ផ្លូវគេចចេញនេះបង្ហាញយ៉ាងច្បាស់ចេញពីរឿងមនុស្សបីនាក់ដែលប៉ងធ្វើជា
សិស្សរបស់ព្រះយេស៊ូវ តែពួកគេបានអនុញ្ញាតឲ្យសំឡេងដទៃមានអាទិភាពជាងការត្រាស់ហៅរបស់ព្រះគ្រីស្ទវិញ។ កាលកំពុងតែទៅតាមផ្លូវ នោះមានម្នាក់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ ព្រះយេស៊ូវមានព្រះបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ ទ្រង់មានព្រះបន្ទូលទៅម្នាក់ទៀតថា ចូរមកតាមខ្ញុំ អ្នកនោះទូលឆ្លើយថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន តែទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងពីនគរព្រះវិញ មានម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន ទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ (លូកា ៩:៥៧-៦២)។
មានបុរសបីនាក់បានមកជួបព្រះយេស៊ូវគ្រីស្ទដោយផ្ទាល់ តែអ្នកនិពន្ធកណ្ឌគម្ពីរលូកាមិនបានប្រាប់ឈ្មោះពួកគេទេ។ ពួកគេមានគំនាបសង្កត់នៅក្នុងចិត្តក្នុងការដើរតាមទ្រង់។ ប៉ុន្តែពួកគេបានអនុញ្ញាតឲ្យរឿងផ្សេងទៀតចូលមកជ្រៀតជ្រែកព្រលឹងរបស់ខ្លួន និងការថ្វាយខ្លួនទាំងស្រុងចំពោះទ្រង់។
បុរសដំបូង យើងអាចឲ្យឈ្មោះថាបុរសផ្លេកបន្ទោរ។ គាត់ស្ម័គ្រចិត្តយ៉ាងអន្ទះអន្ទែងក្នុងការដើរតាមព្រះអម្ចាស់ទៅគ្រប់ទីកន្លែង។ គាត់បានមានប្រសាសន៍ថា «ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ»។ មើលទៅដូចជាគ្មានតម្លៃអ្វីដែលថ្លៃពេកសម្រាប់គាត់នោះសោះ ហើយគ្មានឈើឆ្កាងណាដែលធ្ងន់ពេកនោះទេ ហើយក៏គ្មានផ្លូវណាដែលរលាក់ពេកនោះដែរ។
ចម្លើយរបស់ព្រះសង្គ្រោះ ពីដំបូងហាក់បីដូចជាមិនមានភាពស៊ីគ្នាជាមួយនឹងការស្ម័គ្រចិត្តរបស់បុរសផ្លេកបន្ទោរសោះ។ ព្រះ យេស៊ូវមានបន្ទូលថា៖ «កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ តាមពិតទៅ ចម្លើយរបស់ព្រះអម្ចាស់នៅត្រង់នេះមានភាពស័ក្ដិសមណាស់។ ទ្រង់ហាក់បីដូចជាមានបន្ទូលថា៖ «លោកបានអះអាងថានឹងតាមខ្ញុំទៅគ្រប់ទីកន្លែង ប៉ុន្តែតើលោកហា៊នលះបង់សម្ភារៈកម្សាន្តចិត្តក្នុងជីវិតរបស់លោកដែរឬទេ? សត្វកញ្ជ្រោងរស់នៅលោកីយ៍នេះស្រួលជាងខ្ញុំទៅទៀត។ ហើយសត្វស្លាបមានសម្បុកផ្ទាល់ខ្លួនរបស់វា ប៉ុន្តែឯខ្ញុំវិញ ជាអ្នកត្រាច់ចរក្នុងលោកីយ៍ដែលខ្ញុំបានបង្កើតនេះ ខ្ញុំគ្មានទីលំនៅពិតប្រាកដឡើយ។ តើលោកតាំងចិត្តនឹងលះបង់ផ្ទះសំបែងដ៏សុខសាន្ត ដើម្បីតាមខ្ញុំមែនអេ៎? តើលោកតាំងចិត្តចាកចោលភាពស្រណុកសុខស្រួលនៃជីវិតលោក ដើម្បីបម្រើខ្ញុំអស់ពីចិត្តមែនឬ?»។
មើលទៅ ទំនងជាគាត់នោះមិនបានតាំងចិត្តសោះ ពីព្រោះយើងមិនបានឮអ្វីផ្សេងទៀតអំពីគាត់នៅក្នុងព្រះគម្ពីរទេ។ គាត់ស្រឡាញ់ភាពស្រណុកសុខស្រួលនៅលោកីយ៍នេះជាជាងការប្ដេជ្ញាចិត្តដើរតាមព្រះគ្រីស្ទទៅទៀត។
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…