in

ទង្វើ៧​យ៉ាង​ដែល​យើង​គួរ​ធ្វើ​បន្ទាប់​ពី​មើល​រូបភាព​មិន​គប្បី

Seven Things to Do After You Look at Pornography

ការ​ប្រឹក្សា​ភាគ​ច្រើន​របស់​គ្រីស្ទ​បរិស័ទ​ទាក់ទង​នឹង​ការ​ញៀន​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស មិន​សូវ​ជា​មាន​ប្រយោជន៍​ប៉ុន្មាន​ទេ។ ត្រង់​ចំណុច​នេះ ខ្ញុំ​ចង់​មាន​ន័យ​ថា៖ ការ​ប្រឹក្សា​ទាំង​នោះ​មិន​បាន​ជួយ​បង្កើត​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ពិត​ប្រាកដ ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ ការ​ស្ដារ​ឡើង​វិញ និង​ការ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ​ទាំង​ស្រុង​នោះ​ទេ។ លើស​ពី​នោះ​ទៅ​ទៀត ការ​ប្រឹក្សា​ទាំង​នេះ​មិន​បាន​លើក​ឡើង​ពី​មូលហេតុ​នៃ​ការ​កុហក​ដ៏​ចម្បង​ទាក់ទង​នឹង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ដល់​យើង​នោះ​ទេ។ សរុប​​មក ការ​ប្រឹក្សា​ទាំង​នោះ​មាន​ចំណុច​រួម​ពីរ៖ ចំណុច​ទីមួយ​គឺ​ទាក់ទង​នឹង​គំនិត​អំពី​ទេវវិទ្យា និង​ខគម្ពីរ​ច្រើន​ពេក​ដែល​គ្រាន់តែ​ជា​ចំណេះដឹង​ក្នុង​ខួរក្បាល ហើយ​មិន​អាច​យក​មក​អនុវត្ត​បាន។ ចំណុច​ទីពីរ៖ ការ​ប្រឹក្សា​នោះ​គ្រាន់តែ​លើក​ឡើង​ពី​ច្បាប់​ឲ្យ​ទៅ​ធ្វើ​នេះ ធ្វើ​នោះ​នៅ​តែ​ខាង​សម្បក​ក្រៅ ហើយ​ច្បាប់​ទាំង​នោះ​មិន​អាច​ជួយ​យើង​ក្នុង​ជីវិត​រស់នៅ ពោលគឺ​ពី​ភាព​បរាជ័យ និង​ពី​ការ​តស៊ូ ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្ឃឹម។ តើ​ដំណឹងល្អ​មាន​ប្រយោជន៍​អ្វី​ទាក់ទង​នឹង​ភាព​បរាជ័យ​របស់​យើង និង​ការ​ព្យាយាម​ជា​ថ្មី​ដែល​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត?

ពេល​ដែល​យើង​ជឿ​ថា គ្មាន​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ​ដែល​កំពុងតែ​តយុទ្ធ​នឹង​អំពើ​បាប​ទេ នោះ​យើង​ក៏​នឹង​មិន​ហ៊ាន​និយាយ​ពី​អំពើ​បាប​ក្នុង​ក្រុមជំនុំ ឬ​ក៏​និយាយ​ជាមួយ​បុគ្គល​ដែល​កំពុងតែ​តយុទ្ធ ក៏​ដូចជា​និយាយ​មក​កាន់​ខ្លួន​ឯង​នោះ​ឡើយ។ តើ​វា​ជា​ការ​ត្រឹមត្រូវ​ដែរ​ឬ​ទេ ​ក្នុង​ការ​និយាយ​អំពី​អ្វី​ដែល​ព្រះ​គ្រីស្ទ​អាច​ធ្វើ​បាន (និង​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន) បន្ទាប់ពី​យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស? ឬ​ក៏​យើង​គ្រាន់​តែ​អង្គុយ​ធ្វើ​ហៃៗ  ដោយ​សង្ឃឹម​ថា គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​បាប​នោះ​ឡើយ? មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ∩ហេតុ​អ្វី​បាន​ជា​យើង​នៅ​គួរ​គិត​ថា យើង​ស័ក្តិសម​នឹង​ឲ្យ​ព្រះ​ជាម្ចាស់​នឹង​មក​ជួប​យើង ទាំង​ខ្លួន​យើង​បាន​ប្រព្រឹត្ត​បាប​ដ៏​អាស្រូវ​ដូច​នេះ? តាម​ពិត យើង​មិន​គួរ​ទាំង​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ផង។∪ ប៉ុន្តែ តាម​ពិត​ទៅ មនុស្ស​ជា​ច្រើន​តែងតែ​ធ្លាក់​ជាប់​នៅ​ក្នុង​កាលៈទេសៈ​បែប​នោះ ហើយ​ព្រះ​ជាម្ចាស់​អាច​នឹង​ប្រើ​កាលៈទេសៈ​នៃ​ភាព​សោកស្ដាយ​ទាំង​នោះ​ឲ្យ​ទៅ​ជា​ប្រយោជន៍​ដល់​យើង។

បន្ទាប់​ពី​យើង​បាន​បិទ​ទ្វារ បិទ​ភ្លើង​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង ហើយ​បាន​មើល​រូប ឬ​ក៏​រឿង​មិន​គួរ​គប្បី ពេល​នោះ​ឯង​ជា​ពេល​ដែល​អារក្ស​សាតាំង​នឹង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ផែនការ​របស់​វា​បាន​សម្រេច៖ វា​គម្រាម​កំហែង​ដល់​របៀប​គិតគូ​របស់​យើង វា​នាំ​ឲ្យ​យើង​គិត​ថា យើង​អាច​ធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យ​ព្រះអង្គ​អត់ទោស​បាប​យើង ​បាន (ដូចជា​សន្យា​ថា​នឹង​កាន់តែ​បម្រើ​ព្រះអង្គ កាន់តែ​អធិស្ឋាន អាន​ព្រះគម្ពីរ តែ​ធាតុ​ពិត ការ​ទាំង​នេះ​មិន​មែន​ជា​មធ្យោបាយ​ដែល​នាំ​ឲ្យ​ព្រះជាម្ចាស់​អត់ទោស​បាប​យើង​ទេ តែ​គឺ​ជា​ព្រះគុណ​របស់​ព្រះ​ទៅ​វិញ​ទេ​តើ) ហើយ​អារក្ស​សាតាំង​ថែមទាំង​មួល​បង្កាច់ ដើម្បី​ឲ្យ​យើង​ស្អប់​ខ្លួន​ឯង​ផង​ដែរ។ បន្ទាប់​ពី​យើង​បាន​ធ្លាក់​ទៅ​ក្នុង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស នោះ​ឯង​ជា​ពេល​ដែល​អារក្ស​សាតាំង​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​រារាំង​យើង​ពី​មាគា៌​របស់​ព្រះ​ជាម្ចាស់។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដ៏​ជាក់លាក់​មួយ​ចំនួន​ដែល​យើង​អាច​ប្រើ​ប្រាស់​បាន​ក្នុង​ការ​ស្វែងរក​ព្រះ​គុណ បន្ទាប់ពី​យើង​បាន​ភ្លាត់​ស្នៀត​នៅ​ក្នុង​ការ​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​មិន​គួរគប្បី៖

១. ត្រូវ​ស្គាល់​ខ្មាំង​សត្រូវ​របស់​ខ្លួន

បន្ទាប់ពី​លោកអ្នក​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​ក៏​រឿង​អាសអាភាស​ហើយ នោះ​មាន​ការ​ពីរ​យ៉ាង​ដែល​លោកអ្នក​ទំនង​នឹង​ធ្វើ៖ ទីមួយ ស្អប់​ខ្លួន​ឯង ឬ​ក៏ ទីពីរ គេច​ចេញ​ពី​ខ្លួន​ឯង។ ទោះ​បី​ជា​លោកអ្នក​ជ្រើសរើស​ដើរ​ផ្លូវ​មួយ​ណា​ក៏​ដោយ ក៏​អារក្ស​សាតាំង​នៅ​តែ​សប្បាយ​ចិត្ត​ដែរ។ ជម្រើស​នៃ​គន្លង​ទាំង​ពីរ​នោះ គឺ​ជា​ការ​ជឿ​លើ​ការ​ចោទ​ប្រកាន់​របស់​អារក្ស​សាតាំង (ម៉ាថាយ ១៦:២៣; ២កូរិនថូស ៧:១០)។ ចូរ​ទទួល​ស្គាល់​ថា លោកអ្នក​មាន​ខ្មាំង​សត្រូវ​ផ្ទាល់​ខ្លួន​ដ៏​ពូកែ ហើយ​ការងារ​ជា​ចម្បង​របស់​វា គឺ​បំផ្លាញ​លោកអ្នក​ចោល (យ៉ូប ១:៧; អេភេសូរ ២:២; យូដាស ១:១៩)។ ចូរ​ទទួល​ស្គាល់ ហើយ​ដឹង​ថា អារក្ស​សាតាំង​កំពុង​តែ​ធ្វើ​ការ​ទាក់ទង​នឹង​រាល់​បទ​ពិសោធន៍​ដែល​លោកអ្នក​មាន ឧទាហរណ៍៖ គំនិត​គិត សម្អប់ ការ​ប្រឡូកប្រឡាក់ អារម្មណ៍ ផែនការ។ល។ ប្រសិន​បើ​លោកអ្នក​ងាយនឹង​ភ្លេច​ពី​ការ​នេះ នោះ​លោកអ្នក​នឹង​ងាយ​ក្នុង​ការ​ទទួល​ជឿ​លើ​សេចក្ដី​កុហក​ដ៏​ពោរពេញ​ដោយ​ការ​បំផ្លាញ ការ​លាក់​បាំង ការ​ផ្ដួល​រំលំ និង​ល្បិច​កិច្ចកល។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួក​ផារិស៊ី​ថា អារក្ស​សាតាំង​ដែល​ជា​មេ​កុហក​គឺ​ជា​ឪពុក​របស់​ពួក​គេ វា​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​ពួក​គេ​មិន​ដឹង​អំពី​ការ​នោះ។ អារក្ស​សាតាំង​មិន​ចង់​ឲ្យ​ពួក​គេ​ដឹង​ថា វា​ជា​ឪពុក​របស់​ពួកគេ​ទេ ព្រោះ​អំពើ​អាក្រក់​នឹង​កាន់​តែ​កើន​ឡើង នៅ​ពេល​ដែល​យើង​ភ្លេច​វា (យ៉ូហាន ៨:៤៤)។ ចូរ​កុំ​ភ្លេច៖ ក្រោយ​ពេល​ដែល​លោកអ្នក​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស គឺ​ការ​តយុទ្ធ​ទើប​តែ​ដល់​ពាក់​កណ្ដាល​ទី​ប៉ុណ្ណោះ ហើយ​បុគ្គល​ដែល​លោកអ្នក​កំពុង​តយុទ្ធ​ជាមួយ​នោះ គឺ​ជា​បុគ្គល​ដ៏​អាក្រក់ ដែល​មិន​ងាយ​បោះបង់​ការ​ព្យាយាម​បំផ្លាញ​ជីវិត​របស់​លោកអ្នក​ចោល​នោះ​ឡើយ ប៉ុន្តែ​វា​មិន​ទាន់​យក​ជីវិត​របស់​លោកអ្នក​បាន​នៅ​ឡើយ​ទេ។

២. ព្យាយាម​កុំ​ស្អប់​ខ្លួន​ឯង

យើង​មិន​ចាំ​បាច់​សួរ​ដើម្បី​ឲ្យ​ដឹង​ថា៖ ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​គឺ​ជា​ការ​បញ្ចុះបញ្ចូល​ដ៏​អាក្រក់​ដើម្បី​ឲ្យ​យើង​ជឿ​ថា ការ​ត្រេកត្រអាល​ចង់​បាន​អ្វី​មួយ​ដែល​ប្លែក គឺ​ជា​រឿង​គ្មាន​ទោស​នោះ​ទេ។ ការ​មាន​សតិបញ្ញា​ដែល​ឈឺ​ចាប់ គឺ​ជា​ចំណុច​ដ៏​ល្អ​មួយ។ ប៉ុន្តែ នៅ​ពេល​ដែល​លោក​យូដាស​ដឹង​ខ្លួន​ថា «ខ្ញុំ​បាន​ធ្វើ​បាប ព្រោះ​ខ្ញុំ​បាន​បាន​ក្បត់​នឹង​ឈាម​ដែល​ឥត​ទោស» គឺ​វា​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​គាត់ «ចេញ​ទៅ​ក្រៅ រួច​ចង​ក​សម្លាប់​ខ្លួន» (ម៉ាថាយ ២៧:៤-៥ គកស)។ នេះ​គឺ​ជា​អារម្មណ៍​ធម្មតា​ទេ ដែល​យើង​ចង់​ដាក់​ទោស​ខ្លួន​ឯង​នៅ​ពេល​ដែល​យើង​ក្បត់​នឹង​មនុស្ស​ដែល​ឥត​ទោស។ តាម​រយៈ​ការ​ដែល​យើង​មួល​បង្កាច់​មនុស្ស​ដែល​គ្មាន​ទោស នោះ​យើង​ក៏​ដាក់​ទោស​ខ្លួន​ឯង​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន​សម្លាប់​ខ្លួន​ដោយ​សារ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​មិន​ត្រឹម​ត្រូវ។ មនុស្ស​មួយ​ចំនួន​ទំនង​ជា​គិត​ថា «ខ្ញុំ​មិន​ល្អ​ដូច​ជា​អ្វី​ដែល​គ្រូ​គង្វាល ឬ​ក៏​អ្នក​និពន្ធ​មួយ​ចំនួន​ចង់​ឲ្យ​ខ្ញុំ​ល្អ​នោះ​ទេ»។ នៅ​ទី​បំផុត ការ​បង្ខូច​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស​នឹង​កាន់​តែ​បង្ខូច​អស់​អ្នក​ដែល​មើល​រូបភាព និង​វីដេអូ​អាសអាភាស ហើយ​ក៏​នឹង​នាំ​ពួកគាត់​ឲ្យ​កាន់​តែ​ស្អប់​ខ្លួន​ឯង ក៏​ដូច​ជា​នាំ​ពួកគាត់​ឲ្យ​ខ្ពើមរអើម​ខ្លួន​ឯង​ដែរ។ យើង​ស្អប់ យើង​រិះគន់ យើង​ឆ្អើម ហើយ​យើង​ខ្ពើម​ខ្លួន​ឯង​យ៉ាង​ខ្លាំង! ភាព​សោក​សង្រេង​ចំពោះ​ការ​ទាស់​នឹង​ខ្លួន​ឯង ហើយ​មាន​អារម្មណ៍​ថា យើង​ត្រូវ​តបស្នង​ទៅ​កាន់​ព្រះ​ជា​ម្ចាស់​វិញ ចំពោះ​អំពើ​បាប​ដែល​យើង​បាន​ប្រព្រឹត្តិ គឺ​ជា​រឿង​ខូច​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​ជា​ការ​ធ្វើ​ទារុណ​កម្ម​ខ្លួន​ឯង​ដ៏​ព្រៃ​ផ្សៃ​បំផុត​ដែរ។

ហេតុដូច្នេះ​ហើយ​បាន​ជា​ស្ដេច ដាវីឌ ប្រើ​ការ​ប្រៀប​ធៀប​ដ៏​ស៊ី​ជម្រៅ​អំពី​សាច់ឈាម នៅ​ពេល​ដែល​ទ្រង់​ទូល​អង្វរ​សូម​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​លុប​អំពើ​បាប​ខាង​ផ្លូវ​ភេទ​របស់​គាត់៖ «សូម​លុប​អំពើ​រំលង​របស់​ទូលបង្គំ​ចេញ» «សូម​លាង​ទូលបង្គំ» «សូម​សម្អាត​ទូលបង្គំ» «ទូលបង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ» «សូម​ជម្រះ​ទូលបង្គំ» «សូម​លាង​សម្អាត​ទូលបង្គំ (ម្ដង​ទៀត)» «សូម…លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ» «សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ» (ទំនុកតម្កើង ៥១:១, ២, ៥, ៧, ៩, ១០)។ នេះ​ជា​ការ​ស្រែក​អង្វរ​ដ៏​សាមញ្ញ៖ «បាប​នោះ​នៅ​ក្នុង​ទូលបង្គំ! សូម​ដក​វា​ចេញ​ទៅ!» «សូម​បញ្ឈប់​ទូលបង្គំ!» «ទូលបង្គំ​ស្អប់​វា​ណាស់!» «ទូលបង្គំ​ស្អប់​ខ្លួន​ឯង​ណាស់!» «សូម​លាង​ទូលបង្គំ​នឹង​ទឹក​អូសាវែល។» ព្រះ​ជាម្ចាស់​បាន​ប្រទាន​ព្រះ​បន្ទូល​ទ្រង់​ដល់​យើង ដែល​មាន​ទាំង​ការ​ឈឺចាប់ និង​សេចក្ដី​សង្ឃឹម​ក្នុង​ជំពូក​តែ​មួយ។ ចូរ​តយុទ្ធ​ដូច​ដែល​ស្ដេច ដាវីឌ បាន​ធ្វើ។ ចូរ​ស្រែកយំ​ដូច​ដែល​ស្ដេច ដាវីឌ បាន​យំ។ ចូរ​ដូរ​សម្រែក​ថ្ងួចថ្ងូរ​នៃ​ការស្អប់​ខ្លួន​ឯង​ជា​មួយ​នឹង​ក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ដែល​គ្មាន​លក្ខខណ្ឌ។

ប្រសិន​បើ​លោកអ្នក​ត្រូវ​ល្បួង​ឲ្យ​លិច​លង់​នៅ​ក្នុង​ការ​ឈឺចាប់​តែ​ម្នាក់​ឯង ចូរ​កុំ​អនុញ្ញាត​ឲ្យ​ការ​ស្អប់​ខ្ពើម​អំពើ​បាប​នោះ នាំ​ឲ្យ​លោកអ្នក​ស្អប់​ខ្លួន​ឯង​ឡើយ។ ចូរ​មាន​ការ​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង ដ្បិត​ព្រះ​ជាម្ចាស់​ទ្រង់​អត់​ធ្មត់។ ព្រះ​អង្គ​កំពុង​តយុទ្ធ ដើម្បី​ជីវិត​របស់​លោកអ្នក (លោកុប្បត្តិ ៣២:២៤; យ៉ូហាន ១០:១០)។ ព្រះ​អង្គ​មិន​ភ្លេច​លោកអ្នក​ទេ ហើយ​ព្រះ​អង្គ​ក៏​មិន​បាន​ចាក​ចេញ​ពី​លោកអ្នក​ដែរ។ ចូរ​បន្ត​ជាមួយ​ទ្រង់​នៅ​ក្នុង​ការ​តយុទ្ធ។ ចូរ​បន្ត​ដេញ​ចាប់​ខ្យល់​ដង្ហើម​នៃ​ជីវិត​របស់​ព្រះ​ជាម្ចាស់ ព្រោះ​ទ្រង់​ជា​វិញ្ញាណ​ដែល​ប្រទាន​ជីវិត (១កូរិនថូស ១៥:៤៥)។

៣. តយុទ្ធ​នឹង​ការ​យល់​ឃើញ​មិន​ច្បាស់​លាស់

ក្រោយ​ពេល​ដែល​យើង​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ហើយ នោះ​យើង​នឹង​មាន​ភាព​ស្រពិចស្រពិល​នៅ​ក្នុង​ការ​យល់​ឃើញ​របស់​យើង។ ព្រះ​យេស៊ូវ​បាន​ជ្រាប​ពី​ការ​នេះ «មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ» (ម៉ាថាយ ៥:៨)។ ភាពបរិសុទ្ធ គឺ​ជា​ការ​ទទួល​យក​​គុណធម៌​ដ៏​ត្រចះ​ត្រចង់។ ចុះ​ភាព​មិន​បរិសុទ្ធ​វិញ? វា​គឺ​ជា​ការ​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​ជក់​ចិត្ត​ក្នុង​ការ​លួច​លាក់​ធ្វើ​បាប​ម្នាក់​ឯង និង​ជា​ការ​គេច​ចេញពី​ព្រះ​ជាម្ចាស់ ពី​អ្នក​ដទៃ និង​ពី​ខ្លួន​ឯង និង​វា​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្ពឹក​ស្រពន់ វង្វេង​ស្មារតី ស្លាប់ និង​លែង​ដឹង​ខុស​ត្រូវ។ អំពើ​បាប​ខាង​ផ្លូវ​ភេទ​តែងតែ​កាត់​បន្ថយ​ការ​យល់​ឃើញ​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ជា​ថ្មី​ម្ដង​ទៀត នេះ​គឺ​ជា​អារម្មណ៍​ដែល​មនុស្ស​គ្រប់​គ្នា​ធ្លាប់​មាន៖ ការ​លុបចោល​នូវ​អ្វីៗ​ដែល​លោកអ្នក​បាន​មើល​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ការ​ខំប្រឹង​ធ្វើ​នេះ​ធ្វើ​នោះ​ដោយ​មិន​អស់​ចិត្ត ហើយ​ម្ដង​ទៅ​ធ្វើ​ការ​នេះ ម្ដង​ទៅ​ធ្វើ​ការនោះ ម្ដង​ទៅ​និយាយ​ជាមួយ​អ្នក​នេះ ម្ដង​ទៅ​និយាយ​ជាមួយ​អ្នក​នោះ គឺ​យើង​ស្ទើរ​តែ​មាន​អារម្មណ៍​ថា ជីវិត​យើង​គ្មាន​ន័យ​អ្វី​ទាំង​អស់ ហើយ​ស្ទើរតែ​ថា​ខ្លួន​ឯង​លែង​ជា​មនុស្ស​ទៀត​ផង ពោល​គឺ​គ្មាន​ការ​ឆេះឆួល​សល់​ទៀត​ទេ។ យើង​មាន​អារម្មណ៍​បែប​នោះ ព្រោះ​ធាតុពិត​នៃ​ការ​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​បាន​បង្កប់​ដោយ​ការ​មាន​អារម្មណ៍​បែប​នោះ។

និយាយ​ឲ្យ​ចំ​ទៅ ការ​មាន​អារម្មណ៍​បែប​នោះ គឺ​គ្មាន​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ​ទេ លើក​លែង​តែ​បន្ត​រស់នៅ​ក្នុង​ភាព​ស្មុគស្មាញ និង​ការ​វង្វេង​ស្មារតី​រហូត​ដល់​វា​រសាយ​បាត់​ទៅ។ ចូរ​បន្ត​អធិស្ឋាន (អេភេសូរ ៦:១៨)។ ចូរ​បន្ត​ព្យាយាម​ដក​ដង្ហើម។ ចូរ​ប្រុង​ស្មារតី​ជា​និច្ច។ ខណៈពេល​ដែល​យើង​កំពុង​ជាប់​នៅ​ក្នុង​អារម្មណ៍​នៃ​ការ​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​រឿង​មិន​គប្បី គឺ​យើង​ត្រូវ​តែ​ពឹង​លើ​ព្រះ​គុណ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ដល់​យើង​ជា​រៀង​រាល់​ថ្ងៃ (បរិទេវ ៣:២២-២៤)។ នៅ​ត្រង់​ចំណុច​នេះ យើង​ឃើញ​ថា អ្នក​យំសោក​កំពុង​តែ​ព្យាយាម ហើយ​គាត់​អធិស្ឋាន​ពី​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន។ «ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ ខ្ញុំ​នឹង​សង្ឃឹម​ដល់​ព្រះ​អង្គ» (បរិទេវ ៣:២៤ គកស)។ តើ​ពិត​មែន​ឬ? តើ​លោកអ្នក​នឹង​សង្ឃឹម​លើ​ទ្រង់​ឬ​ទេ? ការ​អធិស្ឋាន​គឺ​ជា​ការ​បង្ហាញ​ពី​សេចក្ដី​សង្ឃឹម។ សេចក្ដី​អធិស្ឋាន​មួយ​នេះ គឺ​ជា​ចំណែក​របស់​អ្នក​យំសោក ចំពោះ​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់។ ចូរ​បន្ត​ឈាន​ទៅ​មុខ! ចូរ​បន្ត​ដក​ដង្ហើម! ប្រសិន​បើ​លោកអ្នក​ឈប់​បន្ត​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស មិន​យូរ​មិន​ឆាប់ លោកអ្នក​នឹង​លែង​មាន​ភាព​ស្រពិចស្រពិល​នៅ​ក្នុង​ការ​យល់​ឃើញ​តទៅ​ទៀត​ជា​មិន​ខាន។

៤. ការពារ​អ្នក​ដទៃ

ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស គឺ​ជា​ការ​បង្ហាត់​បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​ប្រើ​អ្នក​ដទៃ ដើម្បី​បំពេញ​ការ​ត្រេក​ត្រអាល​របស់​ខ្លួន។ ចូរ​ដឹង​ថា ចាប់​ពី​ពេល​ដែល​លោកអ្នក​បាន​មើល​រូបភាព ឬ​ក៏​រឿង​មិន​គួរ​គប្បី​មក នោះ លោកអ្នក​នឹង​ងាយ​ធ្លាក់​ទៅ​ក្នុង​ការ​ប្រើ​ប្រាស់​មនុស្ស ដែល​នៅ​ជិត​លោកអ្នក​តាម​របៀប​មួយ​ដូច​ដែល​លោកអ្នក​ប្រើ​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស ដើម្បី​បំពេញ​សេចក្ដី​អរសប្បាយ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។ ពោល​គឺ ដោយ​ភាព​អាត្មានិយម ដោយ​ឥរិយាបថ​ដែល​ព្រងើយ​កន្តើយ និង​ការ​មិន​កែប្រែ​ចិត្ត។ ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស ធ្វើ​ឲ្យ​យើង​ខ្វាក់​ភ្នែក​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​មិត្តភក្ដិ ហើយ​វា​រារាំង​យើង​មិន​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ​ឡើយ។ ដូច្នេះ វិធី​ដ៏​ល្អ​បំផុត​គឺ​យើង​ត្រូវ​ដើរ​ដោយ​ចេះ​ការពារ​ខ្លួន៖ ដើរ​មួយៗ​ដោយ​ទទួល​ស្គាល់​ថា ខ្លួន​កំពុង​ឈឺ ហើយ​ងាយ​នឹង​ធ្វើ​បាប​អ្នក​ដទៃ​ដោយ​យក​គេ​មក​ប្រើ​ប្រាស់​ទុក​ដូច​ជា​របស់​ប្រើ​ប្រាស់ ពោល​គឺ​ចាត់​ទុក​គេ​អន់​ជាង​សត្វ​ទៅ​ទៀត។ ក្រោយ​ពេល​ដែល​លោកអ្នក​ធ្លាក់ចុះ វា​ជា​ការ​ចាំ​បាច់​ណាស់​ដែល​លោកអ្នក​ត្រូវ​ទទួល​ស្គាល់​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​លោកអ្នក (មិន​មែន​នៅ​លើ​អេក្រង់​គ្រឿង​អេឡិចត្រូនិក​របស់​លោកអ្នក​ទេ) ស័ក្តិសម​នឹង​ទទួល​បាន​ការ​គោរព និង​សេចក្ដី​ថ្លៃ​ថ្នូរ​ដែល​លោកអ្នក​មិន​បាន​ផ្ដល់​ឲ្យ​ដល់​អស់​អ្នក​ដែល​នៅ​លើ​អេក្រង់​ដែល​លោកអ្នក​ទើប​នឹង​មើល។

ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស គឺ​ប្រៀប​ដូច​ជា​មើល​ខ្សែ​ភាពយន្ត​មួយ​រឿង ដែល​មាន​តួឯក មាន​ពាក្យ​សម្ដី​ដែល​គេ​រៀបចំ​ឲ្យ​និយាយ ហើយ​ក៏​មាន​ការសម្ដែង​ផង​ដែរ៖ មាន​បុគ្គល​ដែល​ទទួល​បាន​សេចក្ដី​អរសប្បាយ មាន​បុគ្គល​ដែល​ជា​អ្នក​ផ្ដល់​សេចក្ដី​អរសប្បាយ​ឲ្យ​គេ មាន​បុគ្គល​ដែល​ជា​អ្នក​លះបង់ និង​មាន​បុគ្គល​ដែល​ជា​អ្នក​ទទួល​បាន​ការ​លះបង់​ពី​អ្នក​ដទៃ មាន​បុគ្គល​ដែល​ធ្វើ​ខ្លួន​អន់​ជាង​សត្វ និង​បុគ្គល​ដែល​តាំង​ខ្លួន​ជា​ព្រះ ជា​អ្នក​ដែល​រក​តែ​ប្រយោជន៍​ខ្លួន​ឯង។ យើង​ត្រូវ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង ដើម្បី​ឲ្យ​ចាំ​ថា ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស គឺ​ជា​ខ្សែ​ភាពយន្ត​ដែល​ពោរពេញ​ទៅ​ដោយ​ការ​កុហក ហើយ​ប្រសិន​បើ​យើង​ចង់​តយុទ្ធ​ជាមួយ​ការ​កុហក​នេះ គឺ​យើង​មិន​ត្រូវ​គិត​អំពី​ខ្លួន​ឯង​ច្រើន​ពេក​នោះ​ទេ តែ​ត្រូវ​គិត​ពី​អ្នក​ដទៃ​វិញ៖ យើង​ត្រូវ​ចាំ​ពី​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​យើង ពោល​គឺ​មិន​ត្រូវ​តាំង​ខ្លួន​ជា​ព្រះ ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង​នោះ​ឡើយ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​កុំ​ឲ្យ​សាច់ឈាម​យើង​ត្រួតត្រា​លើ​យើង (កាឡាទី ៥:១៧)។ ព្រះ​ជាម្ចាស់​ដ៏​ជា​អង្គ​ដែល​ថែរក្សា​យើង ទ្រង់​ការពារ​អ្នក​ដទៃ​កុំ​ឲ្យ​ទទួល​ផល​អាក្រក់​ពី​យើង នៅ​ពេល​ដែល​យើង​គិត​ថា ខ្លួន​ជា​ព្រះ។

៥. សារភាព​ទៅ​កាន់​មិត្តភក្ដិ

ចូរ​សារភាព​បាប​របស់​លោកអ្នក​ទៅ​កាន់​មិត្តភក្តិ​ណា​ម្នាក់​របស់​លោកអ្នក ដែល​នឹង​មិន​រក​លេស​ដោះ​សារ​ឲ្យ​លោកអ្នក ហើយ​ក៏​នឹង​មិន​ស្ដី​បន្ទោស​លោកអ្នក​ធ្ងន់ធ្ងរ​ដែរ ព្រោះ​ចំណុច​ទាំង​ពីរ​នេះ​សំខាន់​ដូច​គ្នា។ ពេល​ខ្លះ នៅ​ពេល​ដែល​យើង​រក​មនុស្ស​មក​ជួយ​យើង (ក្រោយ​ពេល​ដែល​យើង​បាន​ធ្លាក់​ទៅ​ក្នុង​ការ​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស) អ្នក​ដែល​យើង​ចង់​ឲ្យ​ជួយ បែរ​ជា​មក​ជាន់​ពន្លិច​យើង​ថែម​ទៀត​ទៅ​វិញ (សុភាសិត ២៤:១៦)។ ចូរ​រក​មិត្តភក្តិ​ដែល​នឹង​ជួយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង ជួយ​ព្យាបាល​យើង​នៅ​ពេល​ដែល​គាត់​ឮ​ការ​សារភាព​បាប​របស់​យើង។ ចំណុច​ស្នូល​នៃ​ការ​សារភាព​គឺ «ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ»«ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង» (យ៉ាកុប ១:១៦ គកស)។ ពិត​ណាស់ តម្លៃ​នៃ «ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត នោះ​ពូកែ ហើយ​មាន​ប្រសិទ្ធភាព​ណាស់» (យ៉ាកុប ៥:១៦ គកស)។ ជា​ការ​ល្អ​ណាស់​ប្រសិន​បើ​លោកអ្នក​សារភាព​បាប​នេះ​ទៅ​កាន់​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា។ ការ​សារភាព​បែប​នេះ មិន​មែន​ជា​រនាំង​ខណ្ឌ​ផ្ដាច់​មនុស្ស​ដែល​ប្រព្រឹត្តិ​បាប​ពី​ព្រះ​គ្រីស្ទ​នោះ​ទេ ប៉ុន្តែ​វា​ជា​វិធី​មួយ​ក្នុង​ការ​ព្យាបាល​ការ​ឈឺ​ចាប់។ មនុស្ស​មាន​បាប​ដែល​មាន​ប្រាជ្ញា​ប្រាកដ​ជា​សារភាព​បាប​របស់​ខ្លួន​ទៅ​កាន់​មិត្តភក្ដិ​ដែល​នឹង​មិន «សង្កត់​សង្កិន​មនុស្ស​វេទនា​នៅ​ត្រង់​ទ្វារ​ក្រុង» ហើយ​ក៏​នឹង​មិន «រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ» (សុភាសិត ២២:២២; អេសាយ ៥:២០)។  ប្រសិន​បើ​នៅ​កន្លែង​ដែល​លោកអ្នក​រស់នៅ​មាន​ការ​ប្រជុំ​គ្នា ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​បែប​នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​លោកអ្នក​ឲ្យ​ទៅ​ចូល​រួម​ជាមួយ​គេ​ដែរ ឧទាហរណ៍៖ ក្រុមតូច​ដែល​ក្រុម​ជំនុំ​លោកអ្នក​មាន។

៦.ប្រើ​ការ​យល់​ឃើញ​ដ៏​ច្បាស់​លាស់​របស់​លោកអ្នក ដើម្បី​ជា​ប្រយោជន៍

ប្រាកដណាស់ លោកអ្នក​នឹង​មាន​ភាព​ស្រពិចស្រពិល​ក្នុង​ការ​យល់​ឃើញ ក្រោយ​ពេល​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស។ ប៉ុន្តែ លោកអ្នក​ក៏​អាច​នឹង​មាន​ការ​យល់​ឃើញ​យ៉ាង​ច្បាស់​លាស់​ដែរ ព្រោះ​នោះ​ជា​លក្ខណៈ​មួយ​នៃ​ការ​ក្រឡេក​មើល​ក្រោយ​ដោយ​មាន​ការ​សោកស្ដាយ។ «កាល​យូដាស…ឃើញ​ថា​ព្រះ​អង្គ​ជាប់​ទោស គាត់​សោកស្ដាយ​ជា​ខ្លាំង» (ម៉ាថាយ ២៧:៣ គកស)។ ការ​យល់​ឃើញ​ដ៏​ច្បាស់​របស់​លោក យូដាស បាន​នាំ​គាត់​ទៅ​កាន់​ផ្លូវ​ខុស។ ប៉ុន្តែ លោកអ្នក​អាច​ប្រើ​ការ​យល់​ឃើញ​ដ៏​ច្បាស់​របស់​លោកអ្នក ដើម្បី​ចូល​ទៅ​កាន់​ផ្លូវ​ត្រឹមត្រូវ​វិញ។ ដូច​គ្នា​ដែរ​សាវ័ក ប៉ុល ក៏​បាន​សរសេរ​អំពី​ការ​បះបោរ​របស់​សាសន៍​អ៊ីស្រាអែល​ថា «ហេតុការណ៍​ទាំង​នោះ​បាន​កើត​ឡើង​ជា​គំរូ​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់​ដូច​ជា​ពួក​លោក (ឡើយ)។» (១កូរិនថូស ១០:៦ គកស)។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ពេល​ខ្លះ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់។ ហើយ​នៅ​ក្នុង​ករណី​នោះ គឺ​យើង​ជា​គំរូ​ដល់​អ្នក​ដទៃ​ហើយ។

ប្រសិន​បើ​លោកគ្រូ ចន ផាបភ័រ (John Piper) មក​និយាយ​ជាមួយ​នឹង​អ្នក គាត់​ទំនង​ជា​លើក​ឡើង​ថា  ∩កុំ​ឲ្យ​ការ​សោកស្ដាយ​របស់​យើង​ក្លាយ​ជា​ការ​ឥតប្រយោជន៍​នោះ​ឡើយ∪។ ចូរ​ប្រើ​វា​សម្រាប់​សិរីល្អ​របស់​ព្រះ​ជាម្ចាស់ និង​សម្រាប់​អំណរ​របស់​លោកអ្នក។ ចូរ​រៀន​ដាក់​រនាំង​ទប់​ស្កាត់​ខ្លួន​ឯង។ ចូរ​ប្រើ​ការ​យល់​ឃើញ​ដ៏​ច្បាស់​លាស់​នោះ (មុន​វា​រសាយ​បាត់​ទៅ) មុន​ពេល​ដែល​លោកអ្នក​ប្រឈម​មុខ​នឹង​សេចក្ដី​ល្បង​នោះ​ម្ដង​ទៀត ដើម្បី​នឹង​រៀបចំ​រនាំង​ទប់​ស្កាត់​ខ្លួន​ឯង។ ប្រសិន​បើ​លោកអ្នក​គ្រាន់​តែ​អង្គុយ​គិត​ថា រនាំង​នេះ ឬ​ក៏​រនាំង​នោះ​ល្អ ឬ​មិន​ល្អ ឬ​ក៏​ថា​វា​មាន ឬ​មិន​មាន​ប្រសិទ្ធភាព ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ នោះ​ចូរ​ចាំ​ថា មូល​ដ្ឋាន​នៃ​សេចក្ដីពិត​គឺ៖ ប្រសិន​បើ​លោកអ្នក​មិន​មាន​រនាំង​ទប់​ស្កាត់​ខ្លួនឯង​ពី​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​នៅ​ពេល​អនាគត​ទេ នោះ​លោកអ្នក​ប្រាកដ​ជា​នឹង​មើល​វា​ម្ដង​ទៀត​ជា​មិន​ខាន។ ប្រសិន​បើ​លោកអ្នក​មិន​ទាន់​មាន​រនាំង​ការពារ​នៅ​ឡើយ​ទេ នោះ​ចូរ​កុំ​បន្ត​នៅ​អែអង់​ដោយ​គិត​ថា យក​វិធី​មួយ​ណា​នោះ​ឡើយ តែ​ត្រូវ​ជ្រើសរើស​វិធី​មួយ​ភ្លាម។ ខាង​ក្រោម​នេះ​គឺ​ជា​កម្មវិធី​មួយ​ចំនួន​ដែល​លោកអ្នក​អាច​ជ្រើសរើស​យក​ទៅ​ប្រើ ដើម្បី​ការពារ​ខ្លួន​បាន៖

  • ចូរ​បញ្ចូល​កម្ម​វិធី Covenant Eyes ឬ​ក៏ X3Watch នៅ​ក្នុង​គ្រប់​គ្រឿង​អេឡិចត្រូនិក​របស់​ខ្លួន។
  • ចូរ​កុំ​រក្សា​ទុក​កម្ម​វិធី​ទាំង​ឡាយ​ណា ដែល​លោកអ្នក​អាច​ប្រើ ដើម្បី​លេង​អ៊ីនធឺណិត​ដែល​អ្នក​ផ្សេង​មិន​អាច​ដឹង​ថា​លោកអ្នក​បាន​មើល​អ្វី​ខ្លះ។
  • ចូរ​លុប​ចោល​កម្ម​វិធី​ទាំង​ឡាយ​ណា ដែល​លោកអ្នក​អាច​ចូល​លេង​អ៊ីនធឺណិត​ដោយ​អាថ៌កំបាំង​បាន ហើយ​អ្នក​ផ្សេង​មិន​ដឹង​ថា​លោកអ្នក​បាន​ចូល​មើល​អ្វី។
  • ចូរ​ឲ្យ​មិត្តភក្ត​ណា​ម្នាក់​របស់​លោក​អ្នក​បិទ app store ឬ​ក៏ play store ចោល ដើម្បី​កុំ​ឲ្យ​លោក​អ្នក​ចូល​ទៅ​ទាញ​យក​កម្ម​វិធី ដោយ​ខ្លួន​ឯង​បាន​ដូច​ជា Google Chrome ជាដើម តែ​ចូរ​ប្រើ​កម្ម​វិធី Covenant Eyes ឬ​ក៏ X3Watch ជា​ការ​លេង​អ៊ីនធឺណិត​វិញ។ សម្រាប់​លោក​អ្នក​ដែល​ប្រើ​ប្រព័ន្ធ iOs ប្រសិន​បើ​ចង់​បិទ ចូរ​ចូល​ទៅ​កាន់ Link នេះ៖ support.apple.com ហើយ​សម្រាប់​លោក​អ្នក​ដែល​ប្រើ​ប្រព័ន្ធ Andriod ចូរចូល​ទៅ​កាន់ Link នេះ៖ www.pcadvisor.co.uk
  • ចូរ​លុប​រូបភាព​អាសអាភាស ដែល​លោក​អ្នក​ធ្លាប់​ទាញ​ទុក​នៅ​ក្នុង​គ្រឿង​អេឡិចត្រូនិក​របស់​លោក​អ្នក​ចោល។
  • ចូរ​សារភាព​ប្រាប់​មិត្តភក្ត​លោកអ្នក​ពី​វិធី និង​របៀប​ដែល​លោកអ្នក​តែងតែ​លួច​ប្រើ​ក្នុង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស។ ប្រសិន​បើ​លោកអ្នក​មិន​រៀបចំ​ផែនការ​ទេ នោះ​មាន​ន័យ​ថា លោកអ្នក​បាន​រៀប​ផែនការ​ ទៅ​រក​ភាព​​បរាជ័យ​ហើយ។ ចំណុច​នេះ​គឺ​ជា​ការ​ពិត​ណាស់ ជា​ពិសេស​ទាក់ទង​នឹង​ការ​តយុទ្ធ​ជាមួយ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស។

៧. ស្គាល់​ព្រះ​ជាម្ចាស់

ចូរ​ចង​ចាំ​ចំណុច​នេះ៖ ព្រះ​ជាម្ចាស់​ស្រឡាញ់​លោកអ្នក​ខ្លាំង​ណាស់! ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​អំពើ​បាប​ដែល​យើង​ធ្វើ​ទេ (លោកុប្បត្ដិ ៦:៦) ហើយ​ទ្រង់​ក៏​ឈឺ​ព្រះ​ហឫទ័យ​នឹង​យើង​ដែរ ប៉ុន្តែ​អំណាច​របស់​ព្រះ​អង្គ​គឺ​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង (ទំនុកដំកើង ៣៤:១៧-១៩)។ ជា​ការ​ពិត​ណាស់ ការ​ដែល​យើងមាន​ភាព​ស្រពិចស្រពិល​នៅ​ក្នុង​ការ​យល់​ឃើញ អាច​នឹង​ខណ្ឌ​ផ្ដាច់​យើង​ចេញ​​ពី​ព្រះ​ជាម្ចាស់​បាន៖ «មនុស្ស​កំរោល​មិន​ដឹង​អ្វី​ទេ ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ» (ទំនុកដំកើង ៩២:៦ គកស)។ ប៉ុន្តែ ទោះ​ជា​ពេល​ដែល​យើង​មិន​អាច​មើល​ទ្រង់​ឃើញ ហើយ​ទោះ​បី​ជា​ពេល​ដែល​យើង​បរាជ័យ​នៅ​ក្នុង​ការ​ស្ដាប់បង្គាប់​ទ្រង់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​អធិស្ឋាន​បែប​នេះ​បាន​ដែរ​ថា​៖ ឱ​ព្រះ​ជាម្ចាស់​អើយ! សូម​រំលាយ​ផែនការ​របស់​យើង​ខ្ញុំ ដើម្បី​កុំ​ឲ្យ​យើង​មិន​ស្ដាប់បង្គាប់​ទ្រង់ (នេហេមា ៤:១៥) ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​ឃាត់​ព្រះ​តម្រិះ​របស់​ព្រះ​អង្គ​បាន​ឡើយ (យ៉ូប ៤២:២)។ លើស​ពី​នោះ​ទៅ​ទៀត ឱ​ព្រះ​ជាម្ចាស់​អើយ! សូម​ជួយ​យើង​ខ្ញុំ​ក្នុង​ការ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខព្រួយ​របស់​យើង​ខ្ញុំ​ទៅ​លើ​ទ្រង់ ព្រោះ​ទ្រង់​យក​ព្រះ​ហឫទ័យ​ទុកដាក់​នឹង​យើងខ្ញុំ (១ពេត្រុស ៥:៦-៧)។

ព្រះ​ជាម្ចាស់​មិន​បោះបង់​មនុស្ស​មាន​បាប​ចោល​ឡើយ។ ព្រះ​អង្គ​ក៏​មិន​ដើរ​ចេញ​ពី​អស់​អ្នក​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ដែរ។ ចូរ​រង់ចាំ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ «ចូរ​ស្អាង​ខ្លួន​នៅ​ក្នុង…ព្រះ​វិញ្ញាណ​បរិសុទ្ធ៖ ចូរ​រក្សា​ជំនឿ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ទាំង​ទន្ទឹង​រង់ចាំ​ព្រះ​ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង ដែល​នាំ​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច​ផង» (យូដាស ១:២០-២១)។ ចូរ​ស្គាល់​ចំណុច​ខុស​គ្នា​រវាង​ព្រះ​ជាម្ចាស់ និង​ការ​ដែល​អារក្ស​សាតាំង​បន្លំ​ខ្លួន​ធ្វើ​ដូច​ជា​ព្រះ​ជាម្ចាស់ ដើម្បី​នឹង​បោក​បញ្ឆោត​លោកអ្នក៖ ភាព​ស្អប់​ខ្ពើម ការ​ដើរ​ចេញ ការ​គ្មាន​ពេលវេលា និង​ការ​មិន​ចាប់​អារម្មណ៍។ ចូរ​ស្គាល់​ព្រះ​ភក្ត្រ​ដ៏​ពិត​របស់​ព្រះ​ជាម្ចាស់៖ មាន​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ការ​អត់​ធ្មត់ ព្រមទាំង​ធ្វើ​ការ​នៅ​ក្នុង​លោកអ្នក គ្មាន​អ្វី​មួយ​ធ្វើ​ឲ្យ​ទ្រង់​ភ្ញាក់​ផ្អើល គ្មាន​ការ​បន្ទន់​ចិត្ត ក៏​គ្មាន​ការ​រាថយ​នៅ​ក្នុង​ការ​ឈោងចាប់​លោកអ្នក​ផង​ដែរ។ ព្រះ​អង្គ​នឹង​មិន​បោះបង់​លោកអ្នក​ចោល​ឡើយ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Paul Maxwell
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់ និង​​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទាស់​ប្រឆាំង​

ការ​ប្រឈម