«ដូច្នេះ អស់អ្នកណាអ្នករាល់គ្នាដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់នោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ» (លូកា ១៤:៣៣)។ មនុស្សភាគច្រើនគិតថា លក្ខខណ្ឌនៃភាពជាសិស្សរបស់ព្រះគ្រីស្ទក្នុងខគម្ពីរមួយនេះពិបាកអនុវត្តជាងគេ។ តាមពិត មានមនុស្សជាច្រើនមិនសូវចូលចិត្តខគម្ពីរនេះនោះទេ។ អ្នកទេវវិទូអាចបង្កើតលេសបានជាងមួយពាន់ហេតុផលដែលថា ខគម្ពីរនេះមិនមែនមានន័យថា ត្រូវលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់នោះទេ ប៉ុន្តែយើងដែលជាសិស្សសាមញ្ញៗងាយនឹងទទួលយកខគម្ពីរនេះ ហើយទទួលស្គាល់ថា ព្រះគ្រីស្ទជ្រាបពីអ្វីដែលទ្រង់បានមានបន្ទូល។ តើការលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់មានន័យយ៉ាងដូចម្ដេច? នេះមានន័យថា សិស្សរបស់ទ្រង់ត្រូវលះបង់ទ្រព្យសម្បត្តិដែលមិនចាំបាច់របស់ខ្លួនទាំងអស់ចោល ដើម្បីយកវាមកប្រើប្រាស់ក្នុងការផ្សាយដំណឹងល្អ។ បុគ្គលណាដែលលះបង់គ្រប់អ្វីៗទាំងអស់ចោល នោះមិនមែនមានន័យថា គាត់ចំណាយពេលដោយឥតប្រយោជន៍នោះទេ។ គាត់នៅតែខំប្រឹងធ្វើការ ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់នាពេលបច្ចុប្បន្នរបស់គ្រួសារគាត់ និងខ្លួនគាត់ផ្ទាល់។ ប៉ុន្តែ ចាប់តាំងពីគាត់បានមានចិត្តឆេះឆួល ដើម្បីផ្សព្វផ្សាយពីព្រះគ្រីស្ទមក គាត់បានដាក់ចិត្តដាក់កាយទាំងស្រុងក្នុងការងាររបស់ព្រះជាម្ចាស់ខ្ពស់ជាងការផ្គត់ផ្គង់តម្រូវការបច្ចុប្បន្នរបស់គាត់ទៅទៀត ហើយបានផ្ញើអនាគតទាំងស្រុងនឹងព្រះជាម្ចាស់តែម្ដង។ នៅក្នុងការស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាម្ចាស់ជាចម្បង គាត់ជឿថា គាត់នឹងមិនចេះខ្វះម្ហូបអាហារ និងសំលៀកបំពាក់សោះឡើយ។ គាត់មិនសុខចិត្តក្ដោបលុយរបស់គាត់ ស្របពេលដែលគាត់ដឹងថា មានមនុស្សដែលត្រូវការដំណឹងល្អជាច្រើនកំពុងតែវិនាស។ គាត់មិនចង់ខ្ជះខ្ជាយជីវិតរបស់គាត់ដោយការបង្កើតទ្រព្យសម្បត្តិដែលនឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់អារក្ស នៅពេលដែលព្រះគ្រីស្ទយាងមកយកពួកបរិសុទ្ធរបស់ទ្រង់នោះឡើយ។ គាត់ចង់ស្ដាប់តាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់ដែលទាស់នឹងការប្រមូលទ្រព្យសម្បត្តិទុកនៅលើផែនដីនេះ។ គាត់បានឯកភាពនឹងសម្ដីរបស់លោក ដេវីឌ លីវីងស្តូន (David Livingstone) ទាក់ទងនឹងការលះអាល័យអ្វីៗទាំងអស់ចោលថា «ខ្ញុំសោកស្ដាយណាស់ដែលខ្ញុំគ្មានអ្វីសេសសល់ថ្វាយទៅទ្រង់ទៀត»។
[bctt tweet=”«ខ្ញុំសោកស្ដាយណាស់ដែលខ្ញុំគ្មានអ្វីសេសសល់ថ្វាយទៅទ្រង់ទៀត» – David Livingstone” username=”plovpit”]
សេចក្តីទាំងនេះ គឺជាលក្ខខណ្ឌទាំងប្រាំពីរយ៉ាងនៃភាពជាសិស្សរបស់ព្រះគ្រីស្ទ។ លក្ខខណ្ឌទាំងប្រាំពីរនេះមានភាពច្បាស់លាស់ ហើយក៏មិនមានមន្ទិលសង្ស័យអ្វីនោះដែរ។ ពិតប្រាកដណាស់ យើងបានដាក់ទោសខ្លួនឯងថាជាអ្នកបម្រើដែលគ្មានបានផលចំណេញ ដោយសារយើងមិនបានអនុវត្តតាមលក្ខខណ្ឌទាំងនេះបានទាំងស្រុង។ ប៉ុន្តែ តើសេចក្តីពិតរបស់ព្រះជាម្ចាស់នឹងត្រូវបង្ខាំងជារៀងរហូតដោយសារការបរាជ័យនៃប្រជារាស្ត្ររបស់ទ្រង់ឬ? តើវាមិនមែនជាការពិតទេឬអីដែលថា សារលិខិតតែងតែធំជាងអ្នកនាំសារនោះ? តើវាមិនមែនជាការត្រឹមត្រូវទេឬអីដែលថា ព្រះជាម្ចាស់ទ្រង់ពិតត្រង់ ហើយមនុស្សគ្រប់ៗគ្នាគឺជាអ្នកភូតភរ? តើយើងមិនគួរនិយាយឲ្យដូចអ្វីដែលអ្នកជឿជំនាន់មុនលើកឡើងថា «សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេច ទោះបើខ្ញុំត្រូវវិនាសក៏ដោយ» ទេឬអី?
ស្របពេលដែលយើងសារភាពពីការបរាជ័យកន្លងមករបស់យើង នោះចូរឲ្យយើងហ៊ានប្រឈមមុខនឹងបញ្ញត្តិរបស់ព្រះគ្រីស្ទចំពោះយើង ហើយសូមឲ្យយើងទាំងអស់គ្នាព្យាយាមធ្វើជាសិស្សដ៏ពិតប្រាកដរបស់ព្រះអម្ចាស់ដ៏រុងរឿងនៃយើងចាប់ពីពេលនេះតទៅ។
ឱ! ម្ចាស់ខ្ញុំអើយនាំខ្ញុំទៅទ្វារទ្រង់ផង
ខ្ញុំត្រៀមត្រាប់ត្រងចោះត្រចៀកសាជាថ្មី
សូមចងខ្ញុំឲ្យជាប់នូវចំណងសេរី
ស៊ូទ្រាំឃ្មាតខ្មីនឿយហត់ស្ដាប់បង្គាប់ទ្រង់។— លោក អេឆ. ជី. ស៊ី. ម៉ូល (H. G. C. Moule)
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…