in ,

អារក្ស​សាតាំង

What Are Demons?

យើង​បាន​ដឹង​ខ្លះៗ​ហើយ​ពី​អារក្ស នៅ​ក្នុង​ជំពូក​១​ ប៉ុន្តែ​ឥឡូវ ចូរ​យើង​ទៅ​ឲ្យ​កាន់តែ​ជ្រៅ​ជាង​នេះ។ មាន​ខគម្ពីរ​ពីរ​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ។ ក្នុង​កណ្ឌ​គម្ពីរ ២ពេត្រុស សាវ័ក ពេត្រុស បាន​លើក​ឡើង​អំពី​ពួក​ទេវតា​ដែល​បាន​ប្រព្រឹត្ត​បាប៖

«ដ្បិត​បើ​ព្រះជាម្ចាស់​មិន​បាន​អត់​ឱន​ឲ្យ​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប​ទេ ប៉ុន្តែ​បាន​ទម្លាក់​ពួកគេ​ទៅ​ក្នុង​ស្ថាននរក ហើយ​បាន​ប្រគល់​ឲ្យ​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត ដើម្បី​ជំនុំជម្រះ»។ (២ពេត្រុស ២:៤ គគខ)

ហើយ​ក្នុង​កណ្ឌ​គម្ពីរ យូដាស ក៏​មាន​ចែង​ដែរ​ថា៖

«រីឯ​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​ឋានៈ​របស់​ខ្លួន ហើយ​បាន​បោះបង់​ចោល​លំនៅ​របស់​ខ្លួន នោះ​ព្រះអង្គ​បាន​ឃុំ​ទុក​ក្នុង​ទី​ងងឹត ទាំង​ជាប់​ចំណង​អស់កល្ប​ជានិច្ច ទុក​សម្រាប់​ជំនុំជម្រះ​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ» (យូដាស ១:៦ គគខ)

តាមរយៈ​ខ​នេះ​យើង​ឃើញ​ថា ពួក​ទេវតា​ទាំង​នោះ​ធ្លាប់​នៅ​ស្ថាន​សួគ៌ («បាន​បោះបង់​ចោល​លំនៅ​របស់​ខ្លួន») ប៉ុន្តែ ពួក​គេ​បាន​ប្រព្រឹត្ត​បាប​ទាស់​នឹង​ព្រះ​ជាម្ចាស់ ពួកគេ​បះបោរ​ទំនង​ជា​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ឋានៈ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ («មិន​បាន​រក្សា​ឋានៈ​របស់​ខ្លួន»)។

ចំពោះ​ពួក​ទេវតា​ដែល​បះបោរ​ប្រឆាំង​ទាស់​នឹង​ព្រះជាម្ចាស់ ជា​ទេវតា​ដែល​ពេញ​ដោយ​អំពើ​បាប នោះ​នឹង​ត្រូវ​​បោះ​ទៅ​ក្នុង​នរក ហើយ​នឹង​ត្រូវ​ជាប់​ច្រវាក់​រហូត​ដល់​​ថ្ងៃ​ជំនុំជម្រះ។ នេះ​មិន​មែន​មាន​ន័យ​ថា អារក្ស​មិន​អាច​ទៅ​នេះ ឬ​ទៅ​នោះ​លើ​ផែនដី​នេះ​ឡើយ ហើយ​ក៏​មិន​មែន​មាន​ន័យ​ថា ពួក​វា​មិន​អាច​ប្រើ​អំណាច​អូស​ទាញ​មនុស្ស​ឲ្យ​ធ្វើ​បាប​នោះ​ដែរ ពី​ព្រោះ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ផ្ដល់​ជា​ភស្តុតាង និង​អត្ថន័យ​ថា​នោះ​ឯង​ជា​អ្វី​ដែល​វា​អាច​ធ្វើ​បាន។ មើល​ទៅ​ព្រះ​គម្ពីរ​ដូច​ជា​ចង់​មាន​ន័យ​ដូច​នេះ​ថា ព្រះជាម្ចាស់​បាន​ទម្លាក់​ពួក​អារក្ស​សាតាំង​ចេញ​ពី​ស្ថានសួគ៌​ដែល​មាន​ពេញ​ដោយ​ព្រះពរ ដែល​ពី​មុន​ពួក​វា​ធ្លាប់​បាន​ដក​ពិសោធន៍​ពី​ព្រះពរ​នោះ តែ​ឥឡូវ​នេះ ព្រះជាម្ចាស់​បាន​ឃុំ​ពួក​វា​ក្នុង​ទី​ងងឹត ដែល​ទី​នោះ​មាន​ពេញ​ដោយ​ភាព​ឥត​ប្រយោជន៍ ហើយ​ពួក​វា​នឹង​ត្រូវ​ជំនុំជម្រះ​នៅ​ថ្ងៃ​ជំនុំជម្រះ។

យោង​តាម​ព្រះ​គម្ពីរ ហាក់​បី​ដូច​ជា​ឃើញ​ថា ពួក​អារក្ស​ទាំង​នោះ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​សាតាំង​ដែល​វា​ក៏​ជា​ទេវតា​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប​ផង​ដែរ។ ពេល​ដែល​ព្រះជាម្ចាស់​ទម្លាក់​សាតាំង​ចុះ​មក ដែល​មាន​ចែង​ក្នុង​កណ្ឌគម្ពីរ​វិវរណៈ យើង​ឃើញ​ថា កណ្ឌ​គម្ពីរ​នេះ​បាន​ហៅ ពួក​អារក្ស​ទាំង​នោះ​ថា​ជា «ទេវតា​របស់​វា» (វិវរណៈ ១២:៩)។

អស់​អ្នក​ដែល​ទាស់​នឹង​ព្រះ​យេស៊ូវ​បាន​ធ្លាប់​លើក​ឡើង​ថា សាតាំង​ជា​មេ​ដ៏​ធំ​បំផុត​ក្នុង​ចំណោម​ពួក​អារក្ស ទោះ​បើ​យើង​មិន​ដឹង​យ៉ាង​ច្បាស់​ថា តើ​ពួក​គាត់​បាន​ព័ត៌មាន​នោះ​ពី​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន​ឬ​ក៏​អត់ (ម៉ាថាយ ៩:៣៤)។ កណ្ឌ​គម្ពីរ​ផ្សេងៗ​បាន​ផ្ដល់​ឈ្មោះ​លើ​អារក្ស​ថា «ចៅហ្វាយ​របស់​លោកីយ៍​នេះ» ឬ «មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស» (យ៉ូហាន ១៦:១១; អេភេសូរ ២:២) ដែល​នេះ​ស​បង្ហាញ​ថា សាតាំង​មាន​អំណាច។ លើស​ពី​នោះ​ទៅ​ទៀត មើល​ទៅ​សាតាំង​ហាក់​បី​ដូច​ជា​មាន​សិទ្ធិ​ចូល​ទៅ​គាល់​ព្រះ​ជាម្ចាស់​បាន​ទៀត​ផង ពីព្រោះ​វា​អាច​ចោទ​ប្រកាន់​គ្រីស្ទ​បរិស័ទ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ជាម្ចាស់ ក៏​ដូច​ជា​ល្បួង​ព្រះ​យេស៊ូវ​នៅ​ក្នុង​ទី​រហាស្ថាន​ទៀត​ផង (វិវរណៈ ១២:១០; ម៉ាថាយ ៤:១-១១)។

ទោះ​បើ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា អារក្ស​សាតាំង​មាន​អំណាច​ខាង​ឯ​ព្រលឹង​វិញ្ញាណ ក៏​យើង​នៅ​តែ​ដឹង​ដែរ​ថា អំណាច​របស់​ពួក​វា​នៅ​មាន​ព្រំដែន។ ពេល​ខ្លះ ពួក​វា​វាយ​លុក​មនុស្ស​លោក​បែប​ជា​ក្រុម ដែល​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា បើ​អំណាច​របស់​ពួក​វា​គ្មាន​ព្រំដែន នោះ​ពួក​វា​មិន​ចាំ​បាច់​ធ្វើ​បែប​ហ្នឹង​នោះ​ទេ (លូកា ៨:២)។ អារក្ស​ខ្លះ​អាក្រក់​ជាង​អារក្ស​ខ្លះ​ទៀត ពោល​គឺ​សមត្ថភាព​នៃ​ការ​ធ្វើ​អាក្រក់​របស់​ពួក​វា​មាន​ឋានៈ (ម៉ាថាយ ១២:៤៥)។ ពួក​វា​មិន​មាន​សមត្ថភាព​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពេល​តែ​មួយ​ដូច​ព្រះ​ជាម្ចាស់​នោះ​ឡើយ ប៉ុន្តែ​ពួក​វា​ត្រូវ​តែ​ទៅ​នេះ​ទៅ​នោះ​ ដូច​អ្វីៗ​ផ្សេងៗ​ទៀត​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​ផង​ដែរ (លូកា ១២:៤៣)។ ពួក​វា​ក៏​មិន​អាច​ដឹង​គ្រប់​អ្វីៗ​ទាំង​អស់​នោះ​ទេ ដ្បិត​មាន​តែ​ព្រះ​ជាម្ចាស់​មួយ​អង្គ​គត់​ដែល​ជ្រាប​ពី​អនាគត ហើយ​ក៏​មាន​តែ​ព្រះ​អង្គ​មួយ​គត់​ដែល​ជ្រាប​អំពី​ចិត្ត​គំនិត និង​បំណង​ចិត្ត​របស់​យើង​បាន (អេសាយ ៤៦:៩-១០; វិវរណៈ ២:២៣; ហេព្រើរ ៤:១២-១៣)។

ចំណាំ៖ យើង​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Mike McKinley
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, និងលោក ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី Did the Devil Make Me Do it? ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គិត​ពី​មនុស្ស​

គម្ពីរសញ្ញាចាស់