លោក បូឡុង បានផ្ញើសារមកសួរថា «លោកគ្រូ ថ្មីៗនេះ ខ្ញុំបានអានសៀវភៅមួយក្បាល ហើយឃើញគេសរសេរថា «ព្រះទ្រង់បានបង្កើតពិភពលោកមក ក្នុងគោលបំណង ដើម្បីឲ្យពិភពលោកមានដំណើរការ តាមរបៀបដែលធ្វើឲ្យយើងគិតថា ព្រះអង្គមានភាពមិនគ្រប់គ្រាន់សម្រាប់យើង។ ហេតុនេះហើយបានជាព្រះអង្គក៏បានមានបន្ទូលថា «ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ»។ បើព្រះទ្រង់ជាអ្វីគ្រប់យ៉ាង ដែលលោក អ័ដាមត្រូវការ នោះមានន័យថា លោក អ័ដាមមិនឯកោឡើយ។ មិនមែនដោយសារព្រះទ្រង់មានវត្តមាននៅក្បែរគាត់នោះទេ តែដោយសារមិនមានមនុស្សផ្សេងទៀត នៅក្បែរគាត់។ ព្រះទ្រង់បានសម្រេចព្រះទ័យ កំណត់សមត្ថភាពរបស់ទ្រង់ ឲ្យនៅត្រឹមជាអ្វីគ្រប់យ៉ាង ដែលលោក អ័ដាម ត្រូវការ។
ការនិយាយដូចនេះ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ តាមធម្មតា ខ្ញុំឮគេនិយាយថា «ព្រះជាអ្វីគ្រប់យ៉ាង ដែលអ្នកត្រូវការ។ ព្រះទ្រង់មានភាពគ្រប់គ្រាន់សម្រាប់យើងហើយ»។ និយាយដូចនេះ គឺពីរោះស្តាប់ណាស់ ប៉ុន្តែ បញ្ហាស្ថិតនៅត្រង់ថា នេះមិនមែនជាការពិតទេ ហើយព្រះគម្ពីរក៏មិនបានបង្រៀនដូចនេះដែរ ក្នុងបរិបទនៃការនិយាយអំពីទំនាក់ទំនង។ បើយើងនិយាយ អំពីព្រះគុណ នោះអ្វីដែលបានលើកឡើងខាងលើ គឺត្រឹមត្រូវ។ ព្រះគុណព្រះមានភាពគ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ បើយើងនិយាយអំពីទំនាក់ទំនង នោះទំនាក់ទំនងមិនមានភាពគ្រប់គ្រាន់ឡើយ។
ដូចនេះ លោកគ្រូ តើគោលលទ្ធិនៃការស្វែងរកអំណររបស់គ្រីស្ទបរិស័ទ បានបង្រៀនថា ព្រះទ្រង់មានភាពគ្រប់គ្រាន់ ក្នុងការបំពេញការស្រេកឃ្លានគ្រប់យ៉ាងនៃវិញ្ញាណយើង ក្នុងទំនាក់ទំនងមែនទេ? ពុំនោះទេ តើព្រះអង្គបានបង្កើតយើងមក ឲ្យត្រូវការអ្នកដទៃ ដែលនេះជាតម្រូវការជាមូលដ្ឋាន ដែលទ្រង់មិនអាចបំពេញឲ្យបានឬ?
នេះជាសំណួរល្អណាស់ ហើយព្រោះសំណួរនេះបានកើតចេញពីបរិបទក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ២:១៨ ដែលបានចែងថា «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា “ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសម្រាប់ជួយវា”»។ ត្រង់ចំណុចនេះ ច្បាស់ណាស់ ព្រះទ្រង់មិនសព្វព្រះទ័យឲ្យលោក អ័ដាមឆ្លើយតបថា «ទេ! ទូលបង្គំអរព្រះគុណព្រះអង្គ។ ប៉ុន្តែ ព្រះអង្គខុសហើយ។ ទូលបង្គំមិននៅម្នាក់ឯងទេ។ ទូលបង្គំមានព្រះអង្គគង់នៅជាមួយហើយ»។ ព្រះទ្រង់យល់ឃើញថា សណ្ឋាននៃរបស់សព្វសារពើ ដែលព្រះអង្គបានបង្កើត មានភាពល្អដែលមិនទាន់ឈានដល់ចំណុចចុងក្រោយ ដែលព្រះអង្គសព្វព្រះទ័យ ដែលទាំងបុរស និងស្ត្រីត្រូវមានព្រះទាំងអស់គ្នា។ ក្នុងគំនិតរបស់ព្រះ ការបង្កើតឲ្យមានមនុស្សម្នាក់ទៀត ជារឿងមិនចាំបាច់ទេ។
ព្រះទ្រង់បង្កើតសេចក្តីត្រូវការ
ករណីដែលលោក បូឡុង បានដកស្រង់មកនេះ ហាក់ដូចជាខ្លាំងបន្តិច។ ពាក្យសម្ដីហាក់ដូចជាខ្លាំងបន្តិច ពេលដែលគេនិយាយទៅកាន់លោកអ័ដាម នៅក្នុងសួនច្បាអេដែនថា «ព្រះទ្រង់ជាអ្វីៗគ្រប់យ៉ាង ដែលអ្នកត្រូវការ»។ ចូរយើងធ្វើឲ្យករណីនេះកាន់តែខ្លាំងថែមមួយកម្រិតទៀត ដោយបន្ថែមខគម្ពីរដទៃទៀត ដែលមានដូចជា «ព្រះទ្រង់បានដាក់ចុះនូវអវយវៈនីមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់ បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា? តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ ហើយភ្នែក (ឧបមាថា៖ លោក បូឡុង គឺជាភ្នែក) ពុំអាចនិយាយទៅដៃ (ឧបមាថា៖ លោក ចន ផាបភ័រ ជាដៃ) ថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ» (១កូរិនថូស ១២:១៨-២១)។
ដូចនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដា មានបន្ទូលត្រង់ៗថា «អ្នកមិនត្រូវនិយាយ ទៅសមាជិកដទៃទៀតនៃរូបកាយព្រះគ្រីស្ទថា “ខ្ញុំមិនត្រូវការអ្នក”» នោះឡើយ។ ការនិយាយដូចនេះ គឺជាអំពើបាប។ ម្យ៉ាងទៀត ព្រះទ្រង់បានហាមយើង មិនឲ្យនិយាយថា «ខ្ញុំមានព្រះហើយ។ ខ្ញុំមិនត្រូវការសមាជិកដទៃទៀតនៃរូបកាយព្រះគ្រីស្ទឡើយ»។
យើងខ្ញុំអាចលើកយកឧទាហរណ៍ជាច្រើនទៀតមកនិយាយបាន។ ព្រះយេស៊ូវបានបង្គាប់យើងឲ្យអធិស្ឋានថា «សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ»(ម៉ាថាយ ៦:១១)។ ហើយព្រះអង្គក៏បានប្រាប់យើង កុំឲ្យថប់បារម្ភអំពីចំណីអាហារ ឬសំលៀកបំពាក់ឡើយ ព្រោះព្រះយេស៊ូវមានបន្ទូលថា «ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ» (ម៉ាថាយ ៦:៣១-៣២)។ ដូចនេះ ព្រះទ្រង់បានបង្កើតចក្រវាលដែលអាចមើលឃើញ គឺមិនគ្រាន់តែពិភពខាងឯវិញ្ញាណប៉ុណ្ណោះទេ។ ហើយទ្រង់បង្កើតវិញ្ញាណដទៃទៀត គឺមិនមែនតែវិញ្ញាណរបស់មនុស្សម្នាក់ ឲ្យមានទំនាក់ទំនងជាមួយព្រះអង្គនោះដែរ។ ហើយព្រះអង្គបង្កើតសង្គម និងពួកជំនុំ មិនមែនវិញ្ញាណនៅដាច់ដោយឡែកពីគ្នា ក្នុងការទំនាក់ទំនងជាមួយព្រះអង្គ។ ហើយក្នុងការដែលព្រះអង្គបង្កើតពិភពលោក ពួកជំនុំ និងសង្គមមក ព្រះអង្គបានកំណត់ ឲ្យយើងទទួលផលប្រយោជន៍ពីការទាំងនេះ ដើម្បីឲ្យយើងមានអាហារ ទឹក ជម្រក សំលៀកបំពាក់ ខ្យល់ដកដង្ហើម និងអ្នកដទៃទៀត ហើយក៏ដើម្បីឲ្យយើងស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ ដែលមានដូចជា «ចូរស្រឡាញ់អ្នកដទៃ ដូចខ្លួនឯង» ជាដើម (ម៉ាកុស ១២:៣១) ។ អ្នកមិនអាចស្តាប់បង្គាប់តាមព្រះរាជបញ្ចាមួយនេះបានទេ បើអ្នកគ្មានអ្នកជិតខាង សម្រាប់ស្រឡាញ់ទេនោះ។
ដូចនេះ យើងមិនខុសទេ ពេលដែលយើងនិយាយថា យើងត្រូវការអ្នកជិតខាង ក្នុងន័យថា ព្រះទ្រង់បានរៀបចំមកយ៉ាងដូចនេះឯង។ ព្រះអង្គបានបង្កើតរបស់ទាំងនេះមក។ ព្រះអង្គបានបង្កើតយើង ឲ្យមានតម្រូវការ ដែលមានតែព្រះអង្គទេ ដែលអាចបំពេញបាន ក្នុងន័យថា ព្រះអង្គប្រទានរបស់ទាំងនេះមកយើង តែមិនមែនធ្វើជារបស់ទាំងនេះ សម្រាប់យើងនោះឡើយ។
ព្រះទ្រង់ជាចំណុចកណ្តាលនៃតម្រូវការរបស់យើង
សំណួរនោះគឺថា៖ តើយើងគួរតែនិយាយថា «ព្រះទ្រង់មានភាពគ្រប់គ្រាន់សម្រាប់យើង» ឬក៏ថា «ខ្ញុំមិនត្រូវការអ្វីផ្សេងទៀត ក្រៅពីព្រះនោះឡើយ» មែនឬ? មានហេតុផលដ៏ល្អមួយ ដែលពាក្យពេចន៍ទាំងនេះ បានដក់ជាប់ក្នុងផ្នត់គំនិតយើង។ យើងខ្ញុំអាចប្រាប់អំពីហេតុផលនោះ ដោយចោទសួរទៅវិញថា៖ «ហេតុអ្វីពាក្យពេចន៍ទាំងនេះ ហាក់ដូចជាមិនសំខាន់ចំពោះព្រះ ពេលដែលយើងនិយាយចេញមកដូចនេះ?» ពេលណាយើងនិយាយថា «ព្រះមិនមានភាពគ្រប់គ្រាន់សម្រាប់យើង» ឬថា «ខ្ញុំមានគ្រប់គ្រាន់ហើយ ខ្ញុំមិនត្រូវការព្រះទេ» ហេតុអ្វីការនិយាយដូចនេះ ហាក់ដូចជាមិនសំខាន់ចំពោះព្រះអញ្ចឹង?
មូលហេតុនោះគឺថា ការបង្រៀនមួយ ក្នុងចំណោមការបង្រៀនសំខាន់បំផុតនៃព្រះគម្ពីរ បានបង្រៀនថា ពេលដែលតម្រូវការរបស់យើងជាមនុស្ស មិនបានទទួលការបំពេញ ហើយយើងនៅកណ្ដោចកណ្ដែង និងហៀបនឹងស្លាប់ នោះព្រះទ្រង់នឹងមិនខាននឹងបំពេញតម្រូវការយើងឡើយ។ ស្ថិតក្នុងពេលនោះ ព្រះអង្គនឹងមានភាពគ្រប់គ្រាន់សម្រាប់យើង។ នេះជាអត្ថន័យនៃការថ្វាយព្រះកិត្តិនាមដល់ព្រះ ដោយនិយាយថា ព្រះអង្គជាអ្វីៗគ្រប់យ៉ាង ដែលយើងត្រូវការ។ យើងអាចនិយាយបានម្យ៉ាងទៀតថា បើតម្រូវការទាំងអស់របស់ខ្ញុំ មិនបានទទួលការបំពេញ នោះព្រះអង្គនឹងមិនដែលខានឡើយ។ នេះជាចំណុចសំខាន់ នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៨:៣៥ ដែលបានចែងថា «តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវឬអី?» ខគម្ពីរនេះបានបង្ហាញថា តម្រូវការដែលព្រះទ្រង់ឲ្យយើងមាន (សម្រាប់ឲ្យយើងរស់នៅ និងការស្តាប់បង្គាប់) គឺសុទ្ធតែអាចខកខានមិនបានទទួលការបំពេញ។ ការអត់ឃ្លានអាចធ្វើឲ្យខ្វះអាហារ។ ភាពអាក្រាតអាចធ្វើឲ្យយើងគ្មានអ្វីស្លៀកពាក់។ ដាវអាចផ្តាច់ជីវិត ឬកាត់ដៃជើងយើងបាន។ ម្យ៉ាងទៀត «គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍» ដែលយើងត្រូវការ មិនមែនជាអ្វីដែលយើងត្រូវការនៅទីបញ្ចប់នោះឡើយ។ ទេ! ក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត។ គ្មានអ្វីអាចពង្រាត់យើង ចេញពីក្តីស្រឡាញ់របស់ព្រះបានឡើយ (រ៉ូម ៨:៣៧-៣៩)។ ព្រះអង្គមានភាពគ្រប់គ្រាន់ ក្នុងពេលនោះ។ ហេតុនេះហើយ យើងមានអារម្មណ៍ថា យើងកំពុងតែខ្វះការគោរពចំពោះព្រះអង្គ បើយើងនិយាយថា យើងមិនត្រូវការព្រះអង្គ ឬថា យើងមានអ្វីផ្សេងទៀត ដែលយើងត្រូវការផងដែរ ដែលព្រះអង្គមិនអាចបំពេញឲ្យបាន។
ឥឡូវនេះ ខ្ញុំបាននិយាយសង្កត់ធ្ងន់ ដោយប្រើពាក្យ ក្នុងពេលនោះ ព្រោះព្រះទ្រង់នៅតែមានព្រះទ័យប្តូរផ្តាច់ ចំពោះពិភពលោក ដែលព្រះអង្គបានបង្កើត ហើយនៅក្នុងគ្រានៃការរស់ឡើងវិញ ព្រះអង្គនឹងប្រទានមកវិញនូវអ្វីដែលបានបាត់បង់ នៅក្នុងការស្លាប់។ ព្រះអង្គនឹងបង្រៀនយើង ក្នុងពេលនៃសេចក្តីស្លាប់ ឲ្យពឹងផ្អែកលើព្រះអង្គ។ សាវ័កប៉ុលបាននិយាយអំពីរឿងនេះ ក្នុងបទគម្ពីរ ២កូរិនថូស ១:៨-៩។
បន្ទាប់មក មានចំណុចមួយទៀត ដែលត្រូវនិយាយសង្កត់ធ្ងន់។ សូម្បីតែ ក្នុងតម្រូវការនៃប្តីប្រពន្ធ ចំណីអាហារ សមាជិកពួកជំនុំ និងគ្រឿងទ្រទ្រង់ជីវិត គ្រឿងធ្វើឲ្យជីវិតប្រសើរឡើង ដែលព្រះទ្រង់បានប្រទានឲ្យយើងមាន ក៏ព្រះអង្គនៅតែធ្វើឲ្យភាពសប្បាយរីករាយរបស់យើងមានន័យ គឺដូចអ្វីដែលពួកព្យួរីតិនតែងនិយាយ។ ពេលណាយើងមានការសប្បាយដ៏ត្រឹមត្រូវ យើងអរសប្បាយនឹងព្រះ នៅក្នុង និងតាមរយៈប្តីប្រពន្ធ ធម្មជាតិ ការអស្ចារ្យ និងចំណីអាហារ ដើម្បីកុំឲ្យយើងយកការទាំងនេះជាសំខាន់ជាងព្រះអង្គឡើយ។ ហើយក្នុងន័យមួយ យើងក៏អាចនិយាយថា «ខ្ញុំមានព្រះ នៅក្នុងការទាំងអស់នេះ គឺមិនគ្រាន់តែមានព្រះអង្គ បន្ថែមពីលើអ្វីទាំងអស់ ដែលធ្វើឲ្យខ្ញុំស្កប់ចិត្ត»។ ដូច្នេះ ព្រះទ្រង់ប្រើសេចក្តីត្រូវការរបស់យើង នូវមនុស្ស និងចំណីអាហារ ដើម្បីនិយាយមកកាន់យើងថា «ឃើញទេ បិតានៅក្នុងអំណោយនេះហើយ។ តើកូនឃើញបិតាទេ? តើកូនអរសប្បាយនឹងបិតា ក្នុងអំណោយទាំងនេះទេ?» ដូចនេះ តាមពិតក្នុងការដែលព្រះទ្រង់បង្កើតអ្វីដែលមិនមែនជាព្រះ ព្រះអង្គបានបង្កើតពិភពលោក ដែលក្នុងនោះ គេនឹងបានស្គាល់ និងអរសប្បាយនឹងព្រះអង្គបានពេញលេញ លើសអ្វីៗទាំងអស់។
មតិយោបល់
Loading…