in

ស្រឡាញ់ សើច យំ ខឹង អស្ចារ្យ

ការ​កុហក​៥​យ៉ាង​អំពី​ការ​មើល​រូប​មិន​គប្បី

5 Ways Porn Lies To You

ពេល​​ដែល​ខ្ញុំ​សរសេរ​ពី​កំណត់​ហេតុ​ទាក់ទង​នឹង​បញ្ហា​នៃ​ការ​មើល​រូបភាព និង​វីដេអូ​អាសអាភាស វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​មើល​រូបភាព និង​រឿង​ដូច​នេះ​កំពុងតែ​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភព​លោក​យើង​នេះ។ ក្រោយ​មក​កំណត់ហេតុ​នេះ ក៏​បាន​ក្លាយ​ទៅ​ជា​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា Sexual Detox ដែល​សៀវភៅ​នេះ​មាន​រៀប​រាប់​ពី​អំពើ​បាប​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ស្រមោល​អតីតកាល​ដក់​ជាប់​នៅ​ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន។ មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ថា អំពើ​បាប​នេះ​មាន​ពោរ​ពេញ​ទៅ​ដោយ​គ្រោះថ្នាក់ និង​ភាព​សាហាវឃោរឃៅ។ កាល​ពី​១០ឆ្នាំ​មុន មាន​មនុស្ស​ភាគ​តិចណាស់​ដែល​យល់​ពី​គ្រោះថ្នាក់​នៃ​ការ​មើល​រូបភាព និង​វីដេអូ​អាសអាភាស ប៉ុន្តែ​ឥឡូវនេះ យើង​ទើប​នឹង​ចាប់ផ្តើម​យល់​អំពី​គ្រោះថ្នាក់​ដ៏​កាច​សាហាវ​មួយ​នេះ។ នៅ​ពេល​នេះ​យើង​បាន​ដឹង​ថា មាន​ក្មេង​ប្រុស​ស្រី​ជំទង់​ជា​ច្រើន​បាន​ចាប់ផ្តើម​ប្រឡូក​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស ហើយ​ពួកគេ​ក៏​កំពុង​តែ​បន្ត​នៅ​មើល តែ​ក៏​មាន​អ្នក​ខ្លះ​កំពុង​តយុទ្ធ ហើយ​ខ្លះ​ទៀត​ក៏​កំពុង​ញៀន​នឹង​ការ​មើល​រូបភាព​ទាំង​នោះ​ជា​ដដែលៗ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ត្រឡប់​មក​សរសេរ​ខ្លឹមសារ​ដែល​ទាក់​ទង​នឹង​ប្រធាន​បទ​នេះ ដោយ​រំពឹង​ថា​នឹង​បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពួក​គេ។ ខ្លឹម​សារ​ក្នុង​ឯកសារ​នេះ យើង​ខ្ញុំ​មាន​បំណង​ចង់​លើក​ឡើង​អំពី​ការ​កុហក​ដ៏​អាក្រក់​មួយ​ចំនួន​ដែល​ចេញ​មក​ពី​ការ​មើល​រូបភាព ឬ​វីដេអូ​អាសអាភាស​ដល់​លោកអ្នក​ដូច​តទៅ​នេះ៖

១. វា​មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ

ការ​កុហក​ដ៏​ចម្បង​មួយ​ដែល​លោកអ្នក​នឹង​ជួប​ប្រទះ នៅ​ពេល​ដែល​លោកអ្នក​ប្រឈម​មុខ​ទៅ​នឹង​ការ​ល្បួង​ទាក់ទង​នឹង​ការ​មើល​រូបភាព​មិន​គប្បី​ដែល​វា​នឹង​ធ្វើ​ឲ្យ​លោកអ្នក​ជឿ​ថា៖ នោះ​មិន​មែន​ជា​រឿង​ធំ​ដុំ​នោះ​ទេ។ ប្រសិនបើ​មនុស្ស​គ្រប់​គ្នា​កំពុង​តែ​មើល​រឿង​ដូច​នេះ នោះ​វា​មិន​មែន​ជា​អំពើ​បាប​ធ្ងន់ធ្ងរ​នោះ​ទេ។ តើ​នោះ​ជា​ការពិតទេ?

ព្រះ​គម្ពីរ​បាន​លើក​ឡើងនូវ​រឿង​រ៉ាវ​ផ្ទុយ​ពី​គំនិត​បែប​នោះ។ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា ∩ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​សេចក្ដី​កំផិត​ចេញ…ដ្បិត​ព្រះ​មិន​បាន​ហៅ​យើង​រាល​់​គ្នា មក​ក្នុង​សេចក្ដី​ស្មោក​គ្រោក​ទេ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ∪ (១ថែស្សាឡូនីច៤:៣, ៧)។ ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​គ្រីស្ទ​បរិស័ទ​ឲ្យ​រស់នៅ​ប្រកប​ដោយ​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ។ សាវ័ក ប៉ុល បាន​បន្ត​លើក​ឡើង​នូវ​ចំណុច​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ទៀត​ថា ∩អ្នក​ណា​ដែល​មិន​ព្រម​ទទួល នោះ​មិន​មែន​បោះបង់​ចោល​មនុស្ស ឈ្មោះ​ថា​បោះបង់​ចោល​ព្រះ​វិញ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ទ្រង់​មក​យើង∪ (១ថែស្សាឡូនីច ៤:៨)។ នៅ​ពេល​ដែល​លោកអ្នក​មើល​រូបភាព ឬ​វីដេអូ​អាសអាភាស នោះ​មាន​ន័យ​ថា លោកអ្នក​កំពុង​តែ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​អំណាច​ព្រះចេស្ដា និង​ព្រះ​វត្តមាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ស្ថិត​នៅ​ក្នុង​ជីវិត​របស់​លោកអ្នក​ហើយ។ ព្រះ​អង្គ​កំពុង​តែ​ប្រាប់​លោកអ្នក​មិន​ឲ្យ​ប្រព្រឹត្ត​បាប ប៉ុន្តែ​លោកអ្នក​នៅ​តែ​បន្ត​ល្មើស​ទាស់​នឹង​ព្រះ​ហឫទ័យ​ទ្រង់​ដដែល។

ក្នុង​នាម​លោកអ្នក​ជា​គ្រីស្ទ​បរិស័ទ គឺ​លោកអ្នក​បាន​ប្រកាន់​ជំនឿ​លើ​ព្រះ​គ្រីស្ទ ព្រមទាំង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​កំពុង​រស់​នៅ​ក្នុង​ជីវិត​របស់​លោកអ្នក​ផង​ដែរ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នេះ​ហើយ ជា​អង្គ​ដែល​កំពុង​ប្រាប់​លោកអ្នក​កុំ​ឲ្យ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ទៀត ហើយ​ព្រះ​អង្គ​ក៏​បាន​អះអាង​ដល់​លោកអ្នក​ដែរ​ថា ទ្រង់​នឹង​ជួយ​លោកអ្នក​ឲ្យ​ចេះ​រស់​នៅ​ក្នុង​របៀប​មួយ​ដែល​ត្រឹមត្រូវ។ ការ​ដែល​លោកអ្នក​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​នោះ​ជា​ដដែលៗ នោះ​ជា​ការ​ខុស​ឆ្គង​ខ្លាំង​ណាស់។ រាល់​ពេល​ដែល​លោកអ្នក​ប្រព្រឹត្ត​អំពើ​បាប​បែប​នោះ មាន​ន័យ​ថា​លោកអ្នក​កំពុងតែ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​សកម្ម​ដែល​វា​ជំទាស់​នឹង​ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​ដែល​កំពុង​គង់​នៅ​ក្នុង​លោកអ្នក។ នេះ​មិន​មែន​ជា​រឿង​តូចតាច​នោះ​ឡើយ។

២. ការ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ជះ​ឥទ្ធិពល​លើ​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ

ការ​កុហក​ទី​ពីរ​គឺ ការ​គិត​ថា​ការ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​គ្រាន់​តែ​ជះ​ឥទ្ធិពល​លើ​ខ្លួន​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ។ ការ​មើល​រូបភាព​ពុំ​គប្បី​ធ្វើ​ឲ្យ​លោកអ្នក​ជឿ​ថា ការ​មើល​នេះ​គឺ​គ្រាន់​តែ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​លោកអ្នក តែ​ពុំ​មែន​ជា​បញ្ហា​របស់​អ្នក​ដទៃ​ឡើយ។ ទោះ​បើ​ការ​នេះ​ពិត​ជា​មាន​គ្រោះ​ថ្នាក់​មែន ក៏​លោកអ្នក​នៅ​តែ​ហ៊ាន​បង្ខំ​ខ្លួន​ឲ្យ​គិត​ថា គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​មក​លើ​លោកអ្នក​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។ បើ​លោកអ្នក​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ល្បួង​ឲ្យ​ជឿ​លើ​សេចក្ដី​កុហក​បែប​នេះ នោះ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​លោកអ្នក​ឲ្យ​ចំណាយ​ពេល​ខ្លះ ដើម្បី​គិត​អំពី​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ទាំង​នេះ​ដូច​តទៅ៖

វា​គ្រោះ​ថ្នាក់​ដល់​ព្រលឹង​វិញ្ញាណ​របស់​លោកអ្នក។ ប្រសិនបើ​លោកអ្នក​នៅ​តែ​បន្ត​បណ្តោយ​ខ្លួន​ឲ្យ​ញៀន​នឹង​ការ​មើល​រូបភាព ឬ​វីដេអូ​អាសអាភាស ហើយ​ពុំ​មាន​ចិត្ត​ចង់​សម្លាប់​អំពើ​បាប​ហ្នឹង​ចោល នោះ​មាន​ន័យ​ថា លោកអ្នក​មាន​ហេតុផល​សួរ​ខ្លួន​ឯង​ថា តើ​ព្រលឹង​របស់​ខ្ញុំ​បាន​ទទួល​ការ​សង្គ្រោះ​ហើយ​ឬ​នៅ? ប្រសិនបើ​លោកអ្នក​ពុំ​មាន​វិប្បដិសារី​នឹង​អំពើ​បាប មិន​មាន​ចិត្ត​ប្រាថ្នា​ចង់​យក​ឈ្នះ​លើ​អំពើ​បាប​នោះ ហើយ​នៅ​តែ​បន្ត​ជ្រើសរើស​នូវ​ការ​ប្រព្រឹត្ត​អំពើ​បាប​នេះ​ម្តង​ហើយ​ម្តង​ទៀត ​ដោយ​មិន​មាន​ចិត្ត​ចង់​បាន​ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​លោកអ្នក នោះ​លោកអ្នក​គួរ​តែ​សួរ​ខ្លួន​ឯង​ថា៖ តើ​ខ្ញុំ​ស្រឡាញ់​រូប​ភាព និង​វីដេអូ​អាសអាភាស​ទាំង​នោះ​ដល់​កម្រិត​ដែលអាច​ឲ្យ​ខ្ញុំ​ហ៊ាន​ធ្លាក់​នរក​ដោយ​សារ​វា​មែន​ឬ? ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រលឹង​វិញ្ញាណ​របស់​លោកអ្នក ចូរ​ឈប់​មើល​វា​ទៅ!

វា​គ្រោះ​ថ្នាក់​មួយ​ដល់​អ្នក​ជិត​ខាង​របស់​លោកអ្នក។ ព្រះ​យេស៊ូវ​បាន​ប្រាប់​ឲ្យ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​ឲ្យ​ដូច​ខ្លួន​យើង។ មនុស្ស​នៅ​ក្នុង​រូបភាព​ដែល​លោកអ្នក​កំពុង​មើល គឺ​សុទ្ធ​សឹង​តែ​ជា​អ្នក​ជិត​ខាង​របស់​លោកអ្នក។ ពួក​គាត់​ក៏​ជា​មនុស្ស​ដែល​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​មក​ក្នុង​រូប​អង្គ​ទ្រង់​សម្រាប់​ថ្វាយ​សិរីល្អ​ដល់​ទ្រង់​ដែរ។ តើ​ការ​ដែល​លោកអ្នក​មើល​នូវ​អ្វី​ដែល​ពួក​គាត់​កំពុង​ធ្វើ បាន​បង្ហាញ​ថា លោកអ្នក​ស្រឡាញ់​ពួក​គាត់​ដែរ​ឬ​ទេ? ចម្លើយ​គឺ ទេ! នៅ​ពេល​ដែល​លោកអ្នក​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​ដែល​ពុំ​គប្បី​ទាំង​នោះ នោះ​មាន​ន័យ​ថា​ លោកអ្នក​បាន​ជ្រើសរើស​ចូល​រួម​​ប្រព្រឹត្ត​អំពើ​បាប​ខាង​ផ្លូវ​ភេទ ក៏​ដូច​ជា​បាន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​គេ​ថត​រូប ឬ​វីដេអូ​អាសអាភាស​ទាំង​នោះ​ប្រព្រឹត្ត​អំពើបាប ដើម្បី​ជា​ប្រយោជន៍​ដល់​ភាព​ស្រើប​ស្រាល​របស់​ខ្លួន​អ្នក​ផង​នោះ។ ដូចនេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ជិត​ខាង ចូរ​ឈប់​មើល​វា​ទៅ!

វា​គ្រោះថ្នាក់​ដល់​ក្រុម​ជំនុំ​របស់​លោកអ្នក។ មាន​បុរស​ជា​ច្រើន​ដែល​មាន​លក្ខណសម្បត្តិ​ស័ក្តិសម​ធ្វើ​ជា​គ្រូ​គង្វាល ឬ​ជា​អ្នក​ដឹក​នាំ​ក្នុង​ក្រុម​ជំនុំ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​ណាស់​ដែល​ពួក​គាត់​បែរ​ជា​ជ្រើសរើស​យក​ការ​ស្រឡាញ់​រូបភាព ឬ​វីដេអូ​អាសអាភាស​ជាជាង​ស្រឡាញ់​ក្រុម​ជំនុំ​ទៅ​វិញ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ស្ត្រី​ជា​ច្រើន​នាក់​ដែរ​ ដែល​ស័ក្តិសម​នឹង​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្នុង​ព័ន្ធកិច្ច​ស្ត្រី ប៉ុន្តែ​ពួក​គាត់​មិន​អាច​ធ្វើ​បាន ហើយ​ក៏​ពុំ​ព្រម​ធ្វើ​ជា​អ្នក​ដឹក​នាំ​ដែរ ដោយ​សារ​ពួក​គាត់​ពុំ​មាន​សិទ្ធិ​តទៅ​ទៀត​ឡើយ។ នេះ​មក​ពី​ពួក​គាត់​បាន​ជ្រើសរើស​ដើរ​ក្នុង​គន្លង​នៃ​ការ​បំពេញ​ភាព​ស្រើប​ស្រាល​ក្នុង​កាម​តណ្ហា​របស់​ខ្លួន។ ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុមជំនុំ​របស់​លោកអ្នក ចូរ​ឈប់​មើល​វា​ទៅ!

វា​គ្រោះថ្នាក់​ដល់​សុភមង្គល​នៃ​ក្រុម​គ្រួសារ​របស់​លោកអ្នក។ បុរស​ជា​ច្រើន​កំពុង​តែ​បំផ្លាញ​សុភមង្គល​គ្រួសារ​របស់​ខ្លួន ដោយ​សារ​គាត់​ចង់​បាន​នូវ​ភាព​រីករាយ​ដែល​មិន​ត្រឹម​ត្រូវ។ មួយ​វិញ​ទៀត​សោត ក៏​មាន​មនុស្ស​ស្រី​ជា​ច្រើន​ដែល​កំពុង​តែ​បដិសេធ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្តី​របស់​ខ្លួន ដោយ​សារ​ពួក​គាត់​ចង់​អាន ឬ​មើល​នូវ​អ្វី​ដែល​ពុំ​គប្បី។ ក្មេងៗ​ក៏​កំពុង​តែ​ចាប់​ផ្តើម​មើល​វីដេអូ ឬ​រូបភាព​អាសអាភាស​ដែរ ដោយ​សារ​តែ​ឪពុក​ម្តាយ​របស់​ពួក​គាត់​បាន​បន្សល់​ទុក​នូវ​អ្វី​ដែល​ពុំ​គួរ​គប្បី​ដល់​ពួក​គេ។ ឪពុក​ជា​ច្រើន​កំពុង​តែ​អញ្ជើញ​អារក្ស​សាតាំង​ឲ្យ​មក​គ្រង​រាជ្យ​ក្នុង​ផ្ទះ​របស់​ខ្លួន ពី​ព្រោះ​ពួកគាត់​បាន​ប្រព្រឹត្ត​នូវ​អ្វី​ដែល​អារក្ស​សាតាំង​ពេញ​ចិត្ត ជា​ជាង​ធ្វើ​តាម​ព្រះហឫទ័យ​ដែល​ទ្រង់​ហាម​មិន​ឲ្យ​ធ្វើ។ ដូច្នេះ​ដើម្បី​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​របស់​លោកអ្នក ចូរ​ឈប់​មើល​វា​ទៅ!

វា​គ្រោះ​ថ្នាក់​ដល់​សេចក្តី​សង្គ្រោះ​របស់​លោកអ្នក។ ជា​ការ​ពិត​ណាស់ នេះ​គឺ​ជា​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​ក្នុង​ចំណោម​គ្រោះថ្នាក់​ឯ​ទៀតៗ។ ក្នុង​នាម​លោកអ្នក​ជា​គ្រីស្ទបរិស័ទ បើ​លោកអ្នក​នៅ​តែ​បន្ត​មើល​រូបភាព ឬ​ក៏​រឿង​អាសអាភាស នោះ​មាន​ន័យ​ថា លោកអ្នក​ទទួល​ស្គាល់​ថា តម្លៃ​នៃ​ការ​អត់​ទោស​ដោយ​ការ​សុគត​របស់​ព្រះគ្រីស្ទ​គ្មាន​សារៈសំខាន់​អ្វី​នោះ​ទេ។ ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ ហើយ​សុគត ដើម្បី​លោះ​បាប​របស់​លោកអ្នក។ ដូច្នេះ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ​មួយ​រូប ហេតុអ្វី​ក៏​លោកអ្នក​បែរ​ជា​លេង​សើច ហើយ​ប្រឡូក​ជា​មួយ​នឹង​អំពើ​បាប ព្រមទាំង​រាប់​វា​ថា មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ដូច្នោះ? ហេតុអ្វី​បាន​ជា​លោកអ្នក​នៅ​តែ​បន្ត​ឱប​ក្រសោប​អំពើ​បាប​ទាំង​នោះ​ទៀត? ដូច្នេះ​ដើម្បី​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់ ចូរ​ឈប់​មើល​វា​ទៅ!

៣. នេះ​ជា​រឿង​អាថ៌កំបាំង​របស់​ខ្ញុំ

ការ​កុហក​ទី៣ ការ​មើល​រូបភាព ឬ​វីដេអូ​អាសអាភាស​គ្រាន់​តែ​ជា​រឿង​អាថ៌កំបាំង​សម្រាប់​តែ​ខ្ញុំ​ម្នាក់​ឯង​ប៉ុណ្ណោះ។ លោកអ្នក​ក៏​ប្រហែល​ជា​ប្រឈម​មុខ​នឹង​សេចក្តី​ល្បួង ដោយ​លោកអ្នក​ចង់​ជឿ​ថា អ្វីៗ​ដែល​លោកអ្នក​បាន​ធ្វើ​នៅ​ក្នុង​បន្ទប់ គឺ​គ្រាន់​តែ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​លោកអ្នក ដោយ​វា​ពុំ​មែន​ជា​រឿង​របស់​អ្នក​ដទៃ។ ការ​កុហក​ដែល​ចេញ​មក​ពី​ការ​មើល​រូប​ភាព​ពុំ​គប្បី​បាន​លើក​ឡើង​ថា ទាំង​នេះ​គឺ​ជា​រឿង​អាថ៌កំបាំង​របស់​លោកអ្នក ដែល​គ្មាន​នរណា​ម្នាក់​ដឹង​ក្រៅ​ពី​លោកអ្នក​ឡើយ។ ក៏​ប៉ុន្តែ​ តើ​លោកអ្នក​ចាំ​ទេ​ថា អំពើ​បាប​ដែល​លោកអ្នក​បាន​ប្រព្រឹត្ត​តែងតែ​តាម​លោកអ្នក​ទាន់ (ជនគណនា ៣២:២៣)? អំពើ​បាប​តែងតែ​ក្បត់​យើង​បែប​ហ្នឹង​ជានិច្ច។ អំពើ​បាប​តែងតែ​ចូល​ចិត្ត​បង្ខំ​លោកអ្នក​ឲ្យ​ជឿ​ថា ខ្លួន​របស់​លោកអ្នក​ផ្ទាល់​ គឺ​ជា​អ្នក​ដែល​គ្រប់​គ្រង​លើ​គ្រប់​កាលៈទេសៈ​ទាំង​អស់ ជា​មេ ហើយ​ជា​អ្នក​ដែល​អាច​សម្រេច​ថា​នឹង​បញ្ឈប់​នូវ​ការ​ប្រព្រឹត្ត​បាប​ដែល​ខ្លួន​កំពុង​ធ្វើ ក៏​ដូច​ជា​បោះបង់​អំពើ​បាប​នោះ​ចោល​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​នោះ​មិន​មែន​ជា​លក្ខណសម្បត្តិ​នៃ​អំពើ​បាប​ឡើយ។ នៅ​ពេល​ដែល​ខ្ញុំ​យក​អំពើ​បាប​មក​ប្រៀប​ធៀប​ថា​ជា​បុគ្គល​ណា​ម្នាក់ (អំពើបាប=បុគ្គល) ខ្ញុំ​បាន​ឃើញ​ថា អំពើ​បាប​គឺ​ជា​តួអង្គ​ដ៏​អាក្រក់​បំផុត ដែល​ចង់​បំផ្លាញ​រូប​កាយ​ខ្ញុំ ព្រលឹង​ខ្ញុំ ចិត្តគំនិត​ខ្ញុំ ទំនាក់ទំនង​ខ្ញុំ ព្រមទាំង​កេរ្តិ៍ឈ្មោះ​របស់​ខ្ញុំ។ សរុប​មក អំពើ​បាប​ចង់​បំផ្លាញ​គ្រប់​ទាំង​កិច្ចការ​ក្នុង​ជីវិត​របស់​លោកអ្នក។ អំពើ​បាប​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​នុយ ដើម្បី​មក​ល្បួង​លោកអ្នក ហើយ​ចង់​ឲ្យ​លោកអ្នក​ស៊ី​នុយ​នោះ បន្ទាប់​មក​វា​នឹង​បំផ្លាញ​លោកអ្នក​ចោល​ទាំង​ស្រុង (យ៉ាកុប ១)។

អំពើ​បាប​របស់​លោកអ្នក​នឹង​ដើរ​ទាន់​លោកអ្នក (ជនគណនា ៣២:២៣)។ វា​ចង់​ទាញ​នាំ​លោកអ្នក​ឲ្យ​ទៅ​ប្រព្រឹត្ត​តាម​វា និង​ឲ្យ​លោកអ្នក​គិត​ថា អ្នក​ជា​ម្ចាស់​លើ​ខ្លួន​ឯង មាន​សន្តិភាព មិន​ឲ្យ​លោកអ្នក​រវីរវល់​នឹង​អ្វី​ទាំង​អស់ តែ​បន្ទាប់​មក វា​នឹង​ត្របាក់​លេប​លោកអ្នក រួច​ខ្ជាក់​ចេញ​មក​វិញ (១ពេត្រុស ៥:៨)។ តើ​លោកអ្នក​មិន​បាន​ឃើញ​ពី​ចំណុច​ទាំង​នោះ​ទេ​ឬ​អី? អំពើ​បាប​ ចង់​ឲ្យ​លោកអ្នក​គិត​ថា ការ​មើល​រូបភាព ឬ​វីដេអូ​អាសអាភាស​ គ្រាន់​តែ​ជា​រឿង​អាថ៌កំបាំង​ផ្ទាល់ខ្លួន ហើយ​ក៏​ពុំ​មាន​គ្រោះថ្នាក់​អ្វី​ដែរ។ ក៏ប៉ុន្តែ សូម​ចងចាំ​ថា មិន​យូរ​មិន​ឆាប់​នឹង​មាន​នរណា​ម្នាក់​មក​តាម​ទាន់​លោកអ្នក នៅ​ពេល​ដែល​លោកអ្នក​កំពុង​តែ​មើល​រូបភាព​នោះ​ ហើយក៏​នឹង​មាន​នរណា​ម្នាក់​ទៀត​មើល​ឃើញ​ពី​ប្រវត្តិ​គេហទំព័រ​ដែល​លោកអ្នក​បាន​បើក​មើល (website search history) ហើយ​ក៏​នឹង​មាន​នរណា​ម្នាក់​ឃើញ​អំពី​របៀប និង​ទី​កន្លែង​ដែល​លោកអ្នក​ចាយ​លុយ​ផង​ដែរ។ អំពើ​បាប​ចង់​បង្ហាញ​អំពី​អ្វីៗ​ដែល​លោកអ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឃើញ ហើយ​ចង់​បំបាក់​មុខ​លោកអ្នក ព្រមទាំង​ចង់​ប្រើ​ការ​ជំពប់​ដួល​នោះ ដើម្បី​បន្ថោក​តម្លៃ​នៃ​ដំណឹង​ល្អ​ផង​ដែរ។

៤. អំពើ​បាប​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់ស្កល់

ការ​កុហក​ទី៤ ការ​មើល​រូបភាព ឬ​វីដេអូ​អាសអាភាស​នឹង​ធ្វើ​ឲ្យ​លោកអ្នក​ស្កប់ស្កល់។ លោកអ្នក​បាន​ស្គាល់​ពី​អារម្មណ៍​នេះ​ហើយ​ថា ​ពេល​ដែល​លោកអ្នក​សម្រប​ខ្លួន​ដោយ​ជឿ​លើ​សេចក្ដី​កុហក​ដែល​ថា បើ​លោកអ្នក​ប្រព្រឹត្ត​បាប ពេល​នោះ​ឯង​លោកអ្នក​នឹង​មាន​ភាព​ស្កប់ស្កល់​យ៉ាង​ពិត​ប្រាកដ តែ​បើ​លោកអ្នក​មិន​ព្រម​ធ្វើ​តាម​អំពើ​បាប​នោះ​ទេ លោកអ្នក​ក៏​មិន​អាច​មាន​ភាព​ស្កប់ស្កល់​បាន​ដែរ។ របៀប​មួយ​ដែល​អាច​ឲ្យ​លោកអ្នក​អរសប្បាយ​ឥឡូវ​​នេះ​បាន របៀប​មួយ​ដែល​អាច​ឲ្យ​លោកអ្នក​ស្កប់ស្កល់​បាន របៀប​មួយ​ដែល​អាច​ឲ្យ​លោកអ្នក​គេង​លក់​ស្រួល​បាន​នៅពេល​យប់​នេះ នោះ​គឺ​លោកអ្នក​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​បាប។

អំពើ​បាប​តែងតែ​សន្យា​ថា វា​នឹង​នាំ​ឲ្យ​លោកអ្នក​មាន​ភាព​ស្កប់ស្កល់ ប៉ុន្តែ​វា​មិន​ដែល​បំពេញ​ក្ដី​សន្យា​របស់​វា​ឲ្យ​បាន​លើស​ពី​ពីរបី​វិនាទី​នោះ​ឡើយ។ ជា​ទីបញ្ចប់ វា​តែងតែ​សន្យា​លើស​ពី​អ្វី​ដែល​វា​អាច​បំពេញ​បាន ជាពិសេស​ចំពោះ​អំពើ​បាប​ដែល​ទាក់ទង​នឹង​ផ្លូវ​ភេទ។ នៅ​ពេល​ដែល​លោកអ្នក​ធ្លាក់​ចូល​ទៅ​ក្នុង​សេចក្ដី​ល្បួង​បែប​នេះ នោះ​លោកអ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា ភាព​ស្កប់ស្កល់​មាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ដែល​វា​មិន​មែន​ជា​ភាព​ស្កប់ស្កល់​ដ៏​ពិត​ដល់​ព្រលឹង​វិញ្ញាណ​របស់​លោកអ្នក​ឡើយ។ ព្រះ​ជាម្ចាស់​បាន​សន្យា​ថា សេចក្តី​អំណរ​ដ៏​ពិត​ប្រាកដ នឹង​អាច​កើត​មាន​ឡើង​តាម​រយៈ​ការ​ស្តាប់​បង្គាប់​ទ្រង់ មិន​មែន​ការ​ជំទាស់​នឹង​ទ្រង់​ឡើយ។ ទ្រង់​មាន​ព្រះ​ហឫទ័យ​ចង់​បង្ហាញ​ការ​នោះ​ដល់​លោកអ្នក ក៏​ប៉ុន្តែ​លុះ​ត្រា​តែ​លោកអ្នក​អនុញ្ញាត​ឲ្យ​ទ្រង់​បង្ហាញ​ការ​នោះ នោះ​ទើប​ព្រះ​អង្គ​អាច​ធ្វើ​ការ​បាន។ មាន​តែ​ការ​ស្តាប់​បង្គាប់​ទ្រង់​មួយ​តែ​ប៉ុណ្ណោះ​ដែល​អាច​នាំ​លោកអ្នក​ឲ្យ​ស្គាល់​ពី​ព្រះ​ពរ​នៃ​ការ​ស្តាប់​បង្គាប់​នេះ​បាន។ បើ​លោកអ្នក​នៅ​តែ​បន្ត​ចុះ​ចូល​នឹង​អំពើ​បាប​ជា​រៀង​រាល់​ថ្ងៃ នោះ​លោកអ្នក​ពិត​ជា​មិន​អាច​ស្គាល់​នូវ​ព្រះ​ពរ​ដែល​ព្រះ​ជាម្ចាស់​បាន​រៀប​ចំ​ទុក​សម្រាប់​អស់​អ្នក​ដែល​បាន​ស្តាប់​បង្គាប់​ទ្រង់​ឡើយ។ ផ្ទុយ​ពី​ការ​សន្យា​ដែល​ធ្វើ​ឲ្យ​លោកអ្នក​បាន​ស្កប់ស្កល់ គឺ​សេចក្តី​ហិនវិនាស។ ព្រះ​វរបិតា​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ភាព​ស្កប់ស្កល់ ហើយ​លើស​ពី​នោះ​ទៅ​ទៀត ទ្រង់​បាន​ប្រទាន​នូវ​អ្វី​ដែល​យើង​បាន​សុំ ហើយ​គិត​មិន​ដល់។ ចូរ​ទទួល​ជឿ​សេចក្ដី​សន្យា​របស់​ទ្រង់​ចុះ!

៥. ពុំ​មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​ខ្ញុំ​បាន​ឡើយ

នេះ​គឺ​ជា​ការ​កុហក​ទី៥ លោកអ្នក​បាន​គិត​ថា​មិន​មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​មើល​រូបភាព ឬ​វីដេអូ​អាសអាភាស។ ការ​កុហក​ដ៏​ចម្បង​ទាក់ទង​នឹង​ការ​មើល​រូបភាព​ពុំ​គប្បី៖ គឺ​ជា​ការ​ដែល​យើង​ជឿ​ថា ការ​មើល​រូបភាព ឬ​ក៏វីដេអូ​អាសអាភាស​ជា​ចៅហ្វាយ​លើ​ជីវិត​របស់​លោកអ្នក ហើយ​គ្មាន​នរណា​ម្នាក់​អាច​ជួយ​រំដោះ​លោកអ្នក​បាន​ឡើយ ពោល​គឺ​លោកអ្នក​គ្មាន​ក្តី​សង្ឃឹម ទាំង​ចិត្ត និង​គំនិត​របស់​ខ្លួន។ វា​ប្រ​ហែល​ជា​កំពុង​តែ​ខ្សឹបខ្សៀវ​ដាក់​ត្រចៀក​លោកអ្នក​ថា ឯង​បាន​ធ្វើ​បាប​នេះ​ច្រើន​ដង​ពេក​ហើយ រហូត​ដល់​ក្លាយ​ជា​ទម្លាប់​ដែល​ឯង​គ្មាន​ផ្លូវ​ណា​អាច​នឹង​កែ​ខ្លួន​បាន​ទេ។

យ៉ាងណា​មិញ ការ​មាន​គំនិត​បែប​នេះ​ គឺ​មិន​មែន​ជា​រឿង​ដែល​ត្រឹមត្រូវ និង​សមហេតុផល​ឡើយ។ តាម​ពិត​វា​គឺ​ជា​ការ​កុហក​ដែល​ចេញ​ពី​មាត់​អារក្ស​សាតាំង​ផ្ទាល់​តែ​ម្តង ហើយ​ក៏​ជា​ការ​បដិសេធ​ដំណឹង​ល្អ​ចោល​ទាំង​ស្រុង​ដែរ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ ដ្បិត​ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ» (១កូរិនថូស ៦:១៩-២០)។ ព្រះ​អង្គ​បាន​យក​ព្រះ​លោហិត​ទ្រង់ ដើម្បី​ទិញ​លោកអ្នក ដែល​នេះ​មាន​ន័យ​ថា ព្រះ​អង្គ​ជា​ម្ចាស់​លើ​លោកអ្នក ហើយ​លោកអ្នក​គឺ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់។ ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​មិន​មែន​ជា​ម្ចាស់​លើ​ជីវិត​លោកអ្នក​ទេ តែ​ព្រះ​យេស៊ូវ​ទេ​ដែល​ជា​ម្ចាស់​លើ​លោកអ្នក! ព្រះ​អង្គ​បាន «ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី» វិញ (វិវរណៈ ២១:៥)។ នេះ​មិន​មែន​មាន​តែ​រុក្ខជាតិ ចក្រវាល ឬ​ផែន​ដី​ថ្មី​នោះ​ឡើយ ប៉ុន្តែ​គឺ​លោកអ្នក​នេះ​ហើយ​ដែល​ព្រះ​ជា​ម្ចាស់​ទ្រង់​បាន​ច្នៃ​ជា​ថ្មី។ ទ្រង់​កំពុងតែ​ច្នៃ​លោកអ្នក​ឡើង​ជា​ថ្មី​វិញ ដែល​នេះ​មាន​ន័យ​ថា ព្រះ​អង្គ​កំពុង​តែ​បំផ្លាញ​នូវ​គ្រប់​ទាំង​អំពើ​បាប​ដែល​មាន​ក្នុង​លោកអ្នក ហើយ​ទ្រង់​ក៏​កំពុង​ត្រាស់​ហៅ​លោកអ្នក​ឲ្យ​មាន​ជីវិត​ថ្មី ឲ្យ​ទទួល​បាន​នូវ​ភាព​បរិសុទ្ធ និង​បាន​រាប់​លោកអ្នក​ជា​សុចរិត​ផង​ដែរ។ អំណាច​ព្រះ​ចេស្ដា​របស់​ព្រះ​យេស៊ូវ​ធំ​ជាង​អំណាច​នៃ​ការ​មើល​នូវ​រូបភាព ឬ​វីដេអូ​អាសអាភាស​ទៅ​ទៀត ពោល​គឺ​ធំ​ជាង​អ្វី​ដែល​លោកអ្នក​អាច​ពណ៌នា​បាន។

ពិត​ជា​មាន​អ្នក​ដែល​អាច​ជួយ​លោកអ្នក​បាន! គ្មាន​អំពើ​បាប​ណា​មួយ​ដែល​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ​លុប​លាង​មិន​បាន​ឡើយ ហើយ​ក៏​គ្មាន​អំពើ​បាប​ណា​មួយ​ដែល​លោកអ្នក​ប្រព្រឹត្ត​ច្រើន​ដង​ពេក រហូត​ដល់​លោកអ្នក​មិន​អាច​ផ្តាច់​វា​ចោល​បាន​នោះ​ដែរ។ មិន​មាន​អំពើ​បាប​ណា​មួយ​ធំ​ហួស​ពេក​ដែល​ព្រះ​យេស៊ូវ​មិន​អាច​អត់​ទោស​ឲ្យ​បាន​ដែរ​នោះ​ឡើយ។ ដូច្នេះ ចូរ​កុំ​អស់​សង្ឃឹម​ឡើយ! កុំ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​គិត​ថា គ្មាន​នរណា​ម្នាក់​អាច​ជួយ​ខ្ញុំ​បាន​ឡើយ។ ក្តី​សង្ឃឹម​ដ៏​ធំ​បំផុត​របស់​លោកអ្នក គឺ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ!

បើ​លោកអ្នក​កំពុង​ជឿ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ កំពុង​សង្វាត​ចាប់​យក​ក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់ និង​កំពុង​ជឿ​លើ​ដំណឹង​ល្អ នោះ​មាន​ន័យ​ថា លោកអ្នក​នឹង​មិន​ជ្រើសរើស​មើល​រូបភាព ឬ​វីដេអូ​អាសអាភាស​ម្ដង​ទៀត​ឡើយ។ ប្រសិនបើ​លោកអ្នក​អនុញ្ញាត​ឲ្យ​ព្រះជាម្ចាស់​ជួយ នោះ​ព្រះអង្គ​នឹង​ជួយ​លោកអ្នក​ដោយ​អំណរ ដើម្បី​មិន​ឲ្យ​លោកអ្នក​បណ្ដោយ​ខ្លួន​ទៅ​មើល​រូបភាព ឬ​វីដេអូ​អាសអាភាស​តទៅ​ទៀត​ឡើយ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Tim Challies
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, ​លោក ទេព រ៉ូ និង​កញ្ញា ថន​ ស្ថាពរ
ដកស្រង់ខ្លះៗចេញពី www.challies.com ដោយមានការអនុញ្ញាត។

មតិយោបល់

Leave a Reply
  1. អត្ថបទនេះពិតជាលើកទឹកចិត្តខ្ញុំណាស់ ខ្ញុំត្រូវការសេចក្តីបង្រៀនដែលនាំជីវិតខ្ញុំអោយកាន់តែប្រសើរថែមទៀត ខ្ញុំរីករាយនឹងទទួលក្នុងសេចក្តីចែកចាយរបស់អ្នក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

មាន​កម្លាំង

អ្នក​គង្វាល