in ,

ព្រះជា​ម្ចាស់​ប្រើ​ប្រាស់​គ្រប់​អ្វីៗ​ទាំង​អស់៖ មូល​ហេតុ​ដែល​ការ​រង​ទុក្ខ​របស់​យើង​មិន​មែន​ជា​ការ​ខាត​បង់

ថ្មីៗ​នេះ​ខ្ញុំ​ទទួល​បាន​ការ​ឈឺ​ចាប់​ពី​មិត្តភក្កិ​ម្នាក់ ដែល​បាន​និយាយ​ដោយ​ប្រើ​ប្រាស់​ពាក្យ​សម្ដី ដោយ​ពុំ​ខ្វាយ​ខ្វល់​អំពី​អារម្មណ៍​របស់​ខ្ញុំ។ ការ​ឆ្លើយ​តប​ដំបូង​របស់​ខ្ញុំ​នោះ​គឺ​ខឹង​គាត់ ហើយ​បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​គិត​អំពី​ការ​ឈឺ​ចាប់​ផ្សេងៗ​ទៀត​ដែល​គាត់​បាន​ធ្វើ​ដាក់​ខ្ញុំ—ដោយ​នឹក​ចាំ​អំពី​ពេល​វេលា​នានា​ដែល​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់។
ដំណើរ​រឿង​ទំនង​ជា​អាច​បញ្ចប់​នៅ​ពេល​នោះ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ខ្ញុំ​ក៏​បាន​ប្រទះ​ឃើញ​ពាក្យ​សម្ដី​របស់​លោក​គ្រូ អេ. ដាប់ប៊លយូ. ថូហ្ស័រ (A.W. Tozer) ហើយ​ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​គិត​ក្នុង​របៀប​ផ្សេង​ទាក់​ទង​ទៅ​នឹង​កាលៈទេសៈ​នោះ។

«នៅ​ពេល​ដែល​ខ្ញុំ​យល់​ថា គ្រប់​អ្វីៗ​ទាំង​អស់​ដែល​កំពុង​កើត​ឡើង​ចំពោះ​ខ្ញុំ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ នោះ​វា​ក៏​ដោះ​ស្រាយ​សេចក្ដី​បារម្ភ​ជា​ច្រើន​របស់​ខ្ញុំ»។

គ្រប់​អ្វីៗ​ទាំង​អស់​ដែល​កំពុង​កើត​ឡើង​ចំពោះ​ខ្ញុំ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ។ មិន​មែន​អ្វីៗ​ដែល​បាន​កើត​ឡើង សុទ្ធតែ​គ្មាន​ប្រយោជន៍​ទាំង​អស់​នោះ​ទេ។ នេះ​មាន​រួម​ទាំង​អំណរ និង​ការ​ឈឺ​ចាប់ សន្តិ​ភាព និង​អ​សន្តិភាព ភាព​បរិបូណ៌ និង​ភាព​ក្រីក្រ ការ​រង​ទុក្ខ និង​ភាព​ស្រណុក​សុខ​ស្រួល អស់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ និង​អស់​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ ក៏​ដូច​ជា​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់ ឬ​ក៏​មិន​អើពើ​នឹង​ខ្ញុំ​ផង​ដែរ។

ព្រះ​ជាម្ចាស់​គ្រប់​គ្រង​លើ​ចំណុច​លម្អិត​ទាំង​អស់
ការ​ទទួល​ស្គាល់​ថា ព្រះ​ជាម្ចាស់​កំពុង​តែ​ប្រើ​ប្រាស់​គ្រប់​អ្វីៗ​ទាំង​អស់ ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ឈប់​បារម្ភ​ដែរ។ ក្នុង​ព្រះ​គ្រីស្ទ ការ​តយុទ្ធ​របស់​ខ្ញុំ​គឺ​មិន​មែន​ជា​ការ​ជំនុំជម្រះ​របស់​ព្រះ​ជាម្ចាស់​ដែរ (រ៉ូម ៨:១)។ ព្រះ​ជាម្ចាស់​តែង​តែ​នៅ​ខាង​ខ្ញុំ (រ៉ូម ៨:៣២)។ ព្រះ​ជាម្ចាស់​រចនា​នូវ​រាល់​គ្រប់​កាលៈ​ទេសៈ​របស់​ខ្ញុំ ដើម្បី​ជា​ការ​ល្អ​អស់​កល្ប​ជានិច្ច​ដល់​ខ្ញុំ (រ៉ូម ៨:២៨)។ គ្រប់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​អាច​ចង្អុល​បង្ហាញ​ខ្ញុំ​ទៅ​កាន់​ព្រះ​គ្រីស្ទ។ ប្រាកដ​ណាស់ វា​គួរ​តែ​ដូច្នោះ។

ភ្លាម​នោះ ខ្ញុំ​ក៏​ឈប់​គិត​អំពី​ពាក្យ​សម្ដី​របស់​មិត្តភក្តិ​ខ្ញុំ ហើយ​គិត​អំពី​មូល​ហេតុ​ដែល​ព្រះ​ជាម្ចាស់​ទំនង​ជា​បាន​នាំ​ឲ្យ​កាលៈ​ទេសៈ​នេះ​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​វិញ។ វា​ជា​សំណួរ​ដ៏​សាមញ្ញ​មួយ ប៉ុន្តែ​ចម្លើយ​បាន​បើក​បង្ហាញ​អំពី​ដួង​ចិត្ត​របស់​ខ្ញុំ​ច្រើន​ជាង​ដួង​ចិត្ត​របស់​មិត្តភក្តិ​ខ្ញុំ។ ទង្វើ​របស់​មិត្តភក្តិ​ខ្ញុំ​គឺ​ជា​របៀប​ដែល​ព្រះ​អម្ចាស់​បង្ហាញ​នូវ​ផ្នត់​គំនិត​មួយ​នៃ​អំពើ​បាប​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ទំនង​ជា​មើល​រំលង។ ពេល​ដែល​ខ្ញុំ​ឃើញ​អំពើ​បាប​នៅ​ក្នុង​ការ​ឆ្លើយ​តប​របស់​ខ្ញុំ នោះ​ខ្ញុំ​ក៏​បាន​លន់តួ​បាប​នោះ​ទៅ​កាន់​ព្រះ​ជាម្ចាស់ ហើយ​កែ​ប្រែ​ចិត្ត។
នៅ​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​កំពុង​តែ​រំខាន​ខ្ញុំ គេ​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​អន់​ចិត្ត ឬ​ក៏​ខឹង នោះ​ខ្ញុំ​ក៏​គិត​ថា​នេះ​ទំនង​ជា​ការ​ដែល​ព្រះ​ជាម្ចាស់​កំពុង​តែ​អញ្ជើញ​ឲ្យ​ខ្ញុំ​ពិនិត្យ​ចិត្ត​ខ្លួន​ឯង ជា​ជាង​ផ្ដោត​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​នៅ​ខាង​ក្រៅ។ ទំនង​ការ​ក្ដៅ​ក្រហាយ​របស់​ខ្ញុំ​គឺ​ជា​ការ​អញ្ជើញ​ពី​ព្រះ​ជាម្ចាស់​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ទំនាក់​ទំនង​ស៊ី​ជម្រៅ​ថែម​ទៀត​ជា​មួយ​នឹង​ទ្រង់។ ព្រះ​ជាម្ចាស់​ទំនង​ជា​កំពុង​តែ​ធ្វើ​អ្វី​ដែល​កាន់​តែ​សំខាន់​ជាង​នោះ និង​មាន​ប្រសិទ្ធភាព​យូរ​ជាង​នៅ​ក្នុង ​ខ្ញុំ ជា​ជាង​អ្វី​ដែល​កំពុង​តែ​កើត​ឡើង ​ចំពោះ​ ខ្ញុំ។

ហើយ​ដោយ​សារ​ព្រះ​ជាម្ចាស់​គ្រប់​គ្រង​លើ​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​ខ្ញុំ នោះ​គ្មាន​បទ​ពិសោធន៍​ណា​ដែល​បាន​កើត​ឡើង​ដោយ​ឥត​ប្រយោជន៍​ទេ។ តាម​រយៈ​អ្វីៗ​ទាំង​អស់​នោះ គឺ​ព្រះ​អង្គ​អាច​ប្រើ​ប្រាស់​បាន​ក្នុង​ការ​បង្វែរ​ខ្ញុំ​ទៅ​រក​ព្រះ​គ្រីស្ទ ពីព្រោះ​នៅ​ទី​បំផុត​ព្រះ​អង្គ​គឺ​ជា​អង្គ​ដែល​ធ្វើ​ឲ្យ​គ្រប់​អ្វីៗ​ទាំង​អស់​ត្រឡប់​ទៅ​ជា​ការ​ល្អ​វិញ។ ព្រះ​ទ្រង់​ប្រើ​កាលៈទេសៈ​លំបាកៗ​របស់​ខ្ញុំ ដើម្បី​នាំ​ឲ្យ​ខ្ញុំ​ពឹង​ផ្អែក​លើ​ព្រះ​គ្រីស្ទ​វិញ​បាន។ អាច​បង្រៀន​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ភាព​ឆេះ​ឆួល​ក្នុង​ការ​អធិស្ឋាន។ ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ឱកាស​ក្នុង​ការ​ធ្វើ​ព័ន្ធ​កិច្ច។ ជោគជ័យ​របស់​ខ្ញុំ​អាច​នាំ​ឲ្យ​ខ្ញុំ​សរសើរ​តម្កើង និង​អរ​ព្រះ​គុណ​ដល់​ព្រះ​ជាម្ចាស់។ នាំ​ឲ្យ​ខ្ញុំ​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ទ្រង់។ នាំ​ឲ្យ​ខ្ញុំ​ឃើញ​អំពើ​បាប​នៃ​ការ​មាន​អំនួត ហើយ​ឲ្យ​ខ្ញុំ​ចេះ​លន់តួ​បាប​នោះ។ នាំ​ឲ្យ​ខ្ញុំ​ចេះ​រៀន​បន្ទាប​ខ្លួន ដោយ​មិន​ចេញ​មុខ ទោះ​បី​ខ្ញុំ​មាន​មុខ​មាត់​ក៏​ដោយ។ គ្រប់​អ្វីៗ​ទាំង​អស់​ជា​ជំហាន​ឈាន​ទៅរក​ភាព​បរិសុទ្ធ។

ការ​ទទួល​បាន​ព្រះ​ពរ​នៅ​ចុង​បញ្ចប់
ការ​ទទួល​ការ​ឈឺ​ចាប់​តាម​រយៈ​ការ​ដែល​មិត្តភក្តិ​មិន​បាន​គិត គឺ​មិន​ដូច​គ្នា​ទៅ​នឹង​ការ​ដែល​ប្ដី ឬ​ក៏​ប្រពន្ធ​ក្បត់​គ្នា​នោះ​ទេ គឺ​វា​ឆ្ងាយ​ពី​គ្នា​ខ្លាំង​ណាស់ ឬ​ក៏​ការ​មាន​ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន ប៉ុន្តែ​ការ​អញ្ជើញ​ពី​ព្រះ​ជាម្ចាស់​ក៏​នៅ​ដូច​គ្នា​ដដែល។ ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ជា​មួយ​នឹង​ការ​លំបាក​ទាំង​បី​នោះ ហើយ​ខ្ញុំ​ក៏​អាច​ធ្វើ​ទី​បន្ទាល់​ផង​ដែរ​ថា ព្រះ​ជាម្ចាស់​ប្រើ​ប្រាស់​ការ​លំបាក​ទាំង​អស់​នោះ ទោះ​បើ​ភាគ​ច្រើន​វា​កើត​ឡើង​តាម​រយៈ​ការ​ហូរ​ទឹក​ភ្នែក​ក៏​ដោយ ក្នុង​ការ​ដែល​ព្រះ​អង្គ​បាន​នាំ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ទ្រង់។ ហើយ​ខណៈ​ពេល​ដែល​ខ្ញុំ​កាន់​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​បាន​ឱប​ក្រសោប​ខ្ញុំ នោះ​ខ្ញុំ​ក៏​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​រាជបុត្រា​ទ្រង់​ផង​ដែរ។

ការ​កាត់​ស្រាយ​របស់​លោក​គ្រូ យូជីន ភីធ័រសិន (Eugene Peterson) អំពី​សេចក្ដី​បង្រៀន​នៅ​លើ​ភ្នំ​អូលីវ​បាន​បន្ទរ​គំនិត​នេះ​យ៉ាង​ល្អ។ នៅ​ក្នុង​ការ​បក​ស្រាយ​របស់​គាត់​លើ​កណ្ឌ​គម្ពីរ ម៉ាថាយ ៥:៣-៤៖ «លោក​អ្នក​មាន​ពរ នៅ​ពេល​ដែល​លោក​អ្នក​ឈាន​ដល់​ចំណុច​ចុង​ក្រោយ​នៃ​ខ្លួន​ឯង។ នៅ​ពេល​ដែល​មិន​សូវ​មាន​លោក​អ្នក នោះ​នឹង​កាន់​តែ​មាន​ព្រះ​ជាម្ចាស់ និង​ការ​សោយ​រាជ្យ​របស់​ទ្រង់។ លោក​អ្នក​មាន​ពរ​នៅ​ពេល​ដែល​លោក​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​បាត់​បង់​នូវ​អ្វី​ដែល​សំខាន់។ គឺ​មាន​តែ​នៅ​ពេល​នោះ​ឯង ដែល​ព្រះ​ជាម្ចាស់​ដ៏​សំខាន់​អាច​ឱប​ក្រសោប​លោក​អ្នក​បាន»។

លោក​អ្នក​មាន​ពរ​នៅ​ពេល​ដែល​លោក​អ្នក​ឈាន​ដល់​ចំណុច​ចុង​ក្រោយ​នៃ​ខ្លួន​ឯង។ លោក​អ្នក​មាន​ពរ​នៅ​ពេល​ដែល​លោក​អ្នក​បាត់​បង់​នូវ​អ្វី​ដែល​សំខាន់។ នៅ​ក្នុង​ប្រាស្រ័យ​ផ្នែក​របស់​លោកីយ៍ ស្ដាប់​ទៅ​នេះ​ពិត​ជា​ឆ្កួត​ណាស់។ អត្ថន័យ​នេះ​ផ្ទុយ​ពី​អត្ថន័យ​ដែល​លោកីយ៍​ផ្ដល់​លើ​ពាក្យ «មាន​ពរ»។ ចំពោះ​លោកីយ៍ ការ​មាន​ពរ​គឺ​ជា​ការ​មាន​រាល់​គ្រប់​អ្វីៗ​ដែល​លោក​អ្នក​ចង់​បាន ហើយ​ច្រើន​ជាង​នោះ​ទៅ​ទៀត។ វា​គឺ​ជា​ការ​ទទួល​បាន​សេចក្ដី​ស្រមៃ​របស់​ខ្លួន ឲ្យ​ក្លាយ​ទៅ​ជា​ការ​ពិត។ វា​មិន​ទាក់​ទង​ទៅ​នឹង​ការ​ដែល​លោក​អ្នក​ឈាន​ដល់​ចំណុច​ចុង​ក្រោយ​នៃ​ខ្លួន​ឯង​នោះ​ទេ ហើយ​ក៏​ មិន​ ទាក់ទ​ង​ទៅ​នឹង​ការ​បាត់​បង់​នូវ​អ្វី​ដែល​សំខាន់​ចំពោះ​លោក​អ្នក​ផង​ដែរ។

ប៉ុន្តែ នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ព្រះ​ជាម្ចាស់ ការ​ទទួល​បាន​ព្រះ​ពរ​មាន​អត្ថន័យ​ថ្មី។ យើង​ទទួល​បាន​ព្រះ​ពរ៖ នៅ​ពេល​ដែល​យើង​មិន​មាន​ធនធាន​ពី​មនុស្ស និង​នៅ​ពេល​ដែល​យើង​មិន​មាន​អ្វី​ដែល​ជា​របស់​ខ្លួន​សម្រាប់​ត្រឡប់​ទៅ​រក នៅ​ពេល​ដែល​មិន​មាន​មនុស្ស​ណា​ម្នាក់​ដែល​យើង​អាច​ពឹង​ពាក់​លើ​បាន និង​នៅ​ពេល​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​មិន​មាន​អ្វី​ដែល​កំពុង​តែ​ដំណើរ​ការ​យ៉ាង​ល្អ​នោះ​ឡើយ។ នោះ​គឺ​ជា​ពេល​ដែល​ព្រះ​ជាម្ចាស់ និង​ការ​គ្រប់​គ្រង​របស់​ទ្រង់​បាន​ទៅ​កើន​ឡើង​នៅ​ក្នុង​ជីវិត​យើង។ យើង​បាន​បន្ទាប​ចុះ។ ព្រះ​អង្គ​បាន​ដំកើន​ឡើង។ នៅ​ពេល​ដែល​យើង​បាត់​បង់​នូវ​អ្វី​ដែល​សំខាន់​បំផុត នៅ​ក្នុង​ជីវិត​យើង​លើ​ផែនដី​នេះ នោះ​យើង​នឹង​កាន់​តែ​ឲ្យ​តម្លៃ​លើ​ការ​ឱប​ក្រសោប​របស់​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​ជា​មិន​ខាន។ ការ​ឱប​ក្រសោប​របស់​ទ្រង់​កាន់​តែ​សំខាន់ កាន់​តែ​មាន​តម្លៃ និង​កាន់​តែ​អស្ចារ្យ​ជាង​អ្វីៗ​ដែល​យើង​អាច​នឹង​បាត់​បង់​បាន។

សូម​មើល​ព្រះ​ហស្ត​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់
លោក​ស្រី គូយុន (Guyon) ដែល​ជា​អ្នក​និពន្ធ​កាតូលិក​ជនជាតិ​បារាំង​ម្នាក់​នៅ​ក្នុង​ខ្ទង់​ឆ្នាំ១៦០០ គឺ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ជីវិត​យ៉ាង​លំបាក​លំបិន គាត់​ឈឺ​មិន​ចេះ​ឈប់ មាន​ការ​ព្រងើយ​កន្តើយ​លើ និង​គេ​បន្ទាប​បន្ថោក​ឥត​ល្ហែ។ កាល​គាត់​មាន​អាយុ១៦ឆ្នាំ ឪពុក​របស់​គាត់​បាន​ប្រើ​ល្បិចកល​ក្នុង​ការ​បោក​បញ្ឆោត​ឲ្យ​គាត់​រៀប​ការ​ជា​មួយ​នឹង​បុរស​ម្នាក់​ដែល​មាន​អាយុ​ចាស់​ជាង​គាត់​២២ឆ្នាំ ដែល​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។ លោក​ស្រី គូយុន បាន​ក្លាយ​ជា​អ្នក​គ្រូ​ពេទ្យ និង​អ្នក​មើល​ថែ​ប្ដី​របស់​គាត់​ដោយ​មិន​ចេះ​នឿយ​ហត់​ម្នាក់។ កាល​នោះ គាត់​បាន​រស់​នៅ​ជា​មួយ​នឹង​ម្ដាយ​ក្មេក ដែល​ដើរ​និយាយ​កុហក​យ៉ាង​អាក្រក់ៗ​អំពី​គាត់​ទៅ​កាន់​អ្នក​ដទៃ។

សេចក្ដី​អធិស្ឋាន​របស់​លោក​ស្រី គូយុន បាន​ឆ្លុះ​បញ្ចាំង​អំពី​ជំនឿ​ដ៏​ជ្រាល​ជ្រៅ​របស់​គាត់ និង​ទំនុក​ចិត្ត​ដែល​គាត់​មាន​លើ​លក្ខណសម្បត្តិ​របស់​ព្រះ​ជាម្ចាស់។ គាត់​បាន​សរសេរ​ដូច​ត​ទៅ៖ «ឱ​ព្រះ​ជាម្ចាស់​អើយ ព្រះ​អង្គ​បាន​អនុញ្ញាត​ឲ្យ​ឪពុក​យើង​ខ្ញុំ​បោក​បញ្ឆោត​យើង​ខ្ញុំ ខណៈ​ពេល​ដែល​យើង​ខ្ញុំ​ចង់​ធ្វើ​ជា​ដូនជី ដើម្បី​ឲ្យ​យើង​ខ្ញុំ​បែរ​ទៅ​រក​ព្រះ​អង្គ ហើយ​ឲ្យ​ព្រះ​អង្គ​ស្រឡាញ់​យើង​ខ្ញុំ។»។ គាត់​ក៏​បាន​សរសេរ​ចុះ​នូវ​ពាក្យ​ពេចន៍​នេះ​ផង​ដែរ «ឱ​ព្រះ​ជាម្ចាស់​អើយ ព្រះ​អង្គ​បាន​អនុញ្ញាត​ឲ្យ​ម្ដាយ​ក្មេក​យើង​ខ្ញុំ​និយាយ​កុហក​អំពី​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បែរ​ទៅ​រក​ព្រះ​អង្គ​ក្នុង​ការ​បន្ទាប​ខ្លួន និង​ឃើញ​អំពី​ទំហំ​ដ៏​ធំ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​ខ្ញុំ។»។

ជា​ជាង​បៀម​ភាព​ល្វីងជូរចត់នៃ​ការ​ឈឺ​ចាប់​ដែល​គាត់​បាន​ឆ្លង​កាត់ ដោយ​សួរ​ដេញ​ដោល​អំពី​សេចក្ដី​សប្បុរស​របស់​ព្រះ​ជាម្ចាស់ គាត់​បាន​ជ្រើស​រើស​យក​ការ​មើល​ឃើញ​ព្រះ​ហស្ត​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ក្នុង​ការ​នោះ​វិញ។ គាត់​ឃើញ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​គាត់​ថា កំពុង​តែ​ស្ថិត​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​ជាម្ចាស់ និង​ជ្រើស​រើស​ឃើញ​ថា រាល់​គ្រប់​កាលៈទេសៈ​គឺ​ជា​ឱកាស​សម្រាប់​ដឹក​នាំ​ឲ្យ​គាត់​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​អង្គ​វិញ។ គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ទាំង​ស្រុង និង​ចុះ​ចូល​ជា​មួយ​នឹង​ព្រះ​អង្គ​ក្នុង​គ្រុប​អ្វីៗ​ទាំង​អស់។

អ្វីៗ​ទាំង​អស់​ជា​អ្នក​បម្រើ​របស់​ទ្រង់
កណ្ឌ​គម្ពីរ ទំនុកតម្កើង ១១៩:៩០-៩១ បាន​ចែង​ថា «សេចក្ដី​ស្មោះ‌​ត្រង់​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅ ទ្រង់​បាន​ប្រតិ‌ស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់ ទាំង​អស់​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តាម​ច្បាប់​ទ្រង់ ដ្បិត​ទាំង​អស់​សម្រាប់​បម្រើ​ទ្រង់»។ គ្រប់​អ្វីៗ​ទាំង​អស់​ជា​អ្នក​បម្រើ​របស់​ព្រះ​អង្គ។ គ្រប់​អ្វីៗ​ទាំង​អស់​សុទ្ធតែ​អាច​ឲ្យ​ព្រះ​អម្ចាស់​ប្រើ ដើម្បី​សម្រេច​ផែនការ​ល្អៗ​របស់​ទ្រង់ សម្រាប់​អំណរ​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​សម្រាប់​សិរី​រុង​រឿង​របស់​រាស្ត្រ​ទ្រង់។

គ្រប់​អ្វីៗ​ទាំង​អស់​ដែល​យើង​ប្រឈម​មុខ​ជា​មួយ​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​បរិសុទ្ធ​ជាង​មុន​បាន។ សេចក្ដី​មួហ្មង​របស់​យើង​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​អំពើ​បាប​របស់​ខ្លួន​យើង​បាន។ អស់​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​បាន​ផ្ដល់​ឱកាស​ដល់​យើង​ឲ្យ​ចេះ​អត់​ទោស។ ជំងឺ​ប្រចាំ​កាយ​របស់​យើង​អាច​បង្រៀន​ឲ្យ​យើង​ចេះ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​បាន។ កូនៗ​យើង​ដែល​បះបោរ​ទាស់​ប្រឆាំង​នឹង​យើង​អាច​បង្ហាត់​បង្រៀន​ឲ្យ​យើង​ចេះ​អធិស្ឋាន​ឥត​ឈប់​ឈរ​បាន។
គ្រប់​អ្វីៗ​ដែល​ពិបាក ហើយ​មើល​ទៅ​ហាក់​បី​ដូច​ជា​មិន​ត្រឹម​ត្រូវ​សោះ​ក្នុង​ជីវិត​យើង​សុទ្ធតែ​ជា​ការ​អញ្ជើញពី
​ព្រះ​ជាម្ចាស់​ឲ្យ​យើង​បែរ​ទៅ​រក​ទ្រង់។

ដើម្បី​រស់​នៅ​ឲ្យ​បាន​ពេញ​លេញ​តាម​រយៈ​ទស្សនៈ​នេះ យើង​ត្រូវ​តែ​មាន​វត្ត​មាន និង​ស្មារតី​គ្រប់​ពេល​វេលា៖
ដើម្បី​ឲ្យ​យើង​ស្វែង​រក​ព្រះ​អង្គ​ដោយ​សកម្ម ហើយ​ទូល​សួរ​ព្រះ​អង្គ​ថា តើ​ព្រះ​អង្គ​កំពុង​តែ​ព្យាយាម​បង្ហាញ​អ្វី​មក​កាន់​យើង ដើម្បី​ឲ្យ​យើង​ដឹង​ថា ព្រះ​ជាម្ចាស់​តែង​តែ​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​យើង និង​ដើម្បី​ឲ្យ​យើង​ទុក​ចិត្ត​លើ​ព្រះ​អង្គ​ក្នុង​គ្រប់​កលៈទេសៈ​ថា ទាំង​អស់​គឺ​ដើម្បី​យើង​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​អង្គ​ជាង​មុន។
ដ្បិត​គ្រប់​អ្វីៗ​ទាំងអស់​ដែល​កំពុង​តែ​កើត​ឡើង​ចំពោះ​យើង គឺ​សុទ្ធតែ​កំពុង​តែ​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​លក្ខណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ។

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែសម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា,
លោក ហុង សម្ភស, លោក ឡង់ គីមឡុង, និងលោក ស៊ូ ទិត្យ
ដកស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​សេចក្តី​អំណរ​របស់​ព្រះ​ត្រឡប់​ក្លាយ​ជា​សេចក្តី​អំណរ​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា?