«ដ្បិតមនុស្សខ្លះជាមនុស្សកម្រៀវតាំងពីកំណើតមក និងអ្នកផ្សេងទៀត ជាមនុស្សកម្រៀវដោយសារគេក្រៀវ ហើយក៏មានមនុស្សកម្រៀវដែលក្រៀវខ្លួនឯងដោយព្រោះតែនគរស្ថានសួគ៌។ ដូច្នេះ អ្នកដែលអាចទទួលយកបាន ចូរទទួលយកចុះ»
(ម៉ាថាយ ១៩:១២ គគខ)។
សំណួរដ៏សំខាន់មួយដែលសិស្សរបស់ព្រះយេស៊ូវគួរសួរខ្លួនឯងនោះគឺ «តើព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យខ្ញុំរៀបការ ឬក៏នៅលីវ?» មានតែការដឹកនាំពីព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចនឹងផ្ដល់ចម្លើយចំពោះសំណួរនោះបាន។ គ្មានអ្នកណាម្នាក់អាចឆ្លើយសំណួរនោះសម្រាប់បុគ្គលណាមួយបានឡើយ ហើយការព្យាយាមឆ្លើយសំណួរនោះសម្រាប់បុគ្គលណាមួយក៏អាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធំបានដែរ។
ជាទូទៅ ព្រះបន្ទូលបានបង្រៀនយើងថា ព្រះជាម្ចាស់បានបង្កើតអាពាហ៍ពិពាហ៍សម្រាប់មនុស្សយើងដោយមានទាំងបំណង ព្រះហឫទ័យមួយចំនួនដូចខាងក្រោម៖
ទី១ ព្រះជាម្ចាស់បានគ្រោងទុកការផ្សំផ្គុំជាដៃគូ និងឲ្យមានភាពអរសប្បាយជាមួយគ្នាក្នុងអាពាហ៍ពិពាហ៍។ ព្រះជាម្ចាស់បានឃើញថា «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ» (លោកុប្បត្ដិ ២:១៨ គខប)។
ទី២ ព្រះជាម្ចាស់បានរៀបចំអាពាហ៍ពិពាហ៍ឡើង ដើម្បីឲ្យមនុស្សបង្កើតកូនចៅតទៅមុខទៀត។ យើងអាចឃើញគោលបំណងនេះតាមរយៈព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ដែលបញ្ជាក់ថា «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង» (លោកុប្បត្ដិ ១:២៨)។
ទី៣ ព្រះជាម្ចាស់បានរៀបចំអាពាហ៍ពិពាហ៍ឡើង ដើម្បីរក្សាភាពបរិសុទ្ធនៅក្នុងគ្រួសារ និងសង្គម។ «ដោយព្រោះមានការសហាយស្មន់កើតឡើង បានជាគួរឲ្យគ្រប់គ្នាមានប្រពន្ធជារបស់ផងខ្លួនវិញ…» (១កូវិនថូស ៧:២)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានលើកឡើងថា មនុស្សមិនអាចរៀបការបានទេ បើពួកគេចង់មានជីវិតបរិសុទ្ធ ហើយមានការប្ដេជ្ញាចិត្តក្នុងការបម្រើព្រះគ្រីស្ទ។ ប៉ុន្តែព្រះបន្ទូលបានលើកឡើងថា «ចូរឲ្យមនុស្សគ្រប់គ្នាគោរពការរៀបការ ហើយការរួមដំណេកក៏ត្រូវបរិសុទ្ធដែរ» (ហេព្រើរ ១៣:៤)។ ចំណុចនេះចង់បញ្ជាក់ថា «អ្នកណាដែលរកបានប្រពន្ធ នោះឈ្មោះថាបានរបស់ល្អ…» (សុភាសិត ១៨:២២)។ គ្រូប្រដៅនៅក្នុងកណ្ឌគម្ពីរសាស្ដាបានលើកឡើងទាក់ទងនឹងអាពាហ៍ពិពាហ៍ថា «មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង» (សាស្ដា ៤:៩) ជាពិសេស ប្រសិនបើអ្នកទាំងពីរនេះចាប់ដៃគ្នាបម្រើព្រះអម្ចាស់ជាមួយគ្នា។ កណ្ឌគម្ពីរ ចោទិយកថា ៣២:៣០ បានចែងពីប្រសិទ្ធភាពនៃការរីកចម្រើនក្នុងការសហការគ្នា ហើយក៏បានបង្ហាញឲ្យឃើញថា មនុស្សតែម្នាក់អាចដេញសត្រូវដល់មួយពាន់ ហើយពីរនាក់ក៏អាចធ្វើឲ្យមួយម៉ឺននាក់រត់ផាសក្រញាំដែរ។
ទោះបីជាអាពាហ៍ពិពាហ៍គឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់ មនុស្សយើងជាទូទៅក្តី ក៏មិនមែនមានន័យថា ជាបំណងព្រះហឫទ័យសម្រាប់មនុស្សគ្រប់រូបនោះទេ។ ទោះបើវាមើលទៅដូចជាសិទ្ធិដែលមិនមានអ្នកណាម្នាក់អាចដកហូតចេញបានក្ដី ក៏សិស្សរបស់ព្រះអម្ចាស់យេស៊ូវអាចសម្រេចលើកសិទ្ធិនេះចេញ ដើម្បីឲ្យខ្លួនគាត់អាចបម្រើព្រះគ្រីស្ទយ៉ាងអស់ពីចិត្ត។
ព្រះអម្ចាស់យេស៊ូវបានកត់សម្គាល់ថា នៅក្នុងនគររបស់ទ្រង់នឹងមានអ្នកដែលប្រៀបបាននឹងអ្នកដែលក្រៀវខ្លួនឯងដើម្បីបម្រើទ្រង់ «ដ្បិតមនុស្សខ្លះជាមនុស្សកម្រៀវតាំងពីកំណើតមក និងអ្នកផ្សេងទៀត ជាមនុស្សកម្រៀវដោយសារគេក្រៀវ ហើយក៏មានមនុស្សកម្រៀវដែលក្រៀវខ្លួនឯងដោយព្រោះតែនគរស្ថានសួគ៌។ ដូច្នេះ អ្នកដែលអាចទទួលយកបាន ចូរទទួលយកចុះ» (ម៉ាថាយ ១៩:១២)។
ជម្រើសធ្វើជាអ្នកកម្រៀវកើតឡើងតាមរយៈការស្ម័គ្រចិត្តតែប៉ុណ្ណោះ ហើយគាត់សម្រេចចិត្តដោយសារ៖
១. គាត់ដឹងច្បាស់ក្នុងចិត្តថា ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យគាត់
នៅលីវ។
២. គាត់មានបំណងប្រាថ្នាថ្វាយខ្លួនគាត់ទាំងស្រុង ដើម្បីបម្រើ ព័ន្ធកិច្ចរបស់ព្រះអម្ចាស់ដោយមិនមានការជំពាក់ជំពិននឹងការ ទទួលខុសត្រូវក្នុងជីវិតអាពាហ៍ពិពាហ៍។
ដូច្នេះបុគ្គលដែលចង់ធ្វើជាមនុស្សនៅលីវ គាត់ត្រូវតែដឹងឲ្យច្បាស់ថា នោះហើយជាព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់គាត់ (១កូរិនថូស ៧:៧)។ មានតែតាមរយៈការនេះប៉ុណ្ណោះ ទើបសិស្សរបស់ព្រះយេស៊ូវដឹងយ៉ាងច្បាស់ថា ព្រះអម្ចាស់នឹងប្រទានព្រះគុណដែលពួកគេត្រូវការក្នុងជីវិតជាអ្នកនៅលីវ។
ហើយវាត្រូវតែធ្វើដោយស្ម័គ្រពីចិត្ត។ ទីណាដែលមានការបង្ខំឲ្យនៅលីវដើម្បីបម្រើព័ន្ធកិច្ចព្រះជាម្ចាស់ ទីនោះអាចប្រឈមមុខនឹងគ្រោះថ្នាក់នៃសេចក្តីស្មោកគ្រោក និងសេចក្តីកំផិតជាច្រើន។
សាវ័ក ប៉ុល បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលមិនរៀបការអាចបម្រើព័ន្ធកិច្ចរបស់ស្ដេចលើអស់ទាំងស្ដេចបានយ៉ាងច្រើន៖ «អ្នកដែលគ្មានប្រពន្ធ នោះតែងរវល់តែនឹងការរបស់ព្រះអម្ចាស់ដែលនឹងធ្វើដូចម្ដេចឲ្យទ្រង់សព្វព្រះហឫទ័យប៉ុណ្ណោះ តែអ្នកណាដែលមានប្រពន្ធ នោះតែងរវល់នឹងការនៅលោកីយ៍នេះវិញ ដែលនឹងធ្វើដូចម្ដេចឲ្យប្រពន្ធបានពេញចិត្ត» (១កូរិនថូស ៧:៣២-៣៣)។
នោះហើយជាហេតុផលដែលបណ្ដាលឲ្យសាវ័ក ប៉ុល ប្រាថ្នាថា អ្នកមិនទាន់រៀបការ និងមេម៉ាយ ឬពោះម៉ាយក្ដី គួររស់នៅដូចគាត់ដោយមិនចាំបាច់រៀបការ (១កូរិនថូស ៧:៧-៨)។
សូម្បីតែអស់អ្នកដែលបានរៀបការរួចហើយក្តី ក៏សាវ័ក ប៉ុល បានប្រាប់ពួកគេថា ពេលវេលាចង្អៀតណាស់ ដូច្នេះពួកគេត្រូវប្រើអ្វីៗគ្រប់យ៉ាង ដើម្បីនាំមនុស្សឲ្យស្គាល់ព្រះគ្រីស្ទ៖
បងប្អូនអើយ ខ្ញុំប្រាប់សេចក្តីនេះថា ពេលវេលាចង្អៀតណាស់ហើយ ពីនេះទៅមុខ គួរតែឲ្យពួកអ្នកដែលមានប្រពន្ធ បាននៅដូចជាគ្មានវិញ ពួកដែលយំ ដូចជាមិនយំ ពួកដែលអរសប្បាយ ដូចជាមិនអរសប្បាយ ពួកដែលទិញ ដូចជាគ្មានអ្វីសោះ ហើយពួកអ្នកដែលប្រើប្រាស់លោកីយ៍នេះ ដូចជាមិនប្រើហួសខ្នាតទេ ដ្បិតគំរូនៃលោកីយ៍នេះតែងតែផ្លាស់ទៅ (១កូរិនថូស ៧:២៩-៣១)។
នេះមិនមែនចង់មានន័យថា មនុស្សប្រុសគួរតែលះអាល័យចោលទំនួលខុសត្រូវនៅផ្ទះរបស់ខ្លួន ឬបោះបង់ចោលប្រពន្ធនិងកូនរបស់ខ្លួន ហើយទៅធ្វើជាបេសកជននោះទេ។ ប៉ុន្តែ គាត់មិនគួរព្យាយាមរកការអរសប្បាយ និងការស្កប់ចិត្តចេញតែពីគ្រួសាររបស់គាត់នោះឡើយ។ គាត់មិនគួរយកលេសថា មកពីប្រពន្ធកូនរបស់គាត់ បានជាគាត់ដាក់ព្រះយេស៊ូវជាទីពីរទៅវិញ។
លោក ស៊ី. ធី. ស្ទឹដ (C. T. Studd) បារម្ភថា គូដណ្ដឹងរបស់គាត់គិតពីគាត់ច្រើនពេក ហើយការនោះនឹងធ្វើឲ្យនាងបែរជាយកព្រះអម្ចាស់យេស៊ូវជាទីពីរសម្រាប់ជីវិតរបស់នាងទៅវិញ។ ដើម្បីចៀសវាងកុំឲ្យមានរឿងនេះកើតឡើង គាត់ក៏បានតែងជាកំណាព្យខ្លីមួយទុកឲ្យនាងទន្ទេញជាប្រចាំថ្ងៃគឺ៖
ព្រះយេស៊ូវអើយ ទូលបង្គំស្រឡាញ់ទ្រង់ណាស់
ព្រះអង្គជាក់ច្បាស់សំខាន់ដល់ទូលបង្គំ
ភរិយាសំណព្វមិនស្មើដូចទ្រង់ ដួងចិត្តទូលបង្គំស្រឡាញ់ទ្រង់ពន់ពេក។
ពួកអ្នកកាន់លទ្ធិកុម្មុយនីស្ទប្រកាន់យកគោលការណ៍ឈ្នះពិភពលោក សំខាន់ជាងទំនាក់ទំនងជាមួយគ្រួសាររបស់ពួកគេទៅទៀត។ លោក ហ្គោដឹន អនណល ឡន់ស្ដេល (Gordon Arnold Lonsdale) បានធ្វើគំរូស្រាប់ហើយ។ បន្ទាប់ពីប៉ូលិសបានចាប់ខ្លួនគាត់នៅក្នុងប្រទេសអង់គ្លេស ថាគាត់ជាគិញមកពីរុស្សីក្នុងឆ្នាំ ១៩៦០ ពួកប៉ូលិសបានរកឃើញសំបុត្រមួយច្បាប់ពីប្រពន្ធរបស់គាត់រួមជាមួយនឹងចម្លើយតបប្រមាណជាជិត៦ទំព័រ។ ប្រពន្ធគាត់បានសរសេរថា៖
ជីវិតនេះអីក៏អយុត្តិធម៌ម៉្លេះ! អូនយល់ច្បាស់ហើយថាបងធ្វើការ ហើយវាគឺជាកិច្ចការរបស់បង បងស្រឡាញ់ការងារបង ហើយព្យាយាមធ្វើគ្រប់បែបយ៉ាងដោយយកចិត្តទុកដាក់។ ទោះបីជាយ៉ាងនេះក្តី ហេតុផលរបស់អូនស្តាប់ទៅដូចជាមានលក្ខណៈចង្អៀតចង្អល់ក្នុងបែបបទនៃការនិយមរបស់ស្ត្រី ហើយអូនមានការឈឺចាប់ខ្លាំងណាស់។ សូមឆ្លើយតបមកអូនផងថាបងស្រឡាញ់អូនប៉ុណ្ណា ហើយប្រហែលជាអូននឹងបានធូរចិត្ត។
លោក ឡន់ស្ដេល (Lonsdale) បានឆ្លើយតបដូចតទៅ៖
ការដែលបងចង់លើកឡើងនោះគឺថា សូម្បីតែរូបបងផ្ទាល់ក៏មានជីវិតតែមួយ ហើយក៏មិនមានភាពសុខស្រួលយ៉ាងដូច្នោះដែរ។ អ្វីដែលបងចង់ធ្វើនោះគឺ រស់នៅដើម្បីកុំឲ្យបងមានភាពអាម៉ាស់ នៅពេលដែលបងក្រឡេកមើលក្រោយ…ពេលនេះបងមានអាយុ៣៩ឆ្នាំទៅហើយ តើវាមាននៅសល់ពេលច្រើនទៀតទេ?១
សាវ័ក ប៉ុលបានលើកឡើងថា «…ពេលវេលាចង្អៀតណាស់ហើយ ពីនេះទៅមុខគួរតែឲ្យពួកអ្នកដែលមានប្រពន្ធ បាននៅដូចជាគ្មានវិញ» (១កូរិនថូស ៧:២៩)។
អារក្សសាតាំងតែងតែប្រើអាពាហ៍ពិពាហ៍ដែលមានលក្ខណៈឆាប់រហ័ស ឬការយល់ពីអត្ថន័យនៃអាពាហ៍ពិពាហ៍មិនបានត្រឹមត្រូវ មករារាំងសិស្សដ៏ក្មេងខ្ចីរបស់ព្រះយេស៊ូវមិនឲ្យបម្រើព័ន្ធកិច្ចរបស់ទ្រង់យ៉ាងពេញទី។ មានអ្នកត្រួសត្រាយដ៏ឆេះឆួលរបស់ព្រះជាម្ចាស់ជាច្រើនបានលះបង់ព័ន្ធកិច្ចដែលទ្រង់បានដាក់ឲ្យគាត់ធ្វើចោលចេញ ដើម្បីទៅរៀបការវិញ។
ពេលខ្លះអាពាហ៍ពិពាហ៍អាចជាសត្រូវដ៏ធំមួយដែលរារាំងយើងមិនឲ្យបំពេញបំណងព្រះហឫទ័យរបស់ព្រះគ្រីស្ទដែលថា មនុស្សគ្រប់រូបគួរតែឮដំណឹងល្អពីទ្រង់។
អាពាហ៍ពិពាហ៍គឺជាការប្រទានមកពីព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលវាក្លាយជារនាំងទាស់នឹងព្រះហឫទ័យរបស់ទ្រង់ នោះមានន័យថាយើងកំពុងតែប្រើប្រាស់វាមិនបានត្រឹមត្រូវ។ យើងទាំងអស់គ្នាសុទ្ធតែអាចនឹងរៀបរាប់ឈ្មោះអ្នកដែលយើងស្គាល់ជាច្រើន គឺជាអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យទៅធ្វើជាបេសកជន តែមិនដែលចេញទៅសោះ ព្រោះពួកគេរវល់តែជាប់ដៃជាប់ជើងជាមួយអ្នកជាទីស្រឡាញ់របស់ខ្លួនប៉ុណ្ណោះ។ មិនគួរឲ្យមានការណាមួយមកបង្អាក់បំណងព្រះហឫទ័យ ដែលព្រះជាម្ចាស់មានសម្រាប់អ្នកណាម្នាក់នោះឡើយ សូម្បីតែការដែលព្រះជាម្ចាស់ប្រទានគូជីវិតក៏ដោយ…សព្វថ្ងៃនេះមានមនុស្សជាច្រើនបានស្លាប់ទៅដោយគ្មានព្រះគ្រីស្ទ ព្រោះតែអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យទៅផ្សាយដំណឹងល្អ បែរទៅជាលើកតម្កើងគ្រួសារជាទីមួយជាជាងការបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ទៅវិញ។២
អាពាហ៍ពិពាហ៍អាចក្លាយជាសត្រូវនឹងការបំពេញបេសកកម្មរបស់ព្រះគ្រីស្ទ ជាពិសេស ចំពោះអ្នកត្រួសត្រាយដែលផ្សាយដំណឹងល្អនៅកន្លែងពិបាក ហើយមិនទាន់បានឮដំណឹងល្អ។
មានបុរសស្ត្រីជាច្រើនដែលជាអ្នកនាំមុខប្រហែលជាត្រូវលះបង់ សូម្បីតែ តម្រូវការចាំបាច់ឬការល្អមួយចំនួនក្នុងជីវិតក៏ដោយ។ អ្នកនាំមុខត្រូវមានភាពរឹងប៉ឹង ត្រូវធ្វើជាទាហានដ៏ល្អដែលមិនជាប់ទាក់ទិននឹងរឿងផ្សេងៗក្នុងជីវិតនេះ និងធ្វើជាកីឡាករដែលចោលអស់ទាំងបន្ទុក ព្រះជាម្ចាស់បានត្រាស់ហៅពួកគេឲ្យមានមុខងារពិសេសសម្រាប់ទ្រង់។៣
សម្រាប់អស់អ្នកដែលបានឮការត្រាស់ហៅនេះ ហើយបានឆ្លើយតបវិញ អ្នកនោះនឹងមានរង្វាន់ជាទីគាប់ចិត្ត។ «ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា…អស់អ្នកណាដែលលះចោលផ្ទះសំបែង ឬបងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយយល់ដល់ឈ្មោះខ្ញុំ នោះនឹងបានជា១រយភាគឡើងវិញ ហើយនឹងបានគ្រងជីវិតអស់កល្បជានិច្ចទុកជាមរដកដែរ» (ម៉ាថាយ ១៩:២៨-២៩)។
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…