ចូរសាកស្រមៃទៅមើលថា លោកអ្នកបានទទួលសារពីនរណាម្នាក់នៅវេលាយប់ជ្រៅដែលគេសរសេរថា «ជីវិតខ្ញុំដូចជាគ្មានន័យអីសោះ ហើយមិនដឹងថារស់នៅសម្រាប់អីផង។ ហើយប្រសិនបើលោកអ្នកមិនប្ដូរចិត្តគំនិតខ្ញុំទេ នោះខ្ញុំនឹងសម្លាប់ខ្លួនមួយម៉ោងក្រោយទៀតហ្នឹង។» តើលោកអ្នកនឹងធ្វើដូចម្តេច? អ្វីដែលខ្ញុំបានធ្វើមុនគេនៅពេលការហ្នឹងកើតឡើងគឺដូចតទៅនេះ៖ ខ្ញុំបានសរសេរសារឆ្លើយតបយ៉ាងអស់ពីសមត្ថភាព តាមដែលយើងខ្ញុំអាចធ្វើបានក្នុងអំឡុងពេល១០នាទីកន្លង ហើយក៏បានផ្ញើតបឆ្លើយទៅគាត់វិញ។ អរគុណមែនទែន! ដែលបានឃើញសារនេះផ្ញើតបមកវិញ ហើយគាត់បានប្រាប់ថា គាត់បានសម្រេចចិត្តមិនសម្លាប់ខ្លួនទៀតទេ។ ប៉ុន្តែ ជាការដ៏គួរឲ្យសោកស្ដាយណាស់ ខ្ញុំមិនបានឃើញគាត់តបសារមកខ្ញុំវិញសោះបន្ទាប់ពីពេលនោះមក។
ថ្មីៗនេះ ស្ថិតិបានចុះផ្សាយថា មានមនុស្សជាង១លាននាក់បានសម្លាប់ខ្លួនក្នុងមួយឆ្នាំ។ ចូរសាកស្រមៃទៅមើលថា មានមនុស្សជាច្រើននាក់គិតថាចង់សម្លាប់ខ្លួន ប៉ុន្តែមិនបានប្រព្រឹត្តវាឡើយ។ កាលខ្ញុំនៅវ័យជំទង់ ខ្ញុំក៏បានធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនផងដែរ ប៉ុន្តែខ្ញុំអរព្រះគុណព្រះអង្គណាស់ ដែលទ្រង់បានពញ្ញាក់ស្មារតីមកលើខ្ញុំ ទោះបីជាពេលនោះខ្ញុំមិនទាន់ជាអ្នកជឿលើព្រះគ្រីស្ទនៅឡើយក៏ដោយ។ ការចង់សម្លាប់ខ្លួនគឺជាជម្រើសចុងក្រោយមួយដែលបុគ្គលណាម្នាក់មិនមាន (យ៉ាងហោចណាស់មិនបានដកបទពិសោធន៍) ទាក់ទងទៅនឹងជីវិតដ៏ពេញបរិបូណ៌នៅក្នុងក្ដីសន្យារបស់ព្រះជាម្ចាស់តាមរយៈព្រះគ្រីស្ទ (យ៉ូហាន ១០:១០)។ ការចង់សម្លាប់ខ្លួនគឺជាទីបញ្ចប់នៃប្រយោគដែលថា «ខ្ញុំទល់ច្រកហើយ» ។ វាគឺជាការចុះចាញ់មួយដែលជឿថា ជីវិតគឺពិតជាពេញទៅដោយវិបត្តិជាច្រើន ពោលគឺរហូតដល់ថ្នាក់ថា វាគ្មានអ្វីដែលមើលទៅអាចប៉ះប៉ូវពីរឿងទាំងអស់នោះបានទាល់តែសោះ។
មានមនុស្សជាច្រើននាក់បានទទួលជឿយ៉ាងមិនត្រឹមត្រូវថា ការសម្លាប់ខ្លួនគឺជា «ដំណោះស្រាយ» ដ៏អចិន្ត្រៃយ៍ចំពោះបញ្ហាបណ្ដោះអាសន្នទាំងនេះ។ វាគឺជារឿងដ៏ក្រៀមក្រំណាស់ ដែលមានព័ត៌មានចុះផ្សាយអំពីយុវជន ដែលបានគិតខ្លី នៅពេលដែលសង្សារសុំបែក ឬពេលមានគេធ្វើបាបនៅសាលារៀន ឬក៏មកពីរឿងណាមួយផ្សេងទៀតដែលមិនសូវជាធំដុំស្អីប៉ុន្មាន។ ទោះបើខណៈពេលដែលយើងមើលទៅវាហាក់បីដូចជា មិនមានអ្វីធំដុំអីសោះសម្រាប់អស់អ្នកដែលគិតខ្លីបែបនេះក៏ដោយ ក៏នៅក្នុងគម្រោងការដ៏ធំក្នុងការសម្លាប់ខ្លួនគ្មានការធានាអ្វីទេ។ រាល់បញ្ហាដែលហាក់បីដូចជាធំលើសលប់សម្រាប់ថ្ងៃនេះនឹងក្លាយទៅជាបញ្ហាតូចតាច នៅពេលដែលយើងក្រឡេកមើលបញ្ហាទាំងនោះច្រើនឆ្នាំកន្លងផុតទៅ។ ជាពិសេសចំពោះគ្រីស្ទបរិស័ទ ដែលមានផ្នត់គំនិតលើភាពអស់កល្បជានិច្ច ពួកគាត់គ្មានមូលហេតុណាមួយដែលអាចលើកឡើងនៅក្នុងលោកីយ៍នេះ ដើម្បីយកមកអះអាងថាការសម្លាប់ខ្លួនគឺជារឿងត្រឹមត្រូវនោះទេ។
ព្រះគម្ពីរបានលើកឡើងអំពីមនុស្ស៦នាក់ដែលបានសម្លាប់ខ្លួនឯង (ពួកចៅហ្វាយ ៩:៥៤; ១សាំយូអែល ៣១:៤-៦; ២សាំយូអែល ១៧:២៣; ១ពង្សាវតារក្សត្រ ១៦:១៨; និងម៉ាថាយ ២៧:៥)។ បើនិយាយឲ្យខ្លីទៅ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់សុចរិតទេ។ គ្មានខគម្ពីរណាក្នុងព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា «វាជាអំពើបាបទេក្នុងការសម្លាប់ខ្លួន» ប៉ុន្តែ ព្រះគម្ពីរបានថ្កោលទោសអំពីការធ្វើអត្តឃាត (និក្ខមនំ ២០:១៣)។ ការសម្លាប់ខ្លួនគឺជា «ការធ្វើអត្តឃាតខ្លួនឯង» ដោយសារអំពើអត្តឃាតជាអំពើបាប ហេតុដូច្នេះហើយបានជាការសម្លាប់ខ្លួនក៏ជាអំពើបាបដែរ។ ដោយឡែកពីក្រឹត្យវិន័យ «កុំឲ្យសម្លាប់មនុស្ស» ការសម្លាប់ខ្លួនក៏ជាអំពើបាបដោយមានហេតុផលពីរយ៉ាងដូចតទៅ មួយទាក់ទងនឹងទេវវិទ្យា ហើយមួយទៀតទាក់ទងទៅនឹងការអនុវត្ត៖ (១) មានតែព្រះជាម្ចាស់មួយអង្គគត់ដែលមានសិទ្ធក្នុងការកំណត់លើការមានជីវិត និងការស្លាប់ ហើយ (២) ការសម្លាប់ខ្លួនបញ្ជាក់បង្ហាញពីការមានជំនឿថា ព្រះជាម្ចាស់មិនមានអំណាចគ្រប់គ្រាន់ក្នុងការជួយដោះស្រាយនូវរាល់បញ្ហារបស់លោកអ្នក។
មនុស្សជាច្រើននាក់នឹងឯកភាពជាមួយយើងថា ការសម្លាប់ខ្លួនគឺជាអំពើបាប។ ទោះជាយ៉ាងណាក្ដី ក៏ការជជែកវែកញែកនឹងចាប់ផ្ដើមដោយចោទសំណួរថា តើព្រះជាម្ចាស់នឹងអត់ទោសលើការសម្លាប់ខ្លួនឯងដែរឬទេ។ ជាធម្មតា សំណួរដែលទាក់ទងនឹងការសម្លាប់ខ្លួនតែងតែមានផ្នត់គំនិតដូចតទៅ៖ «ចំពោះព្រះជាម្ចាស់ បើយើងចង់ឲ្យទ្រង់អត់ទោសដល់យើង យើងត្រូវតែកែប្រែចិត្តចេញពីអំពើបាប ហើយលន់តួបាបរបស់យើងទៅកាន់ទ្រង់។ ប្រសិនបើមាននរណាម្នាក់សម្លាប់ខ្លួន គាត់គ្មានឱកាសក្នុងការកែប្រែចិត្ត ឬលន់តួបាបនោះឡើយ។ ដូច្នេះ ការសម្លាប់ខ្លួនគឺជាអំពើបាបដែលមិនអាចទទួលបានការអត់ទោសឡើយ។ អស់អ្នកណាដែលសម្លាប់ខ្លួននឹងត្រូវធ្លាក់ក្នុងបឹងភ្លើងភ្លាមៗតែម្ដង»។ មានបញ្ហាដ៏ចម្បងមួយទាក់ទងនឹងផ្នត់គំនិតបែបនេះ៖ ការគិតបែបនេះមិនបានទទួលស្គាល់ថា ព្រះយេស៊ូវបានសុគតសម្រាប់រាល់អំពើបាបរបស់យើងនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានទិញយើងដោយព្រះលោហិតរបស់ព្រះគ្រីស្ទ ព្រះអង្គបានបង់ថ្លៃលោះនូវរាល់អំពើបាបរបស់យើងរួចស្រេចទៅហើយ (១ពេត្រុស ១:១៩)។ នៅពេលដែលបុគ្គលណាម្នាក់ពិតជាបានទទួលព្រះគ្រីស្ទយកជាព្រះសង្គ្រោះមែន ការនោះបានបង្ហាញឲ្យឃើញថា ព្រះអង្គបានប្រោសលោះ ផ្សះផ្សា អត់ទោស និងរាប់គាត់ទុកជាសុចរិត។ល។ហើយ ទាក់ទងនឹងការសម្លាប់ខ្លួន តាមរយៈព្រះជាម្ចាស់ ព្រះលោហិតរបស់ព្រះគ្រីស្ទបានគ្របបាំងអំពើបាបនៃការសម្លាប់ខ្លួនហើយ។ ឥឡូវនេះ យើងអាចចោទសួរថា តើគ្រីស្ទបរិស័ទដ៏ពិតអាចសម្លាប់ខ្លួនបានដែរឬទេ ប៉ុន្តែ បើសិនជាគ្រីស្ទបរិស័ទដ៏ពិតសម្លាប់ខ្លួនមែន នោះព្រះអង្គនឹងអត់ទោសអំពើបាបរបស់គាត់។ ខគម្ពីរទាំងប៉ុន្មានទាក់ទង់នឹងការលន់តួដែលមានភាពស៊ីគ្នានឹងការអត់ទោស (មានដូចជាកណ្ឌគម្ពីរ ១យ៉ូហាន ១:៩) គឺជាការធានាទៅកាន់ការមានទំនាក់ទំនងនៃការអត់ទោសបាបរវាងអ្នកជឿ និងព្រះជាម្ចាស់ មិនមែនជាការអត់ទោសរបស់តុលាការនោះទេតែដោយការសម្រេចដ៏ល្អឥតខ្ចោះនៃការថ្វាយយញ្ញបូជាធួននឹងបាបរបស់ព្រះយេស៊ូវគ្រីស្ទវិញ។ មិនដូច្នោះទេ! ការសម្លាប់ខ្លួនមិនមែនជាអំពើបាបដែលមិនអាចទទួលបានការអត់ទោសនោះឡើយ។ ការសម្លាប់មិនធំជាងតម្លៃនៃការដែលព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃតាមរយៈការថ្វាយយញ្ញបូជាធួននឹងបាបរបស់ទ្រង់នោះទេ។
ចំណុចមួយទៀតទាក់ទងទៅនឹងការសម្លាប់ខ្លួនដែលយើងតែងតែចោទសួរគឺថា តើយើងគួររាប់ការសុគតរបស់ព្រះយេស៊ូវថាជាការសម្លាប់ខ្លួនបានដែរឬទេ? តាមពិតទៅ ព្រះយេស៊ូវបានជ្រាបពីអ្វីដែលនឹងកើតឡើងចំពោះទ្រង់ ហើយទ្រង់មិនបានធ្វើអ្វីសោះ ដើម្បីគេចចេញ។ តែទ្រង់បានយាងឆ្ពោះតម្រង់ទៅរកវាវិញ។ តើនេះមិនមែនជាការសម្លាប់ខ្លួនទេឬអី? អត់ទេ! ការនោះមិនមែនជាការសម្លាប់ខ្លួនទេ។ ការបូជាជីវិតខ្លួនជំនួសអ្នកផ្សេងមិនមែនជាការសម្លាប់ខ្លួននោះឡើយ។ ការដែលបុគ្គលណាម្នាក់សម្លាប់ខ្លួនឯង គឺជាការសម្លាប់ខ្លួនឯងដោយចេតនា។ ពិតណាស់! ព្រះយេស៊ូវបានបូជាជីវិតរបស់ទ្រង់ដោយស្ម័គ្រព្រះទ័យ ប៉ុន្តែព្រះអង្គមិនបានធ្វើអត្តឃាតអង្គទ្រង់ទេ។ ស្រដៀងគ្នានេះដែរ នៅពេលដែលអ្នកពន្លត់អគ្គីភ័យណាម្នាក់បានស្លាប់ខណៈពេលដែលគាត់កំពុងតែព្យាយាមជួយសង្គ្រោះនរណាម្នាក់នៅក្នុងគ្រោះអគ្គីភ័យគឺមិនមែនជាការដែលគាត់សម្លាប់ខ្លួននោះទេ ទោះបើគាត់ដឹងហើយថា ការដែលគាត់រត់ចូលឆ្ពោះទៅក្នុងអាគារដែលកំពុងឆាបឆេះដោយដឹងថាការនោះនឹងអាចនាំឲ្យគាត់មានគ្រោះថ្នាក់ដល់ជីវិតក៏ដោយ។ សាច់រឿងមួយទៀតដែលជាឧទាហរណ៍នៅក្នុងព្រះគម្ពីរគឺដំណើររឿងលោក សាំសុន ដែលជាអ្នករុញសសរប្រាសាទ ដោយដឹងថាពេលវារលំ នោះវានឹងនាំឲ្យគាត់បាត់បង់ជីវិតរបស់គាត់ក៏ដោយ (ពួកចៅហ្វាយ ១៦:២៦-៣១)។ ទោះជាយ៉ាងណាក្ដី គោលបំណងរបស់លោក សាំសុន គឺបំផ្លាញពួកសាសន៍ភីលីស្ទីនចោល។ លោក សាំសុន បានស្ម័គ្រចិត្តបូជាជីវិតរបស់ខ្លួន ដើម្បីសម្រេចគោលបំណងមួយនោះ ប៉ុន្តែគោលបំណងជាក់លាក់របស់គាត់គឺមិនមែនទាក់ទងទៅនឹងការសម្លាប់ខ្លួននោះឡើយ។ ការបូជាជីវិតរបស់ខ្លួនក្នុងគោលបំណង ដើម្បីជួយសង្គ្រោះអ្នកដទៃគឺជាការទទួលស្គាល់ថា «[លោក] អ្នកមិនមែនជាកម្មសិទ្ធិរបស់ខ្លួនឯងទៀតទេ…ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ» ហើយបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់លោកអ្នកគឺប្រសើរជាងហើយខ្ពស់ជាងចំណង់ចំណូលចិត្តរបស់លោកអ្នកទៅទៀត (១កូរិនថូស ៦:២០)។
តើព្រះគម្ពីរចែងយ៉ាងដូចម្ដេចអំពីការធ្វើអត្តឃាតខ្លួនឯង? បើនិយាយឲ្យសាមញ្ញទៅ ការសម្លាប់ខ្លួនគឺជាអំពើបាប។ វាជារឿងដែលមិនត្រឹមត្រូវទាល់តែសោះក្នុងការបញ្ចប់ជីវិតរបស់ខ្លួនឯងចោល។ តើព្រះគម្ពីរចែងយ៉ាងដូចម្ដេចទាក់ទងទៅនឹងការធ្វើអត្តឃាតខ្លួនឯង? សូមកុំប្រព្រឹត្តបែបនេះ! ប្រសិនបើលោកអ្នកមិនមែនជាអ្នកជឿ ព្រះជាម្ចាស់អាចប្រោសលោះជីវិតរបស់លោកអ្នកហើយប្រទានឲ្យលោកអ្នកនូវគោលបំណងដ៏ពិតក្នុងការរស់នៅតាមរយៈព្រះយេស៊ូវគ្រីស្ទផងដែរ។ ប្រសិនបើលោកអ្នកជាអ្នកជឿ ព្រះជាម្ចាស់បានប្រោសលោះជីវិតរបស់លោកអ្នករួចហើយ ហើយមិនថាកាលៈទេសៈរបស់លោកអ្នកបច្ចុប្បន្ននេះវាស្ថិតនៅក្នុងការលំបាកប៉ុណ្ណាក៏ដោយ ក៏ព្រះជាម្ចាស់អាចសម្រេចកិច្ចការដ៏អស្ចារ្យជាច្រើនទៀតតាមរយៈជីវិតដែលលោកអ្នកនៅមាននៅឡើយ។
មតិយោបល់
Loading…