in

តើ​អ្វី​ទៅ​ជា​កម្រៃ​យ៉ាង​ធំ ពី​ការ​គោរព​ប្រតិបត្តិ​​ព្រះជាម្ចាស់? (១ធីម៉ូថេ ៦)

ហើយ​អ្នក​ណា​ដែល​មាន​ចៅហ្វាយ​ជា​អ្នក​ជឿ នោះ​មិន​ត្រូវ​មាន​ចិត្ត​មើល​ងាយ​ដល់​ចៅហ្វាយ​នោះ ដោយ​ព្រោះ​ជា​បង​ប្អូន​គ្នា​ទេ តែ​ស៊ូ​បម្រើ​វិញ ដោយ​ព្រោះ​ចៅហ្វាយ​នោះ​ជា​អ្នក​ជឿ ហើយ​ជា​ស្ងួន​ភ្ងា​ដែរ ជា​អ្នក​ដែល​ចម្រើន​ឡើង ដោយ​ការ​បម្រើ​យ៉ាង​ល្អ​នោះ​ឯង ចូរ​ឲ្យ​អ្នក​បង្រៀន​សេចក្ដី​ទាំង​នេះ ហើយ​ទូន្មាន​គេ​ចុះ។
បើ​អ្នក​ណា​បង្រៀន​ពី​សេចក្ដី​អ្វី​ផ្សេង​ទៀត ហើយ​មិន​យល់​ព្រម​តាម​ពាក្យ​សម្ដី​ដែល​ត្រឹម​ត្រូវ គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង និង​ជា​សេចក្ដី​បង្រៀន​ដែល​ត្រឹម​ត្រូវ តាម​សេចក្ដី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ទេ
អ្នក​នោះ​ឈ្មោះ​ថា​មាន​ចិត្ត​ធំ ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ និង​សេចក្ដី​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ
ជា​សេចក្ដី​ជំលោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត ហើយ​ឥត​ស្គាល់​សេចក្ដី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ជា​ផ្លូវ​ឲ្យ​បាន​កម្រៃ
តែ​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់​ស្កល់​ផង នោះ​ជា​កម្រៃ​មួយ​យ៉ាង​ធំ​មែន
ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ
តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ
ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្ដុក​ស្ដម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង និង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេសផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស និង​សេចក្ដី​អន្ដរ​ធាន​វិញ
ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង​លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន។ (១ធីម៉ូថេ ៦:២-១០)។

ចូរ​បង្រៀន ហើយ​ទូន្មាន
ឃ្លា «ចូរ​ឲ្យ​អ្នក​បង្រៀន​សេចក្ដី​ទាំង​នេះ ហើយ​ទូន្មាន​គេ​ចុះ» ជា​សញ្ញា​នៃ​ការ​ផ្លាស់​ប្ដូរ​ពី​ប្រធាន​បទ​មួយ​ទៅ​ប្រធាន​បទ​មួយ​ទៀត។ ប៉ុន្តែ តើ​អ្វី​ទៅ​ជា «សេចក្ដី​ទាំង​នេះ» ដែល​លោក ធីម៉ូថេ ត្រូវ «បង្រៀន ហើយ​ទូន្មាន»? មាន​ការ​បង្គាប់​ស្ទើរ​តែ​ដូច​គ្នា​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៤:១១ ជា​កន្លែង​ដែល «សេចក្ដី​ទាំង​នេះ» បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​អ្វី​ដែល​មាន​ពី​មុន ហើយ​វា​ក៏​ជា​អ្វី​ដែល​កំពុង​សំដៅ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៦:២ខ ផង​ដែរ។ លោក ធីម៉ូថេ ត្រូវ​បង្រៀន និង​ទូន្មាន​ដល់​ក្រុម​ជំនុំ​របស់​គាត់​ឲ្យ​ជឿ ហើយ​គោរព​ប្រតិបត្តិ​តាម សេចក្ដី​ទាំង​ឡាយ​ដែល​សាវ័ក ប៉ុល បាន​សរសេរ មក​ដល់​ចំណុច​នេះ។ គាត់​មិន​ត្រឹម​តែ​ត្រូវ​បង្រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​តែ​ទូន្មាន—លោក ធីម៉ូថេ មិន​គ្រាន់​តែ​ត្រូវ​ផ្ដល់​នូវ​ព័ត៌មាន​ចេញ​ពី​មេរៀន​អធិប្បាយ​របស់​គាត់​ប៉ុណ្ណោះ​នោះ​ទេ។ គាត់​ត្រូវ​តែ​បង្រៀន​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ជឿ និង​ប្រតិបត្តិ​តាម​ដោយ​ផ្អែក​ទៅ​លើ​អ្វី​​ជា​សេចក្ដី​ណែនាំ​របស់​សាវ័ក ប៉ុល។ សេចក្ដី​អធិប្បាយ​របស់​គាត់​ត្រូវ​តែ​ស្ដែង​ចេញ​បែប​ជា​ការ​បង្គាប់។

ឈ្នាប់ «បើ» ជា​អនុប្រយោគ​ដែល​សន្និដ្ឋាន​ថា​ជា​ការ​ពិត​នៅ​ក្នុង​ការ​បុព្វ​ហេតុ​នៃ​វិវាទ [១]។ ក្នុង​នាម​ជា​របៀប​វោហារ​សាស្ត្រ ប្រយោគ​នេះ​មិន​បាន​បង្ហាញ​ជាក់​លាក់​អំពី​វត្តមាន​នៃ​គ្រូ​បង្រៀន​ខុស​ឆ្គង​នៅ​ទីក្រុង​អេភេសូរ​ទេ។ យ៉ាង​ណា​មិញ វត្តមាន​នៃ​គ្រូ​ខុស​ឆ្គង​ត្រូវ​បាន​លើក​ឡើង​រួច​ហើយ​ដោយ​សាវ័ក ប៉ុល បាន​បង្ហាញ​អំពី​ពួក​គេ​តាំង​តែ​ពី​ពេល​មុន៖ ចាប់​តាំង​តែ​ពី​ដើម​សំបុត្រ នោះ​សាវ័ក ប៉ុល បាន​បញ្ជាក់​ថា ក្នុង​ក្រុម​ជំនុំ​មាន​ពួក​អ្នក​ដែល​បង្រៀន «សេចក្ដី​ណា​ផ្សេង​ទៀត» បាន​ជ្រៀត​ចូល​មក» (១ធីម៉ូថេ ១:៣)។

សេចក្ដី​បង្រៀន​របស់​ពួក​គេ​ខុស​ប្លែក ដោយ​សារ​វា​ប្រាស​ចាក​ឆ្ងាយ​ពី «ព្រះ​បន្ទូល​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ» ជា «ពាក្យ​សម្ដី​ដែល​ត្រឹម​ត្រូវ» ហើយ​ចាក​ឆ្ងាយ​ពី «សេចក្ដី​បង្រៀន​ដែល​ត្រឹម​ត្រូវ តាម​សេចក្ដី​គោរព​ប្រតិបត្តិ​ដល់​ព្រះ»។ ក្នុង​ភាសា​ក្រិក​ពាក្យ​ថា «ត្រឹម​ត្រូវ» បង្ហាញ​សុខភាព ដោយ​មាន​ការ​ពង្រីក​បន្ថែម​នូវ​អត្ថន័យ​ប្រៀប​ធៀប​ដែល​ជួយ​ចង្អុល​បង្ហាញ​ឲ្យ​ជៀស​វាង​ពី​សេចក្ដី​ខុស​ឆ្គង។ បើ​យោង​ទៅ​តាម​ភាព​ជាក់​ស្ដែង​នេះ នោះ​ពាក្យ​ត្រឹម​ត្រូវ​មាន​ន័យ​ថា មាន​សុខភាព​ល្អ។ ពាក្យ​នេះ​ផ្ទុយ​ពី​ពាក្យ «អសុខភាព​ល្អ គឺ​វក់​តែ​នឹង​ជជែក» ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ខ​បន្ទាប់។

សេចក្ដី​បង្រៀន​ដែល​មាន​សុខភាព​ល្អ​ប្រភេទ​នេះ​មាន​មូល​ដ្ឋាន​មក​ពី​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ដោយ​ផ្ទាល់ និង​អនុវត្ត ហើយ​ជា​អ្វី​ដែល​ព្រះ​អង្គ​បាន​បង្ហាញ​ដល់​ពួក​សាវ័ក​របស់​ទ្រង់ តាម​រយៈ​ព្រះ​វិញ្ញាណ។ សាវ័ក ប៉ុល បាន​ជឿ—យ៉ាង​ត្រឹម​ត្រូវ—ថា​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ​កំពុង​តែ​មាន​បន្ទូល​តាម​រយៈ​គាត់ ដែល​ជា​សាវ័ក​ម្នាក់ (២កូរិនថូស ១៣:៣)។ ដូច្នេះ «សេចក្ដី​អ្វី​ផ្សេង​ទៀត» គឺ​ជា​ការ​ប្រាស​ចាក​ឆ្ងាយ​ចេញ​ពី​ស្តង់​ដារ​របស់​ព្រះ​គ្រីស្ទ​ផ្ទាល់ ដែល​បាន​លើក​ឡើង​មក​បញ្ជាក់​ដោយ​សាវ័ក​ឥឡូវ​នេះ។

ប៉ុន្តែ «សេចក្ដី​អ្វី​ផ្សេង​ទៀត» ក៏​សំដៅ​ទៅ​លើ​អ្វី​ដែល​ខុស​គ្នា​ពី «សេចក្ដី​បង្រៀន​ដែល​ត្រឹម​ត្រូវ តាម​សេចក្ដី​គោរព​ប្រតិបត្តិ​ដល់​ព្រះ» ផង​ដែរ។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត នោះ​គឺ​ជា​ចំណុច​បែក​គ្នា​ចេញ​ពី​សេចក្ដី​បង្រៀន​ដែល​ត្រឹម​ត្រូវ​ដែល​នាំ​ឲ្យ​មាន​ការ​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ជាម្ចាស់។ សេចក្ដី​បង្រៀន​ខុស​ឆ្គង​បង្កើត​ឲ្យ​មាន​តែ​និស្ស័យ​សាច់​ឈាម ប៉ុន្តែ​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​បង្កើត​ឲ្យ​មាន​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ជាម្ចាស់ ដូច​ដែល​សាវ័ក ប៉ុល បាន​មាន​នៅ​ក្នុង​គំនិត​របស់​គាត់​នៅ​ទី​នេះ។ នៅ​ក្នុង​របៀប​នេះ សាវ័ក ប៉ុល បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចំណុច​ខ្វះខាត​នៃ​ការ​បង្រៀន​ខុស​ឆ្គង៖ វា​មិន​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ហើយ​ក៏​មិន​បង្កើត​ឲ្យ​មាន​ការ​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ជាម្ចាស់​ដែរ។

ការ​យល់​ដឹង​ដោយ​មាន​ការ​អួត​បំប៉ោង
កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៦:៤ គឺ​ជា​ឃ្លា​ភ្ជាប់​នៃ​ប្រយោគ​លក្ខខណ្ឌ​មួយ​ចាប់​ផ្ដើម​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៦:៣។ ការ​វែក​ញែក​គ្នា​ចាប់​ពី ១ធីម៉ូថេ ៦:៣ ទៅ​នឹង ១ធីម៉ូថេ ៦:៤ មាន​លក្ខណៈ​បែប​នេះ៖ ប្រសិន​បើ​មាន​គ្រូ​ក្លែង​ក្លាយ​ណា​ព្យាយាម​បោក​បញ្ឆោត​ហ្វូង​ចៀម​នៅ​ក្រុង​អេភេសូរ (ហើយ​ប្រាកដ​ណាស់​គឺ​មាន) នោះ​លោក​អ្នក​គួរ​តែ​ដឹង​អំពី​កត្តា​ជំរុញ​ចិត្ត​ដ៏​ខុស​ឆ្គង​របស់​ពួក​គេ។ កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៦:៤ បាន​ចង្អុល​បង្ហាញ​ថា ភាព​ខុស​ឆ្គង​របស់​ពួក​គេ​គឺ​ដោយ​សារ​តែ​កង្វះ​ខាត​ផ្សេងៗ មិន​មែន​ព័ត៌មាន​ទេ តែ​ចរិត​លក្ខណៈ​វិញ

តួ​អង្គ​ចម្បង​ដែល​បាន​បង្ហាញ​មក​គឺ​ថា គ្រូ​ក្លែង​ក្លាយ​មាន​ចំណុច​កំណត់​សម្គាល់​ដោយ​ការ «មាន​ចិត្ត​ធំ» ឬ​ក៏​ការ​អួត​បំប៉ោង។ ពាក្យ​នេះ​មក​ពី​នាម​ដែល​ដំណាង​ឲ្យ​ការ​បំភាន់។ នៅ​ពេល​យក​មក​អនុវត្ត​ជា​មួយ​មនុស្ស វា​មាន​ន័យ​ទាក់​ទង​នឹង​ការ​បំភាន់​ខ្លួន​ឯង​ពី «ការ​ធ្វើ​ពើ ភាព​ឥត​ប្រយោជន៍ ការ​មាន​អំនួត ឬ​ក៏​ចិត្ត​ធំ» [២]។ មនុស្ស​ធ្វើ​ពើ​គឺ​ជា​មនុស្ស​ដែល​បាន​បំភាន់​ខ្លួន​ឯង​អំពី​ទស្សនៈ​របស់​គាត់ ពីព្រោះ​តែ​គាត់​បាន​បំភាន់​ខ្លួន​ឯង​អំពី​ខ្លួន​ឯង​ផ្ទាល់ គាត់​គោរព​ខ្លួន​គាត់ និង​គិត​ថា​គំនិត​របស់​គាត់​ខ្លាំង​លើស​ពី​អ្វី​ដែល​គាត់​គួរ​គិត។ នៅ​ក្នុង​ភាសា​ក្រិក គ្រប់​ទាំង​កង្វះ​ខាត​នៃ​ចរិត​លក្ខណៈ ដែល​មាន​គឺ​ជា​លទ្ធផល​ពិត​ជាក់​ស្ដែង​ថា គ្រូ​ក្លែង​ក្លាយ​គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ធំ។

ឃ្លា «មិន​ដឹង​អ្វី​សោះ» គឺ​ជា​ការ​បក​ប្រែ​ប្រយោគ​ភាគ​ដែល​ពឹង​លើ (participle dependent) «អ្នក​នោះ​ឈ្មោះ​ថា​មាន​ចិត្ត​ធំ»។ អត្ថន័យ​ភាគ​ច្រើន​គឺ​ហាក់​បី​ដូច​ជា​ថា​លទ្ធផល៖ «លទ្ធផល​នៃ​ការ​ដែល​គាត់​មាន​ចិត្ត​ធំ​គឺ​ដោយ​សារ​គាត់​មិន​ដឹង​អ្វី​សោះ»។

លទ្ធផល​ទី​ពីរ​នៃ​សេចក្ដី​បង្រៀន​របស់​គ្រូ​ក្លែង​ក្លាយ​ដែល​មាន​ចិត្ត​ធំ​នោះ​គឺ «គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ»។ ពាក្យ «វក់​តែ​នឹង» គឺ​ជា​ការ​បក​ស្រាយ​ពាក្យ​ដែល​មាន​អត្ថន័យ​ថា​ឈឺ ឬ​ក៏​ទទួល​បាន​ការ​រាតត្បាត​ពី​ជំងឺ​ណា​មួយ។ អត្ថន័យ​ប្រៀប​ធៀប (ដូច​នៅ​ទី​នេះ) ថា «ជា​ការ​មាន​ភាព​ច្របូក​ច្របល់ ឬ​ខ្វល់ខ្វាយ​នៅ​ក្នុង​គំនិត»។ នៅ​ក្នុង​អត្ថន័យ​នេះ​គឺ​សំដៅ​ទៅ​លើ «ការ [កំពុង] តែ​វក់​នឹង​អ្វី​មួយ​ដែល​មាន​ជំងឺ» ដោយ​ចង់​បាន​អ្វីមួយ [៣]។ ជំងឺ​នៅ​ក្នុង​គំនិត​បែប​នេះ​គឺ​ផ្ទុយ​ពី​ព្រះ​បន្ទូល​ដ៏​មាន​សុខភាព​ល្អ​របស់​ព្រះ​យេស៊ូវ ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៦:៣។

ដូច្នេះ ការ​មាន​ចិត្ត​ធំ​របស់​គ្រូ​ក្លែង​ក្លាយ​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​អ្វី​ដែល​នាំ​ឲ្យ​មាន​ជីវិត និង​ការ​ព្យាបាល ហើយ​នាំ​ទៅ​កាន់​អ្វី​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ខាង​ឯ​វិញ្ញាណ ព្រម​ទាំង​សេចក្ដី​ស្លាប់។ គ្រូ​ក្លែង​ក្លាយ​វក់​តែ​នឹង «[ការ] ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ»។ វក់​តែ​នឹង​ការ​ជជែក​របស់​ពួក​គេ​នេះ​មាន​ន័យ​ថា ពួក​គេ​ចូល​ចិត្ត​ការ​វាយ​គ្នា​ដោយ​ប្រើ​ពាក្យ​សម្ដី។ លើស​ជាង​នេះ​ទៅ​ទៀត ពួក​គេ​វក់​តែ​នឹង​ការ «ដេញ​ដោល​ពី​ន័យ​ពាក្យ» —អត្ថ​ន័យ​ចំ​គឺ​ថា «សង្គ្រាម-ពាក្យពេចន៍» (ការ​ទាស់​ទែង​ដោយ​ពាក្យ​សម្ដី «ឡូហ្គូមាឃីស៍» logomachias)។ ការ​ប្រៀប ធៀប​មួយ​ពាក់​ព័ន្ធ​ទៅ​នឹង​ពាក្យ​ស្រដៀង​គ្នា​នៅ​ក្នុង​កណ្ឌ​គម្ពីរ ២ធីម៉ូថេ ២:១៤ បាន​បង្ហាញ​ថា «សង្គ្រាម-ពាក្យពេចន៍» មិន​មែន​គ្រាន់​តែ​ជា​ការ​វែក​ញែក​ឲ្យ​ដាច់​ស្រេច​អំពី​ភាព​ខុស​ប្លែក​គ្នា​ពី​នេះ​ពី​នោះ ឬ​ក៏​ទេវ​សាស្ត្រ​មួយ​នេះ ឬ​មួយ​នោះ​នោះ​ឡើយ—វា​មិន​មែន​ជា​ការ​ឈ្លោះ​ប្រកែក​លើ​អត្ថ​ន័យ​ពាក្យ​ទេ។
«សង្គ្រាម-ពាក្យពេចន៍» ហាក់​បី​ដូច​ជា​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​សង្គ្រាម​ច្បាំង​ប្រឆាំង​នឹង​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត ហើយ​នេះ​គឺ​ជា​អ្វី​ដែល​គ្រូ​ក្លែង​ក្លាយ​វក់​ចង់​បាន។ ពួក​គេ​មិន​ត្រឹម​តែ​ចង់​ច្បាំង​នោះ​ទេ តែ​ពួក​គេ​ថែម​ទាំង​ចង់​ប្រឆាំង​ទាស់​នឹង​ព្រះ​បន្ទូល​ដែល​ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​មក​ទៀត​ផង (សូម​អាន​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ ២ធីម៉ូថេ ២:១៤)។

ការ​វក់​របស់​គ្រូ​ក្លែង​ក្លាយ​បង្ក​ឲ្យ​មាន «សង្គ្រាម-ពាក្យ​ពេចន៍» ដែល​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​នៅ​ក្នុង​ក្រុម​ជំនុំ ជា​ពិសេស «សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ សេចក្ដី​សង្ស័យ​ដ៏​អាក្រក់ និង​សេចក្ដី​ជំលោះ​ឥត​ប្រយោជន៍​»។ គ្រូ​ក្លែង​ក្លាយ​រីករាយ​នឹង​ការ​បែក​បាក់​គ្នា ពួក​គេ​ស្រដី​អាក្រក់​អំពី​មនុស្ស​ជា​មួយ​នឹង​ពាក្យ​សម្ដី។ ហើយ​នៅ​ចំ​កណ្ដាល​នៃ​ពួក​គេ គឺ​បង្កើត «សេចក្ដី​សង្ស័យ» ឬ «ការ​មិន​ទុក​ចិត្ត​គ្នា»។ ជា​ញយៗ ពួក​គេ​ពាំ​នាំ​នូវ​សេចក្ដី​សន្និដ្ឋាន និង​គំនិត​ថ្មីៗ​ទៅ​កាន់​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ ដោយ​គ្មាន​មូល​ដ្ឋាន​ត្រឹម​ត្រូវ​ក្នុង​បទ​គម្ពីរ។ ជា​លទ្ធផល​ពួក​គេ​បង្កើត​ឲ្យ​មាន «សេចក្ដី​ជំលោះ​ឥត​ប្រយោជន៍» នៅ​ក្នុង និង​នៅ​កណ្ដាល​ចំណោម «មនុស្ស​ខូច​គំនិត ហើយ​ឥត​ស្គាល់​សេចក្ដី​ពិត»។ ដូច្នេះ គំនិត​របស់ «អ្នក​ចម្បាំង-ពាក្យ​ពេចន៍» គឺ​បាន​បង្ខូច​ដល់​ក្រម​សីលធម៌ ហើយ​ជា​លទ្ធផល​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​គ្មាន​សេចក្ដី​ពិត​វិញ។ អស់​អ្នក​ដែល​មាន​គំនិត​ខូច​នឹង «ស្មាន​ថា ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ជា​ផ្លូវ​ឲ្យ​បាន​កម្រៃ»។ គ្រូ​ក្លែង​ក្លាយ​ធ្វើ​នូវ​អ្វីៗ​ដែល​ពួក​គេ​ធ្វើ ដើម្បី​តែ​បំពេញ​ភាព​មាន​បាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

គ្រូ​ក្លែងក្លាយ​បង្រៀន​សេចក្ដី​ខុស​ឆ្គង​មិន​មែន​មក​ពី​ពួក​គេ​ខ្វះ​ព័ត៌មាន​នោះ​ទេ ប៉ុន្តែ​មក​ពី​ពួក​គេ​ខ្វះ​នូវ​ដួង​ចិត្ត​វិញ។ ពួក​គេ​មិន​ចង់​បាន​អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់​បាន ហើយ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ក៏​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​ពិត​ជាក់​ស្ដែង​ដ៏​គួរ​ឲ្យ​សោកសៅ​នោះ។

ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ជាម្ចាស់​សម្រាប់​កម្រៃ​ខាង​ឯ​វិញ្ញាណ
គ្រូ​ក្លែង​ក្លាយ​ប្រព្រឹត្ត​ចំពោះ «ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ» ថា​ជា «ឲ្យ​បាន​កម្រៃ» ទ្រព្យ​សម្បត្តិ​ផ្សេងៗ។ តាម​ពិត​ទៅ ការ​គោរព​ប្រតិបត្តិ​ព្រះ​ជាម្ចាស់​មានន័យ​ថា «កម្រៃ​យ៉ាង​ធំ» ប៉ុន្តែ​មិន​មែន​ជា​ប្រភេទ​នៃ​កម្រៃ​ដែល​គ្រូ​ក្លែង​ក្លាយ​ចង់​បាន​នោះ​ទេ។ កម្រៃ​ខាង​ឯ​វិញ្ញាណ​នឹង​មក​ដល់ នៅ​កន្លែង​ដែល​មាន​ចិត្ត​ស្កប់​ស្កល់ គឺ​ការ​ស្កប់​ចិត្ត​ជា​មួយ​នឹង​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ។ ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ​តិច​តួច នោះ​មាន​ចិត្ត​ស្កប់​ស្កល់​នឹង​ចេះ​គ្រប់​គ្រាន់​ជា​មួយ ហើយ​ចេះ​អរ​ព្រះ​គុណ​ជា​មួយ​អ្វីៗ​ដែល​តិច​តួច​នោះ។ ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ នោះ​ការ​មាន​ចិត្ត​ស្កប់​ស្កល់​នឹង​ចេះ​គ្រប់​គ្រាន់​ជា​មួយ ហើយ​ចេះ​អរ​ព្រះ​គុណ​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​នោះ។ ប្រភេទ​នៃ​ការ​ចេះ​មាន​ចិត្ត​ស្កប់​ស្កល់​នេះ​គឺ​ជា​អត្ថន័យ​នៃ​កម្រៃ​យ៉ាង​ធំ ពីព្រោះ​ការ​ស្កប់​ចិត្ត​នោះ​មិន​ផ្ដោត​សំខាន់​ទៅ​លើ​អំណោយ តែ​លើ​អ្នក​ឲ្យ​វិញ។ វា​មិន​មែន​ជា​ការ​ចេះ​តែ​ចង់​បាន​ជា​ប្រចាំ ហើយ​មិន​ចេះ​ឆ្អែត​មិន​ចេះ​ឆ្អន់​នោះ​ឡើយ ដោយ​ចង់​បាន​ទៀត។ នេះ​ជា​ការ​យល់​ច្បាស់​ថា មនុស្ស​ម្នាក់ៗ​មិន​បាន​យក​អ្វី​មួយ​ចូល​មក​ក្នុង​ពិភព​លោក​នេះ​ទេ ហើយ​ក៏​នឹង​មិន​អាច​យក​អ្វី​មួយ​ចេញ​ទៅ​វិញ​បាន​ឡើយ។ ដូច្នេះ អ្នក​ជឿ​មិន​គួរ​ប្រព្រឹត្ត​ហាក់​បី​ដូច​ជា​ថា ការ​មាន​នូវ​ទ្រព្យ​សម្បត្តិ​គឺ​ជា​គន្លឹះ​ទៅ​កាន់​ជីវិត​ដ៏​ល្អ​ប្រសើរ​នោះ​ឡើយ ដោយ​សារ​វា​មិន​មែន​ដូច្នោះ​ទេ។ ជីវិត​ដ៏​ល្អ​ប្រសើរ​គឺ​ស្ថិត​នៅ​ក្នុង​ការ​ចេះ​មាន​ចិត្ត​ស្កប់​ស្កល់​ដោយ​កោត​ខ្លាច​ព្រះ មិន​មែន​ស្ថិត​ទៅ​លើ​ការ​កាន់​តែ​មាន​របស់​របរ និង​ទ្រព្យ​សម្បត្តិ​ច្រើន​ទៀត​នោះ​ទេ។

បំណង​ប្រាថ្នា​ឲ្យ​ចង់​មាន​បាន​ជា​លទ្ធផល​បណ្ដាល​ឲ្យ​ជាប់​ក្នុង​សេចក្ដី​ល្បួង​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​អាក្រក់។ បំណង​ប្រាថ្នា​មួយ​នេះ​គឺ​ជា «អន្ទាក់» ពីព្រោះ​វា​នឹង​ទាក់​អស់​អ្នក​ដែល​លោភ​ឲ្យ​ជាប់​នៅ​ក្នុង​ធ្នាក់​នៃ​បំណង​ប្រាថ្នា​របស់​ខ្លួន។ កាល​ណា​សេចក្តី​ប្រាថ្នា​នោះ​បាន​ប្រព្រឹត្ត​ឡើង​ពេញ​លេញ​ហើយ នោះ​នឹង​កើត​មាន​ឡើង​នូវ «សេចក្ដី​ហិន​វិនាស និង​សេចក្ដី​អន្ដរ​ធាន»។ នេះ​ហើយ​ជា​ហេតុ​ដែល​សាវ័ក ប៉ុល បាន​ដាស់​តឿន មិន​មែន​ទាស់​នឹង​ការ​ប្រើ​ប្រាស់​លុយ​កាក់​នោះ​ទេ ប៉ុន្តែ​ប្រឆាំង​នឹង​បំណង​ខុស​ឆ្គង និង​ការ​ថ្វាយ​បង្គំ​ដោយ​ចង់​បាន​លុយ​វិញ។ លុយ​ផ្ទាល់​មិន​មែន​ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ឬ​ក៏​ការ​ប្រើ​លុយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ការ​ស្រឡាញ់​លុយ​ទេ​តើ​ដែល​នាំ​ឲ្យ​មាន​នូវ​អំពើ​អាក្រក់​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ។ ដូច្នេះ សាវ័ក ប៉ុល បាន​ដាស់​តឿន​ដល់​អ្នក «ឈោង​តាម» ការ​ដែល​ស្រឡាញ់​ប្រាក់​អាច «ឃ្លាត​ចេញ» ឆ្ងាយ​ពី​ជំនឿ។

ឯកសារ​យោង៖
១. លោក Daniel B. Wallace Greek Grammar beyond the Basics (Grand Rapids, MI: Zondervan, ឆ្នាំ១៩៩៧), ទំព័រ៦៩០។

២. Brill Dictionary of Ancient Greek (Leiden: Brill, ឆ្នាំ២០១៥), ទំព័រ២១៧០។

៣. Ibid., ទំព័រ១៤០៥។

ដូច្នេះ អ្នក​ជឿ​មិន​គួរ​ប្រព្រឹត្ត​ហាក់​បី​ដូច​ជា​ថា ការ​មាន​នូវ​ទ្រព្យ​សម្បត្តិ​គឺ​ជា​គន្លឹះ​ទៅ​កាន់​ជីវិត​ដ៏​ល្អ​ប្រសើរ​នោះ​ឡើយ ដោយ​សារ​វា​មិន​មែន​ដូច្នោះ​ទេ។ ជីវិត​ដ៏​ល្អ​ប្រសើរ​គឺ​ស្ថិត​នៅ​ក្នុង​ការ​ចេះ​មាន​ចិត្ត​ស្កប់​ស្កល់​ដោយ​កោត​ខ្លាច​ព្រះ មិន​មែន​ស្ថិត​ទៅ​លើ​ការ​កាន់​តែ​មាន​របស់​របរ និង​ទ្រព្យ​សម្បត្តិ​ច្រើន​ទៀត​នោះ​ទេ…

និពន្ធ​ដោយ៖ Denny Burk
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ធ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.crossway.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​បែប​ជា​ការ​សិក្សា​ខ្លាំង​ពេក​មែន​ឬ?

តើ​នៅ​ពេលណា​ដែល​លោក​អ្នក​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​ក្រុម​ជំនុំ? ហើយ​តើ​លោក​អ្នក​ប្រឈម​ជា​មួយ​បាប​ដោយ​របៀប​ណា?