ការមើលរូប ឬក៏វីដេអូអាសអាភាស
8 Sins You Commit Whenever You Look at Porn
[dropcap]យើ[/dropcap]ងសុទ្ធតែដឹងហើយថា ការមើលរូប ឬក៏វីដេអូអាសអាភាសគឺជាអំពើបាបដែលមានគ្រោះថ្នាក់ និងមិនគប្បី។ យើងក៏ដឹងផងដែរថា អស់អ្នកណាដែលបណ្ដោយខ្លួនក្នុងការមើលរូប ឬក៏វីដេអូអាសអាភាសក៏បានប្រព្រឹត្តអំពើបាបដែលកើតចេញមកពីភាពត្រេកត្រអាលដែរ។ ប៉ុន្តែ តាមការពិតទៅគឺនៅមានចំណុចលើសនេះទៅទៀត។ ពេលដែលលោកអ្នកបើកកម្មវិធីរុករក (Browser) ហើយចាប់ផ្ដើមមើលរូប និងវីដេអូទាំងនោះ នោះគឺជាពេលដែលលោកអ្នកកំពុងប្រព្រឹត្តអំពើបាបក្នុងរបៀបដែលលើសពីការមានភាពត្រេកត្រអាលទៅទៀត។ ខាងក្រោមនេះគឺជាការរាយចុះនូវលក្ខណៈនៃអំពើបាបទាំង៨យ៉ាង ដែលលោកអ្នកប្រព្រឹត្តពេលលោកអ្នកមើលរូប ឬក៏វីដេអូអាសអាភាស៖
លោកអ្នកប្រព្រឹត្តបាបនៃការថ្វាយបង្គំព្រះក្លែងក្លាយ។ រាល់អំពើបាបគឺជាការថ្វាយបង្គំព្រះក្លែងក្លាយ ហើយក៏ជាការព្យាយាមស្វែងរកអំណរ និងការស្កប់ស្កល់ចិត្តដែលមិនមែននៅក្នុងព្រះជាម្ចាស់ផ្ទាល់ទៀតផង តែផ្ទុយទៅវិញវាគឺជាការដែលព្រះជាម្ចាស់បានហាមប្រាមមិនឲ្យធ្វើ (និក្ខមនំ ២០:៣-៦)។ លោកគ្រូ ម៉ាត ប៉ាប៉ា (Matt Papa) លើកឡើងបានយ៉ាងល្អ៖ «បើនិយាយឲ្យសាមញ្ញទៅ រូបព្រះក្លែងក្លាយគឺជាអ្វីឬរបស់ណាមួយដែលសំខាន់ជាងព្រះជាម្ចាស់ចំពោះលោកអ្នក។ វាគឺជាអ្វីមួយផ្សេងទៀតដែលលោកអ្នកឲ្យតម្លៃខ្ពស់ជាងព្រះជាម្ចាស់ក្នុងជីវិតខ្លួន—វាជាអ្វីផ្សេងទៀតដែលលោកអ្នកស្រឡាញ់ ទុកចិត្តលើ ឬក៏ស្ដាប់បង្គាប់ខ្លាំងជាងព្រះជាម្ចាស់—អ្វីមួយផ្សេងទៀតដែលលោកអ្នកបានយកមកជំនួសព្រះជាម្ចាស់ថាសំខាន់សម្រាប់សេចក្ដីអរសប្បាយរបស់លោកអ្នកហើយ។» ក្នុងពេលមួយរំពេចដែលលោកអ្នកចាប់ផ្ដើមមើលរូប ឬក៏វីដេអូអាសអាភាស គឺមានន័យថា លោកអ្នកបានអនុញ្ញាតឲ្យវាមកយកទីកន្លែងជំនួសព្រះជាម្ចាស់ ដែលទីកន្លែងនេះគឺជាចំណុចដើមដ៏សំខាន់សម្រាប់សេចក្ដីអរសប្បាយដ៏ពិតរបស់លោកអ្នក ពោលគឺលោកអ្នកបានប្រព្រឹត្តអំពើបាបនៃការថ្វាយបង្គំរូបព្រះក្លែងក្លាយ។
លោកអ្នកប្រព្រឹត្តបាបនៃការសហាយស្មន់។ នេះគឺជាអំពើបាបដ៏ច្បាស់លាស់បំផុតដែលលោកអ្នកប្រព្រឹត្តនៅពេលដែលលោកអ្នកមើលរូប ឬក៏វីដេអូអាសអាភាស។ ក្នុងកណ្ឌគម្ពីរម៉ាថាយជំពូក៥ ព្រះយេស៊ូវបានភ្ជាប់ទំនាក់ទំនងរវាងភាពត្រេកត្រអាល និងការប្រព្រឹត្តសហាយស្មន់យ៉ាងច្បាស់លាស់។ «អ្នករាល់គ្នាបានឮសេចក្ដី ដែលសម្ដែងពីដើមថា "កុំផិតឲ្យសោះ" ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានតម្រេកសម្រើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ» (ម៉ាថាយ ៥:២៧-២៨)។ ការមើលរូប ឬក៏វីដេអូអាសអាភាសគឺជាភាពត្រេកត្រអាល ហើយមុខងាររបស់វាគឺដើម្បីចិញ្ចឹមភាពត្រេកត្រអាលនោះ។ ប៉ុន្តែ ភាពត្រេកត្រអាលគឺគ្រាន់តែជាប្រភេទនៃអំពើបាបមួយនៃរូបភាពដែលទាក់ទងនឹងការកំផិតមួយបែបដ៏ធំទៀតប៉ុណ្ណោះ៖ ចំណង់ចិត្ត ឬក៏ការរួមភេទជាមួយនឹងនរណាម្នាក់ផ្សេងទៀតក្រៅពីប្ដីឬប្រពន្ធខ្លួន។
លោកអ្នកប្រព្រឹត្តអំពើបាបនៃការបោកប្រាស់។ ការបោកប្រាស់គឺជាទង្វើនៃការលាក់លៀម ឬក៏ការយកទង្វើរបស់លោកអ្នកមកធ្វើពុត។ ដោយសារការមើលរូប ឬក៏វីដេអូអាសអាភាសបង្កើតឲ្យមានភាពអាម៉ាស់ នោះលោកអ្នកនឹងលាក់វា បិតបាំង ឬក៏មិនព្រមសារភាពអំពីវាឡើយ។ នៅពេលដែលលោកអ្នកលុបប្រវត្តិកម្មវិធីរុករក (Browser History) របស់លោកអ្នកចោល ដើម្បីកុំឲ្យឪពុកម្ដាយរបស់លោកអ្នកដឹង នៅពេលដែលលោកអ្នកប្រើប្រាស់វាក្នុងលក្ខណៈលាក់បាំង ដើម្បីកុំឲ្យប្តី ឬក៏ប្រពន្ធរបស់ខ្លួនដឹងអំពីការញៀនរបស់លោកអ្នក នៅពេលដែលលោកអ្នកមិនព្រមលើកឡើងយ៉ាងចំៗទៅកាន់អស់អ្នកដែលមើលខុសត្រូវលើជីវិតរបស់លោកអ្នក នៅពេលដែលលោកអ្នកទៅចូលរួមពិធីលៀងព្រះអម្ចាស់ ទោះបើលោកអ្នកបានបណ្ដោយខ្លួនឲ្យមើល ហើយមិនព្រមកែប្រែចិត្តក៏ដោយ នោះមានន័យថា លោកអ្នកកំពុងតែធ្វើការបោកប្រាស់គេហើយ។ ហើយព្រះគម្ពីរក៏បានព្រមានអំពីផលកម្មដ៏ពេញដោយគ្រោះថ្នាក់ទាំងនោះផងដែរ៖ «ឯអ្នកណាដែលប្រព្រឹត្តដោយភូតភរ នោះនឹងនៅក្នុងផ្ទះទូលបង្គំមិនបាន អ្នកណាដែលពោលកុហកក៏មិនធន់នៅចំពោះមុខទូលបង្គំដែរ» (ទំនុកតម្កើង ១០១:៧)។
លោកអ្នកប្រព្រឹត្តអំពើបាបនៃការធ្វើជាចោរ។ មុខរបររកស៊ីខាងឯការផលិតរូប និងវីដេអូអាសអាភាសកំពុងតែប្រឈមមុខនឹងការដែលគេលួចចម្លងយ៉ាងធ្ងន់ធ្ងរ៖ គឺមានគេលួចចែកចាយនូវរូប ឬក៏វីដេអូដែលពួកគាត់មិនមានសិទ្ធិគ្រប់យ៉ាងក្នុងការចែកចាយ ពោលគឺខុសច្បាប់ទាំងស្រុង។ អ្នកខ្លះបានលើកឡើងថា ចំពោះវីដេអូមួយដែលគេបានទាញយក (Download) ដោយមានសិទ្ធិ ក៏មានវីដេអូ៥ដែលមានគេទាញយកដោយមិនមានសិទ្ធិផងដែរ ពោលគឺវីដេអូនោះត្រូវបានគេយកទៅចម្លងដោយខុសច្បាប់។ មានប្រមាណ ៦០% នៃការទាញយកដោយមិនមានសិទ្ធិគឺសុទ្ធតែជាវីដេអូអាសអាភាស។ ទោះបើយើងអាចរីករាយនឹងចំណុចដែលថាការរកស៊ីបែបនោះកំពុងតែស្ថិតក្នុងការដួលរលំក៏ដោយ ក៏យើងមិនមានសិទ្ធិក្នុងការចូលដៃនឹងការលួចបែបនេះដែរ ដ្បិតព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្បាស់លាស់ថា «កុំឲ្យលួចប្លន់ឲ្យសោះ» (និក្ខមនំ ២០:១៥)។ នៅពេលដែលលោកអ្នកមើលរូប ឬក៏វីដេអូអាសអាភាស នោះមានន័យថា លោកអ្នកក៏ស្ទើរតែប្រាកដជាកំពុងមើលនូវអ្វីដែលអ្នកផ្សេងបានលួចយកមកចែកចាយ ហើយក្នុងរបៀបនោះគឺលោកអ្នកក៏កំពុងតែរួមដៃក្នុងការធ្វើជាចោរជាមួយពួកគេដែរហើយ។
លោកអ្នកប្រព្រឹត្តអំពើបាបនៃការលោភលន់។ អំពើបាបខាងឯផ្លូវភេទគឺជាអំពើបាបនៃការលោភលន់ ព្រោះវាជាផ្នែកមួយនៃការកេងប្រវ័ញ្ចពីអ្នកដទៃដោយបោកយកនូវអ្វីដែលជាកម្មសិទ្ធិរបស់ពួកគាត់។ ក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ៤:៦ សាវ័ក ប៉ុល បានព្រមានថា «កុំឲ្យអ្នកណាបំពាន ឬធ្វើខុស [អំពើបាបខាងឯផ្លូវភេទ] នឹងបងប្អូនណាមួយក្នុងការនោះឲ្យសោះ ពីព្រោះព្រះអម្ចាស់ទ្រង់នឹងសងសឹកក្នុងការទាំងនោះ ដូចជាយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ ព្រមទាំងធ្វើបន្ទាល់សព្វគ្រប់ផង»។ ពាក្យ «ធ្វើខុស» ក្នុងបរិបទនេះគឺសំដៅលើការកេងប្រវ័ញ្ចនូវអ្វីមួយពីបុគ្គលម្នាក់ណាផ្សេងទៀត។ វាគឺជាការអនុញ្ញាតឲ្យការលោភលន់ក្លាយជាការបោកបញ្ឆោត ពោលគឺជាការប្រើប្រាស់អ្នកដទៃក្នុងរបៀបខុសឆ្គង និងមិនគួរសម ដើម្បីសម្រេចគោលបំណងដ៏អាត្មានិយមរបស់ខ្លួន។
លោកអ្នកប្រព្រឹត្តអំពើបាបនៃភាពកំជិល។ ក្នុងរាល់ផ្នែកនៃជីវិតរស់នៅ ព្រះជាម្ចាស់បានត្រាស់ហៅឲ្យយើង «លៃយកឱកាសឲ្យទាន់ពេល» មូលហេតុគឺដោយសារជីវិតយើងខ្លីណាស់ ហើយយើងក៏មានទំនូលខុសត្រូវនៅមុខព្រះជាម្ចាស់ក្នុងការប្រើប្រាស់ពេលវេលារបស់យើងឲ្យមានប្រសិទ្ធភាពផងដែរ (អេភេសូរ ៥:១៦)។ ភាពខ្ជិលច្រអូសគឺជាការមិនចង់ប្រើប្រាស់ពេលវេលាឲ្យបានល្អ ហើយក៏ជាការចង់ប្រើប្រាស់ពេលវេលាសម្រាប់គោលបំណងបំផ្លាញជាជាងការស្ថាបនាទៅវិញ។ ក្នុងករណីបែបនេះ ការមើលរូប ឬក៏វីដេអូអាសអាភាសគឺជាភាពខ្ជិលច្រអូស និងជាការប្រើប្រាស់ពេលវេលាមិនបានត្រឹមត្រូវ។ វាគឺជាការប្រើប្រាស់នាទី ម៉ោង និងថ្ងៃជាច្រើនក្នុងការធ្វើបាបអ្នកដទៃជាជាងជួយពួកគាត់ ការប្រើប្រាស់ពេលវេលាចិញ្ចឹមអំពើបាបជាជាងសម្លាប់វាចោល ការប្រើប្រាស់ពេលវេលា ដើម្បីធ្លាក់ចុះជាជាងការលូតលាស់ឡើង និងជាការប្រើប្រាស់ពេលវេលាក្នុងការដេញតាមព្រះក្លែងក្លាយជាជាងការដេញតាមព្រះដ៏មានព្រះជន្មរស់ទៅវិញ។
លោកអ្នកប្រព្រឹត្តអំពើបាបនៃការរំលោភបំពានខាងឯផ្លូវភេទ។ បុគ្គលដែលបើកឡាន (ដើម្បីរត់គេច) ឲ្យពួកក្រុមចោរដែលប្លន់ធនាគារ ក៏ក្រុមកាត់ក្ដីអាចចោទបានថា គាត់ជាអ្នកសម្លាប់នរណាម្នាក់បានដែរ បើក្នុងកាលកំពុងប្លន់នោះត្រូវបានមានអ្នកស្លាប់។ បុគ្គលដែលស្ម័គ្រចិត្តអង្គុយមើលការរំលោភខាងឯផ្លូវភេទ ដើម្បីឲ្យមានភាពសម្រើប ក៏ក្រុមកាត់ក្ដីមានសិទ្ធិក្នុងការចោទថា គាត់មានចំណែកក្នុងការរំលោភបំពាននោះដែរ។ ហើយក្នុងរូប ឬក៏វីដេអូអាសអាភាសជាច្រើន (របស់ម្យ៉ាងដ៏គួរឲ្យក្អួត ឬខ្ពើមរអើម) គឺសុទ្ធតែជារឿងដែលពេញដោយកំហឹង និងការដែលមនុស្សប្រុសកេងប្រវ័ញ្ចលើមនុស្សស្រី។ មានពេលខ្លះស្ត្រីទាំងនោះបានស្ម័គ្រចិត្តក្នុងការចូលរួមថតដ៏គួរឲ្យអាប់ឱនកិត្តិយសខ្លួនមែន ប៉ុន្តែក៏មានពេលខ្លះទៀតគឺពួកគាត់ត្រូវបានមានគេបង្ខិតបង្ខំ ឬក៏រំលោភយកតែម្ដងក្នុងការថតដែរ។ បើលោកអ្នកចូលរួមមើលការដ៏អាក្រក់បែបនោះ នោះមានន័យថា លោកអ្នកក៏កំពុងតែមានចំណែកក្នុងការរំលោភដែរ ហើយលោកអ្នកក៏បានប្រព្រឹត្តប្រាសចាកសីលធម៌ដ៏គួរឲ្យអាម៉ាស់ទៀតផង។
លោកអ្នកប្រព្រឹត្តអំពើបាបនៃការបដិសេធព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងនាមជាគ្រីស្ទបរិស័ទ លោកអ្នកមានកិត្តិយសដ៏មហិមា និងឧត្តមភាពនៃការដែលព្រះវិញ្ញាណបរិសុទ្ធយាងមកគង់នៅក្នុងលោកអ្នក។ របៀបមួយក្នុងចំណោមរបៀបជាច្រើនទៀតដែលព្រះវិញ្ញាណធ្វើការក្នុងលោកអ្នកគឺ ផ្ដល់ឲ្យលោកអ្នកឃើញថា ទ្រង់កំពុងព្រមានលោកអ្នកឲ្យចេះទាស់ឬបដិសេធនឹងអំពើបាបក្នុងចិត្តរបស់លោកអ្នក។ សាវ័ក ប៉ុល ធានាយ៉ាងចំៗថាព្រះវិញ្ញាណព្រមានយើងទាស់នឹងអំពើបាបខាងឯផ្លូវភេទ បន្ទាប់មកគាត់បានលើកឡើងអំពីគ្រោះថ្នាក់៖ «ដូច្នេះ អ្នកណាដែលមិនព្រមទទួល នោះមិនមែនបោះបង់ចោលមនុស្ស ឈ្មោះថាបោះបង់ចោលព្រះវិញ ដែលទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់មកយើង» (១ថេស្សាឡូនីច ៤:៨)។ ការប្រព្រឹត្តអំពើបាបខាងឯផ្លូវភេទគឺជាការបដិសេធព្រះវិញ្ញាណបរិសុទ្ធចោល ហើយក៏ជាការលុបបំបាត់សំឡេងរបស់ទ្រង់ខណៈពេលដែលទ្រង់កំពុងព្រមានលោកអ្នកថា ខ្លួនមិនត្រូវការ ហើយក៏មិនគួរប្រព្រឹត្តអំពើបាបនេះដែរ។ ព្រះអង្គបានផ្គត់ផ្គង់នូវរាល់អ្វីៗដែលលោកអ្នកត្រូវការ ដើម្បីនឹងតយុទ្ធក្នុងសេចក្ដីល្បួងមួយនេះ (១កូរិនថូស ១០:១៣)។ ការដែលលោកអ្នកប្រឆាំង និងបដិសេធព័ន្ធកិច្ចរបស់ព្រះវិញ្ញាណក្នុងជីវិតលោកអ្នកគឺជាអំពើបាបដ៏ធ្ងន់ធ្ងរទាស់នឹងព្រះដ៏បរិសុទ្ធ។
ការមានភាពត្រេកត្រអាលទៅលើបុគ្គលណាម្នាក់គឺជាអំពើបាប ហើយការដែលលោកអ្នកបណ្ដាលឲ្យភាពត្រេកត្រអាលនោះកើតឡើងតាមរយៈការមើលរូប ឬក៏វីដេអូអាសអាភាសក៏ជាអំពើបាបដែរ។ ទោះជាយ៉ាងណាក្ដីចំណងចំណូលចិត្តនៃអំពើបាបក្នុងការមើលរូប ឬក៏វីដេអូអាសអាភាសមានឫសគល់ជ្រៅជាងការដែលគ្រាន់តែមានភាពត្រេកត្រអាលទៅទៀត។ វាជ្រុលដល់ការថ្វាយបង្គំព្រះក្លែងក្លាយ ការប្រព្រឹត្តអំពើផិតក្បត់ ការបោកប្រាស់ លួចកេងប្រវ័ញ្ច លោភលន់ ខ្ជិលច្រអូស អំពើហិង្សាខាងឯផ្លូវភេទ និងការបដិសេធព្រះវិញ្ញាណបរិសុទ្ធ។ កណ្ឌគម្ពីរ រ៉ូម ១៤:១២ ព្រមានយើងថា «ដូច្នេះ យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះពីដំណើររបស់ខ្លួនយើងជាមិនខាន»។ ចូរអរព្រះគុណព្រះអង្គ ដ្បិតអ្វីដែលទ្រង់ទាមទារ ទ្រង់ក៏បានផ្គត់ផ្គង់ដែរ ហើយព្រះអង្គធ្វើការនោះតាមរយៈដំណឹងល្អ។ ចំពោះអ្នកដែលទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ពួកគាត់អាចមានទំនុកចិត្តថា ព្រះគ្រីស្ទបានផ្គាប់ចិត្តព្រះអង្គជំនួសយើងហើយ គឺទ្រង់បានផ្គាប់ចិត្តសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទាស់នឹងអំពើបាបយើង ហើយថាទ្រង់ក៏បានផ្ដល់សេចក្ដីសុចរិតរបស់ទ្រង់ដល់យើងដែរ។ យើងក៏ត្រូវដឹងផងដែរថា ព្រះអង្គមិនបានសម្រេចការនោះ ដើម្បីឲ្យយើងនៅបន្តក្នុងអំពើបាបរបស់ខ្លួនទៀតឡើយ ប៉ុន្តែគឺដើម្បីឲ្យយើង «ប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ» (អេភេសូរ ៤:២៤)៕
មតិយោបល់
Loading…