in

ស្រឡាញ់ស្រឡាញ់ សើចសើច យំយំ ខឹងខឹង អស្ចារ្យអស្ចារ្យ

​៥​ចំណុច​សម្រាប់​បង្រៀន​កូនៗ​​ពេល​បុណ្យ​ណូអែល​

Five Things to Teach Your Children This Christmas

ដូវ​ណូអែល​ជា​រដូវ​ដ៏​ល្អ​មួយ​ក្នុង​ការ​ផ្ដល់​ជា​ឱកាស​ឲ្យ​យើង​បង្រៀន​សេចក្តី​ពិត​អំពី​ដំណឹងល្អ​ទៅ​ក្នុង​ចិត្ត​របស់​កូនៗ​យើង។ នេះ​គឺ​ជា​ពេលវេលា​ដ៏​ល្អ​ក្នុង​ការ​ប្រាប់​កូនៗ​ថា ព្រះ​យេស៊ូវ​គឺ​ជា​កាដូ​ដ៏​ល្អ​បំផុត​ដែល​ពួកគេ​អាច​ទទួល​បាន​ក្នុង​ជីវិត​នេះ។

ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ស្ដីពី​សេចក្តី​ពិត​ដ៏​សំខាន់ៗ​ទុក​បង្រៀន​កូនៗ​នៅ​ថ្ងៃ​បុណ្យ​ណូអែល៖

១. រឿង​នៃ​សេចក្តី​ប្រោសលោះ

បួន​អាទិត្យ​មុន​ថ្ងៃ​ទី២៥​នៃ​ខែ​១២ យើង​អាច​យក​ឱកាស​នោះ ដើម្បី​បង្រៀន​កូនៗ​របស់​យើង​ពី​រឿង​កំណើត​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​ព្រះគម្ពីរ​ឲ្យ​ពួកគេ​បាន​ស្គាល់។

នៅ​ក្នុង​គ្រួសារ​របស់​យើងខ្ញុំ រៀង​រាល់​ថ្ងៃ​ក្នុង​អំឡុង​បួន​អាទិត្យ​មុន​ថ្ងៃ​ទី២៥​នៃ​ខែ​១២ យើង​ចូលចិត្ត​រៀន​ពី​សាច់រឿង​នៃ​ការ​ប្រោសលោះ ដោយ​ចាប់ផ្ដើម​ពី​ការ​ដែល​ព្រះ​ជាម្ចាស់​បង្កើត ហើយ​រៀន​រហូត​ដល់​ថ្ងៃ​កំណើត​របស់​ព្រះគ្រីស្ទ​នៅ​ថ្ងៃ​បុណ្យ​ណូអែល។ ពួក​យើង​នាំ​គ្នា​ពិភាក្សា​ពី​ការ​ធ្លាក់​ចុះ​ក្នុង​អំពើ​បាប និង​ពី​សេចក្តី​សន្យា​របស់​ព្រះជាម្ចាស់​ស្ដីពី​ព្រះ​សង្គ្រោះ​ដែល​មាន​ចែង​ក្នុង​កណ្ឌគម្ពីរ លោកុប្បត្ដិ ៣:១៥។ ពួក​យើង​បាន​នាំ​គ្នា​អាន​អំពី​សេចក្តី​សន្យា​របស់​ទ្រង់​ចំពោះ​លោក អ័ប្រាហាំ និង​ការ​អះអាង​របស់​ទ្រង់​ម្ដង​ហើយ​ម្ដងទៀត​នៅ​ក្នុង​គម្ពីរ​សញ្ញា​ចាស់។ យើង​និយាយ​ពី​រឿង​លោក ម៉ូសេ និង​បុគ្គល​ម្នាក់​ទៀត​ដែល​គាត់​ល្អ​ប្រសើរ​ជាង​លោក ម៉ូសេ​ដែល​នឹង​ត្រូវ​យាង​មក (ហេព្រើរ ៣:៣-៦)។ យើង​បាន​នាំ​គ្នា​អាន​ពី​សេចក្តី​ទំនាយ​នៅ​ក្នុង​កណ្ឌគម្ពីរ អេសាយ ៧:១៤; ៩:១-២, ៦-៧; ១១:១; ៣៥:៥-៦; ៤០:៣-៥; ៤២:១-៦; ៥២:១៣-៥៣:១២; ៦១:១-២។ល។ យើង​បាន​នាំ​គ្នា​មើល​ពី​របៀប​ដែល​ព្រះ​គម្ពីរ​បាន​ចង្អុលបង្ហាញ​ទៅ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង។

២. ការ​បន្ទាបខ្លួន​របស់​ព្រះគ្រីស្ទ

សម្រាប់​អស់​អ្នក​ដែល​មិន​ជឿ នៅ​ពេល​រដូវ​កាល​នៃ​ថ្ងៃ​សម្រាក​មក​ដល់ ពួកគេ​ច្រើន​ចាយវាយ​លើស​ពី​ចំណូល​របស់​ខ្លួន ហើយ​បង្ហាញ​ពី​ភាព​ស្ដុកស្ដម្ភ​របស់​ខ្លួន ទាំង​ព្យាយាម​ធ្វើ​នូវ​គ្រប់​ទាំង​ចំណុច​ដែល​មើល​ទៅ​គឺ​ថា ល្អ​ឥតខ្ចោះ​តែ​ម្ដង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី រឿង​ស្ដីពី​ព្រះយេស៊ូវ គឺ​ជា​រឿង​នៃ​ការ​បន្ទាបខ្លួន។ ថ្ងៃ​បុណ្យ​ណូអែល គឺ​ជា​ពេលវេលា​ដែល​ផ្ដល់​នូវ​ឱកាស​យ៉ាង​ល្អ​ក្នុង​ការ​បង្រៀន​កូនៗ​របស់​យើង​ពី​ខ្លឹមសារ​នៃ​អ្នក​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​នគរ​ស្ថានសួគ៌ (ម៉ាថាយ ២០:២៦-២៨)។ ចំណុច​ទាំង​អស់​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​បន្ទាបខ្លួន​របស់​ទ្រង់​ដូចជា៖ មាតាបិតា​របស់​ទ្រង់ កន្លែង​កំណើត​របស់​ទ្រង់ និង​ស្រុក​កំណើត​របស់​ទ្រង់ និង​គ្រប់​ទាំង​សកម្មភាព​ដែល​ទ្រង់​បាន​យាង​មក​យក​និស្ស័យ​ជា​សាច់ឈាម ទាំង​អស់​នេះ​គឺ​ជា​ភស្តុតាង​ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ទ្រង់​បន្ទាបខ្លួន។

មនុស្ស​ភាគច្រើន ពួកគេ​រំពឹង​ថា ព្រះ​មែស្ស៊ី​នឹង​យាង​មក​យក​កំណើត​នៅ​ក្នុង​វិមាន​ដ៏​ស្កឹមស្កៃ មិនមែន​នៅ​ក្នុង​ក្រោល​សត្វ​នោះ​ឡើយ។ មនុស្ស​ភាគ​ច្រើន​រំពឹង​ថា ទ្រង់​រស់នៅ​ក្នុង​វង្សត្រកូល​ស្ដេច មិនមែន​មក​រស់នៅ​ល្ហេមល្ហាម​នោះ​ទេ។ មនុស្ស​ភាគច្រើន​រំពឹង​ថា ទ្រង់​នឹង​មក​យក​ជ័យជម្នះ​លើ​ចក្រភព​រ៉ូម មិនមែន​មក​ឲ្យ​ពួកគេ​ចាប់​ឆ្កាង​នោះ​ទេ។ សូម​អាន​កណ្ឌគម្ពីរ ភីលីព ២:១-១១ បន្ទាប់មក​បង្ហាញ​ដល់​កូនៗ​របស់​លោកអ្នក​អំពី​ការ​បន្ទាបខ្លួន​របស់​ព្រះគ្រីស្ទ​តាមរយៈ​ខគម្ពីរ​នោះ។

៣. ព្រះជាម្ចាស់​ធ្វើ​ការ​តាមរយៈ​ភាព​កម្សោយ

បរិបទ​ស្រដៀង​គ្នា​មួយ​ទៀត​ដែល​យើង​អាច​បង្រៀន​កូនៗ​នៅ​រដូវ​បុណ្យ​ណូអែល​នេះ​គឺ របៀប​ដែល​ព្រះជាម្ចាស់​ធ្វើ​ការ​តាមរយៈ​ភាព​កម្សោយ។ ព្រះ​ជាម្ចាស់​ច្រើន​តែ​ជ្រើសរើស​មនុស្ស​ដែល​មិន​ស័ក្តិសម​នឹង​ឲ្យ​ទ្រង់​ប្រើ ក៏​ដូចជា​មនុស្ស​កម្សោយ ព្រះ​អង្គ​បាន​ប្រើប្រាស់​ពួកគេ​នៅ​ក្នុង​រឿង​នៃ​ការ​ប្រោសលោះ​របស់​ទ្រង់។ នាង ម៉ារា គឺ​ជា​នារី​សាមញ្ញ​ធម្មតា​ម្នាក់ ជា​ស្ត្រី​ក្រីក្រ​ចេញ​មក​ពី​ស្រុក​ដែល​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សំខាន់​នោះ​ទេ។ ចំណែក សាវ័ក ពេត្រុស គាត់​ក៏​ជា​ម្នាក់​ដែល​មិន​បាន​រៀន​សូត្រ​អ្វី​ខ្ពង់ខ្ពស់​នោះ​ទេ គាត់​គ្រាន់តែ​ជា​អ្នក​នេសាទ​ម្នាក់​ប៉ុណ្ណោះ។ យើង​អាច​នឹង​ឃើញ​សិរីល្អ​របស់​ព្រះជាម្ចាស់ តាមរយៈ​ការ​ដែល​ទ្រង់​ធ្វើ​ការ​តាមរយៈ​ភាព​កម្សោយ​របស់​យើង។ យើង​អាច​មើល​ឃើញ​ពី​ការ​នេះ​បាន​យ៉ាង​ច្បាស់ គឺ​នៅ​ក្នុង​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើឆ្កាង​ជំនួស​បាប​របស់​យើង និង​ការ​ដែល​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បន្ទាប់ពី​បី​ថ្ងៃ​ក្រោយ​ដែល​ទ្រង់​សុគត ជា​ពេលវេលា​ដែល​អះអាង​ពី​ជ័យជម្នះ​របស់​យើង​ទៅ​លើ​អំពើ​បាប និង​សេចក្តី​ស្លាប់។

៤. ព្រះជាម្ចាស់​រក្សា​ពាក្យ​សន្យា​របស់​ទ្រង់

មាន​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​ទៀត​នៅ​រដូវ​កាល​នេះ​ដែល​យើង​គួរ​ផ្ដោត​លើ​ពេល​បង្រៀន​កូនៗ​របស់​យើង​នោះ​គឺ​ថា ព្រះ​ជាម្ចាស់​រក្សា​ពាក្យ​សន្យា​របស់​ទ្រង់។ យើង​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​សេចក្តី​សន្យា​របស់​ព្រះ​សង្គ្រោះ​បន្ទាប់​ពី​ការ​ធ្លាក់​ក្នុង​អំពើ​បាប មើល​ក្នុង​គម្ពីរ​សញ្ញាចាស់ មើល​ត្រង់​សេចក្ដី​សន្យា​នៃ​ការ​ប្រោសលោះ​រាស្ត្រ​របស់​ទ្រង់ ហើយ​សេចក្ដី​សន្យា​នោះ​ត្រូវ​បាន​បំពេញ​ទាំង​ស្រុង​ដោយ​ព្រះគ្រីស្ទ។

៥. ព្រះនាម​របស់​ព្រះគ្រីស្ទ

កាល​ពី​ឆ្នាំ​ទៅ កូនៗ​របស់​ខ្ញុំ​បាន​រៀន​ពី​ឈ្មោះ​ផ្សេងៗ​របស់​ព្រះយេស៊ូវ​នៅ​រដូវ​កាល​បុណ្យ​ណូអែល​អស់​បួន​អាទិត្យ​មុន​ថ្ងៃ​ទី២៥​នៃ​ខែ​១២។ ពួក​យើង​បាន​រៀន​ពី​ព្រះនាម​របស់​ទ្រង់​ដូចជា ព្រះមែស្ស៊ី កូន​ចៀម​នៃ​ព្រះ អេម៉ាញូអែល អាល់ហ្វា និង​អូមេហ្គា និង​ព្រះ​អម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ជា​ដើម។ល។ ខ្ញុំ​បាន​បង្រៀន​កូនៗ​ពី​ព្រះនាម​របស់​ព្រះយេស៊ូវ ក៏​ដូចជា​អត្ថន័យ​ដល់​ពួកគេ ដើម្បី​ជួយ​ពួកគេ​កាន់តែ​ស្គាល់​ព្រះយេស៊ូវ​ថែម​ទៀត ក៏​ដូចជា​ឲ្យ​ពួកគេ​កាន់តែ​ស្គាល់​ពី​លក្ខណសម្បត្តិ និង​កិច្ចការ​ដែល​ទ្រង់​បាន​បំពេញ​សម្រេច។ យើង​បាន​សរសេរ​ព្រះនាម​ទាំង​អស់​នោះ រួច​មក​យក​ឈ្មោះ​ទាំង​នោះ​មក​តភ្ជាប់​គ្នា​ដូចជា​ច្រវាក់ បន្ទាប់ពី​បាន​រៀន​រៀង​រាល់​ថ្ងៃ។ របៀប​មួយ​ទៀត​ដែល​យើង​អាច​រៀន​ពី​ព្រះនាម​ទាំង​នោះ​គឺ យើង​អាច​សរសេរ​ព្រះនាម​របស់​ទ្រង់​ទាំង​អស់​លើ​កូន​ក្រដាស​ស្អាតៗ ផាត់​ពណ៌​ឲ្យ​ស្អាត ហើយ​យក​ទៅ​តាំង​នៅ​លើ​ដើម​ណូអែល ទុក​សម្រាប់​រាល់​ពេល​ដែល​យើង​សិក្សា​ពី​ព្រះនាម​ទ្រង់។

សូម​ឆក់​យក​អត្ថប្រយោជន៍​ចេញពី​ឆ្នាំ​នេះ ដើម្បី​បង្រៀន​កូនៗ​ពី​កំណើត​ព្រះគ្រីស្ទ ដោយ​ចំណាយ​ពេល​អាន​ព្រះបន្ទូល​ជាមួយ​ពួកគេ ហើយ​បង្ហាញ​ពួកគេ​ពី​ព្រះ​មែស្ស៊ី​ដែល​បាន​យាង​មក​ដូច​តាម​សេចក្ដី​សន្យា និង​ពី​របៀប​ដែល​ទ្រង់​បាន​បំពេញ​សេចក្តី​សន្យា​តាមរយៈ​ព្រះ​ឱរស​ដែល​មក​យក​កំណើត​នៅ​ភូមិ​បេថ្លេហិម។ សូម​ជួយ​កូនៗ​ឲ្យ​មើល​ឃើញ​ថា ព្រះយេស៊ូវ​គឺ​ជា​កាដូ​ដ៏​ល្អ​បំផុត​ដែល​ពួកគេ​អាច​ទទួល​បាន និង​ជា​កាដូ​ដ៏​ល្អ​បំផុត​ដែល​ពួកគេ​អាច​ជូន​ដល់​អ្នក​ផ្សេងៗ​ទៀត​បាន​ផង​ដែរ។

និពន្ធ​ដោយ៖ លោក​គ្រូ Christina Fox

ដក​ស្រង់ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, លោកគ្រូ ណាថាន វែស និង​​លោក ទេព រ៉ូ

ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

image_pdfទាញ​យក​ជា PDF

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ចូរ​សូម ចូរ​រក ចូរគោះ

អ្នកខ្វល់ខ្វាយ