in

គោលការណ៍​៤​យ៉ាង​​ក្នុង​ការ​ចិញ្ចឹម​កូន​ដែល​​​ជក់​ចិត្ត​នឹង​ការ​លេង​ហ្គេម

4 Principles for Parenting in a World of Video Games

ការ​បង្រៀន​កូនៗ​របស់​អ្នក​ឲ្យ​ចេះ​ប្រើបច្ចេក​វិទ្យា​​ប្រកប​ដោយ​​ប្រាជ្ញា

ក្នុង​នាម​ជា​ឪពុកម្ដាយ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បត់បែន​ទម្លាប់​កូនៗ​របស់​យើង?

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ចេះ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​អំពី​​ពេលវេលា​ដែលគេ​ចំណាយ​ទៅ​​លើ​គ្រឿង​អេឡិចត្រូនិច?

តើ​យើង​គួរ​ហាម​មិន​ឲ្យ​គេ​​លេង​ហ្គេម ឬ​ក៏​មាន​គ្រឿង​អេឡិចត្រូនិច​តែ​ម្ដង? តើ​យើង​គួរ​ដាក់​កម្រិត​គេ​? តើ​អ្វី​ទៅ​ជា​វិធីសាស្ត្រ​ដែល​ល្អ?

មាន​ឪពុកម្ដាយ​ជា​ច្រើន​មាន​ចម្ងល់​លើ​សំណួរ​ទាំង​នេះ។ ខ្ញុំ​ដឹង​អំពី​ចម្ងល់​ទាំង​នេះ ព្រោះ​ប្រពន្ធ​ខ្ញុំ​នឹង​ខ្ញុំ​បាន​ពិភាក្សា​អំពី​រឿង​នេះ​ជា​មួយ​​នឹង​មិត្តភក្ត​យើង​ជា​ច្រើន​ដង​ណាស់។

គ្រួសារ​ខ្ញុំ​បាន​អនុវត្ត​វិធីសាស្ត្រ​មួយ​ដែល​បាន​ជួយ​យើង​យ៉ាង​ច្រើន​​។ ដោយសារ​ខ្ញុំ​ដឹង​ថា វិធីសាស្ត្រ​របស់​ខ្ញុំ​មិន​មែន​ជា​វិធីសាស្ត្រ​​តែ​មួយ​គត់​ដែល​ល្អ​ ដូច្នេះ​ខ្ញុំ​ក៏​បាន​​​ទៅ​ជួប​ជា​មួយ​អ្នក​ដឹក​នាំ​​គ្រីស្ទ​បរិស័ទ ក៏​ដូច​ជា​អ្នក​វិភាគ​មួយ​ចំនួន​ ដើម្បី​ឲ្យ​​ពួក​គេ​ចែក​ចាយ​ពី​វិធីសាស្ត្រ​របស់​ខ្លួន​ទាក់ទង​នឹង​រឿង​នេះ។ ខាង​ក្រោម​នេះ​ជា​គោលការណ៍​មួយ​ចំនួន ដើម្បី​ឲ្យ​លោក​អ្នក​ពិចារណា។

១. ចូរ​បង្ហាត់បង្រៀន​កូនៗ​ឲ្យ​ចេះ​ប្រើ​គ្រឿង​អេឡិចត្រូនិច​ដោយ​មាន​របៀបរៀបរយ​ ជា​ជាង​ផ្ដាច់​ពួក​គេ​ចេញ​តែ​ម្ដង

ស្ទើរ​​គ្រប់​គ្រួសារ​ទាំង​អស់​​ដែល​ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​បាន​ឯកភាព​ថា ការ​លេង​វីដេអូ​ហ្គេម ការ​លេង​កម្មវិធី​លើ​ទូរស័ព្ទ ឬ​ក៏​ការ​កំសាន្ត គឺ​ជា​អ្វី​មួយ​ដែល​ពួក​គាត់​ត្រូវការ។ ឧទាហរណ៍៖ ការ​មើល​ទូរទស្សន៍ ឬ​​ស្ដាប់​វិទ្យុ អាច​ផ្ដល់​ឲ្យ​យើង​មាន​ការ​កំសាន្ត ក៏​ដូច​ជា​ការ​សម្រាក​ដែរ ប្រសិនបើ​យើង​មិន​ប្រើ​វា​ហួសហេតុ។

លោក​ស្រី ទ្រីលៀ នូប៊ែល (Trillia Newbell) បាន​ពន្យល់​ទស្សនៈ​របស់​គ្រួសារ​គាត់​ដូច​ត​ទៅ៖

«យើង​គិត​ថា​ការ​លេង​គ្រឿង​អេឡិចត្រូនិច​គឺ​ជា​ការ​ល្អ​ ប្រសិនបើ​ឪពុកម្ដាយ​មើល​ខុស​ត្រូវ បង្ហាត់បង្រៀន​ណែនាំ​ឲ្យ​ច្បាស់​លាស់ ហើយ​ដាក់​កម្រិត​ពួក​គេ​​ក្នុង​ការ​លេង។»

​ម្យ៉ាង​ទៀត​អាច​និយាយ​បាន​ថា វា​ជា​ការ​​ល្អ​ណាស់ ប្រសិន​​បើ​លោក​អ្នក​ឆក់​យក​ឱកាស​នេះ ដើម្បី​បង្រៀន​កូនៗ​​របស់​ខ្លួន​ឲ្យ​ចេះ​គ្រប់គ្រង​លើ​ពេលវេលា​របស់​ពួក​គេ ជា​ជាង​ខ្ជះ​ខ្ជាយ​ពេលវេលា​ក្នុង​ការ​បង្ហាត់​​បង្រៀន​ពួក​គេ​ឲ្យ​ដឹង​ខ្នាត​​ដោយ​ការ​​គ្រប់​គ្រង​លើ​ខ្លួន​ឯង។ ចូរ​កុំ​ប្រើ​គ្រឿង​អេឡិចត្រូនិច​ទុក​ជា​ការ​មើល​កូនៗ​របស់​អ្នក​ឡើយ។

លោក អ៊ឺរ៉ុន អ៊ើលស៍ (Aaron Earls) ដែល​ជា​អ្នក​កែសម្រួល Facts and Trends លើ​គេហទំព័រ បាន​លើក​ឡើង​អំពី​អត្ថប្រយោជន៍​នៃ​ការ​លេង​វីដេអូ​ហ្គេម​ជា​លក្ខណៈ​​គ្រួសារ។ គ្រួសារ​របស់​គាត់​តែងតែ​លេង​ហ្គេម​មួយ​ឈ្មោះ Wii នៅ​ថ្ងៃ​សុក្រ។ ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិច​ឲ្យ​បាន​ត្រឹម​ត្រូវ​ អាច​ជួយ​នាំ​គ្រួសារ​ឲ្យ​ជុំ​គ្នា​បាន​យ៉ាង​ល្អ ជា​ជាង​បង្ក​ឲ្យ​ពួក​គាត់​បែក​គ្នា​ទៅ​បន្ទប់​ផ្សេងៗ​ពី​គ្នា​ដោយ​មើល​អេក្រង់​រៀងៗ​ខ្លួន។

២. ចូរ​​កុំ​ឲ្យ​កូនៗ​លេង​គ្រឿង​អេឡិចត្រូនិច​ដោយ​ឯក​ឯង​ដោយ​គ្មាន​ការ​មើល​ខុស​ត្រូវឡើយ

លោក​គ្រូ ខេវិន ឌីយ៉ាំង (Kevin DeYoung) ដែល​ជា​គ្រូគង្វាល​នៅ​ក្រុម​ជំនុំ University Reformed ហើយ​ក៏​ជា​ឪពុក​នៃ​កូន​ប្រាំមួយ​នាក់។ គាត់​បាន​សារភាព​ពី​ចំណុច​ពិបាក​ទាក់ទង​នឹង​ចំណុច​ដែល​ថា ​តើ​កូនៗ​ទាំង​អស់​របស់​គាត់​កំពុងធ្វើ​អ្វី។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គ្រួសារ​​របស់​គាត់​​មិន​ចុះចូល​ក្នុង​ច្បាប់​មួយ​នេះ​ដែរ៖

«មិន​អាច​មើល​ទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ ឬ​ក៏​គ្រឿង​អេឡិចត្រូនិច​ណា​ផ្សេង​ទៀត​ក្នុង​បន្ទប់ទឹក​បាន​ឡើយ។ អាច​លេង​គ្រឿង​អេឡិចត្រូនិច​ក្នុង​កន្លែង​សាធារណៈ​បាន ប៉ុន្តែ​មិន​អាច​លេង​នៅ​កន្លែង​ស្ងាត់ៗ​តែ​ម្នាក់​ឯង​បានទេ។»

នៅ​ក្នុង​ផ្ទះ​ខ្ញុំ យើង​អនុញ្ញាត​ឲ្យ​កូនៗ​យើង​​លេង​ទូរស័ព្ទ​ចាស់ៗ​របស់​យើង និង​ទូរស័ព្ទ iPhone​ ដែល​យើង​លែង​ប្រើ​ ប៉ុន្តែ​យើង​បាន​ដាក់​កូដ (restrictions) លើ​ទូរស័ព្ទ​ទាំង​នោះ។ ការ​ធ្វើ​បែប​នោះ​ វា​ជួយ​រារាំង​មិន​ឲ្យ​កូនៗ​យើង​ដោះ (unlock) ទូរស័ព្ទ ទៅ​លេង​អ៊ីនធឺណិ ឬ​ក៏​ទិញ​អ្វី​មួយ​បាន​ឡើយ។ ចូរ​ប្រើ​អត្ថប្រយោជន៍​នៃ​ការ​ដាក់​កូដ​លើ​ទូរស័ព្ទ និង​គ្រឿង​អេឡិចត្រូនិច​ផ្សេងៗ។

៣. កំណត់​​ម៉ោង​ក្នុង​ការ​លេង

ពេល​កូនៗ​យើង​លេង​ហ្គេម Wii យើង​ប្រាប់​ពួក​គេ​ឲ្យ​ទៅ​​កំណត់​​ម៉ោង​ក្នុង​ការ​លេង។ ពេល​ដែល​ពួក​គេ​​លេង​ហ្គេម​ក្នុង​ទូរស័ព្ទ​ចាស់ៗ​របស់​យើង យើង​តែងតែ​ប្រើ​ការ​កំណត់​ម៉ោង “Stop Play” ដើម្បី​ឲ្យ​ហ្គេម​នោះ​បិទ​ ហើយ​ក៏​ឲ្យ​ទូរស័ព្ទ​យើង​បិទ​ផង​ដែរ ពេល​ដែល​ម៉ោង​លេង​ចប់។ ច្បាប់​របស់​យើង​គឺ៖ ពី​ថ្ងៃ​ច័ន្ទ​ដល់​សុក្រ ពួក​គេ​​អាច​លេង​ហ្គេម​៣០​នាទី ហើយ​សម្រាប់​ថ្ងៃ​សៅរ៍​ដល់​​ថ្ងៃ​អាទិត្យ ពួក​គេ​​អាច​លេង​ហ្គេម​មួយ​ម៉ោង។

លោក ឌែន ដាលីង (Dan Darling) ដែល​ជា​អ្នក​និពន្ធ​ម្នាក់​នៅ ERLC បាន​ដាក់​កម្រិត​លើ​កូនៗ​របស់​​គាត់​ឲ្យ​ប្រើ​គ្រឿង​អេឡិចត្រូនិច​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​កម្រិត​នោះ​អាច​មាន​ការ​ប្រែប្រួល​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ឬ​ក៏ថ្ងៃ​បុណ្យ។ល។

ចំពោះ​គ្រួសារ​លោក​ស្រី ទ្រីលៀ នូប៊ែល (Trillia Newbell) គាត់​បាន​សង្កេត​ឃើញ​ថា ការ​ដាក់​ម៉ោង​បាន​ជួយ​ពួក​គាត់​ច្រើន​ណាស់៖

«ការ​កំណត់​​ម៉ោង​បាន​ជួយ​កូនៗ​ឲ្យ​​ដឹង​ពី​ការ​រំពឹង​​ចង់​បាន​របស់​យើង ហើយ​ក៏​ជួយ​ពួក​គេ​​មិន​ឲ្យ​​មាន​ការ​ច្រឡំ​ដែរ។ វា​ជួយ​ពួក​គេ​​ឲ្យ​ចេះ​រង់ចាំ នឹង​ចេះ​រំពឹង​ទុក។ ការ​កំណត់​​ម៉ោង​បាន​ជួយ​ពួក​គេ​​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង​ជាង​មុន​ពេល​ដែល​​យើង​បាន​កំណត់​​ម៉ោង​ទៅ​ទៀត។ ពួក​គេ​​បាន​ខំប្រឹង​ប្រែង​​លេង ព្រោះ​ពួក​គេ​​ដឹង​ថា​នៅ​​ពេល​ដែល​​ម៉ោង​កំណត់​​​ចប់​​ នោះ​ពួក​គេ​​ក៏​ត្រូវ​ឈប់​លេង​ដែរ។»

៤. លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ប្រើ​គ្រឿង​អេឡិចត្រូនិច​ដើម្បី​អាន​សៀវភៅ

ប៉ុន្មាន​​ឆ្នាំ​មុន ​ខ្ញុំ​បាន​សួរ​អ្នក​និពន្ធ​ដែល​ខ្ញុំ​ចូលចិត្ត​ម្នាក់​ឈ្មោះ អិន. ឌី. វិលសិន៍ (N.D. Wilson) ថា តើ​ឪពុកម្ដាយ​អាច​ជួយ​បណ្ដុះ​គំនិត​ឲ្យ​កូនៗ​ស្រឡាញ់​ការ​អាន​សៀវ​ភៅ​​ដោយ​របៀប​ណា។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ប្រពន្ធ​គាត់​អនុញ្ញាត​ឲ្យ​កូនៗ​ជ្រើសរើស​ចូល​គេង​ពេល​ណា​ក៏​បាន​ដែរ ប្រសិនបើ​ពួកគេ​​ប្រើ​ពេល​វេលា​​ដែល​គេ​​មិន​ទាន់​គេង ដើម្បី​អាន​សៀវភៅ។ ខ្ញុំ​បាន​ព្យាយាម​ប្រើ​វិធី​នោះ​ចំពោះ​កូនៗរបស់​ខ្ញុំ​​មួយ​រយៈ​ដែរ ប៉ុន្តែ​យើង​ឃើញ​ថា កូនៗ​យើង​ចូលចិត្ត​ទៅ​គេង​ ទោះ​បើ​នៅ​ក្បាល​ព្រលប់​ក៏​ដោយ។

អ្វី​ដែល​បាន​ជួយ​បណ្ដុះ​បណ្ដាល​ឲ្យ​ពួក​គេ​​ចេះ​ស្រឡាញ់​ការ​អាន​នោះ គឺ​យើង​បាន​ប្រាប់​ឲ្យ​ពួក​គេ​​អាន​ប្រសិន​បើ​គេ​​ចង់​បាន​ម៉ោងលេង​គ្រឿង​អេឡិច​ត្រូ​និច​បន្ថែម។ កូនៗ​របស់​យើង​អាច​ទទួល​បាន​​ពេល​វេលា​លើស​ពី​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ ដែល​យើង​បាន​កំណត់​ឲ្យ​ពួក​គេ​លេង​គ្រឿង​អេឡិចត្រូនិច​ តាម​រយៈ​ការ​ដែល​ពួក​​គេ​​អាន។​ ពេល​វេលា​​ដែល​ពួក​គេ​​អាន​សៀវ​ភៅ នឹង​​ត្រូវ​បូក​បន្ថែម​ទៅ​​លើ​នាទី​ដែល​បាន​កំណត់​សម្រាប់​ការ​លេង​គ្រឿង​អេឡិច​ត្រូ​និចរបស់​ពួក​គេ។ នេះ​មាន​ន័យ​ថា ប្រសិនបើ​ពួកគេ​ចង់​លេង​ហ្គេម​៣០​នាទី​ថែម​ទៀត គឺ​​ពួក​គេ​​ត្រូវ​អាន​សៀវភៅ​៣០​នាទី​​ជា​មុន​សិន។

កូនៗ​របស់​យើង​ចូល​ចិត្ត​វិធី​នេះ​ណាស់! វិធី​នេះ​បាន​ជួយ​ឲ្យ​ពួក​គេ​​ចូល​ចិត្ត​អាន​សៀវភៅ ហើយ​ក៏​ជួយ​ឲ្យ​ពួក​គេ​​យល់​ថា ពេលវេលា​ដែល​ពួក​គេ​ចំណាយ​ទៅ​​លើ​ការ​លេង​ហ្គេម ​គឺ​ជាអ្វី​​ដែល​យើង​ផ្ដល់​ឲ្យ​ពួក​គេ​ មិន​មែន​ជា​សិទ្ធិ​​ផ្ដាច់​មុខ​ដែលពួក​គេ​​ត្រូវ​ទទួល​បាន​​នោះ​ទេ។

គ្រួសារ​លោក អ៊ឺរ៉ុន អ៊ើលស៍ (Aaron Earls) ក៏​មាន​វិធី​ស្រដៀង​ខ្ញុំ​ដែរ។ តាម​រយៈ​ការ​បន្ថែម​នាទី​ទៅ​​លើ​ម៉ោង​កំណត់​ក្នុង​ការ​​លេង​ហ្គេម​របស់​ពួក​គេ​ដោយ​សារ​ពួក​គេ​អាន​សៀវ​ភៅ ធ្វើ​ឲ្យ​កូនៗ​របស់​គាត់​​អាន​សៀវភៅ​​បាន​យ៉ាង​ច្រើន។

សេចក្ដី​បញ្ចប់

ខ្ញុំ​ចង់​ឲ្យ​កូនៗ​របស់​​ខ្ញុំ​មាន​ភាព​សប្បាយ​រីក​រាយ​​ចេញ​ពី​ការ​លេង​ហ្គេម Nintendo ក៏​ដូច​ជា Minecraft នៅ​ក្នុង iPhone ដែលជា​ការ​​បង្កើត​ពិភព​ថ្មីៗ​។ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​ពួក​គេ​ចូល​ចិត្ត​លេង​​នៅ​ខាង​ក្រៅ​ផ្ទះ ចូល​ចិត្ត​អាន​សៀវភៅ និង​​ធំ​ឡើង​ដោយ​មាន​ចំណេះ​​ដឹង​ច្រើន​។ កាល​ខ្ញុំ​កំពុង​​ពេញ​វ័យ​នៅ​ឡើយ ខ្ញុំ​ពិត​ជា​អរគុណ​ដល់​លោក​ឪពុក​ និង​អ្នក​ម្ដាយ​​របស់​ខ្ញុំ​ខ្លាំង​ណាស់ ដែល​ពួក​គាត់​បាន​ដាក់​កម្រិត​លើ​ពេល​វេលា​​លេង​ហ្គេម​របស់​ខ្ញុំ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​ឲ្យ​កូនៗ​របស់​​ខ្ញុំ​ចេះ​តែ​លេង​ហ្គេម​រាប់​រយ​ម៉ោង​។

ចំណុច​ដែល​សំខាន់​សម្រាប់​ឪពុកម្ដាយ​នោះ​គឺ គាត់​ត្រូវ​តែ​អនុវត្ត​គោលការណ៍​នេះ​ឲ្យ​បាន​ជាប់​លាប់​នៅ​​ក្នុង​ផ្ទះ​យើង។ សូម​ប្រាប់​ឲ្យ​កូនៗ​របស់​​លោក​អ្នក​ដឹង​​ច្បាស់​ពី​មូល​ហេតុ​ដែល​លោក​អ្នក​ដាក់​លក្ខខណ្ឌចំពោះ​ពួក​គេ​​។ សូម​បង្រៀន​ពួក​គេ​​ឲ្យ​យល់​ច្បាស់​​ពី​មូល​ហេតុ​ដែល​ហ្គេម ឬ​រឿង​មួយ​ចំនួន​​មិន​ត្រឹម​ត្រូវ​ ឬ​មិន​ល្អ។ លោក ឌែន ដាលីង (Dan Darling) បាន​មាន​ប្រសាសន៍​ថា៖

«ចូរ​ព្យាយាម​បង្រៀន​ពួក​គេ​​ឲ្យ​​យល់​ ហើយ​ចេះ​វែកញែក​ពី​ខុស ​និង​ត្រូវ ព្រោះ​​ការ​នោះ​នឹង​ជួយ​ពួក​គេ​​ពេល​ដែល​ពួក​គេ​​ធំ​ឡើង ហើយចាក​​ចេញ​ពី​ផ្ទះ។»

ជាការ​ពិត​ណាស់​! ការ​វែកញែក​​អំពី​ខុស​និង​ត្រូវ និង​ការ​ចេះ​គ្រប់​គ្រង​លើ​ខ្លួន​ឯង គឺ​ជា​ពេល​វេលា​​មួយ​ដែល​លោក​អ្នក​អាច​មាន​ភាព​សប្បាយ​​រីក​រាយ ដោយ​មិន​ឲ្យ​ភាពសប្បាយ​​រីក​រាយ​យក​ពេលវេលា​របស់​លោក​អ្នក។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Trevin Wax
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី thegospelcoalition.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

គំរូ

ការ​ក្នុង​ជីវិត​យើង