សូមអាន
«ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួចគេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ នឹងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ នឹងដំងូរទាំងប៉ុន្មាន នោះនឹងរត់បាត់ទៅ» (អេសាយ ៣៥:១០)។
ការសញ្ជឹងគិត
រដូវកាលនៃបុណ្យណូអែលគឺមិនមែនជាពេលវេលាដែលសប្បាយគ្រប់ពេលនោះទេ។ មិនថាវាដោយសារការអវត្តមាននៃអ្នកដែលយើងស្រឡាញ់ ការឈឺចាប់នៃទំនាក់ទំនងបាក់បែក ការនឿយហត់នៃការឈឺជាអចិន្ត្រៃយ៍ ឬក៏សង្គ្រាមមិនចេះឈប់ជាមួយនឹងអំពើបាប ក៏វាមិនមែនជារឿងមិនធម្មតាដែរ ក្នុងការបញ្ចប់ឆ្នាំដោយមានការនឿយហត់ និងគ្មានអំណរ។ តើព្រះអម្ចាស់បានមានព្រះបន្ទូលយ៉ាងដូចម្ដេចចំពោះយើង ដែលស្ទើរតែមិនចង់ទៅដល់កន្លែងផ្ដាច់ព្រាត់? ព្រះអង្គបានសន្យាថានឹងមានអំណរដែលនៅអស់កល្បជានិច្ច។
ដោយនៅចន្លោះពីរជំពូកនៃការថ្កោលទោស និងការវាយប្រហារ កណ្ឌគម្ពីរអេសាយជំពូក៣៥គឺជាជំពូកដែលមានពេញដោយអំណរសម្រាប់រាស្ត្រដែលនឿយហត់របស់ទ្រង់។ សូម្បីតែខណៈពេលដែលពួកគាត់ហៀបនឹងទទួលបទពិសោធន៍នៃការឈឺចាប់ និងផលកម្មនៃការមិនស្ដាប់បង្គាប់ និងការបះបោររបស់ពួកគាត់ក៏ដោយ ក៏ព្រះជាម្ចាស់នៅបង្ហាញសេចក្ដីសន្យាមួយដែរ៖ វានឹងមិនតែងតែជារបៀបនេះនោះទេ។
រាស្ត្ររបស់ព្រះជាម្ចាស់ «នឹងមកដល់ក្រុងស៊ីយ៉ូន» ដែលនេះមានន័យថា សាសន៍អ៊ីស្រាអែលនឹងចាកចេញពីភាពជាឈ្លើយរបស់ខ្លួននៅទីក្រុងបាប៊ីឡូន និងវិលមកនៅទីក្រុងយេរូសាឡឹមវិញ។ ហេតុអ្វី? ដោយសារព្រះជាម្ចាស់ «បានប្រោស» ពួកគាត់។ នៅសម័យកាលលោក ម៉ូសេ ព្រះជាម្ចាស់បានប្រោសលោះពួកគាត់តាមរយៈឈាមនៃកូនចៀម ហើយតាមរយៈព្រះហស្តដែលមានពេញទៅដោយអំណាចព្រះចេស្ដារបស់ទ្រង់ នោះព្រះអង្គសង្គ្រោះពួកគាត់ចេញពីស្រុកអេស៊ីព្ទ។ ក្នុងបទគម្ពីរនេះ ព្រះអង្គសន្យាថា ទ្រង់នឹងប្រោសលោះពួកគាត់ពីភាពជាឈ្លើយលើកទី២។ ទោះបីជាពួកគាត់មានអំពើបាបក៏ដោយ ក៏ព្រះជាម្ចាស់មិនបានបោះបង់ពួកគាត់ចោលដែរ។ ពួកគាត់នៅតែជារាស្ត្រដែលទ្រង់បានប្រោសលោះ (អេសាយ ៣៥:៩)។ ការដកដង្ហើមធំៗនឹងក្លាយទៅជាការច្រៀង ហើយទុក្ខព្រួយនឹងក្លាយទៅជាអំណរ។
មានអ្វីធំជាងការត្រឡប់ពីភាពជាឈ្លើយ ដែលកំពុងតែមករកយើង។ ទាក់ទងនឹងព្រឹត្តិការណ៍នៅឆ្នាំ៥៣៨មុនគ.ស.ទេ គេមិនអាចទប់អារម្មណ៍ដែលពេញដោយអំណររបស់ហោរា អេសាយ បានទេ (២របាក្សត្រ ៣៦:២២-២៣; អែសរ៉ា ១:១-៤)។ នៅក្នុងខគម្ពីរនេះ មានសេចក្ដីសន្យាដែលជ្រៅជាងនេះទៅទៀត—ក្ដីសង្ឃឹមដ៏ល្អប្រសើរ នៅថ្ងៃដែលពេញដោយសិរីរុងរឿងនឹងមកដល់។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងនៅបន្តមាន «សេចក្ដីទុក្ខព្រួយ និងដំងូរ» (រ៉ូម ៨, ២កូរិនថូស ៤-៥)។ យើងស្នាក់នៅក្នុងត្រសាលនៃផែនដីនេះ ខណៈពេលដែលយើងធ្វើដំណើរឆ្ពោះទៅរកផ្ទះនៅឯស្ថានសួគ៌របស់យើង។ ដោយសារយើងដឹងអំពីអ្វីដែលល្អប្រសើរមួយទៀតដែលកំពុងមក នោះយើងទ្រទ្រង់ទុក្ខលំបាកនានារបស់យើងដោយមានសេចក្ដីសង្ឃឹម (រ៉ូម ៥:៣)។ ប្រាកដណាស់ ជីវិតគឺជាដំណើរដែលពិបាក ប៉ុន្តែភាពអស់កល្បជានិច្ចដែលពេញទៅដោយសេរីរុងរឿងក៏កំពុងតែរង់ចាំយើងដែរ។ ព្រះគម្ពីរបានសន្យាថា ទីក្រុងស៊ីយ៉ូននៃស្ថានសួគ៌នឹងចុះមករកយើងនៅថ្ងៃណាមួយ (ហេព្រើរ ១២:២២) ហើយយើង «នឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ» (អេសាយ ៣៥:១០)។
ហេតុអ្វីបានជាថ្ងៃដ៏ល្អប្រសើរនេះកំពុងតែមក? ដោយសារព្រះអង្គបានប្រោសលោះយើង តាមរយៈឈាមដែលល្អប្រសើរជាងឈាមនៃកូនចៀមនៃបុណ្យរំលង។ ព្រះឱរសនៅក្នុងស្នូកគឺជា អ័ដាម ទី២ ព្រះអង្គបានប្រសូតមក ដើម្បីដកចេញនូវអំពើបាបរបស់លោកីយ៍។ ជារឿយៗ យើងបាត់បង់អំណរ នៅពេលដែលយើងជឿថា ព្រះជាម្ចាស់បានចាត់ព្រះរាជបុត្រារបស់ទ្រង់ទៅឯឈើឆ្កាង ដើម្បីបង់ថ្លៃលោះការអត់ទោសរបស់យើង ប៉ុន្តែយើងនៅមានការភ័យខ្លាចដ៏ល្ងីល្ងើថា ទ្រង់នឹងមិនការពារយើងរហូតដល់ទីបញ្ចប់ (រ៉ូម ៨:៣២)។
យើងនឹងមិនគ្រាន់តែមានអំណរដ៏នៅអស់កល្បជានិច្ចប៉ុណ្ណោះទេ ប៉ុន្តែទុក្ខសោក និងអំណរក៏នឹងចាកចេញពីយើងជារៀងរហូតផងដែរ។ នៅក្នុងសៀវភៅ «ស្ដេចចិញ្ចៀន» (“The Lord of the Rings”) លោក សាមវិស៍ ហ្គិមជី (Samwise Gamgee) បានភ្ញាក់ពីដំណេកដោយត្រេកអរ៖ «លោកតា ហ្គិនដូវ (Gandalf) ខ្ញុំស្មានតែលោកតាស្លាប់ហើយ! ប៉ុន្តែ បន្ទាប់មក ខ្ញុំគិតថាខ្ញុំជាអ្នកស្លាប់ទេ! តើគ្រប់អ្វីៗដែលជាទុក្ខព្រួយនឹងក្លាយជាការមិនពិតវិញមែនឬ?»។
ពិតណាស់! នៅក្នុងព្រះគ្រីស្ទ គ្រប់ទុក្ខព្រួយនឹងក្លាយជាការមិនពិតវិញមែន (វិវរណៈ ២១:៤-៥)។ ថ្ងៃមួយ យើងនឹងភ្ញាក់ឡើង ដោយមានការរីករាយដ៏នៅអស់កល្បជានិច្ច—នេះគឺជាសេចក្ដីសង្ឃឹមនៃបុណ្យណូអែល។
ការឆ្លើយតប
តើមានទុក្ខព្រួយលើផែនដីនេះមួយណាដែលធ្វើឲ្យលោកអ្នកចង់បានស្ថានសួគ៌ខ្លាំងជាងនេះ? ក្នុងជីវិតលោកអ្នកសព្វថ្ងៃនេះ តើសេចក្ដីសង្ឃឹមរបស់យើងនៅអនាគតនឹងនាំឲ្យមានចំណុចខុសប្លែកយ៉ាងដូចម្ដេច?
ការមានអំណរ
«ឱព្រះអង្គសង្គ្រោះ បុត្រនាងម៉ារា ដែលបានស្គាល់ភាពវេទនានៃមនុស្សលោកយើងអើយ
ឱព្រះអង្គសង្គ្រោះ ស្ដេចនៃសិរីល្អ ទ្រង់ជ្រាបអំពីភាពកម្សោយរបស់យើង
យើងសូមអធិស្ឋានឲ្យទ្រង់ដឹកនាំយើងទៅកាន់រាជវង្សស្ថានសួគ៌
និងទៅកាន់ពេលវេលាដែលមិនចេះឈប់ផង!»
–និពន្ធដោយលោក Michael Praetorius (បកប្រែដោយ៖ លោក Theodore Baker), «ឱ របៀបកូឡាបដុះពន្លក» (“Lo, How a Rose E’er Blooming”)។
មតិយោបល់
Loading…