in

ស្រឡាញ់ស្រឡាញ់ សើចសើច យំយំ ខឹងខឹង អស្ចារ្យអស្ចារ្យ

ស្នេហា​បរាជ័យ៖ មេរៀន​៩​យ៉ាង​ពេល​បែក​គ្នា

It’s Not You, It’s God: Nine Lessons for Breakups

ពេលវេលា​ដ៏​ពិបាក​បំផុត​សម្រាប់​អ្នក​នៅលីវ​មួយ​ចំនួន គឺ​ពេល​បែកបាក់​ស្នេហា។

លោកអ្នក​បាន​ប្រថុយ​បេះដូង​របស់​ខ្លួន បាន​ចែកចាយ​ជីវិត​នឹង​គ្នា បាន​ទិញ​កាដូ​ជូន​គ្នា បាន​បង្កើត​អនុស្សាវរីយ៍ និង​បាន​មាន​និមិត្ត​ជាមួយ​គ្នា ប៉ុន្តែ​អ្វីៗ​គ្រប់យ៉ាង​បាន​រលាយ​អស់​ទៅ​ហើយ។ ឥឡូវ​នេះ លោកអ្នក​បាន​ត្រឡប់​មក​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ទី​មួយ​នៃ​ការ​សង្វាត​រក​ជីវិត​អាពាហ៍ពិពាហ៍​សារ​ឡើង​វិញ ប៉ុន្តែ​មាន​អារម្មណ៍​ថា​ឯកា​ជាង​មុន ហើយ​ក៏​កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ថ្ងៃ​អាពាហ៍ពិពាហ៍​ជាង​មុន​ទៀត ព្រោះ​លោកអ្នក​បាន​ចំណាយ​ច្រើន ហើយ​ក៏​បាន​បាត់បង់​ទាំង​អស់​ទៅ​ហើយ​ដែរ។

គ្មាន​បុគ្គល​ណា​ម្នាក់​ពេល​ដែល​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុគ្គល​ណា​ម្នាក់​ទៀត​ដោយ​រំពឹង​ថា​នឹង​បែក​គ្នា​ថ្ងៃ​ណា​មួយ​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​ដោយ​ចង់​ឃើញ​ថ្ងៃ​នៃ​អាពាហ៍ពិពាហ៍​របស់​យើង។ ពេល​ខ្លះ​យើង​ស្វែងរក​សេចក្តី​ស្រឡាញ់ ភាព​ផ្អែមល្ហែម សន្តិភាព ការ​មាន​ដៃគូ ការ​ប្ដេជ្ញាចិត្ត ភាព​ស្និទ្ធស្នាល និង​ជំនួយ​ពី​អ្នកដទៃ​ដោយ​ចិត្ត​អន្ទះអន្ទែង។ និយាយ​ឲ្យ​ចំ​ទៅ ព្រះជាម្ចាស់​ហាក់​បី​ដូច​ជា​ចង់​ឲ្យ​យើង​ភាគ​ច្រើន​រៀបការ (លោកុប្បត្ដិ ២:១៨; សុភាសិត ១៨:២២; ១កូរិនថូស ៧:២, ៩)។ ប៉ុន្តែ​ការ​ទាំង​អស់​នោះ​មិន​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ការ​រៀបការ​ងាយនឹង​កើត​មាន​ឡើង​នោះ​ទេ។

ឈឺចាប់៖ ​ព្រោះ​បាន​ត្រឹមតែ​ស្រឡាញ់ ប៉ុន្តែ​មិន​បាន​ជា​គូ​នឹង​គ្នា

រឿង​ដែល​កើត​ឡើងដដែលៗ​នោះ​គឺ៖ ទំនាក់ទំនង​ស្នេហា​ដែល​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ ជួនកាល​មាន​ការបែកបាក់​គ្នា​មុន​ពេល​រៀបការ ហើយ​ទំនាក់ទំនង​បែប​នោះ​អាច​មិន​ត្រូវ​គ្នា​រហូត ឬ​ក៏​អាច​ត្រូវ​គ្នា​វិញ​ក៏​ថា​បាន។ ការឈឺចាប់​បាន​ចាក់​ចូល​យ៉ាង​ជ្រៅ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ស្នេហា​ជាច្រើន​ឈឺ​ចិត្ត​យ៉ាង​យូរ។ វា​ជា​ការឈឺចាប់​ដ៏​ខ្លាំង​បំផុត​ក្នុង​ជីវិត​​ពួកគេ។ សូម្បីតែ​ការ​សរសេរ​ពាក្យ​ពេចន៍​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការឈឺចាប់​ខ្លាំង​ផង​ដែរ។ វា​ជា​ការ​ដ៏​ពិបាក​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​សរសេរ ឬ​ក៏​និយាយ​ពី​ការ​នោះ៖ ឈឺចាប់​ដោយ​ព្រោះ​បាន​ត្រឹមតែ​ស្រឡាញ់ ប៉ុន្តែ​មិន​បាន​ជា​គូ​នឹង​គ្នា។

ស្នេហា​បែកបាក់​ក្នុង​ក្រុមជំនុំ គឺជា​ការ​ដ៏​ឈឺ​ចាប់​ណាស់ ហើយ​ក៏​ពិបាក​ណាស់​ដែរ យើង​ភាគ​ច្រើន​នឹង​ឆ្លង​កាត់​នូវ​ភាព​ដ៏​ឯកា និង​ភាព​ដ៏​ពិបាក​នេះ។ ដូច្នេះហើយ​ខាង​ក្រោម​នេះ​ជា​ចំណុច​៩​យ៉ាង ដើម្បី​បង្កើត​ក្ដី​សង្ឃឹម និង​ក្ដីស្រឡាញ់​ដល់​អ្នកដទៃ នៅពេលដែល​គូ​ស្នេហ៍​គ្រីស្ទ​បរិស័ទ​មាន​ការបែកគ្នា​មុន​រៀបការ៖

១. ចូរ​យំ​ចុះ វា​ជា​រឿង​ធម្មតា​ទេ

ការបែកបាក់​ស្នេហា​តែង​នាំ​មក​នូវ​ការឈឺចាប់។ លោកអ្នក​ប្រហែលជា​មិន​នឹកស្មាន​ថា​នឹង​បែកបាក់​គ្នា​ទេ តែ​សុខៗ​គេ​ប្រាប់​ថា​សុំ​បែក។ ឬ​ក៏​លោកអ្នក​បាន​ដឹង​ហើយ​ថា ស្នេហា​នោះ​ត្រូវ​តែ​មាន​ការបែកបាក់ ប៉ុន្តែ​លោកអ្នក​ក៏​ដឹង​ដែរ​ថា ការបែកគ្នា​នឹង​ធ្វើ​ឲ្យ​គូ​ស្នេហ៍​យើង​ម្នាក់​ទៀត​មាន​ការឈឺ​ចិត្ត​ជា​ខ្លាំង។ លោកអ្នក​ប្រហែលជា​បាន​ស្រឡាញ់​គ្នា​យូរ​ឆ្នាំ​មក​ហើយ​ក៏​មិន​ដឹង ហើយ​ប្រហែលជា​ពេញ​ចិត្ត​នឹង​ក្រុម​គ្រួសារ ក៏​ដូចជា​មិត្តភក្ដិ​របស់​គេ​ដែរ។ ដោយសារ​យើង​មិន​ទាន់​បាន​រៀបការ ឬ​មិន​ទាន់​បាន​ចង​ស្ពាន​មេត្រី​នឹង​គ្នា ដូច្នេះ​ការបែកគ្នា​គឺ​មិនមែន​ជា​ការ​លែងលះ​គ្នា​ទេ ទោះ​បើ​លោកអ្នក​មាន​អារម្មណ៍​ថា វា​ដូច​ជា​ការលែងលះ​គ្នា​។

ប្រហែលជា​មាន​ហេតុផល​ដែល​បណ្ដាល​ឲ្យ​លោកអ្នក​មាន​អារម្មណ៍​ថា​បាន​លែងលះ​គ្នា​មែន។ ព្រះ​ជាម្ចាស់​មិន​បាន​បង្កើត​លោកអ្នក​មក ដើម្បី​ឲ្យ​មាន​ការឈឺចាប់​បែប​យ៉ាង​នេះ​នោះ​ទេ។ ព្រះ​ជាម្ចាស់​បាន​បង្កើត​ស្នេហា ដើម្បី​បង្ហាញពី​ភក្ដីភាព និង​ភាព​ស្មោះត្រង់​ជា​សាច់​តែ​មួយ​នឹង​គ្នា (លោកុប្បត្ដិ ២:២៤; ម៉ាថាយ ១៩:៩; ១កូរិនថូស ៧:២-១៣)។ ដោយសារ​ចំណង​ស្នេហា​ជា​យាន​ដែល​អាច​ជួយ​យើង​ឈាន​ដល់​ការ​រៀបការ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គម្រោងការ​របស់​ព្រះ​ជាម្ចាស់​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​មាន​រៀបរាប់​ពី​ដំណើរ​គម្រោងការ​នៃ​ចំណង​ស្នេហា​ដែល​មាន​ក្នុង​ទំនាក់ទំនង​​របស់​យើង។ បើ​លោកអ្នក​ចាប់ផ្ដើម​មាន​ចំណង​ស្នេហា​លឿន​ពេក ឬ​ក៏​មិន​បាន​ប្រយ័ត្ន​ក្នុង​​ទំនាក់ទំនង​របស់​លោកអ្នក​ទេ នោះ​មាន​ន័យ​ថា លោកអ្នក​មិន​បាន​គិត​ពី​គម្រោងការ​របស់​ព្រះ​ជាម្ចាស់​ឡើយ។

នេះ​មិនមែន​មាន​ន័យ​ថា រាល់​ទំនាក់ទំនង​នៃ​ចំណង​ស្នេហា​រវាង​គ្នា​នឹង​គ្នា​ត្រូវ​តែ​ឈាន​ទៅ​ដល់​ជីវិត​អាពាហ៍ពិពាហ៍​នោះ​ឡើយ ប៉ុន្តែ​នេះ​មាន​ន័យ​ថា ការបែកបាក់​ស្នេហា​នឹង​ធ្វើ​ឲ្យ​យើង​ឈឺចាប់។

នេះ​មិនមែន​មាន​ន័យ​ថា រាល់​ទំនាក់ទំនង​នៃ​ចំណង​ស្នេហា​រវាង​គ្នា​នឹង​គ្នា​ត្រូវ​តែ​ឈាន​ទៅ​ដល់​ជីវិត​អាពាហ៍ពិពាហ៍​នោះ​ឡើយ ប៉ុន្តែ​នេះ​មាន​ន័យ​ថា ការបែកបាក់​ស្នេហា​នឹង​ធ្វើ​ឲ្យ​យើង​ឈឺចាប់។ ពេល​ដែល​យើង​បែកបាក់​គ្នា ហើយ​មាន​ការ​ឈឺចាប់ នោះ​ជា​រឿង​ត្រឹមត្រូវ។ យើង​មិន​គួរ​លាក់ ឬ​ក៏​ហាម​មិន​ឲ្យ​ខ្លួន​បង្ហាញ​ពី​ការ​ឈឺចាប់ ការ​យំសោក។ ព្រះជាម្ចាស់​បាន​បង្កើត​លោកអ្នក​មក ដើម្បី​ឲ្យ​មាន​អំណរ ហើយ​ក៏​ឲ្យ​មាន​ការ​លូតលាស់​ក្នុង​ក្ដីស្រឡាញ់​ដែល​នៅ​គង់វង្ស ដូច​ក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​មាន​សម្រាប់​កូន​ក្រមុំ​របស់​ទ្រង់​អញ្ចឹង។ ដូច្នេះ ចូរ​កុំ​ឃាំង​អារម្មណ៍​ខ្លួន​ឡើយ ហើយ​ចូរ​ដឹង​ថា​ ការឈឺចាប់​របស់​លោកអ្នក ​គឺ​ចង្អុល​បង្ហាញពី​ចំណុច​ដ៏​ស្រស់ស្អាត​របស់​ព្រះ​ជាម្ចាស់ និង​ពី​ក្ដីស្រឡាញ់​ដែល​មិន​ចេះ​ស្លាប់​របស់​ទ្រង់​មាន​ចំពោះ​លោកអ្នក​វិញ។

ការបែកគ្នា​គួរ​ធ្វើ​ឲ្យ​លោកអ្នក​ឈឺ​ចិត្ត។ ប្រសិនបើ​លោកអ្នក​មាន​ស្នេហា ហើយ​បាន​បែកបាក់​ស្នេហា​ដោយ​មិន​មាន​ការឈឺចាប់ នោះ​មាន​ន័យ​ថា មាន​អ្វី​មួយ​ដែល​មិន​ត្រឹមត្រូវ​ក្នុង​ជីវិត​លោកអ្នក​ហើយ។ ប៉ុន្តែ នេះ​មិនមែន​មាន​ន័យ​ថា លោកអ្នក​ត្រូវ​ខូចចិត្ត​រហូត​ដល់​ស្លាប់​នោះ​ទេ តែ​វា​មាន​ន័យ​ថា លោកអ្នក​គួរ​មាន​អារម្មណ៍​ថា ការបែកបាក់​មិន​គួរ​កើតឡើង​សោះ។

ព្រះ​ជាម្ចាស់​មិន​បាន​ច្នៃ​ចិត្ត​របស់​យើង ដើម្បី​ឲ្យ​គេ​ខ្ចី​ទេ។

ដូច្នេះ ការ​យំសោក​ក្រោយ​ពេល​បែក​គ្នា​ជា​រឿង​ធម្មតា​ទេ ចូរ​ស្រក់​ទឹក​ភ្នែក​ឲ្យ​អស់​ពី​ចិត្ត​ចុះ។ ព្រះ​ជាម្ចាស់​គ្រាន់​តែ​ចង់​បង្ហាញ​យើង​ពី​ទម្ងន់​នៃ​ការបរាជ័យ​ក្នុង​ទំនាក់ទំនង​ស្នេហា ព្រោះ​ការបរាជ័យ​នោះ​បាន​បង្ហាញ​យ៉ាង​ខុសឆ្គង​ពី​ទស្សនៈ​របស់​មនុស្ស​មួយ​ចំនួន​ទាក់ទង​នឹង​លក្ខណសម្បត្តិ​ និង​ក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ក្រុមជំនុំ។

២. កុំ​ប្រញាប់​ផ្ដើម​ស្នេហ៍​ម្ដង​ទៀត​ឡើយ

ការ​ដឹង និង​ការ​ទទួល​យក​នូវ​ការ​គ្រោង​ទុក​របស់​ព្រះ​ជាម្ចាស់​ទាក់ទង​នឹង​និរន្តភាព​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ និង​ការ​ណាត់​ជួប​ជាមួយ​គូ​ស្នេហ៍ ការ​នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ត្រឹមត្រូវ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​យើង​ឲ្យ​ចេះ​ជ្រើសរើស​ផ្លូវ​ដ៏​ត្រឹមត្រូវ មុន​ឈាន​ដល់​ការ​រៀបការ។ ការ​ដែល​យើង​ដាក់​ចិត្ត​ទៅ​ស្រឡាញ់​អ្នក​ថ្មី​ឆាប់​ពេក បន្ទាប់​ពី​បែកបាក់​ស្នេហា​ជាមួយ​អ្នក​ចាស់ នោះ​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​មួយ។ ជា​ពិសេស នៅ​ក្នុង​យុគសម័យ​នៃ​ការ​តាម​ស្រឡាញ់​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ជួប​អ្នកថ្មី។ ដូច្នេះ សូម​កុំ​ឲ្យ​យើង​តក់ក្រហល់​នឹង​ស្វែងរក​គូស្នេហ៍​ថ្មី​មួយ​ទៀត​ខ្លាំង​ពេក​ឡើយ។

មាន​មនុស្ស​ជា​ច្រើន​ញៀន​នឹង​ការ​ចង់​ឲ្យ​អ្នកដទៃ​ស្រឡាញ់​ថ្នាក់​ថ្នម​ខ្លួន ឬ​ក៏​ចង់​ទៅ​ស្រឡាញ់​ថ្នាក់​ថ្នម​គេ​វិញ។ បើ​លោកអ្នក​ធ្លាប់​ដើរ​លេង​កំសាន្ត​ជាមួយ​អ្នក​ដែល​ខ្លួន​ស្រឡាញ់ ធ្លាប់​កាន់​ដៃ ធ្លាប់​ឃើញ​ស្នាម​ញញឹម​របស់​គេ ធ្លាប់​ឆ្លងឆ្លើយ​សារ ឬ​សំបុត្រ ធ្លាប់​ទទួល​បាន​ក្ដីស្រឡាញ់ និង​ការ​យកចិត្តទុកដាក់​ពី​គេ នោះ​លោកអ្នក​ប្រាកដ​ជា​ចង់​ឲ្យ​ការ​នោះ​កើត​ឡើង​ជា​ដដែលៗ​បន្ត​ទៀត។ រឿង​មួយ​ដែល​មនុស្ស​យើង​ច្រើន​តែ​ធ្វើ​គឺ ឆាប់​រក​អ្នកថ្មី​ពេល​ទើបតែ​បែក​ស្នេហា​ថ្មីថ្មោង។ ប៉ុន្តែ បើ​យើង​ឲ្យ​តម្លៃ​លើ​ព្រះ​ជាម្ចាស់ ​ទីបន្ទាល់ សង្សារ​ចាស់ និង​ចំពោះ​អ្នក​ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​យើង​នៅ​ថ្ងៃ​អនាគត នោះ​យើង​នឹង​រង់ចាំ អធិស្ឋាន ហើយ​ក៏​នឹង​សាសង​ស្នេហ៍​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន និង​មាន​ការ​អត់ធ្មត់​ជា​មិន​ខាន។ ការ​ដែល​យើង​ព្យាយាម​ស្វែងរក​ដៃគូ​ជីវិត​ដែល​មិន​អាច​ឈាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍​ ការ​នេះ​ងាយ​នឹង​បង្ក​ឲ្យ​បុគ្គល​ដែល​យើង​តាម​ស្រឡាញ់​នោះ​ទទួល​រង​នូវ​ការឈឺចាប់​ជា​ខ្លាំង។

ការ​ដែល​លោកអ្នក​គិត​ថា លោកអ្នក​មិន​អាច​ឈាន​ដល់​ការ​រៀបការ​ដោយ​ព្រោះ​លោកអ្នក​មិន​មាន​សង្សារ នោះ​គឺជា​ការ​កុហកបោកប្រាស់។ ពេលខ្លះ បើ​លោកអ្នក​ឈប់​តាម​ចែចង់​អ្នក​នេះ​ឬ​អ្នក​នោះ​មួយរយៈ​សិន នោះ​គឺជា​រឿង​ដ៏​ល្អ​បំផុត​មួយ​ដែល​លោកអ្នក​អាច​ធ្វើ​សម្រាប់​ដៃគូ​ជីវិត​នា​ថ្ងៃ​អនាគត​របស់​ខ្លួន។ ប្រសិនបើ​លោកអ្នក​មាន​ប្រវត្តិ​ជា​អ្នក​មាន​សង្សារ​ច្រើន​ក្នុង​រយៈពេល​ខ្លី ដូច្នេះ​ចូរ​ផ្អាក​តាម​ស្រឡាញ់​អ្នក​នេះ​អ្នក​នោះ​មួយ​រយៈ​សិន​ចុះ។ ការ​ដក​ឃ្លា​ដូច​នេះ​អាច​ជា​ពេលវេលា​ឲ្យ​លោកអ្នក​គិត​សារ​ជា​ថ្មី ជា​ពេល​ដែល​ជួយ​ឲ្យ​លោកអ្នក​លូតលាស់ ហើយ​ស្វែងរក​គោល​បំណង​ថ្មី​សម្រាប់​ទំនាក់ទំនង​ថ្មី​នៅ​ថ្ងៃ​អនាគត។

៣. លោកអ្នក​ប្រហែលជា​បរាជ័យ​ញយៗ ប៉ុន្តែ​ព្រះ​ជាម្ចាស់​មិន​ដែល​ឡើយ

ការ​បែកបាក់​ស្នេហា​របស់​លោកអ្នក​ទំនង​មក​ពី​លោកអ្នក​មាន​ចរិត​មិន​ល្អ​ណា​មួយ​ចេញ​ពី​លោកអ្នក​ក៏​មិន​ដឹង។ អាច​ជា​ចំណុច​ខ្សោយ ឬ​ក៏​ទម្លាប់​មិន​ល្អ​ណា​មួយ​នៅ​ក្នុង​យើង ដែល​ការ​នោះ​បណ្ដាល​ឲ្យ​យើង​បែកបាក់​គ្នា លែង​បាន​រៀបការ​ជាមួយ​បុរស​ស្ត្រី​ដែល​យើង​ស្រឡាញ់។ ប៉ុន្តែ នេះ​មិនមែន​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​លែង​ផ្ដល់​​ព្រះគុណ​ដល់​លោកអ្នក​ទៀត​នោះ​ទេ។

អំពើ​បាប​ដែល​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​យើង គឺជា​អាវុធ​ដែល​ធ្វើ​ឲ្យ​យើង​ឈឺចាប់​បំផុត។ ពេល​ដែល​យើង​កាន់តែ​បើក​ចំហ​ចិត្ត ​និង​ជីវិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​យើង​ក៏​ងាយ​នឹង​ឃើញ​អំពើ​បាប​របស់​គ្នា​ដែរ ហើយ​អំពើ​បាប​នោះ​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ​ចាប់​ជា​ខ្លាំង​ដែរ។ ប្រសិនបើ​យើង​បើក​ចិត្ត (ក្នុង​កម្រិត​ដែល​ត្រឹមត្រូវ) នោះ​វា​ល្អ​ណាស់ ហើយ​ក៏​ជា​រឿង​គ្រោះថ្នាក់​មួយ​ដែល​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​គួរ​ហ៊ាន​ធ្វើ។ ពេល​ដែល​យើង​កាន់តែ​ជិត​ស្និទ្ធ​នឹង​គ្នា នោះ​យើង​ក៏​ងាយ​នឹង​ឃើញ​អំពើ​បាប​គ្នា ហើយ​ក៏​កាន់តែ​ធ្វើ​ឲ្យ​យើង​ងាយ​មាន​គ្រោះថ្នាក់​ដែរ ប៉ុន្តែ នេះ​ជា​អ្វី​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​ហ៊ាន​ធ្វើ​ចំពោះ​គ្នា។ ភាព​ឥត​សណ្ដាប់ធ្នាប់​របស់​យើង​នឹង​ប៉ះពាល់​ដល់​គេ ហើយ​ភាព​ឥត​សណ្ដាប់ធ្នាប់​របស់​គេ​ក៏​នឹង​ប៉ះពាល់​ដល់​យើង​ដែរ។

មិន​ថា​អ្នកណា​ជា​អ្នក​បង្ក​ឲ្យ​មាន​រឿងអាស្រូវ​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​យើង​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ដឹង​ថា ព្រះជាម្ចាស់​មិនមែន​ជា​តួអង្គ​បង្កើត​ឲ្យ​មាន​រឿងអាស្រូវ​នោះ​ទេ ព្រោះ​ព្រះ​យេស៊ូវ​បាន​សន្យា​ថា ទ្រង់​នឹង​មិន​ចាកចោល​យើង ឬ​ក៏​បោះបង់​យើង​ចោល​ឡើយ ហើយ​សេចក្ដី​សន្យា​របស់​ទ្រង់ គឺ​ពិត​ត្រង់​ជានិច្ច ហើយ​ក៏​មាន​ក្នុង​គ្រប់​ទំនាក់ទំនង​ផង​ដែរ។ បើ​លោកអ្នក​ជឿ​ថា ព្រះគ្រីស្ទ​បាន​អត់ទោស​បាប​លោកអ្នក ហើយ​ជា​​អ្នកដើរតាម​ទ្រង់ ជា​អ្នក​ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​ព្រះ​ជាម្ចាស់​នឹង​មិន​បោះបង់​លោកអ្នក​ចោល​ឡើយ ក៏​ទ្រង់​នៅ​តែ​មិន​បោះបង់​លោកអ្នក​ដែរ។ ទោះ​បើ​លោកអ្នក​បែកបាក់​ស្នេហា ក៏​ព្រះ​ជាម្ចាស់​នឹង​មិន​បញ្ឈប់​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​លោកអ្នក​ដែរ បើ​ទោះ​ជា​លោកអ្នក​ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការបែកបាក់​គ្នា​ក៏​ដោយ។ គោលបំណង​របស់​ព្រះ​ជាម្ចាស់​សម្រាប់​លោកអ្នក គឺ​ធំ​ជាង​ភាព​ផ្ដេសផ្ដាស​របស់​លោកអ្នក​ទៅ​ទៀត។

៤. ជា​ការ​ប្រពៃ​ណាស់​ដែល​លោកអ្នក​បាន​ស្រឡាញ់ ហើយ​ក៏​បាន​បាត់បង់​ស្នេហា

ជាទូទៅ ការ​បែកបាក់​ស្នេហា តែងតែ​នាំ​មក​នូវ​ភាព​អាម៉ាស់ និង​ការ​ឈឺចាប់។ យើង​តែងតែ​អបអរសាទរ​នឹង​ចំណង​ស្នេហា និង​ក្ដីស្រឡាញ់​របស់​យើង​ក្នុង​ក្រុមជំនុំ​ច្រើន​ជាង​នៅ​កន្លែង​ណា​ផ្សេងៗ​ទៀត ពីព្រោះ​យើង​ពេញចិត្ត​នឹង​ការ​រៀបការ​ខ្លាំង​ណាស់។ ដោយ​សារ​ក្រុមជំនុំ​ឲ្យ​តម្លៃ​ខ្លាំង​លើ​ជីវិត​អាពាហ៍ពិពាហ៍ ដូច្នេះ​ហើយ​បាន​ជា​យើង​មិន​ហ៊ាន​ចែកចាយ​រឿង​បែកបាក់​ស្នេហា​របស់​យើង​នៅ​ក្នុង​ក្រុមជំនុំ ព្រោះ​យើង​ខ្មាស​គេ ហើយ​ខ្លាច​គេ​ថា យើង​បាន​ប្រព្រឹត្ត​នូវ​រឿងអាស្រូវ ក៏​ដូចជា​ខ្លាច​គេ​ប្រើ​ពាក្យ​ប្រមាថ​មើលងាយ​យើង​ទៀត​ផង។

លោកអ្នក​ប្រហែល​មាន​អារម្មណ៍​ថា លោកអ្នក​មិន​ល្អ ទោះ​ទាំង​ក្នុង​ព្រះ​នេត្រ​ព្រះ​ជាម្ចាស់ និង​ភ្នែក​អ្នកដទៃ។ ចំណុច​ដែល​ពិបាក​ជឿ តែ​ជា​សេចក្ដីពិត​ដ៏​ល្អ​បំផុត​នោះ​គឺ លោកអ្នក​ផ្ទាល់​ល្អ​ប្រសើរ​ជាង​មុន មុន​កាល​ដែល​លោកអ្នក​មិន​ទាន់​បាន​ឆ្លងកាត់​ការ​បែកបាក់​ស្នេហា។ ប្រសិនបើ​ការឈឺចាប់​របស់​លោកអ្នក នាំ​លោកអ្នក​ទៅ​រក​ព្រះ​ជាម្ចាស់ ដោយ​ចូល​ទៅ​លន់តួ​បាប​ដែល​លោកអ្នក​ប្រហែលជា​បាន​ធ្វើ​នៅ​ក្នុង​ចំណង​ស្នេហា នោះ​មាន​ន័យ​ថា លោកអ្នក​នៅ​មាន​តម្លៃ​ចំពោះ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​ដូច​មុន ហើយ​ទ្រង់​ក៏​កំពុង​ប្រើ​នូវ​រាល់​ការឈឺចាប់ ការបរាជ័យ និង​ការសោកស្ដាយ​របស់​លោកអ្នក ដើម្បី​ធ្វើ​ឲ្យ​លោកអ្នក​សមជា​អ្នក​ដែល​ទ្រង់​បាន​បង្កើត​មក និង​ដើម្បី​ឲ្យ​លោកអ្នក​កាន់តែ​អាច​ទទួល​បាន​អំណរ​ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ប្រទាន​ដល់​លោកអ្នក ឯ​ទ្រង់​ផ្ទាល់​ជា​ប្រភព​អំណរ។

លុះត្រាតែ​យើង​បាត់បង់​នូវ​អ្វី​ដែល​យើង​ឲ្យ​តម្លៃ​ខ្ពស់ នោះ​ទើប​យើង​ទទួល​បាន​ការ​រំឭក​ដ៏​ពេញ​ដោយ​​ព្រះគុណ​ថា៖ ​ក្រៅពី​ព្រះ​គ្រីស្ទ យើង​គ្មាន​អ្វី​ទេ លើកលែងតែ​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ទិញ​សម្រាប់​យើង​តាមរយៈ​​ព្រះគុណ​របស់​ទ្រង់ អ្វីៗ​ទាំងអស់​គ្មាន​តម្លៃ​ទេ! ព្រះ​គ្រីស្ទ​បាន​ក្លាយជា​ប្រាជ្ញា​សម្រាប់​យើង​ដែល​ជា​មនុស្ស​ល្ងីល្ងើ បាន​​ក្លាយជា​សេចក្ដី​សុចរិត​សម្រាប់​មនុស្ស​មាន​បាប និង​ជា​សេចក្តី​បរិសុទ្ធ​សម្រាប់​អ្នក​ខូចចិត្ត ជា​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់ និង​ភ័យ​ខ្លាច ហើយ​ក៏​បាន​ក្លាយជា​ក្ដីស្រឡាញ់ សន្តិភាព និង​អត្តសញ្ញាណ​សម្រាប់​បុរស​ និង​នារី​ឯកា​ដែល​កំពុង​បញ្ចប់​​ទំនាក់ទំនង (១កូរិនថូស ១:៣០)។ ដូច្នេះ សូម្បីតែ​ក្រោយ​ពី​ការបែកបាក់​ស្នេហា ក៏​យើង​នៅ​មាន​ហេតុផល​ក្នុង​ការ​ងើប​ឡើង​វិញ ប្រសិនបើ​ហេតុផល​របស់​យើង​ជា​អ្វី​ដែល​ព្រះ​គ្រីស្ទ​មាន​សម្រាប់​យើង (១កូរិនថូស ១:៣១)។

ព្រះ​ជាម្ចាស់​តែងតែ​ធ្វើ​នូវ​អ្វីៗ​នៅ​ក្នុង​ព្រះយេស៊ូវ​សម្រាប់​ប្រយោជន៍​របស់​លោកអ្នក ហើយ​ទ្រង់​ក៏​កំពុង​តែ​បន្ត​ធ្វើ​ការ​នោះ។ មិន​មាន​រឿង​អ្វី​មួយ​ដែល​លោកអ្នក​ជួបប្រទះ​នៅ​ក្នុង​ជីវិត​នេះ ដែល​ព្រះ​ជាម្ចាស់​មិន​ប្រើ ដើម្បី​នាំ​ឲ្យ​លោកអ្នក​កាន់តែ​មាន​សេរីភាព និង​អំណរ​ដ៏​ខ្លាំង​នោះ​ទេ។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​មាន​អំណរ​ក្នុង​ទ្រង់​ដែល​នៅ​អស់កល្បជានិច្ច ជាជាង​ឲ្យ​យើង​មាន​ភាព​ស្រណុក​សុខស្រួល​ដែល​មិន​នៅ​ស្ថិតស្ថេរ។ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ធ្វើ​ការ​នេះ​រាល់​ថ្ងៃ ហើយ​យើង​ក៏​គួរតែ​មាន​អំណរ​ដែរ។ ចូរ​ដឹង​ថា អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​ធ្វើ​គឺ​សម្រាប់​ជា​ប្រយោជន៍​យើង ទោះ​បើ​យើង​មាន​អារម្មណ៍​មិន​ល្អ​យ៉ាង​ណា​ក៏​ដោយ។

៥. ទោះ​បើ​លោកអ្នក​មិន​អាច​ធ្វើ​ជា​មិត្តភក្ដិ​ឥឡូវ​នេះ ក៏​លោកអ្នក​នឹង​ធ្វើ​ជា​បង​ប្អូន​នៅ​អស់កល្បជានិច្ច

ទំនាក់ទំនង​ស្នេហា​របស់​គ្រីស្ទ​បរិស័ទ មិនមែន​បញ្ចប់​នៅ​ត្រង់ ការ​បែកបាក់​ស្នេហា​នោះ​ទេ។ មិន​ថា​ការ​នេះ​ធ្វើ​ឲ្យ​លោកអ្នក​សប្បាយចិត្ត​ឬ​ក៏​មិន​សប្បាយ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ក៏​លោកអ្នក​ដឹង​ហើយ​ថា លោកអ្នក​នឹង​នៅ​ជាមួយ​គ្នា​អស់កល្បជានិច្ច (វិវរណៈ ៧:៩-១០)។ ការ​នេះ​នឹង​កើតឡើង​នៅ​លើ​ផែនដី​ថ្មី ដែល​នៅ​ទី​នោះ​មិន​មាន​អ្នកណា​រៀបការ​ជាមួយ​គ្នា​ទេ ហើយ​គ្រប់​គ្នា​នឹង​មាន​អំណរ (ម៉ាថាយ ២២:៣០; ទំនុកតម្កើង ១៦:១១)។ ស្ដាប់​ទៅ​ដូចជា​ល្អ​លើស​ពី​ការ​ពិត​ពេក មែន​ទេ? តើ​ការ​ដែល​យើង​កាត់​ចិត្ត ហើយ​គិត​ពី​សង្សារ​ចាស់​របស់​យើង​ដោយ​ពឹង​លើ​ភាព​អស់កល្បជានិច្ច មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

ទោះ​បើ​លោកអ្នក​នឹង​ជួប​គ្នា​ម្ដង​ទៀត​នៅ​ស្ថាន​សួគ៌​ដ៏​អស់កល្បជានិច្ច ក៏​បច្ចុប្បន្ន​នេះ លោកអ្នក​ប្រហែល​មិន​អាច​ធ្វើ​ជា​មិត្តភក្ដិ​នឹង​គ្នា​បាន​ទៀត​ដែរ។ ការ​ដែល​លោកអ្នក​មិន​អាច​ធ្វើ​ជា​មិត្តភក្ដិ​នឹង​គ្នា​នៅ​បច្ចុប្បន្ន​នេះ នេះ​មិនមែន​មាន​ន័យ​ថា វា​ជា​អំពើ​បាប​នោះ​ទេ។ តាម​ពិត ពេលខ្លះ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អារម្មណ៍ និង​ព្រលឹង​វិញ្ញាណ​យើង គឺ​យើង​ត្រូវ​ដាក់​គម្លាត​ពី​គ្នា​ក្នុង​គ្រប់​ទាំង​ទំនាក់ទំនង​របស់​យើង។ បេះដូង​ដែល​ធ្លាប់​បាន​ឲ្យ​ទៅ​គេ មិន​ថា​ដល់​កម្រិត​ណា​នោះ​ទេ គឺ​សុទ្ធតែ​ត្រូវ​ការ​​ពេលវេលា​ ដើម្បី​ជួសជុល​ឲ្យ​ជា​សះស្បើយ និង​ដើម្បី​បង្កើត​ក្ដី​រំពឹង​ថ្មីៗ​ម្ដង​ទៀត។

បេះដូង​ដែល​ធ្លាប់​បាន​ឲ្យ​ទៅ​គេ មិន​ថា​ដល់​កម្រិត​ណា​នោះ​ទេ គឺ​សុទ្ធតែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ជួសជុល​បេះដូងនោះឲ្យ​ជា​សះស្បើយ និង​ដើម្បី​បង្កើត​ក្ដី​រំពឹង​ថ្មីៗ​ម្ដង​ទៀត។

ការ​ផ្សះផ្សា​​ទំនាក់ទំនង​មិន​ទាមទារ​ឲ្យ​យើង​មាន​ភាព​​ជិតដិត​នឹង​គ្នា​ជា​ថ្មី​ឡើង​វិញ​ឡើយ។ ប៉ុន្តែ ការ​នេះ​តម្រូវ​ឲ្យ​យើង​អត់ទោស​ឲ្យ​គ្នា ហើយ​មាន​សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ចំពោះ​គ្នា។ លោកអ្នក​អាច​ចាប់ផ្ដើម​ដោយ​អធិស្ឋាន​ឲ្យ​គ្នា ទោះ​បើ​លោកអ្នក​មិន​ហ៊ាន​និយាយ​រក​គ្នា​ក៏​ដោយ។ អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ចម្រើន​ជំនឿ​គាត់ និង​ទូល​សុំ​ព្រះ​ជាម្ចាស់​ឲ្យ​នាំ​អ្នកជឿ​ផ្សេង​មក​ក្នុង​ជីវិត​គាត់ សុំ​ឲ្យ​ទ្រង់​ព្យាបាល និង​ស្ដារ​ចិត្ត​របស់​គាត់​ឡើង​វិញ ហើយ​សុំ​ទ្រង់​ធ្វើ​ឲ្យ​គាត់​កាន់តែ​មាន​លក្ខណៈ​ដូច​រូប​អង្គ​ព្រះ​គ្រីស្ទ។

យើង​ត្រូវ​តែ​រៀន​រស់នៅ​ក្នុង​​ទំនាក់ទំនង​របស់​យើង​នៅ​បច្ចុប្បន្ន​នេះ មិន​ថា​ចាស់​ឬ​ថ្មី ដោយ​ពឹង​លើ​ការ​ដែល​យើង​នឹង​រស់នៅ​ជាមួយ​គ្នា​យ៉ាង​អស់កល្បជានិច្ច​នៅ​ថ្ងៃ​អនាគត។ ពេល​ដែល​យើង​បង្ហាញ​ការ​អត់ធ្មត់ សេចក្ដី​សប្បុរស និង​ការ​អត់ទោស​ចំពោះ​អ្នក​ដែល​យើង​បាន​បែកបាក់​ជា​មួយ ការ​ធ្វើ​បែប​នោះ​នឹង​បង្ហាញ​ដល់​អ្នកដទៃ​ពី​ភាព​ស្រស់ស្អាត នេះ​បើ​​ប្រៀបធៀប​នឹង​ភាព​អាត្មានិយម និង​ការ​ចង់​សងសឹក​ដែល​លោកីយ៍​នេះ​បង្រៀន​យើង​ឲ្យ​ធ្វើ។

៦. «មិនមែន​អ្នក តែ​ព្រះ» មិន​​គ្រប់គ្រាន់​ទេ

នេះ​ជា​ឃ្លា​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​នៅ​ក្នុង​ចំណោម​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ពេល​ដែល​គេ​បែក​គ្នា។ «ព្រះ​ជាម្ចាស់​កំពុង​តែ​នាំ​ខ្ញុំ​ឲ្យ​បែក​គ្នា​ពី​អ្នក។» «ព្រះ​ជាម្ចាស់​បាន​ប្រាប់​ខ្ញុំ​ថា យើង​ត្រូវ​តែ​បែក​គ្នា។» «កាល​ដែល​ខ្ញុំ​លី​ចប​ចូល​ក្នុង​ព្រៃ ពេលនោះ​ស្រាប់តែ ខ្ញុំ​សុបិន​ឃើញ​ថា ទំនាក់ទំនង​របស់​ពួក​យើង​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន​ទេ។» យើង​អាច​សង្ខេប​ឃ្លា​ទាំង​នោះ​ថា «មិនមែន​អ្នក តែ​ព្រះ»។

ទោះ​បើ​ព្រះ​ជាម្ចាស់​កំពុងតែ​នាំ​លោកអ្នក​ឲ្យ​បែក​ស្នេហា​ក៏​ដោយ ក៏​លោកអ្នក​មិន​គួរ​យក​ទ្រង់​ជា​លេស​ដែរ។ ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ហើយ​សុំ​ការអត់ទោស​ពី​ទ្រង់​ចុះ។ បន្ទាប់មក ត្រូវ​ស្មោះត្រង់​ចំពោះ​លក្ខណៈ​ខ្លួន​ដែល​នាំ​ឲ្យ​លោកអ្នក​មាន​ការ​​សម្រេចចិត្តបែប​នោះ។ ចូរ​ប្រាប់​ពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​បង្ហាញ​លោកអ្នក​ឲ្យ​សម្រេចចិត្ត​បែប​នោះ​ឲ្យ​ច្បាស់។ ប្រាកដ​ណាស់ នឹង​មាន​ចំណុច​ខ្លះ​ដែល​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​រៀបរាប់ ប៉ុន្តែ​សូម​ព្យាយាម​រក​ចំណុច​ដែល​លោកអ្នក​អាច​និយាយ​បាន​ឲ្យ​ច្បាស់។ នេះ​មិនមែន​មាន​ន័យ​ថា លោកអ្នក​មាន​សិទ្ធិ​ក្នុង​ការ​រៀបរាប់​ពី​ចំណុច​ដែល​នឹង​បំផ្លាញ​គាត់​ឡើយ ប៉ុន្តែ​ដើម្បី​រៀបរាប់​ពី​ចំណុច​ដែល​ជា​ជំនួយ​ទៅ​វិញ​នោះ​ទេ ទោះ​បើ​វា​នឹង​ធ្វើ​ឲ្យ​លោកអ្នក​មាន​ការឈឺចាប់​ភ្លាមៗ​ក៏​ដោយ។

ជា​ដំបូង វា​មិនមែន​ជា​រឿង​ឆ្លាត​វៃ​ទេ​ក្នុង​ការ​គិត​តែ​ម្នាក់​ឯង​ពី​ការ​ដែល​ត្រូវ​ចែកផ្លូវ​ជាមួយ​គេ។ ប្រាកដ​ណាស់​ថា សង្សារ​របស់​អ្នក​នឹង​មិន​​យល់ព្រម​ឡើយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​ចែកចាយ​រឿង​នោះ​ជាមួយ​បុគ្គល​ផ្សេង​ដែល​ស្រឡាញ់​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​គេ​យល់​ពី​ទស្សនៈ ហើយ​មាន​ការ​អះអាង​ពី​ការ​​សម្រេចចិត្តរបស់​អ្នក។ ចូរ​ទៅ​រក​ម្នាក់​ដែល​អ្នក​ស្គាល់ ហើយ​អាច​យល់​ពី​ចិត្ត​របស់​អ្នក​ក្នុង​ការ​ចង់​ចែក​ផ្លូវ​ជាមួយ​សង្សារ។ បើ​អាច ចូរ​ទៅ​រក​អ្នក​ដែល​រៀបការ​រួច ព្រោះ​គាត់​អាច​មាន​គំនិត​ល្អៗ។ ចូរ​សួរ​អ្នក​ដែល​ដឹង​នូវ​អ្វី​ដែល​អាច​ជួយ​បន្ត​ទ្រាំទ្រ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ហើយ​ចូរ​ស្ដាប់​នូវ​អ្វី​ដែល​គាត់​លើក​ឡើង​ដែល​អ្នក​គិត​ថា ស័ក្ដិសម​ក្នុង​ការ​បែក​គ្នា។

ការ​ស្រមើ​ស្រមៃ​របស់​យើង​ក្នុង​ពេល​ដែល​យើង​មាន​បញ្ហា​ខាង​ឯ​អារម្មណ៍ អាច​ក្លាយ​ទៅ​ជា​អាវុធ​ដ៏​មាន​គ្រោះថ្នាក់​បំផុត ដែល​សាតាំង​អាច​ប្រើប្រាស់​ទាស់​នឹង​យើង ដើម្បី​បង្កើត​ការ​អាក្រក់។ ពេល​ដែល​យើង​មិន​និយាយ​ឲ្យ​ច្បាស់ៗ ហើយ​យកលេស​ថា​ព្រះ​ជាម្ចាស់​ជា​អ្នក​ប្រាប់​ឲ្យ​បែកគ្នា ឬ​ក៏​អារម្មណ៍ នោះ​សង្សារ​ចាស់​នឹង​មាន​ការ​យល់ច្រឡំ ដោយ​ចាប់ផ្ដើម​បង្កើត​ការ​កុហក​ក្នុង​ចិត្ត​គំនិត​គាត់ ហើយ​ពេល​នោះ​សាតាំង​ក៏​អាច​ប្រើ​ការ​ទាំង​នោះ ដើម្បី​នឹង​បំផ្លាញ​គាត់​ដែរ។ ចូរ​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​​គ្រប់គ្រាន់​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​នាំ​អ្នក​ឲ្យ​ឈាន​ដល់​ដំណាក់​កាល​នៃ​ការ​​សម្រេចចិត្តបែក​គ្នា តែ​ចូរ​កុំ​បំផ្លាញ​គាត់​ ឬ​ក៏​ហែក​កេរ្តិ៍​គាត់​ឲ្យ​សោះ។

ខ្ញុំ​ប្រើ​ពាក្យ «​គ្រប់គ្រាន់» ព្រោះ​អ្នក​អាច​ចែក​ចាយ​ចំណុច​ពិតៗ​ជា​ច្រើន ប៉ុន្តែ​វា​នឹង​មិន​ជួយ​បុគ្គល​ដែល​អ្នក​សុំ​​បែក​គ្នា​។ មុន​ដែល​អ្នក​ទៅ​និយាយ​នឹង​សង្សារ​ដែល​អ្នក​រៀប​នឹង​បែក​ពី​គាត់ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ទៅ​និយាយ​ជាមួយនឹង​គ្រីស្ទ​បរិស័ទ​រួម​ជំនឿ​ណា​ម្នាក់​ពី​ចំណុច​ដែល​អ្នក​នឹង​និយាយ​ជាមួយ​សង្សារ​អ្នក​ជា​មុន​សិន។ នៅ​ចុង​បញ្ចប់ គាត់​មិន​ចាំ​បាច់​នឹង​ឯកភាព​ជាមួយ​នឹង​អ្នក​ទេ ប៉ុន្តែ​វា​ជា​ការ​បង្ហាញពី​ក្ដីស្រឡាញ់​ក្នុង​ការ​ជួយ​គាត់​ឲ្យ​យល់​ច្បាស់ ពេល​ដែល​អ្នក​ផ្ដាច់​ស្នេហ៍​នឹង​គ្នា។ ការ​ដែល​គាត់​មិន​សូវ​មាន​សំណួរ​ក្រោយ​ពី​បែក​គ្នា វា​នឹង​ជួយ​គាត់​ឲ្យ​មាន​សេរីភាព​ក្នុង​ការ​លូតលាស់ ហើយ​អាច​បន្ត​ជីវិត​ទៅ​មុខ​បាន​យ៉ាង​លឿន។

៧. ព្រះវរបិតា​​ស្គាល់​ពី​តម្រូវការ​របស់​លោកអ្នក

លោកអ្នក​ប្រហែលជា​កំពុង​សួរ​សំណួរ​នេះ​ពេល​ដែល​លោកអ្នក​ទើបតែ​បែក​គ្នា​ថ្មី​ថា «តើ​ព្រះ​ជាម្ចាស់​ស្គាល់​តម្រូវការ​ខ្ញុំ​ទេ?» ចម្លើយ​គឺ៖ ព្រះ​ជាម្ចាស់​ស្គាល់​តម្រូវការ​របស់​លោកអ្នក ហើយ​ទ្រង់​មិន​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​នោះ​ឡើយ។ ទ្រង់​ប្រហែល​នឹង​បើកសម្ដែង​ដល់​លោកអ្នក​ពី​អ្វី​ដែល​លោកអ្នក​គិត​ថា​ត្រូវការ។ ហើយ​ទ្រង់​ក៏​ប្រហែល​នឹង​បើកសម្ដែង​យ៉ាង​សាមញ្ញ​ពី​របៀប​ដែល​លោកអ្នក​ត្រូវ​ការ​ទ្រង់​លើស​អ្វីៗ​ទាំង​អស់។

ចូរ​គិត​ទៅ​មើល៖ ព្រះ​ជាម្ចាស់​ចិញ្ចឹម​សត្វ​ចាប​ដែល​មិន​ធ្វើ​ការ (ម៉ាថាយ ៦:២៦)។ ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​ស្មៅ​នៅ​ទី​វាល​ដុះ​ឡើង ហើយ​ធ្វើ​ឲ្យ​វា​ស្រស់ស្អាត ទោះ​បើ​មាន​គេ​មក​កាត់​ ឬ​ដើរ​ជាន់ មាន​សត្វ​ស៊ី ឬ​ក៏​ឆេះ​អស់​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ក៏​ត្រូវ​ព្រះអាទិត្យ​ដុត​កម្លោច (ម៉ាថាយ ៦:២៨-៣០)។

ដូច្នេះ តើ​ព្រះ​វរបិតា​នៃ​យើង​នឹង​ផ្គត់​ផ្គង់ ហើយ​ថែ​រក្សា​យើង​ដែល​ជា​កូនៗ​របស់​ទ្រង់​ដែល​ទ្រង់​បាន​ទិញ​យើង​ដោយ​ព្រះ​លោហិត​របស់​ទ្រង់​លើស​ជាង​អម្បាលម៉ាន​ទៅ។

នៅពេលដែល​អ្នក​អធិស្ឋាន​សុំ​ឲ្យ​មាន​ស្វាមី នោះ​ព្រះ​អង្គ​នឹង​មិន​ឲ្យ​សត្វ​ពស់​ដល់​អ្នក​ទេ។ ហើយ​ពេល​ដែល​​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រពន្ធ នោះ​ទ្រង់​នឹង​មិន​ឲ្យ​សត្វ​ខ្យាដំរី​ដល់​អ្នក​ឡើយ។ ទោះ​បើ​អ្នក​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​ជា​អង្គ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ការឈឺចាប់ ក៏​យើង​នៅ​ដឹង​ដែរ​ថា ទ្រង់​មិន​បាន​ធ្វើ​ការ​ហ្នឹង​នោះ​ទេ! ទ្រង់​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់។ ទ្រង់​ដឹង​ថា​អ្នក​ត្រូវ​ការ​អ្វី​ដ៏​ល្អ​បំផុត។ ហើយ​ទ្រង់​ក៏​អាច​ឲ្យ​អ្នក​នូវ​អ្វីៗ​ទាំង​អស់​បាន។ មិន​ថា​អ្វីៗ​ក៏​ដោយ!

របៀប​មួយ​ដែល​ព្រះ​ជាម្ចាស់​ប៉ះប៉ូវ​យើង​ពេល​បែកបាក់​ស្នេហា គឺ​ទ្រង់​ជួយ​យើង​ឲ្យ​យល់​ច្បាស់​ថា ​ទំនាក់ទំនង​នោះ​មិនមែន​ជា​ស្នេហា​ដែល​ទ្រង់​បាន​រៀប​ចំ​ឲ្យ​យើង​រៀបការ​ជាមួយ​គ្នា​នោះ​ទេ ទោះ​បើ​យើង​មិន​យល់​ពី​របៀប ឬ​ក៏​មូលហេតុ​ដែល​ទ្រង់​ធ្វើ​បែប​នោះ​ក៏​ដោយ។ ចំណុច​ស្នូល​នៃ​ទំនាក់ទំនង​ស្នេហា​របស់​គ្រីស្ទ​បរិស័ទ គឺ​ឲ្យ​យើង​យល់​ឲ្យ​បាន​ច្បាស់ ជាជាង​ឲ្យ​យើង​បាន​ស្និទ្ធ​កាយ។ រសជាតិ​បែប​នេះ ប្រហែលជា​មិន​សូវ​ផ្អែម​ប៉ុន្មាន​ទេ​ ពេល​ដែល​ទើប​នឹង​បែក​គ្នា​ថ្មីៗ ប៉ុន្តែ​ប្រសិនបើ​យើង​ឲ្យ​តម្លៃ​លើ​ការ​យល់​ដឹង​ឲ្យ​ច្បាស់ នោះ​យើង​នឹង​ទទួល​ស្គាល់​ថា ការបែកគ្នា​វា​មិន​សូវ​ជា​រឿង​ដ៏​ធំ​ដុំ​ប៉ុន្មាន​ទេ។ យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ដំណឹង​ខ្លះ​ពិតជា​ពិបាក​ទទួល​យក ប៉ុន្តែ​វា​ជា​ការ​ដ៏​ល្អ​នៅ​ពេល​ក្រោយ។

ចូរ​ទុក​ចិត្ត​ទ្រង់​ក្នុង​ការ​ផ្គត់ផ្គង់​អ្នក​ជា​រៀង​រាល់​ថ្ងៃ ឬ​រាល់​ឆ្នាំ មិន​ថា​អ្នក​រៀប​ការ​រួច​ឬ​ក៏​មិន​រៀប​ការ​នោះ​ទេ។ ប្រសិនបើ​លោកអ្នក​រៀប​ការ​នៅ​ពេល​អនាគត ចូរ​ដឹង​ឲ្យ​ប្រាកដ​ថា ព្រះ​ជាម្ចាស់​នឹង​នាំ​បុរស​នារី​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​អ្នក​ត្រូវ​ការ។

៨. រៀន​ពី​ការ​បាត់បង់​ស្នេហា

ចំណុច​មួយ​ដ៏​ធំ​ដែល​សាតាំង​ប្រើ ​ពេល​មាន​ការបែកបាក់​ស្នេហា​គឺ ការ​ធ្វើ​ឲ្យ​បុរស ឬ​នារី​នោះ​ជឿ​ថា «ការបែកគ្នា​នេះ​មិនមែន​ជា​កំហុស​ខ្លួន ហើយ​តាម​ពិត​ខ្ញុំ​មាន​លក្ខណៈ​​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ជា​ប្ដី​ឬ​ក៏​ប្រពន្ធ​ដ៏​គ្រប់​លក្ខណ៍​បាន» ចំណុច​ពិត​គឺ គ្មាន​អ្នក​ណា​ម្នាក់​អាច​មាន​លក្ខណៈ​​គ្រប់គ្រាន់​លើ​លោក​នេះ​ទេ មិន​ថា​រៀបការ​រួច​ឬ​ក៏​មិន​ទាន់​បាន​រៀបការ។ យើង​ទាំង​អស់​គ្នា​សុទ្ធតែ​មាន​ចំណុច​ខ្សោយ ហើយ​ក៏​មាន​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​ដែរ ដូច្នេះ​យើង​គ្រប់​គ្នា​តែង​មាន​ចំណុច​ដែល​យើង​ត្រូវ​រៀន​ថែម​ទៀត ហើយ​លូតលាស់​ក្នុង​នាម​ជា​មនុស្ស និង​ជា​ប្ដី​ប្រពន្ធ មិន​ថា​ឥឡូវ​នេះ​ឬ​ក៏​នៅ​អនាគត​ក៏​ដោយ។

ក្រោយ​ពេល​អារម្មណ៍​នៃ​ការឈឺចាប់​របស់​លោកអ្នក​បាន​ចាប់ផ្ដើម​ធូរស្បើយ នោះ​ចូរ​ចំណាយ​ពេល​ស្ងៀមស្ងាត់​ម្នាក់​ឯង បន្ទាប់មក​ចូរ​ចំណាយពេល​ជាមួយ​មិត្តភក្ដិ​ស្និទ្ធស្នាល​មួយ​ចំនួន​ដើម្បី​សួរ​ថា «តើ​ព្រះ​ជាម្ចាស់​បាន​នាំ​ខ្ញុំ​ដល់​ណា​ហើយ ហើយ​តើ​ទ្រង់​បាន​ច្នៃ​ខ្ញុំ​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​បែប​ណា​ហើយ ចេញពី​ការបែកបាក់​ស្នេហា​នេះ?» ចូរ​កត់​សម្គាល់​អំពី​ចំណុច​ដែល​លោកអ្នក​ចង់​លូតលាស់ ឧទាហរណ៍៖ ខាង​​ព្រះគុណ ការ​គិតគូរ ការ​ស្មោះ​ត្រង់ និង​ការ​កាន់តែ​ដូច​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​លោកអ្នក​បន្ត​ជីវិត​ទៅ​មុខ​ទៀត។

គ្មាន​ការបែកបាក់​​ទំនាក់ទំនង​ណា​ដែល​ខ្លាំង​ជាង​​ទំនាក់ទំនង​ស្នេហា​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​អារម្មណ៍​យើង​យ៉ាង​ខ្លាំង ហើយ​វា​ជា​ការ​មួយ​ដែល​ឈឺចាប់​បំផុត​ចំពោះ​យើង។ ដូច្នេះ​ហើយ​បាន​ជា​ពេល​នោះ​ជា​ពេល​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្កើត​ក្ដី​សង្ឃឹម​ជា​ថ្មី ហើយ​សញ្ជឹង​គិត​អំពី​ខ្លួន​ឯង​ក្នុង​របៀប​ដ៏​ត្រឹមត្រូវ​ទាក់ទង​នឹង​បុព្វហេតុ​ដែល​នាំ​ឲ្យ​បែកបាក់។ ចូរ​សួរ​គំនិត​យោបល់​ពី​អ្នកជឿ​ផ្សេង​ផងដែរ។

៩. ព្រះ​យេស៊ូវ​នឹង​ជួយ​លោកអ្នក​ឲ្យ​រក​បាន​នូវ​អំណរ​ពេល​ដែល​លោកអ្នក​កំពុង​តែ​ខូចចិត្ត

ពេល​ដែល​យើង​នៅ​ឯកា ហើយ​មាន​អារម្មណ៍​ថា យើង​ត្រូវ​បាន​គេ​បោះបង់​ចោល ការ​នោះ​ពិបាក​នឹង​ឲ្យ​យើង​ជឿ​ថា ​អ្នកដទៃ​យល់​អំពី​អារម្មណ៍​ដែល​យើង​កំពុង​តែ​ឆ្លង​កាត់​នោះ​ណាស់។ គំនិត​បែប​នេះ​ប្រហែលជា​ពិត​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​លោកអ្នក ប៉ុន្តែ​ចំពោះ​ព្រះ​គ្រីស្ទ​វិញ គ្មាន​ការ​ណា​មួយ​ដែល​ទ្រង់​មិន​អាច​យល់​បាន​ឡើយ។

ព្រះ​យេស៊ូវ​បាន​យាង​មក ហើយ​បាន​ទទួល​ការឈឺចាប់ ដើម្បី​នឹង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​មនុស្ស​ឈឺ​ចាប់។ «ទ្រង់​នឹង​មិន​ផ្ដាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ឡើយ ទាល់​តែ​បាន​នាំ​សេចក្ដី​យុត្តិធម៌​ឲ្យ​មាន​ជ័យជម្នះ ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់» (ម៉ាថាយ ១២:២០-២១)។

អំណរ​របស់​យើង​គឺ​មិនមែន​ដោយ​ការ​ដឹង​ថា ព្រះ​យេស៊ូវ​បាន​ឆ្លង​កាត់​ការ​ពិបាក​នោះ​ទេ។ ចំណេះ​ដឹង​នោះ​មិន​អាច​ឲ្យ​យើង​បាន​ធូរ​ចិត្ត​ច្រើន​នោះ​ទេ។ ប៉ុន្តែ​អំណរ​របស់​យើង​គឺ​ការ​ដែល​យើង​ដឹង​ថា ព្រះ​យេស៊ូវ​បាន​រងទុក្ខ​ជំនួស​យើង បាន​សុគត ហើយ​បាន​រស់​ឡើង​វិញ ដើម្បី​បញ្ឈប់​ការ​រងទុក្ខ​របស់​រាស្ត្រ​ទ្រង់។ ព្រះ​បាន​សង្គ្រោះ​លោកីយ៍​នេះ ហើយ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​តាមរយៈ​ការរងទុក្ខ​របស់​ទ្រង់ និង​ការ​រងទុក្ខ​របស់​លោកអ្នក​ដែល​ដើរ​តាម​ព្រះ​យេស៊ូវ (ក្នុង​ករណី​នេះ​គឺ​ការបែកបាក់​ស្នេហា) លោកអ្នក​ក៏​មាន​ចំណែក​ក្នុង​ជ័យជម្នះ​នោះ​ដែរ ដែល​នោះ​ជា​ជ័យជម្នះ​ដ៏​ធំ​បំផុត។ ចំពោះ​អស់​អ្នក​ដែល​ដាក់​ក្ដី​សង្ឃឹម​លើ​ព្រះ​យេស៊ូវ នោះ​ទ្រង់​បាន​ដាក់​ថ្ងៃ​កំណត់​លើ​គ្រប់​ការឈឺចាប់​សម្រាប់​យើង​ហើយ (ឧទាហរណ៍៖ ជំងឺ​មហារីក ការ​ដែល​គេ​ស្ដី​ឲ្យ​ដោយ​មិន​សម​ហេតុផល ឬ​ក៏​ការបែកបាក់​ស្នេហា។ល។)។ ទ្រង់​ក៏​បាន​រៀប​ចំ​គម្រោង​ការ​ថ្មី​សម្រាប់​យើង​រហូត​ដល់​ពេល​យើង​មាន​ការ​រួបរួម​ជាមួយ​នឹង​ព្រះ​សង្គ្រោះ​របស់​យើង​ដែល​បាន​រងទុក្ខ​ជំនួស​យើង​ក្នុង​ក្ដីស្រឡាញ់​ដែរ។

ព្រះ​យេស៊ូវ​បាន​នាំ​មុខ​មុន​សម្រាប់​អស់​អ្នក​ដែល​មាន​ការ​ខូចចិត្ត ដើម្បី​នឹង​រៀបចំ​ផ្លូវ​ឲ្យ​មាន​អំណរ​ក្នុង​ការឈឺចាប់។ យើង​មាន​ជីវិត​រស់នៅ តស៊ូ ហើយ​លូតលាស់​តាមរយៈ​ការ​សម្លឹង​មើល​ទៅ​កាន់​ទ្រង់ «ទាំង​រំពឹង​មើល​ដល់​ព្រះ​យេស៊ូវ​ដ៏​ជា​មេផ្ដើម ហើយ​ជា​មេ​សម្រេច​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ​ឲ្យ​តែ​បាន​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ» (ហេព្រើរ ១២:២)។ ក្ដី​អំណរ​របស់​ទ្រង់​ចំពោះ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ទាស់​នឹង​អំពើ​បាប គឺជា​មូលហេុត​ចម្បង ហើយ​ក៏​ជា​មូលហេុត​ដ៏​ធំ​បំផុត​សម្រាប់​យើង​ក្នុង​ការ​សង្វាត​ចាប់​យក​អំណរ​ ក្រោយពី​បែកបាក់​ស្នេហា មិន​ត្រូវ​រស់នៅ​ដោយ​មាន​វិប្បដិសារី​នឹង​ការ​ហ្នឹង​នោះ​ឡើយ។

ប្រសិនបើ​លោកអ្នកជឿ​លើ​ចំណុច​នោះ ដូច្នេះ​ចូរ​រៀន​ពី​ការបែកបាក់​ស្នេហា​នេះ ដោយ​ដឹង​ថា ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស​ផ្លូវ​នោះ​សម្រាប់​លោកអ្នក ដើម្បី​ឲ្យ​លោកអ្នក​លូត​លាស់ និង​ដើម្បី​ឲ្យ​លោកអ្នក​មាន​ការ​ស្កប់ស្កល់​នៅ​អស់កល្បជានិច្ច។ ​ទំនាក់ទំនង​ស្នេហា​ដែល​លោកអ្នក​មាន​នៅ​លើ​លោក​នេះ​នឹង​មិន​នៅ​ស្ថិតស្ថេរ​ទេ ប៉ុន្តែ​ចំណុច​ល្អៗ​ដែល​នឹង​កើត​ឡើង​ចេញ​ពី​ទំនាក់ទំនង​នោះ មិន​ថា​តាមរយៈ​ការឈឺចាប់ ឬ​ក៏​ការបែកបាក់​ស្នេហា​ក៏​ដោយ វា​នឹង​នៅ​ស្ថិតស្ថេរ​ជា​ដរាប!

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Marshall Segal
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា លោក ជួប ប៊ុនហាក់ និងលោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ចេះ​អរ​ព្រះគុណ

ឈប់