in ,

គ្រឿង​អេឡិចត្រូនិក​ដែល​គ្មាន​ការ​ដាក់​ការ​កំណត់

Teens and Unrestricted Access: Time to Repent

Group of young teenager friends chilling out together using smartphone social media concept

ថ្មីៗ​នេះ​គេ​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​នូវ​ស្ថិតិ និង​របាយការណ៍​ជា​ច្រើន ក៏​ដូចជា​ការ​ធ្វើ​ការ​បទ​សម្ភាស​ដោយ​មាន​វាគ្មិន​ផ្សេងៗ​ចូលរួម ក៏ប៉ុន្តែ​មើលទៅ​បញ្ហា​នោះ​ហាក់បី​ដូចជា​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ស៊ី​ជម្រៅ និង​មាន​ការ​វែកញែក​ឲ្យ​បាន​ល្អិតល្អន់​ដោយ​យកចិត្ត​ទុកដាក់​នៅ​ឡើយ​ទេ។ នៅ​ត្រង់​នេះ យើងខ្ញុំ​កំពុង​តែ​និយាយ​អំពី​ពួកក្មេងៗ​វ័យ​ជំទង់ ដែល​ពួកគាត់​ប្រើប្រាស់​នូវ​ទូរស័ព្ទ​ទំនើបៗ (smartphones) និង​ថេបផ្លេត​ (tablets) ដោយ​គ្មាន​ការ​ដាក់​ការ​កំណត់។ យើងខ្ញុំ​មាន​ការ​ឯកភាព​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​សម្រង់​សម្ដី​ដែល​លោកគ្រូ រ៉ូសសិល ម័រ (Russell Moore) ដែល​គាត់​ទើបតែ​បង្ហោះ​ទៅ​លើ​ប្រព័ន្ធ​បណ្ដាញ​ធ្វិតធ័រ (twitter) ក្នុង​សង្គម​ថ្មីៗ​នេះ​ដោយ​បាន​លើកឡើង​ថា «យើងខ្ញុំ​ពិត​ជា​អស់​ពាក្យ​ថ្លែង​អ្វី​ទៀត​ហើយ នៅពេល​ដែល​យើងខ្ញុំ​ឃើញ​ឪពុកម្ដាយ​ឲ្យ​កូន​របស់​ខ្លួនៗ (ដែល​ពួកគាត់​ស្ថិតនៅ​ក្នុង​វ័យ​ជំទង់​នៅ​ឡើយ) ប្រើប្រាស់​នូវ​ទូរស័ព្ទ​ទំនើបៗ​ដែល​មាន​ដូចជា iPhone ឬ​ក៏ iPadដោយ​គ្មាន​ដាក់​ច្បាប់​ទម្លាប់​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ទាល់​តែ​សោះ»។

យើង​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ដែល​ទាក់ទង​ទៅ​នឹង​ការ​ញៀន​នៃ​ការ​មើល​រូបភាព ឬ​ក៏​រឿង​អាសអាភាស ប៉ុន្តែ​មើល​ទៅ​យើង​ហាក់​បី​ដូចជា​មិនទាន់​មាន​ការ​ទាស់​ប្រឆាំង​នឹង​អ្នក​ចែកចាយ​គ្រឿងញៀន​នោះ​នៅ​ឡើយ​ទេ។ តើ​អ្នក​ណា​ជា​អ្នក​ចែកចាយ? ចម្លើយ​គឺ៖ ឪពុកម្ដាយ​ផ្ទាល់​តែម្ដង។ ឪពុកម្ដាយ​ពិត​ជា​ល្ងីល្ងើ​មែន ព្រោះ​ពួកគាត់​បាន​អនុញ្ញាត​ឲ្យ​កូនៗ​វ័យ​ជំទង់​របស់​ពួកគាត់ (ក៏​ដូចជា​កូនៗ​ដែល​រៀប​នឹង​ឈាន​ចូល​វ័យ​ជំទង់) មាន​សិទ្ធិ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើបៗ​ដោយ​មាន​សេរីភាព​គ្រប់បែប​គ្រប់យ៉ាង ហើយ​តាមរយៈ​ការ​ធ្វើ​បែប​នោះ គឺ​ហាក់បី​ដូចជា​ពួកគាត់​បើកដៃ​ឲ្យ​ពិភព​ខាងក្រៅ​ដែល​ជា​សង្គម​ងងឹត​ឲ្យ​ចូល​មក​ស្នាក់នៅ​ក្នុង​បន្ទប់​ជាមួយ​កូនៗ​របស់​ពួកគាត់​រាល់​ពេល​យប់​ជាមួយ​អញ្ចឹង។

ទំនង​ជា​មាន​អ្នក​ខ្លះ​កំពុង​គិត​ថា យើងខ្ញុំ​និយាយ​ពន្លើស​ខ្លាំង​ពេក​ហើយ ប៉ុន្តែ​បន្ទាប់​ពី​យើងខ្ញុំ​ទើប​តែ​បាន​បញ្ចប់​ពី​ការ​បោះជំរំ​ជាមួយ​យុវជន​នៅ​ព្រះវិហារ​របស់​យើងខ្ញុំ​ថ្មីៗ​នេះ ខណៈ​ពេល​ដែល​ពួកគាត់​វ៉ាកង យើងខ្ញុំ​បាន​ឃើញ​យ៉ាង​ជាក់​ច្បាស់​ម្ដងទៀត​អំពី​ភាព​ដ៏​ល្ងីល្ងើ​បំផុត ដែល​ឪពុកម្ដាយ​បាន​ធ្វើ (បើ​និយាយ​ឲ្យ​ខ្លី​ទៅ គ្មាន​ពាក្យ​មួយ​ណា​ដែល​និយាយ​ស្រួល​ស្ដាប់​ជាង​នេះ​ទៀត​ទេ)។ អ្វីៗ​ដែល​យុវជន​របស់​យើង​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម (ឧ. ហ្វេសប៊ុក (Facebook)) គឺ​នៅ​ត្រង់​ថា ពួកគាត់​បាន​បង្ហាញ​នូវ​រាល់​ចំណុច​ជា​ច្រើន ហើយ​ចំណុច​មួយ​ដែល​ច្បាស់​លាស់​នោះ​គឺ ឪពុក​ម្ដាយ​មិន​មាន​វត្តមាន​នៅ​ក្នុង​បណ្ដាញ​សង្គម​នោះ​ទាល់តែ​សោះ។

យើងខ្ញុំ​ធ្លាប់​មាន​ការ​ពិភាក្សា​ច្រើន​លើស​លប់​ណាស់​ជាមួយ​នឹង​សិស្សានុសិស្ស ដែល​ពួកគាត់​មាន​ការ​ញៀន និង​ការ​មើល​រូបភាព និង​រឿង​អាសអាភាស ដូចគ្នា​ផង​ដែរ យើងខ្ញុំ​ក៏​មាន​ការ​ពិភាក្សា​ជា​ច្រើន​លើស​លប់​ជាមួយ​នឹង​ឪពុកម្ដាយ ដែល​ពួកគាត់​មើល​ទៅ​ហាក់បី​ដូចជា​មិនសូវ​ដឹង​ថា​កូនៗ​របស់​ពួកគាត់​កំពុង​តែ​ធ្វើ​អ្វី​ខ្លះ​លើ​បណ្ដាញ​ប្រព័ន្ធ​អ៊ីនធឺណិត​ទាល់​តែ​សោះ។ ប្រសិនបើ​ព្រះ​ជាម្ចាស់ មិន​មាន​អំណាច​យ៉ាង​ពេញលេញ ឬ​ក៏​មិន​មាន​អធិបតេយ្យភាព ក៏​ដូចជា​មិនមែន​ជា​ព្រះ​ដែល​សោយរាជ្យ​អស់​កល្ប នោះ​យើងខ្ញុំ​ទំនង​ពិត​ជា​នឹង​មាន​ក្ដី​បារម្ភ​លើស​ដើម​ទៅ​ទៀត ទាក់ទង​ទៅ​នឹង​ឥទ្ធិពល​នៃ​ការ​មិន​អើពើ​របស់​យើង ដែល​វប្បធម៌​របស់​យើង​ដែល​កំពុងតែ​កើត​មាន​ឡើង​សម្រាប់​នា​ពេល​អនាគត ក៏​ដូចជា​សម្រាប់​ក្រុមជំនុំ​ផង​ដែរ។ ហេតុ​ដូច្នេះ ​ហើយ​បាន​ជា​យើងខ្ញុំ​លើកឡើង​ជា​ការ​ប្រឹក្សា​៦​យ៉ាង​ជូន​ចំពោះ​ឪពុកម្ដាយ ដែល​ក្នុង​នាម​យើងខ្ញុំ​ជា​គ្រូ​គង្វាល​យុវជន​ម្នាក់ ដែល​មិន​ធ្វើ​ពុត​ថា ខ្លួន​ឯង​ចេះ​សព្វ​គ្រប់​អស់​នោះ​ទេ​ទាក់ទង​ទៅ​នឹង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនៗ។

១. ចូរ​កែ​ប្រែ​ចិត្ត

ព្រះ​ជាម្ចាស់​ដែល​ទ្រង់​មាន​ព្រះទ័យ​សន្ដោស គឺ​ទ្រង់​បាន​ប្រទាន​នូវ​អំណោយទាន​មក​ដល់​លោកអ្នក​យ៉ាង​ល្អ​ក្រៃលែង នោះ​គឺ​ជា​កូនៗ​របស់​លោកអ្នក។ តាំង​ពី​មុន​ព្រះ​ជាម្ចាស់​បាន​បុក​គ្រឹះ​ផែនដី​នេះ ព្រះ​អង្គ​បាន​ជ្រើសរើស​លោកអ្នក​ឲ្យ​ក្លាយ​ជា​ឪពុក​ម្ដាយ​របស់​ពួកគាត់​រួច​ស្រេច​ទៅ​ហើយ។ ខណៈ​ពេល​ដែល​សេចក្ដី​សង្គ្រោះ​គឺ​កើតមាន​ឡើង​ចេញ​ពី​ព្រះ​ជាម្ចាស់​ផ្ទាល់ ក៏​ព្រះ​អង្គ​នៅ​តែ​រំពឹង​ចង់​ឲ្យ​លោកអ្នក ធ្វើ​ជា​អ្នក​មើល​ថែរក្សា​បី​បាច់​កូនៗ​របស់​លោកអ្នក​គឺ ដើម្បី​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះអង្គ។ ហេតុ​ដូច្នេះ​ហើយ ចូរ​ប្រែចិត្ត ដោយ​លះបង់​នូវ​ការ​ខ្ជិល​ច្រអូស​របស់​លោកអ្នក​ចេញ ទាក់ទង​នឹង​ចំណុច​នេះ។ ប្រសិនបើ​លោកអ្នក​មិន​បាន​ដាក់​ដែន​កំណត់​នៅ​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើបៗ​របស់​កូនៗ​ខ្លួន​ទេ នោះ​មាន​ន័យ​ថា លោកអ្នក​មិន​ទាន់​ដឹង​រឿង​អ្វី​ទាល់តែ​សោះ ទាក់ទង​នឹង​ការ​ដែល​កូនៗ​របស់​លោកអ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើបៗ​របស់​ពួកគាត់។ បាទ! យើងខ្ញុំ​និយាយ​បែប​នេះ គឺ​ចង់​និយាយ​សំដៅ​ទៅ​កាន់​លោកអ្នក ដែល​ជា​ឪពុក​ម្ដាយ​ផ្ទាល់​តែ​ម្ដង។ ចូរ​ទូល​សូម​ឲ្យ​ព្រះជាម្ចាស់​អត់ទោស​ដល់​លោកអ្នក​ទៅ ដោយ​ព្រោះ​ទ្រង់​ជា​អង្គ​ដែល​ប្រទាន​កូនៗ​ទាំង​នោះ​មក​ដល់​លោកអ្នក ហើយ​ចូល​ទូល​សូម​ឲ្យ​កូនៗ​របស់​លោកអ្នក​ឲ្យ​អភ័យទោស​ដល់​លោកអ្នក​ផង​ដែរ ដោយសារ​លោកអ្នក​គឺ​ជា​អ្នក​ផ្គត់ផ្គង់​ឲ្យ​ពួកគាត់​មាន​ការ​ញៀន​ខ្លាំង​ទៅៗ។

២. ចូរ​រៀន​បន្ថែម​ទៀត

ជា​ការ​ពិត​ណាស់! ប្រព័ន្ធ​អ៊ីនធឺណិត​នា​សម័យ​កាល​នេះ គឺ​កំពុង​មាន​ការ​ជឿនលឿន​ឥត​ឈប់ឈរ​យ៉ាង​ខ្លាំង​ណាស់ ហេតុ​ដូច្នេះ​ហើយ យើង​មាន​ការ​ពិបាក​ណាស់ ក្នុង​ការ​ចេះ​ប្រើប្រាស់​នូវ​គ្រឿង​អេឡិចត្រូនិក​ថ្មីៗ។ ប៉ុន្តែ នោះ​មិនមែន​ជា​មូលហេតុ​សម​ហេតុ​សម​ផល​ទេ ដែល​លោកអ្នក​អាច​យក​មក​ធ្វើ​ជា​លេស ហើយ​លើក​ទង់ជ័យ​ស​សុំ​ចុះចាញ់​នោះ​ទេ។ លោកអ្នក​អាច​ធ្វើ​ការ​សង្កេត​មើល​ថា តើ​កូនៗ​របស់​លោកអ្នក បាន​ចំណាយ​ពេល​ជា​ច្រើន​ទៅ​លើ​គ្រឿង​អេឡិចត្រូនិក​មួយ​ណា​ជាង​គេ? ចូរ​ធ្វើ​ការ​ដក​ហូត​ទូរស័ព្ទ ដែល​លោកអ្នក​បាន​ទិញ​ឲ្យ​ពួកគាត់ ហើយ​ចាប់ផ្ដើម​ឆែក​មើល​ថា តើ​ពួកគាត់​បាន​ប្រើប្រាស់​នូវ​កម្មវិធី ឬ​ក៏​តំឡើង​កម្មវិធី​ក៏​​ដូច​ជា​ទាញ​យក (download) អ្វី​ខ្លះ? សូម​ចូរ​ទៅ​កាន់​គេហទំព័រ grovo.com ដែល​មាន​រៀបរាប់​អំពី​សកម្មភាព​នូវ​រឿងរ៉ាវ​របស់​គេហទំព័រ​នានា ក៏​ដូចជា​កម្មវិធី (apps)ផ្សេងៗ ដោយ​ចង់​ដឹង​ថា តើ​វា​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច។ ហើយ​សូម​ចូល​ទៅ​គេហទំព័រ​មួយ​ទៀត​របស់​លោក វ៉ាត ម្យូលើ (Walt Mueller) ដែល​មាន​ឈ្មោះ​ថា Center for Parent/Youth Understanding លោក​អ្នក​អាច​ធ្វើ​បែប​នេះ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ឲ្យ​យើង​អាច​ដឹង​ថា យុវជន​នៅ​សម័យ​កាល​បច្ចុប្បន្ន​នេះ តើ​ពួកគាត់​កំពុងតែ​ពេញ​និយម​ទៅ​លើ​អ្វី​ជាង​គេ ឬ​ថា​តើ​ពួកគាត់​កំពុង​មាន​ចំណាប់​អារម្មណ៍​លើ​អ្វី​ជាង​គេ។ ក្នុង​នាម​ជា​ឪពុកម្ដាយ ដាច់ខាត​លោកអ្នក​ត្រូវតែ​ចាប់ផ្ដើម​ទាញ​យក (download) នូវ​កម្មវិធី (apps) ឲ្យ​ដូច​ទៅ​នឹង​កម្ម​វិធី ដែល​កូនៗ​របស់​លោកអ្នក​កំពុង​តែ​ប្រើប្រាស់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ពួកគាត់ ហើយ​ព្យាយាម​ស្វែងយល់​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត​ថា តើ​កម្មវិធី​នោះ​ជា​កម្មវិធី​បែប​យ៉ាង​ដូចម្ដេច? ប្រសិនបើ​លោកអ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការ​ឆែក​មើល​នៅ​ក្នុង​គេហទំព័រ​ទាំង​អស់​នោះ ឬ​ក៏​ម្យ៉ាង​ទៀត​ថា លោកអ្នក​អសមត្ថភាព មិន​ដឹង​ត្រូវ​ធ្វើ​បែប​យ៉ាង​ដូចម្ដេច​ទាក់ទង​នឹង​គេហទំព័រ​ទាំង​អស់​នោះ​ទេ នោះ​យើងខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​លោកអ្នក​ឲ្យ​ព្យាយាម​ស្វែងរក​នរណា​ម្នាក់​ដែល​អាច​ជួយ​លោកអ្នក​បាន។

៣. ចូរ​សុំ​ជំនួយ​ពី​ក្រុមជំនុំ

ក្នុង​ព្រះ​គុណ និង​សេចក្ដី​មេត្តា​ករុណា​ដែល​គ្មាន​ព្រំដែន​របស់​ព្រះ​ជាម្ចាស់ ព្រះ​អង្គ​បាន​ប្រទាន​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ឲ្យ​ពួកគាត់​មាន​អំណោយ​ទាន​ជា​ច្រើន។ ចូរ​ស្រែក​សរសើរ​តម្កើង​ព្រះជាម្ចាស់ ដែល​ទ្រង់​បាន​បង្កើត​ក្រុម​ជំនុំ​របស់​ទ្រង់​ឲ្យ​មាន​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​ការ​សិក្សា ពោល​គឺ​មិនមែន​គ្រាន់តែ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​រៀន​សូត្រ​អំពី​នេះ និង​អំពី​នោះ​ទាក់ទង​ទៅ​នឹង​គ្រឿង​អេឡិចត្រូនិក​ថ្មីៗ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគាត់​ថែម​ទាំង​មាន​សេចក្ដី​អត់ធ្មត់​ក្នុង​ការ​បង្រៀន​ដល់​អ្នក​ដទៃ​អំពី​គ្រឿង​អេឡិចត្រូនិក​ទាំង​នោះ​ទៀត​ផង។ ចូរ​ស្វែងរក​នរណា​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​លោកអ្នក​ដែល​មាន​អំណោយទាន ក៏​ដូចជា​ចេះ​ច្រើន​ទាក់ទង​ខាង​ផ្នែក​កុំព្យូទ័រ ចូរ​សុំ​ជួប​ពួកគាត់​ដោយ​មាន​ការ​ប្រកប​គ្នា​ដោយ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​គ្នា—ដែល​ធាតុ​ពិត​គាត់​អាច​នឹង​បង្រៀន​បែប​ជា​ថ្នាក់​រៀន​ទៅ​ចំពោះ​អស់​អ្នក​ដែល​មិន​សូវ​ជា​មាន​ចំណេះ​ដឹង​អំពី​គ្រឿង​អេឡិចត្រូនិក​ទៀត​ផង​ក៏​មិន​ដឹង។ វិធី​ដ៏​សាមញ្ញ​មួយ​ទៀត​ដែល​លោកអ្នក​អាច​ធ្វើ​បាន គឺ​ចាប់ផ្ដើម​ផ្ញើរ​អ៊ីមែល (e-mail) បែប​ជា​ក្រុម​ជាមួយ​អ្នក​ពូកែ​ខាង​ផ្នែក​អេឡិចត្រូនិក ដែល​ពួកគាត់​អាច​នឹង​បង្រៀន​លោកអ្នក​អំពី​ចំណុច​ផ្សេងៗ​ដែល​លោកអ្នក​គួរ​យក​ចិត្ត​ទុកដាក់​លើ។ ចំណុច​គោល​គឺ​ចូរ​ប្រើ​អំណោយ​ទាន ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ក្នុង​ក្រុមជំនុំ ដើម្បី​នឹង​ជួយ​លោកអ្នក​ក្នុង​សង្គ្រាម​មួយ​នេះ។

៤. ចូរ​ដាក់​ការ​កំណត់

មិន​ថា​លោកអ្នក​បាន​ទិញ ឬ​ក៏​មិន​បាន​ទិញ​ទូរស័ព្ទ​ទំនើប​សម្រាប់​កូនៗ​វ័យ​ជំទង់​របស់​លោកអ្នក ឬ​ក៏​ថា​លោកអ្នក​ជា​អ្នក​បង់ថ្លៃ ឬ​ក៏​មិនមែន​ជា​អ្នក​បង់ថ្លៃ​សេវាកម្ម​អ៊ីនធឺណិត​ដែល​ពួកគាត់​ប្រើប្រាស់​ជា​រៀង​រាល់​ខែ​ក៏​ដោយ ក៏​លោកអ្នក​នៅ​ជា​អ្នក​ដែល​មាន​សិទ្ធ​គ្រប់គ្រាន់​លើ​ពួកគាត់​ដដែល ដូច្នេះ​ដាច់​ខាត​លោកអ្នក​ត្រូវ​តែ​ប្រើប្រាស់​សិទ្ធ​អំណាច​នោះ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​ឲ្យ​លោកអ្នក ដើម្បី​ធ្វើ​ការ​នោះ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ។ ចូរ​ដក​ហូត​ទូរស័ព្ទ​ពី​កូន​របស់​លោកអ្នក​រាល់​ពេល​យប់ ដោយ​មាន​ពេលវេលា​ជាក់​លាក់​ជាមួយនឹង​ពួកគាត់​ក្នុង​ការ​ប្រើប្រាស់។ និយាយ​រួម​ទៅ គ្មាន​អ្វី​សំខាន់​ណាស់​ណា​ទេ​រហូត​ដល់​ពួកគាត់​ត្រូវ​ផ្ញើរ​សារ (SMS) ការ​ឆ្លងឆ្លើយ​រហូត​ដល់​ដំណាក់កាល​ដាច់​យប់​នោះ​ឡើយ។ ប្រសិនបើ​លោកអ្នក​ដឹង​ថា​ពួកគាត់​កំពុង​ផ្ញើរ​រូបភាព​បែប​យ៉ាង​ណា​នោះ ដោយ​ផ្ញើរ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ពេល​យប់​ជ្រៅ​ដូច​នោះ នោះ​ប្រហែល​លោកអ្នក​ទំនង​នឹង​ចង់​វាយ​គាត់​ភ្ជួរ​ក​គាត់​ចោល​ជា​មិនខាន។ ចូរ​កំណត់​ទៅ​លើ​កម្មវិធី (apps) មួយ​ចំនួន​ដែល​ពួកគាត់​កំពុង​តែ​ប្រើប្រាស់​ចុះ។

៥. ចូរ​ប្រាប់​ពួកគាត់​ពី​មូលហេតុ

បើ​និយាយ​ឲ្យ​ខ្លី​ទៅ មាន​ឪពុកម្ដាយ​ជា​ច្រើន​មាន​ភាព​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ប្ដូរ​របៀប​ប្រៀនប្រដៅ​កូនៗ​របស់​ខ្លួន​ពី​ការ​ដែល​មិន​ដែល​អើពើ​ទៅ​ចាប់ផ្ដើម​ប្រើប្រាស់​នូវ​សិទ្ធិ​អំណាច​របស់​គាត់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​កូនៗ​របស់​ខ្លួន។ ប៉ុន្តែ យើង​ក៏​ត្រូវការ​ព្រះគុណ​ពី​ព្រះ​ជាម្ចាស់ ដើម្បី​ឲ្យ​ឪពុកម្ដាយ​អាច​ធ្វើ​ជា​អ្នក​មាន​ចិត្ត​ធម៌​មេត្តា​ក្នុង​ការ​អង្គុយ​ក្បែរ​កូនៗ​ខ្លួន ហើយ​និយាយ​ជាមួយ​ពួកគាត់។ ចូរ​ប្រាប់​កូនៗ​វ័យ​ជំទង់​របស់​លោកអ្នក​ពី​មូលហេតុ​ដែល​លោកអ្នក​ធ្វើ​ការ​ដាក់​ដែន​កំណត់​ទៅ​លើ​ទូរស័ព្ទ​របស់​ពួកគាត់ ហើយ​ចូរ​ប្រាប់​ពួកគាត់​អំពី​រូប​ព្រះ​ក្លែងក្លាយ​មួយ​ចំនួន​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួកគាត់ ហើយ​ចូរ​យក​ឱកាស​នៅ​ពេល​នោះ ដើម្បី​និយាយ​ប្រាប់​ដំណឹង​ល្អ​ដល់​ពួកគាត់​ផង​ដែរ។ ជា​រឿយៗ យើង​តែងតែ​ចង់​និយាយ​ស្ដី​ជាមួយនឹង​កូនៗ​របស់​យើង​ដោយ​មាន​សណ្ដាប់ធ្នាប់—នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​របស់​លោកអ្នក​ហើយ។ ចូរ​ពន្យល់​ពី​ភាព​ទាក់ទង​គ្នា​រវាង​ដំណឹងល្អ​ទៅ​នឹង​ការ​ប្រើប្រាស់​នូវ​គ្រឿង​អេឡិចត្រូនិក​របស់​ពួកគាត់។ វា​ជា​រឿង​ដ៏​សំខាន់​ណាស់​ដែល​លោកអ្នក​ត្រូវ​តែ​និយាយ​ប្រាប់​ពួកគាត់​ថា៖ មូលហេតុ​ដែល​លោកអ្នក​ធ្វើ​ការ​ដាក់​ការ​កំណត់​ទៅ​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​របស់​ពួកគាត់​គឺ​ដោយសារ​លោកអ្នក​ស្រឡាញ់ ហើយនិង​យក​ចិត្ត​ទុកដាក់​ចំពោះ​ពួកគាត់​ជា​ខ្លាំង។ ហើយ​ចូរ​រម្លឹក​ដាស់តឿន​ពួកគាត់​ថា លោកអ្នក​កំពុង​តែ​ព្យាយាម​ការពារ​ពួកគាត់ ចេញ​ពី​សេចក្ដី​ងងឹត និង​ការ​អាក្រក់​ដែល​មាន​នៅ​លើ​លោកីយ៍​នេះ​ផង​ដែរ។

៦. ចូរ​អធិស្ឋាន

ឪពុកម្ដាយ​មួយ​ចំនួន​គឺ​ពិត​ជា​ល្ងីល្ងើ​ណាស់ ព្រោះ​ពួកគាត់​បាន​បើក​ដៃ​ឲ្យ​កូនៗ​ខ្លួន​ប្រើប្រាស់​ទូរស័ព្ទ​ទំនើបៗ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត​ដោយ​សេរី។ ហើយ​ស្រប​ពេល​នោះ​ដែរ ក៏​នៅ​មាន​ឪពុកម្ដាយ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មាន​ទំនួល​ខុសត្រូវ​ចំពោះ​កូនៗ​វ័យ​ជំទង់​របស់​គាត់​ទាក់ទង​នឹង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ទូរស័ព្ទ​ទំនើបៗ ហើយ​ក៏​នៅ​មាន​ឪពុកម្ដាយ​មួយ​ចំនួន​ទៀត​ដែល​នៅ​មាន​ភាព​ភ័យខ្លាច​លើ​ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ទាំង​ស្រុង​តែ​ម្ដង។ ចំពោះ​ឪពុកម្ដាយ​ទាំងនោះ យើងខ្ញុំ​សូម​រម្លឹក​ដល់​ពួកគាត់​ថា យើង​មាន​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ព្រះ​អង្គ​ស្រឡាញ់​យើង។ លោកអ្នក​ភាគ​ច្រើន​គឺ​សុទ្ធតែ​ជា​ឪពុកម្ដាយ​ដ៏​ល្អៗ ហើយ​តាមរយៈ​ព្រះគុណ​របស់​ព្រះ​ជាម្ចាស់ លោកអ្នក​ក៏​កំពុង​តែ​ព្យាយាម​មើល​ថែ​ជីវិត​ដ៏​មាន​តម្លៃ​របស់​កូនៗ​ខ្លួន​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​ដល់​លោកអ្នក​ផង​ដែរ។ ចូរ​ចងចាំ​ថា លោកអ្នក​ក៏​មាន​ព្រះ​វរបិតា ដែល​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ថែរក្សា ក៏​ដូចជា​មាន​ពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​លោកអ្នក និង​កូនចៅ​របស់​លោកអ្នក​ផង​ដែរ។ ព្រះ​អង្គ​គឺ​ជា​ឪពុក​ដ៏​ល្អ​បំផុត ហើយ​ផង​ដែរ​ព្រះ​អង្គ​ក៏​សព្វ​ព្រះ​ហឫទ័យ​ព្រះ​សណ្ដាប់​នូវ​រាល់​អ្វីៗ​ដែល​លោកអ្នក​ព្រួយ​បារម្ភ​ទាក់ទង​នឹង​កូនចៅ​របស់​លោកអ្នក​ផ្ទាល់។ លើស​ពី​នោះ​ទៅ​ទៀត ព្រះអង្គ​គឺ​ជា​អ្នក​ច្នៃ​ប្រឌិត​ដែល​មាន​ពេញ​ទៅ​ដោយ​ទេពកោសល្យ ទាក់ទង​ទៅ​នឹង​រាល់​អ្វី​ដែល​មាន​ថ្មីៗ​នៅ​លើ​ផែនដី​យើង​នេះ។ ហេតុដូច្នេះហើយ ចូរ​បែរ​ទៅ​រក​ទ្រង់​តាមរយៈ​ការ​អធិស្ឋាន ហើយ​ទុកចិត្ត​លើ​ទ្រង់​ចុះ។

និពន្ថ​ដោយ​លោកគ្រូ៖ John Perritt
ចំណាំ៖ ត្រូវបាន​ទទួល​ការ​កែសម្រួល​ដោយ​មាន​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ​ដើម។
បកប្រែ​ដោយ និង​កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និងកញ្ញា យ៉ុន សាឯម
អ្នក​វាយ​ឯកសារ​ចុះ៖ ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អ្នក​រាល់​គ្នា​ជា​ពន្លឺ

អំពើ​បាប ហើយនិង​កូន​របស់​ព្រះ​ជាម្ចាស់