in

លទ្ធផល​​​នៃ​ការ​មើល​រូប​អាសអាភាស​ដែល​ឥត​គិត​ថ្លៃ

The High Cost of Free Porn

លោក ធែរី ហ្គ្រូវស៍ (Terry Crews) ជា​បុរស​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​ជា​ច្រើន៖ គាត់​ជា​អ្នក​លេង​បាល់ NFL អាជីព ជា​អ្នក​ថត​កុន ហើយ​បើ​និយាយ​ឲ្យ​ខ្លី​ទៅ គាត់​ជា​បុរស​ម្នាក់​ដែល​មើល​ទៅ​អស្ចារ្យ​ខ្លាំង​ណាស់។ ប៉ុន្តែ គាត់​ក៏​មាន​លក្ខណសម្បត្តិ​មួយ​ផ្សេង​ទៀត​ដែល​ខុស​ពី​អ្នក​ដទៃ​ដែរ៖ នៅ​ក្នុង​យុគសម័យ​នៃ​ភាព​ពេញ​និយម​ក្នុង​ការ​រួម​ភេទ គាត់​បែរ​ជា​មាន​ប្រសាសន៍​ទាក់ទង​នឹង​គ្រោះថ្នាក់​នៃ​ការ​មើល​រូប​អាសអាភាស​ទៅ​វិញ។ គាត់​បាន​និយាយ​សារភាព​នៅ​ក្នុង​វីដេអូ​ខ្លី​មួយ​ថា «គ្រប់​ពេល​ដែល​ខ្ញុំ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស វា​តែងតែ​មាន​រនាំង​មួយ​មក​ឃាំង​ខ្ញុំ។ វា​ដូច​ជា​មាន​ដុំ​ឥដ្ឋ​មួយ​ដុំ​ថែម​ទៀត​មក​ឃាំង​ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ»។

តម្លៃ​ខ្លះៗ​ដែល​យើង​នឹង​ត្រូវ​ខាត​បង់​នោះ​គឺ ខ្លួន​ឯង គ្រួសារ​របស់​យើង ក្រុម​ជំនុំ​របស់​យើង និង​ព័ន្ធកិច្ច​របស់​យើង ប៉ុន្តែ​ចូរ​ចាំ​ថា ព្រះ​គ្រីស្ទ​បាន​បង់​ថ្លៃ​លោះ​សម្រាប់​ការ​ទាំង​អស់​នោះ​រួច​ហើយ ជា​ពិសេស​ចំពោះ​អស់​អ្នក​ដែល​ព្រម​ទទួល​ជឿ ហើយ​ដើរ​តាម​ទ្រង់។

ទីបន្ទាល់​របស់​លោក ហ្គ្រូស៍ (Crews) បាន​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​សង្គម (social media)។ មនុស្ស​ជា​ច្រើន​បាន​កត់សម្គាល់​ឃើញ​ពី​ភាព​គ្រោះ​ថ្នាក់​នៃ​ការ​មើល​រូបភាព ឬ​វីដេអូ​អាសអាភាស​ដែល​ប៉ះពាល់​ដល់​ខ្លួន​ផ្ទាល់។ តាម​ពិត គ្មាន​អ្នក​ណា​អាច​នឹង​មើល​រំលង​ពី​គ្រោះ​ថ្នាក់​នៃ​ផល​ប៉ះពាល់​នោះ​បាន​ឡើយ។ ទំហំ​នៃ​គ្រោះថ្នាក់​ដោយ​សារ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស វា​ធំ​ខ្លាំង​ណាស់។ សូម្បី​តែ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ដោយ​ឥត​គិត​ថ្លៃ​ក៏​នៅ​តែ​មាន​ផលកម្ម​ខ្ពស់​ដែរ។ លើស​ពី​ការ​បង្ខូច​ខួរក្បាល និង​ការ​បំផ្លាញ​ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នក​ដ៏​ទៃ ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ក៏​ថែម​ទាំង​រារាំង​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ផែនដី​នេះ​ដែរ។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​បី​យ៉ាង​ដែល​កើត​មក​ពី​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ដែល​អាច​រារាំង​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ ហើយ​ខ្ញុំ​ក៏​បាន​លើក​ឡើង​អំពី​ក្ដី​សង្ឃឹម​ខ្លះៗ​សម្រាប់​យើង​ទាំង​អស់​គ្នា ដែល​ជា​មនុស្ស​មាន​បាប​ផង​ដែរ៖

១. ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​រារាំង​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង

ព្រះ​ជាម្ចាស់​មាន​ព័ន្ធកិច្ច​ជា​ច្រើន​ដែល​ទ្រង់​ចង់​បំពេញ​តាម​រយៈ​រាស្ត្រ​របស់​ទ្រង់។ ព្រះ​អង្គ​មិន​ប្រើ​ប្រាស់​មនុស្ស​ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​នគរ​របស់​ទ្រង់​ឡើយ។ សព្វថ្ងៃនេះ អ្នក​ជឿ​គ្រប់រូប​ដែល​បាន​កើត​ជា​ថ្មី​ហើយ​ត្រូវ​តែ​បន្ត​តយុទ្ធ​ជាមួយ «មនុស្ស​ចាស់» ជា​ដាច់​ខាត (២កូរិនថូស ៥:១៧; កូឡូស ៣:៩-១០)។ យើង​ចង់​បោះបង់​អំពើ​បាប​របស់​យើង​ចោល ប៉ុន្តែ​លុះត្រា​តែ​ព្រះ​ជាម្ចាស់​សម្រេច​ការ​នេះ ដូច្នេះ​យើង​ត្រូវ​តែ​បន្ត​រស់​នៅ​ក្នុង​ការ​តយុទ្ធ​តទៅ​ទៀត។ យើង​មិន​ត្រូវ​ព្រងើយកន្តើយ​ចំពោះ​សាច់​ឈាម​របស់​យើង​នោះ​ឡើយ (រ៉ូម ៨:១៣; កូឡូស ៣:៥)។

បើ​និយាយ​ឲ្យ​ខ្លី​ទៅ ខ្ញុំ​មិន​ដែល​ឮ​អ្នក​ជឿ​ព្រះ​យេស៊ូវ​លើក​ឡើង​ថា គាត់​កំពុង​តែ​មាន​ភាព​ឆេះឆួល​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ និង​ក្នុង​ការ​អធិស្ឋាន នៅ​ពេល​ដែល​គាត់​កំពុង​បំពេញ​ចំណង់ចិត្ត​របស់​គាត់​ខាង​ឯ​សាច់​ឈាម​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ។

ប៉ុន្តែ នៅ​ពេល​ដែល​យើង​ចុះចូល​ចំពោះ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស គឺ​មាន​ន័យ​ថា យើង​បាន​អនុញ្ញាត​ឲ្យ​ជីវិត​ខាង​ឯ​ព្រលឹង​វិញ្ញាណ​របស់​យើង​ចុះ​ខ្សោយ​ហើយ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ខ្ញុំ​មិន​ដែល​ឮ​អ្នក​ជឿ​ព្រះ​យេស៊ូវ​លើក​ឡើង​ថា គាត់​កំពុង​តែ​មាន​ភាព​ឆេះឆួល​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ និង​ក្នុង​ការ​អធិស្ឋាន នៅ​ពេល​ដែល​គាត់​កំពុង​បំពេញ​ចំណង់ចិត្ត​របស់​គាត់​ខាង​ឯ​សាច់ឈាម​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ។ នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង​ម្នាក់ៗ អំពើ​បាប​តែងតែ​នាំ​ឲ្យ​យើង​បរាជ័យ ពោល​គឺ​មិន​មែន​គ្រាន់​តែ​ក្នុង​ចំណុច​បរិសុទ្ធ​របស់​យើង​ខាង​ឯ​ផ្លូវ​ភេទ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​បរាជ័យ​ក្នុង​គ្រប់​ជ្រុងជ្រោយ​នៃ​ជីវិត​បរិសុទ្ធ​ទាំង​មូល​ផង​ដែរ (រ៉ូម ១២:២; ១ថែស្សាឡូនីច ៤:៣)។ ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​នឹង​បង្វែរ​ចិត្ត​លោកអ្នក​ឲ្យ​លែង​អើពើ​ចំពោះ​ប្ដី​ប្រពន្ធ​ខ្លួន ហើយ​យើង​ក៏​នឹង​ចាប់​ផ្ដើម​ឈប់​រវីរវល់​ចំពោះ​កូន​ចៅ​ដែរ។ យើង​នឹង​ឈប់ឈោង​ចាប់​អ្នក​មិន​ជឿ​នៅ​កន្លែង​ធ្វើ​ការ ក៏​ដូច​ជា​អ្នក​ជិត​ខាង​របស់​យើង​ដែរ ព្រោះ​យើង​ដឹង​ថា យើង​កំពុង​តែ​រស់នៅ​ក្នុង​សេចក្ដី​កុហក និង​ភាព​រអៀស​ខ្លួន។ ការ​ដែល​យើង​ព្យាយាម​បំពេញ​ភាព​ស្កប់ស្កល់​ខាង​ឯ​ភាព​ត្រេក​ត្រអាល​របស់​យើង​នឹង​រារាំង​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​យើង​ជា​មួយ​ព្រះ​គ្រីស្ទ។

២. ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​រារាំង​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ជីវិត​ក្រុមជំនុំ​របស់​យើង

នៅ​ពេល​ដែល​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ ចុះចូល​ចំពោះ​ការ​បំពេញ​បំណងប្រាថ្នា​របស់​ខ្លួន​ខាង​ឯ​សាច់ឈាម នោះ​មាន​ន័យ​ថា គាត់​បាន​បន្ថយ​ភាព​រស់រវើក​នៅ​ក្នុង​ក្រុមជំនុំ​នោះ​ហើយ។ អ្នក​ដឹកនាំ​ក្នុង​ក្រុមជំនុំ​ណា​ដែល​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ជា​ទម្លាប់​នឹង​ឈប់​មើល​ថែ​ចៀម​របស់​ខ្លួន ព្រោះ​គាត់​បាន​ឈប់​មើល​ថែ​ខ្លួន​ឯង​ហើយ។ ប្រសិន​បើ​សមាជិក​ដែល​មាន​អំណោយ​ទាន​ក្នុង​ការ​បម្រើ​បែរ​ជា​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ឥត​ឈប់ឈរ នោះ​គាត់​នឹង​ចាប់​ផ្ដើម​លែង​មាន​ចិត្ត​ចង់​ជួយ​ក្រុមជំនុំ ក៏​ដូច​ជា​ឈោង​ចាប់​អ្នក​មិន​ទាន់​ជឿ​ផ្សេង​ទៀត។ នៅ​ពេល​ណា​អ្នក​ដឹកនាំ និង​សមាជិក​ក្រុមជំនុំ​ចាប់ផ្ដើម​ឃ្លាត​ចេញ​ពី​ព្រះ នោះ​ពួក​គាត់​នឹង​លែង​ជួយ​អ្នក​ដែល​មាន​តម្រូវការ​ទៀត​ហើយ។

ក្រុមជំនុំ​នៅ​គ្រប់​ទី​កន្លែង មិន​ថា​តូច ឬ​ធំ សុទ្ធតែ​មាន​ចំណែក​ក្នុង​ការ​បំពេញ​មហា​បេសកកម្ម​របស់​ព្រះ​យេស៊ូវ (ម៉ាថាយ ២៨:១៨-២០)។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​ជឿ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់ ក៏​ដូច​ជា​ចុះចូល​ចំពោះ​ភាព​ត្រេក​ត្រអាល​របស់​ខ្លួន នោះ​មាន​ន័យ​ថា ពួក​គាត់​ក៏​បាន​អនុញ្ញាត​ឲ្យ​ពន្លឺ​នៃ​ដំណឹងល្អ​អន់​ខ្សោយ​ចុះ​ដែរ។ ដោយសារ​សមាជិក​មាន​ភាព​កម្សោយ នោះ​មាន​ន័យ​ថា ព័ន្ធកិច្ច​ក្រុមជំនុំ​ទៅ​កាន់​អ្នក​ជិត​ខាង​ក៏​នឹង​ធ្លាក់​ចុះ​ផង​ដែរ។

៣. ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​រារាំង​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​នៅ​លើ​ផែន​ដី​ទាំង​មូល

នៅ​ពេល​ដែល​សមាជិក​ក្រុមជំនុំ​មិន​លន់តួ​បាប​ខ្លួន នោះ​មាន​ន័យ​ថា ព័ន្ធកិច្ច​រួម​គ្នា​នៅ​ក្នុង​ក្រុមជំនុំ​នោះ​នឹង​មាន​ការ​អន់​ថយ​ដែរ។ បុរស និង​ស្ត្រី​ដែល​ធ្លាប់​មាន​ចិត្ត​ឆេះឆួល​ក្នុង​ការ​លះបង់​អ្វីៗ​ទាំង​អស់​ចោល ដើម្បី​ចេញ​ទៅ​ផ្សាយ​ដំណឹងល្អ​នៅ​លើ​លោក​នេះ នឹង​លែង​ចង់​ចេញ​ទៅទៀត ព្រោះ​ពួក​គាត់​ចង់​នៅ​ផ្ទះ អស់​កម្លាំង ហើយ​ក៏​បាន​លង់​ក្នុង​ភាព​ងប់ងុល​នៃ​លោកីយ៍​នេះ។ អ្នក​ដឹកនាំ​ដែល​មាន​អំណោយ​ទាន​ក្នុង​ការ​លើក​ទឹក​ចិត្ត​ក្រុមជំនុំ​ឲ្យ​ថ្វាយ​តង្វាយ​ច្រើន​ជាង​មុន ក៏​ដូច​ជា​ផ្ដោត​ទៅ​លើ​ការ​ចេញ​ទៅ​ផ្សាយ​ដំណឹង​ល្អ នឹង​មិន​ហើប​មាត់​ទៀត​ឡើយ ព្រោះ​ពួក​គាត់​ខ្លាច​មាន​គេ​ដឹង​ពី​អំពើ​បាប​អាថ៌កំបាំង​របស់​ខ្លួន។ សរុប​សេចក្ដី​ទៅ ក្រុមជំនុំ​ទាំង​មូល​នឹង​គិត​តែ​ពី​ខ្លួន​ឯង ដែល​នោះ​ជា​ហេតុ​ដែល​នឹង​បណ្ដាល​ឲ្យ​មនុស្ស​បាត់បង់​មិន​បាន​ឮ​ដំណឹងល្អ​សូម្បី​តែ​ពាក្យ​មួយ​ម៉ាត់​សោះ។ នៅ​ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​មក​រារាំង​មហា​បេសកកម្ម​របស់​ព្រះ​ជាម្ចាស់ នោះ​ក៏​មាន​ន័យ​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​រងទុក្ខ​ហើយ។

ទោះ​បើ​ថា​នេះ​ជា​ការ​សោកស្ដាយ​ដ៏​ធំ​ក៏​ដោយ ក៏​វា​មិន​ទាន់​ធំ​បំផុត​នៅ​ឡើយ​ដែរ។ បញ្ហា​ដ៏​ធំ​នោះ​គឺ៖ ព្រះ​ជាម្ចាស់​មិន​បាន​ទទួល​សិរីល្អ​ដែល​ទ្រង់​ស័ក្តិសម​នឹង​ទទួល​បាន​ពី​គ្រប់​ជាតិ​សាសន៍​នៅ​លើ​ផែនដី​នេះ ដែល​ពួក​គេ​គួរ​សរសើរ​តម្កើង​ទ្រង់។ ព្រះ​យេស៊ូវ​មិន​បាន​ទត​ឃើញ​ក្រុមជំនុំ​របស់​ព្រះ​អង្គ ចេញ​ទៅ​បង្កើត​សិស្ស​តាម​​ព្រះ​រាជបញ្ជា​របស់​ទ្រង់​ដែល​ថា «ចូរ​ទៅ​បង្កើត​សិស្ស» នោះ​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​បែរ​ជា​ទត​ឃើញ​ពួក​គេ​លង់​ស្នេហ៍​ដោយ​ងប់ងុល​នឹង​សាច់​ឈាម​របស់​ខ្លួន ជា​ជាង​ព្រះ​យេស៊ូវ​ដែល «បាន​ទទួល​សិទ្ធិ​អំណាច​ទាំងអស់ ទាំង​នៅ​ស្ថានសួគ៌ និង​នៅ​ផែនដី» ទៅ​វិញ (ម៉ាថាយ ២៨:១៨ គគខ)។

ព្រះ​យេស៊ូវ​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​អនុញ្ញាត​ពី​នរណា​ម្នាក់​ទេ

ចំពោះ​ក្រុមជំនុំ​ដែល​កំពុង​អន់​ថយ ចូរ​កុំ​ទាន់​បាក់​ទឹក​ចិត្ត​ឡើយ ព្រោះ​នៅ​មាន​ដំណឹងល្អ​នៅ​ឡើយ៖ យើង​មិន​បំពេញ​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​ដោយ​ពឹង​លើ​កម្លាំង​ខ្លួន​ឯ​ង​ទេ។ ក្រុមជំនុំ​កើត​ចេញ​មក​ពី​ព្រះ​គ្រីស្ទ ដឹកនាំ​ដោយ​ព្រះ​គ្រីស្ទ ហើយ​ក៏​មាន​ការ​គាំទ្រ​ដោយ​ព្រះ​គ្រីស្ទ​ដែរ។ ព្រះ​ជាម្ចាស់​មិន​បាន​បោះបង់​យើង​ចោល​ឲ្យ​នៅ​ឯកា​ម្នាក់​ឯង​ក្នុង​ការ​ដោះស្រាយ​អំពើ​បាប​របស់​ខ្លួន​ទេ។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ព្រះ​គ្រីស្ទ​បាន​ដេញ​តាម​រាស្ត្រ​របស់​ទ្រង់​ដោយ​គ្មាន​ការ​រា​ថយ​ឡើយ ហើយ​ទ្រង់​ក៏​ពេញ​ដោយ​ព្រះ​គុណ​ក្នុង​ការ​សង្គ្រោះ​ពួក​គេ​ដែរ។

ការ​ដែល​យើង​ព្យាយាម​បំពេញ​ភាព​ស្កប់ស្កល់​ខាង​ឯ​ភាព​ត្រេក​ត្រអាល​របស់​យើង​នឹង​រារាំង​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​យើង​ជា​មួយ​ព្រះ​គ្រីស្ទ។

ព្រះ​យេស៊ូវ​មិន​រង់ចាំ​ការ​អនុញ្ញាត​ពី​អ្នក​ណា​ទេ។ បើ​ប្រៀប​ធៀប​នឹង​អ្នក​ផ្សព្វផ្សាយ​ផលិត​ផល​អ្វី​មួយ គឺ​ព្រះ​យេស៊ូវ​មិន​ខ្សោយ​ដូច​ពួក​គេ​ទេ។ ដូច្នេះ ចូរ​កុំ​គិត​ថា យើង​នឹង​ពិបាក​ក្នុង​ការ​ទៅ​រក​ទ្រង់​នោះ​ឡើយ។ ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​បុរស​សាមញ្ញៗ​ឲ្យ​មក​ធ្វើ​ជា​សិស្ស​របស់​ទ្រង់។ ព្រះ​យេស៊ូវ​បាន​ទៅ​ព្យាបាល​អស់​អ្នក​ដែល​ឈឺ។ ព្រះ​យេស៊ូវ​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ព្រះ​យេស៊ូវ​បាន​យាង​ទៅ​សុគត​លើ​ឈើ​ឆ្កាង​ជំនួស​មនុស្ស​មាន​បាប ទ្រង់​បាន​សង្គ្រោះ​ពួក​គេ ហើយ​ក៏​បាន​នាំ​ពួកគេ​ឲ្យ​មាន​ការ​រួបរួម​ជាមួយ​នឹង​ទ្រង់​ផ្ទាល់​ផង​ដែរ។ យើង​នឹង​ត្រូវ​បង់​ថ្លៃ​យ៉ាង​ខ្ពស់​ចំពោះ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស។ តម្លៃ​ខ្លះៗ​ដែល​យើង​នឹង​ត្រូវ​ខាត​បង់​នោះ​គឺ ខ្លួន​ឯង គ្រួសារ​របស់​យើង ក្រុមជំនុំ​របស់​យើង និង​ព័ន្ធកិច្ច​របស់​យើង។ ប៉ុន្តែ ចូរ​ចាំ​ថា ព្រះ​គ្រីស្ទ​បាន​បង់​ថ្លៃ​លោះ​សម្រាប់​ការ​ទាំង​អស់​នោះ​រួច​ហើយ ជា​ពិសេស​ចំពោះ​អស់​អ្នក​ដែល​ព្រម​ទទួល​ជឿ ហើយ​ដើរ​តាម​ទ្រង់។

ការ​យល់​ដឹង​របស់​យើង​អំពី​ព្រះ​យេស៊ូវ​មាន​អត្ថ​ប្រយោជន៍​ណាស់​ទាក់ទង​នឹង​ការ​តយុទ្ធ​របស់​យើង​ចំពោះ​ការ​មើល​រូបភាព និង​វីដេអូ​អាសអាភាស។ ព្រះ​យេស៊ូវ​ជ្រាប​ថា យើង​ជា​អ្នក​ណា ទ្រង់​ជ្រាប​ថា យើង​មិន​គួរ​ធ្វើ​នូវ​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ​ទេ ប៉ុន្តែ ទ្រង់​នឹង​មិន​បោះបង់​យើង​ចោល​ឡើយ។ ព្រះ​អង្គ​នឹង​ចេញ​ទៅ​រក​ចៀម​ដែល​បាត់បង់ សូម្បី​តែ​មួយ​ក៏​ព្រះ​អង្គ​នឹង​ចេញ​ទៅ​ដែរ (លូកា ១៥:១-៧)។ ព្រះ​អង្គ​ប្រទាន​កម្លាំង​ដល់​យើង ទោះ​បី​ជា​នៅ​ពេល​ដែល​ទ្រង់​ស្ដី​បន្ទោស​យើង ក៏​ព្រះ​អង្គ​នៅ​តែ​ស្ដារ​យើង​ឡើង​វិញ​ដែរ។ អារក្សសាតាំង​រក​រឿង​យើង ហើយ​ព្យាយាម​បំផ្លាញ​យើង ប៉ុន្តែ ព្រះ​យេស៊ូវ​វិញ ទ្រង់​អធិស្ឋាន​ជំនួស​យើង ហើយ​ប្រទាន​កម្លាំង​ដល់​យើង ដើម្បី​ឲ្យ​យើង​អាច​យក​ជ័យជម្នះ​តាម​រយៈ​ព្រះ​វិញ្ញាណ​របស់​ទ្រង់ (រ៉ូម ៨:៣៧; ហេព្រើរ ៧:២៥; វិវរណៈ ១២:១០-១២)។ ទោះបី​ជា​ព័ន្ធកិច្ច​មិន​សូវ​សកម្ម​ក៏​ដោយ ក៏​ព្រះ​យេស៊ូវ​នឹង​ធ្វើ​ឲ្យ​វា​រស់​រវើក​ឡើង​វិញ​បាន​ដែរ។

ខ្លាំង​ជាង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​ទៅ​ទៀត

តម្រូវការ​ដ៏​ធំ​បំផុត​សម្រាប់​គ្រីស្ទ​បរិស័ទ​ក្នុង​ការ​តយុទ្ធ​ជា​មួយ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស គឺ​មិន​មែន​ជា​អាវុធ​ថ្មី ឬ​ក៏​វិធី​ថ្មី​នោះ​ទេ ប៉ុន្តែ​គឺ​យើង​ត្រូវការ​ព្រះ​គ្រីស្ទ​ផ្ទាល់! ព្រះ​យេស៊ូវ​គឺ​ជា​ចម្លើយ​ចំពោះ​អ្នក​ជឿ​ណា​ដែល​ខ្សោយ​ខាង​ឯ​វិញ្ញាណ​ដែល​ពួក​គាត់​ខ្សោយ​រហូត​ដើរ​ទៅ​មុខ​លែង​រួច។ ព្រះ​យេស៊ូវ​នឹង​ដាស់​អ្នក​ដែល​កំពុង​គេង​ឲ្យ​ភ្ញាក់​ឡើង ហើយ​ប្រទាន​កម្លាំង​ដល់​ពួក​អ្នក​ខ្សោយ។ ព្រះ​យេស៊ូវ គឺ​ជា​ចម្លើយ​ចំពោះ​ក្រុមជំនុំ​ដែល​មិន​សូវ​មាន​ការ​រស់​រវើក។ ព្រះ​អង្គ​នឹង​ប្រទាន​កម្លាំង​ដល់​ដៃ​អ្នក​ដឹកនាំ និង​សមាជិក​ក្រុមជំនុំ ដោយ​ជួយ​ពួក​គេ​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​ជា​ថ្មី និង​ជួយ​ពួក​គេ​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​វរបិតា​ដោយ​បំពេញ​ព័ន្ធកិច្ច​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​គេ (យ៉ូហាន ៦:៣៨)។ ព្រះ​យេស៊ូវ​នឹង​ស្ដារ​ក្ដី​សង្ឃឹម ព្រមទាំង​គោល​បំណង​ឡើង​វិញ​ចំពោះ​អស់​អ្នក​ដែល​មិន​សូវ​មាន​ភាព​ឆេះឆួល​ក្នុង​ការ​បម្រើ​ព័ន្ធកិច្ច​របស់​ទ្រង់។

ប្រសិនបើ​ក្រុមជំនុំ​ណា​មួយ​អនុញ្ញាត​ឲ្យ​សមាជិក​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស ការ​អនុញ្ញាត​បែប​នោះ​នឹង​ធ្វើ​ឲ្យ​ក្រុមជំនុំ​កាន់​តែ​ខ្សោយ​ទៅៗ។ តែ​ចូរ​សរសើរ​ព្រះ​ជាម្ចាស់ ព្រោះ​ព្រះ​យេស៊ូវ​ទ្រង់​ខ្លាំង​ជាង​ការ​មើល​រូបភាព និង​វីដេអូ​អាសអាភាស​ទៅ​ទៀត។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Owen Strachan
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ លោក ជួប ប៊ុនហាក់ និង​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

Leave a Reply
    • បាទ បង បងអាចយកមេរៀន​ទាំងនេះ​ ទៅបង្រៀនដល់ពួកជំនុំ ឲ្យ​ជៀសវាង​គេចចេញ​ពី​អំពើបាប​មួយ​នេះ​ទាំក់ទង​នឹង​ការ​មើលរូបភាព​ និង​វីដេអូ​អាសអាភាស។ នៅ​ស្រុកខ្មែរ​សំបូរ​ណាស់ ហើយ​ក៏​មាន​ករណីរំលោភ សម្លាប់ច្រើន​ផង​ដែរ ។ ក្នុង​នាម​យើង​គ្រីស្ទបរិស័ទ​ យើង​គួរតែ​គេចចេញ ហើយ អន្តរគមន៏​លើ​បញ្ហាមួយនេះ សូមអធិស្ឋាន​ដល់​ពួកជំនុំ​ទាំង​អស់ ។ សូមព្រះ​ប្រទាន​ពរ!!!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

អ្នក​នាំ

ពេញ​លេញ