in ,

ត្រូវ​អធិស្ឋាន​មុន​ពេល

ខ្ញុំ​គួរ​តែ​ចាប់​ផ្តើម​ដោយ​សារភាព​អំពី​ចំណុច​ដ៏​គួរ​អោយ​ហួស​ចិត្ត​មួយ៖ ខ្ញុំ​មាន​ទំនោរ​ដោយ​មិន​អើ​ពើ​ទៅ​នឹង​អត្ថ​បទ​ដែល​ស្តី​ពី​ការ​អធិស្ឋាន​ប៉ុន្មាន​ទេ។ ដែល​មាន​ន័យ​ថា ប្រសិន​បើ​លោក​អ្នក​ចុច​ចេញ​ពី​អត្ថ​បទ​មួយ​នេះ នោះ​ខ្ញុំ​ក៏​មិន​ហាន​ស្តី​បន្ទោស​លោក​អ្នក​ដែរ ពី​ព្រោះ​ខ្ញុំ​យល់​អំពី​អារម្មណ៍​មួយ​នេះ។ តើ​នៅ​សល់​អ្វី​ដែល​យើង​អាច​និយាយ​អំពី​ប្រធាន​បទ​នេះ​បាន?

សារៈសំខាន់​នៃ​ការ​អធិស្ឋាន​គឺ​មិន​មែន​គ្រាន់​តែ​ជា​ចំណង​ជើង​អត្ថ​បទ​ដ៏​ថ្មី​នោះ​ទេ។ វា​ជា​ចំណង​ជើង «ដំណឹង​ចាស់ៗ»។ យើង​ដឹង​ហើយ​ថា វា​ពិត​ជា​សំខាន់​ទោះ​បើ​យើង​មិន​បាន​ដឹង​អំពី​ដំណើរ​ការ​របស់​វា​ទាំង​ស្រុង​ក៏​ដោយ។ (ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​រៀប​ចំ​ផែនការ​សម្រាប់​គ្រប់​យ៉ាង​ហើយ លោក​អ្នក​ប្រហែល​ជា​មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​លោក​អ្នក​ចាំ​បាច់​ទូល​សូម​អ្វី​មួយ​ពី​ទ្រង់?) ទោះ​បើ​លោក​អ្នក​មិន​បាន​ប្រកាន់​ភ្ជាប់​ខាង​សាសនា​ក៏​ដោយ ក៏​លោក​អ្នក​ដឹង​ថា អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ក៏​អធិស្ឋាន​ដែរ។ ពួក​គេ​និយាយ​ជា​មួយ​នឹង​ទ្រង់ ឬ​គិត​ថា នោះ​ជា​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ។ ហើយ​ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ជឿ តើ​នៅ​មាន​ប្រធាន​បទ​ដ៏​សាមញ្ញ​ជាង​នេះ​ទេ?

ប្រសិន​បើ​ជំនឿ​គ្រីស្ទ​បរិស័ទ​មាន​កម្ម​វិធី​សិក្សា នោះ​ថ្នាក់​ដែល​ហៅ​ថា «ការ​អធិស្ឋាន​គឺ​ជា​ការ​ដ៏​សំខាន់» នឹង​មិន​មែន​ជា​ជម្រើស​ថ្នាក់​សម្រាប់​មហាវិទ្យាល័យ​ទេ តែ​វា​ជា​តម្រូវ​ការ​មុន​ដំបូង​បង្អស់​សម្រាប់​សាលា​មត្តេយ្យ។

ចូរ​កុំ​សន្មត​ឡើយ

ដូច្នេះ ការ​អធិស្ឋាន​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ។ វា​ពិត​ជា​សំខាន់​ណាស់។ ប៉ុន្តែ តើ​យើង​មិន​អាច​សន្មត​ថា នេះ​ជា​ការ​ពិត​មែន ហើយ​បញ្ចប់​ការ​សិក្សា​ដោយ​វគ្គ «ដែល​មាន​ប្រយោជន៍» បាន​ឬ? កុំ​លឿន​ពេក។ អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត​ក្នុង​ជីវិត យើង​មិន​ត្រូវ​ទៅ​លឿន​ពេក ឬ​កាត់​ន័យ​យក​នោះ​ឡើយ។

ខ្ញុំ​ជឿ​ជាក់​ថា ការ​មិន​អធិស្ឋាន​មុន​ពេល​ចូល​ទៅ​កាន់​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ជា​ហេតុផល​ដ៏​សំខាន់​មួយ​សម្រាប់​ការ​មិន​ស្កប់​ចិត្ត​ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​យើង។ នៅ​ពេល​ដែល​យើង​មិន​បាន​អធិស្ឋាន នោះ​យើង​បាន​លះបង់​សេចក្តី​អំណរ និង​សេចក្តី​សុខសាន្ត​ក្នុង​ជីវិត​យើង​ចោល។ ប្រាកដ​ណាស់! ការ​អាន​ព្រះ​គម្ពីរ​ដោយ​មិន​អធិស្ឋាន​គឺ​ជា​រឿង​ដ៏​មិន​ល្អ​បំផុត​ដែល​យើង​កំពុង​តែ​ធ្វើ។ ដ្បិត​គ្រីស្ទ​បរិស័ទ​ដែល​គ្មាន​ការ​អធិស្ឋាន​គឺ​ជា​គ្រីស្ទ​បរិស័ទ​ដែល​គ្មាន​អំណាច។

ស-ស-ស-ព

លោក​អ្នក​ប្រហែល​ជា​ស្គាល់​អំពី​ការ​អធិស្ឋាន​ដោយ​ឆ្លើយ​តប​ទៅ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ប៉ុន្តែ​តើ​វា​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ក្នុង​ការ​អធិស្ឋាន​ដោយ​ការ​រង់​ចាំ? តើ​ការ​អធិស្ឋាន​មុន​អាន​ព្រះ​គម្ពីរ​មាន​លក្ខណៈ​បែប​ណា?

វា​មាន​ន័យ​ថា លោក​អ្នក​មិន​ត្រូវ​ប្រញាប់​អាន​ព្រះ​គម្ពីរ​របស់​លោក​អ្នក ដោយ​រំពឹង​ថា​អត្ថ​បទ​ក្នុង​ទំព័រ​ទាំង​នោះ​នឹង​កម្ដៅ​បេះ​ដូង​ដ៏​ត្រជាក់​របស់​លោក​អ្នក​នោះ​ទេ។ តាម​ពិត​ទៅ! ព្រះ​ជា​ម្ចាស់​ជា​ព្រះ​ដែល​មាន​អធិបតេយ្យ​ភាព—ដែល​នេះ​ជា​របៀប​មួយ​ផ្សេង​ទៀត​ក្នុង​ការ​និយាយ​ថា ទ្រង់​ជា​ព្រះ ហើយ​ទ្រង់​ធ្វើ​នូវ​អ្វីៗ​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ (ទំនុក​តម្កើង ១១៥:៣) ។ ព្រះ​អង្គ​មាន​សមត្ថភាព​ក្នុង​ការ​ដែល​កម្ដៅ​នូវ​ដួង​ចិត្ត​របស់​លោក​អ្នក សូម្បី​តែ​ក្នុង​ពេល​ដែល​លោក​អ្នក​មិន​បាន​ទូល​សូម​ទ្រង់​ក៏​ដោយ។ ប៉ុន្តែ ហេតុអ្វី​មិន​ទូល​សូម​ទ្រង់​ទៅ?

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ឮ​លោក​គ្រូ ចន ផាបភ័រ ចែក​ចាយ​តួ​អក្សរ​កាត់​ដែល​គាត់​ប្រើ​ប្រាស់ ដើម្បី​ត្រៀម​បេះ​ដូង​របស់​គាត់​ក្នុង​ការ​ស្តាប់​ពី​ព្រះ​ជាម្ចាស់។ តួ​អក្សរ​កាត់—ស-ស-ស-ព—ត្រូវ​គ្នា​នឹង​សេចក្ដី​អធិស្ឋាន​ពី​ទំនុក​តម្កើង។

ស – «សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល​បង្គំ​ផ្អៀង​ទៅ​រក​សេចក្ដី​បន្ទាល់​របស់​ព្រះ​អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ!» (ទំនុក​តម្កើង ១១៩:៣៦)

នេះ​មិន​មែន​ជា​សំណូម​ពរ​ដែល​និយាយ​បញ្ជោរ​នោះ​ទេ។ តែ​វា​បាន​បញ្ជាក់​ថា ដួង​ចិត្ត​របស់​យើង​កោង​ខុស​ទិស គេច​ឆ្ងាយ​ចេញ​ពី​អ្វី​ដែល​ផ្តល់​ឲ្យ​មាន​ជីវិត។ វា​មិន​មែន​មាន​ន័យ​ថា យើង​មិន​ចូល​ចិត្ត​ព្រះ​គម្ពីរ​របស់​យើង​នោះ​ទេ គឺ​គ្រាន់​តែ​ថា​យើង​ឲ្យ​តម្លៃ​ធំ​លើ​អ្វី​ផ្សេង​ទៀត។ ហាក់​បី​ដូច​ជា​ថា បញ្ជី​បំណង​របស់​យើង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​នោះ ហើយ​ថា​បញ្ជី​ការងារ​ដែល​ត្រូវ​ធ្វើ​របស់​យើងទាំង​នោះ​មាន​ការ​បន្ទាន់ៗ​ហើយ​មាន​ការ​ចាំបាច់​ជាង។

ឧទាហរណ៍៖ ភាគ​ច្រើន​ពេល​ព្រឹក​ខ្ញុំ​តែង​តែ​គិត​អំពី​ចំណុច​ណា​មួយ​នៃ​ចំណោម​ទាំង​បី​នេះ៖

១. តើ​ខ្ញុំ​មាន​គម្រោងការ​អ្វី​ខ្លះ​សម្រាប់​ថ្ងៃ​នេះ?
២. តើ​ខ្ញុំ​នឹង​ញ៉ាំ​អ្វី​សម្រាប់​អាហារ​ពេល​ព្រឹក?
៣. តើ​មាន​អ្វី​កំពុង​កើត​ឡើង​លើ​បណ្ដាញ​សង្គម?

មិន​មែន​ថា​សំណួរ​បែប​នេះ​មិន​ល្អ​នោះ​ទេ ប៉ុន្តែ​វា​បាន​ពណ៌នា​អំពី​យើង​ច្រើន​ណាស់។ វា​លាត​ត្រដាង​ពី​ភាព​ធម្មជាតិ​នៃ​ការ​កោង​នៃ​បេះ​ដូង​របស់​យើង។ វា​បាន​បង្ហាញ​ថា ទោះ​បើ​វា​មិន​ចាំ​បាច់​មាន​ការ​គិត​ពី​ខ្លួន​ឯង​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ព្យាយាម ដើម្បី​គិត​ពី​ព្រះ​ជាម្ចាស់​ដែរ។

ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ត្រូវ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​លើ​ខ្លួន​ឯង​ចេញ។ ហើយ​លោក​អ្នក​ក៏​ត្រូវ​ធ្វើ​បែប​នេះ​ដែរ។ ជា​ការ​អរគុណ​ដល់​ព្រះ​ជាម្ចាស់ ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ដក​នូវ​អ្វីៗ​ដែល​ឥត​ប្រយោជន៍​ចេញ​ពី​ដួង​ចិត្ត​របស់​យើង ហើយ​បង្វែរ​វា​ឆ្ពោះ​ទៅ​រក​អ្វីៗ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ទាំង​អស់​នោះ​គឺ​សម្រាប់​ជា​ប្រយោជន៍​នៃ​អំណរ​ដល់​យើង​វិញ។ នេះ​គឺ​ជា​ភារកិច្ច​នៃ​ការ​អធិស្ឋាន។ យើង​គ្រាន់​តែ​ត្រូវ​ទូល​សូម​ទ្រង់​ប៉ុណ្ណោះ។

ស – «សូម​បំភ្លឺ​ភ្នែក​ទូល​បង្គំ ឲ្យ​បាន​ឃើញ​ការ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ។» (ទំនុក​តម្កើង ១១៩:១៨)

នៅ​ក្នុង​របៀប​ដូច​គ្នា​ជា​ច្រើន ការ​អាន​ព្រះ​គម្ពីរ​គឺ​ដូច​គ្នា​នឹង​ការ​អាន​សៀវភៅ​ផ្សេងៗ​ដែរ។ យើង​គួរ​តែ​អាន​តាម​របៀប​ដែល​យើង​អាន​ផ្នែក​អក្សរសិល្ប៍​ណា​មួយ ដោយ​ផ្ដោត​ទៅ​លើ​ប្រភេទ​នៃ​អក្សរសិល្ប៍ ប្រពៃណី គោល​បំណង​របស់​អ្នក​និពន្ធ ហើយ​ទាំង​អស់​នោះ​សុទ្ធ​តែ​ល្អៗ​មែន។ ប៉ុន្តែ ក៏​មាន​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​ដែរ។ បុគ្គល​ទី​បី​នៃ​ព្រះ​ត្រៃឯក​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន​ផ្លុំ​ខ្យល់​ដង្ហើម​ចូល​ក្នុង​ពាក្យ​ពេចន៍​ទាំង​នោះ។ ហើយ​ព្រះ​វិញ្ញាណ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​នាំ​ព្រះ​បន្ទូល​របស់​ព្រះ​ឲ្យ​មាន​ជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​ខ្វាក់​ដោយ​សារ​ការ​គ្រប់​គ្រង​អ្វី​ដែល​គ្មាន​តម្លៃ។

តើ​មាន​អ្វី​បាន​ទាក់​ទាញ​ការ​ស្រមៃ​របស់​លោក​អ្នក? តើ​កែវ​ភ្នែក​បេះ​ដូង​របស់​លោក​អ្នក​ស្រឡាញ់​អ្វី? នៅ​ពេល​ដែល​លោក​អ្នក​បាន​បើក​នូវ​ព្រះ​គម្ពីរ​របស់​អ្នក​កុំ​សង្ឃឹម​ថា​នឹង​ត្រូវ​មន្តអាគម​អាថ៌កំបាំង​ណា​មួយ​នឹង​កើត​មាន​ឡើយ។ សូម​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​អ្នក​និពន្ធ​ចុះ។ ចូរ​ទូល​សូម​ឲ្យ​ព្រះ​វិញ្ញាណ​បើក​ភ្នែក​ដ៏​ខ្វាក់​របស់​លោក​អ្នក​ឲ្យ​មើល​ឃើញ​ភាព​ស្រស់​ស្អាត​ដែល​កំពុង​សម្លឹង​មើល​មុខ​លោក​អ្នក។ ដូច​ដែល​លោក​គ្រូ ឆាលស៍ ស្ពើចិន បាន​សង្កេត​ឃើញ​ថា «ជា​រឿយៗ អត្ថ​បទ​នឹង​បដិសេធ​មិន​បង្ហាញ​ទ្រព្យ​សម្បត្តិ​របស់​វា ទាល់​តែ​លោក​អ្នក​បើក​វា​ដោយ​យក​កូន​សោ​នៃ​ការ​អធិស្ឋាន​នោះ​ជា​មុន​សិន»។

ស – «សូម​បង្រួម​ចិត្ត​ទូល​បង្គំ​ឲ្យ​កោត​ខ្លាច​ព្រះ​នាម​ព្រះ​អង្គ។» (ទំនុក​តម្កើង ៨៦:១១)

កាល​ខ្ញុំ​នៅ​ក្មេង ឪពុក​ខ្ញុំ​បាន​ពន្យល់​ពី​មូល​ហេតុ​ដែល​ថា​ការ​បើក​ព្រះ​គម្ពីរ​គឺ​ជា​ការ​ពិបាក​ណាស់។ គាត់​បាន​និយាយ​ថា «វា​ស្ទើរ​តែ​ដូច​ជា​ថា​ម្រាម​ដៃ​របស់​សាតាំង​កំពុង​តែ​សង្កត់​លើ​គម្រប​ព្រះ​គម្ពីរ​អញ្ចឹង»។ ខ្ញុំ​ចាំ​ថា កាល​នោះ​ខ្ញុំ​បាន​គិត​ថា វា​ចំឡែក​ណាស់។ តែ​ឥឡូវ ខ្ញុំ​ជឿ​ថា​វា​ជា​ការ​ពិត​មែន។

ព្រះ​គម្ពីរ​បាន​បង្រៀន​ឲ្យ​យើង​បាន​ដឹង​ថា អារក្ស​មាន​ឧបាយ​កល​ច្រើន​ណាស់។ វា​ដឹង​អំពី​វិធី​ដ៏​ងាយៗ​ក្នុង​ការ​រារាំង​យើង​ចេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ គឺ​ធ្វើ​ឲ្យ​យើង​វង្វេង​ស្មារតី យក​វត្ថុ​ភ្លឺ​រលោង​ទាក់​ទាញ​យើង បោក​ឲ្យ​យើង​គិត​អំពី​អ្វី—អ្វី​ក៏​បាន—ផ្សេងៗ​ទៀត។

ប្រហែល​ជា​លោក​អ្នក​ស្គាល់​អំពី​ស្ថាន​ភាព​នេះ៖ មិន​អី​ទេ! កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក​ទី២។ តោះ! ចូរ​មើល! តើ​ខ្ញុំ​បាន​ឈប់​នៅ​កន្លែង​ណា? មិន​អី​ទេ ចំណុច​នេះ​មើល​ទៅ​ខ្ញុំ​យល់​ហើយ។ ខ្ញុំ​ស្រឡាញ់​សាវ័ក ប៉ូល…ខ្ញុំ​ឃ្លាន​បាយ​ហើយ។ តើ​ការ​ជួប​គ្នា​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ​ថ្ងៃ​ស្អែក​នៅ​ម៉ោង ១១:៣០ ឬ​ក៏ ១២:៣០? ឲ្យ​ខ្ញុំ​មើល​សិន…។

អស្ចារ្យ​ណាស់! តើ​វា​មិន​ដូច្នោះ​មែន​ទេ​ឬ? ចិត្ត​របស់​យើង​បែក​ទៅ​ទិស​ដៅ​មួយ​ពាន់​ផ្សេងៗ​ពី​គ្នា។ ដូច​ដែល​លោក​គ្រូ ផាបភ័រ បាន​សរសេរ​នៅ​កន្លែង​ណា​មួយ ដែល​ពាក្យ​របស់​គាត់​គួរ​មក​លង​យើង​ជា​ច្រើន​ដង​ថា «ការ​ប្រើ​ប្រាស់​ដ៏​អស្ចារ្យ​មួយ​ក្នុង​បណ្ដាញ​សង្គម ធ្វីតធ័រ និង ហ្វេសប៊ុក នឹង​បង្ហាញ​ថា​នៅ​ថ្ងៃ​ចុង​ក្រោយ ភាព​គ្មាន​ការ​អធិស្ឋាន​មិន​មែន​មក​ពី​ការ​ខ្វះ​ពេល​វេលា​ទេ»។

យើង​ត្រូវ​តែ​អធិស្ឋាន​ឲ្យ​មាន​ចិត្ត​ដែល​រួប​រួម ក្រែង​វា​រសាត់​ទៅ​រក​ការ​បែង​ចែក បង្វែរ​អារម្មណ៍ និង​ឃ្លាត​ឆ្ងាយ​ចេញ​ពី​ព្រះ​បន្ទូល​ដ៏​មាន​ព្រះ​ជន្ម​រស់​​របស់​ព្រះ​ជាម្ចាស់។

ព – «ពេល​ព្រឹក សូម​ចម្អែត​យើង​ខ្ញុំ​ដោយ​ព្រះ​ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។» (ទំនុក​តម្កើង ៩០:១៤)

វា​មិន​មែន​គ្រាន់​តែ​ថា យើង​វង្វេង​ចេញ​ពី​ព្រះ​ជាម្ចាស់​ទេ។ យើង​ក៏​មិន​ស្កប់​ចិត្ត​នឹង​ព្រះ​ជាម្ចាស់​ដែរ។ ប្រាកដ​ណាស់! យើង​ដឹង​ហើយ​ថា ទ្រង់​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត​របស់​យើង ប៉ុន្តែ​យើង​គិត​ថា​បើ​យើង​ចង់​ក្លាយ​ជា​មនុស្ស​ដែល​ពិត​ជា​អរ​សប្បាយ​មែន—រីករាយ​ដ៏​ពិត—យើង​ត្រូវ​តែ​ស្វែង​រក​នៅ​កន្លែង​ណា​ផ្សេងៗ​ទៀត។

ពេល​ខ្លះ​អ្នក​កាន់​សាសនា​បង្ហាញ​អារម្មណ៍​ថា ការ​មាន​សុភមង្គល​គឺ​មិន​មែន​ជា​ការ​គោរព​សាសនា​ទេ។ លោក​អ្នក​អាច​សប្បាយ​ចិត្ត ឬ​ក៏​លោក​អ្នក​អាច​ជា​មនុស្ស​បរិសុទ្ធ ប៉ុន្តែ​ច្បាស់​ជា​មិន​អាច​មាន​ទាំង​ពីរ​បាន​ឡើយ។ ជា​ការ​អរ​ព្រះ​គុណ​ណាស់​ដែល​ព្រះ​គម្ពីរ​មិន​គាំ​ទ្រ​គំនិត​បែប​នេះ​នោះ​ទេ។

មនុស្ស​គ្រប់ៗ​រូប​នៅ​លើ​ផែន​ដី​នេះ​កំពុង​តែ​ស្វែង​រក​សុភមង្គល។ នោះ​មិន​មែន​ជា​បញ្ហា​ទេ។ តែ​បញ្ហា​គឺ​ថា យើង​បាន​ស្វែង​រក​វា​ក្រៅ​ពី​ក្នុង​ព្រះ​ជាម្ចាស់។ ការ​ស្វែង​រក​ត្រឹម​ត្រូវ ប៉ុន្តែ​ខុស​ទិស​ដៅ​ហើយ។

ក្នុង​សុន្ទរកថា​នៅ​ឆ្នាំ ២០០៥ នៅ​ឯ​មហាវិទ្យាល័យ ខេនយ៉ុន (Kenyon College) អ្នក​និពន្ធ​រឿង​ប្រលោម​លោក​អាមេរិក​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​លោក ដេវិឌ ហ្វសស្ទ័រ វល់ឡេស៍ (David Foster Wallace) បាន​និយាយ​យ៉ាង​ចំៗ​ដែល​សូម្បី​តែ​សកល​លោក​នេះ​ក៏​បាន​ចាប់​អារម្មណ៍​ដែរ។ លោក វល់ឡេស៍ មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​ទេ តែ​ពាក្យ​សម្ដី​របស់​គាត់​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ខាង​ឯ​វិញ្ញាណ៖

«ហេតុ​ផល​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​នូវ​អារម្មណ៍​គឺ​ទាក់ទង​នឹង​ការ​ជ្រើស​រើស​ព្រះ ឬ​អ្វី​មួយ​ខាង​ឯ​វិញ្ញាណ ដើម្បី​ថ្វាយ​បង្គំ…គឺ​ត្រង់​ថា អ្វីៗ​ផ្សេង​ទៀត​ដែល​លោក​អ្នក​ថ្វាយ​បង្គំ​នឹង​ស៊ី​អ្នក​ទាំង​រស់។ បើ​អ្នក​ថ្វាយ​បង្គំ​លុយ​កាក់ និង​វត្ថុ​ណា​មួយ បើ​វា​ជា​កន្លែង​ដែល​អ្នក​ចាប់​យក​អត្ថន័យ​ពិត​នៅ​ក្នុង​ជីវិត​នេះ នោះ​លោក​អ្នក​នឹង​មិន​ដែល​មាន​អារម្មណ៍​ថា ខ្លួន​មាន​គ្រប់​គ្រាន់​ទេ។ បើ​ថ្វាយ​បង្គំ​រាង​កាយ សម្រស់ និង​ភាព​ទាក់​ទាញ​អារម្មណ៍​ខាង​ផ្លូវ​ភេទ នោះ​លោក​អ្នក​នឹង​មាន​អារម្មណ៍​មិន​ស្អាត​រហូត។ ហើយ​នៅ​ពេល​វេលា​មក​ដល់ និង​អាយុ​ចាប់​ផ្តើម​បង្ហាញ​ពី​លោក​អ្នក នោះ​លោក​អ្នក​នឹង​ស្លាប់​រាប់​លាន​ដង​មុន​ពេល​គេ​អាច​កប់​លោក​អ្នក​ទៅ​ទៀត…បើ​ថ្វាយ​បង្គំ​អំណាច នោះ​លោក​អ្នក​នឹង​មាន​អារម្មណ៍​ទន់​ខ្សោយ និង​ភ័យ​ខ្លាច ហើយ​លោក​អ្នក​នឹង​ត្រូវ​ការ​អំណាច​ច្រើន​ទៀត​លើ​អ្នក​ដទៃ ដើម្បី​រម្ងាប់​នូវ​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន​ចោល។ បើ​ថ្វាយ​បង្គំ​ភាព​ឆ្លាត​វៃ ឲ្យ​គេ​ឃើញ​ថា លោក​អ្នក​ជា​មនុស្ស​ឆ្លាត នោះ​លោក​អ្នក​នឹង​បញ្ចប់​ដោយ​មាន​អារម្មណ៍​ឆោត​ល្ងង់ ការ​បន្លំ តែង​តែ​នៅ​ក្នុង​ស្ថាន​ភាព​នៃ​ការ​បែក​ធ្លាយ។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​អំពី​ទម្រង់​នៃ​ការ​ថ្វាយ​បង្គំ​ទាំង​នេះ​គឺ…វា​កើត​ឡើង​ដោយ​យើង​មិន​ដឹង​ខ្លួន​ទាល់​តែ​សោះ។ វា​ជា​ការ​កំណត់​លំនាំ​ដើម។»

តើ​លោក​អ្នក​អាច​មើល​ឃើញ​មុខ​ខ្លួន​ឯង​នៅ​ក្នុង​កញ្ចក់​នៃ​ពាក្យ​សម្ដី​របស់​លោក វល់ឡេស៍ បាន​ទេ? ខ្ញុំ​អាច។ នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ត្រូវ​តែ​ចូល​ទៅ​ជិត​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ការ​អធិស្ឋាន ដោយ​ទូល​សូម​ទ្រង់​ឲ្យ​បំពេញ​ចិត្ត​របស់​យើង​ដែល​មិន​ចេះ​ឆ្អែត​ឆ្អន់​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ខ្ជាប់​ខ្ជួន​របស់​ទ្រង់​វិញ។

និពន្ធ​ដោយ៖ លោក​គ្រូ Matt Smethurst
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក​ស្រី ឡូញ ស្រីរដ្ឋ, និងលោក​ស្រី ថាវ ប៊ុនរី
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះអង្គនៅតែស្រឡាញ់

ព្យាយាមធ្វើអ្វីដែលទ្រង់មិនអាច