in ,

ការ​យាង​មក​វិញ​ជា​លើក​ទី​២​?

«បង​ប្អូន​អើយ ឯ​ត្រង់​ពេល​វេលា នោះ​មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​មក​អ្នក​រាល់​គ្នា​ទេ
 ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់
 ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខ​សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន​វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ
 តែ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​មែន​នៅ​ក្នុង​សេចក្ដី​ងងឹត ឲ្យ​ថ្ងៃ​នោះ​បាន​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ
 អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​ពួក​នៃ​ពន្លឺ ហើយ​ជា​ពួក​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​នៃ​យប់ ឬ​នៃ​សេចក្ដី​ងងឹត​ឡើយ
 ដូច្នេះ ត្រូវ​ឲ្យ​យើង​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ឲ្យ​ដេក​លក់ ដូច​ជា​មនុស្ស​ឯ​ទៀត​ទេ
 ដ្បិត​ពួក​អ្នក​ដែល​ដេក​លក់ នោះ​គេ​តែង​ដេក​នៅ​ពេល​យប់ ហើយ​ពួក​អ្នក​ដែល​ស្រវឹង​ស្រា ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ តែ​យើង​ដែល​ជា​ពួក​នៃ​ថ្ងៃ យើង​ត្រូវ​ដឹង​ខ្លួន ទាំង​ប្រដាប់​កាយ​ដោយ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង ហើយ​សេចក្ដី​សង្ឃឹម​របស់​ផង​សេចក្ដី​សង្គ្រោះ ទុក​ជា​មួក​សឹក
 ដ្បិត​ព្រះ​ទ្រង់​មិន​បាន​ដំរូវ​យើង ទុក​សំរាប់​សេចក្ដី​ក្រោធ​ទេ គឺ​សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​វិញ ដោយ​សារ​
ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង ដែល​ទ្រង់​សុគត​ជំនួស​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ទោះ​បើ​ចាំ​យាម​ឬ​ដេក​លក់​ក្ដី ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​ហើយ​នោះ​ដែរ ។» (១ថែស្សាឡូនីច ៥:១១ )

មិន​មែន​សម្រាប់​ឲ្យ​យើង​ដឹង​ទេ

មាន​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​ដឹង​ថា តើ​ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​នៅ​ពេល​ណា ដើម្បី​នឹង​បង្កើត​នគរ​ទ្រង់​ឲ្យ​បាន​ពេញ​លេញ។ ពួក​សាវ័ក​ក៏​បាន​សួរ​អំពី​សំណួរ​មួយ​នេះ​ផង​ដែរ (ម៉ាថាយ ២៤:; ម៉ាកុស ១៣:; លូកា ២១:)។ ក្នុង​ការ​ឆ្លើយ​តប​របស់​ព្រះ​យេស៊ូវ ដែល​គេ​ហៅ​ថា «ការ​បង្រៀន​នៅ​លើ​ភ្នំ​ដើម​អូលីវ» ព្រះ​អង្គ​បាន​បញ្ជាក់​ថា ទោះ​បើ​នឹង​មាន​ទី​សម្គាល់​ដែល​នឹង​ត្រូវ​កើត​ឡើង​មុន​ទ្រង់​យាង​ត្រឡប់​មក​វិញ​ក៏​ដោយ ក៏​ពេលវេលា​ដ៏​ជាក់​លាក់​នៃ​ការ​យាង​ត្រឡប់​មក​វិញ​ជា​លើក​ទី២​របស់​ទ្រង់​គឺ​មិន​មែន​សម្រាប់​ឲ្យ​យើង​ដឹង​នោះ​ទេ (ម៉ាថាយ ២៤:៣៦៤៤; ម៉ាកុស ១៣:៣២៣៧)។ ផ្ទុយ​ទៅ​វិញ អ្នក​ជឿ​គួរ​តែ​រង​ចាំ​ដោយ​មាន​ការ​អត់​ធ្មត់ ហើយ​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​លេច​មក​របស់​ទ្រង់ (ឧទាហរណ៍៖ ម៉ាថាយ ២៤:៤៥២៥:១៣; លូកា ១២:៣៩៤៦)។ ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច​ជំពូក៥​សាវ័ក ប៉ុល ក៏​បាន​ឆ្លើយ​លើ​សំណួរ​អំពី​ពេលវេលា​នៃ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​យេស៊ូវ​ដែរ ហើយ​គាត់​បាន​យក​តម្រាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ឆ្លើយ​តប​របស់​គាត់​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ។ នេះ​ទំនង​មក​ពី​ក្រុម​ជំនុំ​ថែស្សាឡូនីច​បាន​ផ្ញើ​សំបុត្រ [ទៅ​កាន់​សាវ័ក ប៉ុល] ឬ​ក៏​ថា​លោក ធីម៉ូថេ បាន​នាំ​ដំណឹង [ទៅ​កាន់​សាវ័ក ប៉ុល] ដែល​ការ​នោះ​បណ្ដាល​ឲ្យ​ក្រុម​ជំនុំ​ថែស្សាឡូនីច​មាន​ចិត្ត​ចង់​ទទួល​ការ​ណែ​នាំ​បន្ថែម​ទៀត​អំពី​ពេលវេលា​នៃ​ការ​យាង​ត្រឡប់​មក​វិញ​ជា​លើក​ទី២​របស់​ព្រះ​យេស៊ូវ។

ទាក់​ទង​នឹង​ឃ្លា «ចំពោះ​ពេលវេលា និង​ពេល​កំណត់» កណ្ឌ​គម្ពីរ កិច្ចការ ១:៧ ក៏​បាន​លើក​ឡើង​គ្នា​ស្រដៀង​នោះ​ផង​ដែរ ពេល​ដែល​ព្រះ​យេស៊ូវ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ពួក​សាវ័ក​អំពី​ពេលវេលា​នៃ​ការ​ស្ដារ​នគរ​របស់​ព្រះ​ជាម្ចាស់​ឡើង​វិញ៖ «ចំពោះ​ពេល​វេលា ដែល​ព្រះ​វរបិតា​បាន​កំណត់​ទុក​ដោយ​អំណាច​របស់​ព្រះ​អង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ដឹង​ទេ»។ ដោយ​ប្រើ​ឃ្លា «បង​ប្អូន​អើយ» ម្ដង​ទៀត​ទៅ​កាន់​ក្រុម​ជំនុំ​សាវ័ក ប៉ុល បាន​រម្លឹក​ក្រុម​ជំនុំ​ទាក់​ទង​នឹង​សេចក្ដី​ណែនាំ​ដែល​ពួក​គាត់​បាន​ទទួល​រួច​ហើយ ពេល​ដែល​សាវ័ក ប៉ុល និង​ក្រុម​របស់​គាត់​បាន​នៅ​ជា​មួយ​ពួក​គេ​នៅ​ឯ​ទី​ក្រុង​ថែស្សាឡូនីច។ ក្នុង​ឃ្លា​ដែល​បម្រុង​នឹង​ឲ្យ​មាន​ចម្លើយ​សាវ័ក ប៉ុល បាន​លើក​ជា​ចម្លើយ​ទៅ​កាន់​ពួក​គេ​ថា៖ «មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ទេ»

សាវ័ក ប៉ុល បាន​ផ្ដោត​សារ​ជា​ថ្មី​ម្ដង​ទៀត​ថា ពួក​គាត់​បាន​ដឹង​ចម្លើយ​លើ​សំណួរ​នេះ​រួច​ហើយ ដោយ​ប្រើ​ពហុ​សព្ទ​នាម «អ្នក​រាល់​គ្នា» ហើយ​លើក​ឡើង​ថា​ពួក​គាត់​ដឹង «ច្បាស់» (ភាសា​ក្រិក «អាគ្រីបូស៍» “akribos” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «យ៉ាង​ត្រឹម​ត្រូវ») រួច​ហើយ​អំពី​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​នេះ។

បើ​និយាយ​ឲ្យ​ខ្លី​ទៅ ការ​ឆ្លើយ​តប​មួយ​នេះ​ទំនង​ជា​ការ​ខក​ចិត្ត​ចំពោះ​មនុស្ស​មួយ​ចំនួន​ហើយ៖ ពេលវេលា​នៃ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​យេស៊ូវ​គឺ​ជា​ពេលវេលា​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ព្រះ​យេស៊ូវ​បាន​ប្រៀប​ធៀប​ការ​យាង​ត្រឡប់​មក​វិញ​របស់​ទ្រង់​ទៅ​នឹង​ចោរ ដែល​មក​ពេល​យប់​ដែល​គ្មាន​នរណា​ម្នាក់​រំពឹង​ថា​វា​នឹង​មក (ម៉ាថាយ ២៤:៤៣; លូកា ១២:៣៩)។ នៅ​ក្នុង​ខ​គម្ពីរ​មួយ​នេះ​សាវ័ក ប៉ុល កំពុង​តែ​លើក​យក​សេចក្ដី​បង្រៀន​លើ​គ្រា​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូវ​ជា​ការ​យោង​ដូច​ជា​គាត់​បាន​ធ្វើ​ក្នុង​ខ​មុនៗ​ដែរ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ១:១០; :១៥; :១៦; :)។ ការ​ប្រៀប​ធៀប​របស់​ព្រះ​យេស៊ូវ​ទាក់​ទង​នឹង «ចោរ» គឺ​ជា​អ្វី​ដែល​វប្បធម៌​របស់​ពួក​សាវ័ក​បាន​ដឹង​យ៉ាង​ច្បាស់​លាស់ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ២ពេត្រុស ៣:១០; វិវរណៈ ៣:; ១៦:១៥)។ ពាស​ពេញ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី បរិបទ​នៃ​សុភាសិត​ទាក់​ទង​នឹង​ចោរ​គឺ​ជា​ការ​ព្រមាន និង​ជា​ការ​ដាស់​តឿន។ ចោរ​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ក្នុង​ផ្ទះ ដូច្នេះ​អស់​អ្នក​ដែល​មិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​អម្ចាស់​ក៏​នឹង​រង​ទុក្ខ​ដោយ​បាត់​បង់ និង​វិនាស​ផង​ដែរ។ ចំណុច​នេះ​ជួយ​ផ្ដល់​ជា​ជំនួយ​ដល់​យើង​ក្នុង​ការ​ពិនិត្យ​មើល​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:៨។

សាវ័ក ប៉ុល បាន​ទាញ​យក​ពាក្យ​ពេចន៍​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​សម្រាប់ «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» (ឧទាហរណ៍៖ អេសាយ ១៣:, ; យេរេមា ៤៦:១០; អេសេគាល ៣០:; យ៉ូអែល ២:៣១; :១៤; អេម៉ុស ៥:១៨២០; សេផានា ១:១៨; ម៉ាឡាគី ៤:) ដើម្បី​បង្ហាញ​អំពី​ថ្ងៃ​ដែល​ព្រះ​អម្ចាស់​យេស៊ូវ​នឹង​លេច​មក ដើម្បី​កាត់​ក្ដី​ចុង​ក្រោយ​លើ​ខ្មាំង​សត្រូវ​របស់​ទ្រង់ និង​ដើម្បី​បង្ហាញ​ថា​រាស្ត្រ​របស់​ទ្រង់​គ្មាន​ទោស (១កូរិនថូស ១:; :; ២កូរិនថូស ១:១៤; ២ថែស្សាឡូនីច ២:; ២ពេត្រុស ៣:១០)

ចូរ​ត្រៀម​ខ្លួន​ជា​ស្រេច​ពេល​ព្រះ​អង្គ​យាង​មក

ដោយ​សារ​ការ​យោង​ត្រឡប់​មក​វិញ​របស់​ព្រះ​យេស៊ូវ​គឺ​ជា​ពេលវេលា​ដ៏​ភ្ញាក់​ផ្អើល នោះ​សាវ័ក ប៉ុល បាន​ព្រមាន​អស់​អ្នក​ដែល​មិន​ទាន់​បាន​ដើរ​តាម​ព្រះ​គ្រីស្ទ​ថា កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ដែល​ព្រះ​អង្គ​យាង​មក​ចាប់​ពួក​គេ​ដោយ​មិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច។ មនុស្សម្នា​ទំនង​នឹង​សាំ​ពេក​ក្នុង​ស្ថានភាព​មិន​ផ្លាស់​ប្ដូរ​ដល់​ថ្នាក់​ថា ពួក​គេ​ភ្លេច​ថា​ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ ដើម្បី​ថ្កោល​ទោស​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ២ពេត្រុស ៣:)

សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​អស់​អ្នក​ដែល​សង្កេត​ឃើញ​ថា «មាន​សេចក្ដី​សុខ​សាន្ត​ហើយ មាន​សន្តិសុខ​ហើយហើយ​សន្មត​ថា​ទី​សម្គាល់​សម្រាប់​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​យេស៊ូវ និង​ការ​ថ្កោល​ទោស​ចុង​ក្រោយ​គឺ​នៅ​យូរ​ណាស់​ទៀត។ បុគ្គល​បែប​នោះ​បាន​បរាជ័យ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​លេច​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ។ តាម​ពិត​ទៅ ទំនង​ជា​អាច​មាន «ពេល​នោះ និង​មាន​មហន្តរាយ​កើត​មាន​ដល់​គេ​ភ្លាម» ដែល​នាំ​មក​នូវ​ការ​ថ្កោល​ទោស​ចុង​ក្រោយ។ ដោយ​ប្រើ​ប្រាស់​លំនាំ​នៃ​ការ​ប្រៀប​ប្រដូច​ពី​សញ្ញា​ចាស់​សម្រាប់​មហន្តរាយ (អេសាយ ២៦:១៧; យេរេមា ៤:៣១; :២៤; មីកា ៤:១០; ជា​ពិសេស​សម្រាប់​ប្រធាន​បទ «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» សូម​អាន​កណ្ឌ​គម្ពីរ អេសាយ ១៣:) សាវ័ក ប៉ុល បាន​លើក​ការ​ប្រៀប​ប្រដូច​ទៅ​នឹង​ការ​ឈឺ​ចាប់​នៅ​ពេល​ដែល​ស្ត្រី​ហៀប​នឹង​សម្រាល​កូន​មាន ដែល​អាច​ឈឺ​ខ្លាំង ហើយ​កើត​ឡើង​ភ្លាមៗ​បាន​ផង​ដែរ។ ព្រះ​យេស៊ូវ និង​សាវ័ក ប៉ុល ក៏​បាន​លើក​ឡើង​អំពី​ភាព​ឈឺ​ចាប់​នៅ​ពេល​សម្រាល​កូន​ទាក់​ទង​ទៅ​នឹង​ការ​ប្រៀប​ប្រដូច​នៅ​គ្រា​ចុង​ក្រោយ​ដែរ (ម៉ាថាយ ២៤:; ម៉ាកុស ១៣:; យ៉ូហាន ១៦:២១; រ៉ូម ៨:២២)។ ដូច​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ត្រង់​នេះ​ការ​ផ្ដោត​ក៏​នៅ​តែ​លើ​ការ​ឈឺ​ចាប់​ផ្ទាល់ ដោយ​មិន​បាន​លើក​ឡើង​អំពី​អំណរ​នៅ​ពេល​សម្រាល​កូន។ គ្មាន​នរណា​ម្នាក់​អាច​នឹង​រត់​គេច​ចេញ​ពី​ការ​ថ្កោល​ទោស​ភ្លាមៗ​ដែល​ព្រះ​គ្រីស្ទ​នឹង​នាំ​មក​នោះ​ទេ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ២:)

ផ្ទុយ​ពី​អស់​អ្នក​ដែល​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:៣ បាន​លើក​ឡើង អ្នក​ជឿ​នៅ​ក្រុម​ជំនុំ​ថែស្សាឡូនីច «មិន​នៅ​ក្នុង​សេចក្ដី​ងងឹត» ដោយ​សារ​ពួក​គេ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ហើយ​ក៏​ព្យាយាម​ត្រាប់​តាម​សេចក្ដី​បង្រៀន​របស់​ទ្រង់​ផង​ដែរ។ គេ​ដឹង​ហើយ​ថា ពួក​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ។ ចំណុច​ផ្ទុយ​គ្នា​មួយ​នេះ​ទំនង​ទាក់​ទង​នឹង​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:៣ អំពី​អស់​អ្នក​ដែល​មិន​ទាន់​ស្គាល់​ព្រះ​គ្រីស្ទ​នៅ​ឡើយ។ ទាំង «សេចក្ដី​ងងឹត» និង «យប់» ក្នុង​ខគម្ពីរ​ទាំង​នេះ​កំពុង​តែ​សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ដក​ពិសោធន៍​លើ​ការ​បំភ្លឺ​ដែល​ជះ​ពន្លឺ​ចេញ​ពី​ដំណឹង​ល្អ​ក្នុង​ព្រលឹង​របស់​គេ។ ហើយ​ផ្ទុយ​ពី «កូន​នៃ​ពន្លឺ/ថ្ងៃ» គឺ​ជា​អស់​អ្នក​ដែល​ឃើញ​យ៉ាង​ច្បាស់​លាស់​ហើយ​ល្មម​ក្នុង​ការ​ដើរ​តាម​ព្រះ​យេស៊ូវ។

ការ​ប្រៀប​ប្រដូច​មួយ​នេះ​អំពី​សេចក្ដី​ងងឹត និង​ពន្លឺ​ផ្ដល់​នូវ​ការ​អនុវត្ត​ជា​ច្រើន​ដល់​សាវ័ក ប៉ុល ជា​ពិសេស​ពេល​រួម​គ្នា​ជា​មួយ​នឹង​ការ​ប្រៀប​ប្រដូច​ដែល​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​អំពី​ចោរ។ ដោយ​សារ​ជា​ទូ​ទៅ​ពួក​ចោរ​មក​លួច​នៅ​ពេល​យប់ (១ថែស្សាឡូនីច ៥:) នោះ​អស់​អ្នក​ដែល​ជា​កូន​ពន្លឺ និង​ថ្ងៃ​នឹង​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​ចោរ​នោះ​ទេ។ ពួក​គេ​រស់​នៅ​ក្នុង​ជំនឿ ក្ដី​សង្ឃឹម និង​ក្ដី​ស្រឡាញ់ (១ថែស្សាឡូនីច ៥:) កាល​នោះ​បង្ហាញ​ថា ពួក​គេ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ក្នុង​ព្រះ​គ្រីស្ទ (១ថែស្សាឡូនីច ៥:) ខណៈ​ពេល​ដែល​ពួក​គេ​បន្ត​រស់​នៅ​ក្នុង​ការ​ញែក​ជា​បរិសុទ្ធ តាម​រយៈ​ការ​ដើរ​ក្នុង​ផ្លូវ​របស់​ទ្រង់​ដែល​មាន​ពេញ​ទៅ​ដោយ​ពន្លឺ។ ហើយ​ផ្ទុយ​ពី​គ្នា អស់​អ្នក​ដែល​បន្ត​រស់​នៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​ឯ​វិញ្ញាណ​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ភ្លាមៗ នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ ដើម្បី​បំផ្លាញ​ពួក​គេ​ចោល (១ថែស្សាឡូនីច ៥:)

នៅ​ក្នុង​ខ៥​សាវ័ក ប៉ុល និង​ដៃ​គូ​បេសកកម្ម​របស់​គាត់​បាន​ប្ដូរ​ប្រធាន​បទ​ពី​ការ​និយាយ​អំពី «អ្នក​រាល់​គ្នា» មក​កាន់​ការ​និយាយ​អំពី «យើង»។ ពួក​គាត់​បាន​រាប់​បញ្ចូល​ខ្លួន​ជា​មួយ​នឹង​អ្នក​ជឿ​ក្នុង​ក្រុម​ជំនុំ​ថែស្សាឡូនីច​ថា ជា​កូន​នៃ​ពន្លឺ ហើយ​ការ​នោះ​បាន​ពង្រឹង​ការ​ប្រកប​គ្នា​ជា​មួយ​នឹង​គ្នា។

ហើយ​ឥឡូវ​នេះ​សាវ័ក ប៉ុល ណែនាំ​អំពី​ការ​ប្រៀប​ប្រដូច​ពីរ​យ៉ាង​ទៀត។ នៅ​ពេល​ដែល​គាត់​លើក​ឡើង​ថា «យើងមិន​ត្រូវ​ដេក​លក់» គាត់​មិន​មែន​មាន​ន័យ​ចំៗ​នោះ​ទេ។ ការ​ដេក​បញ្ចេញ​អត្ថ​ន័យ​អសកម្ម ការ​មិន​មាន​អារម្មណ៍​លើ​ការ​ឲ្យ​តម្លៃ​លើ​តម្រូវ​ការ​ឲ្យ​មាន​ការ​ត្រៀម​ខ្លួន។ ការ​ស្រវឹង​ស្រា​កាន់​តែ​បន្ថែម​លើ​អត្ថ​ន័យ​នៃ​ការ​គ្មាន​ទំនួល​ខុស​ត្រូវ​ថែម​ទៀត។ នៅ​ក្នុង​ខគម្ពីរ​មួយ​ចំនួន​ផ្សេង​ទៀត​សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ភាព​ម៉ឺងម៉ាត់​ខាង​ឯ​សាច់​ឈាម ហើយ​ឲ្យ​គេច​ចេញ​ពី​ការ​ស្រវឹង (កាឡាទី ៥:២១; អេភេសូរ ៥:១៨; ១ធីម៉ូថេ ៣:; ទីតុស ១:) ប៉ុន្តែ​ត្រង់​នេះ​វា​ជា​ការ​ប្រៀប​ប្រដូច (សូម​អាន​បន្ថែម៖ ១កូរិនថូស ១៥:៣៤)។ ក្នុង​បរិបទ​នៃ​ការ​ដេក និង​ការ​ស្រវឹង​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រឈម​មុខ​នឹង «ចោរ» ដែល​មក​ពេល​យប់។

ដោយ​ត​ភ្ជាប់​ការ​ប្រៀប​ប្រដូច​នោះ​ទៅ​នឹង​ការ​វែក​ញែក​ខាង​លើ (១ថែស្សាឡូនីច ៥:) ទាក់​ទង​នឹង​សេចក្ដី​ងងឹត និង​ពន្លឺ​សាវ័ក ប៉ុល បាន​សង្កេត​ឃើញ​ថា អស់​អ្នក​ដែល​ដេក និង​ស្រវឹង​គឺ​ទាំង​ពីរ​ជា​អស់​អ្នក​ដែល​ធ្វើ​ការ​ទាំង​នោះ​នៅ​ពេល​យប់ និង​ក្នុង​សេចក្ដី​ងងឹត។ ផ្ទុយ​គ្នា​ទៅ​វិញ កូនៗ​នៃ​ពន្លឺ​នឹង​ដេក ហើយ​មាន​ស្មារតី​ម៉ឺង​ម៉ាត់ ដែល​កាល​នោះ​នាំ​ឲ្យ​ពួក​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​គ្រីស្ទ។ (សូម​អាន​បន្ថែម៖ យ៉ូហាន ១២:៣៥៣៦; អេភេសូរ ៥:១៤)។ ដូច្នេះ​ការ​បង្គាប់​ឲ្យ «ចាំ​យាម ហើយ​ដឹង​ខ្លួន» សំដៅ​ទៅ​លើ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​លេច​ឡើង​មក​របស់​ព្រះ​គ្រីស្ទ។

មាន​មនុស្ស​មួយ​ចំនួន​បាន​យល់​ថា ការ​ដែល​កូនៗ​នៃ​ពន្លឺ​ចាំ​យាម​ត្រង់​នេះ​គឺ​ទាក់​ទង​ទៅ​នឹង​ចំណេះ​ដឹង ដោយ​លើក​ឡើង​ថា «កូនៗ» ទាំង​នេះ​បាន​សិក្សា​ព្រះ​បន្ទូល ហើយ​ដឹង​អំពី​ពេលវេលា​យ៉ាង​ច្បាស់​លាស់ ដូច្នេះ​ពួក​គាត់​អាច​ទាយ​អំពី​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​គ្រីស្ទ​បាន។ ទោះ​ជា​យ៉ាង​ណា​ក្ដី រូប​ភាព​បែប​នេះ​មិន​ដំណើរ​ការ​ក្នុង​របៀប​នេះ​ទេ។ ការ​បន្ត​មាន​ភាព​ម៉ឺងម៉ាត់ និង​ការ​ចាំ​យាម​របស់​កូនៗ​នៃ​ពន្លឺ​ទាំង​នេះ គឺ​ទាក់​ទង​ទៅ​នឹង​របៀប​ដែល​ពួក​គាត់​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:៨ សាវ័ក ប៉ុល នឹង​លើក​ឡើង​យ៉ាង​ចំៗ​អំពី​ភាព​ម៉ឺង​ម៉ាត់​ដែល​មាន​រួម​ទាំង៖ ជំនឿ ក្ដី​ស្រឡាញ់ និង​ក្ដី​សង្ឃឹម។

របៀប​ត្រៀម​ខ្លួន

ខ​គម្ពីរ​មួយ​នេះ​កាន់​តែ​ពន្យល់​ថែម​ទៀត​អំពី​រូប​ភាព​ដែល​សាវ័ក ប៉ុល កំពុង​តែ​ចង្អុល​បង្ហាញ​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:៨។ តើ​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​គ្រីស្ទ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​ទៅ​ណ៎? ការ​ត្រៀម​ខ្លួន​មាន​ន័យ​ថា យើង​រស់​នៅ​ដោយ​មាន​ជំនឿ ក្ដី​ស្រឡាញ់ និង​ក្ដី​សង្ឃឹម​ក្នុង​ព្រះ​គ្រីស្ទ។ សូម​កត់​សម្គាល់​ផង​ដែរ​ថា​មុន​នេះ​សាវ័ក ប៉ុល ក៏​បាន​លើក​ឡើង​អំពី​ចំណុច​ទាំង​បី​នៃ​ជំនឿ ក្ដី​ស្រឡាញ់ និង​ក្ដី​សង្ឃឹម (១ថែស្សាឡូនីច ១:; សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៣:១៣; កាឡាទី ៥:; និង​កូឡូស ១:)

សាវ័ក ប៉ុល ប្រើ​ប្រាស់​រូប​ភាព​នៃ​គ្រឿង​សឹក​ពី​ស្ថាន​សួគ៌​របស់​ព្រះ​ជាម្ចាស់​ចេញ​ពី​កណ្ឌ​គម្ពីរ អេសាយ ៥៩:១៧ (ក្នុង​កណ្ឌ​គម្ពីរ​អេសាយ គឺ​ព្រះ​ជាម្ចាស់​ដែល​ជា​អង្គ​ពាក់​គ្រឿង​សឹក​បែប​នោះ)។ ក្នុង​បទ​គម្ពីរ​មួយ​ទៀត​ដែល​មនុស្ស​ជា​ច្រើន​ស្គាល់ (អេភេសូរ ៦:១៤១៧) សាវ័ក ប៉ុល បាន​ពន្យល់​ថែម​ទៀត​អំពី «គ្រឿង​សឹក​របស់​ព្រះ​ជាម្ចាស់» ដូច​នៅ​ក្នុង​ខ​គម្ពីរ​នោះ នៅ​ទី​នេះ​គាត់​ក៏​បញ្ជាក់​ថា គ្រឿង​សឹក​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​គឺ ដើម្បី​ប្រដាប់​ពួក​បរិសុទ្ធ​របស់​ទ្រង់។ អ្នក​កាត់​ស្រាយ​មួយ​ចំនួន (ជា​ពិសេស​លើ​ខគម្ពីរ​អេភេសូរ) តែង​តែ​ពន្លើស​ដោយ​ប្រើ​ពាក្យ​ពេចន៍​អំពី​មូល​ហេតុ​នៃ​គំនិត​នីមួយៗ​ថា (ដូច​ជា​ជំនឿ ឬ​ក៏​សេចក្ដី​សង្ឃឹម​ជា​ដើម) វា​ស៊ី​គ្នា​ជា​មួយ​នឹង​គ្រឿង​សឹក​នៃ​ទ័ព​រ៉ូម៉ាំង។ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​គួរ​តែ​មាន​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង​ថែម​ទៀត​ក្នុង​ការ​វែក​ញែក​រូប​ភាព​មួយ​នេះ ដោយ​សារ​សាវ័ក ប៉ុល បាន​មាន​ការ​រៀប​រាប់​ខុសៗ​គ្នា​លើ​ចំណុច​នីមួយៗ​នៃ​ការ​ប្រដាប់​ក្នុង​កណ្ឌ​គម្ពីរ​ថែស្សាឡូនីច​ខ្សែ​ទី១ និង អេភេសូរ។ ដូច្នេះ «អាវ​ក្រោះ» គឺ​ជា «សេចក្តី​សុចរិត» ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៦:១៤ (ដោយ​យក​តម្រាប់​តាម​កណ្ឌ​គម្ពីរ អេសាយ ៥៩:១៧) ហើយ​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:«អាវ​ក្រោះ» កំពុង​សំដៅ​ទាំង​ទៅ​លើ «ជំនឿ និង​សេចក្ដី​ស្រឡាញ់»។ ចំណុច​ស្នូល​ចម្បង​នៃ​រូប​ភាព​ធំ​របស់​សាវ័ក ប៉ុល គឺ​អំពី​ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សង្ឃឹម ដែល​នោះ​ប្រៀប​ទៅ​នឹង​គ្រឿង​សឹក​ដែល​ការពារ​អ្នក​ជឿ ហើយ​ជួយ​ឲ្យ​ពួក​គាត់​ត្រៀម​ខ្លួន​ក្នុង​សង្គ្រាម​ខាង​ឯ​វិញ្ញាណ។

សេចក្ដី​សង្គ្រោះ និង​ការ​ប្រោស​លោះ

សាវ័ក ប៉ុល បាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:៨ ដូច​ត​ទៅ៖ «សេចក្ដី​សង្ឃឹម​នៃ​ការ​សង្គ្រោះ»។ កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:១០ បាន​បន្ត​ដោយ​រៀប​រាប់​អំពី​សេចក្ដី​សង្ឃឹម នឹង​ការ​ប្រោស​លោះ​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ព្រះ​គ្រីស្ទ​នាំ​មក​នូវ​ក្ដី​សង្ឃឹម​ដល់​អ្នក​ជឿ ដោយ​ធានា​ដល់​យើង​ថា វាសនា​របស់​យើង​គឺ​មិន​ស្ថិត​ក្រោម​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ដែល​ជា​ការ​បំផ្លាញ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នោះ​ទេ ប៉ុន្តែ​គឺ​ជា​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ។ ខណៈ​ពេល​ដែល​ក្នុង​អត្ថន័យ​មួយ អ្នក​ជឿ​ទទួល​បាន «ការ​សង្គ្រោះ» នៅ​បច្ចុប្បន្ន​កាល​នេះ តែ​ក្នុង​បរិបទ​នៃ​សេចក្ដី​សង្គ្រោះ​មួយ​នេះ​វិញ​គឺ​វា​ស៊ី​គ្នា​ទៅ​នឹង​សេចក្ដី​ក្រោធ និង​ការ​ថ្កោល​ទោស​នូវ​ឯ​អនាគត​ទេ​តើ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ត្រង់​នេះ​សាវ័ក ប៉ុល កំពុង​តែ​សម្លឹង​ទៅ​មើល​ឯ​សេចក្ដី​សង្គ្រោះ​នៅ​ទី​បញ្ចប់​នៃ​រាស្ត្រ​របស់​ព្រះ​គ្រីស្ទ​ក្នុង​ការ​រស់​ឡើង​វិញ។

យើង​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​បែប​នោះ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ២ថែស្សាឡូនីច ២:១៤) តាម​រយៈ​តែ​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​តែ​មួយ​គត់ ដែល​ខ​គម្ពីរ​បាន​ប្រកាស​ថា​ជា «ព្រះ​អម្ចាស់» និង «ព្រះ​គ្រីស្ទ» ដ៏​នៅ​អស់​កល្ប​ជានិច្ច។ ដោយ​​សង្ខេប​ដំណឹង​ល្អ​យ៉ាង​ត្រួសៗ (១ថែស្សាឡូនីច ៥:១០) សាវ័ក ប៉ុល បាន​រម្លឹក​ក្រុម​ជំនុំ​អំពី​ការ​សុគត​របស់​ព្រះ​យេស៊ូវ «ជួស​យើង» ដែល​នេះ​មាន​ន័យ​ថា ការ​សុគត​របស់​ទ្រង់​បាន​បង់​ថ្លៃ​លោះ​ជំនួស​អំពើ​បាប​របស់​យើង។ លើស​ពី​នោះ​ទៅ​ទៀត ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​បាន​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ថា ថ្ងៃ​មួយ​យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ព្រះ​អង្គ—តាម​រយៈ​ការ​រួប​រួម​ជា​មួយ​នឹង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ នោះ​ការ​ដែល​យើង​នឹង​រស់​ឡើង​វិញ​ក៏​អាច​កើត​ឡើង​បាន​ផង​ដែរ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:២០២៨)

ការ​ដែល​សាវ័ក ប៉ុល លើក​ឡើង​ថា «ទោះ​បើ​យើង​នៅ​រស់ ឬ​ដេក​លក់​ក្តី» នាំ​មក​នូវ​យ៉ាង​តិច​ណាស់​ការ​កាត់​ស្រាយ​ពីរ​យ៉ាង។ វា​អាច​ពឹង​លើ​គំនិត​នៃ​ការ​ដេក/ការ​ចាំ​យាម​ដែល​មាន​នៅ​ក្នុង​បរិបទ​ភ្លាមៗ​នោះ (១ថែស្សាឡូនីច ៥:) ប៉ុន្តែ​បើ​ដូច្នោះ​មែន នោះ​ខ១០​នឹង​ជំទាស់​គ្នា​នឹង​ការ​ព្រមាន​របស់​សាវ័ក ប៉ុល ទៅ​កាន់​អស់​អ្នក​ដែល​កំពុង​ដេក និង​កំពុង​នៅ​ក្នុង​សេចក្ដី​ងងឹត​ហើយ ដែល​មាន​ន័យ​ថា ពួក​គាត់​កំពុង​ស្ថិត​ក្រោម​ការ​បំផ្លាញ​ចោល​ជា​មិន​ខាន (១ថែស្សាឡូនីច ៥:)។ ផ្ទុយ​ទៅ​វិញ «ទោះ​បើ​យើង​នៅ​រស់ ឬ​ដេក​លក់​ក្តី» ទំនង​ជា​កំពុង​សំដៅ​ទៅលើ​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​ក្នុង​ការ​វែក​ញែក​នៅ​ដើម​ដំបូង​របស់​គាត់​ទាក់​ទង​នឹង​សេចក្ដី​បង្រៀន​នៃ​គ្រា​ចុង​ក្រោយ (១ថែស្សាឡូនីច ៤:១៣១៨)។ ដែល​ត្រង់​នោះ «ការ​ដេក» សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ការ​នៅ​រស់​សំដៅ​ទៅ​លើ​អស់​អ្នក​ជឿ​ដែល​កំពុង​តែ​មាន​ជីវិត​រស់​នៅ​បច្ចុប្បន្ន​នោះ។ ទាក់​ទង​នឹង​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ទាំង​អ្នក​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ និង​អ្នក​ជឿ​ដែល​កំពុង​នៅ​រស់ គឺ​យើង​កំពុង​តែ​រង​ចាំ​ការ​ថ្កោល​ទោស​ចុង​ក្រោយ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ។

ដូច​ដែល​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ក្នុង​វគ្គ​មុន (១ថែស្សាឡូនីច ៤:១៨) ត្រង់​នេះ​សាវ័ក ប៉ុល កំពុង​តែ​អញ្ជើញ​ក្រុម​ជំនុំ​ថែស្សាឡូនីច​សារ​ជា​ថ្មី​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​មាន​មូល​ដ្ឋាន​គ្រឹះ​លើ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ដែល​មាន​ក្នុង​សេចក្ដី​បង្រៀន​របស់​គាត់។ អម​ជា​មួយ​នឹង​ឃ្លា «ចូរ​លើក​ទឹក​ចិត្ត​គ្នា» សាវ័ក ប៉ុល ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ឲ្យ «ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក» ដែល​នេះ​ជា​ពាក្យ​ស្លោក​ពន្យល់​ថែម​ទៀត​លើ​ការ​លើក​ទឹក​ចិត្ត និង​ការ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក (សូម​អាន​បន្ថែម​ក្នុង​ការ​គម្ពីរ កិច្ចការ ២០:៣២; ១កូរិនថូស ១៤:)។ ត្រង់​នេះ​អ្នក​និពន្ធ​សន្មត​ថា គ្រីស្ទ​បរិស័ទ​ឲ្យ​តម្លៃ​លើ​សង្គម ដ្បិត​បើ​យើង (ទាំង​ផ្ទាល់​ខ្លួន និង​រួម​គ្នា) ចង់​មាន​ការ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើង​ក្នុង​ព្រះ​គ្រីស្ទ​វិញ នោះ​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ក្នុង​ខគម្ពីរ​មួយ​នេះ និង​ក្នុង​សំបុត្រ​ទាំង​មូល​សាវ័ក ប៉ុល អះអាង​ថា​ក្រុម​ជំនុំ​ថែស្សាឡូនីច​ពិត​ជា​បាន​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់» សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ១:១០; :; :)។ ក្នុង​អត្ថ​ន័យ​នេះ​ផ្ទាល់ វា​ជា​របៀប​មួយ​ដែល​សាវ័ក ប៉ុល បាន «លើក​ទឹក​ចិត្ត» និង «ស្អាង​ចិត្ត» ក្រុម​ជំនុំ៖ គាត់​បាន​សរសើរ​ពួក​គេ​សម្រាប់​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​បាន​យ៉ាង​ល្អ។

និពន្ធដោយ៖ លោក​គ្រូ David W. Chapman
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក នាង និត និងលោកស្រី ថា សំបូរ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ព្រះគ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ

អំពើបាបអាក្រក់ជាងស្ថាននរក