in ,

សេចក្ដី​​ខុស​ឆ្គង​របស់លោក យូសែប ព្រីនស៍

សេចក្ដី​បង្រៀន​ដ៏​ល្បី​ល្បាញ​របស់​លោក យូសែប ព្រីនស៍ (Joseph Prince) បាន​សាយ​ភាយ​ពេញ​ពិភព​លោក ហើយ​ក៏​កំពុង​តែ​ហៀប​នឹង​ចូល​មក​ប្រទេស​កម្ពុជា​ដែរ។ តាម​រយៈ​សៀវភៅ និង​សេចក្ដី​អត្ថាធិប្បាយ​លើ​ប្រព័ន្ធ​បណ្ដាញ​អ៊ីនធឺណិត នោះលោក យូសែប ព្រីនស៍ ទទួល​បាន​ប្រាក់​ចំណេញ​ជា​ច្រើន និង​ភាព​ល្បីល្បាញ​ចេញ​ពី​ក្រុម​ជំនុំ​របស់​គាត់​នៅ​ឯ​ប្រទេស​សាំងហ្គាពួរ​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ៣១,០០០ នាក់។

«ដាក់​ឈ្មោះ​លើ​វា ហើយ​ទាម​ទារ​យក​វា»

លោក យូសែប ព្រីនស៍ ប្រកាន់​ខ្ជាប់​តាម​ទស្សនវិជ្ជា​ដ៏​ល្បីល្បាញ​មួយ​ដែល​គេ​ហៅ​ថា​ការ «ដាក់​ឈ្មោះ​លើ​វា ហើយ​ទាមទារ​យក​វា» ដែល​ពេល​ខ្លះ​គេ​ស្គាល់​ថា «សុខភាព និង​ទ្រព្យ​សម្បត្តិ» ឬ​ក៏​ចលនា​នៃ «ពាក្យ​ពេចន៍​ជំនឿ»។ ទោះ​បើ​ថា​មាន​សេចក្ដី​ខុស​ឆ្គង​ជា​ច្រើន​ក្នុង​សេចក្ដី​អធិប្បាយ និង​ការ​និពន្ធ​របស់​លោក យូសែប ព្រីនស៍ ក៏​ដោយ​ក៏​ទេវ​វិទ្យា​នៃ​ការ «ដាក់​ឈ្មោះ​លើ​វា ហើយ​ទាម​ទារ​យក​វា» គឺ​ជា​បញ្ហា​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា។

មាន​គ្រូ​ជា​ច្រើន​បាន​លើក​ស្ទួយ​គំនិត​នៃ​ការ «ដាក់​ឈ្មោះ​លើ​វា ហើយ​ទាមទារ​យក​វា»។ ទាំង​អ្នក​និពន្ធ​គ្រីស្ទ​បរិស័ទ និង​អ្នក​និពន្ធ​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​បង្រៀន​ថា ប្រសិន​បើ​លោក​អ្នក​ចង់​បាន​អ្វី​មួយ ហើយ​ផ្ដោត​គំនិត​របស់​អ្នក​លើ​វា​ដោយ​មាន​ជំនឿ​គ្រប់​គ្រាន់​ល្មម នោះ​សេចក្ដី​ប្រាថ្នា​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​ជា​មិន​ខាន។ មាន​គ្រូ​ខុស​ឆ្គង​ល្បីល្បាញ​មួយ​ចំនួន​ទៀត​ដែល​រាប់​ខ្លួន​ឯង​ថា​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ​បាន​លើក​ស្ទួយ​គំនិត​នេះ៖ លោក ខិននេធហាហ្គិន (Kenneth Hagin), លោក បិននី ហិន (Benny Hinn), លោក ខិននេធ ខូពឡេនដ៍ (Kenneth Copeland), លោក យូល អូស្ទិន (Joel Osteen) និង​លោក​ស្រី ចយ ម៉ាយយ័រ (Joyce Meyer)។ល។

តោះ! ចូរ​យើង​នាំ​គ្នា​មើល​ប្រយោគ​មួយ​ចំនួន​ដែល​គាត់​បាន​លើក​ឡើង ហើយ​ប្រៀបធៀប​វា​ជា​មួយ​នឹង​ព្រះ​បន្ទូល ដើម្បី​ឲ្យ​ឃើញ​ថា​តើ​ការ​លើក​ឡើង​នោះ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​ជា​មួយ​នឹង​ព្រះ​បន្ទូល ឬ​ក៏​ថា​សេចក្ដី​បង្រៀន​របស់​គាត់​គឺ​ជា​ការ​ខុស​ឆ្គង។ ខាង​ក្រោម​នេះ​គឺជា​ការ​ដក​ស្រង់​ចេញពី​សេចក្ដី​អធិប្បាយ​របស់​លោក យូសែប ព្រីនស៍៖

«លោក​អ្នក​អាច​ប្រកាស​ដូច​ជា…ខ្ញុំ​ជឿ​ថា​ខ្ញុំ​គឺ​ជា​មនុស្ស​ដ៏​វ័យ​ក្មេង​ម្នាក់​ដែល​មាន​អាយុ​៤០​ឆ្នាំ…»

«យើង​មិន​ចាំ​បាច់​មាន​ជំពូក និង​ខ​រាល់​ពេល​នោះ​ទេ។ អាម៉ែន? លោក​អ្នក​អាច​មើល​មក​កាន់​រាង​កាយ​ខ្លួន​ឯង ហើយ​ប្រកាស​ថា ខ្ញុំ​ជឿ​ដោយ​ប្រកាស​ថា​ខ្ញុំ​មាន​រូប​កាយ​ដោយ​មាន​សុខ​ភាព​ល្អ​បំផុត​ក្នុង​វ័យ​៥០​ឆ្នាំ។ លោក​អ្នក​អាច​ប្រកាស​បែប​នោះ។ យើង​មិន​ចាំបាច់​មាន​គ្រប់​ជំពូក និង​ខ​រាល់​ពេល​នោះ​ទេ។ គ្រូ​គង្វាល តើ​ខ្ញុំ​អាច​ប្រកាស​បែប​នេះ​បាន​ដែរ​ឬទេ? តើ​លោក​ជឿ​ដែរ​ឬ​ទេ? អញ្ចឹង ចូរ​ប្រកាស​ចុះ។»

ពាក្យ​សម្ដី​បែប​នេះ​ទាស់​ប្រឆាំង​នឹង​អ្វី​ដែល​ព្រះ​បន្ទូល​បង្រៀន។ ប្រសិន​បើ​លោក​អ្នក​ប្រាថ្នា​ចង់​បាន​ភាព​ជា​យុវវ័យ ហើយ​គ្រាន់​តែ «ប្រកាស​បែប​នេះ» នោះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​តែ​ពឹង​លើ​អំណាច និង​ឆន្ទៈ​របស់​មនុស្ស មិន​មែន​អំណាច និង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​នោះ​ទេ។ ព្រះ​បន្ទូល​បង្រៀន​ឲ្យ​យើង​និយាយ​ថា «ហើយ​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ» (យ៉ាកុប ៤:១៥)។ ព្រះ​គម្ពីរ​បាន​បង្រៀន​ឲ្យ​ច្បាស់​លាស់​ថា មនុស្ស​យើង​មិន​ទទួល​បាន​អ្វី​ដែល​យើង​អធិស្ឋាន​សម្រាប់​ដោយ​សារ​យើង​មាន​សេចក្ដី​ប្រាថ្នា​អាត្មា​និយម។ «អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្តី​សំណូម​នោះ​បែប​អាក្រក់ សម្រាប់​នឹង​ចាយ​បំពេញ​សេចក្តី​សំ​រើប​របស់​អ្នក​រាល់​គ្នា​វិញ» (យ៉ាកុប ៤:៣)។

ក្នុង​សេចក្តី​អធិប្បាយ​ដដែល​នោះ​លោក យូសែប ព្រីនស៍ បន្ត​ដូច​ត​ទៅ៖

«ចូរ​ប្រកាស​បែប​នោះ។ ទោះ​បើ​ថា​លោក​អ្នក​មិន​ជឿ​ក៏​ដោយ ចូរ​ប្រកាស​បែប​នោះ​ចុះ។ លោក​អ្នក​មាន​អាយុ​៦០​ឆ្នាំ ហើយ​លោក​អ្នក​មើល​ទៅ​ក្នុង​កញ្ចក់ ហើយ​ប្រកាស​ថា…ខ្ញុំ​ឃើញ​ថា​ខ្លួន​ឯង​លែង​មាន​មុខ​ជ្រួញ​ទៀត​ហើយ។ អាម៉ែន? អាម៉ែន។»

មនុស្ស​យើង​មិន​មាន​ការ​គ្រប់​គ្រង​បែប​នេះ​លើ​ព្រះ​ជាម្ចាស់ និង​អ្វីៗ​ដែល​កើត​ឡើង​នោះ​ទេ។ គឺ​ព្រះ​ជាម្ចាស់​ទេ​តើ​ដែល​មាន​បន្ទូល​ឲ្យ​មាន​អ្វី​កើត​ឡើង​បាន មិន​មែន​មនុស្ស​លោក​ទេ (លោកុប្បត្ដិ ១:៣)។ គឺ​ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ​ដែល​ធ្វើ​ឲ្យ​ចក្រវាឡ​មាន​ចលនា មិន​មែន​ពាក្យ​ពេចន៍​របស់​យើង​នោះ​ទេ (ហេព្រើរ ១:៣)។ មិន​មាន​ខ​គម្ពីរ​ក្នុង​ព្រះ​គម្ពីរ​ណា​ដែល​ប្រាប់​យើង​អំពី​ការ​ដែល​បុគ្គល​ម្នាក់​ទទួល​បាន​ភាព​ជា​យុវវ័យ​ដោយ​គ្រាន់​តែ​និយាយ​មក​កាន់​ខ្លួន​ឯង​ពេល​កំពុង​មើល​កញ្ចក់​ដោយ​មាន​សេចក្ដី​ប្រាថ្នា​យ៉ាង​អាត្មា​និយម។

ក្នុង​សេចក្តី​អធិប្បាយ​ដដែល​នោះ​លោក យូសែប ព្រីនស៍ ក៏​បន្ត​លើក​ឡើង​ទៀត​ថា៖

«ហាត់​ប្រាណ? មិន​ចាំបាច់​ហាត់​ប្រាណ​ទេ។ ខ្ញុំ​គ្រាន់​តែ​និយាយ​មក​កាន់​ខ្លួន​ខ្ញុំ…ខ្លួន​ឯង​ត្រូវ​តែ​ស្គម​ឡើងៗ រាល់​ពេល​ដែល​ខ្ញុំ​មើល​ទៅ​ក្នុង​កញ្ចក់ នោះ​ខ្ញុំ​ឃើញ​ថា​ខ្លួន​ឯង​ស្គម​មែន។ អាម៉ែន?»

តើ​នេះ​ជា​សារ​ចេញ​ពី​ព្រះ​គម្ពីរ​មែន​ឬ? ទេ! តើ​យើង​អាច​ផ្លាស់​ប្ដូរ​ធាតុ​ពិត​ដោយ​គ្រាន់​តែ​និយាយ​ថា យើង​នៅ​ក្មេង យើង​មិន​មាន​មុខ​ជ្រួញ ហើយ​យើង​ស្គម​មែន​ឬ? ទេ! លោក យូសែប ព្រីនស៍ ប្រាប់​ក្រុម​ជំនុំ​គាត់​ថា វា​មិន​មែន​ជា​រឿង​ចាំបាច់​ទេ​ក្នុង​ការ​ដែល​មាន «ជំពូក និង​ខ​រាល់​ពេល​នោះ​ទេ»។ គាត់​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ជំនុំ​គាត់​ប្រកាស ហើយ​ជឿ ហើយ​នោះ​វា​នឹង​ក្លាយ​ជា​ការ​ពិត។

គាត់​បង្រៀន​ថា​វា​មិន​មែន​ជា​ការ​ចាំបាច់​ទេ​ក្នុង​ការ​លើក​ឡើង​អំពី​សេចក្ដី​ពិត​របស់​ព្រះ​ជាម្ចាស់ ខណៈ​ពេល​ដែល​លោក​អ្នក​អះអាង​សេចក្ដី​ប្រាថ្នា​នៃ​ដួង​ចិត្ត​របស់​ខ្លួន​ឲ្យ​មាន​រូប​រាង​ស្អាត។

ព្រះ​គម្ពីរ​មាន​ពេញ​ទៅ​ដោយ​គំរូ​ជា​ច្រើន​នាក់​នៃ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ជាម្ចាស់​ដែល​មិន​អាច​គ្រាន់​តែ «ប្រកាស​បែប​នោះ» ហើយ​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​កាលៈទេសៈ​របស់​ខ្លួន​នោះ​ទេ។ ឧ. លោក យ៉ូប, លោក យ៉ូសែប, ស្ដេច ដាវីឌ, សាវ័ក ប៉ុល និង​មនុស្ស​ជា​ច្រើន​ទៀត សុទ្ធ​តែ​ទទួល​បទ​ពិសោធន៍​ក្នុង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា ប៉ុន្តែ​មិន​អាច​ប្រកាស​ថា «ខ្ញុំ​ឃើញ​ថា​ខ្លួន​ឯង​មិន​មាន​ការ​រង​ទុក្ខ។ អាម៉ែន។» បាន​ទេ។

ជា​ទូ​ទៅ អស់​អ្នក​ដែល​កំពុង​តែ​រងទុក្ខ និង​អ្នក​ដែល​មាន​បញ្ហា​ខាង​ឯ​ថវិកា​គឺ​ជា​ជន​រង​គ្រោះ​លើ​សេចក្ដី​បង្រៀន​បោក​បញ្ឆោត​បែប​នេះ។ ការ​បង្រៀន​នៃ​ការ «ដាក់​ឈ្មោះ​លើ​វា ហើយ​ទាម​ទារ​យក​វា» បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​យល់​ច្រឡំ នឹង​ទទួល​បាន​ការ​បោក​ប្រាស់។ ដូច្នេះ គ្រីស្ទ​បរិស័ទ​ដែល​ស្មោះ​ត្រង់​ដែល​ប្រកាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​នៃ​ព្រះ​បន្ទូល​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អះអាង​ពី​គ្រូៗ​អធិប្បាយ​ខុស​ឆ្គង​បែប​នេះ​ដែល​កំពុង​តែ​មាន​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ។ គ្រូៗ​ខុស​ឆ្គង​បែប​នេះ​កេង​ប្រវ័ញ្ច​ការ​អស់​សង្ឃឹម និង​និមិត​របស់​មនុស្ស​គ្រប់​ទី​កន្លែង។

ព្រះ​យេស៊ូវ​បាន​ដាស់​តឿន​យើង​អំពី​គ្រូ​បង្រៀន​ដែល​ដើរ​បោក​បញ្ឆោត​គេ​បែប​នេះ «គេ​ឆ​ស៊ី​ផ្ទះ​ស្ត្រី​មេម៉ាយ ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ដោះ​សា​ខ្លួន ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត» (ម៉ាកុស ១២:៤០)។ ព្រះ​យេស៊ូវ​បាន​ប្រាប់​យើង​ថា «ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ ដែលគេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ» (ម៉ាថាយ ៧:១៥)។ មាន​គ្រូ​ចចក​ជា​ច្រើន​ដែល​កំពុង​តែ​ស៊ី​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ហោរា​ខុស​ឆ្គង​ដែល​កំពុង​តែ​បោក​បញ្ឆោត​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ ហើយ​ក៏​កំពុង​តែ​រាប់​ខ្លួន​ថា​ជា «គ្រីស្ទ​បរិស័ទ»។

ចលនា​នៃ​ការ «ដាក់​ឈ្មោះ​លើ​វា ហើយ​ទាម​ទារ​យក​វា» ធ្វើ​ជា​តំណាង​ខុស​អំពី​អំណាច​ដ៏​ពិត​របស់​ព្រះ​ជាម្ចាស់ និង​ការ​អធិស្ឋាន។ ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ​មែន សូម​ការពារ​ខ្លួន​ឯង​ពី​ការ​បង្រៀន​ខុស​ឆ្គង​បែប​នេះ ហើយ​សូម​ដាស់​តឿន​ក្រុម​ជំនុំ​របស់​លោក​អ្នក​ផង។ សាវ័ក ប៉ុល បាន​បង្រៀន​ថា​នឹង​មាន «សាវ័ក​ក្លែង​ក្លាយ ជា​អ្នក​ឆបោក​ដែល​ក្លែង​ខ្លួន​ធ្វើ​ជា​សាវ័ក​នៃ​ព្រះ​គ្រីស្ទ​ទេ ហើយ​សេចក្ដី​នោះ​មិន​ជា​អស្ចារ្យ​ឡើយ ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ ដូច្នេះ បើ​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្ដី​សុចរិត​វិញ» (២កូរិនថូស ១១:១៣-១៥)។

យើង​មិន​មាន​តួនាទី​ក្នុង​ការ​និយាយ​ថា​កុំ​ឲ្យ​ខ្លួន​ឈឺ​នេះ​ទេ មាន​ទ្រព្យ​សម្បត្តិ និង​មាន​ភាព​ស្រស់​ស្អាត​ក្លាយ​ជា​ការ​ពិត​នោះ​ដែរ។ ទាំង​នេះ​គឺ​ជា​សេចក្ដី​ប្រាថ្នា​ខុស​ឆ្គង​ដែល​មាន​មូល​ដ្ឋាន​លើ​ភាព​ងប់ងុល​របស់​យើង​ខ្លួន​ឯង​ផ្ទាល់។ គ្រីស្ទ​បរិស័ទ​ដ៏​ពិត​ត្រូវ​តែ​មាន​សេចក្ដី​ប្រាថ្នា​សម្រាប់​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​តែ​មួយ​គត់។ គ្រីស្ទ​បរិស័ទ​ដ៏​ពិត​នឹង​ចង់​ទទួល​បាន​ចំណេះ​ដឹង​ដ៏​ពិត​អំពី​ព្រះ​ជាម្ចាស់​តាម​រយៈ​ព្រះ​គម្ពីរ។ គ្រីស្ទ​បរិស័ទ​ដ៏​ពិត​នឹង​ទទួល​ស្គាល់​ថា​ដំណឹង​ល្អ​ខុស​ឆ្គង​ពី​សុខភាព​ល្អ និង​ទ្រព្យ​សម្បត្តិ​គឺ​មិន​មែន​ជា​ដំណឹង​ល្អ​ទេ។

ដំណឹង​ល្អ​សន្យា​ថា មនុស្ស​មាន​បាប​ដែល​បះបោរ​នឹង​ទទួល​បាន​ការ​ផ្សះផ្សា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​តាម​រយៈ​ព្រះ​លោហិត​របស់​ព្រះ​សង្គ្រោះ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ដំណឹង​ល្អ​សន្យា​មក​កាន់​យើង​ថា យើង​នឹង​មាន​អំណរ​ចេញ​ពី​ការ​រងទុក្ខ និង​ការ​ធានា​ថា អស់​អ្នក​ណា​ដែល​បាន​លះ​បង់​អ្វីៗ​ទាំង​អស់​លើ​លោក​នេះ​សម្រាប់​ប្រយោជន៍​របស់​ទ្រង់​នឹង​ទទួល​បាន​មួយ​រយ​ដង​នៅ​ឯ​ស្ថាន​សួគ៌​វិញ (ម៉ាថាយ ១៩:២៩)។

ដំណឹង​ល្អ​មិន​បាន​សន្យា​ថា​យើង​នឹង​ទទួល​បាន​សុខ​ភាព​ល្អ និង​ទ្រព្យ​សម្បត្តិ​លើ​ផែនដី​នេះ​នោះ​ទេ។ ហើយ​មិនថា​លោក យូសែប ព្រីនស៍ កំពុង​តែ​បង្រៀន​អ្វី​ក៏​ដោយ​ក៏​ដំណឹង​ល្អ​មិន​បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​មិន​មាន​មុខ​ជ្រួញ​នោះ​ដែរ។

និពន្ធដោយ៖ Jeff Lai
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, និងលោក ឯក សត្យា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​​ព្រះផ្ចាញ់ផ្ចាល​យើង

ក្លាយជាទាសករនៃអតីតកាលជាថ្មី