in ,

ត្រូវ​សម្លាប់​អ្វីៗ​ដែល​សម្លាប់​សេចក្តី​ស្រឡាញ់​របស់​អ្នក​​ចំពោះ​ព្រះ

https://youtu.be/UeEa70POSd4

ជា​ញឹក​ញយ ចំណង​ជើង​នៃ​សោកនាដកម្ម​មួយ​តែង​តែ​លេច​ឡើង​នៅ​លើ​ទំព័រ​មុខ​នៃ​ទស្សនាវដ្ដី។ វា​ត្រូវ​បាន​អាន​អ្វី​មួយ​ដូច​ជា «ដោយ​គ្មាន​ការ​សង្ស័យ ម្ចាស់​ត្រូវ​បាន​ស្លាប់​ដោយ​សត្វ​ពស់​ថ្លាន់​ដែល​ខ្លួន​ចិញ្ចឹម អាណាខុនដា»។ សាច់​រឿង​ក៏​បាន​បន្ត​ក្នុង​ការ​ពណ៌នា​អំពី​របៀប​ដ៏​ឆោតល្ងង់​ដែល​ម្ចាស់​បាន​ទិញ​សត្វ​ពស់​មក​ចិញ្ចឹម។ អ្វី​គ្រប់​យ៉ាង​ល្អ​ប្រសើរ រហូត​ដល់​ពេល​សត្វ​ពស់​គេច​ខ្លួន លូន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ម្ចាស់ ឬ​បន្ទប់​កូន​របស់​គាត់ ហើយ​បាន​លេប​ជន​រង​គ្រោះ​ដែល​កំពុង​តែ​ដេក​លក់។

អ្នក​ខ្លះ​ក្នុង​ចំណោម​យើង​ក៏​បាន​ប្រព្រឹត្ត​ទៅ​កាន់​អំពើ​បាប​នៅ​ក្នុង​របៀប​ដូច​គ្នា​នេះ​ដែរ។ យើង​ដឹង​ថា វា​អាច​បង្ក​គ្រោះ​ថ្នាក់ ប៉ុន្តែ​សន្មត​ថា​យើង​អាច​បន្សាំ ហើយ​គ្រប់​គ្រង​លើ​វា​បាន។ ប្រហែល​ជា​អំពើ​បាប​របស់​យើង​ព្រម​ចុះ​ចូល​ជា​មួយ​យើង​មួយ​រយៈ​ពេល មើល​ទៅ​ដូច​ជា​អាច​គ្រប់​គ្រង​លើ​បាន ប៉ុន្តែ​វា​នឹង​តែង​តែ​ស្វែង​រក​ឱកាស ដើម្បី​វាយ​ប្រហារ​ដល់​យើង​ជា​មិន​ខាន។

ទោះ​បើ​យើង​បាន​មាន​សេរី​ភាព​ចេញ​ពី​ទាសករ​នៃ​អំពើ​បាប​ហើយ​ក៏​ដោយ ក៏​និស្ស័យ​បាប​នៃ​សាច់​ឈាម​របស់​យើង​នៅ​តែ​បន្ត​ស្វែង​រក​ឱកាស​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ការ​សម្លាប់​អំពើ​បាប​គឺ​ជា​របៀប​តែ​មួយ​គត់​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ដោះ​ស្រាយ​អំពើ​បាប​ដែល​ជាប់​នៅ​ក្នុង​យើង​ចេញ។ ព្រះ​ជាម្ចាស់​បង្គាប់​យើង​ថា «ចូរ​សម្លាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយ​ស្មន់​ស្មោក​គ្រោក សម្រើប​សំរាល ប៉ង​ប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ» (កូឡូស ៣:៥)។ អំពើ​បាប​បដិសេធ​ការ​ជាប់​ឃុំឃាំង ឬ​ការ​គ្រប់​គ្រង​លើ យើង​ត្រូវ​តែ​សម្លាប់​វា​ចោល។ វា​មិន​ត្រូវ​ទទួល​យក​ការ​ប្រព្រឹត្ត​ដោយ​សន្តិភាព​ឡើយ។ នេះ​ជា​មូល​ហេតុ​ដែល​លោក​គ្រូ ចន អូវិន បាន​ព្រមាន​យ៉ាង​ត្រឹមត្រូវ​ថា «ចូរ​ព្យាយាម​សម្លាប់​អំពើ​បាប បើ​មិន​ដូច្នោះ​វា​នឹង​ព្យាយាម​សម្លាប់​លោក​អ្នក»។

ជំហាន​ដែល​យើង​ឈាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​អំពើ​បាប​គឺ​ជា​បញ្ហា​នៃ​ជីវិត និង​សេចក្តី​ស្លាប់—«ដ្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម នោះ​នឹង​ត្រូវ​ស្លាប់​ទៅ តែ​បើ​សម្លាប់​អំពើ​របស់​រូប​សាច់​ចេញ ដោយ​សារ​ព្រះ​វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​វិញ» (រ៉ូម ៨:១៣)។ ការ​ភ្នាល់​គឺ​ខ្ពស់​ណាស់។ អំពើ​បាប​គ្មាន​បំណង​ក្នុង​ការ​រួម​រស់​ជា​មួយ​យើង​ឡើយ។ វា​ប៉ុន​ប៉ង​គ្រប់​គ្រង​លើ​យើង​វិញ។

សាវ័ក ពេត្រុស បាន​អង្វរ​ដល់​យើង​ឲ្យ «ចៀស​ចេញ​ពី​សេចក្តី​ប៉ង​ប្រាថ្នា​នៃ​សាច់​ឈាម​ដែល​វា​តយុទ្ធ​ប្រឆាំង​នឹង​ព្រលឹង​របស់​យើង» (១ពេត្រុស ២:១១)។ ដរាប​ណា​យើង​នៅ​រស់​នៅ​លើ​ផែនដី​នេះ នោះ​អំពើ​បាប​នឹង​តែង​តែ​ព្យាយាម​អូស​ទាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ហើយ​ជំរុញ​សេចក្តី​ស្រឡាញ់​របស់​យើង​ទៅ​កាន់​គ្រប់​ទាំង​រូប​ព្រះ​ដទៃ​ផ្សេង​ទៀត។ ដូច្នេះ យើង​ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​សម្លាប់​វា​ចោល។ សេចក្តី​ស្រឡាញ់​សម្រាប់​ព្រះ និង​អំពើ​បាប​មិន​អាច​រួម​រស់​ជា​មួយ​គ្នា​បាន​ឡើយ។ សូម​សម្លាប់​ការ​ស្រឡាញ់​អំពើ​បាប​របស់​អ្នក ឬ​ក៏​អំពើ​បាប​នឹង​សម្លាប់​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​ជា​មិន​ខាន។

ហេតុ​អ្វី​បាន​ជា​យើង​មិន​សម្លាប់​អំពើ​បាប​របស់​យើង

ប៉ុន្តែ ពេល​ខ្លះ​យើង​បាន​អែអង់​ក្នុង​ការ​សម្លាប់​អំពើ​បាប​របស់​យើង។ យើង​មិន​បាន​សម្លាប់​អ្នក​ប្រមាញ់​ដែល​ដើរ​ក្រវែល ដោយ​មាន​ចេតនា​អាក្រក់ (១ពេត្រុស ៥:៨)។ យើង​ព្រងើយ​កន្តើយ​ជា​មួយ​នឹង​អំពើ​បាប ដែល​លាក់​ខ្លួន​ជា​មួយ​នឹង​បំណង​ចិត្ត​អាក្រក់​របស់​យើង (លោកុប្បត្ដិ ៤:៨)។ យើង​មិន​ព្រម​ដំឡើង​កម្ម​វិធី​ដែល​ជួយ​មាន​ទំនួល​ខុសត្រូវ ឬ​មិន​ព្រម​ឈប់​ប្រើ​ទូរស័ព្ទ​ដែល​នាំ​ឲ្យ​យើង​ធ្លាក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​បាប​ដដែលៗ។ យើង​មិន​ព្រម​លុប​លេខ​ទំនាក់​ទំនង​ស្នេហ៍​អតីត​ចោល។ យើង​លាក់​បាំង​គណនី​ធនាគារ​ជា​សម្ងាត់។ យើង​បាន​សារ​ភាព​អំពើ​បាប​ខ្លះៗ ប៉ុន្តែ​បាន​លាក់​បាំង​ទុក​ផ្នែក​ខ្មៅ​ងងឹត​បំផុត។

តើ​មាន​អ្វី​កំពុង​រារាំង​យើង​មិន​ឲ្យ​សម្លាប់​អំពើ​បាប​របស់​យើង? ហេតុ​អ្វី​បាន​ជា​លោក​អ្នក​អែអង់​ក្នុង​ការ​សម្លាប់​ជន​ប្រមាញ់ ដែល​ដើរ​ក្រវែល ដើម្បី​បំផ្លាញ​អ្នក​អញ្ចឹង? ខណៈ​ពេល​ដែល​ចិត្ត​របស់​យើង​រៀងៗ​ខ្លួន​ទទួល​បាន​ការ​បោក​បញ្ឆោត​នៅ​ក្នុង​របៀប​ផ្សេងៗ​ពី​គ្នា នោះ​ខ្ញុំ​សូម​ផ្តល់​យោបល់​ថា យើង​មិន​ព្រម​សម្លាប់​អំពើ​បាប​របស់​យើង​ដោយ​រួម​បញ្ចូល​នូវ​ហេតុ​ផល​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១. ពីព្រោះ​យើង​ស្រឡាញ់​អំពើ​បាប

លោក​គ្រូ អហ្គស្ទីន បាន​ធ្លាប់​អធិស្ឋាន​ថា «ឱ​ព្រះ​អម្ចាស់​អើយ! សូម​ប្រោស​ឲ្យ​ទូល​បង្គំ​បាន​បរិសុទ្ធ ប៉ុន្តែ​កុំ​ទាន់​ឥឡូវ​ឡើយ»។ សេចក្តី​អធិស្ឋាន​យ៉ាង​ស្មោះ​ត្រង់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​បង្ហាញ​អំពី​ការ​ស្រឡាញ់​អំពើ​បាប ដែល​តែង​តែ​លង​បន្លាច​ដល់​ចិត្ត​របស់​យើង​ជា​ច្រើន។ យើង​មាន​បំណង​ចិត្ត​ស្រឡាញ់​ព្រះ—និង​ចង់​រស់​នៅ​សម្រាប់​ទ្រង់—ប៉ុន្តែ​យើង​នៅ​តែ​ស្រឡាញ់​អំពើ​បាប។ យើង​ស្អប់​អ្វី​ដែល​យើង​ស្រឡាញ់ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​នៅ​តែ​ស្រឡាញ់​វា។

ប្រហែល​ជា​ភាព​រំភើប​នៃ​ការ​ស្វែង​រក​រឿង​អាសអាភាស​ជួយ​ឲ្យ​លោក​អ្នក​ចេញ​ផុត​ពី​ភាព​ធុញទ្រាន់​របស់​លោក​អ្នក​ក៏​ថា​បាន។ ការ​ឱប​ពី​គូ​ស្នេហ៍​បាន​ធានា​អំពី​តម្លៃ​របស់​លោក​អ្នក ទោះ​បី​វា​គ្រាន់​តែ​សម្រាប់​មួយ​យប់​ក៏​ដោយ។ ការ​ផឹក​ពីរ​ឬ​បី​កែវ​ថែម វា​នឹង​ជួយ​ឲ្យ​ការ​ប្រឈម​មុខ​ជា​មួយ​នឹង​គ្រួសារ​របស់​លោក​អ្នក​កាន់​តែ​ងាយ​ស្រួល​ឡើង។ ភាព​អាថ៌កំបាំង​នៃ​ផ្លែ​ឈើ​ដែល​ហាម​ឃាត់​ពិត​ជា​អស្ចារ្យ​ពេក​ហើយ។ អ្វី​ក៏​ដោយ​ដែល​អ្នក​ស្រឡាញ់​អំពី​អំពើ​បាប នោះ​លោក​អ្នក​ត្រូវ​ដឹង​ថា វា​កំពុង​តែ​សម្លាប់​លោក​អ្នក។ នៅ​ក្នុង​ទី​ងងឹត អំពើ​បាប​មាន​រសជាតិ​ផ្អែម​ណាស់ ប៉ុន្តែ​ពន្លឺ​នៃ​ភាព​ស្រស់​ស្អាត​របស់​ព្រះ​គ្រីស្ទ​បាន​បង្ហាញ​ថា វា​គឺ​ជា​លាមក​ដែល​ស្រោប​ដោយ​ស្ករ។ សូម​ទូល​អង្វរ​ឲ្យ​ព្រះ​ជាម្ចាស់​ផ្លាស់​ប្តូរ​នូវ​អ្វី​ដែល​អ្នក​ស្រឡាញ់​ចុះ។

ឱ​ព្រះ​ជាម្ចាស់​អើយ! សូម​បង្ហាញ​ទូល​បង្គំ​អំពី​អំពើ​បាប​របស់​ទូល​បង្គំ។ តើ​ទូល​បង្គំ​ស្វែង​រក​អ្វី​ចេញ​ពី​វា? សូម​បើក​ភ្នែក​ទូល​បង្គំ​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ទ្រង់​ឃើញ​ដែរ។ សូម​ផ្លាស់​ប្រែ​ចិត្ត​ទូល​បង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ស្រឡាញ់​ការ​សម្លាប់​នូវ​អ្វី​ដែល​ទ្រង់​ស្អប់។

២. ពីព្រោះ​ការ​សម្លាប់​អំពើ​បាប​វា​មាន​ការ​ឈឺ​ចាប់

នៅ​ក្នុង​សៀវភៅ​ប្រលោម​លោក​បុរាណ​របស់​លោក ស៊ី. អែស. លេវីស (C.S. Lewis) អំពី​ការ​លែង​លះ​ដ៏​អស្ចារ្យ (“The Great Divorce”) នោះ​យើង​បាន​ជួប​ប្រទះ​ជា​មួយ​នឹង​អ្នក​ធ្វើ​ដំណើរ​ម្នាក់ ដែល​ញាំញី​ដោយ​សត្វ​បង្កួយ​ក្រហម​ដែល​តំណាង​ឲ្យ​តណ្ហា។ សត្វ​បង្កួយ​បាន​ទំ​នៅ​លើ​ស្មា​របស់​គាត់ ខ្សឹប​ដាក់​ក្នុង​ត្រចៀក​របស់​គាត់ រារាំង​គាត់​ពី​ការ​ដើរ​ឆ្ពោះ​ទៅ​កាន់​ពន្លឺ។ ទេវតា​បាន​សួរ​ទៅ​កាន់​អ្នក​ដំណើរ​នោះ​ថា តើ​គាត់​ចង់​ឲ្យ​សត្វ​ចម្លែក​ដែល​គួរ​ឲ្យ​ខ្លាច​នោះ​បាត់​ឬ​យ៉ាង​ណា ពេល​នោះ​គាត់​ក៏​បាន​ឆ្លើយ​ថា​យល់​ព្រម។ នៅ​ពេល​ដែល​ទេវតា​ចាប់​ច្របាច់​ក​សត្វ​បង្កួយ​នោះ វា​ខ្ញាំ​ក្រចក​របស់​វា ហើយ​អ្នក​ដំណើរ​ក៏​ស្រែក​ឡើង​ថា «លោក​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់»។ ទេវតា​ក៏​ឆ្លើយ​ឡើង​ថា «ខ្ញុំ​មិន​បាន​និយាយ​ថា វា​នឹង​មិន​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​នោះ​ទេ។ ខ្ញុំ​និយាយ​ថា វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ស្លាប់​ទេ»។

ប្រសិន​បើ​លោក​អ្នក​នឹង​សម្លាប់​អំពើ​បាប នោះ​វា​នឹង​មាន​ការ​ឈឺចាប់។ ការ​លន់តួ​នាំ​មក​ជា​មួយ​នូវ​ការ​រំពឹង​ទុក​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច។ ការ​ដក​ខ្លួន​ចេញ​ខាង​រូប​កាយ​នៅ​ពេល​ដំបូង​ប្រហែល​ជា​អាច​នឹង​មាន​អារម្មណ៍​ថា ហួស​ពី​កម្លាំង។ បេះ​ដូង​របស់​គូ​ស្នេហ៍​ប្រហែល​ជា​ត្រូវ​ខ្ទេច​ខ្ទាំ។ លោក​អ្នក​ប្រហែល​ជា​ជួប​នឹង​ភាព​អាម៉ាស់​រាល់​ពេល​ដែល​លោក​អ្នក​ឈាន​ជើង​ចេញ​ពី​ទ្វា​ផ្ទះ។ នៅ​ក្នុង​ដំណើរ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ដំបូង​របស់​ខ្ញុំ ខ្ញុំ​បាន​ជាប់​ក្នុង​អន្ទាក់​នៃ​ភាព​អសីលធ៌​ក្នុង​ទំនាក់​ទំនង ហើយ​ខ្ញុំ​ចង​ចាំ​ដោយ​គិត​ថា ខ្ញុំ​ស៊ូ​ស្លាប់​ជា​ជាង​បែក​ចេញ​ពី​វា ហើយ​ត្រូវ​សារ​ភាព​នូវ​អំពើ​អសីលធម៌​នោះ។

ប្រសិន​បើ​លោក​អ្នក​ដឹង​អំពី​សេរីភាព​នៃ​ការ​ជួប​ជា​មួយ​ព្រះ​ជាម្ចាស់ នោះ​លោក​អ្នក​ក៏​ត្រូវ​តែ​ដឹង​អំពី​ភាព​ឈឺ​ចាប់​នៃ​ការ​សម្លាប់​អំពើ​បាប​ចោល​ដែរ។

ឱ​ព្រះ​ជាម្ចាស់​អើយ! សូម​ប្រទាន​ឲ្យ​ទូល​បង្គំ​មាន​ដួង​ចិត្ត​ដែល​ព្រម​ប្រឈម​ជា​មួយ​ភាព​ឈឺ​ចាប់ ដែល​កើត​ចេញ​ពី​ការ​សម្លាប់​អំពើ​បាប​របស់​ទូល​បង្គំ​ចោល។ សូម​ធ្វើ​អ្វី​ទាំង​អស់​ដែល​អាច​ជួយ​ឲ្យ​ទូល​បង្គំ​អាច​ធ្វើ​បាន​ក្នុង​ការ​មាន​សេរី​ភាព​ចេញពី​ភាព​តណ្ហា ហើយ​សូម​ប្រទាន​ឲ្យ​ទូល​បង្គំ​មាន​ដួង​ចិត្ត​ដែល​ទុក​ចិត្ត​លើ​ទ្រង់​វិញ។ សូម​ប្រើ​ប្រាស់​ភាព​ឈឺ​ចាប់ ដើម្បី​ជួយ​ឲ្យ​ទូល​បង្គំ​មើល​ឃើញ​ព្រះ​អង្គ​កាន់​តែ​ច្បាស់​ជាង​មុន។

៣. ពីព្រោះ​យើង​ភ្លេច​អំពី​ការ​បង់​ថ្លៃ

ទោះ​បី​ជា​រូប​កាយ​របស់​ពួក​អ៊‌ីស្រាអែល​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន​ដែល​ជា​ទឹក​ដី​សន្យា​ក៏​ដោយ តែ​ដួង​ចិត្ត​របស់​ពួក​គាត់​បាន​ឆ្ពោះ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​ដែរ។ ពួក​គាត់​បាន​មើល​ទៅ​កាន់​អតីត​កាល​នៃ​ភាព​ជា​ទាសករ​របស់​ខ្លួន​ថា​ជា​ការ​ល្អ​វិញ។ «យើង​នឹក​រម្លឹក​ពី​ត្រី​ដែល​យើង​បាន​បរិភោគ​នៅ​ស្រុក​អេស៊ីព្ទ​ជា​ឥត​ថ្លៃ ហើយ​ពី​ត្រសក់ ឪឡឹក ខ្ទឹម​ខ្យល់ ខ្ទឹម​សំឡ នឹង​ខ្ទឹម​ស​ផង»(ជនគណនា ១១:៥; និក្ខមនំ ១៦:៣)។ អំពើ​បាប​ល្បួង​យើង​ឲ្យ​សុបិន​ទាំង​ថ្ងៃ​អំពី​ភាព​អស្ចារ្យ​នៃ​ទាសករ​របស់​យើង​ចំពោះ​វា។ វា​ទាក់ទាញ​លោក​អ្នក​ឲ្យ​គិត​អំពី​ភាព​មិន​ធម្មតា​នៃ​ការ​ស្រឡាញ់​អតីត​កាល ដោយ​ថែម​ទាំង​ជំរុញ​ឲ្យ​លោក​អ្នក​ចង់​លោក​អ្នក​ធ្វើ​ឡើង​វិញ​ម្តង​ទៀត។ ការ​សញ្ជឹង​គិត​ដូច្នេះ​នឹង​នាំ​លោក​អ្នក​ឆ្ពោះ​ទៅ​កាន់​ការ​ក្បត់​ជំនឿ​ហើយ។

ឱ​ព្រះ​ជាម្ចាស់​អើយ! សូម​ជួយ​ទូល​បង្គំ​ឲ្យ​ឃើញ​អំពី​អំពើ​បាប​ពី​អតីត​កាល​របស់​ទូល​បង្គំ​ដូច​ដែល​ទ្រង់​ឃើញ​ផង។ សូម​ជួយ​ទូល​បង្គំ​ឲ្យ​ចងចាំ​អំពី​ភាព​ជូរចត់​របស់​វា ជា​ជាង​អំពី​ភាព​ផ្អែម​ល្ហែម​របស់​វា។ សូម​ការពារ​ទូល​បង្គំ​ចេញ​ពី​ការ​មើល​ត្រឡប់​ក្រោយ​វិញ។ សូម​ជួយ​ទូល​បង្គំ​ឲ្យ​មើល​ឃើញ​ព្រះ​អង្គ ហើយ​រីករាយ​ក្នុង​អ្វី​ដែល​ទ្រង់​បាន​ត្រាស់​ហៅ​ទូល​បង្គំ​ធ្វើ មិន​មែន​ពី​អ្វី​ដែល​ទ្រង់​បាន​ហៅ​ទូល​បង្គំ​ឲ្យ​ចាក​ចេញ​នោះ​ឡើយ។

អំណោយ​ដែល​ចាំ​បាច់

ប្រសិន​បើ​យើង​ពិត​ជា​នឹង​មាន​សេរីភាព​ចេញ​ពី​អំពើ​បាប​មែន នោះ​យើង​ត្រូវ​តែ​ជឿ​ជាក់​ថា ការ​សម្លាប់​វា​គឺ​មាន​តម្លៃ​ណាស់។ ប្រភេទ​នៃ​ជំនឿ​ដែល​សម្លាប់​អំពើ​បាប​នេះ​គឺ​ជា​អំណោយ​មក​ពី​ព្រះ។ សូម​អង្វរ​ទ្រង់​ឲ្យ​បង្ហាញ​ឲ្យ​លោក​អ្នក​ឃើញ​អំពី​សេចក្តី​លំអ​នៃ​ព្រះ​វត្តមាន​របស់​ទ្រង់ (ទំនុកតម្កើង ២៧:៤)។ សូម​ទ្រង់​ឲ្យ​ប្រទាន​ឲ្យ​លោក​អ្នក​មាន​សេចក្តី​សង្ឃឹម​នៅ​ក្នុង​សេចក្តី​អំណរ​ដ៏​អស់​កល្ប ដែល​មាន​នៅ​ក្នុង​ព្រះ​ហស្ត​ស្តាំ​ទ្រង់ (ទំនុកតម្កើង ១៦:១១)។ សូម​ទ្រង់​ឲ្យ​ជួយ​លោក​អ្នក​ឲ្យ​មាន​ដួង​ចិត្ត​ដូច​ព្រះ​គ្រីស្ទ «ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើល​ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់»(ហេព្រើរ ១២:២)។

នៅ​ពេល​ដែល​បំណង​ប្រាថ្នា​របស់​យើង​ទទួល​បាន​ការ​ផ្លាស់​ប្រែ នោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ក៏​នឹង​ចម្រើន​កម្លាំង​ដល់​យើង​ក្នុង​ការ​សម្លាប់​គ្រប់​ទាំង​អំពើ​បាប​ដែល​អាច​រារាំង​យើង​មិន​ឲ្យ​រីក​រាយ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់។ គ្មាន​អ្វី​ដែល​ល្អ​វិសេស​ជាង​ព្រះ​វត្តមាន​របស់​ព្រះ​ឡើយ ដូច្នេះ​សូម​សម្លាប់​អំពើ​បាប​របស់​លោក​អ្នក​ចោល មុន​វា​មក​ប្លន់​លោក​អ្នក​ចេញ​ពី​ព្រះ​អង្គ​ចុះ។

ការ​ស្រឡាញ់​ព្រះ និង​អំពើ​បាប​មិន​អាច​មាន​ក្នុង​ពេល​តែ​មួយ​បានទេ។ សូម​សម្លាប់​ការ​ស្រឡាញ់​អំពើ​បាប​របស់​លោក​អ្នក បើ​មិន​ដូច្នោះ​ទេ​អំពើ​បាប​នឹង​សម្លាប់​ការ​ស្រឡាញ់​របស់​លោក​អ្នក​សម្រាប់​ព្រះ​ជាម្ចាស់​ជា​មិនខាន។

និពន្ធដោយ៖ លោកគ្រូ Garrett Kell
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក​ស្រី ឡូញ ស្រីរ័ត្ន និង​ លោក​ សឹម រក្សា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

លោក​អ្នក​ជា​ធូលី​ដី មិន​មែន​ឲ្យ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​ទេ

តើ​អ្នកទទឹង​ច្បាប់​ជា​អ្នក​ណា? (២ថែស្សាឡូនីច ២)