បុគ្គលម្នាក់បានទូរស័ព្ទមក ហើយសួរថា «លោកគ្រូ ប្រសិនបើមានសមាជិកម្នាក់នៅក្នុងក្រុមគ្រួសាររបស់លោកគ្រូបានអញ្ជើញលោកគ្រូឲ្យទៅចូលរួមកម្មវិធី ដែលគេហៅថាពិធីមង្គលការភេទដូចគ្នា នោះលោកគ្រូនឹងទៅចូលរួមដែរឬទេ?»
បើគ្រាន់តែគិតលើគំនិតមួយនេះ វាបានធ្វើឲ្យយើងខ្ញុំឈឺចិត្តយ៉ាងខ្លាំងបាត់ទៅហើយ? ចម្លើយរបស់យើងខ្ញុំគឺថា «ទេ!»។ យើងខ្ញុំនឹងមិនទៅទេ។ ហើយការដែលមិនទៅចូលរួមពិធីមួយនេះគឺប្រៀបដូចជាការដែលធ្វើឲ្យបេះដូងរបស់ឪពុកម្នាក់ខ្ទេចខ្ទាំអញ្ចឹង។ ខាងក្រោមនេះគឺជាមូលហេតុដែលយើងខ្ញុំមិនទៅចូលរួម៖
ការឲ្យអត្ថន័យលើពាក្យ «អាពាហ៍ពិពាហ៍»
ទី១ វាមិនមែនជាពិធីមង្គលការនោះទេ ពីព្រោះវាមិនមែនជាពិធីអាពាហ៍ពិពាហ៍ការចាប់ផ្តើមទំនាក់ទំនងប្តីប្រពន្ធ។ ដូច្នេះ ការទៅចូលរួមដោយរាប់វាថាជាពិធីមង្គលការគឺជាការខុសឆ្គងហើយ ពោលគឺជាការកុហក។ ការដែលមានពិធីអាពាហ៍ពិពាហ៍ភេទដូចគ្នាគឺមិនអាចទៅរួចបានទេ។
ព្រះជាម្ចាស់បានផ្ដល់អត្ថន័យលើពិធីអាពាហ៍ពិពាហ៍ថា ជាសេចក្ដីចំណងជីវិតរវាងបុរស និងស្ត្រីម្នាក់ក្នុងនាមជាប្តីនិងប្រពន្ធ។ ពិធីអាពាហ៍ពិពាហ៍នៃភេទដូចគ្នាគឺមិនដូច្នោះទេ។ ហេតុដូច្នេះហើយបានជាវាមិនមែនជាពិធីអាពាហ៍ពិពាហ៍ការចាប់ផ្តើមទំនាក់ទំនងគ្រួសារ និងពិធីមង្គលការឡើយ។ យើងខ្ញុំនឹងមិនកុហកខ្លួនឯងដោយរាប់វាថាជាពិធីមង្គលការដោយទៅចូលរួម។
របៀបចងភ្ជាប់នៃស្ថានសួគ៌
ទី២ ចំណងមួយនេះ—ប្រសិនបើលោកអ្នកហ៊ានហៅវាថាដូច្នោះ—គឺមិនមានការចងភ្ជាប់គ្នានៅឯស្ថានសួគ៌ឡើយ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា «ដូច្នេះ អ្វីដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់គេឡើយ» (ម៉ាថាយ ១៩:៦)។ នេះហើយគឺជាអ្វីដែលធ្វើឲ្យពិធីមង្គលការអស្ចារ្យ។ ពិធីមង្គលការគឺមិនមែនជាការសម្រេចរបស់មនុស្សលោកនោះទេ។ ព្រះជាម្ចាស់ជាអង្គផ្សំផ្គុំបុរសម្នាក់ និងស្ត្រីម្នាក់។
នៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ១០:៩ ព្រះយេស៊ូវបានលើកឡើងថាពិធីអាពាហ៍ពិពាហ៍ត្រូវបានបង្កើតឡើងនៅឯស្ថានសួគ៌—មិនមែនគ្រាន់តែរវាងមនុស្សពីរនាក់ ឬក៏គ្រូគង្វាលម្នាក់ ឬក៏ចៅក្រមនោះឡើយ។ ការផ្សំផ្គុំបុរសពីរនាក់ ឬក៏ស្ត្រីពីរនាក់គឺមិនមានការចងក្រងនៅឯស្ថានសួគ៌ទេ។ ហើយការដែលលើកជាសំណើថាវាគឺជាពិធីអាពាហ៍ពិពាហ៍គឺជាបទល្មើសចំពោះស្ថានសួគ៌។
កុំអបអរសាទរនឹងអំពើបាបឡើយ
ទី៣ ការជូនពរលើព្រឹត្តិការណ៍នេះគឺជាសម្អប់។ ចំពោះយើងខ្ញុំ វាគឺជាសម្អប់ក្នុងការជូនពរព្រឹត្តិការណ៍នេះ ពីព្រោះវាគឺជាការអះអាងលើជីវិត និងរបៀបរស់នៅដែលនឹងនាំឲ្យធ្លាក់ស្ថាននរក។ សាវ័ក ប៉ុល បានលើកឡើងថា «សូមកុំច្រឡំឲ្យសោះ! ពួកសហាយស្មន់ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមរតកបានឡើយ» (១កូរិនថូស ៦:៩-១០)។ ពួកគេនឹងមិនអាចគ្រងបានទេ។
ការអបអរសាទរជីវិតរស់នៅមួយនេះគឺជាការអបអរសាទរការបំផ្លាញមនុស្សជាតិចោល ហើយនេះគឺជាការដ៏គួរឲ្យស្អប់ខ្ពើមណាស់។ វាដូចជាការជួបជុំគ្នា ដើម្បីអបអរសាទរការធ្វើជាចោរ ការប្រមឹក និងការបោកប្រាស់អ្នកដទៃអញ្ចឹង។ វាប្រៀបដូចជាការលើកឡើងថា «តោះ! ចូរយើងជួបជុំគ្នា ដើម្បីអបអរសាទរភាពលោភលន់។ ចូរយើងជួបជុំគ្នា ដើម្បីអបអរសាទរអំពើផិតក្បត់។» បុគ្គលណាដែលចូលរួមការអបអរសាទរអំពើបាបក៏កំពុងតែប្រព្រឹត្តអំពើបាបនោះផងដែរ។ ហើយយើងខ្ញុំក៏មិនគួរប្រព្រឹត្តអំពើបាបទេ។
ការឲ្យតម្លៃការតាំងសេចក្ដីសញ្ញា
ទី៤ ពិធីមួយនេះនឹងប្រមាថព្រះគ្រីស្ទ និងក្រុមជំនុំ។ ព្រះជាម្ចាស់បានរចនាពិធីអាពាហ៍ពិពាហ៍ ដើម្បីបង្ហាញការតាំងសញ្ញារបស់ព្រះគ្រីស្ទចំពោះកូនក្រមុំរបស់ទ្រង់ ពោលគឺក្រុមជំនុំ។ ការអបអរសាទរការផ្សំផ្គុំដែលគ្មានកូនក្រមុំថាជាពិធីអាពាហ៍ពិពាហ៍គឺជាការបង្ខូច និងបង្ខាតរឿងប្រៀបប្រដូចដែលល្អបំផុតលើលោកនេះ។
ខូចចិត្ត តែនៅមានការបើកចំហ
ទី៥ យើងខ្ញុំនឹងមិនទៅចូលរួម ពីព្រោះទម្ងន់នៃការឈឺចិត្ត និងការស្រឡាញ់ និងការស្អប់ខ្ពើមនឹងទំនងយកឈ្នះលើអារម្មណ៍រំភើបរបស់យើងខ្ញុំជាមិនខាន។ យើងខ្ញុំគិតថា ខ្លួនមិនអាចទំនងនៅរហូតដល់ចប់កម្មវិធីបានឡើយ។
ហើយចំណុចចុងក្រោយដែលខ្ញុំនឹងលើកឡើងគឺថា៖ ការដែលយើងខ្ញុំមិនទៅចូលរួមគឺមិនមែនជាការដែលយើងខ្ញុំដកខ្លួនចេញពីកូនរបស់ខ្លួនឡើយ—ប៉ុន្តែគឺជាការដែលគាត់ដកខ្លួនចេញពីខ្ញុំវិញទេតើ។ យើងខ្ញុំនៅមានជំហរដដែល៖ បើកដៃរង់ចាំទទួលការដែលកូនវង្វេងត្រឡប់មកផ្ទះវិញដោយត្រៀមចិត្តក្នុងការអត់ទោសផងដែរ។
គ្រីស្ទបរិស័ទមិនប្រារព្ធអ្វីដែលមិនថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់។ នៅក្នុងអត្ថបទនេះ លោកគ្រូបានលើកឡើងមូលហេតុប្រាំយ៉ាងដែលគាត់នឹងមិនចូលរួមវិធីអាពាហ៍ពិពាហ៍ដែលមានភេទដូចគ្នា។
មតិយោបល់
Loading…