in

ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស

8 Sins You Commit Whenever You Look at Porn

យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស​គឺ​ជា​អំពើ​បាប​ដែល​មាន​គ្រោះ​ថ្នាក់ និង​មិន​គប្បី។ យើង​ក៏​ដឹង​ផង​ដែរ​ថា អស់​អ្នក​ណា​ដែល​បណ្ដោយ​ខ្លួន​ក្នុង​ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​កើត​ចេញ​មក​ពី​ភាព​ត្រេកត្រអាល​ដែរ។ ប៉ុន្តែ តាម​ការ​ពិត​ទៅ​គឺ​នៅ​មាន​ចំណុច​លើស​នេះ​ទៅ​ទៀត។ ពេល​ដែល​លោក​អ្នក​បើក​កម្ម​វិធី​រុករក (Browser) ហើយ​ចាប់​ផ្ដើម​មើល​រូប និង​វីដេអូ​ទាំង​នោះ នោះ​គឺ​ជា​ពេល​ដែល​លោក​អ្នក​កំពុង​ប្រព្រឹត្ត​អំពើ​បាប​ក្នុង​របៀប​ដែល​លើស​ពី​ការ​មាន​ភាព​ត្រេកត្រអាល​ទៅទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​រាយ​ចុះ​នូវ​លក្ខណៈ​នៃ​អំពើ​បាប​ទាំង៨​យ៉ាង ដែល​លោក​អ្នក​ប្រព្រឹត្ត​ពេល​លោក​អ្នក​មើល​​រូប ឬ​ក៏​វីដេអូ​អាសអាភាស៖

លោក​អ្នក​ប្រព្រឹត្ត​បាប​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ។ រាល់​អំពើ​បាប​គឺ​ជា​ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ ហើយ​ក៏​ជា​ការ​ព្យាយាម​ស្វែង​រក​អំណរ និង​ការ​ស្កប់​ស្កល់​ចិត្ត​ដែល​មិន​មែន​នៅ​ក្នុង​ព្រះ​ជាម្ចាស់​ផ្ទាល់​ទៀត​ផង តែ​ផ្ទុយ​ទៅ​វិញ​វា​គឺ​ជា​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ (និក្ខមនំ ២០:៣-៦)។ លោក​គ្រូ ម៉ាត ប៉ាប៉ា (Matt Papa) លើក​ឡើង​បាន​យ៉ាង​ល្អ៖ «បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ រូប​ព្រះ​ក្លែង​ក្លាយ​គឺ​ជា​អ្វី​ឬ​របស់​ណា​មួយ​ដែល​សំខាន់​ជាង​ព្រះ​ជាម្ចាស់​ចំពោះ​លោក​អ្នក។ វា​គឺ​ជា​អ្វី​មួយ​ផ្សេង​ទៀត​ដែល​លោក​អ្នក​ឲ្យ​តម្លៃ​ខ្ពស់​ជាង​ព្រះ​ជាម្ចាស់​ក្នុង​ជីវិត​ខ្លួន—វា​ជា​អ្វី​ផ្សេង​ទៀត​ដែល​លោក​អ្នក​ស្រឡាញ់ ទុក​ចិត្ត​លើ ឬ​ក៏​ស្ដាប់​បង្គាប់​ខ្លាំង​ជាង​ព្រះ​ជាម្ចាស់—អ្វី​មួយ​ផ្សេង​ទៀត​​ដែល​លោក​អ្នក​បាន​យក​មក​ជំនួស​ព្រះ​ជាម្ចាស់​ថា​សំខាន់​សម្រាប់​សេចក្ដី​អរសប្បាយ​របស់​លោក​អ្នក​ហើយ។» ក្នុង​ពេល​មួយ​រំពេច​ដែល​លោក​អ្នក​ចាប់​ផ្ដើម​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស គឺ​មាន​ន័យ​ថា លោក​អ្នក​បាន​អនុញ្ញាត​ឲ្យ​វា​មក​យក​ទី​កន្លែង​ជំនួស​ព្រះ​ជាម្ចាស់ ដែល​ទី​កន្លែង​នេះគឺ​ជា​ចំណុច​ដើម​ដ៏​សំខាន់​សម្រាប់​សេចក្ដី​អរ​សប្បាយ​ដ៏​ពិត​របស់​លោក​អ្នក ពោល​គឺ​លោក​អ្នក​បាន​ប្រព្រឹត្ត​អំពើ​បាប​នៃ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ក្លែង​ក្លាយ។

លោក​អ្នក​ប្រព្រឹត្ត​បាប​នៃ​ការ​សហាយ​ស្មន់។ នេះ​គឺ​ជា​អំពើ​បាប​ដ៏​ច្បាស់​លាស់​បំផុត​ដែល​លោក​អ្នក​ប្រព្រឹត្ត​នៅ​ពេល​ដែល​លោក​អ្នក​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស។ ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ​ជំពូក៥ ព្រះ​យេស៊ូវ​បាន​ភ្ជាប់​ទំនាក់​ទំនង​រវាង​ភាព​ត្រេក​ត្រអាល និង​ការ​ប្រព្រឹត្ត​សហាយ​ស្មន់​យ៉ាង​ច្បាស់​លាស់។ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សម្ដែង​ពី​ដើម​ថា “កុំ​ផិត​ឲ្យ​សោះ” ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ» (ម៉ាថាយ ៥:២៧-២៨)។ ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស​គឺ​ជា​ភាព​ត្រេកត្រអាល ហើយ​មុខ​ងារ​របស់​វា​គឺ​ដើម្បី​ចិញ្ចឹម​ភាព​ត្រេកត្រអាល​នោះ។ ប៉ុន្តែ ភាព​ត្រេកត្រអាល​គឺ​គ្រាន់​តែ​ជា​ប្រភេទ​នៃ​អំពើ​បាប​មួយ​នៃ​រូបភាព​ដែល​ទាក់​ទង​នឹង​ការ​កំផិត​មួយ​បែប​ដ៏​ធំ​ទៀត​ប៉ុណ្ណោះ៖ ចំណង់​ចិត្ត ឬ​ក៏​ការ​រួម​ភេទ​ជា​មួយ​នឹង​នរណា​ម្នាក់​ផ្សេង​ទៀត​ក្រៅ​ពី​ប្ដី​ឬ​ប្រពន្ធ​ខ្លួន។

លោក​អ្នក​ប្រព្រឹត្ត​អំពើ​បាប​នៃ​ការ​បោក​ប្រាស់។ ការ​បោក​ប្រាស់​គឺ​ជា​ទង្វើ​នៃ​ការ​លាក់​លៀម ឬ​ក៏​ការ​យក​ទង្វើ​របស់​លោក​អ្នក​មក​ធ្វើ​ពុត។ ដោយសារ​ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស​បង្កើត​ឲ្យ​មាន​ភាព​អាម៉ាស់ នោះ​លោក​អ្នក​នឹង​លាក់​វា បិត​បាំង ឬ​ក៏​មិន​ព្រម​សារភាព​អំពី​វា​ឡើយ។ នៅ​ពេល​ដែល​លោក​អ្នក​លុប​ប្រវត្តិ​កម្ម​វិធី​រុក​រក (Browser History) របស់​លោក​អ្នក​ចោល ដើម្បី​កុំ​ឲ្យ​ឪពុក​ម្ដាយ​របស់​លោក​អ្នក​ដឹង នៅ​ពេល​ដែល​លោក​អ្នក​ប្រើ​ប្រាស់​វា​ក្នុង​លក្ខណៈ​លាក់​បាំង ដើម្បី​កុំ​ឲ្យ​ប្តី ឬ​ក៏​ប្រពន្ធ​របស់​ខ្លួន​ដឹង​អំពី​ការ​ញៀន​របស់​លោក​អ្នក នៅ​ពេល​ដែល​លោក​អ្នក​មិន​ព្រម​លើក​ឡើង​យ៉ាង​ចំៗ​ទៅ​កាន់​អស់​អ្នក​ដែល​មើល​ខុស​ត្រូវ​លើ​ជីវិត​របស់​លោក​អ្នក នៅ​ពេល​ដែល​លោក​អ្នក​ទៅ​ចូល​រួម​ពិធី​លៀង​ព្រះ​អម្ចាស់ ទោះ​បើ​លោក​អ្នក​បាន​បណ្ដោយ​ខ្លួន​ឲ្យ​មើល ហើយ​មិន​ព្រម​កែ​ប្រែ​ចិត្ត​ក៏​ដោយ នោះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​តែ​ធ្វើ​ការ​បោក​ប្រាស់​គេ​ហើយ។ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ព្រមាន​អំពី​ផល​កម្ម​ដ៏​ពេញ​ដោយ​គ្រោះ​ថ្នាក់​ទាំង​នោះ​ផង​ដែរ៖ «ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ភូត​ភរ នោះ​នឹង​នៅ​ក្នុង​ផ្ទះ​ទូល​បង្គំ​មិន​បាន អ្នក​ណា​ដែល​ពោល​កុហក​ក៏​មិន​ធន់​នៅ​ចំពោះ​មុខ​ទូល​បង្គំ​ដែរ» (ទំនុក​តម្កើង ១០១:៧)។

លោក​អ្នក​ប្រព្រឹត្ត​អំពើ​បាប​នៃ​ការ​ធ្វើ​ជា​ចោរ។ មុខ​របរ​រក​ស៊ី​ខាង​ឯ​ការ​ផលិត​រូប និង​វីដេអូ​អាសអាភាស​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ដែល​គេ​លួច​ចម្លង​យ៉ាង​ធ្ងន់ធ្ងរ៖ គឺ​មាន​គេ​លួច​ចែក​ចាយ​នូវ​រូប ឬ​ក៏​វីដេអូ​ដែល​ពួក​គាត់​មិន​មាន​សិទ្ធិ​គ្រប់​យ៉ាង​ក្នុង​ការ​ចែក​ចាយ ពោល​គឺ​ខុស​ច្បាប់​ទាំង​ស្រុង។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ចំពោះ​វីដេអូ​មួយ​ដែល​គេ​បាន​ទាញ​យក (Download) ដោយ​មាន​សិទ្ធិ ក៏​មាន​វីដេអូ​៥​ដែល​មាន​គេ​ទាញ​យក​ដោយ​មិន​មាន​សិទ្ធិ​ផង​ដែរ ពោល​គឺ​វីដេអូ​នោះ​ត្រូវ​បាន​គេ​យក​ទៅ​ចម្លង​ដោយ​ខុស​ច្បាប់។ មាន​ប្រមាណ ៦០% នៃ​ការ​ទាញ​យក​ដោយ​មិន​មាន​សិទ្ធិ​គឺ​សុទ្ធ​តែ​ជា​វីដេអូ​អាសអាភាស។ ទោះ​បើ​យើង​អាច​រីករាយ​នឹង​ចំណុច​ដែល​ថា​ការ​រក​ស៊ី​បែប​នោះ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ដួល​រលំ​ក៏​ដោយ ក៏​យើង​មិន​មាន​សិទ្ធិ​ក្នុង​ការ​ចូល​ដៃ​នឹង​ការ​លួច​បែប​នេះ​ដែរ ដ្បិត​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​លាស់​ថា «កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ» (និក្ខមនំ ២០:១៥)។ នៅ​ពេល​ដែល​លោក​អ្នក​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស នោះ​មាន​ន័យ​ថា លោក​អ្នក​ក៏​ស្ទើរ​តែ​ប្រាកដ​ជា​កំពុង​មើល​នូវ​អ្វី​ដែល​អ្នក​ផ្សេង​បាន​លួច​យក​មក​ចែក​ចាយ ហើយ​ក្នុង​របៀប​នោះ​គឺ​លោក​អ្នក​ក៏​កំពុង​តែ​រួម​ដៃ​ក្នុង​ការ​ធ្វើ​ជា​ចោរ​ជា​មួយ​ពួក​គេ​ដែរ​ហើយ។

លោក​អ្នក​ប្រព្រឹត្ត​អំពើ​បាប​នៃ​ការ​លោភ​លន់។ អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​គឺ​ជា​អំពើ​បាប​នៃ​ការ​លោភលន់ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការ​កេងប្រវ័ញ្ច​ពី​អ្នក​ដ​ទៃ​ដោយ​បោក​យក​នូវ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់។ ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៤:៦ សាវ័ក ប៉ុល បាន​ព្រមាន​ថា «កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស [អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ] នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​សង​សឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង»។ ពាក្យ «ធ្វើ​ខុស» ក្នុង​បរិបទ​នេះ​គឺ​សំដៅ​លើ​ការ​កេងប្រវ័ញ្ច​នូវ​អ្វី​មួយ​ពី​បុគ្គល​ម្នាក់​ណា​ផ្សេង​ទៀត។ វា​គឺ​ជា​ការ​អនុញ្ញាត​ឲ្យ​ការ​លោភលន់​ក្លាយ​ជា​ការ​បោក​បញ្ឆោត ពោល​គឺ​ជា​ការ​ប្រើ​ប្រាស់​អ្នក​ដទៃ​ក្នុង​របៀប​ខុស​ឆ្គង និង​មិន​គួរ​សម ដើម្បី​សម្រេច​គោល​បំណង​ដ៏​អាត្មា​និយម​របស់​ខ្លួន។

លោក​អ្នក​ប្រព្រឹត្ត​អំពើ​បាប​នៃ​ភាព​កំជិល។ ក្នុង​រាល់​ផ្នែក​នៃ​ជីវិត​រស់​នៅ ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​យើង «លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល» មូល​ហេតុ​គឺ​ដោយសារ​ជីវិត​យើង​ខ្លី​ណាស់ ហើយ​យើង​ក៏​មាន​ទំនូល​ខុស​ត្រូវ​នៅ​មុខ​ព្រះ​ជាម្ចាស់​ក្នុង​ការ​ប្រើ​ប្រាស់​ពេល​វេលា​របស់​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ (អេភេសូរ ៥:១៦)។ ភាព​ខ្ជិល​ច្រអូស​គឺ​ជា​ការ​មិន​ចង់​ប្រើ​ប្រាស់​ពេល​វេលា​ឲ្យ​បាន​ល្អ ហើយ​ក៏​ជា​ការ​ចង់​ប្រើ​ប្រាស់​ពេល​វេលា​សម្រាប់​គោល​បំណង​បំផ្លាញ​ជា​ជាង​ការ​ស្ថាបនា​ទៅ​វិញ។ ក្នុង​ករណី​បែប​នេះ ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស​គឺ​ជា​ភាព​ខ្ជិល​ច្រអូស និង​ជា​ការ​ប្រើ​ប្រាស់​ពេល​វេលា​មិន​បាន​ត្រឹម​ត្រូវ។ វា​គឺ​ជា​ការ​ប្រើ​ប្រាស់​នាទី ម៉ោង និង​ថ្ងៃ​ជា​ច្រើន​ក្នុង​ការ​ធ្វើ​បាប​អ្នក​ដទៃ​ជាជាង​ជួយ​ពួក​គាត់ ការ​ប្រើ​ប្រាស់​ពេល​វេលា​ចិញ្ចឹម​អំពើបាប​ជា​ជាង​សម្លាប់​វា​ចោល ការ​ប្រើ​ប្រាស់​ពេល​វេលា ដើម្បី​ធ្លាក់​ចុះ​ជា​ជាង​ការ​លូត​លាស់​ឡើង និង​ជា​ការ​ប្រើ​ប្រាស់​ពេល​វេលា​ក្នុង​ការ​ដេញ​តាម​ព្រះ​ក្លែង​ក្លាយ​ជា​ជាង​ការ​ដេញ​តាម​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ទៅ​វិញ។

លោក​អ្នក​ប្រព្រឹត្ត​អំពើ​បាប​នៃ​ការ​រំលោភ​បំពាន​ខាង​ឯ​ផ្លូវ​ភេទ។ បុគ្គល​ដែល​បើក​ឡាន (ដើម្បី​រត់​គេច) ឲ្យ​ពួក​ក្រុម​ចោរ​ដែល​ប្លន់​ធនាគារ ក៏​ក្រុម​កាត់​ក្ដី​អាច​ចោទ​បាន​ថា គាត់​ជា​អ្នក​សម្លាប់​នរណា​ម្នាក់​បាន​ដែរ បើ​ក្នុង​កាល​កំពុង​ប្លន់​នោះ​ត្រូវ​បាន​មាន​អ្នក​ស្លាប់។ បុគ្គល​ដែល​ស្ម័គ្រ​ចិត្ត​អង្គុយ​មើល​ការ​រំលោភ​ខាង​ឯ​ផ្លូវ​ភេទ ដើម្បី​ឲ្យ​មាន​ភាព​សម្រើប ក៏​ក្រុម​កាត់​ក្ដី​មាន​សិទ្ធិ​ក្នុង​ការ​ចោទ​ថា គាត់​មាន​ចំណែក​ក្នុង​ការ​រំលោភ​បំពាន​នោះ​ដែរ។ ហើយ​ក្នុង​រូប ឬ​ក៏​វីដេអូ​អាសអាភាស​ជា​ច្រើន (របស់​ម្យ៉ាង​ដ៏​គួរ​ឲ្យ​ក្អួត ឬ​ខ្ពើម​រអើម) គឺ​សុទ្ធ​តែ​ជា​រឿង​ដែល​ពេញ​ដោយ​កំហឹង និង​ការ​ដែល​មនុស្ស​ប្រុស​កេង​ប្រវ័ញ្ច​លើ​មនុស្ស​ស្រី។ មាន​ពេល​ខ្លះ​ស្ត្រី​ទាំង​នោះ​បាន​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ចូល​រួម​ថត​ដ៏​គួរ​ឲ្យ​អាប់​ឱន​កិត្តិ​យស​ខ្លួន​មែន ប៉ុន្តែ​ក៏​មាន​ពេល​ខ្លះ​ទៀត​គឺ​ពួក​គាត់​ត្រូវ​បាន​មាន​គេ​បង្ខិត​បង្ខំ ឬ​ក៏​រំលោភ​យក​តែ​ម្ដង​ក្នុង​ការ​ថត​ដែរ។ បើ​លោក​អ្នក​ចូល​រួម​មើល​ការ​ដ៏​អាក្រក់​បែប​នោះ នោះ​មាន​ន័យ​ថា លោក​អ្នក​ក៏​កំពុង​តែ​មាន​ចំណែក​ក្នុង​ការ​រំលោភ​ដែរ ហើយ​លោក​អ្នក​ក៏​បាន​ប្រព្រឹត្ត​ប្រាស​ចាក​សីល​ធម៌​ដ៏​គួរ​ឲ្យ​អាម៉ាស់​ទៀត​ផង។

លោក​អ្នក​ប្រព្រឹត្ត​អំពើ​បាប​នៃ​ការ​បដិសេធ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ លោក​អ្នក​មាន​កិត្តិ​យស​ដ៏​មហិមា និង​ឧត្តម​ភាព​នៃ​ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យាង​មក​គង់​នៅ​ក្នុង​លោក​អ្នក។ របៀប​មួយ​ក្នុង​ចំណោម​របៀប​ជា​ច្រើន​ទៀត​ដែល​ព្រះ​វិញ្ញាណ​ធ្វើ​ការ​ក្នុង​លោក​អ្នក​គឺ ផ្ដល់​ឲ្យ​លោក​អ្នក​ឃើញ​ថា ទ្រង់​កំពុង​ព្រមាន​លោក​អ្នក​ឲ្យ​ចេះ​ទាស់​ឬ​បដិសេធ​នឹង​អំពើ​បាប​ក្នុង​ចិត្ត​របស់​លោក​អ្នក។ សាវ័ក ប៉ុល ធានា​យ៉ាង​ចំៗ​ថា​ព្រះ​វិញ្ញាណ​ព្រមាន​យើង​ទាស់​នឹង​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ បន្ទាប់​មក​គាត់​បាន​លើក​ឡើង​អំពី​គ្រោះ​ថ្នាក់៖ «ដូច្នេះ អ្នក​ណា​ដែល​មិន​ព្រម​ទទួល នោះ​មិន​មែន​បោះ​បង់​ចោល​មនុស្ស ឈ្មោះ​ថា​បោះ​បង់​ចោល​ព្រះ​វិញ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ទ្រង់​មក​យើង» (១ថេស្សាឡូនីច ៤:៨)។ ការ​ប្រព្រឹត្ត​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​គឺ​ជា​ការ​បដិសេធ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចោល ហើយ​ក៏​ជា​ការ​លុប​បំបាត់​សំឡេង​របស់​ទ្រង់​ខណៈ​ពេល​ដែល​ទ្រង់​កំពុង​ព្រមាន​លោក​អ្នក​ថា ខ្លួន​មិន​ត្រូវ​ការ ហើយ​ក៏​មិន​គួរ​ប្រព្រឹត្ត​អំពើ​បាប​នេះ​ដែរ។ ព្រះ​អង្គ​បាន​ផ្គត់​ផ្គង់​នូវ​រាល់​អ្វីៗ​ដែល​លោក​អ្នក​ត្រូវ​ការ ដើម្បី​នឹង​តយុទ្ធ​ក្នុង​សេចក្ដី​ល្បួង​មួយ​នេះ (១កូរិនថូស ១០:១៣)។ ការ​ដែល​លោក​អ្នក​ប្រឆាំង និង​បដិសេធ​ព័ន្ធ​កិច្ច​របស់​ព្រះ​វិញ្ញាណ​ក្នុង​ជីវិត​លោក​អ្នក​គឺ​ជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ។

ការ​មាន​ភាព​ត្រេកត្រអាល​ទៅ​លើ​បុគ្គល​ណា​ម្នាក់​គឺ​ជា​អំពើ​បាប ហើយ​ការ​ដែល​លោក​អ្នក​បណ្ដាល​ឲ្យ​ភាព​ត្រេក​ត្រអាល​នោះ​កើត​ឡើង​តាម​រយៈ​ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស​ក៏​ជា​អំពើ​បាប​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ចំណង​ចំណូល​ចិត្ត​នៃ​អំពើ​បាប​ក្នុង​ការ​មើល​រូប ឬ​ក៏​វីដេអូ​អាសអាភាស​មាន​ឫស​គល់​ជ្រៅ​ជាង​ការ​ដែល​គ្រាន់​តែ​មាន​ភាព​ត្រេកត្រអាល​ទៅ​ទៀត។ វា​ជ្រុល​ដល់​ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ ការ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ការ​បោក​ប្រាស់ លួច​កេង​ប្រវ័ញ្ច លោភ​លន់ ខ្ជិល​ច្រអូស អំពើ​ហិង្សា​ខាង​ឯ​ផ្លូវ​ភេទ និង​ការ​បដិសេធ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ កណ្ឌ​គម្ពីរ រ៉ូម ១៤:១២ ព្រមាន​យើង​ថា «ដូច្នេះ យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ​ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន»។ ចូរ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដ្បិត​អ្វី​ដែល​ទ្រង់​ទាម​ទារ ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​ដែរ ហើយ​ព្រះ​អង្គ​ធ្វើ​ការ​នោះ​តាម​រយៈ​ដំណឹង​ល្អ។ ចំពោះ​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ពួក​គាត់​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​គ្រីស្ទ​បាន​ផ្គាប់​ចិត្ត​ព្រះ​អង្គ​ជំនួស​យើង​ហើយ គឺ​ទ្រង់​បាន​ផ្គាប់​ចិត្ត​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ទាស់​នឹង​អំពើ​បាប​យើង ហើយ​ថា​ទ្រង់​ក៏​បាន​ផ្ដល់​សេចក្ដី​សុចរិត​របស់​ទ្រង់​ដល់​យើង​ដែរ។ យើង​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា ព្រះ​អង្គ​មិន​បាន​សម្រេច​ការ​នោះ ដើម្បី​ឲ្យ​យើង​នៅ​បន្ត​ក្នុង​អំពើ​បាប​របស់​ខ្លួន​ទៀត​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​ឲ្យ​យើង «ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ» (អេភេសូរ ៤:២៤)៕

និពន្ធដោយ៖ លោកគ្រូ Tim Challies
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖លោក ទេព រ៉ូ, លោក ខែម បូឡុង និងកញ្ញាលីវួចឡេង
ដកស្រង់ខ្លះៗចេញពី www.challies.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

រង​ទុក្ខ​ដោយ​ព្រោះ​ទ្រង់

ឱ! ព្រះ​អម្ចាស់​យេស៊ូវ​អើយ!