១យ៉ូហាន ៥:៦-១២
«គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្ដីពិត មានសាក្សី៣អង្គដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ និងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ និងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ បើសិនជាយើងបានទទួលសេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះ ក៏ប្រសើរជាងទៅទៀត ដ្បិតសេចក្ដីបន្ទាល់របស់ព្រះ គឺជាសេចក្ដីដែលទ្រង់ថ្លែងប្រាប់ ពីព្រះរាជបុត្រានៃទ្រង់ អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ នោះមានសេចក្ដីបន្ទាល់ នៅក្នុងខ្លួនហើយ តែអ្នកណាដែលមិនជឿសោះ នោះឈ្មោះថា បានធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ពីព្រោះមិនបានជឿដល់សេចក្ដីបន្ទាល់ ដែលទ្រង់បានធ្វើពីដំណើរព្រះរាជបុត្រានៃទ្រង់ នេះហើយជាសេចក្ដីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ» (១យ៉ូហាន ៥:៦-១២)។
សេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់អំពីព្រះរាជបុត្រារបស់ទ្រង់
កណ្ឌគម្ពីរ ១យ៉ូហាន ៥:៩ «បើសិនជាយើងបានទទួលសេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះ ក៏ប្រសើរជាងទៅទៀត ដ្បិតសេចក្ដីបន្ទាល់របស់ព្រះ គឺជាសេចក្ដីដែលទ្រង់ថ្លែងប្រាប់ ពីព្រះរាជបុត្រានៃទ្រង់»។ ព្រះជាម្ចាស់បានធ្វើបន្ទាល់ពីព្រះរាជបុត្រាទ្រង់ផ្ទាល់តែម្តង ហើយព្រះគម្ពីរក៏បានចែងថា «ប្រសិនបើយើងបានជឿអ្វីដែលមនុស្សបានធ្វើទីបន្ទាល់ហើយ» តើយើងមិនគួរទទួលសេចក្ដីបន្ទាល់ពីទ្រង់ប្រសើរជាងអម្បាលម៉ានទៅទៀត? តើព្រះជាម្ចាស់បានធ្វើបន្ទាល់ពីព្រះរាជបុត្រារបស់ព្រះអង្គដោយរបៀបណា? ព្រះអង្គបានធ្វើបន្ទាល់ក្នុង៣ចំណុចដែលយើងនឹងពិនិត្យ។
ហេតុផលទី១៖ ព្រះអង្គបានធ្វើទីបន្ទាល់តាមរយៈ «ទឹក»។ កណ្ឌគម្ពីរ ១យ៉ូហាន ៥:៦ បានចែងថា «គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្ដីពិត»។ ប្រសិនបើលោកអ្នកពិនិត្យ និងសង្កេតមើលក្នុងខគម្ពីរនេះ នោះលោកអ្នកនឹងឃើញមាន៣ចំណុច ដែលលោកអ្នកមើលឃើញ។ ខគម្ពីរត្រង់នេះ មានការពិបាកយល់ណាស់ ប៉ុន្តែ បន្ទាប់ពីលោកអ្នកបានសិក្សាឲ្យបានស៊ីជម្រៅនៅពេលខាងមុខ ហើយនិងអានដោយខ្លួនឯងច្រើនលើកច្រើនសារ ហើយបន្តសិក្សាពីសៀវភៅអធិប្បាយផ្សេងៗទៀតដែលជាជំនួយ ហើយខ្ញុំផ្ទាល់រកឃើញថា ការបកស្រាយនៅត្រង់ខគម្ពីរនេះ គឺមានការបកស្រាយដែលមានលក្ខណៈល្អប្រសើរ ហើយខ្ញុំជឿថា នេះជាអ្វីដែលព្រះបន្ទូលព្រះចង់មានបន្ទូលនៅត្រង់ខគម្ពីរនេះ។
ដូច្នេះ លោកអ្នកអាចឃើញពីស្មរបន្ទាល់ពីព្រះជាម្ចាស់ សម្រាប់ព្រះរាជបុត្រាទ្រង់តាមរបៀប៣យ៉ាងគឺ៖ តាមរយៈ ទឹក ឈាម និងព្រះវិញ្ញាណបរិសុទ្ធ។ តើខគម្ពីរនេះចង់មានន័យយ៉ាងម្ដេចដែលថា ព្រះជាម្ចាស់បានធ្វើបន្ទាល់ពីព្រះយេស៊ូវតាមរយៈ «ទឹក»? មានការបកស្រាយជាច្រើនដែលទាក់ទងនឹងអត្ថបទនៃខគម្ពីរនេះ។ មានអ្នកខ្លះបានធ្វើការកាត់ស្រាយនឹងព្យាយាមបកស្រាយថា ខណៈពេលដែលព្រះយេស៊ូវទ្រង់សុគតនៅឈើឆ្កាង ហើយមានទាហានដែលយាមនៅទីនោះបានយកលំពែងទៅចាក់ត្រង់ឆ្អឹងជំនីទ្រង់នៅខាងឆ្វេង ហើយបណ្ដាលឲ្យឃើញមានចេញជា ឈាម និងទឹក ហូរចុះមក ហើយគេឃើញថា នោះបញ្ជាក់ថា ព្រះយេស៊ូវបានយាងមកជាសាច់ និងជាឈាម។
ប៉ុន្តែ នោះវាក៏ជាការមួយដែលបញ្ជាក់ថា ព្រះយេស៊ូវទ្រង់បានសុគតពិតមែន (ខណៈពេលទាហានយកលំពែងចាក់ទ្រង់នោះ) ហើយខ្ញុំជឿថា នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅលើ ឬក៏ធ្វើជាស្មរបន្ទាល់នៅត្រង់ករណីដូចខាងលើនេះឡើយ ហើយខ្ញុំជឿថា «ទឹក» នៅត្រង់ចំណុចខាងលើនេះ គឺចង់សំដៅទៅលើការធ្វើពិធីជ្រមុជទឹករបស់ព្រះយេស៊ូវ។ កណ្ឌគម្ពីរ ម៉ាថាយ ៣:១៧ បានប្រាប់យើងថា «នោះមានឮសម្លេងចេញពីមេឃថា នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ មុនពេលដែលព្រះយេស៊ូវចាប់ផ្តើមព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់បានទទួលពិធីជ្រមុជទឹក ស្របពេលនោះហើយគឺមានសម្លេងមកពីលើមេឃដែលមានបន្ទូលថា «នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ ដូច្នេះ លោកអ្នកឃើញថា នេះគឺជាការមួយដែលព្រះជាម្ចាស់បានអះអាងបញ្ជាក់ថា ព្រះយេស៊ូវគឺជាកូនស្ងួនភ្ងារបស់ព្រះជាម្ចាស់ ដែលទ្រង់គួរជាទីពេញចិត្តដល់ព្រះអង្គណាស់។ ត្រង់នេះគឺមុនទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។
ហេតុផលទី២៖ ព្រះអង្គបានធ្វើទីបន្ទាល់តាមរយៈ «ឈាម»។ ខ្ញុំជឿថា «ឈាម» ទាក់ទងទៅនឹងការសុគតរបស់ផងព្រះអង្គ។ លោកអ្នកឃើញហើយថា នៅពេលដែលទ្រង់ធ្វើពិធីជ្រមុជទឹក នោះក៏មានសម្លេងពីលើមេឃមក។ ប៉ុន្តែ នៅពេលដែលទ្រង់សុគត យើងឃើញថា មានការជាច្រើនដែលបង្ហាញថា នោះគឺជាទីបន្ទាល់អំពីព្រះអង្គ (ឧ. នៅត្រង់កណ្ឌគម្ពីរ ម៉ាថាយ ២៧:៤៥)។ មានហេតុការណ៍ជាច្រើនបានកើតឡើង ខណៈពេលដែលព្រះអង្គជាប់ឆ្កាង៖ ផ្ទៃមេឃមានការអាប់អួខ្មៅងងឹត ខណៈពេលកណ្ដាលថ្ងៃត្រង់នៅឡើយ នោះគឺជាការមួយដែលកើតឡើងមកពីព្រះជាម្ចាស់ វាមិនមែនជាហេតុការណ៍ កើតឡើងដោយចៃដន្យនោះទេ ហើយនៅពេលដែលទ្រង់សុគត នោះវាំងនននៅក្នុងព្រះវិហារបានរហែកជាពីរកំណាត់ពីលើចុះក្រោម។ នោះហើយគឺជាទីបន្ទាល់មួយ ដែលព្រះជាម្ចាស់បានប្រាប់ថា ព្រះយេស៊ូវជាកូនស្ងួនភ្ងាទ្រង់ នៅពេលដែលព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹក ហើយនៅពេលដែលព្រះយេស៊ូវសុគតក៏បានបង្ហាញថា កិច្ចការរបស់ព្រះយេស៊ូវក៏បញ្ចប់សព្វគ្រប់ហើយដែរ។
ហេតុផលទី៣៖ ព្រះអង្គបានធ្វើទីបន្ទាល់តាមរយៈ «ព្រះវិញ្ញាណ»។ ខ្ញុំជឿថា ហេតុផលទាំងបីនេះហើយគឺមានភាពឯកភាពគ្នា ដែលព្រះគម្ពីរបានប្រាប់ថា ទាំងបីនេះគួរតែដូចគ្នា ហើយស៊ីគ្នា។ ដ្បិតកណ្ឌគម្ពីរ ១យ៉ូហាន ៥:៦ បានចែងថា «…គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្ដីពិត»។ ដូច្នេះ លោកអ្នកឃើញថា ព្រះវិញ្ញាណគឺជាអ្នកធ្វើទីបន្ទាល់ ព្រមទាំងបើកសម្ដែង។ ហើយលោកអ្នកក៏ដឹងរួចហើយថា ព្រះគម្ពីរទាំងមូលគឺជាការបើកសម្ដែងផ្ទាល់ (និពន្ធដោយព្រះជាម្ចាស់)ពីព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដោយព្រះអង្គបានធ្វើការតាមរយៈហោរាផ្សេងៗដែលមានចែងក្នុងកណ្ឌគម្ពីរ ២ពេត្រុស ១:២១៖ «ដ្បិតសេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ» (សូមមើលបន្ថែមក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៣:១៦)។
នោះហើយគឺជាទីបន្ទាល់ពីព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធតែងតែនិយាយអ្វីដែលជាការពិត។ ដូច្នេះ ព្រះគម្ពីរទាំងមូលគឺជាទីបន្ទាល់របស់ព្រះជាម្ចាស់ ដែលព្រះវិញ្ញាណបរិសុទ្ធ បណ្តាលឲ្យតែងឡើងអំពីព្រះរាជបុត្រានៃព្រះ។ ប្រសិនបើលោកអ្នកពិនិត្យមើលព្រះគម្ពីរសញ្ញាចាស់ ដោយចាប់ផ្តើមពីកណ្ឌគម្ពីរលោកុប្បត្ដិ នោះលោកអ្នកនឹងឃើញថា ទាំងអស់គឺជាទីបន្ទាល់ពីព្រះជាម្ចាស់អំពីព្រះរាជបុត្រារបស់ព្រះអង្គ ដែលទ្រង់ត្រូវយាងមក។
សរុបសេចក្ដីមក នេះហើយគឺជាទីបន្ទាល់៣យ៉ាង ហើយខ្ញុំគិតថា គឺជាទីបន្ទាល់ដ៏ពេញលេញបំផុត ដោយព្រះជាម្ចាស់បានជ្រើសរើសទីបន្ទាល់៣នោះ ដើម្បីជាការអះអាងអំពីព្រះរាជបុត្រានៃព្រះ។ មានការជាច្រើនដែលយើងត្រូវគិត និងពិភាក្សាដោយត្រូវសិក្សាបន្ថែមទៀត ប្រហែលមនុស្សមួយចំនួនមានទស្សនៈផ្សេងពីការលើកឡើងត្រង់ខគម្ពីរនេះ ហើយខ្ញុំជឿថា នេះជាអ្វីមួយដែលខ្ញុំអាចយល់បានគឺព្រះជាម្ចាស់បានធ្វើបន្ទាល់ពីព្រះរាជបុត្រារបស់ទ្រង់ដោយការ៣យ៉ាងគឺ៖ ទឹក ឈាម ហើយនិងព្រះវិញ្ញាណបរិសុទ្ធ។ ទីបន្ទាល់៣យ៉ាងនេះបញ្ជាក់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ។
ប្រសិនបើលោកអ្នកបន្តអាន និងសិក្សាបន្ថែមទៅមុខទៀត នោះលោកអ្នកនឹងឃើញថាកណ្ឌគម្ពីរ ១យ៉ូហាន ៥:៧ បានចែងថា «មានសាក្សី៣អង្គដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ និងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ»។ ដូច្នេះ យើងអាចទុកចិត្តលើព្រះយេស៊ូវបានថាទ្រង់ជាព្រះរាជបុត្រានៃព្រះ ដោយព្រះជាម្ចាស់បានផ្តល់នូវសាក្សី (ព្រះវរបិតា ព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធ) និងទីបន្ទាល់៣យ៉ាង ដើម្បីអះអាងដូចអ្វីដែលបានរៀបរាប់ពីដើមខាងលើមកគឺមាន ទឹក ឈាម និងព្រះវិញ្ញាណបរិសុទ្ធ។ នេះហើយគឺជាការបញ្ជាក់បង្ហាញឲ្យយើងដឹងថែមទៀតថា ទីបន្ទាល់របស់ព្រះជាម្ចាស់ប្រសើរលើសជាងទីបន្ទាល់របស់មនុស្សទៅទៀត។
កណ្ឌគម្ពីរ ១យ៉ូហាន ៥:១០ បានចែងថា «អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ នោះមានសេចក្ដីបន្ទាល់ នៅក្នុងខ្លួនហើយ តែអ្នកណាដែលមិនជឿសោះ នោះឈ្មោះថា បានធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ពីព្រោះមិនបានជឿដល់សេចក្ដីបន្ទាល់ ដែលទ្រង់បានធ្វើពីដំណើរព្រះរាជបុត្រានៃទ្រង់»។ ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដោយសារព្រះជាម្ចាស់បានធ្វើបន្ទាល់។ ប៉ុន្តែប្រសិនបើយើងមិនជឿពីអ្វីដែលព្រះជាម្ចាស់បានធ្វើទីបន្ទាល់ទេ នោះយើងធ្វើឲ្យព្រះជាម្ចាស់ក្លាយជាអ្នកកុហកវិញ។ ហើយនៅពេលដែលយើងថា ព្រះជាម្ចាស់ជាអ្នកកុហក នោះមានន័យថា យើងកំពុងប្រមាថព្រះអង្គហើយ។ ជាទូទៅ យើងឃើញហើយថា ការប្រមាថព្រះអង្គក៏ជាការប្រមាថព្រះវិញ្ញាណបរិសុទ្ធដែរ។ ហើយនៅពេលដែលយើងបដិសេធទីបន្ទាល់របស់ព្រះជាម្ចាស់ នោះមានន័យថា យើងក៏បានធ្វើឲ្យព្រះអង្គទៅជាតួកុហកវិញ។ ដូច្នេះ នៅពេលដែលយើងប្រមាថព្រះវិញ្ញាណរបស់ព្រះអង្គ នោះលទ្ធផលគឺជាអំពើបាបដ៏ធ្ងន់ធ្ងរ ដែលព្រះគម្ពីរបានប្រាប់ថា មិនអាចអធ្យាស្រ័យឲ្យបាន ហើយក៏ជាអំពើបាបនៃសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ចដែរ។
ប៉ុន្តែ ប្រសិនបើយើងជឿលើទីបន្ទាល់ដែលព្រះជាម្ចាស់បានប្រាប់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ នោះយើងនឹងទទួលទីបន្ទាល់នៅក្នុងជីវិតរបស់យើងដែរ។ ហើយអស់អ្នកដែលជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ នោះមានន័យថា មានទីបន្ទាល់នៅក្នុងជីវិត ហើយតួនាទីរបស់យើងដែលជាអ្នកជឿគឺជាភស្តុតាង និងជាសាក្សី ដែលយើងបានទទួលពីព្រះជាម្ចាស់មក ដោយយើងប្រកាសទៅកាន់អ្នកដទៃទៀត ដើម្បីឲ្យពួកគេស្គាល់ព្រះអង្គ តាមរយៈទីបន្ទាល់របស់យើង នោះបញ្ជាក់ថាព្រះយេស៊ូវបានធ្វើការក្នុងជីវិតយើង និងបានសុគតនៅលើឈើឆ្កាងជំនួសអំពើបាបរបស់យើងផងដែរ។
តើអ្វីទៅជាស្មរបន្ទាល់របស់ព្រះជាម្ចាស់?
កណ្ឌគម្ពីរ ១យ៉ូហាន ៥:១១ មានចែងដូចតទៅ «នេះហើយជាសេចក្ដីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់»។ នេះហើយគឺជាទីបន្ទាល់របស់ព្រះជាម្ចាស់ ដែលមានន័យថា ព្រះអង្គបានប្រទានជីវិតដ៏អស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះគឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ នេះក៏ជាទីបន្ទាល់មួយ ដែលលោកអ្នក ហើយនិងខ្ញុំត្រូវតែប្រកាសប្រាប់លោកីយ៍ពីព្រះយេស៊ូវឲ្យពួកគេបានដឹងច្បាស់ថា មានតែតាមរយៈព្រះយេស៊ូវមួយប៉ុណ្ណោះទើបមនុស្សយើងអាចមានជីវិតដ៏នៅអស់កល្បជានិច្ចបាន។ ប្រហែលមនុស្សមួយចំនួនគិតថា មានផ្លូវផ្សេង ឬមធ្យោបាយជាច្រើនទៀត ដើម្បីសង្គ្រោះ និងនាំពួកគេទៅស្ថានសួគ៌បាន។ ប៉ុន្តែ ការគិតបែបនោះខុសហើយ ពីព្រោះមានតែនៅក្នុងព្រះយេស៊ូវគ្រីស្ទមួយគត់ ដែលយើងមានជីវិតដ៏នៅអស់កល្បជានិច្ច។ ព្រះគម្ពីរបានប្រាប់យើងថា «ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៦)។
នេះជាចំណុចមួយដែលជាស្មរបន្ទាល់របស់ព្រះអង្គ គឺចេញទៅប្រកាសប្រាប់ថា មានផ្លូវតែមួយប៉ុណ្ណោះដែលនាំយើងទៅរកជីវិតគឺតាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ យើងដែលជាគ្រីស្ទបរិស័ទគឺមានតួនាទីប្រកាសពីសេចក្ដីពិត ហើយសេចក្ដីពិតនោះមកពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានធ្វើសេចក្ដីបន្ទាល់ពីព្រះរាជបុត្រាថា មានជីវិតនៅក្នុងព្រះរាជបុត្រានោះ ហើយមិនមានផ្លូវណាក្រៅពីទ្រង់ឡើយ។ នេះហើយគឺលក្ខណៈមួយដាច់ដោយឡែករបស់គ្រីស្ទបរិស័ទ ពីព្រោះយើងជឿថា មានតែព្រះយេស៊ូវគ្រីស្ទមួយប៉ុណ្ណោះដែលអាចសង្គ្រោះមនុស្សលោកបាន។
មូលហេតុដែលយើងគួរជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ
កណ្ឌគម្ពីរ ១យ៉ូហាន ៥:១២ បានចែងថា «ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ»។ ព្រះបន្ទូលរបស់ព្រះអង្គបានប្រាប់យើងយ៉ាងច្បាស់ហើយថា អ្នកណាដែលមានព្រះយេស៊ូវនៅក្នុងជីវិត នោះគាត់មានជីវិត ប៉ុន្តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។ លោកអ្នកឃើញហើយថា ការជឿលើព្រះយេស៊ូវ និងការមានទស្សនៈត្រឹមត្រូវអំពីព្រះយេស៊ូវ នោះក៏ជាការដែលសំខាន់ណាស់។ មានមនុស្សជាច្រើននាក់មានទស្សនៈមិនត្រឹមត្រូវចំពោះព្រះយេស៊ូវ ដោយសារពួកគេគ្រាន់តែចាត់ទុកព្រះយេស៊ូវថា ទ្រង់គឺជាគ្រូបង្រៀនដ៏ល្អមួយ និងជាម្នាក់ដែលបង្រៀនឲ្យធ្វើល្អ ហើយការដែលយើងមានទស្សនៈនឹងជឿបែបនេះ នោះគឺជាការមួយដែលមិននាំយើងទៅរកសេចក្ដីសង្គ្រោះនោះទេ។
ប៉ុន្តែ ជំនឿដែលជឿថា ព្រះយេស៊ូវគឺជាព្រះសង្គ្រោះ និងជាព្រះរាជបុត្រានៃព្រះ ហើយព្រះអង្គយាងមកប្រសូតដោយយកនិស្ស័យជាសាច់ឈាម ជាមនុស្ស ព្រមទាំងបានសុគតនៅលើឈើឆ្កាង បីថ្ងៃក្រោយមក ព្រះអង្គបានរស់ពីសុគតឡើងវិញ។ ហើយអស់អ្នកណាដែលជឿលើអង្គព្រះយេស៊ូវគ្រីស្ទនឹងមានជីវិតដ៏នៅអស់កល្បជានិច្ចមែន។ រីឯជីវិតដ៏នៅអស់កល្បជានិច្ចគឺថា យើងនឹងមានវត្តមានជាមួយព្រះអង្គជារៀងរហូតតទៅ។ ជាការដាស់តឿន និងរម្លឹកលោកអ្នកថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះដ៏ពិតប្រាកដ។
ចំពោះមនុស្សមួយចំនួន ដែលមិនទាន់ច្បាស់នៅឡើយ សូមប្រែចិត្ត ហើយនិយាយទៅកាន់ព្រះអង្គដោយការអធិស្ឋាន ដោយទទួលស្គាល់ព្រះរាជបុត្រា ដែលទ្រង់បានយាងមកយកនិស្ស័យជាមនុស្ស ហើយសុគតនៅលើឈើឆ្កាង ដើម្បីលោះអំពើបាបរបស់លោកអ្នក ហើយបីថ្ងៃក្រោយមកទ្រង់បានមានព្រះជន្មរស់ឡើងវិញ។
ហើយចំពោះបងប្អូន ដែលជាអ្នកជឿពិតប្រាកដហើយ ដោយបងប្អូនបានដឹងហើយថា មានផ្លូវតែមួយប៉ុណ្ណោះ នោះបងប្អូនត្រូវធ្វើជាបន្ទាល់ទៅកាន់អ្នកដទៃទៀត ដែលកំពុងតែដើរតម្រង់ទៅកាន់ផ្លូវនៃសេចក្ដីហិនវិនាស។ សូមប្រកាសប្រាប់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះប្រសិនបើយើងមិនប្រាប់ពួកគេទេ នោះពួកគេនឹងមិនឮពីព្រះបន្ទូលឡើយ។
មតិយោបល់
Loading…