in ,

ព្រះ​ជា​ម្ចាស់ និង​ការ​នៅ​ស្ងាត់

ប្រមាណ​ជាង​៤០០ឆ្នាំ មុន​ការ​ប្រសូត​របស់​ព្រះ​គ្រីស្ទ ព្រះ​ជាម្ចាស់​បាន​ឈប់​មាន​បន្ទូល​ទៅ​កាន់​ហោរា​របស់​ទ្រង់។ ការ​បើក​សម្ដែង​ឥត​ល្ហែ​ដែល​មាន​តាំង​ពី​លោក ម៉ូសេ ដល់ ហោរា ម៉ាឡាគី ក៏​មាន​ការ​បញ្ឈប់។ ពួក​ស្ដេច​កំពុង​តែ​ស្ថិត​ក្នុង​ភាព​ជា​ឈ្លើយ អ្នក​តែង​កំណាព្យ​បាន​ព្យួរ​ឧបករណ៍​ភ្លេង​នៅ​លើ​ដើម​ឈើ​នៅ​ក្រុង​បាប៊ីឡូន ហើយ​ក៏​បាន​យំ​ខណៈ​ពេល​ដែល​ពួក​គាត់​ច្រៀង​បទ​ចម្រៀង​នៅ​ទី​ក្រុង​ស៊ីយ៉ូន។ ពួក​ហោរា​បាន​ត្រឡប់​ទៅ​មើល​សត្វ​ចៀម និង​ដើម​ល្វា ខណៈ​ពេល​ដែល​សាសន៍ អ៊‌ីស្រាអែល និង​សាសន៍​យូដា​បែក​ខ្ញែក​ពី​គ្នា។ ពេល​ខ្លះ គេ​ហៅ​យុគសម័យ​នោះ​ថា «៤០០​ឆ្នាំ​នៃ​ការ​នៅ​ស្ងៀម​ស្ងាត់»។

ប៉ុន្តែ ពាក្យ «ស្ងៀម​ស្ងាត់» មិន​មែន​មាន​ន័យ​ថា «គ្មាន​សកម្មភាព» នោះ​ទេ។

ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ ដោយ​រៀបចំ​ពិភពលោក​ដែល​ព្រះ​អង្គ​នឹង​ចាត់​ត​ព្រះ​រាជបុត្រា​របស់​ទ្រង់​យាង​មក។ លោក អាលេកហ្សិនឌ័រ ដ័រ គ្រើត៍ (Alexander the Great) បាន​វាយ​យក​ពិភពលោក​ជា​មួយ​នឹង​កងទ័ព​របស់​គាត់ និង​ភាសា​របស់​គាត់។ ពួក​សាសន៍​រ៉ូម​ក៏​បាន​មក ហើយ​វាយ​យក​ពិភព​លោក​ជា​ថ្មី​ម្ដង​ទៀត ដោយ​សាង​សង់​ផ្លូវ​ជា​ច្រើន ដើម្បី​ភ្ជាប់​ផ្លូវ​សរសៃ​សូត្រ​ទិស​ខាន​កើត​ជា​មួយ​នឹង​ពិភព​លោក​សន្តិភាព ភេក រ៉ូម៉ាណា (Pax Romana)។ សាសន៍​យូដា​ជា​ច្រើន​នាក់​នៅ​ស្រុក​ពើស៊ី និង​ស្រុក​អេស៊ីព្ទ​បាន​សិក្សា​ព្រះ​គម្ពីរ​ហេប្រឺ ហើយ​ក៏​បាន​បក​ប្រែ​ទៅ​ជា​ភាសា​ក្រិក ដែល​ជា​លទ្ធផល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​អាច​អាន​បាន​ដែរ។

ហើយ​បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល។ ជា​ដំបូង​ទៅ​កាន់​ហោរា សាការី ហើយ​បន្ទាប់​មក​ទៅ​កាន់​ស្ត្រី​ដែល​ស្ដាប់​បង្គាប់​ម្នាក់​នៅ​ស្រុក ណាសារ៉ែត និង​ទៅ​កាន់​គូ​ដណ្ដឹង​ដែល​កំពុង​មាន​ភាព​ងឿង​ឆ្ងល់។

ព្រះ​យេស៊ូវ​បាន​មក​យក​សណ្ឋាន​ក្នុង​កាលៈទេសៈ​មិន​ធម្មតា ព្រះ​អង្គ​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ដែល​ជា​ស្រុក​កំណើត​របស់​ស្ដេច​ដាវីឌ។ អ្នក​គង្វាល​នៃ​សាសន៍​អ៊‌ីស្រាអែល​បាន​ប្រសូត​មក​ក្នុង​ចំណោម​សត្វ​ចៀម ហើយ​ពួក​គង្វាល​បាន​គោរព​អប​អរ​សាទរ​ជា​មួយ​នឹង​ពួក​ទេវតា​ដែរ។ ព្រះ​បន្ទូល​ដែល​បាន​ចេញ​រាជសារ​ឲ្យ​ផែន​ដី​នេះ​កើត​មក​ក៏​បាន​ព្រះ​កន្សែង ខណៈ​ពេល​ដែល​ទ្រង់​ប្រសូត។

ភាព​ស្ងៀម​ស្ងាត់​ក៏​ត្រូវ​បែក​ខ្ចាយ។ ជា​រៀង​រហូត​មែន​ឬ?

«ឯ​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​បន្ទូល​នឹង​យើង​រាល់​គ្នា ដោយ​សារ​ព្រះ​រាជបុត្រា​វិញ ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ ដោយ​សារ​ព្រះ​រាជបុត្រា​នោះ​ដែរ» (ហេព្រើរ ១:១-២)។

ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ម្ដង​ហើយ​ម្ដង​ទៀត. . .

ព្រះ​យេស៊ូវ​បាន​បង្ហាញថា ព្រះ​ជាម្ចាស់​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច។ ព្រះ​អង្គ​ទទួល​យក​អ្នក​ដែល​គេ​បោះ​បង់​ចោល ប៉ះ​មនុស្ស​មាន​ឃ្លង់ ហើយ​ក៏​បាន​បំពេញ​តម្រូវ​ការ​អ្នក​ខ្វាក់។ ព្រះ​អង្គ​បាន​កម្សាន្ត​ចិត្ត​អស់​អ្នក​ដែល​បាន​បាត់​បង់​កូន ហើយ​ក៏​បាន​ដក​ចេញ​នូវ​ទុក្ខ​ព្រួយ​របស់​ពួក​គេ​ដែរ។ ព្រះ​អង្គ​បាន​ប្ដូរ​អាហារ​សម្រន់​របស់​ក្មេង​ប្រុស​ម្នាក់​ឲ្យ​ទៅ​ជា​ការ​ជប់​លៀង​ដ៏​ធំធេង​មួយ។ ព្រះ​អង្គ​បាន​ដើរ​លើ​ផ្លូវ​ដី​ជា​មួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់ ហើយ​បាន​អញ្ជើញ​ឲ្យ​សាសន៍​អ៊‌ីស្រាអែល​ទទួល​ស្គាល់​ទ្រង់។

ប៉ុន្តែ សាសន៍​អ៊‌ីស្រាអែល​បាន​ឈប់​ស្ដាប់​ហើយ។ ពួក​សង្ឃ និង​អ្នក​ដឹក​នាំ​បាន​រៀប​គម្រោង​សម្ងាត់ ដើម្បី​បំបិទ​មាត់​អ្នក​បង្ក​បញ្ហា​នេះ ប៉ុន្តែ​កូន​ចៀម​នៃ​ព្រះ​បាន​ឈរ​នៅ​មុខ​អ្នក​ដឹក​នាំ អ្នក​កាត់​ក្ដី​របស់​ទ្រង់ ដោយ​មាន​ភាព​ស្ងៀម​ស្ងាត់។ កណ្ឌ​គម្ពីរ​អេសាយ​ជំពូក​៥៣​បាន​សរសេរ​ចុះ​អំពី​ការ​នោះ ខណៈ​ពេល​ដែល​យើង​ដែល​ជា​កូន​ចៀម​វង្វេង គឺ​ព្រះ​អង្គ​ទេ​ដែលគេ​បាន​នាំ​យក​ទៅ​សម្លាប់​ចោល​យ៉ាង​ស្ងាត់។

នៅ​ថ្ងៃ​បន្ទាប់ យើង​ឃើញ​ព្រះ​មេស្ស៊ី​ស្រែក​យំ​ពី​ឈើ​ឆ្កាង។ ព្រះ​អង្គ​បាន​ថ្ងូរ​ដោយ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ ដែល​ជីតា​ទ្រង់​បាន​សរសេរ​ចុះ​មួយ​ពាន់​ឆ្នាំ​មុន៖

«ឱ​ព្រះ​នៃ​ទូល​បង្គំ ព្រះ​នៃ​ទូល​បង្គំ​អើយ
ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូល​បង្គំ
ហើយ​គង់​ឆ្ងាយ​ឥត​ជួយ​ទូល​បង្គំ ឬ​ស្តាប់​សេចក្ដី​ដំងូរ
របស់​ទូល​បង្គំ​ដូច្នេះ ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​អំពាវនាវ​នៅ​ពេល​ថ្ងៃ
តែ​ទ្រង់​មិន​មាន​បន្ទូល​ឆ្លើយ​មក​សោះ
ក៏​ស្រែក​នៅ​ពេល​យប់​ផង តែ​ទូល​បង្គំ​មិន​ចេះ​ស្រាក​ស្បើយ​ឡើយ» (ទំនុកតម្កើង ២២:១-២)។

ព្រះ​ក៏បាន​នៅ​ស្ងាត់។

«ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​សម្រេច​តាម​ព្រះ​ហឫទ័យ​ទ្រង់​វិញ» ព្រះ​យេស៊ូវ​ទើប​តែ​បាន​ព្រះ​កន្សែង​ប៉ុន្មាន​ម៉ោង​មុន​នោះ។ ហើយ​ឥឡូវ​នេះ សម្រាប់​មួយ​រយៈ​ពេល ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​នៅ​ស្ងៀម​ស្ងាត់​វិញ។

ប៉ុន្តែ ពាក្យ «ស្ងៀម​ស្ងាត់» មិន​មែន​មាន​ន័យ​ថា «អវត្តមាន» ទេ។

ព្រះ​ជា​ម្ចាស់​ក៏​គង់​នៅ​ឯ​ឈើ​ឆ្កាង​ដែរ។ ព្រះ​អង្គ​មាន​ព្រះ​វត្ត​មាន។ សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​ទទួល​ការ​ស្កប់​សព្វ​ព្រះ​ទ័យ​ក្នុង​ដំណើរ​ការ​នៃ​ផែន​ការ​នេះ ដែល​បាន​គ្រោង​ទុក​តាំង​ពី​មុន​ពេល​មាន​ពេល​វេលា​ទៅ​ទៀត។ យញ្ញ​បូជា​របស់​ព្រះ​យេស៊ូវ​សម្រាប់​រាស្ត្រ​របស់​ទ្រង់​បាន​ប្រទាន​ទី​ជម្រក​ដល់​អស់​អ្នក​ដែល​នឹង​ទុក​ចិត្ត​លើ​ព្រះ​អង្គ។ នឹង​មិន​ដែល​មាន​ជា​ថ្មី​ម្ដង​ទៀត​ទេ ដែល​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​នឹង​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​ដែល​ទ្រង់​នៅ​ស្ងៀម​ស្ងាត់។

ភាព​ស្ងៀម​ស្ងាត់​នោះ​ក៏​បាន​បែក​ខ្ចាយ​ជា​រៀង​រហូត​ទៅ។

ពេល​ខ្លះ ជីវិត​របស់​យើង​មាន​ពេញ​ទៅ​ដោយ​ភាព​រញ៉េរញ៉ៃ ដោយ​ដក​ព្រះ​សូរសៀង​របស់​ទ្រង់​ចេញ។ ពេល​ខ្លះ ផ្ទៃ​មេឃ​មាន​លក្ខណៈ​ហាក់​បី​ដូច​ជា​ដែក​កោង ដោយ​បញ្ជូន​សេចក្ដី​អធិស្ឋាន​របស់​យើង​ត្រឡប់​មក​វិញ។ ប៉ុន្តែ ក្នុង​ភាព​ស្ងៀម​ស្ងាត់​នោះ រាស្ត្រ​របស់​ព្រះ​អង្គ​អាច​ដឹង​យ៉ាង​ប្រាកដ​ថា៖ បុរស​នៃ​រាល់​ទុក្ខ​ព្រួយ ព្រះ​យេស៊ូវ ព្រះ​មេស្ស៊ី សម្ដេច​សង្ឃ​ដ៏​អស្ចារ្យ ព្រះ​អង្គ​អាច​យល់​អំពី​រាស្ត្រ​ទ្រង់​ក្នុង​គ្រប់​របៀប​បាន ដោយ​សារ​ការ​សុគត​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​ជ្រាប។ ព្រះ​អង្គ​កំសាន្ត​ចិត្ត។ ព្រះ​អង្គ​អង្វរ​ករ​ជំនួស។ ព្រះ​អង្គ​ព្យាបាល។ ហើយ​ព្រះ​អង្គ​ក៏​នៅ​បន្ត​មាន​ព្រះ​បន្ទូល​ដែរ។

និពន្ធ​ដោយ៖ បណ្ឌិត Lisa LaGeorge
បក​ប្រែ​ដោយ៖ លោក ឈាង ប៉ូរា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា និង​លោក ឯក ធីម៉ូថេ
យើង​ទទួល​បាន​ការ​អនុញ្ញាតពី www.lisalageorge.com​ ឲ្យ​កែ​សម្រួល​ដោយ​មាន​ការ​ពន្យល់​បែប​សង្ខេប។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អ្នក​កាន់​ទុក្ខ​ប្រាថ្នា​

សេវេន ដេយ អាត់វេនទីស្ទ