in ,

តើ​អ្នក​ពិតជា​បាន​រៀបការ​ចំ​នឹង​ដៃ​គូ​ជីវិត?

Did You Marry “the One”?


តើ​ពិត​ជា​មាន «គូព្រេង» សម្រាប់​យើង​ម្នាក់ៗ​មែន​ដែរ​ឬ​ទេ?

ប្រសិនបើ​លោកអ្នក​កំពុង​ចែចង់​គ្នា តើ​លោកអ្នក​អាច​ដឹង​បាន​ដោយ​របៀប​ណា​ថា គាត់​ជា «គូព្រេង» របស់​លោកអ្នក? តើ​គាត់​ជា​បុគ្គល​ដែល​លោកអ្នក​មិន​សូវ​ឈ្លោះប្រកែក​ជាមួយ​គ្នា​មែន​ទេ? ជា​បុគ្គល​ដែល​ចូល​ចិត្ត​អ្វីៗ​ដូច​លោកអ្នក​មែន​ទេ? ជា​បុគ្គល​ដែល​អាច​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​មែន​ទេ? ជា​បុគ្គល​ដែល​លោកអ្នក​អាច​នឹក​ស្រមៃ​ឃើញ​ថា អាច​នឹង​ស្រឡាញ់​គ្នា​រហូត​ដល់​ចាស់​សក់​ស្កូវ​មែន​ទេ? ឬ​ក៏​ជា​បុគ្គល​ដែល​មាន​គ្រប់​ទាំង​ចំណុច​ដូច​ដែល​មាន​រៀបរាប់​នៅ​ខាង​លើ​នេះ?

យើង​ខ្ញុំ​ចង់​ប្រាប់​ថា ប្រសិនបើ​លោកអ្នក​គិត​ថា ពិតជា​មាន «គូព្រេង» សម្រាប់​ខ្លួន​មែន នោះ​ក៏​មាន​ន័យ​ថា មាន​បុគ្គល​ដែល​មិនមែន​ជា «គូព្រេង» របស់​លោកអ្នក​ដែរ។ ការ​គិត​ថា មាន​គូព្រេង ឬ​មិន​មាន​គូព្រេង មើល​ទៅ​ហាក់​បី​ដូច​ជា​គ្មាន​គ្រោះថ្នាក់​អ្វី​សោះ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​ហ៊ាន​និយាយ​ថា គំនិត​បែប​នេះ​ល្អ​ទៀត​ផង ជា​ពិសេស​នៅពេលដែល​កំពុង​ស្វែងរក​ដៃគូ​អនាគត។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី នៅពេលដែល​លោកអ្នក​បាន​រៀបការ​ហើយ នោះ​ចូរ​កុំ​ឲ្យ​ពោល​ពាក្យ​ថា ខ្លួន​បាន​រៀបការ​ជាមួយ​មនុស្ស​ខុស​ឡើយ។

ប្រសិនបើ​លោកអ្នក​គិត​បែប​នេះ​មែន នោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោកអ្នក​មាន​ភាព​រកាំរកូស​ជា​មិន​ខាន។

ប្រសិនបើ​យើង​គិត​ថា ខ្លួន​មិន​បាន​រៀបការ​ជា​មួយ​នឹង «គូព្រេង» នោះ​យើង​ក៏​នឹង​ងាយ​បាត់បង់​ទំនុកចិត្ត​លើ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​ដែរ ជាពិសេស​នៅពេលដែល​យើង​ជួប​ទុក្ខលំបាក​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង។ ប្រសិនបើ​យើង​គិត​ថា ខ្លួន​ឯង​ទំនង​មិន​បាន​រៀបការ​ជា​មួយ «គូព្រេង» ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​បន្ត​លះបង់ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​នោះ​បន្ត​ទៅ​មុខ​ទៀត? ហេតុអ្វី​បាន​ជា​មិន​ធ្វើ​លិខិតស្នាម​លែង​លះ​គ្នា​ទៅ ហើយ​ចាប់ផ្ដើម​ស្វែងរក​បុគ្គល​ដែល​ខ្លួន​គិត​ថា​ជា «គូព្រេង» ដោយ​សង្ឃឹម​ថា គេ​ក៏​មិន​បាន​ជ្រើស​រើស​មនុស្ស​ខុស​ដូច​លោកអ្នក​ដោយ​បាន​រៀបការ​ជាមួយ​អ្នក​ណា​ផ្សេង?

នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​មាន​ការ​បែក​បាក់​គ្នា ពួក​គាត់​តែងតែ​គិត​ថា ខ្លួន​ទំនង​ជា​រៀបការ​ជាមួយ​មនុស្ស​ខុស។

វិថី​ស្នេហា
យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ធ្លាប់​បាន​មើល​កុន ឬ​ក៏​ភាពយន្ត​បែប​មនោសញ្ចេតនា។

ភាពយន្ត​បែប​មនោសញ្ចេតនា​មាន​រៀបរាប់​ពី​បុរស និង​ស្ត្រី​ម្នាក់​ដែល «គួរតែ» បាន​រួម​រស់​នៅ​ជា​មួយ​គ្នា ប៉ុន្តែ​ពួកគេ​​ម្នាក់ៗ បែរ​ជា​រួម​រស់​ជា​មួយ​អ្នក​ដទៃ​ទៅ​វិញ។ វាសនា​បាន​បញ្ចប់ «ស្នេហា​ពិត» របស់​ពួកគេ​ហើយ។

ជា​ដំបូង យើង​មិន​ចង់​ឲ្យ​ពួកគេ​បាន​រួម​រស់​នៅ​ជា​មួយ​គ្នា​ទេ ព្រោះ​យើង​ឲ្យ​តម្លៃ​លើ​ជីវិត​អាពាហ៍ពិពាហ៍​ខ្ពស់ ហើយ​ក៏​​មិន​ចង់​ឃើញ​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ដទៃ​ដែរ។ ប៉ុន្តែ ខណៈពេល​ដែល​ខ្សែ​ភាពយន្ត​បន្ត​លេង​តទៅ​មុខ​ទៀត វា​ក៏​ចាប់​ផ្ដើម​លួច​ចិត្ត​យើង ដោយ​លែង​ឲ្យ​យើង​បន្ត​គិត​ដូច​មុន​ទៀត ព្រោះ​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ បាន​ចាប់​ផ្ដើម​បង្វែរ​ចិត្ត​របស់​យើង។ នៅពេលដែល​ខ្សែ​ភាពយន្ត​កាន់តែ​បន្ត​ទៅ​មុខ យើង​ក៏​ចាប់​ផ្ដើម​ចង់​ឃើញ​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​ទំនាក់ទំនង​មួយ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ទំនាក់ទំនង​មួយ​ទៀត​កើត​ឡើង។ នៅ​ក្នុង​ខ្សែ​ភាពយន្ត​តែ​មួយ​សោះ យើង​បាន​បង្វែរ​ចិត្ត​ខ្លួន​ដោយ​គិត​ថា ប្រសិនបើ​មាន​ការ​បែក​បាក់​គ្នា​នៅ​ទំនាក់ទំនង​មួយ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ទំនាក់ទំនង​មួយ​ទៀត​កើត​ឡើង នោះ​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ។ ដំបូង យើង​គ្រាន់តែ​ចាប់​ផ្ដើម​គិត​ថា «ពួកគេ​គួរតែ​បែក​គ្នា» ប៉ុន្តែ​​ក្រោយ​មក​ទៀត​យើង​ទទួល​ស្គាល់​ថា «ពួកគេ​ត្រូវ​តែ​បែក​គ្នា» ដើម្បី​ឲ្យ​ទំនាក់ទំនង​ថ្មី​មួយ​ទៀត​កើត​ឡើង។ ហើយ​នៅពេលដែល​ខ្សែ​ភាពយន្ត​នេះ​បញ្ចាំង​ចប់ យើង​ក៏​ចាប់ផ្ដើម​ស្រែក​ហ៊ោ នៅពេលដែល​យើង​ឃើញ​ទំនាក់ទំនង​ថ្មី​របស់​អ្នក​ទាំង​ពីរ​នៅ​ក្នុង​ភាពយន្ត​នោះ​បាន​រួម​រស់​នៅ​ជា​មួយ​គ្នា ទោះ​បើ​ពួកគេ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ក៏​ដោយ។

មាន​ខ្សែ​ភាពយន្ត​ជា​ច្រើន​ផ្ដោត​ទៅ​លើ​រឿង​បែប​នេះ ពោល​គឺ​ផ្ដោត​លើ​ការ​មាន ឬ​ក៏​មិន​មាន​បុគ្គល​ដែល​ខ្លួន​គិត​ថា​ជា «គូ​ព្រេង»។

មនុស្ស​ដែល​ខ្លួន​គិត​ថា «មិន​មែន​ជា​គូព្រេង»

បើ​និយាយ​ឲ្យ​ចំ​ទៅ៖ យើង​មិន​អាច​រាប់​អ្នក​នេះ ឬ​ក៏​អ្នក​នោះ​ថា​ជា «ដៃគូ​ជីវិត» របស់​យើង​បាន​ទេ លុះត្រាតែ​យើង​បាន​រៀបការរួច​ហើយ។ បុគ្គល​ដែល​លោកអ្នក​បាន​រៀបការ​ជាមួយ​គឺ​ជា «ដៃគូ​ជីវិត»។ នោះ​គឺ​ជា​អំណះអំណាង​នៃ​ការ​ដែល​មនុស្ស​ស្រី​ម្នាក់ និង​មនុស្ស​ប្រុស​ម្នាក់​បាន​ចូល​រោងការ។

ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ថា យើង​នឹង​រស់នៅ​ជាមួយ​បុគ្គល​ដែល​មិន​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ។ នេះ​មិនមែន​មាន​ន័យ​ថា លោកអ្នក​នឹង​ត្រូវ​​មើល​រំលង​លក្ខណៈ​មិន​គ្រប់​លក្ខណ៍​របស់​គាត់​ឡើយ តែ​លោកអ្នក​នឹង​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ស្រឡាញ់​គាត់ ទោះ​បើ​គាត់​មិន​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ។ ពេល​ដែល​លោកអ្នក​បាន​រៀបការ​ហើយ នោះ​មាន​ន័យ​ថា លោកអ្នក​មិន​គ្រាន់​តែ​ទទួល​បាន​លក្ខណៈ​មិន​ល្អ​ឥត​ខ្ចោះ​របស់​គាត់​នោះ​ទេ តែ​លោកអ្នក​ថែម​ទាំង​ត្រូវ​មាន​ការ​ប្ដេជ្ញាចិត្ត​ស្រឡាញ់​គាត់ ទោះ​បើ​គាត់​មិន​មាន​លក្ខណៈ​ល្អ​ឥតខ្ចោះ​ក៏​ដោយ (អេភេសូរ ៥:២៥)។

ខណៈពេល​ដែល​យើង​កំពុង​ប្ដេជ្ញា​ចិត្ត យើង​ត្រូវតែ​ចងចាំ​ថា ខ្លួន​ទំនង​ជា​អ្នក​ខុស​ដែល​មិន​សម​នឹង​បាន​អ្នក​នេះ ឬ​អ្នក​នោះ​ធ្វើ​ជា​ដៃគូ​ជីវិត​ឡើយ (រ៉ូម ៣:២៣)។ នោះ​ឯង​ជា​ចំណុច​ដែល​បង្ហាញ​ថា ជីវិត​អាពាហ៍ពិពាហ៍​គឺ​អស្ចារ្យ​ណាស់! ព្រោះ​បុគ្គល​ដែល​មិន​សម​នឹង​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​នៅ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​គ្នា​នឹង​គ្នា។ គ្មាន​អ្នកណា​នឹង​ទទួល​បាន​កោត​សរសើរ​តាមរយៈ​ការ​ដែល​មនុស្ស​ល្អ​ឥតខ្ចោះ​ពីរ​នាក់​ប្ដេជ្ញា​ចិត្ត​ស្រឡាញ់​គ្នា​ទេ។

បុគ្គល​ដែល​ជា «ដៃគូ​ជីវិត» គឺ​ជា​បុគ្គល​ដែល​លោកអ្នក​បាន​រៀបការ​ជាមួយ

សរុប​សេចក្ដី​មក ចូរ​ស្វែងរក​បុគ្គល​ដែល​កំពុងតែ​សង្វាត​ដេញ​តាម​ការ​ញែក​ជា​បរិសុទ្ធ​យ៉ាង​ខ្លាំងក្លា យក​មក​ធ្វើ​ជា​ដៃគូ​ក្នុង​ជីវិត​ទៅ​វិញ​ចុះ ជាជាង​ស្វែងរក​បុគ្គល​ដែល​ជា «ដៃគូ​ជីវិត» ដែល​ខ្លួន​គិត​ថា​ជា «គូ​ព្រេង»។ នៅពេលដែល​លោកអ្នក​បាន​រៀបការ​ ហើយ នោះ​មាន​ន័យ​ថា លោកអ្នក​បាន​តាំង​សញ្ញា​ជា​សាធារណៈ​នៅ​ចំពោះ​ព្រះ​ជាម្ចាស់ និង​មនុស្ស​គ្រប់​គ្នា​ដោយ​អះអាង​ថា លោកអ្នក​គឺ​ជា​ប្ដីប្រពន្ធ​នឹង​គ្នា។ នេះ​មាន​ន័យ​ថា លោកអ្នក​បាន​រៀបការ​ជាមួយ​ដៃគូ​ជីវិត​របស់​លោកអ្នក​ហើយ! យើង​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ជាមួយ​លោកអ្នក​ផង! ប្រសិនបើ​លោកអ្នក​បាន​រៀបការ​ហើយ នោះ​មាន​ន័យ​ថា លោកអ្នក​បាន​រៀបការ​ជាមួយ​នឹង​ដៃគូ​ជីវិត​របស់​លោកអ្នក​ហើយ។ យើង​ខ្ញុំ​សូម​ចូល​រួម​អបអរសាទរ​ជាមួយ​លោកអ្នក​ផង! (ម៉ាថាយ ១៩:៤-៦)។

នៅ​ថ្ងៃ​អនាគត នៅពេលដែល​លោកអ្នក​ជួប​បញ្ហា នោះ​ចូរ​ចងចាំ​ថា ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ល្អ​បំផុត​នៅ​លើ​ផែនដី​នេះ ​គឺ​នៅ​តែ​ជា​ទំនាក់ទំនង​រវាង​មនុស្ស​ពីរ​នាក់​ដែល​ត្រូវការ​សេចក្ដី​សង្គ្រោះ​មក​ពី​ព្រះ​ជាម្ចាស់។ នេះ​ជា​រឿង​អស្ចារ្យ​ណាស់ ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​នឹង​ស្ដារ​យើង​ឡើង​វិញ និង​ដើម្បី​ឲ្យ​យើង​មាន​ទំនាក់ទំនង​ល្អ​ឥត​ខ្ចោះ​ជាមួយ​ទ្រង់​ផ្ទាល់​ផង​ដែរ (វិវរណៈ ២១:១-៥)។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Timothy Trudeau
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, ​លោក អ៊ុន ជ័យរិទ្ធ និង​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 Points
Upvote Downvote

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេចក្តីសប្បុរសរបស់ព្រះ​អាទិករ​

បាន​ស្រឡាញ់ហើយ