in ,

ស្គាល់

១យ៉ូហាន ៤:១-៦ «ពួក​ស្ងួនភ្ងា​អើយ! កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ។ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែងក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ៍​នេះ​ហើយ។ យើង​នឹង​សម្គាល់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​ដូច្នេះ គឺ​អស់​ទាំង​វិញ្ញាណ​ណា ដែល​ថ្លែង​ប្រាប់​ថា “ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ។” តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា “ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ។” នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​អា​ទទឹង​ព្រះ​គ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា “ត្រូវ​មក”។ តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ៍​ហើយ។ ពួក​កូន​តូចៗ​អើយ! អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពីព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង។ ពួក​នោះ​មក​ពី​លោកីយ៍​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ៍ ហើយ​លោកីយ៍​ក៏​ស្តាប់​គេ​ដែរ ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ។ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត និង​វិញ្ញាណ​នៃ​សេចក្ដី​ខុសឆ្គង​ទៅ​បាន»។

តើ​លោក​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នោះ​មក​ពី​ព្រះ ឬ​មក​ពី​អារក្ស?
តើ​យើង​ធ្វើ​យ៉ាង​ដូចម្ដេច​ដើម្បី​ឲ្យ​ដឹង​ថា សេចក្តី​បង្រៀន​នោះ​ជា​សេចក្តី​បង្រៀន​ដែល​ត្រឹម​ត្រូវ ឬ​ជា​សេចក្តី​បង្រៀន​ខុសឆ្គង?

លោក​អ្នក​បាន​ឃើញ​ហើយ​ថា នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ គឺ​មាន​ការ​ជា​ច្រើន​ដែល​ពួក​គេ​ព្យាយាម​ក្លែង​បន្លំ​យ៉ាង​ច្រើន ហើយ​ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​អ្វី​ដែល​ជា​របស់​ដើម ហើយ​អ្វី​ដែល​ពួក​គេ​ក្លែង​នោះ​គឺ​វា​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​របស់​ពិត។ ឧទាហរណ៍៖ លុយ​ដុល្លា​ចំនួន​ដប់​ដុល្លា។ នៅ​ក្នុង​ជំនឿ​របស់​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ មិន​ត្រឹម​តែ​សម័យ​សព្វ​ថ្ងៃ​នេះ​ទេ គឺ​តាំង​ពី​ដើម​រៀង​មក​គឺ​តែង​តែ​មាន​ការ​បង្រៀន​ខុស​ឆ្គង​ផ្សេងៗ និង​មាន​គ្រូ​ក្លែង​ក្លាយ​បាន​លេច​មក ហើយ​ដោយ​សារ​ការ​បង្រៀន​របស់​ពួក​គេ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​សេចក្ដី​បង្រៀន​នៃ​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​ដែរ ហេតុ​ដូច្នេះហើយ​គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ និង​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ទាន់​យល់​​ព្រះ​បន្ទូល​ព្រះ​អង្គ​ច្បាស់​ងាយ​នឹង​ចាញ់​ល្បួង​ឬ​ចាញ់​បោក​ទៅ​តាម​គេ​ដែរ។

ចូរ​ឲ្យ​យើង​ល្បងល​គ្រប់​ទាំង​សេចក្ដី​បង្រៀន

នៅ​សម័យ​សាវ័ក យ៉ូហាន ក្រុម​ជំនុំ​នីមួយៗ​មាន​ទី​តាំង​នៅ​ឆ្ងាយ​នឹង​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​ព្រះ​គម្ពីរ​ក៏​មិន​មាន​ច្រើន​សម្រាប់​អាន ដូច​លោក​អ្នក ហើយ​និង​ខ្ញុំ​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ​ផង​ដែរ នៅ​សម័យ​នោះ​គឺ​ពួក​គេ​ចាត់​គ្រូ​ណា​ម្នាក់​ឲ្យ​ចេញ​បង្រៀន​នឹង​ពន្យល់​ដល់​ពួក​គេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​គ្រូ​ដែល​ក្លែង​ខ្លួន​ដោយ​ចេញ​ទៅ​អះអាង​ខ្លួន​ថា គេ​គឺ​ជា​អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ពិត​ប្រាកដ​ដោយ​ទទួល​ការ​ចាត់​តាំង​ពី​ពួក​សាវ័ក​មក ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​គេ​ជា​គ្រូ​ហោរា​ក្លែង​ក្លាយ​ទៅ​វិញ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាវ័ក យ៉ូហាន សរសេរ​ថា ចូរ​ឲ្យ​លោក​អ្នក ហើយ​និង​ខ្ញុំ​ល្បងល​មើល​គ្រប់​ទាំង​វិញ្ញាណ ដោយ​កុំ​ចេះ​តែ​ជឿ​ផ្តេសផ្តាស។ ថ្មីៗ​នេះ ខ្ញុំ​បាន​ទៅ​ជួប​អ៊ុំ​ម្នាក់​ដែល​គាត់​មាន​ឈ្មោះ​ថា «ថានី ហើយ​ខ្ញុំ​បាន​សួរ​ថា អ៊ុំ​បើ​សិន​ខ្ញុំ​ហៅ​ព្រះ​យេស៊ូវ​ថា លោក​យេស៊ូវ ហើយ​ប្រាប់​អ៊ុំ​ថា ព្រះ​យេស៊ូវ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក​តែ​ប៉ុណ្ណោះ តើ​អ៊ុំ​យល់​យ៉ាង​ណា​ដែរ?»។ ហើយ​នេះ​គឺ​ជា​រឿង​ជាក់​ស្ដែង​ដែល​កំពុង​កើត​មាន​ឡើង ហើយ​ពួក​គេ​ទាំង​នោះ​គឺ​សកម្ម​ណាស់។ ហើយ​ពួក​គេ​កំពុង​ស្វែង​រក​តែ​អ្នក​ណា​ដែល​ជឿ​ព្រះ​យេស៊ូវ​រួច​ហើយ​ដោយ​ពួក​គេ​បាន​ចូល​មក​និយាយ​នឹង​លោក​អ្នក​ដែល​ជា​គ្រីស្ទ​បរិស័ទ ដោយ​សួរ​សំណួរ​អំពី​ព្រះ​យេស៊ូវ​ថា ចុះ​បើ​ខ្ញុំ​ហៅ​ព្រះ​យេស៊ូវ​ថា លោក​យេស៊ូវ តើ​លោក​អ្នក​គិត​យ៉ាង​ដូច​ម្តេច​ដែរ? ហើយ​ពួក​គេ​ទាំង​នោះ​នឹង​លើក​នូវ​ខ​គម្ពីរ​ជា​ច្រើន​មក​ប្រាប់​លោក​អ្នក ព្រម​ទាំង​ពន្យល់​លោក​អ្នក​អំពី​ព្រះ​យេស៊ូវ​ដែល​គេ​នឹង​ប្រាប់​លោក​អ្នក​ថា ព្រះ​យេស៊ូវ​មិន​ជា​ព្រះ​ទេ ទ្រង់​គ្រាន់​តែ​ជា​បុត្រ​ច្បង និង​ជា​អ្នក​ដែល​ព្រះ​ជាម្ចាស់​បង្កើត​មក​តើ។តើ​លោក​អ្នក​នឹង​ឆ្លើយ​តប​ទៅ​ពួក​នោះ​យ៉ាង​ដូច​ម្ដេច? ដូច្នេះ នៅ​ពេល​ដែល​មាន​គេ​និយាយ​ប្រាប់​លោក​អ្នក​យ៉ាង​ដូច្នោះ នោះ​ហើយ​ជា​ពេល​ដែល​លោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន ហើយ​ក៏​ជា​ពេល​ដែល​រម្លឹក​លោក​អ្នក​ពី​គោល​ជំនឿ​របស់​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ។ លោក​អ្នក​អាច​ដឹង​ថា វិញ្ញាណ​ណា​ដែល​មក​ពី​ព្រះ ឬ​មិន​មែន​មក​ពី​ព្រះ​តាម​របៀប​ដូច​ជា៖

ទី១ សាក​ល្បង​ល​មើល​ពី​នូវ​អ្វី​ដែល​គេ​និយាយ​ពី​ព្រះ​គ្រីស្ទ

១យ៉ូហាន ៤:២ «យើង​នឹង​សម្គាល់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​ដូច្នេះ គឺ​អស់​ទាំង​វិញ្ញាណ​ណា ដែល​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ» ។ នេះ​ហើយ​គឺ​ប្រធាន​បទ​មួយ​ដែល​សំខាន់​សម្រាប់​លោក​អ្នក ហើយ​និង​ខ្ញុំ​ដែល​ជា​គ្រីស្ទ​បរិស័ទ ហើយ​គ្រីស្ទ​បរិស័ទ​គឺ​ជា​អ្នក​ដែល​ជឿ​ទៅ​លើ​ព្រះ​គម្ពីរ ដែល​ព្រះ​បន្ទូល​បាន​ថា ព្រះ​យេស៊ូវ​បាន​លេច​មក​ជា​សាច់​ឈាម ហើយ​ទ្រង់​គឺ​ជា​ព្រះ​ពិត​ប្រាកដ នឹង​ជា​មនុស្ស​ពិត​ប្រាកដ​ផង​ដែរ នេះ​ហើយ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​ប្រាប់​យើង​ជា​ច្រើន​អំពី​ទ្រង់​ផ្ទាល់។ កណ្ឌ គម្ពីរ ១យ៉ូហាន ១:១ «ដំបូង​មាន​ព្រះ​បន្ទូល…) នេះ​គឺ​ចំណុច​មួយ​ដែល​អាច​រម្លឹក​នឹង​ជួយ​លោក​អ្នក​ឲ្យ​ដឹង​ពី​ការ​បង្រៀន​របស់​ពួក​គេ​អំពី​ព្រះ​យេស៊ូវ ថា​ទ្រង់​ជា​នរណា? ពិត​ប្រាកដ​ណាស់​ទ្រង់​បាន​យាង​មក​លើ​ផែន​ដី​ដែល​ទ្រង់​បាន​បង្កើត​មែន ហើយ​ក៏​បាន​យក​និស្ស័យ​ជា​មួយ​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​គឺ​នាង ម៉ារ៉ា តែ​នេះ​មិន​មែន​មាន​ន័យ​ថា ទ្រង់​ក៏​ជា​មនុស្ស​ពិត​ប្រាកដ ១០០% និង​ជា​ព្រះ​ពិត​ប្រាកដ ១០០% មិន​មែន​លែង​ជា​ព្រះ​នោះ​ឡើយ។

នេះ​ហើយ​គឺ​ចំណុច​មួយ​ដែល​លោក​អ្នក​អាច​ធ្វើ​ការ​ល្បង​ល​មើល​បាន ពី​អ្វី​ដែល​ពួក​គេ​និយាយ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ។ នៅ​សម័យ​សាវ័ក យ៉ូហាន មនុស្ស​សម័យ​នោះ​គេ​ជឿ​ថា អ្វី​ក៏​ដោយ​ដែល​ជា​របស់ ឬ​ក៏​វត្ថុ​ដែល​មិន​មែន​ជា​វិញ្ញាណ​គឺ​សុទ្ធតែ​អាក្រក់ ប៉ុន្តែ​មាន​តែ​វិញ្ញាណ​ទេ​ដែល​ល្អ សរុប​សេចក្តី​មក​អ្វី​ក៏​ដោយ​ដែល​បាន​កើត​មក​មាន​ជីវិត ជា​របស់ និង​មាន​រូប គឺ​សុទ្ធតែ​ជា​ការ​អាក្រក់។ ប្រសិន​បើ​ព្រះ​អង្គ​គឺ​ជា​ព្រះ​ពិត​ប្រាកដ នោះ​ព្រះ​អង្គ​មិន​អាច​លេច​មក​ជា​សាច់​ឈាម​បាន​នោះ​ទេ ហើយ​ប្រសិន​បើ​ព្រះ​អង្គ​លេច​មក​ជា​សាច់​ឈាម​នោះ ព្រះ​អង្គ​នឹង​អាក្រក់​ហើយ។ នោះ​ហើយ​គឺ​ជា​ការ​យល់​ឃើញ​របស់​មនុស្ស​សម័យ​នោះ។ ពួក​គេ​ថា វត្ថុ​និង​របស់​សុទ្ធតែ​អាក្រក់ ប៉ុន្តែ​ទាល់​តែ​វិញ្ញាណ​ទើប​ល្អ ហេតុ​ដូច្នេះ​ហើយ​បាន​គេ​និយាយ​ថា ព្រះ​យេស៊ូវ​មិន​បាន​លេច​មក​ជា​មនុស្ស​ទេ តែ​កាល​ណា​កើត​មក​ជា​មនុស្ស​គឺ​មាន​បាប និង​អាក្រក់ ហើយ​មិន​អាច​ល្អ​បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រសូត​នឹង​នាង​ព្រហ្មចារី ហើយ​ទ្រង់​គ្មាន​បាប​សោះ ហើយ​ផង​ដែរ​ទ្រង់​ជា​មនុស្ស​យ៉ាង​ពិត​ប្រាកដ ហើយ​ព្រះ​អង្គ ស្រេក ព្រះ​អង្គ​ឃ្លាន ព្រះ​អង្គ​ផ្ទំ​លក់ ព្រះ​អង្គ​អស់​កម្លាំង ទាំង​នេះ​ហើយ​ដែល​បង្ហាញ​ថា ទ្រង់​ជា​មនុស្ស​យ៉ាង​ពិត​ប្រាកដ។

ដូច្នេះ ឃ្លា​ដែល​សំខាន់ នោះ​គឺ «អស់​ទាំង​វិញ្ញាណ​ណា​ដែល​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូវ​បាន​មក​ក្នុង​សាច់​ឈាម…» ។ ប៉ុន្តែ លោក​អ្នក​​ក៏​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ផង​ដែរ មាន​ពេលខ្លះ​ពួកគេ​ក៏​និយាយ ហើយ​នឹង​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​បាន​មក​ក្នុង​សាច់​ឈាម​ពិត​មែន ព្រះ​គ្រីស្ទ​ទ្រង់​ជា​ព្រះ ១០០% ប៉ុន្តែ​ពួក​គេ​និយាយ​បែប​នេះ​តែ​បបូរ​មាត់​តែ​ប៉ុណ្ណោះ ដោយ​មិន​មែន​ចេញ​ពី​ចិត្ត​របស់​ពួក​គេ​នោះ​ទេ។ លោក​អ្នក​ក៏​ដឹង​ហើយ អារក្ស​ក៏​វា​ទទួល​ស្គាល់​ថា ព្រះ​គ្រីស្ទ​ទ្រង់​មាន​អំណាច​ដែរ។កណ្ឌ​គម្ពីរ កិច្ចការ ១៩:១៥ «តែ​អារក្ស​អសោចិ៍​ឆ្លើយ​ទៅ​គេ​ថា យើង​ស្គាល់​ព្រះ​យេស៊ូវ​ហើយ ក៏​ស្គាល់​ប៉ុល​បន្តិច​បន្តួច​ដែរ តែ​ឯង​រាល់​គ្នា តើ​ជា​អ្នក​ណា​វិញ»។ ដូច្នេះ លោក​អ្នក​ឃើញ​ហើយ​ថា អារក្ស​វា​ក៏​ស្គាល់​ព្រះ​យេស៊ូវ​ហើយ​ផង​ដែរ​ក៏​ទទួល​ស្គាល់​ថា ទ្រង់​គឺ​ជា​ព្រះ តែ​វា​មិន​ទទួល​ជឿ​លើ​ព្រះ​អង្គ​ទេ។ នេះ​ហើយ​គឺ​ចំណុច​មួយ​ដែល​សំខាន់​សម្រាប់​លោក​អ្នក នៅ​ពេល​មាន​នរណា​ម្នាក់​មក​និយាយ​យ៉ាង​ដូច្នោះ​ចំពោះ​លោក​អ្នក​អំពី​ព្រះ​យេស៊ូវ​ដោយ​ទទួល​ស្គាល់​ថា ពួក​គេ​គឺ​ជា​គ្រីស្ទ​បរិស័ទ​ដូច​លោក​អ្នក ហើយ​លោក​អ្នក​គឺ​តែ​មួយ​ទេ​ជា​មួយ​ពួក​គេ។ ប៉ុន្តែ ប្រសិន​បើ​លោក​អ្នក​បាន​ចូល​រួម​ជា​មួយ​ពួក​គេ នោះ​លោក​អ្នក​នឹង​ឃើញ​ថា ពួក​គេ​មិន​បាន​ជឿ ឬ​ក៏​បាន​ទទួល​ស្គាល់​ពី​ភាព​ជា​ព្រះ​របស់​ព្រះ​អម្ចាស់​យេស៊ូវ និង​ការ​ដែល​ព្រះ​អង្គ​យក​និស្ស័យ​ជា​មនុស្ស​នោះ​ឡើយ។

ដូច្នេះ ចូរ​ឲ្យ​លោក​អ្នក​ល្បងល​មើល នូវ​អ្វី​ដែល​ពួក​គេ​ថ្លែង និង​អ្វី​ដែល​គេ​និយាយ​ពី​ព្រះ​គ្រីស្ទ​ថា តើ​ទ្រង់​ជា​នរណា? ប្រសិន​បើ​ព្រះ​វិញ្ញាណ​ដែល​ស្ថិត​នៅ​ក្នុង​ខ្លួន​ពួក​គេ​ជា​ព្រះ​វិញ្ញាណ​ដែល​មក​ពី​ព្រះ​យ៉ាង​ពិត​ប្រាកដ​មែន នោះ​ជា​ទូទៅ​ពួក​គេ​នឹង​និយាយ​លើក​តម្កើង​ព្រះ​គ្រីស្ទ ដោយ​ព្រោះ​ព្រះ​វិញ្ញាណ​របស់​ព្រះ​នឹង​លើក​តម្កើង​ព្រះ​អង្គ។ កណ្ឌ​គម្ពីរ ១កូរិនថូស ១២:៣ «ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ ដោយ​នូវ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ថា ព្រះ​យេស៊ូវ​ត្រូវ​បណ្តាសា​នោះ​ឡើយ ក៏​គ្មាន​អ្នក​ណា​អាច​នឹង​ថា ព្រះ​យេស៊ូវ​ទ្រង់​ជា​ព្រះ​អម្ចាស់​ដែរ លើក​តែ​ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ»។ នេះ​មាន​ន័យ​ថា អ្នក​ដែល​មាន​ព្រះ​វិញ្ញាណ​នឹង​ពេញ​ដោយ​ព្រះ​វិញ្ញាណ​យ៉ាង​ពិត​ប្រាកដ គឺ​ច្បាស់​ណាស់​ថា ពួក​គេ​នឹង​មិន​និយាយ​អ្វី​ដែល​បន្ទាប​បន្ថោក​ព្រះ​យេស៊ូវ​នោះ​ទេ។

អ្នក​ដែល​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពិត​ប្រាកដ​នោះ​គឺ​ជា​គ្រីស្ទ​បរិស័ទ​ដែល​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​ពួក​គាត់​នឹង​និយាយ​អ្វី​ដែល​លើក​តម្កើង​ដល់​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ និង​អ្វី​ដែល​ពិត និង​អ្វី​ដែល​ត្រឹម​ត្រូវ។ នេះ​គឺ​ចំណុច​ស្នូល​មួយ ដែល​ក្រុម​ខុស​ឆ្គង​មួយ​ចំនួន​ដែល​តែង​តែ​ទាស់​ប្រឆាំង និង​តែង​តែ​និយាយ​ដូច​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ខាង​លើ​អញ្ចឹង។ ហើយ​ជា​ទូទៅ​ពួក​គេ​តែង​តែ​និយាយ​ជា​ដំបូង​គឺ៖ ទី១ ការ​ដែល​ព្រះ​គ្រីស្ទ​បាន​យក​កំណើត​ជា​សាច់​ឈាម ទី២ ព្រះ​យេស៊ូវ​ទ្រង់​បាន​សុគត ហើយ​មិន​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ទៀត​ទេ បើ​រស់​គឺ​រស់​តែ​ខាង​ឯ​វិញ្ញាណ​ប៉ុណ្ណោះ ហើយ​មិន​មែន​រស់​ដោយ​សាច់​ឈាម​នោះ​ទេ។ នេះ​ហើយ​ជា​សេចក្តី​បង្រៀន​មួយ​ចំនួន ដែល​ក្រុម​ខុស​ឆ្គង​មួយ​ចំនួន​បាន​បង្រៀន​យ៉ាង​ដូច្នោះ។ ដូច្នេះ បើ​សិន​មាន​ពួក​គេ​មក​សួរ​លោក​អ្នក​ថា តើ​ព្រះ​គ្រីស្ទ​ជា​នរណា? តើ​លោក​អ្នក​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​យ៉ាង​ដូច​ម្ដេច? ហើយ​ក៏​ជា​ចំណុច​មួយ​ដែល​លោក​អ្នក​គួរ​សួរ​ខ្លួន​ឯង​ផង​ដែរ។ ហើយ​ខ្ញុំ​ជឿ​ថា លោក​អ្នក​នឹង​ឆ្លើយ​តប​ទៅ​កាន់​ពួក​គេ​នូវ​ចម្លើយ​ដែល​ពួក​គេ​អាច​ទទួល​យក​បាន។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:៣ «តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​អា​ទទឹង​ព្រះ​គ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា ត្រូវ​មក តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ៍​ហើយ»។ ដូច្នេះ លោក​អ្នក​ក៏​បាន​ឃើញ​ថា គឺ​វា​មាន​នៅ​ក្នុង​លោកីយ៍​សព្វ​ថ្ងៃ​នេះ ដោយ​មាន​ការ​បង្រៀន​សេចក្ដី​បង្រៀន​ខុស​ឆ្គង​យ៉ាង​ច្រើន ដែល​ជា​អ្នក​ដែល​ទាស់​ប្រឆាំង និង​ទទឹង​នឹង​ព្រះ​គ្រីស្ទ ដែល​ជា​អ្វី​មួយ​ធ្វើ​ឲ្យ​លោក​អ្នក​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន។

ទី២ ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​យើង​ដឹង​ថា សេចក្តី​បង្រៀន​នោះ​មក​ពី​វិញ្ញាណ​ព្រះ ឬ​មក​ពី​អារក្ស?យើង​ត្រូវ​ពិនិត្យ​មើល​នូវ​អ្វី​ដែល​គេ​ស្តាប់៖

កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:៥ «ពួក​នោះ​មក​ពី​លោកីយ៍​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ៍ ហើយ​លោកីយ៍​ក៏​ស្តាប់​គេ​ដែរ ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត និង​វិញ្ញាណ​នៃ​សេចក្ដី​ខុស​ឆ្គង​ទៅ​បាន»។ ដូច្នេះ មាន​តែ​ការ​ស្តាប់​ទៅ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក និង​ស្តាប់​នូវ​ដំណឹង​ល្អ ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ សំណួរ​សួរ​ថា តើ​ពួក​គាត់​ស្តាប់​តាម​ដំណឹង​ល្អ ឬ​ទទួល​ស្គាល់​ដែរ​ឬ​ទេ និង​អ្វី​ដែល​មាន​ចែង​ក្នុង​ព្រះ​បន្ទូល​ដែរ​ឬ​ទេ? ឬ​ក៏​ពួក​គាត់​ស្តាប់​តាម​លោកីយ៍​នូវ​អ្វី​ដែល​លោកីយ៍​បាន​ធ្វើ ហើយ​ស្តាប់​ទៅ​តាម​លោកីយ៍​បាន​បង្រៀន និង​ប្រាប់ ជាជាង​ស្តាប់​តាម​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក។ ប្រសិន​បើ​គាត់​ជឿ​យ៉ាង​ពិត​ប្រាកដ និង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យ៉ាង​ពិត​ប្រាកដ​គង់​នៅ​ជា​មួយ នោះ​គឺ​នឹង​ស្តាប់ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​មិន​មាន​វិញ្ញាណ​ដែល​មក​ពី​ព្រះ​អង្គ​នោះ​ទេ នោះ​គាត់​នឹង​បដិសេធ​នូវ​សេចក្ដី​បង្រៀន​នៃ​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ និង​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក ព្រម​ទាំង​បដិសេធ​នូវ​សេចក្ដី​បង្រៀន​របស់​ពួក​ជំនុំ​ដែល​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​តាម​ព្រះ​គម្ពីរ។

ដូច្នេះ ការ​ដែល​ស្តាប់​គឺ​វា​លើស​អំពី​ការ​គ្រាន់​តែ​ឮ ពី​ខាង​ឆ្វេង​ចេញ​ខាង​ស្ដាំ ប៉ុន្តែ​ការ​ដែល​ស្ដាប់​នៅ​ត្រង់​ចំណុច​ត្រង់​នេះ ហើយ​ក៏​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​ផង​ដែរ។ ការ​ស្តាប់​គឺ​ជា​ការ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​របស់​ផង​ព្រះ​អង្គ បាន​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ហើយ​អនុវត្ត​ធ្វើ​តាម​នូវ​អ្វី​ដែល​ពួកគេ​បាន​ឮ​ពី​ព្រះ​បន្ទូល​នោះ​ឯង នេះ​ហើយ​គឺ​ជា​ការ​ស្តាប់​យ៉ាង​ពិត​ប្រាកដ។ ប្រហែល​មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា ខ្ញុំ​ជឿ​ព្រះ​យេស៊ូវ​ដែរ​តើ ខ្ញុំ​បាន​ស្តាប់​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ​ដែរ​តើ ប៉ុន្តែ​ដោយ​គ្រាន់​ពាក្យ «ដែរ​តើ» ដូច្នេះ សំណួរ​សួរ​ថា តើ​គាត់​បាន​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​របស់​ផង​ព្រះ​អង្គ​បាន​ប៉ះពាល់​ចិត្ត​ដែរ​ឬ​ទេ? ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​ផង​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ជីវិត​ពួក​គាត់​ដែរ​ឬទេ? នេះ​គឺ​ជា​ការ​សំខាន់ ហើយ​ក៏​ជា​ការ​ល្បងល​ទី២ ដែល​លោក​អ្នក ហើយ​និង​ខ្ញុំ​ត្រូវ​តែ​ល្បងល​មើល​ថា តើ​គាត់​ស្តាប់​តាម​សេចក្ដី​បង្រៀន​របស់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​ដែរ​ឬ​ទេ? ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាវ័ក យ៉ូហាន តែង​តែ​រម្លឹក​លោក​អ្នក ហើយ​និង​ខ្ញុំ​ថា កុំ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​សោះ​ឡើយ ហើយ​អ្វី​ដែល​សាវ័ក យ៉ូហាន បាន​និយាយ​បែប​នេះ​គឺ​ជា​អ្វី​ដែល​គាត់​លើក​ទឹក​ចិត្ត ហើយ​តែង​តែ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ទ្រង់​ហើយ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​ជីវិត​ដ៏​នូវ​អស់​កល្ប​ជានិច្ច។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:៤ «ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពីព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​ផង»។ ដូច្នេះ លោក​អ្នក​ឃើញ​ហើយ​ថា នេះ​គឺ​ជា​ការ​រម្លឹក​បន្ថែម​ទៀត​ថា កុំ​ឲ្យ​យើង​ភ័យ​ខ្លាច វិញ្ញាណ​របស់​លោកអ្នក ហើយ​និង​ខ្ញុំ​ដែល​ជា​អ្នក​ជឿ​គឺ​ធំ​ជាង​វិញ្ញាណ​អានោះ (គឺ​ជា​វិញ្ញាណ​អារក្ស) ដែល​នៅ​ខាង​ក្រៅ​ទៅ​ទៀត។ ចូរ​ឲ្យ​លោក​អ្នក​បន្ត​ដោយ​ស្វាហាប់​ដោយ​លោក​អ្នក​ទទួល​ជឿ​ព្រះ​អង្គ​យ៉ាង​ពិត​ប្រាកដ ដោយ​ទទួល​ស្គាល់​ភាព​ជា​ព្រះ​របស់​ព្រះ​គ្រីស្ទ ហើយ​និង​ភាព​ជា​មនុស្ស​របស់​ផង​ទ្រង់​យ៉ាង​ពិត​ប្រាកដ ហើយ​និង​ស្តាប់​តាម​សេចក្ដី​បង្រៀន​នៃ​ដំណឹង​ល្អ ពី​ព្រះ​យេស៊ូវ​ព្រម​ទាំង​ពួក​សាវ័ក​ផង​ដែរ។ ដូច្នេះ នេះ​គឺ​ការ​ដែល​រម្លឹក​ដាស់​តឿន​លោក​អ្នក ចូរ​ឲ្យ​លោក​អ្នក​ល្បងល​មើល​ដោយ​កុំ​ចេះ​តែ​ជឿ​នូវ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​នោះ​ឡើយ ចូរ​ឲ្យ​លោក​អ្នក​គិត​ពិចារណា​មុន​នឹង​ជឿ​ថា វា​ត្រឹម​ត្រូវ​តាម​ព្រះ​បន្ទូល​ព្រះ​ដែរ​ឬ​ទេ? ជា​ការ​លើក​ទឹក​ចិត្ត ចូរ​ឲ្យ​លោក​អ្នក​ស្គាល់​នូវ​អ្វី​ដែល​ជា​របស់​ពិត។

និពន្ធដោយ៖ លោកគ្រូ ជឿន ជីវិចន្ធា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​,លោក ធីម៉ូថេ ឯក​ និង​ លោក សួន ចាន់រួម
ដកស្រង់ និងកែសម្រួលចេញពី youtube.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដឹងជាក់

ព្រះ​កិត្តិយស និង​បេសកកម្ម​នៃព្រះអង្គ