ពួកមរមនប្រើពាក្យដូចគ្នានឹងគ្រីស្ទសាសនាដែរ ដូចជា «ព្រះ ព្រះយេស៊ូវ សាតាំង សេចក្តីសង្គ្រោះ ព្រះត្រៃឯក» ជាដើម។ ប៉ុន្តែអត្ថន័យដែលគេឲ្យពាក្យទាំងនោះ មានអត្ថន័យផ្សេងពីគ្រីស្ទសាសនាពិត។
ប្រវត្តិ
យ៉ូសែប ស្មីតបានបង្កើតសាសនាថ្មី ឈ្មោះសាសនាមរមន នៅរដ្ឋញូវយ៉កប្រហែលឆ្នាំ១៨៣៨។ គាត់បានប្រកាសថា ព្រះបានប្រាប់គាត់ ឲ្យចាកចេញពីក្រុមជំនុំព្រះយេស៊ូវគ្រីស្ទ ព្រោះក្រុមជំនុំទាំងអស់ សុទ្ធតែអាក្រក់។ លោកស្មីតបាននិយាយថា ទេវតាដែលមកពីព្រះ បានប្រាប់គាត់ ពីកន្លែងដែលសៀវភៅធ្វើពីមាសដែលគេកប់ទុក។ គាត់បាននិយាយថា គាត់បានរកឃើញសៀវភៅមាសនោះ ហើយបកប្រែវាពី «ភាសាអេហ្ស៊ីប កំណែទម្រង់» (Reformed Egyptian) ដោយមានជំនួយពីព្រះ។ គាត់ហៅគម្ពីរនោះថា គម្ពីរមរមន តាមឈ្មោះមនុស្សម្នាក់ដែលគាត់ថា ជាអ្នកសរសេរសៀវភៅមាសនោះ។ សៀវភៅនោះនិទានរឿងអំពីជនជាតិបុរាណមួយនៅអាមេរិកខាងជើង ដែលជាពូជជនជាតិអ៊ីស្រាអែល។ (អ្នកវិទ្យាសាស្ត្រ ថា គ្មានភ័ស្ដុតាង អំពីភាសា ឬអក្សរដែលហៅថា «ភាសាអេហ្ស៊ីបកំណែទម្រង់» នោះទេ ហើយគ្មានភ័ស្ដុតាងដែលថា មានជនជាតិដើមភាគតិចនៅអាមេរិក ជាពូជជនជាតិអ៊ីស្រាអែលនោះទេ)។ ក្រោយមកលោកស្មីត អះអាងថា គាត់បានប្រគល់សៀវភៅនោះ ទៅទេវតាវិញហើយ។ ដូច្នេះ គ្មានរបៀបណាដើម្បីដឹងប្រាកដថា លោកស្មិតនិយាយការពិត ឬដឹងប្រាកដថាការបកប្រែគម្ពីរមរមនត្រឹមត្រូវឬទេ។ យ៉ូសែប ស្មីតត្រូវបានចាប់ខ្លួនជាច្រើនដង ដោយសារការលួចបន្លំធនាគារ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងការមានពហុពន្ធភាព។ (បើចង់ឃើញគ្រប់បញ្ជីចាប់ខ្លួនលោកស្មីត សូមមើលអត្ថបទ «យ៉ូសែប ស្មីត និង ប្រព័ន្ធយុត្តិធម៌» https://en.wikipedia.org/wiki/Joseph_Smith_and_the_criminal_justice_system)
ជំនឿ
គោលជំនឿសាសនាមរមន គឺប្លែកមែនទែន ហើយខុសពីគ្រីស្ទសាសនាពិត។ វាជាសាសនាខុសគ្នាទាំងស្រុង។ ប៉ុន្តែដោយសារពួកគេប្រើឈ្មោះដូចគ្នានឹងជំនឿយើងដែរ គឺពាក្យ «ព្រះ» «ព្រះយេស៊ូវ» «សាតាំង» ។ល។ នោះមនុស្សគិតថា វាជាសាសនាគ្រីស្ទមួយដែរ។
ពួកមរមនជឿថា មានព្រះរាប់ពាន់អង្គ ដែលរស់នៅលើភពផែនដីផ្ទាល់របស់ពួកគេ។ ពួកគេបង្រៀនថា «…ព្រះវរបិតាធ្លាប់ជាមនុស្សធម្មតានៅលើភពមួយផ្សេងទៀត ហើយគាតបានក្លាយជាព្រះ ដោយធ្វើតាមច្បាប់ និងក្រឹត្យវិន័យរបស់ព្រះ នៃភពនោះ ហើយ[បន្ទាប់មក]បានមកដល់ពិភពលោកនេះ ជាមួយប្រពន្ធគាត់ (នាងបានក្លាយជាព្រះដែរ)។ ហើយតាមរយៈទំនាក់ទំនងផ្លូវភេទ ពួកគេបង្កើតកូនខាងវិញ្ញាណរាប់ពាន់លាននាក់នៅស្ថានសួគ៌។ កូនខាងវិញ្ញាណទាំងនេះ រួមមានព្រះយេស៊ូវ អារក្ស អ្នក និងខ្ញុំ សុទ្ធសឹងជាបងប្អូន ដែលកើតនៅក្នុងសម័យកាលមុន។ កូនខាងវិញ្ញាណទាំងនេះ ចុះមកចូលក្នុងរូបកាយទារកនៅពេលកើតមក។ … លើសពីនេះទៀតពួកមរមនស្មោះត្រង់ ដែលបានបង់១០ភាគរយនៃប្រាក់ចំណូលរបស់ពួកគេដល់វិហារមរមន អាចក្លាយជាព្រះនៃភពផ្ទាល់ខ្លួនរបស់ពួកគេ ហើយបន្ទាប់មកអាចចាប់ផ្តើមដំណើរការទាំងនេះម្តងទៀត។ វាគឺជា ការប្រមាថដល់ព្រះ ដែលនិយាយថា ទ្រង់ធ្លាប់ជាមនុស្ស ហើយមានព្រះច្រើន។ (https://carm.org/mormonism/mormon-beliefs-are-they-christian/)
ពួកមរមនបដិសេធព្រះត្រៃឯក។ ពួកមរមនចូលចិត្តនិយាយថា ពួកគេជឿលើព្រះត្រៃឯក ប៉ុន្តែតាមពិតពួកគេជឿលើព្រះ ៣ ដាច់ដោយឡែកពីគ្នា (និងព្រះរាប់ពាន់ទៀត!)។ ពួកគេមិនជឿលើព្រះតែមួយ ដែលជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដ៏អស់កល្បជានិច្ចនោះទេ។ សាសនាមរមន គឺជាសាសនាពហុនិយម មិនមែនជាសាសនាគ្រីស្ទទេ។
ពួកមរមនជឿថា ព្រះយេស៊ូវគ្រីស្ទ គឺជាមនុស្សធម្មតាដែលបានក្លាយជាព្រះ។ នៅក្នុងសាសនាមរមន ព្រះរាជបុត្រាមិនគង់នៅតាំងពីអស់កល្បជានិច្ចទេ។ វិញ្ញាណរបស់ទ្រង់បានកើតមកនៅពេលដែលព្រះវរបិតានៅស្ថានសួគ៌ និងមហេសីរបស់ទ្រង់ ដែលជាព្រះដែរ បានរួមដំណេក(ទាំងពីរអង្គមានរូបកាយ ដូចអ្នក និងខ្ញុំ) ហើយបង្កើតវិញ្ញាណដែលយើងហៅថា ព្រះយេស៊ូវ។ ក្រោយមកពួកគេបានរួមភេទម្ដងទៀត ហើយបានបង្កើតវិញ្ញាណដែលយើងហៅថា សាតាំង។ (ដូច្នេះ ព្រះយេស៊ូវ និងអារក្សសាតាំងជាបងប្អូនគ្នា)។ តាមរបៀបដូចគ្នា ព្រះ និងភរិយាច្រើនរបស់ទ្រង់ បានរួមភេទ ដប់ពាន់លានដងទៀត (១០,០០០,០០០,០០០ដង!) ដើម្បីបង្កើតវិញ្ញាណសម្រាប់ដប់ពាន់លាននាក់ ដែលធ្លាប់បានរស់នៅលើភពនេះ! ពួកគេជឿថា ក្រោយមកវិញ្ញាណឈ្មោះព្រះយេស៊ូវ បានកើតជាមនុស្សធម្មតា ដូចអ្នកនិងខ្ញុំ គាត់មិនមែនជាព្រះទេ តែដោយសារគាត់បានធ្វើតាមក្រឹត្យវិន័យ នោះព្រះវរបិតាបានលើកដំកើងគាត់ដល់ឋានៈជាព្រះមួយ។
អ្នកដឹកនាំមរមនសំខាន់ៗបានបង្រៀនថា ព្រះវរបិតា បានរួមភេទជាមួយនឹងម៉ារា ដើម្បីបង្កើតរូបកាយរបស់ព្រះយេស៊ូវ។ ពួកគេបានបង្រៀនថា ព្រះវរបិតា (ដែលមានរូបកាយដូចយើង) បានចុះមកផែនដី ហើយធ្វើឲ្យម៉ារាមានផ្ទៃពោះ ដោយរួមភេទជាមួយនាង។ ពួកគេថា ទ្រង់បានធ្វើដូច្នេះ ដើម្បីរៀបចំរូបកាយដែលនឹងទទួលវិញ្ញាណឈ្មោះយេស៊ូវ។ (នេះគឺជាការប្រមាថដ៏អាក្រក់ចំពោះព្រះវរបិតា និងនាងព្រហ្មចារីម៉ារា!)។
សូមស្ដាប់ពាក្យសំដីអាក្រក់របស់មេដឹកនាំមរមនផ្ទាល់អំពីរឿងនេះ៖ «ព្រះគ្រីស្ទត្រូវបានបង្កើត តាមរយៈ ព្រះវរបិតាដែលអមតៈ ដោយរបៀបដូចគ្នា ដែលមនុស្សធម្មតា ត្រូវបានបង្កើតពីឪពុកធម្មតា» (គោលលទ្ធិ មរមន ១៩៦៦ ទំព័រ ៥៤៧)។ លោក ព្រីកហាំ យ៉ង់ ដែលជានាយកទីពីរនៃសាសនាមរមន បង្រៀនម្ដងហើយម្ដងទៀតថា ព្រះយេស៊ូវត្រូវចាប់ទុំផ្ទៃ ពេលព្រះមានការរួមភេទធម្មតា រវាងព្រះវរបិតា និងនាងម៉ារា៖ «ព្រះវរបិតាចុះមកបង្កើតទ្រង់ ដោយរបៀបដែលមនុស្សធម្មតាធ្វើ…» (The Complete Discourses of Brigham Young, vol. 1, p. 321; February 16, 1849, Salt Lake City)។ ម្តងទៀត នេះគឺជាការប្រមាថដ៏អាក្រក់ចំពោះព្រះវរបិតា និងនាងព្រហ្មចារីម៉ារា!
សព្វថ្ងៃនេះពួកមរមន ទទូចថា ជំនឿនេះមិនមែនជាជំនឿផ្លូវការរបស់សាសនាមរមនទេ។ តែមានអ្នកដឹកនាំសំខាន់ៗយ៉ាងតិច៤នាក់ ដែលបានបង្រៀនថា ព្រះបានរួមភេទជាមួយនាងម៉ារា ដូចជា ព្រីកហាំ យ៉ង់ (Brigham Young) ហ៊ីបឺ ឃីមបិល (Heber Kimbal) អ័រសិន ប្រាត (Orson Pratt) ហើយ យ៉ូសែប អែហ្វ ស្មីត (Joseph F. Smith)។ ហើយក្រុមជំនុំមរមនមិនដែលបានបដិសេធ ការបង្រៀនប្រមាថនេះទេ។ ពួកមរមនមិនគួរឆ្ងល់ថា ហេតុអ្វីបានជាយើងអាក់អន់ចិត្តនឹងសាសនារបស់ពួកគេឡើយ។
ពួកមរមនបន្ថែមគម្ពីរថ្មី។ ពួកមរមនអះអាងថា ពួកគេទទួលព្រះគម្ពីរប៊ីប («ឲ្យតែបានបកប្រែយ៉ាងត្រឹមត្រូវ»)។ ប៉ុន្តែពួកគេបន្ថែមបីសៀវភៅទៀត គឺ (១)គម្ពីរមរមន (២) គោលលទ្ធិនិង សេចក្តីសញ្ញា ហើយ (៣) មុក្ដាដ៏មានតម្លៃ ។ ពួកគេអះអាងថា យ៉ូសែប ស្មីតបានបកប្រែគម្ពីរមរមនពីសៀវភៅមាស ដែលគាត់បានរកឃើញកប់នៅញូវយ៉ក។ សៀវភៅទាំងនេះមានសារៈសំខាន់ចំពោះពួកគេជាងព្រះគម្ពីរ។
ពួកមរមនបង្រៀនថា វា ជាការល្អដែលអ័ដាមមិនស្តាប់បង្គាប់ព្រះ ពីព្រោះ នោះគឺជាផ្លូវតែមួយគត់ ដែលមនុស្សជាតិអាចត្រូវបានសង្គ្រោះ (២នីហ្វៃ Nephi ២ៈ២២-២៥)។ នេះគឺជាការប្រមាថ។
ពួកមរមនបង្រៀនថា ព្រះមានរូបកាយ មិនគ្រាន់តែជាវិញ្ញាណទេ។ គម្ពីរគេថា «ព្រះវរបិតាមានរូបកាយជាសាច់ និងឆ្អឹងដូចមនុស្សដែរ …» (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ៈ២២)។ ប៉ុន្តែនេះគឺជាការប្រមាថ ព្រោះព្រះយេស៊ូវបានមានបន្ទូលនៅក្នុងយ៉ូហាន ៤ៈ២៤ ថា «ព្រះជាម្ចាស់ជាវិញ្ញាណ ហើយអស់អ្នកដែលថ្វាយបង្គំទ្រង់ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត» ។
ពួកមរមនបង្រៀនថាមាន «ព្រះមាតា» ជាច្រើន។ (មើល Articles of Faith, ប្រការនៃសេចក្តីជំនឿ ដោយ James Talmage ទំព័រ ៤៤៣)។ ពួកគេជឿថា ព្រះវរបិតា និងព្រះមាតា ជាប្ដីប្រពន្ធនឹងគ្នា ដែលបង្កើតកូនខាងវិញ្ញាណជាមួយគ្នា (គោលលទ្ធិ មរមន ទំព័រ ៥១៦)។ នេះគឺជាការប្រមាថប្រឆាំងនឹងព្រះពិត។ ព្រះគម្ពីរប៊ីប មិនដែលនិយាយអំពីព្រះមាតាទេ។
ពួកមរមនបដិសេធ សេចក្ដីសង្គ្រោះ ដោយព្រះគុណតាមរយៈសេចក្ដីជំនឿតែប៉ុណ្ណោះ។ សូមស្តាប់ពាក្យរបស់ពួកគេផ្ទាល់៖
- «គោលលទ្ធិមួយដែលខុសឆ្គងបំផុត មានប្រភពពីអារក្សសាតាំង… គឺមនុស្សអាចបានសង្គ្រោះ ដោយព្រះគុណពីព្រះអង្គទទេ គឺថាមានតែជំនឿលើព្រះយេស៊ូវតែប៉ុណ្ណោះ ដើម្បីបានសេចក្ដីសង្គ្រោះ» (Miracle of Forgiveness ដោយអគ្គនាយកមរមន Spencer W. Kimball ទំ. ២០៦)។
- យញ្ញបូជារបស់ព្រះយេស៊ូវមិនអាចសម្អាតយើងពីអំពើបាបមួយចំនួនបានទេ (ដូចជាឃាតកម្ម និងការផិតក្បត់ ម្តងហើយម្ដងទៀត) ( Journal of Discourses ភាគទី៣,១៨៥៦, ទំ.២៤៧)។
- អំពើល្អជាការចាំបាច់សម្រាប់សេចក្ដីសង្គ្រោះ (Articles of Faith ទំ. ៩២)។
- គ្មានការសង្គ្រោះទេ សម្រាប់អ្នកដែលមិនទទួល យ៉ូសែប ស្មីតជាព្យាការីរបស់ព្រះ (Doctrines of Salvation ភាគទី១ ទំ.១៨៨)។
- «យើងដឹងថា ដោយសារព្រះគុណដែលយើងបានសង្គ្រោះ ក្រោយពីយើងធ្វើអស់សមត្ថភាពយើង» ( 2 Nephi 25ៈ23)។
សាសនាមរមន មិនមែនជាគ្រីស្ទសាសនាទេ។
ជំនឿទាំងនេះពិតជាចម្លែកណាស់ ដែលយើងមិនត្រូវហៅសាសនាមរមនថា ជាសាសនាគ្រីស្ទានទេ។ ពួកមរមនមានសិទ្ធិបង្កើតសាសនាថ្មី ដែលខុសប្លែកឆ្ងាយពីសាសនាព្រះគ្រីស្ទ ប៉ុន្តែគេមិនមានសិទ្ធិហៅថា គ្រីស្ទសាសនាទេ។ ហើយគេក៏គ្មានសិទ្ធិ លួចព្រះនាម និងឈ្មោះរបស់គ្រីស្ទសាសនាដូចជា ព្រះវរបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធ ព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អ ។ល។
ស្ថាបនិកនៃសាសនាមរមន ក៏បានបរាជ័យចំពោះការសាកល្បងនៃសីលធម៌ និងភាពបរិសុទ្ធ
អស់រយៈពេល៤០ឆ្នាំដំបូងនៃសាសនាមរមន មេដឹកនាំបានបង្រៀនសមាជិកថា ការមានប្រពន្ធច្រើនជាគោលការណ៍សុចរិត និងចាំបាច់។
ស្ថាបនិកសាសនាមរមន យ៉ូសែប ស្មីត បានយកប្រពន្ធយ៉ាងហោចណាស់២៧នាក់ និងអាចជាង៤០នាក់។ ប្រពន្ធគាត់ខ្លះនៅតែជាប្រពន្ធស្របច្បាប់នឹងប្ដីដើមនៅឡើយ នៅពេលពួកគេរៀបការជាមួយលោកស្មីត! នៅក្នុងគម្ពីរមរមន Doctrine and Covenants ផ្នែក១៣២ ព្យាការីសាសនាមរមនបានហៅការមានប្រពន្ធច្រើនថា ជា «គោលលទ្ធិដ៏បរិសុទ្ធ និងសំខាន់បំផុត ដែលធ្លាប់បានសម្ដែងដល់មនុស្សនៅលើផែនដី»។ គាត់ក៏បង្រៀនថា បុរសម្នាក់ត្រូវការភរិយាយ៉ាងហោចណាស់ក៏បីនាក់ដែរ ដើម្បីទទួលបាន «ការលើកតម្កើងពេញលេញ» ក្រោយស្លាប់។ គាត់បានថា ព្រះបានព្រមានរបៀបនេះ៖ «អស់អ្នកណាដែលក្រឹត្យវិន័យនេះបានសម្ដែងដល់ ពួកគេត្រូវតែគោរពប្រតិបត្តិ…ហើយបើមិនគោរពតាមកិច្ចព្រមព្រៀងនេះទេ អ្នកនោះនឹងត្រូវវិនាស។ ពីព្រោះគ្មានអ្នកណាអាចបដិសេធកិច្ចព្រមព្រៀងនេះ ហើយត្រូវបានអនុញ្ញាតឲ្យចូលក្នុងសិរីល្អរបស់ខ្ញុំឡើយ»។ និយាយម្យ៉ាងទៀត មនុស្សដែលបដិសេធគោលការណ៍មានប្រពន្ធច្រើននេះ មិនអាចទទួលសេចក្ដីសង្គ្រោះបានឡើយ។ (https://en.wikipedia.org/wiki/ListofJosephSmith%27swives)
ភរិយាម្នាក់របស់យ៉ូសែប ស្មីតឈ្មោះ ហេឡែន ម៉ារ គឹមបល (Helen Mar Kimball) មានអាយុត្រឹម១៤ឆ្នាំប៉ុណ្ណោះ នៅពេលយ៉ូសែប ស្មីតបានរៀបការជាមួយនាង! ឪពុករបស់នាងបានសួរនាងថា សុខចិត្តធ្វើជាប្រពន្ធរបស់យ៉ូសែប ស្មីតឬអត់? ហើយគាត់ព្រម។ ក្រោយមក នាងបានពន្យល់អំពីការសម្រេចរបស់នាងថា «គាត់[យ៉ូសែប ស្មីត]បាននិយាយមកខ្ញុំថា <បើនាងនឹងបោះជំហាននេះ វាពិតជាធានាបាននូវសេចក្តីសង្គ្រោះ និងការលើកតម្កើងដ៏អស់កល្បរបស់នាង ព្រមទាំងគ្រួសារនៃឪពុកនាង និងបងប្អូនទាំងអស់របស់នាងផង> ការសន្យានេះធំណាស់ដែលខ្ញុំសុខចិត្តលះបង់ខ្លួនឯង ដើម្បីទិញរង្វាន់ដ៏រុងរឿង»។ https://en.wikipedia.org/wiki/https://en.wikipedia.org/wiki/Mormonism_and_polygamy)
សូមកត់សម្គាល់ពីរបៀបដែលយ៉ូសែប ស្មីត បានប្រើអំណាច និងឥទ្ធិពលរបស់គាត់ ញាក់ក្មេងស្រីនេះឲ្យរៀបការជាមួយគាត់ ដោយសន្យាជួយសង្គ្រោះដល់ឪពុកម្ដាយ និងក្រុមគ្រួសាររបស់នាង។ នេះជាអំពើដ៏អាក្រក់បំផុត។
អគ្គនាយកទី២នៃសាសនាមរមន ឈ្មោះព្រិកហាំ យ៉ង់ (Brigham Young) មានប្រពន្ធ ៥១នាក់! (https://en.wikipedia.org/wiki/List_of_Brigham_Young%51s_wives)
នៅឆ្នាំ១៨៩០ តំបន់យូថាហ៍ ដែលប្រជាជនភាគច្រើនកាន់សាសនាមរមន គឺចង់ក្លាយជារដ្ឋមួយនៃសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនអនុញ្ញាតឲ្យតំបន់យូថាហ៍ ចូលរួមទេ ទាល់តែពួកគេមានច្បាប់ហាមការមានប្រពន្ធច្រើន។ ស្រាប់តែ អ្នកដឹកនាំសាសនាមរមនបានទទួលការសម្ដែងពីព្រះថា ឥឡូវការមានប្រពន្ធច្រើនខុសពីច្បាប់មរមន!
លោកយ៉ូសែប ស្មីត និងព្រិកហាំ យ៉ង់ ជាស្ថាបនិកដ៏ធំពីររូបនៃសាសនាមរមន។ តើយើងអាចជឿទុកចិត្តលើបុរសទាំងនេះដូចម្ដេចបាន ដែលបានចូលរួមក្នុងការយកប្រពន្ធច្រើននេះ ព្រមទាំងបំផ្លាញ ក្រុមគ្រួសារដោយរៀបការជាមួយស្រីនៅមានប្ដីនៅឡើយ? (សូមមើលបញ្ជីពេញលេញនៃភរិយារបស់ យ៉ូសែប ស្មីត និង ព្រិកហាំ យ៉ង់ នៅចុងបញ្ចប់នៃអត្ថបទនេះ)។
មុខពូថៅ
បើពួកមរមនមានគោលជំនឿប្រមាថព្រះអ៊ីចឹង តើធ្វើដូចម្ដេចឲ្យគេអាចមានសមាជិកថ្មីបាន? ពួកគេលាក់ជំនឿ និងប្រវត្តិសាស្ត្រអាក្រក់របស់ពួកគេ។
សព្វថ្ងៃនេះពួកមរមន មិនមែនជាអ្នកអួតខ្លួន និងមានប្រពន្ធច្រើនដូចយ៉ូសែប ស្មីត និងព្រិកហាំ យ៉ង់ទេ។ ពួកគេមានចិត្តល្អរាបសា និងគួរសម។ នៅពេលបេសកជនគេជិះកង់មួយគូៗ ពីផ្ទះមួយទៅផ្ទះមួយពួកគេចាប់ផ្តើមការសន្ទនារបស់គេ ដោយនិយាយអំពីការដែលសាសនាគេ ផ្ដោតលើការមានក្រុមគ្រួសារដ៏រឹងមាំ។ នេះគឺជាការដែលធ្វើឲ្យគេចាប់អារម្មណ៍ ពីព្រោះមនុស្សភាគច្រើនចង់មានគ្រួសាររឹងមាំ និងសន្តិភាព។ ពួកមរមនក៏ចូលចិត្តប្រើឈ្មោះ «ព្រះ» និង«ព្រះយេស៊ូវគ្រីស្ទ» ដើម្បីឲ្យអ្នកស្តាប់គិតថា សាសនាមរមនគ្រាន់តែជានិកាយមួយនៃគ្រីស្ទសាសនាប៉ុណ្ណោះ។ តែតាមពិតវាជាសាសនាខុសគ្នាទាំងស្រុង ដែលបានលួចយកឈ្មោះទាំងនេះ ចេញពីគ្រីស្ទសាសនាពិត។ ទាំងអស់នេះគឺជាមុខពូថៅដែលងាយស្រួលចូលទៅក្នុងឈើ។
តើខ្នងពូថៅជាអ្វីខ្លះ? តើជំនឿប្រមាថណាខ្លះ ដែលពួកមរមនចង់លាក់ពីយើង? ពួកគេចង់លាក់បាំងជំនឿដែលថា ព្រះធ្លាប់ជាមនុស្សធម្មតា ដែលបានក្លាយជាព្រះ ហើយថា ព្រះរាជបុត្រានៃព្រះ និងសាតាំង គឺជាបងប្អូននឹងគ្នា ហើយថា ព្រះយេស៊ូវគ្រាន់តែជាមនុស្សធម្មតាម្នាក់ ដែលក្រោយមកបានក្លាយជាព្រះដែរ ហើយថា ព្រះមានប្រពន្ធច្រើននៅស្ថានសួគ៌ ហើយថាស្ថាបនិកមរមន មានប្រពន្ធរហូតដល់៤០ ឬ៥០នាក់ (ដែលអ្នកខ្លះនៅតែជាប្រពន្ធរបស់ប្តីដើម)។ បើសិនជាបេសកជនមរមនបានបង្រៀនរឿងប្រមាថទាំងនេះ នៅពេលដំបូង ស្ទើរតែគ្មានអ្នកណាម្នាក់ទទួលយកសាសនានេះទេ។
របៀបលើកទឹកចិត្តពួកមរមនឲ្យជឿលើព្រះពិត
អ្នកប្រហែលជាមិនអាចបញ្ចុះបញ្ចូលពួកមរមនឲ្យងាកចេញពីសាសនារបស់គេ ដោយប្រាប់គាត់អំពីភរិយាទាំង៤០នាក់របស់យ៉ូសែប ស្មីតបានទេ។ ផ្លូវតែមួយដើម្បីនាំពួកមរមន ឲ្យជឿលើព្រះគ្រីស្ទពិត គឺពន្យល់ដំណឹងល្អពិតដល់ពួកគេ ហើយលើកទឹកចិត្តឲ្យពួកគេអានព្រះគម្ពីរប៊ីបមួយចប់។ មានតែព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការតាមរយៈព្រះបន្ទូលនៃព្រះទេ ដែលអាចនាំពួកគេទៅកាន់សេចក្តីសង្គ្រោះបាន។ ពួកមរមនភាគច្រើនមិនបានអានព្រះគម្ពីរច្រើនទេ ពីព្រោះក្រុមជំនុំរបស់គេ ធ្វើឲ្យគេសង្ស័យថា គម្ពីរមិនបានបកប្រែរបៀបត្រឹមត្រូវ។
បើពួកគេលើកឡើងពីបញ្ហាព្រះគម្ពីរបកប្រែត្រឹមត្រូវ អ្នកអាចសួរគេថា «តើគម្ពីរមរមនបានបកប្រែត្រឹមត្រូវទេ? តាមពិតយើងមិនអាចដឹងទេ ពីព្រោះគ្មានឯកសារនៃគម្ពីរមរមនជាភាសាដើមសោះឡើយ។ ផ្ទុយទៅវិញ ព្រះគម្ពីរប៊ីបយើងមានឯកសារបុរាណលើសជាង៥០០០ច្បាប់ ជាភាសាហេព្រើរ និងក្រេក ហើយខ្លះចាស់ជាង២០០០ឆ្នាំហើយ ដូច្នេះយើងអាចដឹងថា គម្ពីរប៊ីបបានបកប្រែត្រឹមត្រូវ ឬអត់។ ពេលអ្នកវិទ្យាសាស្ត្រសិក្សាឯកសារបុរាណទាំងអស់នេះ ឃើញថា ព្រះគម្ពីរប៊ីបបានបកប្រែតាមរបៀបត្រឹមត្រូវ និងយកចិត្តទុកដាក់បំផុត។
ចូរលើកទឹកចិត្តពួកម៉ាកមរមនឲ្យគិតពិចារណាអំពី ភាពគួរឲ្យទុកចិត្ត នៃប្រវត្តិសាស្ត្រនៅក្នុងព្រះគម្ពីរប៊ីប។ បុរាណវិទូនៅអ៊ីស្រាអែល និងតំបន់ជុំវិញបានរកឃើញ ទីក្រុង ភូមិ ភ្នំ និងទន្លេ រាប់រយ ដែលបានរៀបរាប់នៅក្នុងព្រះគម្ពីរ។ ដូចគ្នាដែរបុរាណវិទូក៏បានរកឃើញភ័ស្តុតាងជាច្រើនអំពី ស្តេច និងមនុស្សឯទៀតរាប់សិប ដែលគម្ពីរបានរៀបរាប់។ ផ្ទុយទៅវិញ បុរាណវិទូមិនបានរកឃើញ ទីតាំងបុរាណណាមួយ ដែលបានរៀបរាប់នៅក្នុងគម្ពីរមរមនឡើយ។ សូម្បីតែអ្នកវិទ្យាសាស្ត្រមរមនក៏បានទទួលស្គាល់ការនេះ៖ «តាមនរវិទ្យា ឈ្មោះ John Clark នៅសាកលវិទ្យាល័យ Brigham Young អ្នកបុរាណវិទ្យាស្ទើរតែទាំងអស់ នៅសាកលវិទ្យាល័យមរមននោះ ទទួលស្គាល់ថា ការរកឃើញរបស់បុរាណ ដែលទាក់ទងទៅព្រឹត្តិការណ៍នៅក្នុងគម្ពីរមរមន គឺអត់មានទេ»។ (https://www.bethinking.org/mormons/what-to-say-to-mormons/4-mormons-archaeology)
ជាចុងក្រោយកុំភ្លេច២យ៉ូហាន ១ៈ១០-១១៖ «បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្ដីនេះ នោះកុំឲ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្ដីប្រកបគ្នាក្នុងការអាក្រក់របស់អ្នកនោះដែរ»។
យ៉ូសែប ស្មីត ស្ថាបនិកសាសនាមរមនបានរៀបការជាមួយប្រពន្ធជាង២៧នាក់ក្នុងរយៈពេលតែ៣ឆ្នាំប៉ុណ្ណោះ! គាត់បានបង្រៀនថា មានព្រះជាច្រើនដែលមួយអង្គៗកាន់កាប់លើភពមួយដាច់ដោយឡែក។ គាត់ក៏បង្រៀនថា ព្រះទាំងអស់ធ្លាប់ជាមនុស្ស ដែលក្រោយមកបានក្លាយជាព្រះ ដោយសារជីវិតស្មោះត្រង់របស់ពួកគេ។
ព្រិកហាំ យ៉ង់ ជាអគ្គនាយកទីពីរនៃសាសនាមរមន មានប្រពន្ធយ៉ាងហោចណាស់ ៥១នាក់។ ប្រពន្ធមួយចំនួននៅតែជាប្រពន្ធរបស់ប្តីដើម នៅពេលដែលព្រិកហាំ យ៉ង់រៀបការជាមួយពួកគេ ដូច្នេះគាត់មានកំហុសក្នុងការបំផ្លាញក្រុមគ្រួសារទាំងនេះ។ ព្រិកហាំ យ៉ង់ នៅតែទទួលបានការគោរពខ្ពស់ជាងគេពីពួកមរមនទាំងអស់ ហើយសកលវិទ្យាល័យធំជាគេរបស់ពួកគេ បានដាក់ឈ្មោះតាមគាត់ដែរ។
ភរិយាជាច្រើនរបស់ស្ថាបនិកសាសនាមរមន
នៅទំព័របន្ទាប់មានបញ្ជីភរិយារាប់សិបនាក់របស់យ៉ូសែប ស្មីត និង ព្រិកហាំ យ៉ង់។ យើងក៏រាយបញ្ជីអាយុរបស់ប្រពន្ធនៅពេលរៀបការ និង ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ពួកគេ។ សូមសម្គាល់ថា ភរិយាប្រាំបួននាក់របស់លោកស្មីត នៅតែជាប្រពន្ធស្របច្បាប់របស់ប្តីដើម នៅពេលពួកគេរៀបការជាមួយលោកស្មីត។ សូមកត់សម្គាល់ផងដែរថា នៅឆ្នាំ១៨៤២ លោកស្មីតបានរៀបការជាមួយស្ត្រី១៣នាក់ក្នុងមួយឆ្នាំ ហើយនៅឆ្នាំ១៨៤៣ គាត់បានរៀបការជាមួយនារី ២១នាក់ ក្នុងមួយឆ្នាំ គឺស្ទើរតែរៀបការថ្មី២ដងក្នុងមួយខែ! នេះគឺជាចរិតខូចរបស់បុរសដែលបានបង្កើតសាសនាមរមន។
អ្នកស្នងដំណែងលោកស្មីត គឺព្រិកហាំ យ៉ង់ រឹតតែអាក្រក់ជាងនេះទៅទៀត។ គាត់មានប្រពន្ធជាង៥០នាក់។ ប្រពន្ធគាត់ខ្លះនៅតែជាប្រពន្ធស្របច្បាប់ជាមួយប្តីដើម! នេះមានន័យថា គាត់បានបំផ្លាញក្រុមគ្រួសារទាំងនោះ ដើម្បីបានប្រពន្ធថ្មី។ សូមកត់សម្គាល់ថា នៅឆ្នាំ១៨៤៦ ព្រិកហាំ យ៉ង់បានរៀបការជាមួយប្រពន្ធថ្មី ស្ទើរតែរាល់ពីរសប្តាហ៍ម្ដង។ នេះគឺជាអាកប្បកិរិយាដែលខូចបំផុត។ នៅថ្ងៃទី២៨ខែមករាឆ្នាំ១៨៤៦ លោកយ៉ង់ បានរៀបការជាមួយនាង ចេមមីម៉ា អែនចែល (Jemima Angell) និងម្តាយរបស់នាងនៅថ្ងៃតែមួយ! គឺអាក្រក់ក្រៃលែង គួរឲ្យខ្ពើមណាស់។ លោកយ៉ូសែប ស្មីត និងព្រិកហាំ យ៉ង់ មានប្រពន្ធដែលមានអាយុតែ ១៤,១៥ និង១៦ឆ្នាំ។ សាសនាមរមនបង្រៀនថា ផ្លូវមួយដែលយើងសង្គ្រោះខ្លួនយើង គឺតាមរយៈអាពាហ៍ពិពាហ៍ និងការមានកូន ប៉ុន្តែបុរសអាក្រក់ទាំងពីរនាក់នេះ បានយកប្រពន្ធចេញពីអ្នកដទៃ។
ដើម្បីការពារលោកស្មីត និងលោកយ៉ង់ ពួកមរមនចូលចិត្តចង្អុលបង្ហាញពីស្តេចសាឡូម៉ូននៅក្នុងព្រះគម្ពីរដែលមានប្រពន្ធច្រើនណាស់។ ពិតមែន តែការនេះច្បាស់ជាប្រឆាំងទៅនឹងព្រះហឫទ័យរបស់ព្រះ ដូចមានចែងនៅក្នុងចោទិយកថា ១៧ៈ១៤-២០។ មួយទៀតស្ដេចសាឡូម៉ូនបានស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះដោយសារបាបនេះ ប្រពន្ធជាច្រើនរបស់ស្ដេចសាឡូម៉ូន ក៏បាននាំទ្រង់ចេញពីព្រះ។ ប៉ុន្តែសាឡូម៉ូនមិនដែលរៀបការជាមួយស្ត្រីដែលមានប្ដីហើយ ដូចជាយ៉ូសែប ស្មីត និង ព្រិកហាំ យ៉ង់ទេ (សូមអាន ១ពង្សាវតារក្សត្រ ១១ៈ៤)។
អរគុណផ្លូវពីត ឥលូវបានស្គាល់បុរសកំហូច ស្មីត ហើយ “(
បាទ សូមព្រះប្រទានពរ!
តាមពិត ពួកគេលាក់សោះ ចឹងចបានចូលទៅរកមើលក្នុងគោលលទ្ធិរបស់ពួកគេមិនឃើញមាន ផ្ទុយទៅវិញគឺឃើញគេដាក់ថាជឿលើព្រះត្រៃឯកដែរ ហើយជឿលើការរស់ឡើងវិញរបស់ព្រះយេស៊ូទៀត។ ទាល់តែបានជួបផ្ទាល់ ទើបស្រួលចាក់សួរពួកគេ តែសូមជួបពួកអ្នកតែបើកចិត្តផ្លាស់ប្រែទៅចុះ។