in ,

គ្រីស្ទបរិស័ទ & បុណ្យ​ហាឡូវីន

6 Ideas for Thinking about Halloween with Your Kids


គិតគូរ​ដោយ​ពឹង​លើ​ព្រះ​គម្ពីរ

ឆ្នាំ​នេះ ដល់​ពេល​គេ​ប្រារព្ធ​បុណ្យ​ហាឡូវីន​ទៀត​ហើយ។ បណ្ដា​ហាង​មួយ​ចំនួន​ក៏​បាន​ចាប់ផ្ដើម​លក់​អីវ៉ែអីវ៉ាន់​ព្រោងព្រាត​ទៀត​ផង។ រីឯ អ្នក​ជឿ​មួយ​ចំនួន​ក៏​ចាប់ផ្ដើម​សួរ​នាំ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​ក្នុង​នាម​ជា​គ្រីស្ទបរិស័ទ យើង​គួរ​ចូលរួម​ប្រារព្ធ​បុណ្យ​ហាឡូវីន​បាន​ដែរ​ឬ​ទេ? ទំនង​ជា​មាន​អ្នក​ជឿ​យូរ​ហើយ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​លោកអ្នក​បាន​អះអាង​យ៉ាង​ចំៗ​ថា យើង​មិន​គួរ​ធ្វើ​អ្វី​ទាក់ទង​នឹង​បុណ្យ​មួយ​នេះ​ទេ ហើយ​មាន​អ្នក​ជឿ​ម្នាក់​ទៀត​ទំនង​ជា​លើកឡើង​ដោយ​ប្រកែក​ថា មាន​អី​ធ្វើ​បាន​តើ គ្រាន់តែ​ទិញ​ស្ករ​គ្រាប់ ស្លៀកពាក់​ជា​ឈុត​ឆាក​បែប​ហាឡូវីន មាន​អី​ខុស​ណា។ ប៉ុន្តែ​ក្នុង​នាម​យើង​ជា​គ្រីស្ទបរិស័ទ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ទាក់ទង​នឹង​ថ្ងៃ​ហ្នឹង?

ក្នុង​នាម​ខ្ញុំ​ជា​ឪពុក​ដែល​មាន​កូនៗ​នៅ​វ័យ​ក្មេង​៤​នាក់ ខ្ញុំ​ប្រឈម​មុខ​នឹង​ការ​បំពេញ ឬ​ក៏​មិន​បំពេញ​នូវ​តម្រូវ​ចិត្ត​របស់​កូន​ខ្ញុំ។ ឧ. ទាក់ទង​ទៅ​នឹង​ការ​ទិញ ឬ​ក៏​មិន​ទិញ​ឈុត​ឆាក​សម្លៀកបំពាក់​ហាឡូវីន ឬ​ក៏​ជូន​កូនៗ​ទៅ​លេង​នៅ​ម្ដុំ​សួន​កំសាន្ត​នានា ដែល​គេ​អបអរសាទរ​បុណ្យ​មួយ​នេះ (ចម្លើយ​របស់​​ខ្ញុំ​គឺ ទេ!)។

ខ្ញុំ​មិន​មាន​ចម្លើយ​សម្រាប់​រាល់​សំណួរ​នោះ​ទេ ប៉ុន្តែ​ប្រពន្ធ​ខ្ញុំ ហើយនិង​ខ្ញុំ​បាន​ព្យាយាម​គិត​ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ព្រះ​គម្ពីរ​ទាក់ទង​ទៅ​នឹង​ពិធី​បុណ្យ​មួយ​នេះ ដែល​គេ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ ខ្ញុំ​សូម​លើកឡើង​នៅ​គំនិត​គិតគូរ​៦​យ៉ាង​ចំពោះ​ឪពុកម្ដាយ ខណៈពេល​ដែល​លោកអ្នក​គិត​ថា គួរ​ធ្វើ​អ្វី​ជា​លក្ខណៈ​គ្រួសារ​ចំ​ថ្ងៃ​ហ្នឹង។

១. ចូរ​រីករាយ​នឹង​វា​ចុះ ប៉ុន្តែ​កុំ​ប្រារព្ធ​វា​ឡើង​ឡើយ

នេះ​ជា​របៀប​មួយ ដែល​យើង​ព្យាយាម​វែក​ញែក​ជាមួយ​នឹង​កូនៗ​របស់​យើង ទាក់ទង​នឹង​របៀប​ដែល​យើង​ធ្វើ​ជាមួយ​នឹង​បុណ្យ​ហាឡូវីន ទៅ​នឹង​បុណ្យ​ណូអែល បុណ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ យើង​មាន​ការ​រីករាយ​ជាមួយ​នឹង​បុណ្យ​ហាឡូវីន។ យើង​សប្បាយ​ក្នុង​ការ​ស្លៀកពាក់​ឈុត​ឆាក ការ​ញ៉ាំ​ស្ករ​គ្រាប់​ជាមួយ​កូនៗ និង​មិត្តភក្ដិ​របស់​យើង។ ប៉ុន្តែ យើង​មិន​ប្រារព្ធ​បុណ្យ​ហាឡូវីន​ឡើង​នោះ​ទេ។ យើង​មិន​ផ្សា​ភ្ជាប់​អារម្មណ៍​របស់​យើង ឬ​ក៏​ថ្វាយ​បង្គំ​ថ្ងៃ​ហ្នឹង​ឡើយ។

យើង​មាន​ការ​រីករាយ​ជាមួយ​នឹង​បុណ្យ​នោះ ហើយ​យើង​ប្រារព្ធ​បុណ្យ​ណូអែល និង​បុណ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ថ្ងៃ​បុណ្យ​ទាំង​ពីរ​នេះ គឺ​ជា​ថ្ងៃ​បុណ្យ​ដ៏​សំខាន់​នៅ​ក្នុង​ប្រតិទិន​របស់​យើង មិនមែន​គ្រាន់តែ​ក្នុង​ប្រតិទិន​វប្បធម៌​យើង​ប៉ុណ្ណោះ​ទេ។ យើង​ប្រារព្ធ​បុណ្យ​ទាំង​ពីរ​នេះ ដោយ​រម្លឹក​ពី​អ្វី—ការ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​យាង​មក​យក​កំណើត និង​ការ​ដែល​ព្រះ​អម្ចាស់ និង​ព្រះ​សង្គ្រោះ​របស់​យើង​បាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ដែល​ពេញ​ដោយ​សិរីរុងរឿង។ បុណ្យ​ហាឡូវីន​គឺ​ជា​ពេល​មួយ​ដែល​យើង​អាច​មាន​ការ​រីករាយ​បាន ប៉ុន្តែ​បុណ្យ​ណូអែល និង​បុណ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គឺ​ជា​ពេល​ដែល​យើង​ថ្វាយ​បង្គំ

២. កុំ​អបអរសាទរ​នឹង​អំពើ​ហិង្សា ការ​អាក្រក់ ការ​កាប់​សម្លាប់​គ្នា​ឲ្យ​សោះ

ទោះបើ​បុណ្យ​ហាឡូវីន​គឺ​ជា​ថ្ងៃ​មួយ ដែល​យើង​អាច​ស្លៀកពាក់​ដើរ​តួអង្គ​ជា​តួ​អាក្រក់ៗ តែ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ក៏​ដោយ ឬ​ក៏​ការ​ទៅ​លេង​សួន​កំសាន្ត​ជាមួយ​នឹង​មិត្តភក្ដិ​ល្អៗ​របស់​យើង​ដោយ​លេង​បន្លាច​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ថ្ងៃ​ហ្នឹង​គឺ​មិនមែន​ជា​ថ្ងៃ​គួរ​លើក​ស្ទួយ​អំពើ​ហិង្សា ការ​អាក្រក់ ការ​កាប់​សម្លាប់​គ្នា ឬ​ក៏​បង្ក​ឲ្យ​នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ទេ។ ការ​ស្លៀកពាក់​មួយ​ចំនួន ខ្សែភាពយន្ត​ខ្លះៗ និង​សួន​កំសាន្ត​ហាក់​បី​ដូចជា​រន្ធត់​តក់​ស្លុក​ខ្លាំង​ពេក​ហើយ។ វា​មិនមែន​ជា​ការ​កោត​ខ្លាច​ដល់​ព្រះ​ជាម្ចាស់​ទេ នៅ​ពេល​ដែល​អារម្មណ៍​យើង​រំញោច​ដោយ​សារ​មើល​ឃើញ​មាន៖ កំបុត​ដៃ​ហូរ​ឈាម​កក្លាក់ អាវុធ​សម្រាប់​សម្លាប់​ប្រឡាក់​ពេញ​ដោយ​ឈាម​ហូរ និង​ស្រោម​ពាក់​មុខ ដែល​ពេញ​ដោយ​ឈាម​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច។ ដាច់ខាត! យើង​មិន​គួរ​គាំទ្រ ឬ​ក៏​មាន​ភាព​អរ​សប្បាយ​ជ្រួលជ្រើម​ក្នុង​អំពើ​ហិង្សា​ដោយ​បំផ្លាញ​រូប​អង្គ​ព្រះ​គ្រីស្ទ​ចោល​ឡើយ។ ហេតុអ្វី? ពីព្រោះ​យើង​ជា​អ្នក​ដែល​ដើរ​តាម​ព្រះ​អម្ចាស់​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដែល​ថ្ងៃ​មួយ​ព្រះ​អង្គ​នឹង​ប្រោស​រាស្ត្រ​ទ្រង់​ឲ្យ​រស់​ឡើង​វិញ​ផង​ដែរ។ ពីព្រោះ​យើង​ជា​អ្នក​ដើរ​តាម​ព្រះ​អាទិករ​ដ៏​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​បាន​បង្កើត​រាល់​គ្រប់​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​នីមួយៗ​ក្នុង​រូប​អង្គ​ទ្រង់​ផ្ទាល់។ ហេតុ​ដូច្នេះ​ហើយ យើង​មិន​គួរ​ប្រារព្ធ​ថ្ងៃ​ហ្នឹង​មួយ​ដង​ក្នុង​ឆ្នាំ​ឡើយ។

៣. ចូរ​ព្យាយាម​ស្គាល់ និង​ស្រឡាញ់​អ្នក​ជិត​ខាង

នៅ​ពេល​ថ្ងៃ​បុណ្យ​ហាឡូវីន​មក​ដល់ យើង​គួរ​ឆ្លៀត​ឱកាស​យក​ថ្ងៃ​ហ្នឹង ដើម្បី​បម្រើ ស្រឡាញ់ និង​ស្គាល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង។ ពេល​ដែល​លោកអ្នក​នាំ​កូនៗ​ទៅ​លេង​សួន​កំសាន្ត ចូរ​ឆក់​យក​ឱកាស​នោះ​និយាយ​លេង​ជាមួយ​នឹង​អ្នក​ដទៃ និង​លើក​ទឹកចិត្ត​ពួកគាត់។ ពេល​ដែល​លោកអ្នក​រីករាយ​នៅ​ថ្ងៃ​ហ្នឹង ចូរ​កុំ​ឲ្យ​ឱកាស​បង្កើត​ទំនាក់ទំនង​របស់​លោកអ្នក​ជាមួយ​អ្នក​ដទៃ​រំលង​ផុត​បាត់​ឡើយ ព្រោះ​យើង​ក៏​អាច​ប្រើប្រាស់​ថ្ងៃ​ហ្នឹង​សម្រាប់​ចែកចាយ​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ដល់​ពួកគាត់​បាន​ផង​ដែរ។

៤. ចូរ​មាន​ទំនុក​ចិត្ត​ក្នុង​អំណាច​របស់​ព្រះ​គ្រីស្ទ​លើ​សេចក្ដី​ងងឹត

វា​ជា​ការ​ពិត​ណាស់! ដែល​ផ្នែក​មួយ​ចំនួន​នៃ​បុណ្យ​ហាឡូវីន​ទាក់ទង​នឹង​ផ្លូវ​ងងឹត ក៏​ដូច​ជា​ការ​ងប់ងុល​ក្នុង​មន្តអាគម។ ថ្ងៃ​ទី​៣១​ខែ​តុលា​គឺ​ជា​ថ្ងៃ​អស់​អ្នក​ដែល​ងប់ងុល​ក្នុង​មន្ត​អាគម​បាន​ជ្រើសរើស​យក​មក​ប្រារព្ធ​ធ្វើ​ពិធី​ទាក់ទង​នឹង​ផ្លូវ​ងងឹត​ជាមួយ​នឹង​ពួក​អារក្ស ហើយ​ពេញ​ចិត្ត​ក្នុង​ការ​លេង​សើច​នឹង​ភាព​ភ័យ​ខ្លាច សូម្បីតែ​អំពើ​អាក្រក់​ទាំង​ស្រុង​ផង​ដែរ។ ប៉ុន្តែ ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​មិន​ចាំបាច់​មាន​ការ​ភាំង​ស្មារតី​ដោយ​ក្រែង​ខ្លាច​ថា យើង​កំពុង​គាំទ្រ​អបិយ​ជំនឿ ខណៈពេល​ដែល​យើង​មាន​ភាព​រីករាយ​នឹង​វា។ ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​អង្គ​សង្គ្រោះ​របស់​យើង មាន​អំណាច​ធំ​អស្ចារ្យ​ជាង​អារក្ស​នៅ​លើ​ផែនដី​នេះ។ តាម​ពិត​ទៅ​សាវ័ក ប៉ុល បាន​រម្លឹក​យើង​ថា ព្រះ​យេស៊ូវ​បាន​យក​ឈ្នះ​លើ​អំណាច​នៃ​សេចក្ដី​ងងឹត​លើ​ឈើ​ឆ្កាង ដោយ​ទ្រង់​បាន​ដាក់​វា «ឲ្យ​គេ​មើល» (កូឡូស ២:១៥)។ ប្រសិន​បើ​លោកអ្នក​ជ្រើសរើស​ធ្វើ​ពិធី​បុណ្យ​ហាឡូវីន​មិន​ថា ក្នុង​របៀប​ណា​ក៏​ដោយ សូម​ធ្វើ​វា​ដោយ​ដឹង​ថា លោកអ្នក​បម្រើ​ព្រះ​អង្គ​សង្គ្រោះ​ដែល​មាន​អំណាច​លើស​អារក្ស​សាតាំង ហើយ​ភ្លឺ​ជាង​សេចក្ដី​ងងឹត ហើយ​ព្រះ​អង្គ​ធ្វើ​វា​ព្រឺ​ខ្លាច​ទៀត​ផង (យ៉ាកុប ២:១៩)។

៥. ចូរ​រីករាយ​នឹង​ថ្ងៃ​បុណ្យ​ហាឡូវីន…ហើយ​ប្រារព្ធ​ថ្ងៃ​កំណែ​ទម្រង់​ចុះ (Reformation Day)

ចំពោះ​អស់​អ្នក​ក្នុង​ចំណោម​យើង ដែល​ប្រារព្ធ​ថ្ងៃ​កែ​ទម្រង់​ដែល​លោក​គ្រូ ម៉ធិន លូសើរ (Martin Luther) បាន​ចាប់ផ្ដើម និង​ការ​ដែល​គាត់​បក​ប្រែ​ព្រះ​គម្ពីរ​ទៅ​ជា​ភាសា​សាមញ្ញៗ និង​ការ​អធិប្បាយ​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់ យើង​ក៏​អាច​ចងចាំ​ថ្ងៃ​ទី៣១​ខែ​តុលា​ថា ជា​ថ្ងៃ​ដ៏​សំខាន់​មួយ​ក៏​បាន​ដែរ ព្រោះ​ថ្ងៃ​ហ្នឹង​គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ជំនុំ…មិនមែន​គ្រាន់តែ​ជា​ការ​សប្បាយ​ក្នុង​ញ៉ាំ​ស្ករ និង​ការ​ស្លៀកពាក់​ឈុត​ឆាក​សម្រាប់​បុណ្យ​ហាឡូវីន។ ចំពោះ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ព្រះ​វិហារ​របស់​ខ្ញុំ​រម្លឹក​គ្នា​ទៅ​វិញ​ទៅ​មក​ថា ជា​ថ្ងៃ​កំណែទម្រង់។ យើង​ឈរ​លើ​វប្បធម៌​នៃ​អ្នក​កំណែ​ទម្រង់ ដែល​មាន​ភាព​ក្លាហាន​ក្នុង​ការ​ឈរ​លើ​សេចក្ដី​ពិត​លើ​ព្រះ​គម្ពីរ​ទាក់ទង​នឹង​សេចក្ដី​សង្គ្រោះ​របស់​យើង៖ ដោយ​ព្រះ​គ្រីស្ទ​តែ​ប៉ុណ្ណោះ ដោយ​ជំនឿ​តែ​ប៉ុណ្ណោះ ដោយ​ព្រះ​គុណ​តែ​ប៉ុណ្ណោះ។ ដូច្នេះ លោកអ្នក​អាច​រីករាយ​នឹង​បុណ្យ​ហាឡូវីន​នៅ​ថ្ងៃ​ពុធ ហើយ​អាច​ប្រារព្ធ​ថ្ងៃ​កំណែ​ទម្រង់​នៅ​ថ្ងៃ​អាទិត្យ​បាន។

៦. ពេល​ខ្លះ​យើង​អាច​យល់ព្រម ដោយ​មិន​យល់​ស្រប​បាន

ជា​ចុងក្រោយ វា​មិនមែន​ជា​បញ្ហា​អ្វី​ទេ ក្នុង​ការ​ទទួល​ស្គាល់​ថា អ្នក​ជឿ​យូរ​ម្នាក់​ដែល​មិន​គាំទ្រ​ការ​ធ្វើ​បុណ្យ​ហាឡូវីន រវាង​អ្នក​ជឿ​ម្នាក់​ដែល​គាំទ្រ​ធ្វើ​បុណ្យ​ហាឡូវីន ទោះ​បើ​ពួកគាត់​ទាំង​ពីរ មិន​ព្រម​ស្រុះស្រួល​គ្នា​ដោយ​រក​ចំណុច​កណ្ដាល​បាន។ យើង​អាច​រស់នៅ​ត​ទៅ​មុខ​ទៀត​បាន។ ប៉ុន្តែ អ្នកជឿ​ម្នាក់​នោះ​អាច​ព្យាយាម​ស្វែងយល់​អំពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ជឿ​ម្នាក់​ទៀត​មាន​ការ​ស្ទាក់ស្ទើរ​មិន​ចង់​ធ្វើ​បុណ្យ​ហាឡូវីន។ អស់​អ្នក​ដែល​មិន​រីករាយ​នឹង​ថ្ងៃ​បុណ្យ​ហាឡូវីន​ក៏​មិន​គួរ​ប្រកាន់​ពេក​ចំពោះ​អ្នក​ជឿ​ដូចគ្នា ដែល​ស្រឡាញ់​ព្រះ​គ្រីស្ទ​ផង​ដែរ។

ដោយ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ ពួកគាត់​ទាំង​ពីរ​នាក់​នៅ​អាច​ច្រៀង​ចម្រៀង​បទ៖ ព្រះ​នៃ​ខ្ញុំ​ជា​បន្ទាយ​យ៉ាង​មាំ នៅ​ក្នុង​សៀវភៅ​ទំនុកដំកើង​ខ្មែរ ទំព័រ​លេខ​២៤ ក្នុង​សៀវភៅ​ពណ៌ស្វាយ។

និពន្ធដោយ៖ លោកគ្រូ Jon Neilson
បកប្រែដោយ៖ លោក ឈាង បូរ៉ា និងលោក ទេព រ៉ូ
កែសម្រួលដោយ៖ លោកស្រី ឡូញ ណារ៉ុង និង​លោក ម៉េង មនោ
ដកស្រង់ចេញពី www.crossway.org ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

4 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ប្រយោជន៍​ផ្នែក​សម្ភារៈនិយម

រៀប​ការ និង​ការ​នៅ​លីវ