(ព្រះវរបិតាដែលគង់នៅស្ថានសួគ៌)
ខ្ញុំមានសំណួរមួយ។ តើបងប្អូនធ្លាប់ចង់សូមអ្វីមួយពីឪពុករបស់បងប្អូន តែបែរជាយើងមិនហ៊ានសុំទៅវិញ ដែរទេ? ព្រោះយើងដឹងថា គាត់នឹងមិនឲ្យ។ ខ្ញុំចាំបានថា កាលខ្ញុំមានអាយុ១២ឆ្នាំ ពេលនោះខ្ញុំលេងបាល់បោះជាមួយក្រុមមួយនៅក្នុងសាលា ហើយគ្រប់អ្នកលេងទាំងអស់សុទ្ធតែមានស្បែកជើងស្អាតៗល្បីៗ ដូចជា Nike, Adidas និងស្បែកជើងម៉ាក Converse ជាដើម។ តែសម្រាប់ខ្ញុំពាក់ស្បែកជើងមានតម្លៃថោកដែលទិញនៅផ្សារធម្មតាៗ។ ប៉ុន្តែ ខ្ញុំពិតជាចង់បានស្បែកជើង Nike និង Adidas ហ្នឹងមែនទែន។ ខ្ញុំចង់សុំឪពុកខ្ញុំថា តើខ្ញុំអាចមានស្បែកជើងម៉ាកហ្នឹងបានដែរឬទេ។ ប៉ុន្តែ ខ្ញុំដឹងមុនហើយថា គាត់នឹងឆ្លើយថា «ទេ»។ គាត់នឹងចំណាយពេលប្រហែល៣០នាទី ដើម្បីប្រាប់ខ្ញុំអំពីមូលហេតុដែលយើងមិនមានលុយទិញស្បែកជើងប្រភេទទាំងនោះ។ ដូច្នេះហើយបានជាខ្ញុំមិនសូមគាត់ទាល់តែសោះ។
ខ្ញុំតែងតែធ្វើដូច្នេះដដែលៗនៅក្នុងជីវិត ហើយឪពុកខ្ញុំក៏មិនមែនជាអ្នកជឿព្រះគ្រីស្ទដែរ។ គាត់តែងតែវាយខ្ញុំនិងម្ដាយស្ទើររឿងរាល់តែថ្ងៃ។ គាត់ហូបស្រារៀងរាល់ថ្ងៃ។ គាត់បានធ្វើអាក្រក់ណាស់ជាមួយម្ដាយខ្ញុំ ហើយគាត់ក៏ជាប៉ូលីសម្នាក់ដែរ តែគាត់តែងតែសេពគប់ជាមួយនឹងពួកបងតូចបងធំ ហើយបានប្រព្រឹត្តនូវការអាក្រក់ជាច្រើន។ គាត់ត្រូវប៉ូលីសចាប់ដាក់គុក ពេលដែលខ្ញុំមានអាយុ១៤ឆ្នាំ។ មួយឆ្នាំក្រោយមក គាត់ក៏បានស្លាប់នៅក្នុងគុកនោះ។ គាត់មិនមែនជាឪពុកល្អសម្រាប់ខ្ញុំនោះទេ។
ខ្ញុំបានទទួលជឿលើព្រះយេស៊ូវកាលខ្ញុំមានអាយុ១៩ឆ្នាំ ហើយអស់រយៈពេលជាច្រើនឆ្នាំដែលខ្ញុំពិបាកក្នុងការអធិស្ឋានមែនទែន ព្រោះអីខ្ញុំបានប្រៀបធៀបព្រះវរបិតារបស់ខ្ញុំទៅនឹងឪពុកនៅផែនដីរបស់ខ្ញុំ។ ខ្ញុំត្រូវបានឪពុករបស់ខ្ញុំបដិសេធគ្រប់យ៉ាងនូវអ្វីដែលខ្ញុំសុំគាត់។ ដូច្នេះ តើឲ្យខ្ញុំអធិស្ឋានសុំអ្វីទៅ ដ្បិតខ្ញុំគិតថាទ្រង់ក៏នឹងឆ្លើយថា «ទេ» ដូចឪពុកខ្ញុំដែរ។
នោះគឺជាអ្វីដែលខ្ញុំបានគិត។ ប៉ុន្តែ ក្រោយមកខ្ញុំត្រូវបានផ្លាស់ប្តូរគ្រប់យ៉ាង បន្ទាប់ពីខ្ញុំបានអានខគម្ពីរត្រង់នេះ។
ម៉ាថាយ ៧:១១ បានចែងថា «ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត»។
យើងត្រូវចាំថា ព្រះវរបិតារបស់យើងល្អប្រសើរជាងឪពុកនៅផែនដីនេះរាប់រយលានដងទៅទៀត។ នៅក្នុងខគម្ពីរត្រង់នេះ ព្រះយេស៊ូវបានលើកទឹកចិត្តយើងឲ្យ អធិស្ឋាន ហើយក៏បានបង្ហាញថា ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អប្រសើរជាងឪពុករបស់យើងនៅផែនដីនេះទៅទៀត។ ទោះបើខ្ញុំដឹងថា ឪពុកខ្ញុំនឹងនិយាយថា «ទេ» មកខ្ញុំនៅពេលដែលខ្ញុំសុំស្បែកជើង និងអ្វីៗផ្សេងទៀត ក៏ព្រះវរបិតានៅស្ថានសួគ៌នៅសព្វព្រះហឫទ័យនឹងប្រទានរបស់ដ៏ល្អដល់យើងដែរ។ នៅក្នុងព្រះវរបិតាគ្មានអំពើអាក្រក់នោះឡើយ។ ប៉ុន្តែ សម្រាប់ឪពុកនៅលើផែនដីនេះ គាត់មានអំពើបាប និងអ្វីៗអាក្រក់ច្រើនបែប។ ខ្ញុំក៏ជាឪពុកម្នាក់នៅលើផែនដីនេះដែរ ហើយខ្ញុំក៏មានសេចក្តីអាក្រក់នៅក្នុងដួងចិត្តខ្ញុំ។ អំពើបាបមាននៅក្នុងឪពុកគ្រប់ៗរូប។
ព្រះយេស៊ូវបានលើកទឹកចិត្តយើងយ៉ាងលើសលប់ ដោយយើងត្រូវចាំថា យើងមានព្រះវរបិតាដែលគង់នៅស្ដានសួគ៌ ហើយទ្រង់លើកឡើងបន្តទៀតថា ព្រះវរបិតាល្អឥតខ្ចោះ។ ខគម្ពីរត្រង់នេះ កំពុងប្រៀបធៀបពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងឪពុករបស់យើងដែលនៅផែនដី។ ទោះបើយើងមានឪពុកដ៏ល្អបំផុតនៅលើផែនដីនេះក៏ដោយ ក៏ទ្រង់នៅតែល្អលើសឪពុកនៅផែនដីនេះរាប់សែនលានដងទៅទៀត។ ចំណុចខុសគ្នារវាងឪពុកដែលល្អ និងឪពុកមិនល្អនៅលើផែនដីនេះគឺនៅតូចតាចបំផុត។ ប៉ុន្តែ ចំណុចនៃឪពុកនៅផែនដីនិងព្រះវរបិតានៃយើងគឺគ្មានព្រំដែននោះទេ។ មានចំណុចដ៏សំខាន់មួយមែនទែនដែលយើងទាំងអស់គ្នាត្រូវចងចាំ៖
យើងមិនអាចប្រៀបធៀបឪពុកនៅផែនដីរបស់យើងទៅនឹងព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើងបានឡើយ!
ទាំងពីរមិនអាចចូលគ្នាបាននោះទេ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌នៃយើង ទ្រង់គ្មានអំពើបាបឡើយ តែឪពុកនៅផែនដីរបស់យើង មិនថាគាត់ល្អ ឬមិនល្អយ៉ាងណានោះទេ គឺគាត់ជាប់មានអំពើបាប។ ហើយគាត់ក៏អាចនឹងធ្វើបាបដល់យើងយ៉ាងខ្លាំងផងដែរ។
ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ទ្រង់គ្មានព្រំដែនដូចឪពុកនៅផែនដីយើងនោះឡើយ។ ទ្រង់គ្មានភាពទន់ខ្សោយដូចឪពុករបស់យើង ហើយទ្រង់ក៏គ្មានភាពខុសឆ្គងដូចឪពុករបស់យើងដែរ—គ្មានចំណុចទាំងអស់នោះទាល់តែសោះ។ ចំណុចដែលព្រះយេស៊ូវបានលើកឡើងត្រង់ខគម្ពីរគឺថា សូម្បីតែឪពុកដ៏អាក្រក់នៅលើផែនដីនេះ ក៏គាត់នៅតែឲ្យរបស់ល្អដល់កូនគាត់ដែរ។ បើយើងមើលគ្រប់ទីកន្លែងនៅជុំវិញផែនដីនេះ មិនថាគាត់មានបាប ឬអាក្រក់ ជាធម្មតាឪពុកចង់ឲ្យរបស់ល្អដល់កូនៗ។ ឪពុកយើងនឹងឲ្យម្ហូប ពេលយើងត្រូវការ ហើយនឹងឲ្យសម្លៀកបំពាក់ពេលដែលយើងត្រូវការ។ ការនេះមាននៅក្នុងគ្រប់ឪពុកទាំងអស់ ទោះបើឪពុកលើផែនដីនេះមានអំពើបាបក៏ដោយ ប៉ុន្តែត្រូវចាំថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌មិនមានអំពើបាបឡើយ។
ព្រះយេស៊ូវបានមានបន្ទូលថា ឪពុកនៅលើផែនដីនេះជាមនុស្សមានបាប រួមទាំងបងប្អូនហើយនឹងខ្ញុំក៏ជាមនុស្សមានបាប។ ឪពុកលើផែនដីនឹងធ្វើល្អលើយើង ពេលដែលយើងសូមគាត់។ ដូច្នេះ សូមគិតទៅមើលថា ព្រះវរបិតាដ៏ឥតខ្ចោះរបស់យើងនឹងប្រព្រឹត្តយ៉ាងណាចំពោះយើង នៅពេលដែលយើងសូមព្រះអង្គ។ ព្រះវរបិតារបស់យើងសព្វព្រះហឫទ័យនឹងធ្វើអ្វីដ៏ល្អៗសម្រាប់យើង។ ត្រង់នេះព្រះយេស៊ូវបានលើកទឹកចិត្តឲ្យយើង ត្រូវតែចេះអធិស្ឋានទៅកាន់ព្រះវរបិតារបស់យើង ដើម្បីឲ្យយើងមានសង្ឃឹមពេលដែលយើងអធិស្ឋាន។ កាលខ្ញុំនៅក្មេង ខ្ញុំមិនដែលមានសង្ឃឹម សង្ឃឹមនឹងសុំអ្វីមួយពីឪពុករបស់ខ្ញុំ ហើយខ្ញុំមិនទាំងហ៊ានសុំគាត់ផង។ ម្ដងទៀត សូមកុំប្រៀបធៀបឪពុកនៅផែនដីរបស់យើងទៅនឹងព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើងឡើយ។ ទាំងពីរគឺមិនដូចគ្នាសោះឡើយ។
សូមបន្តជាមួយខ្ញុំនៅក្នុងព្រះគម្ពីរ ម៉ាថាយ ៧:៧-១២៖
«ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ ក្នុងពួកអ្នករាល់គ្នា។ បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី? ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត? ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រឹត្យវិន័យ ហើយជាសេចក្តីទំនាយរបស់ពួកហោរា»។
ដូច្នេះ យើងឃើញថា ព្រះយេស៊ូវកំពុងលើកទឹកចិត្តយើងឲ្យអធិស្ឋាន។ ខ្ញុំនឹងបង្ហាញឲ្យបងប្អូនឃើញតាមរយៈខគម្ពីរទាំងនេះ។
ចំណុចទី១៖ ព្រះអង្គកំពុងតែអញ្ជើញ និងបង្គាប់ឲ្យយើងអធិស្ឋាន
យើងអាចមើលចំណុចនេះឃើញត្រង់ខ៧និងខ៨។ ទ្រង់បានអញ្ជើញយើងឲ្យអធិស្ឋាន៣ដង ទ្រង់ឲ្យយើងទូលសូមទ្រង់នូវអ្វីដែលយើងត្រូវការ។ «ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ»។
ទ្រង់បានមានបន្ទូលម្ដងហើយម្ដងទៀត នោះមានន័យថា បើទ្រង់មានបន្ទូលហើយ នោះទ្រង់នឹងធ្វើតាមព្រះបន្ទូលទ្រង់។ ដូច្នេះ ចូរទូលសូមទៅកាន់ព្រះវរបិតារបស់យើងនូវអ្វីដែលយើងត្រូវការចុះ។ ចូរស្វែងរកព្រះវរបិតានៃយើងចំពោះអ្វីដែលយើងត្រូវការ។ ចូរគោះទ្វារនៃព្រះវរបិតារបស់យើង នោះទ្រង់នឹងបើកទ្វារឲ្យនូវអ្វីដែលយើងត្រូវការ។ ព្រះយេស៊ូវបានមានបន្ទូលថា ចូរសូម ចូររក និងចូរគោះ។ ទ្រង់អញ្ជើញយើងឲ្យអធិស្ឋាន៣ដង ព្រោះទ្រង់ចង់ឲ្យយើងទទួលនូវអំណរពេលយើងទទួលជំនួយពីព្រះវរបិតារបស់យើង។
ចំណុចទី២៖ ទ្រង់សន្យាមកយើង ពេលយើងអធិស្ឋាន
ត្រង់នេះល្អប្រសើរលើសខ៧និងខ៨ទៅទៀត។ ព្រះយេស៊ូវបានមានបន្ទូលថា «ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ»។ នេះមានន័យថា ទ្រង់ប្រាកដនឹងប្រទានមកយើង យើងនឹងរកឃើញ ហើយទ្វារនឹងបើកឲ្យអ្នកណាដែលគោះ។ អ្នកទូលសូមនឹងទទួលបាន អ្នកស្វែងរក រមែងឃើញ អ្នកគោះនោះនឹងបើកឲ្យ។ ព្រះវរបិតារបស់យើងនឹងប្រទានរបស់ល្អដល់យើង ដូច្នេះ ចូរមានកម្លាំងចិត្តនឹងចូលទៅកាន់ព្រះវត្តមានរបស់ទ្រង់ ដ្បិតទ្រង់មិនមែនមកលេងឆាកល្ខោនជាមួយនឹងយើងទេ។ ទ្រង់នឹងឆ្លើយតបនឹងសំណូមពររបស់យើង។ ទ្រង់នឹងប្រទានរបស់ល្អមកយើង ពេលយើងអធិស្ឋាន។ យើងទាំងអស់គ្នាគួរតែទទួលបានការលើកទឹកចិត្ត ហើយនាំគ្នាអធិស្ឋានឥតឈប់ឈរ។ យើងត្រូវអធិស្ឋានដោយមានទំនុកចិត្ត!
ចំណុចទី៣៖ ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន
នៅក្នុងខ៨បានចែងថា «ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ»។ ក្នុងខ៨ទ្រង់បានបន្ថែមទៀតថា «អស់អ្នកណា» មានន័យថា គ្រប់គ្នា។ ទ្រង់ចង់យកឈ្នះលើភាពភ័យខ្លាចរបស់យើង ត្រង់ថា «អូ៎ហ៍! ការឆ្លើយតបគឺមានសម្រាប់តែអ្នកផ្សេង ប៉ុន្តែមិនមែនសម្រាប់ខ្ញុំសោះ»។ តើបងប្អូនធ្លាប់គិតដូច្នេះដែរឬទេ? តើបងប្អូនធ្លាប់គិតថា ព្រះអង្គស្ដាប់គ្រូល្បីៗ ជាងស្ដាប់យើងដែរឬទេ? តើធ្លាប់មានអាម្មរណ៍ដូចនេះដែរទេ? ប្រហែលយើងគិតថា «អូ៎ហ៍! ខ្ញុំគ្មានតួនាទីក្នុងការអធិស្ឋាន ដូច្នេះខ្ញុំមិនល្អ ខ្ញុំមិនបរិសុទ្ធ។ល។» សូមបងប្អូនចាំថា ពេលដែលព្រះយេស៊ូវប្រើពាក្យ «អស់អ្នកណា» (អ្នករាល់គ្នា) ត្រង់នេះសំខាន់មែនទែន ដែលយើងទាំងអស់គ្នាត្រូវយល់។ នេះក៏មិនមែនមានន័យថា មនុស្សគ្រប់គ្នានៅលើផែនដីនេះទេ។ ទ្រង់ចង់មានន័យទៅចំពោះកូនៗរបស់ទ្រង់តែប៉ុណ្ណោះ មិនមែនមនុស្សគ្រប់ៗរូបនៅផែនដីនេះឡើយ។ ប្រសិនបើយើងមិនទាន់បានទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ និងជាព្រះអម្ចាស់របស់យើងនៅឡើយនោះទេ ដូច្នេះខគម្ពីរសន្យាត្រង់នេះមិនមែនសម្រាប់លោកអ្នកឡើយ។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ត្រង់នេះម្ដងទៀតថា បើយើងមិនទាន់ជឿលើព្រះយេស៊ូវគ្រីស្ទនៅឡើយ នោះទ្រង់មិនឆ្លើយតបសេចក្តីអធិស្ឋានរបស់លោកអ្នកឡើយ។ សេចក្តីសន្យាទាំងនេះ គឺមានសម្រាប់តែកូនៗរបស់ព្រះអង្គតែប៉ុណ្ណោះ។
ចំណុចទី៤៖ ព្រះយេស៊ូវកំពុងរម្លឹកយើងថា យើងកំពុងតែចូលទៅកាន់ព្រះវរបិតារបស់យើង
ក្នុងខ១១បានចែងថា «ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត»។ សេចក្តីពិតគឺថា ទ្រង់នឹងមិនប្រទានរបស់អាក្រក់មកយើងឡើយ។ មិនដែលទាល់តែសោះ។ ព្រោះព្រះអង្គគឺជាព្រះវរបិតារបស់យើង។ បងប្អូនដឹងហើយថា ឥឡូវប្រពន្ធខ្ញុំកំពុងតែឈឺអស់ពេលជាច្រើនឆ្នាំមកហើយ ការនោះកើតឡើងក៏ដោយសារទ្រង់ ដ្បិតទ្រង់ល្អ ទ្រង់មានពេញដោយប្រាជ្ញា តែខ្ញុំមិនយល់ តែខ្ញុំមិនត្រូវការយល់នោះទេ គឺខ្ញុំគ្រាន់តែទុកចិត្តទ្រង់ប៉ុណ្ណោះ។
ចំណុចទី៥៖ ព្រះវរបិតារបស់យើង ល្អជាងឪពុកនៅផែនដីរបស់យើង
សូមចាំថា ទ្រង់នឹងមិនប្រទាននូវអ្វីដែលអាក្រក់មកយើងនោះឡើយ ប៉ុន្តែបញ្ហារបស់យើងគឺមកពី យើងប្រៀបធៀបព្រះវរបិតាទៅនឹងឪពុកនៅផែនដីរបស់យើង។ សូមចាំថា ព្រះអង្គមិនមានបាបដូចឪពុកនៅផែនដីយើងនេះឡើយ។ ទ្រង់គ្មានដែនកំណត់ គ្មានចំណុចខ្សោយដូចឪពុកយើងទេ។
ចំណុចទី៦៖ យើងអាចទុកចិត្តលើសេចក្តីល្អរបស់ទ្រង់បាន ដោយសារទ្រង់បានយកយើងធ្វើជាកូនរបស់ទ្រង់ហើយ
តើវាអាចទៅរួចយ៉ាងម៉េចបាន ក្នុងការដែលទ្រង់យកយើងដែលជាមនុស្សមានបាប មកធ្វើជាកូនចិញ្ចឹមរបស់ទ្រង់? តើយើងសន្មតថា យើងជាកូនៗរបស់ទ្រង់បានយ៉ាងដូចម្ដេច ហើយថា ពេលយើងសូមនោះនឹងបាន ហើយរក នោះរមែងឃើញ ហើយនឹងបើកឲ្យយើងនៅពេលដែលគោះដែរ? ប៉ុន្តែ ព្រះយេស៊ូវបានប្រទានចម្លើយមកកាន់យើងម្ដងហើយម្ដងទៀតដូចក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២០:២៨ថា «ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាកុស ១០:៤៥)។ តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវ យើងបានក្លាយជាកូនៗរបស់ព្រះអង្គ។
ការសុគតរបស់ទ្រង់អាចឲ្យយើងជឿលើសេចក្តីសន្យានេះបាន។ នេះជាមូលហេតុដែលបញ្ចប់ការអធិស្ឋាន ដោយថ្វាយការនោះ «ក្នុងព្រះនាមព្រះយេស៊ូវ» ព្រោះគ្រប់អ្វីៗទាំងអស់រំពឹងលើព្រះយេស៊ូវ។ បើគ្មានព្រះយេស៊ូវទេ នោះយើងមិនទាំងអាចដកដង្ហើមបានទៀតផង។ បេះដូងរបស់យើងនឹងលែងលោត។ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។
ជាចុងក្រោយ ខ្ញុំមានសំណួរតែមួយទៀតប៉ុណ្ណោះ៖ តើនេះមានន័យថា គ្រប់អ្វីៗដែលយើងអធិស្ឋាន គ្រប់អ្វីៗដែលយើងសូម ត្រូវការ នោះទ្រង់នឹងឆ្លើយតបយើងមែនឬ? ឧ. ចំពោះនារីៗ អធិស្ឋានសូមឲ្យបានប្ដីពីក្រុមតន្ត្រីល្បីៗ នោះតើទ្រង់នឹងឆ្លើយតបនឹងយើងដែរអត់? ឬសូមព្រះអង្គ១លានដុល្លាដល់យើងនៅថ្ងៃស្អែក នោះតើទ្រង់នឹងឲ្យឬអត់? ឬក៏យប់នេះយើងសូមព្រះអង្គឲ្យយើងស្រកគីឡូក្នុងរយៈពេលតែ១យប់ តើទ្រង់នឹងឆ្លើយតបអត់? អត់ទេ! យើងមិនមែនទទួលបាននូវរាល់គ្រប់អ្វីៗដែលយើងសូមទេ ហើយក៏មិនគួរបានគ្រប់យ៉ាងនោះដែរ។ បើយើងសូមអ្វី ហើយបានហ្នឹង នោះមានន័យថា យើងបានក្លាយជាព្រះហើយ។ យើងមិនគួរធ្វើជាព្រះទេ មានតែទ្រង់ទេជាព្រះ។ យើងជាមនុស្សអាត្មានិយម ហើយពេលខ្លះក៏យើងសូមបែបអាត្មានិយមដែរ។ អ្វីដែលយើងចង់បាន តែតាមពិតវាមិនល្អសម្រាប់យើង។ នេះជាមូលហេតុដែលព្រះយេស៊ូវបានមានបន្ទូលក្នុងខ៩-១០ថា ឪពុកដែលល្អនឹងមិនចេះតែឲ្យគ្រប់អ្វីៗដល់កូននោះឡើយ។ ដូចជាពេលកូនសូម «ត្រី» តើយើងនឹងឲ្យ «ពស់» វិញឬអី? ទេ! មិនដូច្នេះទេ បើឲ្យមែននោះ ពស់ហ្នឹងវានឹងចឹកគាត់។ ដូចជាបានប្ដីក្នុងក្រុមតន្ត្រីល្បីៗ ឬលុយ១លានដុល្លា ឬការសម្រកទម្ងន់មានរាងស្អាតដែរ។ ទាំងនោះទំនងមិនមែនជាការល្អសម្រាប់យើងទេ។
ដូច្នេះ ចូរចាំថា ទ្រង់ប្រទានតែអ្វីដែលល្អសម្រាប់យើងតែប៉ុណ្ណោះ
ទ្រង់នឹងមិនឲ្យសត្វពស់មកយើងទេ។ សូមនោះនឹងបាន នោះមិនមែនមានន័យថា ពេលសូមអ្វីមួយ នោះតែងបានគ្រប់យ៉ាងនោះឡើយ។ វាជាក្ដីមេត្តារបស់ទ្រង់ ដែលយើងមិនត្រូវទទួលបានគ្រប់អ្វីដែលយើងសូមទេ។ ពេលខ្លះ ព្រះអង្គក៏ប្រទាននូវអ្វីដែលយើងសូមផ្ទាល់ក៏មានដែរ។ ប៉ុន្តែពេលខ្លះទៀត ទ្រង់ក៏ប្រទាននូវអ្វីដែលល្អប្រសើរជាងយើងសូមទៅទៀត។ ឬទ្រង់ប្រទាននូវពេលវេលាផ្សេងទៀត។ ព្រោះទ្រង់ដឹងថា អ្វីដែលល្អៗសម្រាប់យើង។ យើងមិនដឹងថា អ្វីដែលល្អបំផុតសម្រាប់យើងទេ ទោះបើយើងគិតថា «យើងដឹង» តែតាមពិតយើងអត់ដឹងសោះ។
ដូច្នេះ ចូរទុកចិត្តលើព្រះវរបិតារបស់យើង។ សូមនូវអ្វីដែលយើងត្រូវការ នោះទ្រង់នឹងប្រទានឲ្យជាមិនខាន។ ជាទីបញ្ចប់ ទាំងនេះជាសេចក្ដីអធិស្ឋានដែលទ្រង់នឹងប្រទានឲ្យ។ ទី១ «ឱព្រះវរបិតាអើយ សូមអត់ទោសនូវអំពើបាបរបស់កូន»។ ប្រាកដណាស់ទ្រង់នឹងអត់ទោស។ ទ្រង់នឹងមិនចាកចេញពីបងប្អូនឡើយ។ ទី២ ដែលយើងអធិស្ឋាននោះខ្ញុំធានាថា ទ្រង់នឹងឆ្លើយតប៖ «ឱព្រះវរបិតាអើយ សូមធ្វើឲ្យកូនកាន់តែមានលក្ខណៈដូចទ្រង់»។ ដូចនេះដែរ៖ «ឱព្រះវរបិតាអើយ សូមផ្លាស់ប្រែចិត្តកូនឲ្យបានដូចទ្រង់»។ នេះជាចំណុចល្អ យើងអាចធ្វើបាន ហើយបន្តដំណើរជាមួយព្រះអង្គ។
មតិយោបល់
Loading…