in ,

លិខិត​ផ្ញើ​ទៅ…

ជូន​ចំពោះ កញ្ញា

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​អំពី​ព័ត៌មាន​ថ្មីៗ​នៃ​ការ​ភ្ជាប់​ពាក្យ​របស់​ប្អូន។ ខណៈ​ពេល​ដែល​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​អបអរ​ជា​មួយ​ប្អូន​ដោយ​គ្មាន​ការ​បារម្ភ តែ​ខ្ញុំ​ក៏​មាន​ការ​បារម្ភ​ខ្លះៗ។ ការ​ព្រួយ​បារម្ភ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ថា គូ​ដណ្តឹង​របស់​ប្អូន​មិន​ស្គាល់ ឬ​ក៏​ស្រឡាញ់​ព្រះ​គ្រីស្ទ​ទេ។ ដោយ​សារ​ខ្ញុំ​ស្រឡាញ់​ប្អូន និង​បារម្ភ​អំពី​អនាគត​របស់​ប្អូន ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​តែ​បង្ខំ​ចិត្ត​ខ្លួន​ឲ្យ​និយាយ​ឥឡូវ​នេះ ជា​ជាង​រក្សា​សន្តិភាព​របស់​ខ្ញុំ​ដោយ​ដឹង​ច្បាស់​ពី​ការ​ដែល​ប្អូន​នឹង​ទទួល «សន្តិភាព» របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច។

ខ្ញុំ​រំពឹង​ថា ប្រសិន​បើ​ប្អូន​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង​មែន នោះ​ប្អូន​ប្រាកដ​ជា​មាន​ការ​បារម្ភ​ខ្លះៗ​ពី​កម្ម​វិធី​ដែល​នឹង​កើត​ឡើង។ ខ្ញុំ​សង្ឃឹម​ថា ប្អូន​នឹង​យល់​ពី​ការ​ព្រួយ​បារម្ភ​នេះ ហើយ​ពិចារណា​ម្ដង​ទៀត។ ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​មនុស្ស​មួយ​ចំនួន​បាន​ដើរ​លើ​ផ្លូវ​នេះ ខ្ញុំ​ក៏​បាន​កត់​សម្គាល់​ឃើញ​ចំណុច​ទូទៅ​មួយ​ចំនួន​ដែល​អ្នក​ខ្លះ​យក​មក​ប្រើ​ប្រាស់​ជា​ហេតុ​ផល​សម្រាប់​រៀប​ការ​ជា​មួយ​អ្នក​មិន​ជឿ​ដែរ។ ខ្ញុំ​ចង់​និយាយ​អំពី​ចំណុច​ទាំង​នោះ​ដោយ​សង្ឃឹម​ថា ប្អូន​អាច​នឹង​ទទួល​បាន​ព្រះ​គុណ​ក្នុង​ការ​ជឿ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់ និង​ព្រះ​បន្ទូល​របស់​ទ្រង់​ទាក់​ទង​នឹង​ជីវិត​អាពាហ៍ពិពាហ៍។

«អ្នក​ឯ​ទៀតៗ​កំពុង​ធ្វើ​ដូច្នោះ​ដែរ»

ប្អូន​ដឹង​ហើយ​ពី​ដំណើរ​រឿង​របស់​ខ្ញុំ​ផ្ទាល់។ ប្រពន្ធ​ខ្ញុំ​បាន​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ជា​មួយ​ខ្ញុំ​មុន​ខ្ញុំ​ក្លាយ​ជា​អ្នក​ជឿ។ ប៉ុន្តែ ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​សម្រាប់​នាង និង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង ខ្ញុំ​គិត​ថា​វា​ជា​ការ​ខុស​ហើយ​ដែល​នាង​ធ្វើ​ដូច្នោះ។ ទោះ​បើ​ព្រះ​ជាម្ចាស់​បាន​ប្រណី​សន្ដោស​ដល់​យើង ហើយ​បាន​នាំ​ខ្ញុំ​ឲ្យ​ស្គាល់​អំពី​ព្រះ​គ្រីស្ទ ហើយ​ទទួល​ជឿ​ទ្រង់​មុន​ថ្ងៃ​រៀប​ការ​ក៏​ដោយ ក៏​សូម​ឲ្យ​ខ្ញុំ​និយាយ​ឲ្យ​ច្បាស់​ថា៖ ការ​រៀប​ការ​ជា​មួយ​អ្នក​មិន​ជឿ​គឺ​ជា​អំពើ​បាប​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់ (១កូរិនថូស ៧:៣៩) ។ លើស​ពី​​នេះ​ទៅ​ទៀត ផ្លូវ​លំបាក​ក្នុង​ការ​ប្រែ​ចិត្ត​ជឿ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ហើយ​បន្ទាប់​មក​ពិធី​មង្គល​ការ​របស់​យើង​មិន​មែន​ជា​គន្លង​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ដើរ​តាម​ឡើយ។

ខ្ញុំ​ខ្លាច​ថា ប្អូន​បាន​ពឹង​លើ​ព្រះ​គុណ​របស់​ព្រះ​ដូច​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ (និង​អ្នក​ផ្សេង​ទៀត​ដែល​ដូច​ជា​ខ្ញុំ) ដូច​ជា​ការ​សន្យា​សម្រាប់​ប្អូន​ផ្ទាល់។ ព្រះ​ជាម្ចាស់​មិន​បាន​សន្យា​បែប​នោះ​ទេ។ ទោះ​បើ​ព្រះ​ជា​ម្ចាស់​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា​ក្នុង​ការ​នាំ​ខ្ញុំ​ទៅ​កាន់​ព្រះ​អង្គ​ផ្ទាល់ ទោះ​បើ​ប្រពន្ធ​ខ្ញុំ​មិន​ស្តាប់​បង្គាប់​ទ្រង់​ក៏​ដោយ​ក៏​យើង​គឺ​ជា​ករណី​លើក​លែង ហើយ​មិន​មែន​ជា​ច្បាប់​ទេ—ក៏​មិន​មែន​ជា​គំរូ​ដែរ។

ខ្ញុំ​ដឹង​រឿងរ៉ាវ​ច្រើន​ជាង​នេះ​ទៅ​ទៀត​ដែល​មិន​បាន​ក្លាយ​ដូច​ជា​រឿង​យើង។ ព្រះ​គម្ពីរ​ប្រាប់​យើង​អំពី​រឿងរ៉ាវ​ដូច​ករណី​នេះ​ជា​ច្រើន​ទៀត (និក្ខមនំ ៣៤:១៦; អែសរ៉ា ៩: ១-១៥) ។ ស្តេច សាឡូម៉ូន បាន​មាន​ប្រសាសន៍​ថា «អ្នក​ណា​ដែល​ដើរ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងីល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ។» (សុភាសិត ១៣:២០) ។ សូម​កុំ​ឲ្យ​កំហុស​របស់​អ្នក​ដទៃ​ដើរ​តួ​ជា​មូល​ហេតុ​សម្រាប់​ការ​សម្រេច​ចិត្ត​ដូច​ពួក​គេ​ឡើយ។

«គាត់​ក៏​ជា​បុរស​ល្អ​ម្នាក់​ដែរ»

ទោះ​បើ​ខ្ញុំ​គិត​ថា​គូ​ដណ្តឹង​របស់​ប្អូន​គឺ​ជា​បុរស​ដ៏​ល្អ​ម្នាក់​បើ​ប្រើ​ប្រាស់​ស្តង់ដារ​របស់​លោកីយ៍​នេះ​ក្នុង​ការ​ប្រៀប​ធៀប​ក៏​ដោយ ក៏​ប្អូន​កុំ​បន្ត​វា​ទាក់ទង​ជា​មួយ​នឹង​ជំហរ​របស់​គាត់​ចំពោះ​ព្រះ​ជាម្ចាស់ ដែល​សំខាន់​ជាង​គេ​បំផុត​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍។ ប្អូន​បាន​លើក​ឡើង​អំពី​សារៈសំខាន់​សម្រាប់​ប្អូន​ទាក់ទង​នឹង​ការ​ដែល​គាត់​គោរព​ដែន​កំណត់​របស់​ប្អូន ជា​ពិសេស​បន្ទាប់​ពី​មិត្ត​ប្រុស​ក្រោយ​របស់​ប្អូន​បាន​ឈ្លាន​ពាន​ដែន​កំណត់​នោះ ខណៈ​ពេល​ដែល​គាត់​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទ​បរិស័ទ។

ខ្ញុំ​យល់​ស្រប​ត្រង់​ថា គាត់​លេចធ្លោ​ជាង​មិត្ត​ប្រុស​ក្រោយ​របស់​ប្អូន​មែន ប៉ុន្តែ​វា​ជា​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ធ្លាក់​ចូល​អន្ទាក់​នៃ​ការ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ក្រោយ។ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ការ​ជ្រើស​រើស​នា​ថ្ងៃ​នេះ​ដោយ​ផ្អែក​ទៅ​លើ​ការ​ជ្រើស​រើស​ដោយ​ប្រៀប​ធៀប​នឹង​ជម្រើស​អាក្រក់​នានា​ពី​អតីតកាល។ សូម​រក​មើល​បុរស​ម្នាក់​ដែល​ខិត​ខំ​ត្រាប់​តាម​ព្រះ​យេស៊ូវ (១កូរិនថូស ១១:១) ។ ហេតុ​អ្វី​បាន​ជា​ប្អូន​ជឿ​លើ​ព្រះ​យេស៊ូវ ហើយ​ជ្រើស​រើស​ធ្វើ​តាម​ទ្រង់? តើ​ប្អូន​ប្រាកដ​ថា​ប្អូន​នឹង​មិន​សោក​ស្តាយ​ក្នុង​ការ​ជ្រើស​រើស​យក​គាត់​រហូត​ដល់​មាន​នរណា​ម្នាក់​ស្លាប់​ក្នុង​ចំណោម​ប្អូន ទោះ​បើ​គាត់​នឹង​មិន​ជួយ​ឲ្យ​ប្អូន​ឃើញ ឬ​ក៏​ស្រឡាញ់​ព្រះ​យេស៊ូវ​ថែម​ទៀត? បើ​គាត់​មិន​មាន​ចំណាប់​អារម្មណ៍​ដូច​ប្អូន​ជា​មួយ​ព្រះ​គ្រីស្ទ​ទេ នោះ​ប្អូន និង​គាត់​នឹង​ឈរ​លើ​ដី​ដែល​មិន​ស្មើ​គ្នា និង​មិន​មាន​ភាព​រឹងមាំ​ខណៈ​ពេល​ប្អូន​អនុវត្ត​ពាក្យ​សច្ចា​របស់​ប្អូន​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។

«សូម​ផ្តល់​ឱកាស​ឲ្យ​គាត់​សិន»

ប្អូន​បាន​លើក​ឡើង​ថា​មិត្ត​ប្រុស​របស់​ប្អូន​កំពុង​មាន​ចិត្ត «កក់​ក្តៅ» ចំពោះ​រឿង​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ប្អូន​ថែម​ទាំង​ធ្លាប់​គិត​ថា មាន​ពេល​ខ្លះ​គាត់​ប្រហែល​ជា​ជិត​នឹង​ប្រែ​ចិត្ដ​ផង។ ចូរ​ប្រយ័ត្ន​ទាក់ទង​នឹង​ចិត្ត​របស់​ប្អូន​ដែល​ងាយ​នឹង​កុហក​ប្អូន (យេរេមា ១៧:៩) និង​ទាក់ទង​នឹង​ការ​រំភើប​បុក​ពោះ​របស់​ប្អូន​ដែល​ភាគ​ច្រើន​តែង​បញ្ចេញ​សំឡេង​ឮ​ខ្លាំង​ជាង​ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​យើង។ លុះ​ត្រា​តែ​ប្អូន​ប្រាកដ​ថា​គាត់​ពិត​ជា​បាន​កើត​ជា​ថ្មី​មែន​តាម​រយៈ​ព្រះ​វិញ្ញាណ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្អូន (យ៉ូហាន ៣:៥) សូម​ស្ដាប់​ការ​ព្រមាន និង​ការ​ជឿ​ជាក់​ដែល​ព្រះ​វិញ្ញាណ​បើក​សម្ដែង​ចុះ (យ៉ូហាន ១៦:៨)។

កុំ​ចាញ់​បោក​ការ​បញ្ឆោត​ដោយ​គ្រាន់​តែ​គិត​ថា​គាត់​ប្រកាន់​ភ្ជាប់ «ខាង​ឯ​វិញ្ញាណ ប៉ុន្តែ​គ្មាន​សាសនា» ឡើយ។ មិន​មាន​អព្យាក្រឹត​ភាព​ខាង​ឯ​វិញ្ញាណ​ទេ។ យើង​តែង​តែ​នៅ​ខាង​ព្រះ​យេស៊ូវ ឬ​ក៏​ប្រឆាំង​នឹង​ទ្រង់ (ម៉ាថាយ ១២:៣០) ។ ទោះ​បើ​គាត់​មាន​ភាព​កក់ក្តៅ​ចំពោះ​ប្អូន​ក៏​ដោយ ក៏​ការ​ប៉ុន​ប៉ង ដើម្បី​មាន​ព្រះ​តាម​លក្ខ​ខ័ណ្ឌ​ផ្ទាល់​ខ្លួន​របស់​គាត់ ហើយ​ក៏​ជា​ការ​ប៉ុន​ប៉ង​បដិសេធ​ព្រះ​ជាម្ចាស់​ដ៏​ពិត​លើ​ជីវិត និង​បេះ​ដូង​របស់​ប្អូន​ដែរ។ បើ​គាត់​មិន​មាន​ចំណាប់​អារម្មណ៍​នឹង​អ្វី​ដែល​ទាក់ទង​ជា​មួយ​ព្រះ​គ្រីស្ទ​ឥឡូវ​នេះ​ទេ តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ប្អូន​គិត​ថា​គាត់​នឹង​ផ្លាស់​ប្តូរ​បន្ទាប់​ពី​ពិធី​មង្គល​ការ?

«ខ្ញុំ​នឹង​ស្លាប់​តែ​ឯង»

ខ្ញុំ​ដឹង​ថា វា​ជា​ការ​ពិបាក​ក្នុង​ការ​មើល​ឃើញ​គូរ​ផ្សេងៗ​ទៀត​រៀប​ការ កាន់​ដៃ​គ្នា និង​មាន​កូន​ខណៈ​ពេល​ដែល​ប្អូន​បន្ត​នៅ​លីវ។ កុំ​យក​ការ​នេះ​ធ្វើ​ជា​ហេតុ​ផល ដើម្បី​ព្យាយាម​ចាប់​យក​ជីវិត​អាពាហ៍ពិពាហ៍​ក្នុង​ឱកាស​ដំបូង​ឡើយ។

ខ្ញុំ​សង្ឃឹម​ថា ប្អូន​អាច​មើល​ឃើញ​ពី​អនាគត​ខ្លះៗ​ក្នុង​អំឡុង​ពេល​​​ដែល​ប្អូន​នៅ​ស្មោះ​ត្រង់​នឹង​ពាក្យ​សច្ចា​របស់​ប្អូន​ចំពោះ​បុរស​ម្នាក់​ដែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ​របស់​ប្អូន។ ការ​អាក្រក់​ជាង​ការ​ទៅ​ព្រះ​វិហារ​តែ​ម្នាក់​ឯង​ពេញ​មួយ​ជីវិត ខណៈ​ពេល​ដែល​ប្តី​របស់​ប្អូន​នៅ​ផ្ទះ គឺ​ជា​ការ​គិត​ដ៏​ឈឺ​ចាប់​ត្រង់​ថា បុរស​ដែល​ប្អូន​បាន​ប្រគល់​ជីវិត​ឲ្យ គាត់​នឹង​អាច​ចំណាយ​ពេល​យ៉ាង​អស់​កល្ប​ជានិច្ច​បែក​ពី​ប្អូន និង​ពី​ព្រះ​ជាម្ចាស់។ ហើយ​អ្វី​ដែល​អាក្រក់​ជាង​ហ្នឹង​ទៅ​ទៀត​គឺ​ថា គាត់​អាច​នឹង​នាំ​ប្អូន ឬ​កូនៗ​របស់​ប្អូន​ឲ្យ​ដើរ​តាម​ផ្លូវ​ដូច​គាត់​ដែរ (ម៉ាថាយ ៧:១៣) ។ វា​ពិត​ជា​អាច​ទៅ​រួច​បាន​មែន​ក្នុង​ការ​មាន​ភាព​ឯកា និង​នៅ​តែ​ឯង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ជាង​គ្មាន​ជីវិត​អាពាហ៍ពិពាហ៍។

ជីវិត​អាពាហ៍ពិពាហ៍​មិន​មែន​ជា​ព្រះ​សង្គ្រោះ​ទេ។ នៅ​ទី​បំផុត វា​នឹង​មិន​ជួយ​សង្គ្រោះ​នរណា​ម្នាក់​ចេញ​ពី​អំពើ​បាប​ ភាព​ឯកា ឬ​ក៏​ភាព​មិន​អរ​សប្បាយ​ទេ។ វា​មិន​អាច​ទ្រ​ទម្ងន់​នៃ​តម្រូវ​ការ និង​សេចក្ដី​ប្រាថ្នា​ទាំង​នោះ​បាន​ទេ។

ខណៈ​ពេល​ដែល​ជីវិត​នៅ​លីវ​មិន​មែន​មាន​ន័យ​ថា​គ្មាន​ការ​ល្បង​ល​ក៏​ដោយ តែ​ក៏​សូម​ចងចាំ​ថា ប្អូន​មិន​មែន​នៅ​ម្នាក់​ឯង​ឡើយ។ ដរាប​ណា​ប្អូន​នៅ​ជាប់​នឹង​ព្រះ​យេស៊ូវ នោះ​ទ្រង់​នឹង​នៅ​ជាប់​ជា​មួយ​ប្អូន​ដែរ (ម៉ាថាយ ២៨:២០)។ ទ្រង់​នឹង​មិន​ដែល​ចាក​ចេញ​ពី​ប្អូន ឬ​ក៏​បោះបង់​ប្អូន​ចោល​ទេ (ហេព្រើរ ១៣:៥)។ ព្រះ​អង្គ​ក៏​បាន​ប្រទាន​ឲ្យ​ប្អូន​មាន​សហគមន៍​នៅ​ក្នុង​ព្រះ​វិហារ​ទៀត​ផង។ ទោះ​បើ​ក្តី​សង្ឃឹម​របស់​ប្អូន​ក្នុង​ការ​មាន​គូ​ស្វាមី​មិន​បាន​បំពេញ​ឡើង​នៅ​ក្នុង​ជីវិត​នេះ​ក៏​ដោយ ក៏​ព្រះ​ជាម្ចាស់​បាន​សន្យា​ថា​ប្អូន​នឹង​មាន​កន្លែង​អង្គុយ​នៅ​ឯ​ពិធី​មង្គល​ការ​ដ៏​អស្ចារ្យ​របស់​កូន​ចៀម (វិវរណៈ ១៩:៧) ហើយ​ទ្រង់​ក៏​លើស​ជាង​អ្វីៗ​ទាំង​អស់​ដែល​ប្អូន​អាច​ប្រហែល​ជា​នឹង​បាន​ធ្លាប់​ដក​ពិសោធន៍​ជា​មួយ​នឹង​ស្វាមី​នៅ​លើ​ផែន​ដី​នេះ​ទៅ​ទៀត។

«ខ្ញុំ​បាន​និយាយ​ថា “យល់​ព្រម​ហើយ”»

ខ្ញុំ​ដឹង​ថា​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ភ្ជាប់​ពាក្យ​នេះ​អាច​ជា​ការ​ខាត​បង់​ដល់​ប្អូន​ខាង​ឯ​ហិរញ្ញវត្ថុ និង​អ្វី​ផ្សេង​ទៀត។ ខ្ញុំ​ដឹង​ថា​វា​អាច​បង្កើត​ឲ្យ​មាន​អារម្មណ៍​ខ្មាស​អៀន។ ប៉ុន្តែ វា​ជា​ការ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ក្នុង​ការ​បាត់​បង់​លុយ​ខ្លះៗ ហើយ​ទទួល​បាន​ការ​ឈឺ​ចិត្ត​ពីរ​បី​ខែ ជាង​ការ​លះបង់​ជីវិត​របស់​ប្អូន​ទៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​អស់​មួយ​ជីវិត​ដែល​ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​សម្រាប់​ប្អូន។ រហូត​ដល់​ប្អូន​និយាយ​ថា «ខ្ញុំ​ព្រម​ប្ដូរ​ផ្ដាច់។» វា​មិន​ទាន់​យឺត​ពេល​ទេ​ក្នុង​ការ​រង​ចាំ។ ព្រះ​ជាម្ចាស់​ក៏​អាច​ប្រោស​លោះ​ស្ថាន​ការណ៍​នេះ​ក្នុង​របៀប​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​សិរីល្អ​របស់​ទ្រង់​បើ​ប្អូន​ដោះ​ស្រាយ​វា​យ៉ាង​ល្អ។

បើ​ប្អូន​ប្រាប់​គាត់​ថា អ្នក​កំពុង​សម្រេច​ចិត្ត​ប្រគល់​អនាគត​របស់​ប្អូន​ទៅ​កាន់​ព្រះ​ជាម្ចាស់ តើ​វា​នឹង​មិន​ប្រកាស​យ៉ាង​ឮៗ​អំពី​ជំនឿ​របស់​ប្អូន​ទេ​ឬ​អី? ចុះ​បើ​ប្អូន​និយាយ​ថា «ព្រះ​យេហូវ៉ា​បាន​ប្រទាន​មក ហើយ​ព្រះ​អង្គ​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​ព្រះ​ពរ​ចុះ» វិញ (យ៉ូប ១:២១)? សូម​ប្រាប់​គាត់​ថា ប្អូន​នឹង​មិន​ធ្វើ​អ្វី​ក្រៅ​ពី​ការ​រៀប​ការ «ក្នុង​ព្រះ​អម្ចាស់» ឡើយ។ ចូរ​លន់តួ​ពី​ការ​មិន​ស្តាប់​បង្គាប់​របស់​ប្អូន​ទៅ​កាន់​ព្រះ​ជាម្ចាស់ និង​អំពី​អំពើ​បាប​នៃ​ការ​ធ្វើ​ឲ្យ​មិត្ត​ប្រុស​របស់​ប្អូន​ភាន់​ច្រឡំ។ ការ​ប្រែ​ចិត្ត និង​ជំនឿ​របស់​ប្អូន​អាច—ដោយ​សារ​ព្រះ​គុណ​ដ៏​អាថ៌កំបាំង​របស់​ព្រះ​ជាម្ចាស់—ក្លាយ​ជា​យាន​ដែល​ទ្រង់​ប្រើ​ប្រាស់ ដើម្បី​នាំ​គាត់​ទៅ​កាន់​ព្រះ​អង្គ។

សូម្បី​តែ​ពេល​នោះ ក៏​ប្អូន​ត្រូវ​តែ​បញ្ជាក់​ប្រាប់​ឲ្យ​ច្បាស់​ថា ប្អូន​មិន​អាច​សន្យា​អនាគត​គាត់​ជា​មួយ​ប្អូន​បាន​​ទេ។ បើ​គាត់​នឹង​មាន​ជំនឿ វា​ត្រូវ​តែ​ដើម្បី​មាន​ព្រះ​ជាម្ចាស់ មិន​មែន​ដើម្បី​មាន​ប្រពន្ធ​ទេ។ បើ​មិន​ដូច្នោះ​ទេ គាត់​នឹង​ប្រថុយ​ធ្វើ​រូប​ព្រះ​មួយ​ចេញ​ពី​ប្អូន ហើយ​ប្រើ​ប្រាស់​ព្រះ​យេស៊ូវ​ជា​ឈ្នាន់​មួយ​សម្រាប់​អ្វី​ផ្សេង​ទៀត​ជា​មិន​ខាន។ បើ​ប្អូន​ពិត​ជា​ស្រឡាញ់​គាត់​ប្រាកដ​មែន នោះ​ប្អូន​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រលឹង​គាត់​លើស​ពី​ក្តី​សង្ឃឹម​របស់​ប្អូន​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​ទៀត។

ខ្ញុំ​ជឿ​ជាក់​ថា ប្រសិន​បើ​ប្អូន​មាន​ឆន្ទៈ​ក្នុង​ការ​ស្តាប់ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ដឹក​នាំ​ប្អូន​ទៅ​រក​ការ​ពិត​ដែល​ថា ការ​រក​បាន​ប្តី​មួយ​ខណៈ​ពេល​ដែល​ប្អូន​បាត់​បង់​ព្រលឹង​ប្អូន នោះ​គឺ​ជា​អ្វី​ដែល​ប្អូន​មិន​ចង់​ធ្វើ​ទេ (ម៉ាកុស ៨:៣៦) ។ ខ្ញុំ​​​​​​​​ក៏​អធិស្ឋាន​ផង​ដែរ​ថា​នៅ​ទី​បំផុត​ប្អូន​នឹង​ឃើញ​ស្នាម​របួស​ណា​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​កាន់​ប្អូន​គឺ​ជា​ស្នាម​របួស​ដ៏​ស្មោះ​ត្រង់​របស់​មិត្ត​ម្នាក់​ប៉ុណ្ណោះ (សុភាសិត ២៧:៦) ហើយ​គឺ​មិន​មែន​ដូច​ជា​សត្រូវ​របស់​ប្អូន​ទេ។ ខណៈ​ពេល​ដែល​ប្អូន​ស្វែង​រក​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់ ចូរ​លាក់​ខ្លួន​ប្អូន​ក្នុង​ទ្រង់ និង​បំណង​របស់​ទ្រង់​ចុះ ហើយ​រង់ចាំ​ដោយ​អត់ធ្មត់​ថា​ថ្ងៃ​មួយ​ទ្រង់​នឹង​ជូត​រាល់​ដំណក់​ទឹក​ភ្នែក​ចេញ។

ដោយ​ក្តី​ស្រ​ឡាញ់ និង​ព្រះ​គុណ

—គ្រូ​គង្វាល​របស់​ប្អូន

និពន្ធ​ដោយ៖ លោក​គ្រូ Sean Nolan
លោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, កញ្ញា សួន សុជាតា, និងលោក​ស្រី ថាវ ប៊ីនរី
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា

សម្រង់សម្ដីទាំង៥ដែលដាស់តឿនលោកអ្នក