្មាន​បំណង​ប្រាថ្នា​ចង់​បាន ហើយ​នឹង​ត្រូវ​បោះ​ចោល» ²។ វា​មាន​អត្ថន័យ​ច្រើន អាច​ថា «សំរាម» ទៅ​ដល់ «លាមក»។

យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ដោយ​កត់​សម្គាល់​ថា នៅ​ទី​នេះ​សាវ័ក ប៉ុល មិន​បាន​មើល​ងាយ ឬ​មិន​ឲ្យ​តម្លៃ​លើ​អ្វីៗ​គ្រប់​យ៉ាង​នៃ​ស្នា​ព្រះ​ហស្ត ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក​យ៉ាង​ល្អ​នោះ​ឡើយ។ គាត់​មិន​បាន​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដោយ​ថា វា​គ្មាន​តម្លៃ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​គាត់​លើក​តម្កើង​សិរីល្អ​របស់​ព្រះ​គ្រីស្ទ (ភីលីព ៣:៣) ហើយ​លើក​តម្កើង​ទ្រង់​ខ្ពស់​លើស​អស់​ទាំង​របស់​ដែល​បាន​បង្កើត​មក ពីព្រោះ​មាន​ទ្រង់​តែ​មួយ​ទេ​ដែល​ជា «សេចក្ដី​ដែល​ប្រសើរ​ជាង» (ភីលីព ៣:៨) ឬ​មាន​តម្លៃ។ ព្រះ​គ្រីស្ទ​គឺ​នៅ​ក្នុង​តារាង​មួយ​តែ​មួយ​អង្គ​ទ្រង់​ប៉ុណ្ណោះ។ ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​ស្រដៀង​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​ទ្រង់​បាន​ញែក​អង្គ​ទ្រង់​ខ្ពស់​ខ្លាំង​ក្លា​លើស​អស់​ទាំង​ភក្តី​ភាព​ចំពោះ​ខ្លួន​ឯង និង​ក្រុម​គ្រួសារ៖ «បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្តាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ឯង​ផង អ្នក​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ» (លូកា ១៤:២៦)។

យើង​អាច​មើល​ឃើញ​លើ​ទំនាក់​ទំនង​រវាង​ព្រះ​គ្រីស្ទ និង​ស្នា​ព្រះ​ហស្ត​របស់​ទ្រង់​ចេញ​ពី​ជ្រុង​ពីរ​ផ្សេង​ពី​គ្នា។ ជ្រុង​ដែល​បំពេញ​បន្ថែម​បញ្ជាក់​ថា គ្រប់​ទាំង​របស់​ល្អ​នៃ​ពិភព​លោក​នេះ​មិន​ប្រកួត​ប្រជែង​យក​តំណែង​ទី​មួយ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ឡើយ—ពួក​គេ​គ្រាន់​តែ​ជំរុញ​យើង​ឲ្យ​កាន់​តែ​កោត​ស្ញប់​ស្ញែង​ព្រះ​អង្គ​កាន់​តែ​ខ្លាំង​ជាង​មុន ពីព្រោះ​ទ្រង់​គឺ​ជា​ប្រភព​នៃ​សម្រស់ និង​ភាព​ស្រស់​ស្អាត​ទាំង​អស់។ ជ្រុង​ដែល​ប្រៀប​ធៀប​បាន​និយាយ​ថា ក្នុង​ការ​ប្រៀប​ធៀប​ជា​មួយ​ព្រះ​គ្រីស្ទ នោះ​អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក១​ដំណក់​នៅ​ក្នុង​ថាំង ហើយ​ក៏​រាប់​ទុក​ដូច​ជា​លំអង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​តែ​ប៉ុណ្ណោះ (អេសាយ ៤០:១៥)។ គ្រប់​អ្វីៗ​ដែល​ល្អ​នៅ​លើ​លោកីយ៍​នេះ នោះ​គឺ​គ្មាន​ន័យ​អ្វី​ទាំង​អស់ បើ​ប្រៀប​ធៀប​ជា​មួយ​ទ្រង់។

សាវ័ក ប៉ុល បាន​និយាយ​ចេញពី​ចំណុច​ទី​ពីរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ៣:៨ នៅ​ពេល​ដែល​គាត់​បាន​រាប់​គ្រប់​យ៉ាង​ថា​ជា​ខាត «ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​ខ្ញុំ»។ ចំណេះ​ដឹង​នៃ​ការ​ស្គាល់​ព្រះ​គ្រីស្ទ​នៅ​ទី​នេះ​គឺ​ជា​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន។ សាវ័ក ប៉ុល មិន​មែន​គ្រាន់​តែ​ស្គាល់​ព្រះ​គ្រីស្ទ​ដូច​ជា​របៀប​ដែល​យើង​ស្គាល់​អំពី​មនុស្ស​ពី​ប្រវត្តិ​សាស្ត្រ​បុរាណ​នោះ​ឡើយ។ អ្នក​ជឿ​ស្គាល់​ព្រះ​គ្រីស្ទ​ដោយ​ស្និទ្ធ​ស្នាល និង​ផ្ទាល់​ខ្លួន។ សាវ័ក ប៉ុល បាន​អបអរ​ជា​មួយ​ការ​ពិត​ដែល​ថា ព្រះ​គ្រីស្ទ​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។ គាត់​នឹង​មិន​ប្ដូរ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​គាត់​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ជា​មួយ​នរណា​ផ្សេង ឬ​របស់​អ្វី​ផ្សេង​ទេ។ បញ្ជី​ខាត​របស់​សាវ័ក ប៉ុល គឺ​មាន​អ្វីៗ​គ្រប់​យ៉ាង រី​ឯ​បញ្ជី​ចំណេញ​របស់​គាត់​គឺ​មាន​តែ​ព្រះ​គ្រីស្ទ។

ឲ្យ​បាន​ឃើញ​នៅ​ក្នុង​ព្រះ​គ្រីស្ទ

កណ្ឌ​គម្ពីរ ភីលីព ៣:៩ បាន​ណែនាំ​គោល​បំណង​ទី​ពីរ។ សាវ័ក ប៉ុល បាន​រាប់​អ្វីៗ​គ្រប់​យ៉ាង​ថា​ជា​ខាត មិន​មែន​គ្រាន់​តែ ដើម្បី​ឲ្យ​បាន​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​ឲ្យ «បាន​ឃើញ​នៅ​ក្នុង​ព្រះ​អង្គ»។ ការ​ឲ្យ «បាន​ឃើញ» នៅ​ក្នុង​ព្រះ​គ្រីស្ទ​បង្ហាញ​អំពី​ភាសា​នៃ​ការ​ទុក​ចិត្ត និង​ពឹង​ជ្រក​ក្នុង​អ្វី​មួយ ដើម្បី​ឲ្យ​បាន​សង្គ្រោះ។ នៅ​ថ្ងៃ​ជំនុំ​ជម្រះ អ្នក​ខ្លះ​នឹង​ត្រូវ​ទទួល​សេចក្តី​ក្រោធ​នៃ​ព្រះ​ជាម្ចាស់ ហើយ​និង​កូន​ចៀម ហើយ​ពួក​គេ​នឹង​ព្យាយាម​លាក់​ខ្លួន​ចេញ​ពី​ទ្រង់​ដោយ​ការ​ស្រែក​ហៅ​ទៅ​ភ្នំ និង​ថ្ម​ថា​ឲ្យ​សូម​រលំ​មក​លើ​ពួក​គេ ដើម្បី​គ្រប់​បាំង​ពួក​គេ (លូកា ២៣:៣០)។ សាវ័ក ប៉ុល នឹង​មិន​ព្យាយាម​លាក់​ពួន​ពី​ព្រះ​គ្រីស្ទ​នោះ​ឡើយ ពីព្រោះ​គាត់​នឹង​ជ្រក​កោន​នៅ​ក្នុង​ទ្រង់។

សាវ័ក ប៉ុល ប្រើ​ប្រាស់​កិរិយាសព្ទ «កំពុង​មាន» («អេខូន» echōn) ដើម្បី​ពណ៌នា​អំពី​ស្ថាន​ភាព​ដែល​គាត់​ចង់​ឲ្យ​បាន​ឃើញ​នៅ​ថ្ងៃ​ចុង​ក្រោយ។ គាត់​មើល​ឃើញ​វា​ជា​ភាព​ផ្ទុយ​គ្នា​នៃ​សេចក្តី​សុចរិត​ពីរ​ប្រភេទ ទី​មួយ​គឺ​ជា​អ្វី​ដែល​គាត់​បាន​បដិសេធ ហើយ​ទីពីរ​គឺ​ជា​អ្វី​ដែល​គាត់​ឱប​ក្រសោប។ អ្វី​ដែល​មាន​នៅ​សល់​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ៣:៩ គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ផ្ទុយ​គ្នា​នៃ​សេចក្តី​សុចរិត​ទាំង​ពីរ​ប្រភេទ​នេះ៖

«ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​សុចរិត​ដែល​មក​ពី​សេចក្ដី​ជំនឿ​ដល់​ព្រះ​គ្រីស្ទ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រិត្យ​វិន័យ​នោះ​ទេ គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សេចក្ដី​ជំនឿ​វិញ»។

ខ​គម្ពីរ​នេះ​បាន​ពង្រឹង​បន្ថែម​ភាព​ផ្ទុយ​គ្នា​រវាង​ទំនុក​ចិត្ត​នៅ​ក្នុង​សាច់​ឈាម (ភាព​សុចរិត​ផ្ទាល់​ខ្លួន​ចេញ​ពី​ការ​ខំ​ប្រឹង​ប្រែង)[4] និង​ទំនុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ (មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ)។ ដូច្នេះ ចំណុច​ស្នូល​គឺ​សេចក្តី​សុចរិត​តាម​រយៈ​ជំនឿ​លើ​ព្រះ​គ្រីស្ទ៖ ជំនឿ​ដូច​នេះ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ឱប​ក្រសោប ហើយ​សេចក្តី​សុចរិត​ផ្សេងៗ​ទៀត​គឺ​ត្រូវ​តែ​បដិសេធ​ចោល។ ពី​មុន​លោក សូល បាន​ប្រែ​ចិត្ត គាត់​បាន​ដាក់​ទំនុក​ចិត្ត​លើ​សេចក្តី​សុចរិត​ផ្ទាល់​ខ្លួន​ដោយ​រួម​មាន​ការ​ប្រតិបត្តិ​ខាង​សីល​ធម៌​ផ្ទាល់​ខ្លួន គឺ​ការ​គោរព​តាម​ក្រឹត្យ​វិន័យ។ ការ​ប្រែ​ចិត្ត​របស់​សាវ័ក ប៉ុល បាន​កើត​ឡើង​មក​តាម​រយៈ​ការ​ឱប​ក្រសោប​សេចក្តី​សុចរិត​នៃ​ព្រះ​គ្រីស្ទ មិន​មែន​បាន​មក​ដោយ​សារ​ការ​ខំប្រឹង​ធ្វើ​ការ​នោះ​ទេ ប៉ុន្តែ​បាន​ទទួល​ជា​អំណោយ​តាម​រយៈ​ជំនឿ​វិញ។ សេចក្តី​សុចរិត​ដែល​ព្រះ​ដ៏​បរិសុទ្ធ​ទាមទារ​ពី​យើង ទ្រង់​បាន​ប្រទាន​មក​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ៣:១០ សាវ័ក ប៉ុល បាន​ណែនាំ​ពី​គោល​បំណង​ទី​បី​នៃ​ការ​រាប់​គ្រប់​យ៉ាង​ថា​ជា​ខាត៖ «ដើម្បី​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់»។ គោល​បំណង​មួយ​នេះ​គឺ​សំខាន់​ជាង​គេ​បំផុត។ ការ​ស្គាល់​ព្រះ​គ្រីស្ទ​ក៏​រួម​បញ្ចូល​ទាំង​ការ​ស្គាល់ «ព្រះ​ចេស្ដា​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ» ហើយ​និង​ការ​ស្គាល់​អំពី​អត្ថន័យ​នៃ «សេចក្ដី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់»។

ការ​ដែល​ស្គាល់​ព្រះ​គ្រីស្ទ​គឺ​ជា​សេចក្តី​អំណរ​ដ៏​ធំធេង​បំផុត​ដែល​ជីវិត​នេះ​អាច​ទទួល​បាន។ ព្រះ​គ្រីស្ទ​បាន​ប្រកាស​ថា «នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង» (យ៉ូហាន ១៧:៣)។ កណ្ឌ​គម្ពីរ យេរេមា ៩:២៣-២៤ បាន​ចែង​ថា ឯ​អ្នក​ណា​ដែល​អួត នោះ​ត្រូវ​អួត​តែ​ពី​សេចក្តី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​ព្រះ។ ភាព​ខុស​គ្នា​រវាង​ការ​ស្គាល់​អំពី​ព្រះ​គ្រីស្ទ និង​ការ​ដែល​ពិត​ជា​ស្គាល់​ព្រះ​គ្រីស្ទ​នឹង​នាំ​ឲ្យ​មាន​ភាព​ខុស​គ្នា​នៅ​ក្នុង​លោកីយ៍​នេះ និង​នៅ​អនាគត។

ការ​ស្គាល់​ព្រះ​គ្រីស្ទ​គឺ​រួម​បញ្ចូល​ទាំង​ការ​ស្គាល់​អំពី​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ទ្រង់។ សាវ័ក ប៉ុល បាន​ចាប់​ផ្ដើម​ដោយ​ការ​លើក​ឡើង​អំពី​ការ​រស់​ឡើង​វិញ។ គាត់​សំដៅ​ទៅ​កាន់​អ្វី​ដែល​លើស​ជាង​គ្រាន់​តែ​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​ពិត​អំពី​ការ​រស់​ឡើង​វិញ ដោយ​ចង្អុល​បង្ហាញ​ទៅ​កាន់​ព្រះ​ចេស្ដា​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ។ សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​ព្រះ​ចេស្ដា​ភ្ជាប់​ទៅ​នឹង​ការ​រស់​ឡើង​វិញ​នៅ​កន្លែង​ផ្សេងៗ​គ្នា​នៅ​ក្នុង​សំបុត្រ​របស់​គាត់ ប៉ុន្តែ​កន្លែង​ដោល​ប្រហែល​ជា​ច្បាស់​បំផុត​គឺ​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ១:១៩-២០។ នៅ​ទី​នោះ​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​យ៉ាង​មុត​មាំ​ថា ព្រះ​ចេស្ដា​ដ៏​លើស​លន់​ដែល​បាន​ប្រោស​ព្រះ​យេស៊ូវ​ឲ្យ​រស់​ពី​សុគត​ឡើង​វិញ​ក៏​គង់​នៅ​ក្នុង​ពួក​អ្នក​ជឿ​ផង​ដែរ។

ប៉ុន្តែ ព្រះ​ចេស្ដា​នៃ​ការ​រស់​ឡើង​វិញ​នេះ​គឺ​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការ​រួម​ចំណែក​នៃ​ទុក្ខ​លំបាក​របស់​ព្រះ​គ្រីស្ទ​ហើយ «ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្ដី​ស្លាប់​ផង»។ សាវ័ក ប៉ុល បាន​ប្រាប់​ដល់​ក្រុម​ជំនុំ​ភីលីព​ហើយ​ថា ព្រះ​ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​ពួក​គាត់​នូវ​អំណោយ​ទាន​នៃ​សេចក្តី​ទុក្ខ​លំបាក (ភីលីព ១:២៩)។ ព្រះ​អង្គ​បាន​កំណត់​ថា យើង​ក៏​នឹង​ត្រូវ​មាន​ចំណែក​នៅ​ក្នុង​ការ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ដែល​នេះ​មាន​ន័យ​ថា បាន​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្ដី​ស្លាប់។ យើង​មិន​មែន​រង​ទុក្ខ​ដោយ​ព្រោះ​វា​ជា​ទុក្ខ​លំបាក​នោះ​ឡើយ តែ​ការ​រង​ទុក្ខ​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ។ សាវ័ក ប៉ុល កំពុង​សំដៅ​ទៅ​កាន់​ទុក្ខ​លំបាក​ដូច​ជា​ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ៖ ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​បម្រើ​ដល់​អ្នក​ដទៃ​ផ្សេង​ទៀត​ជា​ការ​ស្តាប់​បង្គាប់​ដល់​ព្រះ​វរបិតា។ «ត្រឡប់​ទៅ​ដូច​ជា» («ស៊ីមម៉ូហ្វីសូ» symmorphizō) មាន​ន័យ​ថា «ធ្វើ​ឲ្យ​មាន​ភាព​ស្រដៀង​ទៅ​កាន់​អ្វី​មួយ​ផ្សេង​ទៀត​ទាំង​ទម្រង់ និង​របៀប»។[៥] កម្ម​វាចកៈ (passive voice) នៅ​ទី​នេះ​ប្រហែល​ជា​សញ្ញា​នៃ​អត្ថ​ន័យ​អាទិទេព​អកម្ម—ព្រះ​ទ្រង់​ធ្វើ​ឲ្យ​យើង​បាន​ដូច​ជា​ព្រះ​គ្រីស្ទ នៅ​ក្នុង​ការ​សុគត​របស់​ព្រះ​អង្គ។ លោក​គ្រូ ស៊ីនខ្ល័រ ហ្វើគីសុន (Sinclair Ferguson) បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​គាត់​ថា ព្រះ​ជាម្ចាស់​បាន​ធ្វើ​ឲ្យ​យើង​បាន​ដូច​ជា​ព្រះ​យេស៊ូវ​នៅ​ក្នុង​របៀប​ដូច​គ្នា​ដែល​ព្រះ​យេស៊ូវ​បាន​ក្លាយ​ដូច​ជា​ព្រះ​យេស៊ូវ៖ តាម​រយៈ​ការ​រង​ទុក្ខ (ហេព្រើរ ២:១០; ៥:៨)។ សាវ័ក ប៉ុល មិន​មែន​កំពុង​ប្រាប់​យើង​ឲ្យ​ទៅ​ស្វែង​រក​របៀប ដើម្បី​រង​ទុក្ខ​លំបាក​នោះ​ទេ។ សារ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ភីលីព​បាន​ទូន្មាន​យើង​ឲ្យ​មាន​គំនិត​ដូច​ជា​ព្រះ​គ្រីស្ទ៖ ចូរ​ទៅ​ស្វែង​រក​នរណា​ម្នាក់ ដើម្បី​បម្រើ​ក្នុង​បុព្វ​ហេតុ​សម្រាប់​ព្រះ​គ្រីស្ទ ហើយ​មិន​ត្រូវ​រត់​ចេញ​នៅពេល​ដែល​មាន​ការ​រង​ទុក្ខ​នោះ​ឡើយ។ សូម​សង្វាត​ចង់​បាន​ភាព​ដូច​ជា​ព្រះ​គ្រីស្ទ មិន​មែន​ទៅ​ចង់​រង​ទុក្ខ​វេទនា​នោះ​ទេ។

មាន​ចំណែក​ក្នុង​ទុក្ខ​លំបាក បន្ទាប់​មក​ទទួល​បាន​សិរីល្អ

ដាច់​ខាត! ការ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​ត្រូវ​តែ​មាន​មុន​ការ​មាន​ចំណែក​ក្នុង​សិរីល្អ​ដូច​ដែល​សាវ័ក ប៉ុល បាន​សរសេរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:១៧។ លំហូរ​នៃ​គំនិត​របស់​សាវ័ក ប៉ុល នៅ​ទីនេះ​គឺ​ដូច​គ្នា៖ ការ​មាន​ចំណែក​នៅ​ក្នុង​ទុក្ខ​លំបាក និង​ការ​ត្រឡប់​ទៅ​ដូច​ជា​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ការ​សុគត​របស់​ទ្រង់​នឹង​នាំ​ទៅ​កាន់​ការ​រស់​ឡើង​វិញ (ភីលីព ៣:១០-១១)។ បំណង​ប្រាថ្នា​ដ៏​ធំធេង​របស់​សាវ័ក ប៉ុល នោះ​គឺ​ការ «មក​ដល់​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ» (ភីលីព ៣:១១)។ ឃ្លា​ថា «បើ​សិន​ជា​មាន​ផ្លូវ​ណា» ជា​គំរូ​វាស់​វែង​នៃ​ការ​បន្ទាប​ខ្លួន មិន​មែន​ជា​ភាព​ប្រាកដ​ប្រជា​ដែល​មិន​ពិត​នោះ​ទេ។ សាវ័ក ប៉ុល បាន​បើក​ចំហ​ឱកាស​ដែល​អាច​ទៅ​រួច​បាន​ក្នុង​ការ​ឲ្យ​គាត់​អាច​ប្រកាស​ទៅ​កាន់​អ្នក​ផ្សេង​ទៀត ប៉ុន្តែ​គាត់​ខ្លួន​ឯង​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដែរ (១កូរិនថូស ៩:២៤-២៧)។ ភាព​ភ្លឺ​ស្វាង​នៃ​ការ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត​មិន​បាន​បង្កើត​ឲ្យ​មាន​ភាព​ព្រងើយ​កន្តើយ​ឡើយ ប៉ុន្តែ​ការ​តស៊ូ​ដោយ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​សង្វាត​ចង់​បាន​ព្រះ​គ្រីស្ទ​វិញ។

ខ១២​បាន​ប្រឆាំង​នឹង​ការ​សន្និដ្ឋាន​ខុស​ឆ្គង ហើយ​បញ្ជាក់​អំពី​ការ​សន្និដ្ឋាន​ដ៏​ត្រឹម​ត្រូវ​ក្នុង​ពេល​ជា​មួយ​គ្នា។ សាវ័ក ប៉ុល បាន​បញ្ជាក់​ថា គាត់​មិន​ទាន់​បាន​ទទួល​ការ​រស់​ឡើង​វិញ ឬ​បាន​គ្រប់​លក្ខណ៍​ដែល​នឹង​ត្រូវ​មក​ជា​មួយ​ការ​រស់​ឡើង​វិញ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​កំពុង​តែ​ដេញ​តាម​សង្វាត​ចង់​បាន​ការ​រស់​ពី​ស្លាប់​ឡើង​វិញ យក​មក​ធ្វើ​ជា​កម្ម​សិទ្ធ​របស់​គាត់។ ពាក្យ​ដែល​ប្រើ​សម្រាប់ «កំពុង​តែ​ដេញ​តាម​សង្វាត​នឹង​ចាប់» («ឌីអូកូ» diōkō) គឺ​ជា​ពាក្យ​ដូច​គ្នា​ដែល​សាវ័ក ប៉ុល បាន​ប្រើ​រួច​មក​ហើយ ដើម្បី​ពណ៌នា​អំពី​ការ​បៀតបៀន​របស់​គាត់ («ឌីអូកូ» diōkō) ទៅ​កាន់​ក្រុម​ជំនុំ (៣:៦)។ ផ្នត់​គំនិត​ចាស់​របស់​សាវ័ក ប៉ុល គឺ​ជា​ផ្នត់​គំនិត​តែ​មួយ​ដែល​ប្រឹង​ប្រែង​បៀតបៀន​ក្រុម​ជំនុំ។ ការ​កើត​ជា​ថ្មី​បាន​នាំ​មក​នូវ​ផ្នត់​គំនិត​ថ្មី៖ ផ្នត់​គំនិត​តែ​មួយ​ដែល​ប្រឹង​ប្រែង​ក្នុង​ការ​ស្គាល់​ព្រះ​គ្រីស្ទ និង​ការ​ទទួល​បាន​ការ​រស់​ពី​ស្លាប់​ឡើង​វិញ។ សាវ័ក ប៉ុល បាន​ពណ៌នា​ការ​សង្វាត​នេះ​នៅ​ក្នុង​ទម្រង់​នៃ​ការ​បន្ទាប់​ខ្លួន ដោយ​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​គ្រីស្ទ សូម្បី​តែ​ក្នុង​ការ​សង្វាត​ចង់​បាន​ព្រះ​អង្គ​របស់​គាត់។ មូល​ហេតុ​នៅ​ពី​ក្រោយ​ដែល​ជំរុញ​គាត់​ឲ្យ​អាច​ដេញ​តាម ដើម្បី​ធ្វើ​ឲ្យ​ការ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ក្លាយ​ជា​កម្ម​សិទ្ធ​របស់​គាត់​គឺ ពីព្រោះ​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​ធ្វើ​ឲ្យ​សាវ័ក ប៉ុល បាន​ក្លាយ​ជា​កម្ម​សិទ្ធ​របស់​ទ្រង់​រួច​ហើយ។ ឃ្លា​ចុង​ក្រោយ​អាន​យ៉ាង​ចំៗ​ថា «ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ត្រូវ​ព្រះ​គ្រីស្ទ​យេស៊ូវ​ចាប់​ខ្ញុំ​ជា​មុន​ដែរ»។ ព្រះ​គម្ពីរ​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​ចិញ្ចឹម​នូវ​អារម្មណ៍​ឯក​រាជ្យ​នោះ​ឡើយ។ យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។ យើង​ធ្វើ​ការ ពីព្រោះ​ទ្រង់​ធ្វើ​ការ​នៅ​ក្នុង​យើង។ យើង​អាច​ធ្វើ​ឲ្យ​ការ​រស់​ឡើង​វិញ និង​ការ​ស្គាល់​ព្រះ​គ្រីស្ទ​ក្លាយ​ជា​កម្ម​សិទ្ធ​របស់​យើង​ផ្ទាល់​បាន ពីព្រោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ទ្រង់​រួច​ហើយ។

សាវ័ក ប៉ុល បាន​បញ្ជាក់​ម្តង​ទៀត​ថា គាត់​មិន​ទាន់​ទទួល​បាន​ការ​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​គាត់​នៅ​ឡើយ​ទេ។ គាត់​បាន​ប្រើ​ប្រាស់​កិរិយា​ស័ព្ទ​ដូច​គ្នា «ខ្ញុំ​បាន​ទទួល» («កាតាឡាមបាណូ» katalambanō) ដែល​គាត់​បាន​ប្រើ​ប្រាស់​ពីរ​ដង​នៅ​ក្នុង​ខ១២។ គាត់​បាន​បន្ត​សង្កត់​ធ្ងន់​លើ​គំនិត​របស់​គាត់​ថា៖ គាត់​មិន​បាន «រាប់​ថា» («លូហ្គិសសូម៉ាយ» logizomai) ដែល​គាត់​បាន​ទទួល​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ​នោះ​ទេ។ ពិត​ប្រាកដ​ណាស់ គាត់​បាន​ដាក់​គន្លឹះ​បិទ​ទ្វារ​ទៅ​កាន់​គ្រប់​គំនិត​ទាំង​នោះ។ នៅ​ត្រង់​ចំណុច​នេះ អ្នក​អាន​បាន​ប្រមូល​ផ្តុំ​ដោយ​ពាក្យ​ថា «ខ្ញុំ​យល់​ហើយ​ថា អ្នក​មិន​ទាន់​ទទួល​បាន​វា​ទេ—ចុះ​ឥឡូវ​នេះ​យ៉ាង​ម៉េច​ទៀត?» សាវ័ក ប៉ុល បាន​ឆ្លើយ​យ៉ាង​មុតមាំ ដោយ​គំនិត​ផ្ដោត​តែ​មួយ​គឺ៖ «តែ​មាន​សេចក្ដី​នេះ​១»។ តើ​អ្វី​ទៅ​ជា​សេចក្តី​មួយ​នេះ? គឺ «ដេញ​តាម​សង្វាត​នឹង​ចាប់» («ឌីអូកូ» diōkō) ឆ្ពោះ​ទៅ​ទី​បញ្ចប់​នឹង​រង្វាន់​នៃ​ស្ថាន​សួគ៌ (ភីលីព ៣:១៤)។ ជា​ដំបូង​កណ្ឌ​គម្ពីរ ភីលីព ៣:១៣ បាន​ពន្យល់​អំពី​មធ្យោបាយ​ដែល​សេចក្តី​មួយ​នោះ​នឹង​អាច​កើត​ឡើង​បាន៖ គឺ​តាម​រយៈ​ការ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​បាន​កន្លង​ហួស ហើយ​ខំ​មមុល​ទៅ​កាន់​សេចក្តី​ដែល​នៅ​ខាង​មុខ។ សាវ័ក ប៉ុល មមុល​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ចុង​ក្រោយ។ កិរិយាសព្ទ​ទី​ពីរ «មមុលឈោងទៅ» («អីភីកធេណូម៉ាយ» epekteinomai) ផ្តោត​លើ​រូប​ភាព​នៃ​ការ​រត់​ប្រណាំង ដែល​អ្នក​រត់​ប្រណាំង​ខំ​ប្រឹង​មមុល​ឆ្ពោះ​ទៅ​កាន់​បន្ទាប់​នៃ​ទី​បញ្ចប់។ ការ​ដេញ​ចាប់​នៅ​ក្នុង​ផ្នត់​គំនិត​តែ​មួយ​គឺ​ទាម​ទារ​មិន​ត្រូវ​ឲ្យ​ក្រឡេក​មើល​ក្រោយ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ជានិច្ច។

ខ​គម្ពីរ​ដែល​សល់​ផ្សេងៗ​ទៀត​ពណ៌នា​អំពី​បន្ទាប់​នៃ​ទី​បញ្ចប់ និង​រង្វាន់​ដែល​រង់ចាំ​យើង។ ពាក្យ «ទី» (ឬ​ក៏ «គោល​ដៅ») («ស្កូថូស៍» skopos)នៃ​ការ​រត់​ប្រណាំង​គឺ​ទី​បញ្ចប់ ជា​កន្លែង​ដែល​អ្នក​រត់​គ្រប់​រូប​បាន​កំណត់​ជា​គោល​ដៅ​របស់​ខ្លួន ហើយ​និង​ការ​ឆ្ពោះ​ទៅ​របស់​ពួក​គេ។ រង្វាន់​នៅ​ទី​បញ្ចប់​នៃ​ការ​រត់​ប្រណាំង​គឺ ជា​ស្ថាន​ភាព​នៃ​ភាព​ល្អ​ឥត​ខ្ចោះ ដែល​ត្រូវ​មក​ជា​មួយ​ការ​រស់​ពី​ស្លាប់​ឡើង​វិញ។ ពាក្យ «រង្វាន់» ក៏​មាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ៩:២៤ «តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​១​ទេ​ដែល​បាន​រង្វាន់? ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ»។ រង្វាន់​នេះ​មាន​ប្រភព៖ «ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» (ភីលីព ៣:១៤)។ ការ​ងារ​ដ៏​ខ្ពង់​ខ្ពស់​គឺ​ការ​ដែល​ព្រះ​បាន​តម្រង់​យើង​ឲ្យ​ផ្ដោត​លើ​អ្វី​ដែល​នៅ​ខាង​ស្ថាន​លើ មិន​មែន​របស់​អ្វី​ដែល​នៅ​ផែន​ដី​ឡើយ។

កំណត់​ចំណាំ៖

១. វា​អាច​ទៅ​រួច​ដែល​សាវ័ក ប៉ុល បែង​ចែក​រវាង​ពួក​សាសន៍​ហេព្រើរ ឬ​ពួក​យូដា​ដែល​និយាយ​ភាសា​អារ៉ាម និង​ពួក​យូដា​ដែល​និយាយ​ភាសា​ក្រិក (កិច្ចការ ៦:១)។

២. វចនានុក្រម BDAG, s.v. σκύβαλον
៣. ខ្ញុំ​អាន​ទម្រង់​ណែងណង​នេះ​លើក​ដំបូង​នៅ​ក្នុង​សៀវភៅ​របស់​លោក អូប្រាយអិន (O’Brien), ភីលីព, ៣៩៤។
៤. Paul’s pre-conversion mind-set matched the mind-set of his unsaved Jewish countrymen in រ៉ូម ១០:១–៣. Paul prays they may be saved because they are ignorant of the righteousness from God and thus do not submit to it. In place of divine righteousness in Christ, they attempt to establish their own.
មុន​ពេល​ដែល​សាវ័ក ប៉ុល បាន​ប្រែ​ចិត្ត ផ្នត់​គំនិត​របស់​គាត់​ស៊ី​គ្នា​ជា​មួយ​ផ្នត់​គំនិត​របស់​ពួក​យូដា​ដែល​មិន​ទាន់​បាន​ទទួល​សេចក្តី​សង្គ្រោះ (រ៉ូម ១០:១-៣)។ សាវ័ក ប៉ុល បាន​អធិស្ឋាន​សូម​ឲ្យ​ពួក​គាត់​បាន​សេចក្តី​សង្គ្រោះ ពីព្រោះ​ពួក​គាត់​មាន​សេចក្តី​ល្ងង់​ខ្លៅ​ចំពោះ​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ព្រម​ទាំង​មិន​បាន​ចុះ​ចូល​ថែម​ទៀត​ផង។ ជំនួស​ឲ្យ​សេចក្តី​សុចរិត​នៃ​ទេវ​ភាព​នៅ​ក្នុង​ព្រះ​គ្រីស្ទ ពួក​គាត់​បាន​ព្យាយាម​បង្កើត​សេចក្តី​សុចរិត​ដោយ​ខ្លួន​ឯង​វិញ។
៥. វចនានុក្រម BDAG, s.v. συμμορφίζω

និពន្ធ​ដោយ៖ Jason C. Meyer
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក​ស្រី ពុន ចន្ថា, លោក ឈាង បូរ៉ា និងលោក សឹម រក្សា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.crossway.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អត្ថបទ​លេខ​៣ – តើ​ភាព​ជា​អ្នក​ដឹក​នាំ​នៃ​​បុរស និង​ការ​ចុះ​ចូល​នៃ​ស្ត្រី​បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​បំពាន?

តើ​ក្រុម​ជំនុំ​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​នៅ​ពេល​ណា?