in

ចំណុច៣យ៉ាងអំពីលុយកាក់ដែលព្រះគម្ពីរមិនបាននិយាយ

3 Things Your Bible Doesn’t Say About Money

ព្រះ​ជាម្ចាស់​បាន​លើក​ឡើង​ជា​ច្រើន​ចំណុច​ណាស់ ទាក់ទង​ទៅ​នឹង​ប្រធាន​បទ​អំពី​លុយ​កាក់។

ដូច្នេះ ឥឡូវនេះ យើងខ្ញុំ​នឹង​លើក​ឡើង​នូវ​បី​ចំណុច​ដែល​ព្រះ​គម្ពីរ​មិន​បាន​និយាយ​ទាក់ទង​ទៅ​នឹង​លុយកាក់—មិន​ថា​យើង​ធ្លាប់​បាន​ឮ​អ្វី​ខ្លះ​ក៏​ដោយ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ខុស​ឆ្គង​បី​យ៉ាង៖

១. ព្រះ​ជាម្ចាស់​ធានា​ថា​យើង​នឹង​ក្លាយ​ជា​អ្នកមាន

អ្នក​ដែល​ផ្សាយ​ដំណឹងល្អ​ថា បើ​លោកអ្នក​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ លោកអ្នក​នឹង​ក្លាយ​ជា​អ្នកមាន នោះ​ជា​របៀប​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ពួកគាត់​ដែល​មាន​របៀប​ជា​ច្រើន ប៉ុន្តែ​ចំណុច​ដែល​យើង​ត្រូវ​ចងចាំ​គឺ៖ ប្រាកដ​ណាស់ ព្រះ​ជាម្ចាស់​ប្រទាន​ពរ​ដល់​យើង ពេល​ដែល​យើង​ស្ដាប់​បង្គាប់​ទ្រង់ ហើយ​ព្រះ​អង្គ​ធ្វើ​ការ​នោះ​ដោយ​អនុញ្ញាត​ឲ្យ​យើង​មាន​សម្ភារៈ​ល្អៗ​មួយ​ចំនួន។ សារ​នៃ​ព្រះ​បន្ទូល​បាន​ណែនាំ​ឲ្យ​លោកអ្នក​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​លុយកាក់​របស់​លោកអ្នក នោះ​លោកអ្នក​នឹង​ស្គាល់​ពី​ព្រះ​ពរ​នេះ។ ប្រាកដ​ណាស់! ចំណុច​ដែល​ផ្ទុយ​ពី​ចំណុច​ខាង​លើ​នេះ​គឺ៖ ប្រសិនបើ​លោកអ្នក​កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​យ៉ាប់យ៉ឺន​ផ្នែក​ថវិកា នោះ​មាន​ន័យ​ថា លោកអ្នក​មិន​មាន​ជំនឿ ហើយ​ក៏​មិន​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់​ផង​ដែរ។

ចំណុច​ខុសឆ្គង​ដ៏​ធំ​បំផុត​ចំពោះ​អស់​អ្នក​ដែល​ផ្សាយ​ដំណឹងល្អ​ថា បើ​លោកអ្នក​ទទួល​ជឿ​ព្រះ​យេស៊ូវ នោះ​លោកអ្នក​នឹង​ក្លាយ​ជា​អ្នកមាន​គឺ៖ ពួកគាត់​បាន​អើពើ​ត្រង់​ថា ក្ដី​សន្យា​នៃ​ការ​ទទួល​ព្រះ​ពរ​ផ្នែក​លុយកាក់​គឺ​ស្ថិត​នៅ​ក្រោម​ការ​តាំង​សេចក្ដី​សញ្ញា​ចាស់។ តែ​ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី​មាន​ដំណើរ​ការ​ខុស​គ្នា។ តាម​ពិត​ទៅ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​អ្នក​ដើរតាម​ទ្រង់​ថា ពួកគេ​នឹង​ទទួល​បាន​ព្រះ​ពរ នៅ​ពេល​ដែល​ពួកគាត់​ក្រ ស្រេកឃ្លាន យំសោក ទទួល​ការ​ស្អប់ខ្ពើម​ពី​អ្នក​ដទៃ ត្រូវ​បាន​គេ​ដេញ​ចេញ ត្រូវ​បាន​គេ​ប្រមាថ និង​បដិសេធ​ចោល (លូកា ៦:២០-២២)។

ព្រះ​គម្ពីរ​មិន​បាន​សន្យា​ថា គ្រីស្ទបរិស័ទ​នឹង​ទទួល​បាន​ព្រះ​ពរ​ខាង​ផ្នែក​ថវិកា​នោះ​ទេ! ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​នៅ​មាន​ព្រះបន្ទូល​មួយ​ចែង​ថា៖ ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ពរ ពេល​ដែល​យើង​ស្ដាប់​បង្គាប់​ទ្រង់។ ហើយ​ព្រះ​យេស៊ូវ​ក៏​បាន​សន្យា​ទៀត​ថា៖

«…ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​ដែល​មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ ឥត​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ម្ដាយ​ហើយ​កូន នឹង​ស្រែ​ចំការ ព្រម​ទាំង​សេចក្ដី​បៀតបៀន​ដែរ ហើយ​ដល់​បរ​លោក​នាយ នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជា​និច្ច​ផង។» (ម៉ាកុស ១០:២៩-៣០)

ចំពោះ​គ្រីស្ទបរិស័ទ​ដែល​ថ្វាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់ នោះ​គាត់​នឹង​មិន​ទទួល​បាន​នូវ​អ្វី​ដែល​មិន​ល្អ​វិញ​ពី​ទ្រង់​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ការ​ថ្វាយ​របស់​យើង។ ប៉ុន្តែ តើ​ព្រះ​អង្គ​ធ្វើ​ការ​នោះ​ដោយ​របៀប​ណា​ទៅ? តើ​អ្វី​ទៅ​ជា​របៀប​ធម្មតា​នៃ​ការ​ប្រទាន​ពរ​ពី​ទ្រង់។

ព្រះ​យេស៊ូវ​មិន​មែន​មាន​ន័យ​ថា ប្រសិនបើ​លោកអ្នក​ថ្វាយ​ផ្ទះ​មួយ​ខ្នង​ទៅ​ទ្រង់ នោះ​លោកអ្នក​នឹង​ទទួល​បាន​មក​វិញ​នូវ​ផ្ទះ​១០០​ខ្នង​នោះ​ទេ។ តែ​ព្រះ​អង្គ​ចង់​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​ទទួល​បាន​នូវ​ការ​បើក​ចំហ​នូវ​ផ្ទះ​១០០​ខ្នង​ថែម​ទៀត ហើយនិង​ការ​ស្គាល់​នូវ​ក្រុម​គ្រួសារ​ថ្មីៗ​នៅ​ក្នុង​ព្រះ​វិហារ។

យើង​ត្រូវ​កត់​សម្គាល់​ផង​ដែរ​ត្រង់​ចំណុច​ថា យើង​នឹង​ប្រាកដ​ជា​ទទួល​បាន​នូវ «សេចក្ដី​បៀតបៀន»។ ព្រះ​យេស៊ូវ​មិន​មែន​កំពុង​តែ​មាន​បន្ទូល​ថា ជីវិត​រស់នៅ​របស់​យើង​នឹង​ទទួល​បាន​ព្រះ​ពរ​ដោយ​ភាព​ស្រណុក​សុខ​ស្រួល​នោះ​ទេ ប៉ុន្តែ​យើង​នឹង​ទទួល​បាន​ព្រះ​ពរ​ដោយ​មាន​ទុក្ខ​លំបាក។ គ្មាន​ការ​លះបង់​ណា​មួយ​ដែល​លោកអ្នក​នឹង​ធ្វើ​សម្រាប់​ព្រះ​យេស៊ូវ​ដែល​លោកអ្នក​នឹង​មាន​ការ​សោកស្ដាយ​នោះ​ឡើយ។

ការ​ផ្សាយ​ដំណឹងល្អ​បែប​នេះ​ថា បើ​លោកអ្នក​ទទួល​ជឿ​ព្រះ​យេស៊ូវ នោះ​លោកអ្នក​នឹង​ក្លាយ​ជា​អ្នកមាន នោះ​គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​មួយ​ដ៏​ខុស​ឆ្គង​​យ៉ាង​ខ្លាំង​ណាស់! ប៉ុន្តែ​នៅ​មាន​ចំណុច​ផ្ទុយ​ពី​នេះ​ដែល​ល្អ​មួយ​ដែរ។ ព្រះ​ជាម្ចាស់​ពិត​ជា​ប្រទាន​ពរ​ដល់​ការ​ថ្វាយ​របស់​យើង​មែន។ ការ​ដែល​លោកអ្នក​លះបង់​ដំណើរ​កំសាន្ត​ណា​មួយ​ចោល (ពេលវេលា និង​លុយកាក់) ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​ថ្វាយ​ដល់​ក្រុមជំនុំ នោះ​លោកអ្នក​នឹង​ទំនង​ជា​ឃើញ​ថា លោកអ្នក​នឹង​ទទួល​បាន​ការ​រួបរួម​គ្នា និង​ក្ដី​ស្រឡាញ់​ដ៏​ធំធេង​ក្នុង​ក្រុមជំនុំ​របស់​លោកអ្នក​ជា​មិន​ខាន។ ការ​ដែល​លោកអ្នក​ផ្គត់ផ្គង់​អ្នក​ដទៃ​ដោយ​មាន​ចិត្ត​សន្ដោស នោះ​លោកអ្នក​នឹង​ទំនង​ជា​ឃើញ​ថា អ្នក​នោះ​នឹង​ផ្ដល់​អំណោយ​ទាន​របស់​លោកអ្នក​ដល់​អ្នក​ដទៃ​ទៀត​ផង​ដែរ។ យើងខ្ញុំ​បាន​ប្រើប្រាស់​ពាក្យ «ទំនង» ពីព្រោះ​យើងខ្ញុំ​មិន​ដឹង​ប្រាកដ​ថា ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ពរ​លើ​ការ​ថ្វាយ​របស់​លោកអ្នក​ដោយ​របៀប​ណា​នោះ​ទេ ប៉ុន្តែ​យើងខ្ញុំ​ដឹង​ថា ព្រះ​អង្គ​នឹង​ប្រាកដ​ជា​ប្រទាន​ពរ​ដល់​លោកអ្នក​ជា​មិន​ខាន—ប្រសិន​បើ​មិន​ក្នុង​ជីវិត​នេះ​ទេ នោះ​គឺ​នៅ​ក្នុង​ជីវិត​បន្ទាប់។ យើង​មិន​អាច​ថ្វាយ​ច្រើន​លើស​ជាង​ព្រះ​ជាម្ចាស់​ឲ្យ​នោះ​ទេ។

២. ដាច់ខាត! ព្រះ​ជាម្ចាស់​ត្រូវតែ​ចុះចូល​នឹង​របៀប​របស់​ខ្ញុំ

វា​ជា​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ដែល​យើង​គិត​ថា របៀប​របស់​យើង​គឺ​ជា​របៀប​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហទ័យ​។ ឧទាហរណ៍៖ យើងខ្ញុំ​ចូលចិត្ត​ទិញ​ខោអាវ​ពេល​ដែល​គេ​លក់​ក្នុង​ពេល​បញ្ចុះ​តម្លៃ ជា​ជាង​ការ​ទិញ​ក្នុង​តម្លៃ​ពេញ ហើយ​កា​នេះ​ធ្វើ​យើងខ្ញុំ​មាន​ភាព​ងាយ​ស្រួល​ណាស់​ក្នុង​ការ​មើល​ងាយ​មើល​ថោក​លើ​អស់​អ្នក​ដែល​មិន​ធ្វើ​បែប​នោះ​ដែរ។ ប៉ុន្តែ ប្រាកដ​ណាស់ យើងខ្ញុំ​ក៏​មាន​ការ​ចំណាយ​លុយកាក់​ទៅ​លើ​កា​ទាំង​នេះ ដូច​ជា​ទិញ​កាហ្វេ​នៅ​ហាង​ល្បីៗ ឬ​ក៏​ហូប​ទឹកក្រឡុក និង​ពោះគោ​ឆ្ងាញ់ៗ ដែល​អ្នក​ដទៃ​គិត​ថា វា​មិន​សូវ​ជា​ការ​ចាំ​បាច់​នោះ​ទេ។

ដូច្នេះ នេះ​ឯង​គឺ​ជា​បញ្ហា។ យើង​អាច​មាន​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ធ្លាក់​ក្នុង​ផ្នត់​គំនិត​ថា ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហទ័យ​នឹង​អ្វីៗ​ដែល​យើង​ធ្វើ ហើយ​មើល​ងាយ​របៀប​របស់​អ្នក​ដទៃ។ ប៉ុន្តែ ដាច់ខាត យើង​មិន​ត្រូវ​ប្រៀបធៀប​ការ​ចំណាយ​លុយ​កាក់​ផ្ទាល់​ខ្លួន​របស់​យើង​ទៅ​នឹង​ការ​កោតខ្លាច​ដល់​ព្រះ​ជាម្ចាស់​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​ប្រើប្រាស់​ការ​នោះ​ទុក​ជា​រង្វាស់​នៃ​ការ​ថ្កោល​ទោស​អ្នក​ដទៃ​ឡើយ។ ខណៈ​ពេល​ដែល​យើង​អាច​មើល​ឃើញ​ការ​ចំណាយ​របស់​បុគ្គល​ណា​ម្នាក់ យើង​ក៏​មិន​អាច​យល់​ពី​ហេតុ​ផល​នៃ​ការ​ចំណាយ​របស់​ពួកគេ​ដែរ។ អ្វី​ដែល​យើង​ត្រូវការ​នោះ​គឺ៖ ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់ ហើយ​មាន​ភាព​ស្មោះត្រង់ ក៏ដូចជា​គោរព​របៀប​របស់​អ្នក​ដទៃ និង​សមត្ថភាព​នៃ​ការ​ជជែក​គ្នា​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចាយវាយ​ដោយ​មាន​ភាព​ទៀងត្រង់ និង​ដោយ​ក្ដី​ស្រឡាញ់។ សំណួរ​ខាង​ក្រោម​នេះ​គឺ​ជា​សំណួរ​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​យើង​គួរ​សួរ​ខ្លួន​ឯង៖

  • តើ​អ្វី​ទៅ​ជា​ការ​ចាយវាយ​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ? ហេតុ​អ្វី?
  • តើ​ប្រវត្តិ និង​បុគ្គលិកភាព​មួយ​ណា​ក្នុង​ជីវិត​របស់​ខ្ញុំ​ធ្លាប់​បាន​ជះឥទ្ធិពល​លើ​ការ​ចាយវាយ?
  • តើ​ខ្ញុំ​បាន​មើល​ងាយ​លើ​បុគ្គល​ណា​ម្នាក់ ទាក់ទង​លើ​ការ​ចាយវាយ​របស់​គាត់​ដែរ​ឬ​ទេ? ហេតុ​អ្វី?
  • តើ​ខ្ញុំ​មាន​អំនួត ឬ​ក៏​រំពឹង​លើ​សេចក្ដី​សុចរិត​របស់​ខ្លួន​ឯង​នៅ​ត្រង់​ចំណុច​ណា​ខ្លះ?

ចុះ​រីឯ​ចំណុច​វិជ្ជមាន​វិញ? បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ៖ ព្រះ​អង្គ​ទំនង​ជា​សព្វ​ព្រះ​ហទ័យ​នឹង​របៀប​របស់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ព្យាយាម​រស់នៅ​ដោយ​មាន​ភាព​ស្មោះត្រង់ ឲ្យ​ដោយ​មាន​ចិត្ត​សន្ដោស ហើយ​ក៏​ស្គាល់​ខ្លួន​ឯង​ទាក់ទង​នឹង​ការ​គ្រប់គ្រង​នូវ​អ្វីៗ​ដែល​ព្រះ​អង្គ​ប្រទាន​ឲ្យ​ផង​ដែរ។ ហើយ​ពិត​ណាស់! គំនិត​បែប​នេះ​គួរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ស្គាល់​ថា៖ ព្រះ​ជាម្ចាស់​ក៏​ទំនង​ជា​សព្វ​ព្រះ​ហទ័យ​នឹង​របៀប​របស់​អ្នក​ដទៃ​ផ្សេង​ទៀត ដូច​នឹង​របៀប​ដែល​ខ្ញុំ​ចង់​ត្រាប់តាម​ផង​ដែរ។

៣. ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហទ័យ​ចំពោះ​ការ​មាន​លុយកាក់​ដោយ​ឯករាជ្យ

តើ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហទ័យ​នឹង​បុរស ឬ​ក៏​ស្ត្រី​ដែល​ខំប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ដើម្បី​ផ្គត់ផ្គង់​ជីវិត​ខ្លួន​ឯង​ដែរ​ឬ​ទេ?

យើង​គួរ​ចាប់​ផ្ដើម​ដោយ​ឆ្លើយ​ថា៖ ប្រាកដ​ណាស់! ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហទ័យ​នឹង​ការ​ខំ​ធ្វើ​ការ​នឿយ​ហត់ ហើយ​យើង​ក៏​គួរ​តែ​ព្យាយាម​រកស៊ី ដើម្បី​ផ្គត់ផ្គង់​ជីវិត​រស់នៅ​របស់​ខ្លួន​យើង​ផង​ដែរ (២ថែស្សាឡូនីច្ច ៣:១០)។ លោកអ្នក​ទំនង​ជា​ដឹង​ថា​មាន​ពាក្យ​មួយ​ទៀត​ដែល​យើង​ត្រូវ​លើក​ឡើង ពាក្យ​នោះ​គឺ​ពាក្យ «ប៉ុន្តែ»។ ប្រាកដ​ណាស់! ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហទ័យ​ឲ្យ​យើង​ធ្វើការ និង​រកស៊ី ប៉ុន្តែ​មិន​មែន​ឲ្យ​យើង​ធ្វើ​ដោយ​មាន​ចិត្ត​មិន​ត្រឹមត្រូវ​នោះ​ឡើយ។ នៅក្នុង​ប្រពៃណី​ជា​ច្រើន បាន​លើក​ឡើង ហើយ​សន្មត​ថា បុគ្គល​នីមួយៗ​ត្រូវតែ​ផ្គត់ផ្គង់​ខ្លួន​ឯង​ជា​ដាច់ខាត។ ចំពោះ​បុគ្គល​ដែល​ចាប់​ផ្ដើម​រក​ស៊ី​ដោយ​ខ្លួន​ឯង ហើយ​ទទួល​បាន​ជោគជ័យ ភាគ​ច្រើន​គេ​នឹង​គោរព​គាត់ ហើយ​គេ​រាប់​គាត់​ដោយ​ឲ្យ​តម្លៃ​គាត់​ថា ជា «បុគ្គល​ដែល​ចាប់​ផ្ដើម​តាំង​ពី​បាត​ដៃ​ទទេ»។

ភាព​ជោគជ័យ​មិន​មែន​ជា​បញ្ហា​នោះ​ទេ តែ​របៀប​នៃ​ទស្សនៈ​របស់​លោកីយ៍​ទាក់ទង​នឹង​ដំណើរ​ការ​នេះ​ទេ​តើ។ រាល់​គ្រប់​អ្វីៗ​ដែល​យើង​មាន គឺ​សុទ្ធតែ​មក​ពី​ព្រះ​ជាម្ចាស់​តាំង​ពី​ដើម​មក​ម៉្លេះ ឧទាហរណ៍៖ ពេលវេលា​របស់​យើង កម្លាំង​របស់​យើង អំណោយ​ទាន​របស់​យើង ធនធាន​ធម្មជាតិ​ដែល​យើង​មាន​ ដើម្បី​ប្រើប្រាស់​ជា កម្លាំង​របស់​យើង—ពោល​គឺ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់។ សរុប​សេចក្ដី​ទៅ៖ គ្មាន​ភាព​ឯករាជ្យ​ផ្នែក​លុយកាក់​ឡើយ។ មិន​ថា យើង​ទទួល​ស្គាល់ ឬ​ក៏​មិន​ទទួល​ស្គាល់​ក៏​ដោយ ក៏​យើង​នឹង​នៅ​តែ​រំពឹង​លើ​ព្រះ​ជាម្ចាស់​ដដែល។ ដូច​ដែល​ស្ដេច ដាវីឌ បាន​អធិស្ឋាន៖ «…គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ​ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ» (១របាក្សត្រ ២៩:១៤)។

រាល់​គ្រប់​អ្វីៗ​ដែល​យើង​មាន​គឺ​សុទ្ធតែ​មក​ពី​ព្រះ​ហស្ត​របស់​ព្រះ​ជាម្ចាស់ ពោលគឺ​មិន​មែន​គ្រាន់តែ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​តែ​ប៉ុណ្ណោះ​នោះ​ទេ។ រាល់​គ្រប់​អ្វីៗ​ដែល​យើង​មាន​គឺ​សុទ្ធតែ​មក​ពី​ព្រះ​អង្គ ហើយនិង​រាល់​គ្រប់​អ្វីៗ​ដែល​យើង​ថ្វាយ​ទៅ​កាន់​ព្រះ​អង្គ​វិញ គឺ​ជា​ការ​ដែល​យើង​ថ្វាយ​នូវ​អ្វី​ដែល​ព្រះ​អង្គ​ឲ្យ​យើង​តែ​ប៉ុណ្ណោះ។ យើង​មិន​មែន​ជា «បុគ្គល​ដែល​ចាប់​ផ្ដើម​តាំង​ពី​បាត​ដៃ​ទទេ» ឡើយ។

សរុប​សេចក្ដី​ទៅ៖ ប្រាកដ​ណាស់ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហទ័យ​ឲ្យ​យើង​ធ្វើការ និង​រកស៊ី ហើយ​កុំ​ឲ្យ​ពឹង​ទៅ​លើ​គេ ប្រសិនបើ​អាច​ធ្វើ​បាន។ ប៉ុន្តែ ជា​ដាច់ខាត យើង​មិន​ត្រូវ​ចាប់ផ្ដើម​ដោយ​មាន​អារម្មណ៍​ថា យើង​មិន​ចាំ​បាច់​ពឹង​ទៅ​លើ​ព្រះ​ជាម្ចាស់​ឡើយ។

ការ​រក​អំណរ​ដ៏​ពិត

ការ​គិត​ខុស​ឆ្គង​នឹង​តែងតែ​នាំ​ឲ្យ​មាន​ការ​រស់នៅ​ដ៏​ខុស​ឆ្គង។ វា​ពិត​ណាស់​ទាក់ទង​នឹង​លុយកាក់ ក៏​ដូច​ជា​នូវ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់​ទៀត​ផង​ដែរ។

ប៉ុន្តែ វា​អស្ចារ្យ​ណាស់ ចំណុច​ផ្ទុយ​ដ៏​ពិត​មួយ៖ គឺ​ការ​គិត​ដ៏​ត្រឹមត្រូវ​នឹង​តែងតែ​នាំ​ឲ្យ​មាន​ការ​រស់នៅ​ដ៏​ត្រឹមត្រូវ​ដែរ។ ហើយ​ពេល​ដែល​យើង​ចាប់ផ្ដើម​គិត​យ៉ាង​ត្រឹមត្រូវ​ទាក់ទង​នឹង​លុយកាក់—ពោលគឺ​ជា​ពេល​ដែល​យើង​ចាប់ផ្ដើម​យល់​អំពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​ពិត​ជា​បាន​លើក​ឡើង​ទាក់ទង​នឹង​លុយកាក់—នោះ​យើង​ក៏​អាច​នឹង​រក​ឃើញ​នូវ​អំណរ​ដ៏​ពិត​បាន​ផង​ដែរ។

ចំណាំ៖ យើង​បាន​ទទួល​កា​រអនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ
និពន្ធ​ដោយ៖ លោកគ្រូ Graham Beynon
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា ខឹម ផល្លី
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចូរ​ប្រើប្រាស់​ព្រះ​បន្ទូល

ចំណាយ​ពេល​លុត​ជង្គង់