in ,

សម្លាប់​ខ្លួនជាបាបដែរឬទេ?

ចូរ​សាក​ស្រមៃ​ទៅ​មើល​ថា លោកអ្នក​បាន​ទទួល​សារ​ពី​នរណា​ម្នាក់​នៅ​វេលា​យប់​ជ្រៅ​ដែល​គេ​សរសេរ​ថា «ជីវិត​ខ្ញុំ​ដូច​ជា​គ្មាន​ន័យ​អី​សោះ ហើយ​មិន​ដឹង​ថា​រស់​នៅ​សម្រាប់​អី​ផង។ ហើយ​ប្រសិន​បើ​លោកអ្នក​មិន​ប្ដូរ​ចិត្ត​គំនិត​ខ្ញុំ​ទេ នោះ​ខ្ញុំ​នឹង​សម្លាប់​ខ្លួន​មួយ​ម៉ោង​ក្រោយ​ទៀត​ហ្នឹង។» តើ​លោកអ្នក​នឹង​ធ្វើ​ដូចម្តេច? អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​មុន​គេ​នៅ​ពេល​ការ​ហ្នឹង​កើត​ឡើង​គឺ​ដូច​ត​ទៅ​នេះ៖ ខ្ញុំ​បាន​សរសេរ​សារ​ឆ្លើយ​តប​យ៉ាង​អស់​ពី​សមត្ថភាព តាម​ដែល​យើង​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​អំឡុង​ពេល​១០​នាទី​កន្លង ហើយ​ក៏​បាន​ផ្ញើរ​តប​ឆ្លើយ​ទៅ​គាត់​វិញ។ អរគុណ​មែន​ទែន! ដែល​បាន​ឃើញ​សារ​នេះ​ផ្ញើរ​តប​មក​វិញ ហើយ​គាត់​បាន​ប្រាប់​ថា គាត់​បាន​សម្រេច​ចិត្ត​មិន​សម្លាប់​ខ្លួន​ទៀត​ទេ។ ប៉ុន្តែ ជា​ការ​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ខ្ញុំ​មិន​បាន​ឃើញ​គាត់​តប​សារ​មក​ខ្ញុំ​វិញ​សោះ​បន្ទាប់​ពី​ពេល​នោះ​មក។

ថ្មីៗ​នេះ ស្ថិតិ​បាន​ចុះ​ផ្សាយ​ថា មាន​មនុស្ស​ជាង​១លាន​នាក់​បាន​សម្លាប់​ខ្លួន​ក្នុង​មួយ​ឆ្នាំ។ ចូរ​សាក​ស្រមៃ​ទៅ​មើល​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​គិត​ថា​ចង់​សម្លាប់​ខ្លួន ប៉ុន្តែ​មិន​បាន​ប្រព្រឹត្ត​វា​ឡើយ។ កាល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​ក៏​បាន​ធ្លាប់​ប៉ុនប៉ង​សម្លាប់​ខ្លួន​ផង​ដែរ ប៉ុន្តែ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ​ណាស់ ដែល​ទ្រង់​បាន​ពញ្ញាក់​ស្មារតី​មក​លើ​ខ្ញុំ ទោះ​បី​ជា​ពេល​នោះ​ខ្ញុំ​មិន​ទាន់​ជា​អ្នក​ជឿ​លើ​ព្រះ​គ្រីស្ទ​នៅ​ឡើយ​ក៏​ដោយ។ ការ​ចង់​សម្លាប់​ខ្លួន​គឺ​ជា​ជម្រើស​ចុង​ក្រោយ​មួយ​ដែល​បុគ្គល​ណា​ម្នាក់​មិន​មាន (យ៉ាង​ហោច​ណាស់​មិន​បាន​ដក​បទ​ពិសោធន៍) ទាក់​ទង​ទៅ​នឹង​ជីវិត​ដ៏​ពេញ​បរិបូណ៌​នៅ​ក្នុង​ក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​តាម​រយៈ​ព្រះ​គ្រីស្ទ (យ៉ូហាន ១០:១០)។ ការ​ចង់​សម្លាប់​ខ្លួន​គឺ​ជា​ទី​បញ្ចប់​នៃ​ប្រយោគ​ដែល​ថា «ខ្ញុំ​ទល់​ច្រក​ហើយ» ។ វា​គឺ​ជា​ការ​ចុះចាញ់​មួយ​ដែល​ជឿ​ថា ជីវិត​គឺ​ពិត​ជា​ពេញ​ទៅ​ដោយ​វិបត្តិ​ជា​ច្រើន ពោល​គឺ​រហូត​ដល់​ថ្នាក់​ថា វា​គ្មាន​អ្វី​ដែល​មើល​ទៅ​អាច​ប៉ះប៉ូវ​ពី​រឿង​ទាំង​អស់​នោះ​បាន​ទាល់​តែ​សោះ។

មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ទទួល​ជឿ​យ៉ាង​មិន​ត្រឹម​ត្រូវ​ថា ការ​សម្លាប់​ខ្លួន​គឺ​ជា «ដំណោះ​ស្រាយ» ដ៏​អចិន្ត្រៃយ៍​ចំពោះ​បញ្ហា​បណ្ដោះ​អាសន្ន​ទាំង​នេះ។ វា​គឺ​ជា​រឿង​ដ៏​ក្រៀម​ក្រំ​ណាស់ ដែល​មាន​ព័ត៌មាន​ចុះ​ផ្សាយ​អំពី​យុវជន ដែល​បាន​គិត​ខ្លី នៅ​ពេល​ដែល​សង្សារ​សុំ​បែក ឬ​ពេល​មាន​គេ​ធ្វើ​បាប​នៅ​សាលា​រៀន ឬ​ក៏​មក​ពី​រឿង​ណា​មួយ​ផ្សេង​ទៀត​ដែល​មិន​សូវ​ជា​ធំ​ដុំ​ស្អី​ប៉ុន្មាន។ ទោះ​បើ​ខណៈ​ពេល​ដែល​យើង​មើល​ទៅ​វា​ហាក់​បី​ដូច​ជា មិន​មាន​អ្វី​ធំដុំ​អី​សោះ​សម្រាប់​អស់​អ្នក​ដែល​គិត​ខ្លី​បែប​នេះ​ក៏​ដោយ ក៏​នៅ​ក្នុង​គម្រោង​ការ​ដ៏​ធំ​ក្នុង​ការ​សម្លាប់​ខ្លួន​គ្មាន​ការ​ធានា​អ្វី​ទេ។ រាល់​បញ្ហា​ដែល​ហាក់​បី​ដូច​ជា​ធំ​លើស​លប់​សម្រាប់​ថ្ងៃ​នេះ​នឹង​ក្លាយ​ទៅ​ជា​បញ្ហា​តូច​តាច នៅ​ពេល​ដែល​យើង​ក្រឡេក​មើល​បញ្ហា​ទាំង​នោះ​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ។ ជា​ពិសេស​ចំពោះ​គ្រីស្ទបរិស័ទ ដែល​មាន​ផ្នត់​គំនិត​លើ​ភាព​អស់​កល្ប​ជានិច្ច ពួក​គាត់​គ្មាន​មូល​ហេតុ​ណា​មួយ​ដែល​អាច​លើក​ឡើង​នៅ​ក្នុង​លោកីយ៍​នេះ ដើម្បី​យក​មក​អះអាង​ថា​ការ​សម្លាប់​ខ្លួន​គឺ​ជា​រឿង​ត្រឹម​ត្រូវ​នោះ​ទេ។

ព្រះ​គម្ពីរ​បាន​លើក​ឡើង​អំពី​មនុស្ស​៦​នាក់​ដែល​បាន​សម្លាប់​ខ្លួន​ឯង (ពួក​ចៅហ្វាយ ៩:៥៤; ១សាំយូអែល ៣១:៤-៦; ២សាំយូអែល ១៧:២៣; ១ពង្សាវតារក្សត្រ ១៦:១៨; និង​ម៉ាថាយ ២៧:៥)។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​សុចរិត​ទេ។ គ្មាន​ខ​គម្ពីរ​ណា​ក្នុង​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា «វា​ជា​អំពើ​បាប​ទេ​ក្នុង​ការ​សម្លាប់​ខ្លួន» ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ថ្កោល​ទោស​អំពី​ការ​ធ្វើ​អត្តឃាត (និក្ខមនំ ២០:១៣)។ ការ​សម្លាប់​ខ្លួន​គឺ​ជា «ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង» ដោយ​សារ​អំពើ​អត្តឃាត​ជា​អំពើ​បាប ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការ​សម្លាប់​ខ្លួន​ក៏​ជា​អំពើ​បាប​ដែរ។ ដោយ​ឡែក​ពី​ក្រឹត្យ​វិន័យ «កុំ​ឲ្យ​សម្លាប់​មនុស្ស» ការ​សម្លាប់​ខ្លួន​ក៏​ជា​អំពើ​បាប​ដោយ​មាន​ហេតុ​ផល​ពីរ​យ៉ាង​ដូច​ត​ទៅ មួយ​ទាក់​ទង​នឹង​ទេវវិទ្យា ហើយ​មួយ​ទៀត​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត៖ (១) មាន​តែ​ព្រះ​ជាម្ចាស់​មួយ​អង្គ​គត់​ដែល​មាន​សិទ្ធ​ក្នុង​ការ​កំណត់​លើ​ការ​មាន​ជីវិត និង​ការ​ស្លាប់ ហើយ (២) ការ​សម្លាប់​ខ្លួន​បញ្ជាក់​បង្ហាញ​ពី​ការ​មាន​ជំនឿ​ថា ព្រះ​ជាម្ចាស់​មិន​មាន​អំណាច​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​របស់​លោក​អ្នក។

មនុស្ស​ជា​ច្រើន​នាក់​នឹង​ឯក​ភាព​ជា​មួយ​យើង​ថា ការ​សម្លាប់​ខ្លួន​គឺ​ជា​អំពើ​បាប។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ការ​ជជែក​វែក​ញែក​នឹង​ចាប់​ផ្ដើម​ដោយ​ចោទ​សំណួរ​ថា តើ​ព្រះ​ជាម្ចាស់​នឹង​អត់​ទោស​លើ​ការ​សម្លាប់​ខ្លួន​ឯង​ដែរ​ឬ​ទេ។ ជា​ធម្មតា សំណួរ​ដែល​ទាក់​ទង​នឹង​ការ​សម្លាប់​ខ្លួន​តែង​តែ​មាន​ផ្នត់​គំនិត​ដូច​ត​ទៅ៖ «ចំពោះ​ព្រះ​ជា​ម្ចាស់ បើ​យើង​ចង់​ឲ្យ​ទ្រង់​អត់​ទោស​ដល់​យើង យើង​ត្រូវ​តែ​កែ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប ហើយ​លន់តួ​បាប​របស់​យើង​ទៅ​កាន់​ទ្រង់។ ប្រសិន​បើ​មាន​នរណា​ម្នាក់​សម្លាប់​ខ្លួន គាត់​គ្មាន​ឱកាស​ក្នុង​ការ​កែ​ប្រែ​ចិត្ត ឬ​លន់តួ​បាប​នោះ​ឡើយ។ ដូច្នេះ ការ​សម្លាប់​ខ្លួន​គឺ​ជា​អំពើ​បាប​ដែល​មិន​អាច​ទទួល​បាន​ការ​អត់​ទោស​ឡើយ។ អស់​អ្នក​ណា​ដែល​សម្លាប់​ខ្លួន​នឹង​ត្រូវ​ធ្លាក់​ក្នុង​បឹង​ភ្លើង​ភ្លាមៗ​តែ​ម្ដង»។ មាន​បញ្ហា​ដ៏​ចម្បង​មួយ​ទាក់​ទង​នឹង​ផ្នត់​គំនិត​បែប​នេះ៖ ការ​គិត​បែប​នេះ​មិន​បាន​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​បាន​សុគត​សម្រាប់​រាល់​អំពើ​បាប​របស់​យើង​នោះ​ទេ។ នៅ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​បាន​ទិញ​យើង​ដោយ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ ព្រះ​អង្គ​បាន​បង់​ថ្លៃ​លោះ​នូវ​រាល់​អំពើ​បាប​របស់​យើង​រួច​ស្រេច​ទៅ​ហើយ (១ពេត្រុស ១:១៩)។ នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​ពិត​ជា​បាន​ទទួល​ព្រះ​គ្រីស្ទ​យក​ជា​ព្រះ​សង្គ្រោះ​មែន ការ​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះ​អង្គ​បាន​ប្រោស​លោះ ផ្សះផ្សា អត់​ទោស និង​រាប់​គាត់​ទុក​ជា​សុចរិត។ល។​ហើយ ទាក់​ទង​នឹង​ការ​សម្លាប់​ខ្លួន តាម​រយៈ​ព្រះ​ជាម្ចាស់ ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ​បាន​គ្រប​បាំង​អំពើ​បាប​នៃ​ការ​សម្លាប់​ខ្លួន​ហើយ។ ឥឡូវ​នេះ យើង​អាច​ចោទ​សួរ​ថា តើ​គ្រីស្ទ​បរិស័ទ​ដ៏​ពិត​អាច​សម្លាប់​ខ្លួន​បាន​ដែរ​ឬទេ ប៉ុន្តែ បើ​សិន​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ពិត​សម្លាប់​ខ្លួន​មែន នោះ​ព្រះ​អង្គ​នឹង​អត់​ទោស​អំពើ​បាប​របស់​គាត់។ ខ​គម្ពីរ​ទាំង​ប៉ុន្មាន​ទាក់​ទង់​នឹង​ការ​លន់តួ​ដែល​មាន​ភាព​ស៊ី​គ្នា​នឹង​ការ​អត់​ទោស (មាន​ដូច​ជា​កណ្ឌ​គម្ពីរ ១យ៉ូហាន ១:៩) គឺ​ជា​ការ​ធានា​ទៅ​កាន់​ការ​មាន​ទំនាក់​ទំនង​នៃ​ការ​អត់​ទោស​បាប​រវាង​អ្នក​ជឿ និង​ព្រះ​ជា​ម្ចាស់ មិន​មែន​ជា​ការ​អត់​ទោស​​របស់​តុលា​ការ​នោះ​ទេ​តែ​ដោយ​ការ​សម្រេច​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ការ​ថ្វាយ​យញ្ញបូជា​ធួន​នឹង​បាប​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ។ មិន​ដូច្នោះ​ទេ! ការ​សម្លាប់​ខ្លួន​មិន​មែន​ជា​អំពើ​បាប​ដែល​មិន​អាច​ទទួល​បាន​ការ​អត់​ទោស​នោះ​ឡើយ។ ការ​សម្លាប់​មិន​ធំ​ជាង​តម្លៃ​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង់​ថ្លៃ​តាម​រយៈ​ការ​ថ្វាយ​យញ្ញបូជា​ធួន​នឹង​បាប​របស់​ទ្រង់​នោះ​ទេ។

ចំណុច​មួយ​ទៀត​ទាក់​ទង​ទៅ​នឹង​ការ​សម្លាប់​ខ្លួន​ដែល​យើង​តែង​តែ​ចោទ​សួរ​គឺ​ថា តើ​យើង​គួរ​រាប់​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ថា​ជា​ការ​សម្លាប់​ខ្លួន​បាន​ដែរ​ឬ​ទេ? តាម​ពិត​ទៅ ព្រះ​យេស៊ូវ​បាន​ជ្រាប​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំ​ពោះ​ទ្រង់ ហើយ​ទ្រង់​មិន​បាន​ធ្វើ​អ្វី​សោះ ដើម្បី​គេច​ចេញ។ តែ​ទ្រង់​បាន​យាង​ឆ្ពោះ​តម្រង់​ទៅ​រក​វា​វិញ។ តើ​នេះ​មិន​មែន​ជា​ការ​សម្លាប់​ខ្លួន​ទេ​ឬ​អី? អត់ទេ! ការ​នោះ​មិន​មែន​ជា​ការ​សម្លាប់​ខ្លួន​ទេ។ ការ​បូជា​ជីវិត​ខ្លួន​ជំនួស​អ្នក​ផ្សេង​មិន​មែន​ជា​ការ​សម្លាប់​ខ្លួន​នោះ​ឡើយ។ ការ​ដែល​បុគ្គល​ណា​ម្នាក់​សម្លាប់​ខ្លួន​ឯង គឺ​ជា​ការ​សម្លាប់​ខ្លួន​ឯង​ដោយ​ចេតនា។ ពិត​ណាស់! ព្រះ​យេស៊ូវ​បាន​បូជា​ជីវិត​របស់​ទ្រង់​ដោយ​ស្ម័គ្រ​ព្រះ​ទ័យ ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​ធ្វើ​អត្តឃាត​អង្គ​ទ្រង់​ទេ។ ស្រដៀង​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​អ្នក​ពន្លត់​អគ្គីភ័យ​ណា​ម្នាក់​បាន​ស្លាប់​ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ព្យាយាម​ជួយ​សង្គ្រោះ​នរណា​ម្នាក់​នៅ​ក្នុង​គ្រោះ​អគ្គីភ័យ​គឺ​មិន​មែន​ជា​ការ​ដែល​គាត់​សម្លាប់​ខ្លួន​នោះ​ទេ ទោះ​បើ​គាត់​ដឹង​ហើយ​ថា ការ​ដែល​គាត់​រត់​ចូល​ឆ្ពោះ​ទៅ​ក្នុង​អាគារ​ដែល​កំពុង​ឆាបឆេះ​ដោយ​ដឹង​ថា​ការ​នោះ​នឹង​អាច​នាំ​ឲ្យ​គាត់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក៏​ដោយ។ សាច់​រឿង​មួយ​ទៀត​ដែល​ជា​ឧទាហរណ៍​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​ដំណើរ​រឿង​លោក សាំសុន ដែល​ជា​អ្នក​រុញ​សសរ​ប្រាសាទ ដោយ​ដឹង​ថា​ពេល​វា​រលំ នោះ​វា​នឹង​នាំ​ឲ្យ​គាត់​បាត់បង់​ជីវិត​របស់​គាត់​ក៏​ដោយ (ពួក​ចៅហ្វាយ ១៦:២៦-៣១)។ ទោះ​ជា​យ៉ាង​ណា​ក្ដី គោល​បំណង​របស់​លោក សាំសុន គឺ​បំផ្លាញ​ពួក​សាសន៍​ភីលីស្ទីន​ចោល។ លោក សាំសុន បាន​ស្ម័គ្រ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន ដើម្បី​សម្រេច​គោល​បំណង​មួយ​នោះ ប៉ុន្តែ​គោល​បំណង​ជាក់​លាក់​របស់​គាត់​គឺ​មិន​មែន​ទាក់​ទង​ទៅ​នឹង​ការ​សម្លាប់​ខ្លួន​នោះ​ឡើយ។ ការ​បូជា​ជីវិត​របស់​ខ្លួន​ក្នុង​គោល​បំណង ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ដទៃ​គឺ​ជា​ការ​ទទួល​ស្គាល់​ថា «[លោក] អ្នក​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឯង​ទៀត​ទេ…ដ្បិត​ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ» ហើយ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​សម្រាប់​ជីវិត​របស់​លោក​អ្នក​គឺ​ប្រសើរ​ជាង​ហើយ​ខ្ពស់​ជាង​ចំណង់​ចំណូល​ចិត្ត​របស់​លោក​អ្នក​ទៅ​ទៀត (១កូរិនថូស ៦:២០)។

តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូច​ម្ដេច​អំពី​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង? បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ការ​សម្លាប់​ខ្លួន​គឺ​ជា​អំពើ​បាប។ វា​ជា​រឿង​ដែល​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ក្នុង​ការ​បញ្ចប់​ជីវិត​របស់​ខ្លួន​ឯង​ចោល។ តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូចម្ដេច​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង? សូម​កុំ​ប្រព្រឹត្ត​បែប​នេះ! ប្រសិន​បើ​លោក​អ្នក​មិន​មែន​ជា​អ្នក​ជឿ ព្រះ​ជា​ម្ចាស់​អាច​ប្រោស​លោះ​ជីវិត​របស់​លោក​អ្នក​ហើយ​ប្រ​ទាន​ឲ្យ​លោក​អ្នក​នូវ​គោល​បំណង​ដ៏​ពិត​ក្នុង​ការ​រស់​នៅ​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ជឿ ព្រះ​ជា​ម្ចាស់​បាន​ប្រោស​លោះ​ជីវិត​របស់​លោក​អ្នក​រួច​ហើយ ហើយ​មិន​ថា​កាលៈទេសៈ​របស់​លោក​អ្នក​បច្ចុប្បន្ន​នេះ​វា​ស្ថិត​នៅ​ក្នុង​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ ក៏​ព្រះ​ជា​ម្ចាស់​អាច​សម្រេច​កិច្ច​ការ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​តាម​រយៈ​ជីវិត​ដែល​លោក​អ្នក​នៅ​មាន​នៅ​ឡើយ។

និពន្ធដោយ៖ អ្នកគ្រូ S. Michael Houdmann
បកប្រែ និងកែសម្រួលដោយ៖ ក្រុមការងារ
ដកស្រង់ខ្លះៗចេញពី blog/suicide-Bible ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ឱ​រាស្ត្រ​អញ​អើយ

ការរាប់ជាបរិសុទ្ធ