in ,

ដឹងជាក់

១យ៉ូហាន ៣:១៩-២៤
ក្នុង​នាម​ជា​ប្តី ឬ​ក៏​ជា​ប្រពន្ធ​ក្តី តើ​លោក​អ្នក​ចង់​ឮ​ពាក្យ​ថា «បង​ស្រឡាញ់​អូន» ឬ «អូន​ស្រឡាញ់​បង» ប៉ុន្មាន​ដង ពេល​ដែល​លោក​អ្នក​មាន​គ្រួសារ​ហើយ? ចំពោះ​លោក​អ្នក​ផ្ទាល់ តើ​លោក​អ្នក​ចង់​ឮ​ពាក្យ​ថា «បង​ស្រឡាញ់​អូន ឬ​អូន​ស្រឡាញ់​បង» រវាង​គ្នា​ច្រើន​ដង ឬ​មិន​ចង់​ឮ​ទេ? ប្រហែល​ជា​លោក​អ្នក​ចង់​ឮ​រៀង​រាល់​ថ្ងៃ។ ចំណែក​ឪពុក​ម្តាយ​របស់​លោក​អ្នក​វិញ តើ​លោក​អ្នក​ចង់​ឮ​ឪពុក​ម្តាយ​របស់​លោក​អ្នក​និយាយ​មក​កាន់​លោក​អ្នក​ថា «ម៉ាក់​ស្រឡាញ់​កូន ឬ​ប៉ា​ស្រឡាញ់​កូន» តើ​លោក​អ្នក​ចង់​ឲ្យ​គាត់​និយាយ​ពាក្យ​បែប​នេះ ប៉ុន្មាន​ដង? ខ្ញុំ​ជឿ​ថា លោក​អ្នក ហើយ​និង​ខ្ញុំ​ដែល​ធ្លាប់​ជា​កូន ឬ​ក៏​ជា​កូន​មិន​គ្រាន់​តែ​ចង់​ឮ​ពាក្យ​នោះ​ម្តងម្កាល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​យើង​ចង់​ឮ​ជា​រៀង​រាល់​ថ្ងៃ​តែ​ម្តង។ ដូច​គ្នា​នេះ​ដែរ កូន​របស់​ខ្ញុំ​តែង​តែ​សួរ​ខ្ញុំ​​ថា «ប៉ាៗ​ស្រឡាញ់​កូន​អត់»? ហើយ​កូន​របស់​ខ្ញុំ​ក៏​រង់ចាំ​នូវ​ពាក្យ​ស្រឡាញ់​របស់​ខ្ញុំ​ទៅ​កាន់​គាត់​វិញ មិន​ត្រឹម​តែ​និយាយ​តែ​ម្តង​ទេ គឺ​គាត់​ចង់​ឲ្យ​ខ្ញុំ​និយាយ​ច្រើន​ដង។

រីឯ​ជីវិត​ខាង​ឯ​ព្រលឹង​វិញ្ញាណ​របស់​យើង គឺ​ដឹង​ហើយ​ថា ព្រះ​ជាម្ចាស់​តែង​តែ​មាន​បន្ទូល​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​ថា ព្រះ​អង្គ​ស្រឡាញ់​ដល់​យើង។ ទោះ​បើ​ពេល​ខ្លះ​លោក​អ្នក​មាន​បញ្ហា​ជា​ច្រើន​ដែល​កើត​ឡើង ឬ​ក៏​ព្រះ​កំពុង​វាយ​ផ្ចាល​លោក​អ្នក​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ស្រឡាញ់​យើង ហើយ​ព្រះ​អង្គ​នៅ​ដាស់​តឿន​យើង ជួយ​យើង ព្រម​ទាំង​ចង់​នាំ​យើង​ឲ្យ​ដើរ​នៅ​ក្នុង​ផ្លូវ​មួយ​ដែល​សុចរិត និង​បរិសុទ្ធ។ កណ្ឌ​គម្ពីរ យ៉ូហាន ៣:១ បាន​ចែង​ថា «មើល៍! សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៎ ដែល​ព្រះ​វរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ៍​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ»។ សាវ័ក យ៉ូហាន បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះ​ជាម្ចាស់​ស្រឡាញ់​ដល់​ពួក​គាត់​ណាស់ ដោយ​សារ​ពួក​គេ​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ឬ​ក៏​មាន​អ្វី​មួយ​ដែល​បាន​អូសទាញ​ពួក​គេ​ឲ្យ​រស់​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ។

សាវ័ក យ៉ូហាន មិន​មែន​សរសេរ​ជា​លើកទី១ អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​ស្រឡាញ់​ដល់​ពួក​គាត់​ទេ គឺ​ច្រើន​លើក​ច្រើន​សារ​ហើយ។ នេះ​ប្រហែល​ជា​ពួក​គេ​កំពុង​តែ​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​មិន​ទាន់​ច្បាស់​លាស់ និង​ពិត​ប្រាកដ នៅ​ពេល​ដែល​មាន​បញ្ហា​មក​ដល់​ពួក​គេ​ចាប់​ផ្តើម​មាន​គំនិត​អវិជ្ជមាន​ដោយ​ចោទ​សួរ​ខ្លួន​ឯង​ថា «អូ! តើ​ខ្ញុំ​បាន​សេចក្ដី​សង្គ្រោះ​ឬ​ក៏​អត់? ឬ​ក៏​បើ​ខ្ញុំ​បាន​សង្គ្រោះ​ហើយ ម៉េច​បាន​ជា​ខ្ញុំ​នៅ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ​ទៅ​វិញ? ហេតុ​អ្វី​ខ្ញុំ​នៅ​តែ​ធ្វើ​បាប​ដដែលៗ​ទៀត?» ខ្ញុំ​ជឿ​ថា លោក​អ្នក​ប្រហែល​មាន​អារម្មណ៍​បែប​នេះ​គឺ​មាន​ភាព​ស្រដៀង​គ្នា ទៅ​នឹង​ពួក​ជំនុំ​ដើម​ដែល​សាវ័ក យ៉ូហាន បាន​លើក​មក​និយាយ​ផង​ដែរ។ ពេល​ដែល​លោក​អ្នក​ជឿ​ព្រះ​មុន​ដំបូង លោក​អ្នក​មាន​អារម្មណ៍​ថា រំភើប សប្បាយ មាន​អំណរ ប៉ុន្តែ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង នោះ​លោក​អ្នក​ចាប់​ផ្តើម​មាន​គំនិត​សង្ស័យ​ថា «តើ​ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​លោក​អ្នក​ដែរ​ឬ​ក៏​អត់? ឬ​ក៏​តើ​ខ្ញុំ​ពិត​ជា​បាន​សេចក្ដី​សង្គ្រោះ​ដែរ​ឬ​ក៏​អត់?»

ព្រះ​ពរ​នៃ​ការ​ដឹង​ជាក់​ពី​សេចក្តី​សង្គ្រោះ​របស់​យើង

កណ្ឌ​គម្ពីរ ១យ៉ូហាន ៣:១៩-២៤ បាន​ចែង​ថា «គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង។ ពួក​ស្ងួនភ្ងា​អើយ! បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្ដី​ក្លាហាន នៅ​ចំពោះ​ព្រះ ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សម្រេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្តិ​ទ្រង់ ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់​ដែរ។ ឯ​បញ្ញត្តិ​ទ្រង់​នោះ គឺ​ថា ត្រូវ​ឲ្យ​យើង​ជឿ​ដល់​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ទ្រង់ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​បង្គាប់​មក​ហើយ។ អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្តិ​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ។ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើង ដោយ​សារ​ព្រះ​វិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក»

ដូច្នេះ លោក​អ្នក​បាន​ដឹង​រួច​ហើយ​នូវ​គោល​បំណង​ដែល​សាវ័ក យ៉ូហាន សរសេរ​កណ្ឌ​គម្ពីរ​នេះ​ឡើង​គឺ ដើម្បី​លើក​ទឹក​ចិត្ត និង​ដើម្បី​បញ្ជាក់​ដល់​ក្រុម​ជំនុំ​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​នឹង​បាន​សេចក្ដី​សង្គ្រោះ ហើយ​ពួក​គេ​នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច (សូម​មើល​បន្ថែម ១យ៉ូហាន ៥:១៣)។ នេះ​ហើយ​គឺ​ជា​គោល​បំណង​ចម្បង​ដែល​សាវ័ក យ៉ូហាន បាន​សរសេរ​ទៅ​កាន់​ពួក​ជំនុំ​នោះ​ថា ពួក​គេ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ សាវ័ក យ៉ូហាន ក៏​បាន​សរសេរ ដើម្បី​ចង់​ឲ្យ​ពួក​គេ​បន្ត​នៅ​ក្នុង​ជំនឿ​របស់​ខ្លួន និង​បន្ត​ស្តាប់​បង្គាប់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ផង​ដែរ។

១. មូលដ្ឋាន​នៃ​ការ​ដឹង​ឲ្យ​ជាក់​ពី​សេចក្ដី​សង្គ្រោះ​របស់​យើង

យើង​អាច​ដឹង​ពី​សេចក្ដី​សង្គ្រោះ​របស់​យើង​ដោយ​ពឹង​ផ្អែក​លើ​ចំណេះ​ដឹង​នៃ​ព័ន្ធកិច្ច​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​នៅ​ក្នុង​យើង។ នេះ​មាន​ន័យ​ថា លោក​អ្នក​បាន​ដឹង​នូវ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៣:១៩ «គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង»។ នៅ​ពេល​ដែល​លោក​អ្នក​អាន​ព្រះ​គម្ពីរ នោះ​លោក​អ្នក​ប្រហែល​ជា​បាន​ជួប​ប្រទះ​នឹង​ពាក្យ «យ៉ាង​នោះ»។ ពាក្យ «យ៉ាង​នោះ» គឺ​ជា​សព្វ​នាម​ដែល​និយាយ​បញ្ជាក់​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពី​មុន​នោះ។

តោះ! សូម​មើល​អ្វី​ដែល​បាន​កើត​ឡើង​មុន​ខ១៩។ «ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យ​សម្ដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ»។ នៅ​ពេល​ដែល​មាន​អ្វី​មួយ​ដែល​មក​រំខាន​លោក​អ្នក ហើយ​អារក្ស​សាតាំង​វា​ព្យាយាម​ខ្សឹប​ដាក់​ត្រចៀក​លោក​អ្នក និង​ខ្សឹប​ដាក់​ត្រចៀក​អ្នក​ដទៃ ដោយ​វា​និយាយ​ប្រាប់​ថា «លោក​អ្នក​ជា​គ្រីស្ទ​បរិស័ទ​ដែល​គ្មាន​ប្រយោជន៍​ទេ លោក​អ្នក​គ្មាន​អ្វី​ដែល​ល្អ​នោះ​ទេ លោក​អ្នក​ធ្វើ​អ្វី​ក៏​គ្មាន​ភាព​ចម្រុង​ចម្រើន​ដែរ។ល។» ប៉ុន្តែ នៅ​ពេល​ដែល​លោក​អ្នក​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​សាតាំង​បែប​នេះ ចូរ​ពឹង​ផ្អែក​លើ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​ជីវិត​របស់​លោក​អ្នក​ចុះ។ តើ​លោក​អ្នក​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ ដូច​ដែល​ព្រះ​អង្គ​បាន​ស្រឡាញ់​ដល់​លោក​អ្នក​ដែរ​ឬ​ទេ?

កណ្ឌ​គម្ពីរ ១យ៉ូហាន ៣:២០-២១ បាន​ចែង​ថា «ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង ពួក​ស្ងួនភ្ងា​អើយ បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្ដី​ក្លាហាន នៅ​ចំពោះ​ព្រះ»។ យើង​ឃើញ​ថា មូលដ្ឋាន​ដែល​អាច​ដឹង​ជាក់​ពី​សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ៖ ទី១ យើង​ពឹង​ផ្អែក​លើ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ ដែល​ការ​ទាំង​នេះ​លោក​អ្នក​បាន​ដឹង​រួច​ហើយ​ទាក់ទង​នឹង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​លោក​អ្នក​ផ្ទាល់​ខ្លួន។ ទី២ គឺ​យើង​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ព្រះ​តម្រិះ​របស់​ព្រះ​ជាម្ចាស់។ តើ​ហេតុ​អ្វី​បាន​ជា​យើង​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​តម្រិះ​របស់​ព្រះ​ជាម្ចាស់? «…ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង» (១យ៉ូហាន ៣:២០)។ ព្រះ​ទ្រង់​ជ្រាប​គ្រប់​អស់​ទាំង​ចិត្ត​របស់​លោក​អ្នក ហើយ​ទ្រង់​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ហើយ ដោយ​ពេល​ខ្លះ​លោក​អ្នក​មាន​ការ​ចោទ​ប្រកាន់​ខ្លួន​ឯង​ផ្ទាល់ ដោយ​ពេល​ខ្លះ​លោក​អ្នក​បាន​ធ្វើ​ការ​មួយ​ចំនួន​ដែល​គិត​ថា ជា​ការ​ហួស​ហេតុ​ឬ​ធ្ងន់ធ្ងរ​នឹង​ខុស​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ស្រឡាញ់​យើង​ជានិច្ច។

ដូច្នេះ កាល​ដែល​លោក​អ្នក​រស់​នៅ​ក្នុង​ជីវិត​ដែល​ជា​គ្រីស្ទ​បរិស័ទ នោះ​លោក​អ្នក​មិន​ត្រូវ​ពឹង​ផ្អែក​លើ​អារម្មណ៍​ទេ។ លោក​អ្នក​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​ថា អារម្មណ៍​របស់​មនុស្ស​យើង​តែង​តែ​មាន​ការ​ឡើង​ចុះៗ ដោយ​ពេល​ខ្លះ​លោក​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​មាន​ភាព​ជិតស្និទ្ធ​ជា​មួយ​ព្រះ​អង្គ ទាំង​មាន​អំណរ​ឆេះឆួល​ចង់​បម្រើ​ព្រះ​អង្គ។ ប៉ុន្តែ ដល់​ពេល​ស្អែក​ឬ​ខាន​ស្អែក​ឡើង​មក​ដល់ លោក​អ្នក​បែរ​ជា​មាន​អារម្មណ៍​ថា ហាក់​បី​ដូច​ជា​ពិបាក​ណាស់​ក្នុង​ការ​បម្រើ​ព្រះ​អង្គ​ទៅ​វិញ ហើយ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ថា សូម​ទោស​ព្រះ​អង្គ «ទូល​បង្គំ​ច្រឡំ​មាត់ ទូល​បង្គំ​មិន​គួរ​និយាយ​បែប​ហ្នឹង​ទេ»។ អារម្មណ៍​របស់​មនុស្ស​យើង​តែង​តែ​រារេ​ចុះ​ឡើងៗ ប៉ុន្តែ​សូម​កុំ​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​អារម្មណ៍​នោះ​ឡើយ។ ចូរ​ឲ្យ​លោក​អ្នក​រស់​នៅ​ក្នុង​សេចក្ដី​ពិត​របស់​ព្រះ​ជាម្ចាស់​វិញ គឺ​ទៅ​លើ​ព្រះ​តម្រិះ​របស់​ព្រះ​ជាម្ចាស់ ដោយ​ដឹង​ថា​ព្រះ​អង្គ​ទ្រង់​បាន​ជ្រាប​ពី​ជម្រៅ​ចិត្ត​របស់​យើង ហើយ​ចូរ​កុំ​ចាញ់​បោក​ការ​បញ្ឆោត​របស់​ចិត្ត​លោក​អ្នក នឹង​ការ​បោក​បញ្ឆោត​របស់​មារ​សាតាំង​នោះ​ឡើយ។

ចូរ​នឹក​ចាំ​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​សាវ័ក ពេត្រុស។ លោក​អ្នក​បាន​ដឹង​រួច​ហើយ​ថា សាវ័ក ពេត្រុស ជា​មនុស្ស​ម្នាក់​ដែល​និយាយ​អះអាង​ខ្លួន​ដោយ​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូវ​ថា គាត់​នឹង​ដើរ​តាម​ព្រះ​យេស៊ូវ ទោះ​បើ​មាន​បញ្ហា​អ្វី​កើត​ឡើង​នៅ​ចំពោះ​មុខ​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែ​ដើរ​តាម​ព្រះ​អង្គ​ដែរ។ ប៉ុន្តែ នៅ​ពេល​ដែល​គេ​មក​ចាប់​ព្រះ​យេស៊ូវ​យក​ទៅ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ហើយ​ពេល​នោះ បណ្តាល​ជន​ក៏​បាន​ឃើញ​សាវ័ក ពេត្រុស នៅ​ទី​នោះ​ដែរ ហើយ​ក៏​និយាយ​ទៅ​កាន់​គាត់​ថា «លោកអ្នក​នេះ​ក៏​ជា​សិស្ស ឬ​បក្ស​ពួក​របស់​ព្រះយេស៊ូវ​ដែរ»។ ស្រប​ពេល​នោះ​សាវ័ក ពេត្រុស បាន​បដិសេធ​ថា មិន​បាន​ស្គាល់​ព្រះ​យេស៊ូវ​នោះ​ទេ។ ក្រោយ​មក នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ នោះ​ព្រះ​អង្គ​ក៏​បាន​ទៅ​ជួប​សាវ័ក ពេត្រុស។

កណ្ឌ​គម្ពីរ យ៉ូហាន ២១:១៥-១៧ បាន​បញ្ជាក់​ថា «កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា “ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី?” គាត់​ទូល​ឆ្លើយ​ថា “ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ” ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង” រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា “ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី?” គាត់​ទូល​ឆ្លើយ​ថា “ព្រះ​ករុណា​វិសេស​ព្រះ​អម្ចាស់ ទ្រង់​ជ្រាប​ថា ទូល​បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ” ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា “ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ។” រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ជា​គំរប​៣​ដង​ថា “ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី?” ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​ព្រះ​បន្ទូល​ជា​គំរប់​៣​ដង​ថា “តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី?” ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា “ព្រះ​អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់។” គឺ​ទ្រង់​ជ្រាប​ថា “ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ”។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា “ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង”»

នៅ​ត្រង់​ចំណុច​នេះ​សាវ័ក ពេត្រុស គាត់​បាន​ដឹង​ថា ព្រះ​អង្គ​ទ្រង់​ជ្រាប​ពី​ជម្រៅ​ចិត្ត​របស់​គាត់ ប៉ុន្តែ​ព្រះ​យេស៊ូវ​នៅ​តែ​ស្រឡាញ់​ដល់​ពួក​គាត់។ ដូច្នេះ នេះ​ជា​ការ​មួយ​ដែល​ជួយ​លើក​ទឹក​ចិត្ត​ដល់​លោក​អ្នក ហើយ​និង​ខ្ញុំ​ផង​ដែរ។ នៅ​ពេល​ដែល​យើង​មាន​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​ជីវិត​របស់​យើង ឬ​ក៏​យើង​ភ្លាត់​ស្នៀត ដោយ​ធ្វើ​បាប​ទាស់​នឹង​ព្រះ​អង្គ។ ពិត​ប្រាកដ​ណាស់ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បែរ​ទៅ​រក​ព្រះ​អង្គ​វិញ។ ប្រសិន​បើ​លោក​អ្នក​មាន​អ្វី ដែល​មិន​ត្រូវ​នៅ​ចំពោះ​ព្រះ​អង្គ ពិត​ប្រាកដ​ណាស់ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​លោក​អ្នក​លន់តួ​បាប​ទៅ​ព្រះ​អង្គ។ ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​លោក​អ្នក​បន្ត​រស់​នៅ​ក្នុង​អំពើ​បាប​រហូត​ក្លាយ​ទៅ​ជា​ទម្លាប់​នោះ​ទេ។ ស្រប​គ្នា​នេះ​ដែរ មនុស្ស​យើង​គឺ​មាន​ដែន​កំណត់ ពេល​ខ្លះ​យើង​ភ្លាត់​ធ្វើ​បាប ហើយ​ពេល​ខ្លះ​ទៀត​យើង​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​នៅ​ចំពោះ​ព្រះ​អង្គ។ ប៉ុន្តែ សូម​កុំ​មាន​ការ​សង្ស័យ​ពី​សេចក្ដី​សង្គ្រោះ​របស់​លោក​អ្នក និង​សង្ស័យ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​ជ្រាប​ពី​ចិត្ត​របស់​យើង​ហើយ។ នេះ​គឺ​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​បញ្ជាក់​អំពី​សេចក្ដី​សង្គ្រោះ​របស់​យើង នៅ​ពេល​ដែល​យើង​មាន​ចិត្ត ដែល​មាន​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​ជីវិត​របស់​យើង។

២. ព្រះ​ពរ​ដឹង​ជាក់​ពី​សេចក្ដី​សង្គ្រោះ​របស់​យើង

ប្រសិន​បើ​លោក​អ្នក​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចូល​ទៅ​ព្រះ​អង្គ​ដោយ​ដឹង​ហើយ​ថា ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​លោក​អ្នក នោះ​ព្រះ​អង្គ​នឹង​ឆ្លើយ​តប​នូវ​សំណូម​ពរ​អធិស្ឋាន​របស់​លោក​អ្នក​ជា​មិន​ខាន។ នៅ​ត្រង់​ចំណុច​នេះ ប្រហែល​មាន​មនុស្ស​មួយ​ចំនួន​បាន​ដឹង​ថា អ្វី​ដែល​ខ្លួន​បាន​ទូល​សូម​គឺ​ត្រឹម​ត្រូវ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។ ប៉ុន្តែ ព្រះ​អង្គ​នៅ​តែ​មិន​ឆ្លើយ​តប​នូវ​សេចក្ដី​អធិស្ឋាន ឬ​ក៏​អ្នក​ខ្លះ​ទៀត​បាន​អធិស្ឋាន​សូម​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន​បាន​ទទួល​ជឿ​ព្រះ​អង្គ ដោយ​អធិស្ឋាន​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ ប៉ុន្តែ​ហាក់​បី​ដូច​ជា​ព្រះ​អង្គ​នៅ​តែ​មិន​ឆ្លើយ​តប​សោះ។

សំណួរ​សួរ​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង? នោះ​គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​ក៏​មិន​ដឹង​ដែរ! ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​អាច​ដឹង​បាន​គឺ​ថា ប្រសិន​បើ​លោក​អ្នក​អធិស្ឋាន​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ នោះ​ទ្រង់​នឹង​ឆ្លើយ​តប។ កណ្ឌ​គម្ពីរ យ៉ូហាន ១៤:១៣-១៤ មាន​ចែង​ថា «ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សម្រេច​ឲ្យ ដើម្បី​ឲ្យ​ព្រះ​វរបិតា​បាន​តម្កើង​ឡើង​ក្នុង​ព្រះ​រាជបុត្រា បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សម្រេច​ឲ្យ»។ ប៉ុន្តែ ការ​មួយ​ដែល​លោក​អ្នក​ត្រូវ​ដឹង នៅ​ពេល​ដែល​លោក​អ្នក​អធិស្ឋាន ប្រហែល​ពេល​ខ្លះ​លោក​អ្នក​អធិស្ឋាន​តាម​តែ​ចិត្ត​របស់​លោក​អ្នក​ផ្ទាល់ ដោយ​ចិត្ត​ចង់​បាន​នេះ ឬ​ចង់​បាន​នោះ។ ប៉ុន្តែ លោក​អ្នក​មិន​បាន​គិត​ថា តើ​នោះ​ជា​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ដែរ​ឬ​ក៏​អត់? មាន​ការ​ជា​ច្រើន​ដែល​មនុស្ស​មួយ​ចំនួន​បាន​អធិស្ឋាន ប៉ុន្តែ​មិន​ទាន់​បាន​ឃើញ​ការ​ឆ្លើយ​តប​ភ្លាមៗ តែ​យើង​នៅ​តែ​អាច​មាន​សេចក្ដី​សង្ឃឹម​នៅ​ចំពោះ​ព្រះ​អង្គ​បាន។ ប្រហែល​ជា​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​លោក​អ្នក​រង់ចាំ ប្រហែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​លោក​អ្នក​អត់ធ្មត់ ប៉ុន្តែ​ពេល​ខ្លះ​ព្រះ​អង្គ​បាន​ឆ្លើយ​ថា អត់​ទេ! អត់​បាន​ទេ!។ ជា​ទូ​ទៅ ពេល​ដែល​លោក​អ្នក ហើយ​និង​ខ្ញុំ​អធិស្ឋាន​ទូល​សូម​អ្វី​មួយ​ភាគ​ច្រើន គឺ​យើង​ចង់​បាន​ចម្លើយ​ជា​វិជ្ជមាន​មក​ពី​ព្រះ​ជាម្ចាស់​គ្រប់​ការ​ទូល​សូម​របស់​យើង។ ប៉ុន្តែ ភាព​វិជ្ជមាន​នឹង​ភាព​អវិជ្ជា​មាន​របស់​ព្រះ​ជាម្ចាស់​អាច​ជា​ការ​វិជ្ជមាន​របស់​លោក​អ្នក ហើយ​និង​ខ្ញុំ​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ។ ប្រសិន​បើ​យើង​ចូល​ទៅ​ចំពោះ​ព្រះ​អង្គ​ដោយ​ទូល​អង្វរ​ទៅ​ចំពោះ​ទ្រង់​ដោយ​មាន​ទំនុក​ចិត្ត នោះ​ព្រះ​អង្គ​នឹង​ឆ្លើយ​តប។ ប៉ុន្តែ យើង​ក៏​អាច​ដឹង​ដែរ​ថា គឺ​ឆ្លើយ​តប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៣:២៣៖ «ឯ​បញ្ញត្តិ​ទ្រង់​នោះ គឺ​ថា»។ ប្រសិន​បើ​លោក​អ្នក​កាន់​តាម​បញ្ញត្តិ​ព្រះ​អង្គ និង​ប្រសិន​បើ លោក​អ្នក​ធ្វើ​អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​អង្គ នៅ​ពេល​ដែល​យើង​អធិស្ឋាន​ដោយ​ដឹង​ថា អ្វី​ដែល​លោក​អ្នក​សូម ហើយ​និង​ធ្វើ​តាម​ត្រឹម​ត្រូវ​ស្រប​ទៅ​នឹង​បំណង​ព្រះ​ហឫទ័យ និង​តាម​ព្រះ​បន្ទូល​ទ្រង់​ឬ​ក៏​អត់? នោះ​ប្រាកដ​ណាស់ ព្រះ​អង្គ​នឹង​ឆ្លើយ​តប។

កណ្ឌ​គម្ពីរ ១យ៉ូហាន ៣:២៣ បាន​ចែង​ថា «អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្តិ​ទ្រង់…»។ នេះ​ហើយ​គឺ​ជា​ព្រះ​ពរ នៅ​ពេល​លោក​អ្នក​ដឹង ហើយ​មាន​ទំនុក​ចិត្ត។ ចូរ​ឲ្យ​លោក​អ្នក​ចូល​ចំពោះ​ទ្រង់ ដោយ​មាន​ការ​ប្រកប​ជា​មួយ​នឹង​ព្រះ​អង្គ។ នោះ​គឺ​ជា​គោល​បំណង​ចម្បង​របស់​យើង ដែល​ជា​គ្រីស្ទ​បរិស័ទ​គឺ​ចង់​មាន​សេចក្ដី​ប្រកប​ជា​មួយ​នឹង​ព្រះ​អង្គ មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​នឹង​ព្រះ​អង្គ​ឡើង​វិញ។ ជា​រៀង​រាល់​ថ្ងៃ តើ​លោក​អ្នក​មាន​ភាព​រីក​រាយ​ទៅ​នឹង​សេចក្ដី​ប្រកប​ជា​មួយ​នឹង​ព្រះ​អង្គ​ដែរ​ឬ​ទេ? ពេល​ខ្លះ​លោក​អ្នក​ដឹង​ថា នេះ​ហើយ​គឺ​វត្ថុ​បំណង​នៃ​ជីវិត ហើយ​ក៏​ជា​ការ​ដែល​សំខាន់ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​អ្នក​បាន​ទទួល​ជឿ​ព្រះ​អង្គ​ហើយ លោក​អ្នក​បែរ​ជា​មិន​បាន​មាន​ការ​ប្រកប​ជាមួយ​នឹង​ទ្រង់​ទៅ​វិញ នោះ​ប្រហែល​ដោយ​សារ​តែ​ភាព​មមាញឹក​ផ្សេងៗ​ក្នុង​ជីវិត​រស់​នៅ​របស់​លោក​អ្នក។

ដូច្នេះ សូម​កុំ​ឲ្យ​មាន​អ្វី ដែល​ជា​ការ​បំពុល​នៅ​ក្នុង​ចិត្ត​គំនិត​របស់​លោក​អ្នក ដោយ​បែរ​ចេញ​ពី​ព្រះ​អង្គ ឬ​ដាច់​ចេញ​ពី​ព្រះ​អង្គ ហើយ​ថែម​ទាំង​គិត​ថា «ខ្ញុំ​ហាក់​បី​ដូច​ជា​នៅ​ឆ្ងាយ​ពី​ព្រះ​អង្គ​ណាស់ ដោយ​មិន​ហ៊ាន​ត្រឡប់​មក​រក​ព្រះ​វិញ​ឲ្យ​សោះ»។ ប៉ុន្តែ លោក​អ្នក​ត្រូវ​ដឹង​ថា ព្រះ​ស្រឡាញ់​មនុស្ស​គ្រប់ៗ​រូប។ ដូច្នេះ លោក​អ្នក​ត្រូវ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចូល​ទៅ​កាន់​ព្រះ​អង្គ។ នៅ​ពេល​ដែល​ដឹង​ជាក់​ពី​សេចក្ដី​សង្គ្រោះ​របស់​លោក​អ្នក​ហើយ ចូរ​រស់​នៅ​ដោយ​មាន​អំណរ​ជា​មួយ​នឹង​ព្រះ​អង្គ និង​ព្រះ​ពរ​របស់​ទ្រង់។ កណ្ឌ​គម្ពីរ យ៉ូហាន ១០:២៧-២៩៖ «ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន…»។ នេះ​គឺ​ការ​បញ្ជាក់​បន្ថែម​ទៀត។ នៅ​ពេល​ដែល​យើង​ទទួល​ជឿ​ព្រះ​អង្គ នោះ​យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​ដែល​អាច​ឆក់​លោក​អ្នក​ចេញ​ពី​កណ្ដាប់​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​បាន​ឡើយ។ ចូរ​ស្ទុះ​មមុល​ទៅ​មុខ​ទៀត​ដោយ​ដឹង​ថា គ្មាន​អ្វី​អាច​ឆក់​យក​លោក​អ្នក​ចេញ​ពី​កណ្ដាប់​ព្រះ​ហស្ត​របស់​ទ្រង់​បាន​ឡើយ ដ្បិត​ព្រះ​អង្គ​ស្រឡាញ់​លោក​អ្នក!

និពន្ធដោយ៖ លោកគ្រូ ជឿន ជីវិចន្ធា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​,លោក ធីម៉ូថេ ឯក​ និង​ លោក សួន ចាន់រួម
ដកស្រង់ និងកែសម្រួលចេញពី youtube.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

៦យ៉ាងសម្រាប់ឪពុកម្តាយដើម្បីចិញ្ចឹមកូនរឹងចចេស

ស្គាល់