ភ្នំភ្លើងផ្ទុះ
តើលោកអ្នកធ្លាប់យល់អារម្មណ៍របស់ឪពុកម្ដាយដែលធ្លាប់និយាយ ឬក៏ធ្វើអ្វីមួយដែលជាទូទៅពួកគាត់មិនលើកទឹកចិត្តឲ្យយើងធ្វើដែរឬទេ? ជាថ្មីម្ដងទៀត នៅក្នុងខណៈពេលកូននោះមានអាកប្បកិរិយាមិនសមរម្យម្តងហើយម្តងទៀត ហើយភ្លាមៗនោះចេញពីជម្រៅចិត្តណាមួយក្នុងលោកអ្នកក៏ស្រាប់តែភ្នំភ្លើងផ្ទុះតែម្ដង។ វាមិនល្អមើលទេ។
ក្រោមផ្ទៃលើនៃភ្នំភ្លើង
លោកអ្នកបានច្រឡោតជាថ្មីម្ដងទៀត។ លោកអ្នកក៏ទទួលស្គាល់។ លោកអ្នកបានលន់តួកំហុសខ្លួនទៅកាន់អស់អ្នកដែលមានចំណែក។ លោកអ្នកសុំទោសពួកគាត់ ហើយក៏សូមឲ្យពួកគាត់អត់ទោស។ ហើយលោកអ្នកបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងមិនធ្វើដូចរបៀបនោះម្ដងទៀតនោះទេ ពោលគឺនឹងមិនធ្វើការនោះទៀតឡើយ។ ប៉ុន្តែ នោះឯងជាបញ្ហា។ ការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់លោកអ្នកដោយខ្លួនឯងនឹងបរាជ័យជាថ្មីម្ដងទៀតជាមិនខាន។ យើងត្រូវការជំនួយពីព្រះជាម្ចាស់ ដើម្បីជួយឲ្យយើងអាចមានការផ្លាស់ប្រែទៅបាន។ ការយកឈ្នះលើកំហឹងតម្រូវឲ្យមានអ្វីមួយផ្សេងទៀតលើសពីអ្វីដែលមនុស្សយើងអាចធ្វើបាន គឺតម្រូវឲ្យមានជំនួយពីព្រះជាម្ចាស់ទាំងស្រុង។ ដំណឹងល្អគឺត្រង់ថា ព្រះយេស៊ូវបានយាងមក ដើម្បីធ្វើឲ្យផ្លូវនោះអាចទៅរួចបានសម្រាប់មនុស្សគ្រប់ៗគ្នា ដែលមានរួមទាំងឪពុកម្ដាយដែលឆាប់ងាយនឹងខឹង ពោលគឺដើម្បីឲ្យមានមនុស្សទាំងអស់ទទួលបានការបំផ្លាស់បំប្រែដែលចេញពីការនោះពួកគាត់ចេះចុះចូលសេចក្ដីរំពឹងរបស់ខ្លួនទៅកាន់ព្រះជាម្ចាស់ក្នុងការបម្រើអ្នកដទៃ និយាយឲ្យចំៗទៅគឺការបម្រើកូនៗរបស់ខ្លួន។
នៅពេលដែលឪពុកម្ដាយជ្រើសរើសប្រើប្រាស់សំឡេងខ្លាំងៗទៅកាន់កូន ដោយជេរបញ្ចោរកូនៗ ហៅឈ្មោះកូនៗមិនល្អ (ឧទាហរណ៍៖ អាប្រកាច់ អាល្មើសគុណ) ដោយសារវាឈ្លោះប្រកែកពីរឿងកំប៉ិកកំប៉ុក ដោយធ្វើភ្នែកស្លើ (បញ្ឈរភ្នែកបែបឌឺ) ស្រែកយ៉ាងក្ដៅក្រហាយថា «អញទប់លែងបានទៀតហើយ» ដែលកើតចេញក្នុងមួយសន្ទុះ ហើយផ្ទុះឡើងចំពោះសាច់រឿងដ៏តូចតាច ការនេះមានន័យថា ទំនាក់ទំនងគ្រប់ៗគ្នាដែលនៅក្នុងផ្ទះជាមួយគ្នានោះនឹងងាយមានការប្រេះស្រាំហើយ។
កាលពីខ្ញុំនៅក្មេង ខ្ញុំធ្លាប់រស់នៅកន្លែងចិញ្ចឹមគោយកទឹកដោះអស់ប្រមាណពីរបីឆ្នាំដែរ។ យើងត្រូវតែមានការប្រុងប្រយ័ត្នលើសពីធម្មតារាល់ពេលណាៗដែលយើងទៅក្បែរកន្លែងបូមទឹកដោះគោ ដ្បិតយើងមិនដែលដឹងថាតើសត្វគោនោះនឹងធាក់យើងពេលណានោះទេ ឬក៏ថាតើវានឹងបក់កន្ទុយត្រូវយើងពេលណានោះដែរ។ កូនៗដែលរស់នៅជាមួយឪពុកម្ដាយដែលមានបញ្ហាខាងឯកំហឹងក៏មានរឿងដូចនេះដែរ៖ មិនអាចសម្រួលអារម្មណ៍បានទេ ប៉ុន្តែត្រូវតែចាំយាមរហូត។ ប្រសិនបើយើងមិនប្រព្រឹត្តនូវអ្វីដែលយើងថានឹងធ្វើ (ការគោរព និងឲ្យតម្លៃដល់អ្នកដទៃ) នោះការធ្វើពុតរបស់យើងនឹងបានបំផ្លាញទំនាក់ទំនង ការគោរព ភាពស្និទ្ធស្នាល និងការមានបរិយាកាសដ៏កក់ក្ដៅនៅក្នុងផ្ទះយើងនោះជាមិនខាន។
ទោះបើថារាល់គ្រប់កំហឹងគឺមិនមែនជាការខុសឆ្គងក៏ដោយ ក៏ត្រង់នេះយើងអាចនិយាយអំពីការច្រឡោតដែលហួសហេតុពេក ហើយដែលកើតឡើងក្នុងគោលបំណងមិនល្អ ដែលការនោះមិនថ្វាយព្រះកិត្តិយសទៅកាន់ព្រះជាម្ចាស់ក្នុងពីរបៀប៖ ១) ការជំរុញចិត្តមិនសមរម្យ (សេចក្ដីរំពឹងដែលកើតឡើងចេញពីខ្លួនឯង) ហើយ ២) ការឆ្លើយតបនៅខាងក្រៅ (ការផ្ទុះសេ ការសង្កៀតធ្មេញ ការដំឡើងសរសៃក ការជេរបញ្ចោរបន្ទាបបន្ថោកប្រមាថ)។ កម្រមានណាស់ដែលថា កំហឹងរបស់យើងបានបើកសម្ដែងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ប្រាកដណាស់ដែលថាកូនៗរបស់លោកអ្នកទំនងនឹងល្បងលកាអត់ធ្មត់របស់លោកអ្នក ប៉ុន្តែមិនដែលមានការអត់ធ្មត់ដែលគ្មានការល្បងលនោះទេ។ នៅឯឈើឆ្កាងពេលដែលគេកំពុងតែមិនបានយល់យ៉ាងត្រឹមត្រូវអំពីព្រះយេស៊ូវ បានប្រព្រឹត្តមិនត្រឹមត្រូវចំពោះព្រះអង្គ និងកំពុងតែធ្វើបាបទ្រង់ ព្រះអង្គមិនបានផ្ទុះព្រះទ័យដោយមានកំហឹងនោះទេ ប៉ុន្តែទ្រង់នៅបន្តបង្ហាញនូវការគ្រប់គ្រងចិត្តដែលទទួលជំនួយពីព្រះវិញ្ញាណ ដែលយើងក៏អាចមានជំនួយនោះឥឡូវនេះដូចទ្រង់ផងដែរ។
កំហឹងមិនចេះតែកើតឡើងតែឯងៗនោះទេ លើកលែងតែទាក់ទងនឹងសរសៃប្រសាទ នឹងបញ្ហាខាងឯរូបកាយ ជាទូទៅកំហឹងគឺជាលទ្ធផលនៃសេចក្ដីរំពឹងទុក។ មានអ្វីកំពុងកើតឡើងដែលលោកអ្នកមិនបានរំពឹងទុកជាមុន ឬក៏ថាការរំពឹងទុករបស់លោកអ្នកមិនបានកើតឡើង។ ការរំពឹង៖ អ្វីមួយមិនបានកើតឡើងក្នុងពេលវេលាដែលលោកអ្នកចង់ឲ្យវាកើត ឬក៏ថាវាមិនបានកើតឡើងក្នុងកម្រិតដ៏ល្អដែលលោកអ្នករំពឹងចង់ឲ្យវាកើតឡើងនោះទេ។ តើលោកអ្នកចង់បានអ្វីក្នុងឱកាសនោះ? តើលោកអ្នកជឿលើអ្វីខ្លះដែលលោកអ្នកយកមកប្រើប្រាស់ធ្វើជាលេសដែលបណ្ដាលឲ្យលោកអ្នកច្រឡោតខ្លាំងពេក?
គ្មាននរណាម្នាក់អាចធ្វើឲ្យលោកអ្នកខឹងបានឡើយ? ពួកគាត់គ្រាន់តែអាចបើកបង្ហាញនូវសេចក្ដីរំពឹងដែលលោកអ្នកមានរួចស្រាប់ទៅហើយទេ។ យើងមិនគួរចិញ្ចឹមកូនៗយើងដោយរំពឹងលើអាកប្បកិរិយារបស់ពួកគាត់នោះឡើយ ប៉ុន្តែលើការកាត់ស្រាយរបស់យើងដែលទាក់ទងទៅនឹងអាកប្បកិរិយារបស់ពួកគាត់វិញទេតើ ហើយការកាត់ស្រាយរបស់យើងគឺសុទ្ធតែកើតចេញពីសេចក្ដីរំពឹងទុករបស់យើង។ គោលបំណងចម្បងគឺមិនទាក់ទងនឹងការដែលលោកអ្នកទប់កំហឹងរបស់ខ្លួនទេ ក្នុងករណីដែលថាលោកអ្នកមិនចេះខឹងនោះឡើយ លោកអ្នកអាចហៅការនោះថាបេសកកម្មបានសម្រេចក៏អាចថាបាន ប៉ុន្តែចំណុចចម្បងគឺថាលោកអ្នកបានតាំងព្រះគ្រីស្ទលើសេចក្ដីរំពឹងរបស់ខ្លួនដែរឬទេ។
កំហឹងបើកសម្ដែងឲ្យឃើញបេះដូង
«ឯមនុស្សល្អ គេក៏យកសេចក្ដីល្អ ពីកំណប់ល្អ ដែលកប់ទុកក្នុងចិត្តគេ ហើយមនុស្សអាក្រក់ក៏យកសេចក្ដីអាក្រក់ ចេញពីកំណប់អាក្រក់ ក្នុងចិត្តខ្លួនដែរ ដ្បិតមាត់គេពោលបញ្ចេញសេចក្ដីបរិបូរដែលនៅក្នុងចិត្តជានិច្ច» (លូកា ៦:៤៥)។
ក្នុងកន្លែងណាមួយនៃបេះដូងយើងគឺមានព្រះក្លែងក្លាយយ៉ាងមោះមុត
ការផ្ទុះកំហឹងបើកសម្ដែងអំពីអំនួតដែលមាននៅក្នុងលោកអ្នក។ កំហឹងដែលជំទាស់នឹងការឲ្យតម្លៃរបស់អ្នកផ្សេងដោយលើកឡើងថា «តើឯងគិតថាខ្លួនជាអាណាដែលហ៊ានមកហាក់បីដូចជាមើលស្រាលថាអញជាអ្នកណាអញ្ចឹង!»។
ការភ្ញាក់ដឹងខ្លួនអំពីកំហឹងរបស់យើងក៏អាចជាការភ្ញាក់ខ្លួនដឹងអំពីតម្រូវការដែលយើងមានសម្រាប់ព្រះគ្រីស្ទផងដែរ ដែលព្រះអង្គបានសង្គ្រោះយើង។
ការបង្កើតផលផ្លែចេញពីសំណល់ភ្នំភ្លើង
១) រៀបគម្រោងមុនពេលកំណត់
លោកអ្នកត្រូវតែចេះទប់កំហឹងមុនមានការអ្វីមួយកើតឡើង ដែលការនោះនឹងបណ្ដាលឲ្យលោកអ្នកខឹងទៅទៀត។ ពេលវេលាដោះស្រាយកំហឹងរបស់លោកអ្នកគឺមិនមែនពេលដែលវាបានកើតឡើងរួចបាត់ទៅហើយនោះទេ។ ចូរយកសេចក្ដីរំពឹងរបស់លោកអ្នកចុះចូលទៅនឹងព្រះជាម្ចាស់ ហើយចូរស្លាប់ខាងឯខ្លួនឯងមុនពេលដែលកំហឹងរបស់លោកអ្នកបានកើតឡើងចុះ។ វាជាការល្អទេដែលយើងមានសេចក្ដីរំពឹងខ្ពស់ៗ ប៉ុន្តែចូរកុំឲ្យវាក្លាយទៅជាព្រះរបស់ខ្លួនឡើយ ព្រោះបើមិនដូច្នោះទេនោះវានឹងក្លាយជាម្ចាស់របស់លោកអ្នកជាមិនខាន។ ចូរកុំឲ្យស្តង់ដារបានក្លាយទៅជាការទាមទារដែលមិនសមហេតុសមផលឲ្យសោះ។ ឧទាហរណ៍៖ វាជាការសមហេតុសមផលទេក្នុងការដែលយើងព្យាយាមបង្កើតឲ្យមានស្តង់ដារកុំឲ្យញ៉ាំបាយកំពប់ និងការបង្រៀនកូនៗយើងឲ្យមានចំណែកក្នុងការបំពេញស្តង់ដារមួយនេះដែរ។ ប៉ុន្តែ ចូរកុំរំពឹងថា ស្តង់ដារនោះនឹងកើតឡើងយ៉ាងល្អឥតខ្ចោះឡើយ។ ទាក់ទងនឹងការបង្រៀនកូនៗ ស្តង់ដារមួយនោះនឹងប្រាកដជាជួបប្រទះបរាជ័យជាមិនខាន។ ចូររំពឹងថា កូនៗនឹងញ៉ាំបាយកំពប់ ហើយក៏កុំឲ្យមានអារម្មណ៍មួរម៉ៅរហូតដល់វាផ្ទុះសេកាន់តែខ្លាំងពេកនោះដែរ ពេលដែលការនោះបានកើតឡើង។
២) ចូរទទួលស្គាល់បន្ទុះរបស់ខ្លួន
ចូរលន់តួ និងកែប្រែចំណុចនេះទៅកាន់កូន ដៃគូជីវិត (នេះជាការផ្ដល់ក្ដីសង្ឃឹម) អ្នកដឹកនាំក្រុមតូចរបស់លោកអ្នក ឬក៏គ្រូគង្វាលប្រសិនបើការនេះចេះតែកើតឡើងម្ដងហើយម្ដងទៀត។ យើងមានទំនួលខុសត្រូវចំពោះបន្ទុះរបស់យើង។ ចូរកុំរកលេសឲ្យសោះ។ ចូរកុំទុកចិត្តលើការវិនិច្ឆ័យរបស់ខ្លួនឡើយ ទាក់ទងទៅនឹងចម្លើយថាតើកំហឹងរបស់លោកអ្នកកើតឡើងម្ដងហើយម្ដងទៀតឬក៏អត់ទៅជាទំលាប់ តែចូរសួរនាំអស់អ្នកដែលនៅជុំវិញលោកអ្នក៖ ដៃគូជីវិត និងកូនៗរបស់លោកអ្នក។ ការលន់តួកំហុសបានស្ដារនូវកម្រិតអ្វីមួយដែលបានបាត់បង់ក្នុងបន្ទុះភ្នំភ្លើងនៃកំហឹង។
៣) ចូរឈប់សិន
ចូរថយក្រោយ ហើយដកដង្ហើមឲ្យធំ។ ចូរប្រមូលផ្ដុំគំនិត។ ចូរចងចាំថាពួកគាត់ជាក្មេងៗ ហើយលោកអ្នកជាមនុស្សចាស់ៗ។ ប្រាំឆ្នាំទៅមុខទៀត តើលោកអ្នកនឹងពិតជានៅខ្វាយខ្វល់អំពីបាយកំពប់មែនឬ?
៤) ចូរចូលទៅកាន់ព្រះជាម្ចាស់
ចូរទូលសូមព្រះជាម្ចាស់ឲ្យជួយលោកអ្នក។ ការបន្ទាបខ្លួននាំឲ្យមានភាពស្រស់ស្អាតក្នុងកាលៈទេសៈដ៏អាក្រក់អាក្រីដែលបានកើតឡើង។ ចូរទូលសូមឲ្យទ្រង់បំពេញលោកអ្នកដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដ្បិតព្រះវិញ្ញាណរបស់ព្រះអង្គបង្កើតឲ្យមានផលផ្លែនៃសន្តិភាព ការអត់ធ្មត់ ចិត្តសប្បុរស សុភាពរាបសា និងការចេះគ្រប់គ្រងចិត្ត។
៥) ចូរសើចជាមួយគ្នា
ក្នុងពេលវេលាដ៏ត្រឹមត្រូវ ចូរប្រើប្រាស់សំណើច និងការសើចដែលគួរឲ្យរីករាយចេញពីទស្សនៈរបស់អ្នកផ្សេង។
៦) ចូរក្រេបជញ្ជក់ព្រះគម្ពីរ
«ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ដ្បិតកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះទេ» (យ៉ាកុប ១:១៩-២០)។
«អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះយកបានទីក្រុងទៅទៀត» (សុភាសិត ១៦:៣២)។
«ពួកល្ងីល្ងើ សម្ដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ» (សុភាសិត ២៩:១១)។
«តែប្រាជ្ញាដែលមកពីស្ថានលើនោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់ក៏ពេញដោយសេចក្ដីមេត្តាករុណា នឹងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង រីឯផលនៃសេចក្ដីសុចរិត នោះបានព្រោះចុះដោយសេចក្ដីមេត្រី សម្រាប់ពួកអ្នកដែលរកសេចក្ដីមេត្រីនោះឯង» (យ៉ាកុប ៣:១៧-១៨)។
៧) ចូរអរព្រះគុណ
ការចេះថ្លែងអំណរគុណ និងការនៅមានកំហឹងស្របពេលតែមួយមិនអាចទៅរួចបានទេ។ ចូរអរព្រះគុណព្រះជាម្ចាស់ទាក់ទងនឹងឱកាសនេះដែលនាំឲ្យលោកអ្នកឆ្ពោះទៅមុខថែមទៀតទាក់ទងនឹងការញែកជាបរិសុទ្ធ។
មតិយោបល់
Loading…